|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| លោកខៀវ សេងគីម៖ ខៀវ សំផន មិនបានបញ្ជាអោយមានការសម្លាប់រង្គៀលនោះទេ |
| ααα ឈាង បុប្ផា | | | 30-04-2008 | 
ភ្នំពេញ ថ្ងៃទី ២២ មេសា ២០០៨ លោក ខៀវ សេងគីម ប្អូនប្រុសរបសអតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ © John Vink / Magnum លោក ខៀវ សេងគីម មិនបានឆ្លងកាត់របបខ្មែរក្រហម ដូចជាប្រជាពលរដ្ឋខ្មែរធម្មតាឯទៀតជួបប្រទះឡើយ ព្រោះថា លោកគឺជាប្អូនប្រុសរបស់ខៀវ សំផន ប្រធានរបបកម្ពុជាប្រជាធិបតេយ្យ។ របបដែលមានការសម្លាប់ប្រជាជនខ្មែរអស់ចំនួនមួយលានប្រាំពីរសែននាក់។ សព្វថ្ងៃ សាស្រ្តាចារ្យទស្សនវិជ្ជាចូលនិវត្តន៍រូបនេះមានវ័យ៦៤ឆ្នាំ ហើយនៅអំឡុងឆ្នាំ១៩៩០ លោកបានបង្កើតសារព័ត៌មានមួយដែលនិយាយអំពីការចូលឈ្លានពានរបស់វៀតណាម ក្នុងប្រទេសកម្ពុជា។ កាសែត បានជួបលោកកាលពីថ្ងៃអង្គារ ២២ មេសា ២០០៨ ពោលគឺមួយថ្ងៃមុនសវនាការរបស់ ខៀវ សំផន នៅក្នុងអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម។ សវនាការនេះត្រូវបានលើកពេល ដោយមិនកំណត់ថ្ងៃ។
កាសែតៈ តើបងប្រុសរបស់លោកមានចរិកយ៉ាងដូចម្តេច? ខៀវ សេងគីមៈ ជាបឋម ខ្ញុំចង់រម្លឹកថា កាលពីគាត់នៅជាអតីតចាងហ្វាងកាសែត អ្នកឃ្លាំមើល (L'Obersvateur) នាឆ្នាំ១៩៥៩ គាត់ត្រូវបានគេចាប់ស្រាតជាសាធារណៈ និងវាយដំធ្វើបាបគាត់យ៉ាងព្រៃផ្សៃ។ កាលនោះ ខ្ញុំជាអ្នកមើលថែទាំគាត់នៅក្នុងផ្ទះ។ នៅឆ្នាំ១៩៦១ គាត់ត្រូវបានគេចោទប្រកាន់ថាជាពួកខ្មែរក្រហមម្នាក់ រួចត្រូវបានចាប់ខ្លួនទាំងដាក់ពន្ធនាគារ។ គាត់បានបដិសេធថាមិនបានជាប់ពាក់ព័ន្ធនឹងពួកខ្មែរក្រហមអ្វីឡើយ។ បងប្រុសរបស់ខ្ញុំ គឺជាមនុស្សមានចំណេះដឹងជ្រៅជ្រះ និងស្លូតត្រង់មួយរូប។ គាត់មិនដែលលួចមានទំនាក់ទំនង ជាមួយស្រីផ្សេង សូម្បីតែទៅបនស្រីក៏គាត់មិនធ្លាប់ទៅដូចជាអ្នកដទៃផ្សេងទៀតដែរ។ គាត់ចូលចិត្តនៅតែក្នុងផ្ទះ និងអានសៀវភៅ។ សួរថា តើគាត់អាចមានគំនិតសម្លាប់មនុស្សបានយ៉ាងរបៀបម៉េច?
កាសែតៈ ដូច្នេះ តើលោកប្រឆាំងនឹងដីការឃុំខ្លួនបងបុ្រសរបស់លោក ជាបណ្តោះអាសន្ន ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា? ខៀវ សេងគីមៈ ខ្ញុំជឿជាក់ថាបងប្រុសរបស់ខ្ញុំគឺជាជនស្លូតត្រង់។ ដូច្នេះ ខ្ញុំប្រឆាំងនឹងការឃុំខ្លួនបណ្តោះអាសន្ននេះដាច់ខាត។ ចាប់តាំងពីការដួលរលំរបបខ្មែរក្រហម នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា (របបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម) ពាក្យស្លោកមានសឹងតែគ្រប់ទីកន្លែង ដែលបានចាត់ទុក បងធំប៉ុល ពត ខៀវ សំផន និងអៀង សារី ជាឧក្រិដ្ឋជន និងជាអ្នកទទួលខុសត្រូវនៃរបបប្រល័យពូជសាសន៍នេះ។ បច្ចុប្បន្ននេះ តើគេឃុំខ្លួនរូបគាត់ពីបទល្មើសអ្វី? តើហេតុអ្វី បានជាគេមិនដំណើរការជំរុំជម្រះអោយបានឆាប់រហ័ស? ម៉្យាងវិញទៀត ផ្ទុយស្រឡះពីអ្នកទទួលខុសត្រូវរបបខ្មែរក្រហមផ្សេងៗទៀត គេមិនមានភស្តុតាងណាមួយ ដើម្បីដាក់បន្ទុកលើបងប្រុសរបស់ខ្ញុំឡើយ។ តើគេអាចចោទប្រកាន់បងប្រុសរបស់ខ្ញុំថាជាជនល្មើសម្នាក់ បានយ៉ាងដូចម្តេច? ខ្ញុំចង់សួរសំណួរនេះទៅកាន់សហគមន៍អន្តរជាតិ។
កាសែតៈ តើលោកយល់ឃើញយ៉ាងដូចម្តេចអំពីការបង្កើតអោយមានអវតក? ខៀវ សេងគីមៈ ពិតណាស់ ខ្ញុំគាំទ្រចំពោះការបង្កើតនេះ ព្រោះឧក្រិដ្ឋកម្មបានកើតមានឡើងនៅក្នុងប្រទេសកំណើតរបស់ខ្ញុំ។ ខ្ញុំចង់អោយគេផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ខ្ញុំប្រាថ្នាចង់អោយសាលាក្តីមួយនេះរកមុខអ្នកដែលបានសម្លាប់ប្រជាជនអោយបានឆាប់រហ័ស។ ខ្ញុំបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងសម័យនោះ ហើយជនរួមជាតិរបស់ខ្ញុំជាងមួយលាននាក់បានបាត់បង់ជីវិត។ ប៉ុន្តែ ខ្ញុំសំណូមពរមួយគឺ សូមកុំធ្វើការចោទប្រកាន់អ្នកដែលមិនបានសម្លាប់មនុស្ស ក្នុងខណៈពេលដែលជនល្មើសពិតប្រាកដអាចរស់រាន្តយ៉ាងមានសេរីភាព។ ខ្ញុំចង់អោយមានភាពច្បាស់លាស់នៅត្រង់ចំណុចនេះ។ មិនមែនអ្នកដែលគ្រាន់តែមើលគេលេងបៀរ ត្រូវចាប់ខ្លួនទៅតុលាការ ខណៈពេលអ្នកលេងពិតប្រាកដដែលបានរត់ភៀសខ្លួន អាចរស់នៅយ៉ាងមានសុវត្ថិភាព។
កាសែតៈ ចាប់តាំងពីការចាប់ខ្លួនបងប្រុសរបស់លោក កាលពីថ្ងៃទី ១៩ វិច្ឆិកា ២០០៧ កន្លងទៅមក តើលោកធ្លាប់បានទៅសួរសុខទុក្ខគាត់ដែររឺទេ? ខៀវ សេងគីមៈ មិនធ្លាប់ទេ។ លើកចុងក្រោយដែលខ្ញុំបានជួបជាមួយគាត់គឺតាមទូរស័ព្ទ គឺនៅមួយថ្ងៃមុនការចាប់ខ្លួនគាត់ ដោយអវតក។ ខ្ញុំមិនចង់ទៅជួបគាត់ទេ ព្រោះខ្ញុំមិនចង់អោយគេសួរសំណួរខ្ញុំច្រើនពេក។ ទាំងនេះមិនមែនមានន័យថា ខ្ញុំខ្លាចគេវាយប្រហារខ្ញុំ ក្នុងនាមជាបងប្អូនរួមផ្ទៃជាមួយគ្នា នោះទេ តែខ្ញុំគ្រាន់តែចង់នៅអោយឆ្ងាយពីរឿងក្តីមួយនេះ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់កូនប្រុសរបស់គាត់ថា ខ្ញុំនៅតែជាប្អូនប្រុសឪពុករបស់វា និងខ្ញុំបានដឹងពីតួនាទី និងគោលជំហររបស់គាត់។
កាសែតៈ តើលោកធ្វើអ្វី នៅសម័យខ្មែរក្រហម? ខៀវ សេងគីមៈ ខ្ញុំក៏ត្រូវបានគេជន្លៀសចេញពីទីក្រុងដូចអ្នកដទៃផ្សេងទៀតដែរ។ ពួកខ្មែរក្រហមបានចាត់ទុករូបខ្ញុំ ដូចជាប្រជាពលរដ្ឋថ្មី និងជាសត្រូវរបស់ពួកគេ។ ខ្ញុំបានលឺតាមវិទ្យុថាបងប្រុសរបស់ខ្ញុំគឺជាមេដឹកនាំមួយរូបរបស់របបនេះ។ ដើម្បីអាចនៅរស់រានមានជីវិត ខ្ញុំបានប្រាប់ពួកខ្មែរក្រហមនៅខេត្តកំពង់ចាមដែលជាកន្លែងដែលខ្ញុំរស់នៅកាលសម័យនោះ ថាខ្ញុំគឺជាប្អូនប្រុសរបស់ខៀវ សំផន។ ពួកគេបានសើចចំអកអោយរូបខ្ញុំនៅទីសាធារណៈ។ ពួកគេបាននិយាយតបវិញថា ខ្ញុំមិនបានចូលរួមតស៊ូនៅក្នុងព្រៃដូចជាពួកគេនោះទេ ហើយឥឡូវនេះយើងស្ថិតនៅតំបន់បដិវត្តន៍ ដូច្នេះខ្ញុំត្រូវធ្វើការដូចជាអ្នកដទៃផ្សេងទៀតដែរ។ មានពេលខ្លះខ្ញុំក៏ត្រូវបានគេទិះតៀនប្រមាថមើលងាយផងដែរ។ ជាប្អូនរបស់ខៀវ សំផន មិនអាចជួយអ្វីខ្ញុំបាននោះទេ! ខ្ញុំត្រូវរស់នៅក្នុងភាពភ័យរន្ធត់។ គេតែងតែចង្អុលចោទប្រកាន់ខ្ញុំថាមានបំណងមិនចង់ធ្វើការងារ ដោយយកលេសថាជាប្អូនប្រុសរបស់ខៀវ សំផន។ ប៉ុន្តែ គាត់មិនដែលបានជួយអន្តរាគមន៍ចំពោះករណីខ្ញុំឡើយ។ ដូច្នេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ពីរបបខ្មែរក្រហមដែរ។
កាសែតៈ តើនៅសម័យកម្ពុជាប្រជាធិបតេយ្យ លោកមិនដែលបានទាក់ទងជាមួយនឹងបងប្រុសរបស់លោកសោះរឺ? ខៀវ សេងគីមៈ អត់ទេ។ គាត់បានចាកចេញពីផ្ទះនៅឆ្នាំ១៩៦៧ ដើម្បីចូលព្រៃម៉ាគី ខណៈពេលដែលខ្ញុំរស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមិនបានជួបមុខគាត់ រហូតដល់ឆ្នាំ២០០០ គឺនៅពេលដែលគាត់បានចូលក្នុងរាជធានី ដើម្បីជួបជាមួយនឹងលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល។ លោក ហ៊ុន សែន យល់ព្រមផ្តល់សិទ្ធិអោយគាត់រស់នៅក្នុងប្រទេសកម្ពុជា។ បងប្រុសរបស់ខ្ញុំបានបោះបង់រាល់តំណែងនៃរបបពួកខ្មែរក្រហមទាំងអស់ ដោយគ្រាន់តែសុំរស់នៅជាប្រជាពលរដ្ឋសាមញ្ញមួយរូបតែប៉ុណ្ណោះ។ នោះគឺជាលើកដំបូងហើយ ដែលខ្ញុំបានជួបជាមួយគាត់ ចាប់តាំងពីឆ្នាំ១៩៦៧មក។ យើងមិនបាននិយាយគ្នាពីរឿងនយោបាយ ប៉ុន្តែ យើងបាននិយាយគ្នា ក្នុងនាមជាបងប្អូនដែលបានបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ការពិត គាត់ធ្លាប់មកទីក្រុងភ្នំពេញ នៅឆ្នាំ១៩៩៣ ក្នុងនាមជាអ្នកនយោបាយ។ កាលនោះ ខ្ញុំមិនចង់រំខានគាត់នោះទេ។ ចាប់តាំងពីគាត់រស់នៅទីក្រុងប៉ៃលិន យើងបានជួបមុខគ្នាចំនួនពីរលើក ក្នុងមួយឆ្នាំ។ នៅទីនោះ គឺនៅអតីតតំបន់កាន់កាប់របស់គាត់ យើងបានលើកយករឿងនយោបាយមកពិភាក្សា។ គាត់បាននិយាយប្រាប់ខ្ញុំពីតួនាទីជាមេដឹកនាំរបស់គាត់ និងរបស់មេដឹកនាំផ្សេងៗទៀតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
កាសែតៈ តើលោកគិតយ៉ាងដូចម្តេចដែរចំពោះជំហរការពារបងប្រុសរបស់លោក (ការពារបូរណភាពទឹកដី និងតំណែងប្រមុខរដ្ឋមានអំណាច)? ខៀវ សេងគីមៈ នៅពេលដែលបងប្រុសខ្ញុំចូលព្រៃម៉ាគី គាត់បានកត់សម្គាល់ពីវត្តមានពួកវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមជនបទ។អ្នកដឹកនាំបដិវត្តភាគច្រើនសុទ្ធសឹងតែជាជនជាតិវៀតណាម។ គាត់គិតថាប្រសិនជាមិនមានសកម្មភាពអ្វីទេនោះ ប្រទេសជាតិនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ប្រទេសជិតខាងជាក់ជាមិនខាន។ ខ្ញុំសូមប្រកាសថា គាត់មិនបានប្រព្រឹត្តកំហុសឆ្គងអ្វីទាំងអស់ នៅពេលដែលគាត់ធ្វើជាប្រធានរបបកម្ពុជាប្រជាធិបតេយ្យ។ វាគ្រាន់តែជាគោរមងារកិត្តិយស ប្រធានគ្មានអំណាចអ្វីទាំងអស់។ គាត់បានប្រាប់អាថ៌កំបាំងថាគាត់គ្មានបំណងចូលរួមជាមួយនឹងចលនាខ្មែរក្រហមទេ នៅពេលដែលគាត់ចូលព្រៃម៉ាគី កាលពីឆ្នាំ១៩៦៧នោះ។ គាត់គ្រាន់តែចង់រត់គេចចេញពីសង្គមពុករលួយ និងការប្រមាញ់របស់រដ្ឋាភិបាលសម័យនោះ តែប៉ុណ្ណោះ។ ក្នុងនាមជាជនរួមជាតិខ្មែរម្នាក់ ខ្ញុំមិនមែនការពារគាត់នោះទេ ប៉ុន្តែខ្ញុំគិតថា គាត់ត្រូវបានបញ្ជារដោយពួកខ្មែរក្រហម ដោយសារតែចំនេះដឹងជាបញ្ញាវ័ន្តរបស់បងប្រុសរបស់ខ្ញុំ អាចជួយចលនារបស់ពួកគេអោយមានប្រជាប្រិយភាព។ បង សំផន គិតតែពីផលប្រយោជន៍របស់ប្រជាជនក្រីក្រ និងមិនគិតចង់ស្វែងរកលាភសក្ការៈអ្វីឡើយ។ គាត់គ្រាន់តែចង់មានជីវិតរស់នៅដ៏សាមញ្ញាប៉ុណ្ណោះ។ បុគ្គលិកលក្ខណៈដ៏ថ្លៃថ្នូរ សមត្ថភាពដ៏វាងវៃជាមួយនឹងសញ្ញាបត្រជាច្រើន បានធ្វើអោយគាត់ក្លាយជាមនុស្សម្នាក់ ដែលគេងាយស្រួលគ្រប់គ្រង។ម្យ៉ាងទៀត គាត់មិនចូលចិត្តបង្កជម្លោះឡើយ។
គាត់បានពន្យល់ពីរឿងទាំងអស់នេះ នៅក្នុងសៀវភៅរបស់គាត់។ មនុស្សមួយចំនួននិយាយថា គេមិនគួរអនុញ្ញាតិអោយមេដឹកនាំខ្មែរក្រហមដែលនៅរស់ សរសេរសៀវភៅនោះទេ។ បងប្រុសរបស់ខ្ញុំព្រួយបារម្ភខ្លាចក្រែងមានការអនុវត្តនូវសំដីទាំងនោះ និងខ្លាចគ្មានឪកាសពន្យល់ប្រាប់ដល់ជនរួមជាតិរបស់គាត់ទើបគាត់ខំប្រឹងសរសេរសៀវភៅទីពីរនោះឡើង។ បំណងប្រាថ្នាតែមួយគត់របស់គាត់ គឺចង់អោយប្រជាជនកម្ពុជាអានសៀវភៅរបស់គាត់។
កាសែតៈ ជាមួយនឹងគម្លាតពេលវេលារយៈពេល៣០ឆ្នាំ តើលោកយល់យ៉ាងណាអំពីរបបខ្មែរក្រហម? ខៀវ សេងគីមៈ រហូតមកទល់សព្វថ្ងៃនេះ គំនិតរបស់ខ្ញុំចំពោះរបបនេះគឺមិនផ្លាស់ប្តូរ។ វាគឺជារបបគ្រប់គ្រងដ៏ល្អមួយ តាមបែបកុម្មុយនីស្ត ប៉ុន្តែ គេមិនបានអនុវត្តតាមគោលនយោបាយវាទេ។ នៅសម័យកាលនោះ មិនមានការលួចប្លន់ និងការចាប់រំលោភឡើយ។ បច្ចុប្បន្ននេះ វាខុសគ្នាស្រឡះ... ខ្ញុំទទួលស្គាល់ថាពិតជាមានអំពើដ៏សាហាវយង់ឃ្នងបានកើតមានឡើងនៅក្នុងសម័យខ្មែរក្រហមប្រាកដមែន ប៉ុន្តែ មិនពិត១០០%នោះទេ។ ខ្ញុំសូមរម្លឹកថា នៅពេលធ្វើសង្រ្គាម ការស្លាប់គឺមិនអាចជៀសផុតឡើយ។ បន្ទាប់មក មានចារកម្មសម្ងាត់នៅក្នុងរបបកុម្មុយនីស្ត ដែលចង់បំផ្លាញបដិវត្តន៍ ដូច្នេះ គេត្រូវបោសសំអាតសត្រូវផ្ទៃក្នុងអោយអស់។
កាសែតៈ តើលោកយល់យ៉ាងណាចំពោះស្រ្តី និងក្មេងៗដែលត្រូវបានសម្លាប់? ខៀវ សេងគីមៈ ត្រង់ចំណុចនេះ ខ្ញុំមិនគិតថាមេដឹកនាំខ្មែរក្រហមហ៊ានធ្វើបែបនេះទេ។ ខ្ញុំនៅតែនិយាយថាខ្ញុំមិនគិតថាជាតិសាសន៍របស់ខ្ញុំ អាចប្រព្រឹត្តបទឧក្រិដ្ឋបែបនេះ មកលើជនរួមជាតិរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ខ្ញុំសង្ស័យថាមានជាតិសាសន៍មួយផ្សេងទៀតនៅពីក្រោយសកម្មភាពទាំងនេះ...
កាសែតៈ តើមូលហេតុអ្វីបានជាលោកមិនចង់អោយគេដឹងថាលោកគឺជាប្អូនប្រុសរបស់ខៀវ សំផន? ខៀវ សេងគីមៈ ប្រសិនជាគេបានដឹងវិញនោះ ខ្ញុំនឹងជួបនូវសំណួរជាច្រើនពីមនុស្សជាច្រើន ខ្ញុំមិនចង់ខាតពេលវេលានោះទេ។ កាលពីមុន ខ្ញុំគឺជាចាងហ្វាងកាសែត «កម្លាំងថ្មី» និងជាប្រធានគណបក្សនយោបាយមួយ។ បន្ទាប់មក ខ្ញុំបានបញ្ឈប់សកម្មភាពរបស់ខ្ញុំទាំងអស់ ព្រោះខ្ញុំលែងចង់បង្ហាញខ្លួនជាសាធារណៈទៀតហើយ។ នៅអំឡុងឆ្នាំ១៩៩០ ខ្ញុំបានសរសេររិះគន់ពីវត្តមានជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសខ្មែរ។ អ្នកអានមានការចាប់អារម្មណ៍នឹងអត្ថបទទាំងនេះយ៉ាងខ្លាំង។ ប៉ុន្តែ នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរូបខ្ញុំ ព្រោះរដ្ឋាភិបាលបានវិនិច្ឆ័យឃើញថាអត្ថបទរបស់ខ្ញុំមួយចំនួនវិះគន់រដ្ឋាភិបាលខ្លះពេក។ គេបានចាត់ទុកសារព័ត៌មានរបស់ខ្ញុំជាសារព័ត៌មានប្រឆាំង ខណៈពេលដែលខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនឹងគណបក្សប្រឆាំងទាល់តែសោះ។ ដើម្បីអាចរស់នៅបានយ៉ាងស្ងប់ស្ងាត់ ខ្ញុំបានលះបង់មុខរបរនេះ ព្រមទាំងសន្យាចំពោះពួកគេថាខ្ញុំនឹងមិនរិះគន់រាជរដ្ឋាភិបាលទៀតនោះទេ។ បន្ទាប់មក ដើម្បីបង្ហាញពួកគេពីការសន្យារបស់ខ្ញុំ ខ្ញុំបានបម្រើការងារនៅក្នុងគណបក្សនយោបាយមួយ ដែលគាំទ្ររាជរដ្ឋាភិបាល។
កាសែតៈ តើលោកធ្លាប់រៀបរាប់ពីប្រវត្តិបងប្រុសរបស់លោក ប្រាប់កូនៗរបស់លោកដែររឺទេ? ខៀវ សេងគីមៈ ខ្ញុំបាននិយាយប្រាប់កូនៗថាអ៊ុំប្រុសរបស់ពួកគេគឺជាមនុស្សល្អម្នាក់ ហើយបញ្ហាទាំងអស់នេះគឺជារឿងនយោបាយ។ ប្រសិនជាមានការសម្លាប់រង្គៀលនៅក្នុងសម័យកាលក្រោមការដឹកនាំរបស់គាត់ នោះគឺមិនមែនជាបញ្ជារបស់គាត់នោះទេ ហើយការសម្លាប់នេះបានបង្ហាញពីការសម្រេចចិត្តដែលធ្វើឡើងនៅថ្នាក់មូលដ្ឋាន។ ម្យ៉ាងវិញទៀត សម្រាប់រូបខ្ញុំផ្ទាល់ ទាំងបងប្រុសរបស់ខ្ញុំ ទាំងមេដឹកនាំខ្មែរក្រហមផ្សេងៗទៀត មិនបានសម្លាប់ជនរួមជាតិរបស់ខ្លួននោះទេ។ ជនជាតិខ្មែរមិនប្រព្រឹត្តអំពើព្រៃផ្សៅរបៀបនេះ ដាក់ជនជាតិខ្មែររបស់ខ្លួនឯងឡើយ។ ខ្ញុំគិតថាមានមេដឹកនាំផ្សេងទៀត នៅពីក្រោយខ្នងនេះ។ សរុបមក កូនៗរបស់ខ្ញុំដឹងថាអ៊ុំប្រុសរបស់ខ្លួនជាមនុស្សស្អាតស្អំ និងមិនមានកាអាម៉ាស់នៅពេលពួកគេនិយាយជាមួយមិត្តភត្តិរបស់ខ្លួន ទាក់ទងនឹងតួនាទីរបស់អ៊ំពួកគេទេ។
|
|
|