|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការមិនពេញចិត្តកើនឡើងក្នុងចំណោមភាគីដើមបណ្តឹង រដ្ឋប្បវេណីរបស់សាលាក្តីខ្មែរក្រហម |
| ααα ស្ទេហ្វានី ហ្សេ | | | 09-07-2008 |  កំបុល (ភ្នំពេញ) សេង ធារី ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុង អ.វ.ត.ក ត្រូវបាន អង្គបុរេជំនុំជម្រះ បដិសេដមិនអោយឡើងនិយាយ © John Vink / Magnum ភាគីដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកតំណាងរបស់ពួកគេនាំគ្នាធ្វើការតវ៉ា ដោយនិយាយថាពួកគេ«មានការព្រួយបារម្ភជាពិសេស» បន្ទាប់ពីសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (CETC) កាលពីសប្តាហ៍មុន នៅក្នុងសវនាការលើបណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការបង្គាប់ឃុំខ្លួនបណ្តោះអាសន្នលើអតីតប្រធានការទូតខ្មែរក្រហម អៀង សារី។ ក្នុងសវនាការនោះ ចៅក្រមមិនបានអោយភាគីដើមបណ្តឹងរដ្ឋប្បវេណីឡើងនិយាយទេ ពីព្រោះភាគីនេះមានអ្នកតំណាងស្របច្បាប់រួចហើយ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ចៅក្រមនៅតែមិនអនុញ្ញាតអោយភាគីដើមបណ្តឹងរដ្ឋប្បវេណីនិយាយដោយខ្លួនឯងដែរ បើទោះជាពេលនោះគេបានបញ្ឈប់មេធាវីការពារហើយក៏ដោយ។ កត្តានេះបង្កើតជាទម្លាប់មួយដែលអាចនាំទៅដល់ការដាក់កម្រិតលើកក្រោយទៀតលើសិទ្ធិរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសគឺលើតួនាទីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ វាគឺជាការចូលរួមជាប្រវត្តិសាស្រ្តរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ចំណុចនេះកំពុងស្ថិតក្នុងការពិភាក្សា។
ចៅក្រមប្តូរគោលការណ៍របស់ខ្លួនស្តីពីភាគីដើមបណ្តឹងរដ្ឋប្បវេណី សារ៉ា ថូម៉ាស់ សមាជិកម្នាក់ក្នុងគម្រោងការចូលរួមរបស់ជនរងគ្រោះរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) វិភាគថា សេចក្តីសម្រេចរបស់ចៅក្រមនៃអង្គបុរេជំនុំជម្រះបានធ្វើផ្ទុយនឹងការអនុវត្តដែលគេធ្លាប់ធ្វើកន្លងមក ក៏ដូចជាច្បាប់នីតិវិធីផងដែរ។ អ្នកស្រីរម្លឹកថា អំឡុងពេលពិនិត្យបណ្តឹងឧទ្ធរណ៍របស់លោកនួន ជា លើពាក្យបង្គាប់ការដាក់ឃុំខ្លួនបណ្តោះអាសន្ន «ភាគីដើមបណ្តឹងរដ្ឋប្បវេណីដែលតំណាងដោយក្រុមប្រឹក្សា ត្រូវបានគេអនុញ្ញាតអោយនិយាយដោយសេរី» ។ អ្នកស្រីបន្ថែមទៀតថា បទបញ្ជាផ្ទៃក្នុងរបស់តុលាការមិនទាមទារថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវតំណាងដោយមេធាវីនោះទេ ហើយ«ចែងយ៉ាងច្បាស់ពីសិទ្ធិរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីចូលរួមក្នុងសវនាការ ដោយមាន ឬគ្មានជំនួយពីមេធាវី»។ សារ៉ា ថូម៉ាស់ សង្កេតឃើញថា រហូតដល់ត្រង់ចំណុចនេះ អង្គបុរេវិនិច្ឆ័យបានបង្ហាញការគាំទ្រពេញទំហឹងលើការចូលរួមរបស់ជនរងគ្រោះ ជាពិសេសតាមរយៈការយល់ព្រម នាថ្ងៃទី២០ ខែមីនា ដោយផ្តល់អោយភាគីដើមបណ្តឹងរដ្ឋប្បវេណីនូវសិទ្ធិចូលរួមរាល់ដំណាក់កាលនៃនីតិវិធីទាំងអស់។ សេចក្តីសម្រេចនេះនឹងត្រូវគេយកទៅអនុវត្តនៅក្នុងយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ហើយវាធ្វើអោយសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិមានការរីករាយយ៉ាងខ្លាំង។
ចំពោះការផ្លាស់ប្តូរទាំងស្រុងដែលចៅក្រមបានធ្វើកាលពីសប្តាហ៍មុននេះ សារ៉ា ថូម៉ាស់ បានលើកឡើងពីកត្តាពីរធំៗ។ ទី១ គឺការព្យាយាមយ៉ាងខ្លាំងក្លារបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយ គឺកញ្ញាសេង ធារី ដែលលើកឡើងពីសិទ្ធិចូលរួមទូលំទូលាយនៅក្នុងបទបញ្ជាផ្ទៃក្នុង។ ទី២ គឺភាពទន់ខ្សោយរបស់អង្គបុរេជំនុំជម្រះក្នុងការគ្រប់គ្រងបទអន្តរាគមន៍ដោយពាក្យសម្តីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ អ្នកស្រីវាយតម្លៃថា ចៅក្រមទាំងឡាយមិនសូវស៊ាំនឹងការចូលរួមរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទេ។ ដូច្នេះចៅក្រមអាចនឹងធុញទ្រាន់ ចំពោះការខំប្រឹងដដែលៗរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំងនេះ ដែលមានបំណងធ្វើអោយអ្នកដទៃយកចិត្តទុកដាក់នឹងសំឡេងពួកគេ។
ទម្លាប់គ្រោះថ្នាក់មួយ? អ្នកស្រីស៊ីល ស្ទូដហ្ស៊ីនស្គី មេធាវីបរទេសរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ប្រកាសថា គេមិនអាចបណ្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចរបស់ចៅក្រមភាគច្រើនរបស់អង្គបុរេវិនិច្ឆ័យបានទេ ព្រោះបទបញ្ជាផ្ទៃក្នុងចែងថា រាល់សេចក្តីសម្រេចចេញដោយអង្គបុរេវិនិច្ឆ័យមិនអាចធ្វើបណ្តឹងឧទ្ធរណ៍តវ៉ាបានឡើយ។ ទោះជាអីចឹងក៏ដោយ ក៏កត្តានេះមិនអាចរារាំងមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីបញ្ជូនសេចក្តីសង្កេតថ្មីៗទូទៅ ទៅកាន់ចៅក្រមជុំវិញបញ្ហានេះដែរ។ គេអាចរម្លឹកប្រាប់ពួកគេពីច្បាប់ដែលមាន និងពីទស្សនៈដាច់ដោយឡែកមួយលើកឡើងដោយចៅក្រមឈ្មោះរ៉ូវ៉ាន់ ដាវនីង។ លោកចៅក្រុមរូបនេះធ្លាប់វាយតម្លៃដោយមិនយល់ស្របជាមួយនឹងមិត្តរួមការងាររបស់លោក ថាវានឹង«អយុត្តិធម៌»ដែលគេមិនអនុញ្ញាតអោយភាគីដើមបណ្តឹងរដ្ឋប្បវេណីដែលគ្មានអ្នកតំណាង បានឡើងនិយាយនោះ។
ស្រ្តីមេធាវីខាងលើសង្ឃឹមថា អង្គការសង្គមស៊ីវិលនានានឹងមានប្រតិកម្មប្រឆាំងនឹងរបៀប«មិនសមស្រប»នៃការដាក់កម្រិតសិទ្ធិលើភាគីដើមបណ្តឹងរដ្ឋប្បវេណីបែបនេះ។ អ្នកស្រីស៊ីល ស្ទូដហ្ស៊ីនស្គី ពន្យល់ថា ការដែលលោកកាណាវ៉ា មេធាវីជនជាតិអាមេរិករបស់លោកអៀងសារី លើកឡើងកាលពីសប្តាហ៍មុនថាវាចំណាយពេលច្រើនពេកនោះ តាមពិតគឺវាមិនអីចឹងទេ ព្រោះថាការឡើងនិយាយរបស់ភាគីនីមួយៗគឺមានពេលកំណត់ត្រឹមត្រូវ។ អ្នកស្រីពន្យល់ថា៖ «គឺលើយើងជាអ្នកបែងចែកទៅតាមដែលយើងគិតថាល្អ! លើម៉ោងដែលយើងមាន ខ្ញុំបានត្រៀម៤៥នាទីសម្រាប់ខ្ញុំជជែកតវ៉ា និងទុក១០នាទីអោយ[ភាគីដើមបណ្តឹងរដ្ឋប្បវេណី] សេង ធារី។ ម្យ៉ាងទៀត យើងមិននិយាយអ្វីក្រៅពីប្រធានបទ!» ។
សម្រាប់អ្នកស្រីមេធាវីស្ទូដហ្ស៊ីនស្គី គេមិនអាចបណ្តោយអោយកើតមាននូវអ្វីមួយដែលគាត់វាយតម្លៃថាជាការរឹតត្បិតទាំងបំពានលើសិទ្ធិរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងដំណាក់ការនៃនីតិវិធីនេះឡើយ។ «វាអាចនឹងនាំទៅកាន់ការរំលោភបំពាននាពេលអនាគតទៀតលើសិទ្ធិរបស់ពួកគេក្នុងពេលសវនាការដែលគេកំពុងរង់ចាំនៅសាលាដំបូង»។
គួររម្លឹកថា អំឡុងពេលសវនាការកាលពីសប្តាហ៍មុន លោកកាណាវ៉ា សហមេធាវីអន្តរជាតិរបស់លោកអៀង សារី បានវាយតម្លៃអង្គបុរេវិនិច្ឆ័យថា«ចិត្តល្អហួស»ដែលយល់ព្រមផ្តល់អោយភាគីដើមបណ្តឹងរដ្ឋប្បវេណីនូវសិទ្ធិចូលរួមនៅក្នុងដំណាក់ការនេះនៃនីតិវិធី។ លោកបន្ថែមទៀតថា សេង ធារី មិនអាចនិយាយដោយផ្ទាល់បានទេ «ដោយសារនាងមិនបានចុះឈ្មោះនៅគណៈមេធាវីកម្ពុជា»ដូចជាការតម្រូវក្នុងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់មេធាវីតវ៉ាក្តីនៅអ.វ.ត.ក។ លោកថែមទាំងលើកឡើងទៀតថា ប្រសិនបើរាល់ភាគីដើមបណ្តឹងរដ្ឋប្បវេណីសុទ្ធតែចង់និយាយទាំងអស់គ្នា វានឹងមិនអាចចប់ទេ ជាពិសេសវាអាចចោទជាបញ្ហាលើគោលការណ៍«សមភាពនៃការទទួលបានការការពារក្តី»។ (ជនត្រូវចោទបានទទួលការការពារតែពីមេធាវីពីរនាក់ប៉ុណ្ណោះ)។
សារ៉ា ខូម មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) សោកស្តាយថា៖ «វាគួរអោយស្តាយដែលភាគីដើមបណ្តឹងរដ្ឋប្បវេណីមិនអាចមានសំឡេង»។ «សម្រាប់ជនរងគ្រោះជាច្រើន ការនិយាយដោយខ្លួនឯងគឺល្អជាងការអោយមេធាវីនិយាយជំនួស។ ដូច្នេះ ចៅក្រមអាចរកវិធីមួយអនុញ្ញាតអោយពួកគេនិយាយ តែត្រូវកំណត់ពេល។ ការអនុញ្ញាតអោយភាគីដើមបណ្តឹងរដ្ឋប្បវេណីចូលរួមដោយផ្ទាល់ដែលជាគំនិតថ្មីមិនធ្លាប់មាននេះ អាចធ្វើអោយអង្គជំនុំជម្រះវិសាមញ្ញត្រូវអន្តរជាតិទទួលស្គាល់។ ប៉ុន្តែអាចធ្វើដូច្នេះបាន លុះត្រាតែគេត្រូវធ្វើយ៉ាងណាកុំអោយធ្លាក់ចូលក្នុងការសម្តែង«ល្ខោន»របស់ជនរងគ្រោះ»។
ការរំលោភបំពានផ្សេងទៀតដែលមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញ មេធាវី៦រូបរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី (កម្ពុជា៥រូប បរទេស១រូប) ធ្លាប់ដាក់ស្នើទៅកាន់អង្គបុរេវិនិច្ឆ័យនៅថ្ងៃទី១៦មិថុនាកន្លងទៅ នូវកំណត់សម្គាល់ទូទៅជាច្រើន។ ពួកគេបានលើកឡើងពីសិទ្ធិទាំងឡាយដែលពួកគេចង់អោយតុលាការទទួលស្គាល់។ នៅក្នុងបុព្វកថារបស់កំណត់សម្គាល់នេះ ក្រុមអ្នកមេធាវីបានរម្លឹកថា ក្នុងក្របខ័ណ្ឌសវនាការធ្វើឡើងនៅក្នុងតុលាការ ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានគេចាត់ទុកថាជា«ចំណែក»មួយនៃផ្នែកទាំងអស់របស់តុលាការដែលចែងក្នុងវិធានផ្ទៃក្នុងរបស់តុលាការ ហេតុដូច្នេះខាងដើមបណ្តឹងរដ្ឋប្បវេណីត្រូវតែទទួលបានសិទ្ធិដូចគ្នានឹងភាគីផ្សេងទៀតដែរ (សហព្រះរាជអាជ្ញា និងខាងចុងចោទ)។ ប៉ុន្តែពួកគេសោកស្តាយថា លទ្ធភាពនៃការចូលរួមដោយស្របច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានគេ«រំលាយបន្តិចម្តងៗ»។
វិធានការផ្សេងទៀតដែលពួកគេវាយតម្លៃថាមានការរើសអើង គឺការតម្រូវអោយភាគីទាំងអស់ដាក់ឯកសារជាភាសាខ្មែរ និងជាភាសាបរទេសមួយក្នុងចំណោមភាសាបរទេសផ្លូវការទាំងពីររបស់តុលាការ (អង់គ្លេស/បារាំង)។ ប៉ុន្តែ ភាគីដើមបណ្តឹងរដ្ឋប្បវេណីគ្មានធនធានក្នុងការធ្វើបែបនេះទេ។ ពួកគេក៏លើកឡើងផងដែរអំពីការកំណត់ពេលខ្លីសម្រាប់ការរៀបចំឯកសារទាំងនេះ ព្រមទាំងការបែងចែក«មិនស្មើគ្នា»នូវពេលវេលាសម្រាប់ការឡើងនិយាយរវាងភាគីទាំងអស់ (៩០នាទីសម្រាប់ផ្នែកការពារចុងចោទ និងសម្រាប់សហព្រះរាជអាជ្ញា ៦០នាទីសម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណី)។ លោកសហព្រះរាជអាជ្ញា វីលៀម ស្មីត បានពន្យល់ក្នុងពេលសវនាការកាលពីសប្តាហ៍មុនថា ការតំណាងអោយជនរងគ្រោះ វាជាផ្នែកមួយនៃការងាររបស់សហព្រះរាជអាជ្ញា ដូច្នេះភាគីដើមបណ្តឹងរដ្ឋប្បវេណីមានពេល១ម៉ោងក្នុងការឡើងនិយាយគឺគ្មានអ្វីចម្លែកទេ។
នៅក្នុងឯកសារចុះថ្ងៃទី១៦ ខែមិថុនា មេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញពីការអន់ចិត្តរួចទៅហើយចំពោះសារាចរចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភា ដោយប្រធានអង្គបុរេវិនិច្ឆ័យ។ សារាចរនោះចែងថា បទអន្តរាគមន៍នៅក្នុងនាមភាគីដើមបណ្តឹងរដ្ឋប្បវេណីគឺត្រូវធ្វើឡើងតាមរយៈមេធាវី ដើម្បីធានាអោយនីតិវិធី និងការឡើងនិយាយ ប្រព្រឹត្តទៅមិនយឺតយ៉ាវ។ ប៉ុន្តែ មេធាវីជាច្រើនលើកអំណះអំណាងថា ភាពត្រឹមត្រូវតាមច្បាប់នៃចម្លើយរៀបរាប់នឹងបាត់បង់ ប្រសិនបើចម្លើយរៀបរាប់ទាំងនេះមិនមែនជនរងគ្រោះជាអ្នកនិយាយចេញដោយផ្ទាល់ទេនោះ ហើយការចូលរួមយ៉ាងសកម្មពីភាគីដើមបណ្តឹងរដ្ឋប្បវេណីអាចជំរុញអោយជនរងគ្រោះផ្សេងទៀតយកគំរូតាម។
ការចូលរួមរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីគួរត្រូវបំភ្លឺអោយច្បាស់ ខណៈពេលដែលចំនួនភាគីដើមបណ្តឹងរដ្ឋប្បវេណីមានការកើនឡើង និងខណៈពេលដែលមេធាវីជាច្រើនផ្សេងទៀតនឹងមកបំពេញក្រុមប្រឹក្សាស្មាក្តីរបស់ពួកគេនោះ អ្នកស្រីសារ៉ា ថូម៉ាស់ ផ្តល់ជាអនុសាសន៍អោយគណៈកម្មាធិការទទួលបន្ទុករៀបចំបទបញ្ជាផ្ទៃក្នុង និងនីតិវិធីរបស់ អ.វ.ត.ក អនុម័តសារាចរមួយដែលលម្អិតច្បាស់ៗពីបែបបទនៃការចូលរួមរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ប្រសិនបើវាត្រូវគ្រប់គ្នាទទួលស្គាល់ថាត្រឹមត្រូវ អ.វ.ត.កនឹងត្រូវគេយកគំរូតាមសម្រាប់តុលាការអន្តរជាតិក្រោយៗទៀត។ |
|
|