|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| សាលាក្តីខ្មែរក្រហមៈ ការចូលរួមរបស់ជនរងគ្រោះកំពុង តែដំណើរការ |
| ααα ស្តេហ្ានី ហ្សេ | | | 28-05-2008 | លោក រាជ សម្បត្តិ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអោយដឹងថា មកទល់ពេលបច្ចុប្បន្ននេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អវតក) បានទទួលពាក្យបណ្តឹងជនរងគ្រោះ និងការស្នើសុំដាក់ពាក្យជាភាគីដើមបណ្តឹងរដ្ឋប្បវេណី ជាង១៥០០ច្បាប់ ។ លោក Marcel Lemonde សហចៅក្រមស៊ើបអង្កេត បានបញ្ជាក់ថា នៅក្នុងសំណុំរឿងទី១ លើករណីរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងស២១ មានអ្នកដាក់ពាក្យបណ្តឹងជាភាគីដើមបណ្តឹងរដ្ឋប្បវេណីចំនួនប្រាំពីរអ្នក ហើយ នៅក្នុងសំណុំរឿងទី២ លើករណីរបស់អតីតមេដឹកនាំខ្មែរក្រហម (នួន ជា អៀង សារី អៀង ធីរិទ្ធិ និងខៀវ សំផន) មានទាំងអស់ប្រាំពីរនាក់។ ប៉ុន្តែ សព្វថ្ងៃនេះ មានតែមេធាវីកម្ពុជាប្រាំរូបនិងមេធាវីអន្តរជាតិមួយរូបប៉ុណ្ណោះ ដែលបានចាប់ផ្តើមការងារជាតំណាងរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅចំពោះមុខតុលាការ។ នេះគឺជាការងារដ៏សំខាន់មួយ សម្រាប់ក្រុមអ្នកការពារក្តីនេះ ហើយនាពេលឆាប់ៗខាងមុខនេះ សមាគមបារាំងមួយឈ្មោះ មេធាវីគ្មានព្រំដែន(ASF) នឹងមកចូលរួមនៅក្នុងបេសកកម្មរបស់មេធាវីទាំងនោះ។
សមាគមមេធាវីគ្មានព្រំដែនមកជួយពង្រឹងការងារ នាឱកាសបេសកកម្មមួយនៅកម្ពុជា ក្នុងខែកុម្ភៈ អ្នកទទួលខុសត្រូវគម្រោងកម្ពុជានៃសមាគមមេធាវីគ្មានព្រំដែន បានចាត់វិធានការបំពេញបន្ថែម ទាក់ទងនឹងការការពារក្តីអោយដើមបណ្តឹងរដ្ឋប្បវេណី។ លោកស្រី Martine Jacquin ដែលមានបទពិសោធន៍ការងាររយៈពេលជាង៣៥ឆ្នាំ បានប្រកាសជាបន្ទាន់នូវគម្រោងបញ្ចុះបញ្ចូលមេធាវីជនជាតិបារាំងជាន់ខ្ពស់ អោយចូលរួមដោយស្ម័គ្រចិត្តមិនយកប្រាក់កំរៃ នៅសមាគមASF ដើម្បីអោយពួកគេផ្លាស់ប្តូរគ្នាមកបម្រើការងារនៅប្រទេសកម្ពុជា ជាមួយនឹងមេធាវីជនជាតិកម្ពុជាស្រករក្រោយ។ នៅចុងខែឧសភា គេលែងមានការព្រួយបារម្ភពីបញ្ហាខ្វះខាតថវិកាសម្រាប់គម្រោងនេះហើយ ដោយសារតែមានការឧបត្ថម្ភជាទឹកប្រាក់ចំនួនជាង១៤៣០០០អឺរូ ពីសំណាក់ស្ថានទូតបារាំង និងកិច្ចសហការជាមួយនឹងគណៈមេធាវីកម្ពុជា ព្រមទាំងអង្គការអាដហុក ។
កម្មវិធីជំនួយផ្នែកបច្ចេកទេសនិងផ្នែកច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ជនរងគ្រោះប្រហែលជា៥០០នាក់ សម្រាប់រយៈពេលមួយឆ្នាំ នៅក្នុងសំណុំរឿង៥០ ករណីរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដែលបានដាក់ពាក្យបណ្តឹង។ លោកស្រីMartine Jacquin បានស្បថចូលកាន់តំណែងរួចរាល់ហើយ «នៅក្នុងគណៈមេធាវីកម្ពុជា» ហើយមិត្តរួមការងារជនជាតិបារាំងរបស់លោកស្រីប្រាំពីរនាក់ទៀតដែលសុទ្ធសឹងតែមានបទពិសោធផ្នែកនីតិរដ្ឋប្បវេណី ដូចលោកស្រី ក៏នឹងត្រូវស្បថចូលកាន់តំណែងដែរ។
សារៈសំខាន់របស់ដើមបណ្តឹងរដ្ឋប្បវេណី លោកស្រីមេធាវីដ៏ស្វាហាប់រូបនេះបានសង្កត់ធ្ងន់ថា «ការជំនុំជម្រះប្រកបដោយសមធម៌ ត្រូវពឹងផ្អែកទៅលើគោលការណ៍សវនាការតទល់គ្នា រវាងជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។ ដើមបណ្តឹងរដ្ឋប្បវេណីត្រូវតែទទួលបាននូវតំណាងស្របច្បាប់ដ៏រឹងមាំ ដូចជាការទទួលបាននូវការការពារក្តី ដោយអ្នកជំនាញច្បាប់បរទេស»។ លោកស្រីបានលើកឡើងម្តងទៀតថា នៅប្រទេសបារាំង សវនាការដែលគ្មានការចូលរួមពីដើមបណ្តឹងរដ្ឋប្បវេណី គឺជា «ករណីមិនធម្មតាមួយ» ដោយសំអាងទៅលើលក្ខណៈពិសេសនៃតុលាការកំរិតស្តង់ដាអន្តរជាតិនេះ ដែលបានប្រើប្រាស់ច្បាប់អង់គ្លេសCommon Law និងនីតិរដ្ឋប្បវេណីរួមបញ្ជូលគ្នា។ «ចំណុចទាំងនេះអាចធ្វើអោយនីតិវិធីនេះមានភាពស្មុគស្មាញបន្តិច ប៉ុន្តែវាមានអត្ថប្រយោជន៍ដែលមិនអាចខ្វះបាន។ ជាក់ស្តែង នៅចន្លោះចំនួនដើមបណ្តឹងរដ្ឋប្បវេណីប្រាំពីរនាក់ និង១០០០នាក់ គេនឹងអាចរកឃើញចំនួនមធ្យមមួយ! ប៉ុន្តែ តើមនុស្សត្រឹមតែប្រាំពីរនាក់ អាចតំណាងអោយសោកនាដកម្មរបស់ប្រជាជាតិទាំងមូលបានយ៉ាងដូចម្តេច?
មេធាវីដើមបណ្តឹងរដ្ឋប្បវេណីទទួលបន្ទុកការងារយ៉ាងច្រើន រហូតមកទល់ពេលនេះ លោកស្រី Silke Studzinsky គឺជាមេធាវីអន្តរជាតិតែម្នាក់គត់ដែលបានបម្រើការងារជាតំណាងភាគីដើមបណ្តឹងរដ្ឋប្បវេណី ជាមួយនឹងមេធាវីជនជាតិកម្ពុជាប្រាំរូបផ្សេងទៀត ដែលបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួនពីរ (អង្គការCDP និងLac )។ ទន្ទឹមនឹងនេះ លោកស្រីក៏បានផ្តល់នូវការបណ្តុះបណ្តាលដល់មិត្តរួមការងារជនជាតិខ្មែររបស់លោកស្រី ដែលចូលរួមក្នុងការងារការពារក្តីនេះ។ លោកស្រីគឺជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់អង្គការអាដហុក នៅក្នុងក្របខណ្ឌគម្រោង «សេវាកម្មសន្តិភាពស៊ីវិល» នៃអង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ (Ded)។ នៅពេលគេសួរសំណួរលោកស្រីពីបញ្ហាលំបាកដែលលោកស្រីជួបប្រទះនៅក្នុងការងារ លោកស្រីមានរឿងរ៉ាវច្រើនដែលត្រូវបង្ហាញ។
បញ្ហាបច្ចេកទេសគឺជាកត្តាចំបងដែលលោកស្រីនឹកឃើញភ្លាមៗ ព្រោះនៅក្នុងពេលធ្វើបទសំភាសន៍ ចរន្តអគ្គីសនីនៅអវតកបានដាច់។ លោកស្រីជនជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមថា នៅក្នុងសាលាក្តី មេធាវីការពារក្តីជនរងគ្រោះដែលដាក់ពាក្យបណ្តឹងជាដើមបណ្តឹងរដ្ឋប្បវេណីមានការិយាល័យមួយកន្លែង «ដែលមានតុធ្វើការចំនួន៣ និងកុំព្យូទ័រចំនួនបីគ្រឿង ជាហេតុទាមទារអោយពួកគាត់ត្រូវបែងចែកពេលវេលាគ្នាធ្វើការ។ លើសពីនេះ លោកស្រីសំដែងការសោកស្តាយចំពោះ «ការខ្វះខាតបណ្ណាល័យមួយ» ដើម្បីជួយសម្រួលដល់ពួកគាត់នៅក្នុងការស្រាវជ្រាវ។ «នៅពេលដែលយើងត្រូវការសំណុំឯកសារមួយ យើងត្រូវមកអវតកដែលនៅឆ្ងាយពីកន្លែងរបស់យើង ដើម្បីធ្វើការស្រាវជ្រាវ។» ទាក់ទងនឹង រាល់ពាក្យបណ្តឹងថ្មីៗ បទបញ្ញត្តិថ្មីរបស់អវតក តម្រូវអោយមេធាវីការពារក្តីដាក់ជូនតុលាការពិនិត្យនូវឯកសារជាភាសាខ្មែររបស់ខ្លួន ហើយយ៉ាងហោចណាស់អមដោយឯកសារជាភាសាបរទេសដែលគេប្រើនៅក្នុងសាលាក្តី ខណៈពេលដែលពួកគាត់មិនមានអ្នកបកប្រែ រឺអ្នកបកប្រែផ្ទាល់មាត់ណាម្នាក់នោះទេ។ ពួកគាត់ត្រូវរៀបចំឯកសារទាំងនោះ «ក្នុងរយៈពេលកំណត់ដ៏ខ្លីមួយ»។ ដោយមើលឃើញពីចំនួនតិចតួចនៃមេធាវីដើមបណ្តឹងរដ្ឋប្បវេណី លោកស្រីបានបង្ហាញនូវក្រុមមេធាវីដែលមានបន្ទុកការងារច្រើនហួស ខណៈពេលដែលទំនាក់ទំនងជាមួយនឹងជនរងគ្រោះត្រូវការពេលវេលា និងត្រូវចំណាយអស់ថវិកាច្រើន ព្រមទាំងធនធានមនុស្សច្រើន» ។
ការប្រមូលពាក្យបណ្តឹងនៅតែបន្តធ្វើ កាលពីខែតុលា ឆ្នាំ២០០៧ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជូលនពាក្យបណ្តឹងរបស់ជនរងគ្រោះប្រមាណជា៨០០ច្បាប់ទៅអវតក។ លោក វ៉ាន់ថាន់ ពៅដារ៉ា អនុប្រធានអង្គការក្រៅរដ្ឋាភិបាលមានប្រសាសន៍ថា «ចាប់តាំងពីការដាក់ពាក្យបណ្តឹងមក យើងមិនធ្លាប់ទទួលបានព័ត៌មានណាមួយពីអវតកនោះទេ។ ស្ថានភាពនេះមិនបានបង្អាក់ទឹកចិត្តក្រុមការងាររបស់លោក ក្នុងការបន្តផ្សព្វផ្សាយព័ត៌មាននៅទូទាំងប្រទេស ដល់ជនរងគ្រោះ អោយបានដឹងអំពីសិទ្ធិចូលរួមក្នុងនីតិវិធីនេះនោះទេ។ ក្រុមការងារនេះក៏នៅតែបន្តប្រមូលពាក្យបណ្តឹងរបស់ជនរងគ្រោះដែលចង់អោយគ្រប់គ្នាបានលឺសម្លេងរបស់ខ្លួន។ នៅចុងខែ ឧសភា ក្រុមការងារមួយនឹងត្រលប់ពីខេត្តពោធិសាត់ជាមួយនឹងពាក្យបណ្តឹងផ្សេងទៀត។ មជ្ឈមណ្ឌលឯកសារកម្ពុជាមិនបានផ្តល់តំណាងស្របច្បាប់ណាមួយដល់ជនរងគ្រោះនោះទេ។ លោក វ៉ាន់ថាន់ ពៅដារ៉ា បានវាយតម្លៃថា «វាជាតួនាទីរបស់អង្គភាពជនរងគ្រោះ។»
លោកអ៊ីសាម ម៉ូសា អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់សមាគមអាដហុកបានបញ្ជាក់ថាសមាគមក៏បានទទួលពាក្យបណ្តឹងចំនួន៣៣០ច្បាប់ផងដែរ ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧ រហូតមកដល់ចុងខែមករាឆ្នាំ២០០៨ ហើយក្នុងនោះពាក្យបណ្តឹងចំនួន៧៧ត្រូវបានបញ្ជូនទៅសហចៅក្រមស៊ើបអង្កេត។ លោកបានពន្យល់ថា «ពាក្យបណ្តឹងផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងការសិក្សានោះ គឺជាកម្មវត្ថុនៃការរៀបចំសំណើរច្បាប់រវាងការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាល និងសាមីជនដែលបំពេញទម្រង់បែបបទនេះ ដើម្បីអោយសំណុំឯកសារមានលក្ខណៈពេញលេញគ្រប់គ្រាន់។ អង្គការក្នុងស្រុកជាច្រើនផ្សេងទៀតបានចាប់ផ្តើមស្វែងរកពាក្យបណ្តឹងពីសំណាក់ជនរងគ្រោះនៅទូទាំងប្រទេស (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម វិទ្យាស្ថានប្រជាធិបតេយ្យខ្មែរ ...)។ អង្គការភាគច្រើនពឹងផ្អែកទៅលើលេខាធិការដ្ឋាននៃសម័្ពន្ធអង្គការសង្គមស៊ីវិល(CHRAC)ដែលប្រមូលផ្តុំអង្គការក្នុងស្រុកជាង២០។ សម្ព័ន្ធនេះបានប្រមូលផ្តុំជាពិសេសនូវទិន្នន័យនៃពាក្យបណ្តឹង ដើម្បីជៀសវាងពាក្យបណ្តឹងស្ទួន និងបានបញ្ជូនទៅអង្គភាពជនរងគ្រោះនៃអវតក។ |
|
α’αααααααααααសមាគមមេធាវីគ្មានព្រំដែន (ASF) សមាគមមេធាវីគ្មានព្រំដែន (ASF) មានគោល បំណង «ជួយ និងពង្រឹងសង្គមមួយអោយកាន់តែមានភាពយុត្តិធម៌ សមធម៌ និងសាមគ្គីភាព ក្នុងនោះ ក្រុមរឺជនដែលទទួលរងគ្រោះបំផុតត្រូវទទួលបាននូវសិទ្ធិសេរីភាពនិងយុត្តិធម៌យ៉ាងពិតប្រាកដ»។ អង្គការអន្តរជាតិមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ នាទីក្រុងBruxelles ប្រទេសប៊ែលហ្ស៊ីក និងបានប្រមូលផ្តុំភាគច្រើនទៅដោយមេធាវី អ្នកច្បាប់ និងចៅក្រម។ សមាគមនេះធ្លាប់មានបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ នៃប្រទេសរ៉្វាន់ដា។ សមាគមមេធាវីគ្មានព្រំដែននៃប្រទេសបារាំងមានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៥ ព្រមទាំងបានជួយបណ្តុះបណ្តាលមេធាវីក្មេងៗជំនាន់ក្រោយ ដោយមានកិច្ចព្រមព្រៀងជាមួយគណៈមេធាវីកម្ពុជា និងក្រសួងយុត្តិធម៌កម្ពុជា។ សម្រាប់ការងារជាជំហានទីពីរ អង្គការនេះបានរៀបចំបង្កើតប្រព័ន្ធជំនួយផ្នែកច្បាប់មួយ សម្រាប់ជួយដល់តុលាការខេត្ត។ តួយ៉ាង មេធាវីចំនួន២៥រូបត្រូវបានជ្រើសរើសអោយបម្រើការងារនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា។
បណ្តឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះនៅចំពោះមុខអវតក យោងទៅតាម វិធានផ្ទៃក្នុង របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលការកម្ពុជា(អវតក) គោលបំណងនៃការបង្កើតអោយមាន បណ្តឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះនៅចំពោះមុខអវតក គឺ « ដើម្បីអោយជនរងគ្រោះចូលរួមក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនៅក្នុងយុត្តាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញ ដោយគាំទ្រដល់ការចោទប្រកាន់ និងដើម្បីអនុញ្ញាតិអោយជនរងគ្រោះអាចស្វែងរកសំណងផ្លូវចិត្ត និងសមូហភាព»។ នៅក្នុងមាត្រាទី២៣នៃវិធានផ្ទៃក្នុង ការផ្តល់សំណងនេះ«ត្រូវធ្វើឡើងប្រឆាំងនឹងទៅនឹងទណ្ឌិត និងជាបន្ទុករបស់ទណ្ឌិត» និងអាចធ្វើឡើងក្រោមរូបភាពដូចជាៈ « ការបង្គាប់អោយបោះពុម្ភផ្សាយសាលក្រម រឺសាលដីកា នៅក្នុងសារព័ត៌មានសមស្របណាមួយ ដែលការចំណាយជាបន្ទុករបស់ទណ្ឌិត ការបង្គាប់អោយផ្តល់មូលនិធិដល់សកម្មភាព រឺសេវាកម្មមិនរកប្រាក់ចំណេញណាមួយ ដែលមានគោលបំណងផ្តល់ប្រយោជន៍ដល់ជនរងគ្រោះ និងទម្រង់ដទៃទៀតនៃសំណងដែលមានលក្ខណៈសមរម្យ និងប្រហាក់ប្រហែល។ រូបមន្តចុងក្រោយហាក់ទូលំទូលាយ គឺដើម្បីបើកឱកាសដល់រាល់គំនិតផ្តួចផ្តើមទាំងអស់។ ម្យ៉ាងវិញទៀត ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅអង្គជំនុំជម្រះ ជាលាយល័ក្ខអក្សរ រហូតដល់ពេលបើកសវនាការនៅសាលាដំបូង។
ដើម្បីក្លាយជាមេធាវីបរទេសរបស់ដើមបណ្តឹង រដ្ឋប្បវេណី យោងទៅតាមវិធានផ្ទៃក្នុងរបស់អវតក មេធាវីអន្តរជាតិត្រូវគោរពទៅមានលក្ខខណ្ឌ ដូចជា ត្រូវជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អនៃគណៈមេធាវី ដែលត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ មានសញ្ញាបត្រផ្នែកច្បាប់ រឺគុណសម្បត្តិផ្នែកច្បាប់ រឺវិជ្ជាជីវៈដែលមានតម្លៃស្មើ មានបទពិសោធការងារជាមេធាវី ចៅក្រម រឺព្រះរាជអាជ្ញា រឺក្នុងមុខងារផ្សេងទៀតយ៉ាងតិច១០ឆ្នាំក្នុងរឿងក្តីព្រហ្មទណ្ឌ មានសមត្ថភាពខាងផ្នែកនីតិវិធីនិងច្បាប់ព្រហ្មទណ្ឌជាតិ រឺអន្តរជាតិ និងចេះភាសាខ្មែរ បារាំង ស្ទាត់ជំនាញ។
លោកស្រី Silke Studzinsky សំដែងការសោកស្តាយថារាល់ថ្លៃចំណាយនៃការធ្វើដំណើររបស់មេធាវីដើម្បីផ្សព្វផ្សាយព័ត៌មានដល់កូនក្តីនៃដើមបណ្តឹងរដ្ឋប្បវេណីរបស់ខ្លួនដែលរស់នៅតាមខេត្ត ព្រមទាំងថ្លៃធ្វើដំណើរ និងស្នាក់នៅរបស់ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនៅក្នុងសាលាក្តីនេះ មិនមែនជាបន្ទុករបស់អវតកនោះទេ។ «យ៉ាងហោចណាស់ ជនរងគ្រោះទាំងនោះសុទ្ធសឹងតែជាប្រជាជនទីទ័លក្របំផុត»។ មកទល់ថ្ងៃនេះ មេធាវីអាល្លឺម៉ង់រូបនេះគឺជាតំណាងជនរងគ្រោះ១១នាក់ ដែលនៅក្នុងចំណោមនោះ ជនរងគ្រោះខ្លះនៅមិនទាន់ត្រូវបានទទួលស្គាល់ដោយអវតកនោះទេ។ លោកស្រីបានវាយតម្លៃថាស្ថានភាពនេះគឺជាលទ្ធផលនៃការបំភ្លេច ដែលមានចាប់តាំងពីការដាក់ដំណើរការរបស់សាលាក្តី។ «នៅពេលចាប់ផ្តើមបង្កើតអវតក ថវិកាដែលទទួលបានដំបូងមិនបានគ្រោងទុកលើចំណាយសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីនោះទេ។ លើសពីនេះ អង្គភាពជនរងគ្រោះនៃអវតក ត្រូវបានបង្កើតឡើងយឺតពេល ហើយមិនមានថវិកាណាមួយត្រូវបានត្រៀមទុកសម្រាប់ជនរងគ្រោះដែលសុទ្ធសឹងតែជាជនក្រីក្របំផុតនោះទេ។
អង្គភាពជនរងគ្រោះដ៏ក្មេងខ្ចី លោកស្រី គៀត បូផល ប្រធានអង្គភាពជនរងគ្រោះបានអះអាងថា អង្គភាពនេះត្រូវបាន បង្កើតឡើងនៅដើមឆ្នាំ២០០៨ និងជួបប្រទះបញ្ហាខ្វះខាតថវិកា និងធនធានមនុស្ស ដែលត្រូវតែដោះស្រាយមួយគ្រាសិន។ ប្រធានអង្គការនេះរៀបរាប់ថា តួនាទីរបស់អង្គភាពនេះ គឺសំដៅលើទម្រង់បែបបទនៃពាក្យបណ្តឹង និងការស្នើរបស់ជនរងគ្រោះដើម្បីធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះ ព្រមទាំងរៀបចំការងារផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋអោយបានជ្រាបច្បាស់ និង ធានានូវតំណាងផ្នែក ច្បាប់ដល់អ្នកដែលមានបំណងចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី។ លោក គៀត បូផលបានប្រកាសថា «នៅពេលយើងមានថវិកាគ្រប់គ្រាន់ ក្រុមការងារច្បាប់មួយនឹងត្រូវបង្កើតឡើង។ រហូតមកដល់ថ្ងៃនេះ ជំនួយផ្នែកច្បាប់ត្រូវបានឧបត្ថម្ភដោយសមាគមតែប៉ុណ្ណោះ។
|