Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 07 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 20:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

អ្នកនៅរស់មានជីវិតនិយាយបំភ្លឺពីប្រធានបទអាថ៌កំបាំង : ការស្រឡាញ់ភេទដូចគ្នានៅសម័យខ្មែរក្រហម
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-07-2008

Image

ស៊ូ សុធាវី អាយុ៦៨ឆ្នាំ បុរសស្រឡាញ់ភេទដូចគ្នា ត្រូវបានបានចាប់បង្ខំអោយរៀបការ

នៅក្រោមរបបខ្មែរក្រហម។ នៅអំឡុងសម័យកាលនោះ សុធាវីអាចរក្សាទំនាក់

ទំនងផ្លូវភេទជាមួយបុរសៗ ជួនកាលគាត់ធ្វើ តាមសេចក្តីត្រូវការរបស់ខ្លួន

និងជួនកាល ដើម្បីភាពចាំបាច់។ 

 ©John Vink/ Magnum

 

នៅ​ប្រទេស​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​កម្រ​រង​ការឈឺចាប់ដោយសារការ​ស្អប់​ខ្ពើម​​​ពីសំណាក់​​ប្រជា​ជន​​ខ្មែរ​ដោយ​បើក​ចំហ​ណាស់ ប៉ុន្តែ​ដោយសារ​គំនាប​គ្រួសារ​​​បាន​បង្ខំ​ពួកគេ​អោយ​គោរព​តាម​ច្បាប់​សង្គម​។ ជានិច្ច​កាល​ ពួក​គេ​​តែង​តែ​រៀបការ​ជាមួយ​ភេទផ្ទុយ​គ្នា​ ហើយ​កសាង​គ្រួសារ​មួយ​។ ប៉ុន្តែ​បើ​ទោះ​ជា​ពួកគេតែង​តែ​​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​របស់ខ្លួន​ក៏ដោយ ក៏​អ្នក​មួយ​ចំនួន​មិន​​អាច​បិទ​បាំង​ចរិត​​ជាស្រី​របស់ខ្លួន​បាន​ឡើយ​។ តើ​អ្នក​ទាំង​នេះ​​រស់​នៅ​យ៉ាង​ដូចម្តេច​នៅក្រោម​របប​ខ្មែរក្រហម? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យគិត​​យ៉ាងណា​​ចំពោះពួកគេ ព្រោះថា​របបនេះ​មាន​មហិច្ឆតា​ធ្វើ​អោយ​ជនជាតិ​កម្ពុជាទាំងអស់​ដូចៗគ្នា លុប​បំបាត់​អោយអស់​នូវ​គម្លាតខុសគ្នា និង​ដាក់​បង្ខំ​អោយ​អនុវត្តសីលធម៌ និង​បែប​ផែន​នៃ​ជីវិត​មួយ​សឹងតែ​ដូច​ព្រះសង្ឃ?

 

ឋានៈសង្គមរបស់អ្នកស្រឡាញ់ភេទដូចគ្នាមុនសម័យខ្មែរក្រហម 

អ្នកស្រី​ភួង ថាន់ នរវិទូ​ជនជាតិ​កម្ពុជា​ ពន្យល់ថា៖ «គេមិន​អាច​និយាយថា​សង្គម​កម្ពុជា​ព្រម​ទទួល​យក​ [មុន​​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម] ទំនាក់​ទំនង​ស្នេហា​​រវា​ង​អ្នក​មាន​ភេទ​​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​គេ​អនុគ្រោះ​​ដល់​ការ​ផ្សង​ព្រេង​​​​គ្មាន​​កោះ​ត្រើយ​រវាង​មនុស្ស​​ស្រឡាញ់​ភេទ​ដូចគ្នា​»។ អ្នកស្រី​ភួង ថាន់ បាន​សម្រេច​​​​ការសិក្សា​ស្រាវជ្រាវ​មួយ​មាន​ចំណង​ជើងថា «ជាតិពន្ធុសាស្រ្ត​នៃ​ទំនាក់​ទំនង​​ផ្លូវភេទ​រវាង​បុរស​និង​បុរស​នៅ​កម្ពុជា»​ អោយ​អង្គការ​យូណេស្កូ។
អ្នកស្រី​ស៊ូ សុធាវី (តាមពិត​គាត់ជាបុរស) ដែលអាយុ៦០​ឆ្នាំ​ផ្លាយ ត្រូវ​បាន​ក្រុម​គ្រួសារ​​កាត់កាល់​ចោល​នៅពេល​ដែលពួកគេបាន​ដឹង​ប្រវត្តិស្នេហា​របស់គាត់​ជាមួយ​ប្រុស​ម្នាក់​ទៀត​។ រឿង​រ៉ាវ​បាន​កើត​ឡើង​អំឡុង​ឆ្នាំ១៩៧០។ កាលណោះ​ គាត់​មាន​អាយុ​ទើប​តែ​១៤​ឆ្នាំប៉ុណ្ណោះ។ គាត់​ដើរ​រំពៃ​តាមដង​​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បីលក់​ខ្លួន​អោយ​ជន​បរទេស​ យក​ប្រាក់​ផ្គត់​ផ្គង់​ការសិក្សា។ គាត់​រម្លឹកថា៖ «នៅសម័យ​នោះ មនុស្ស​ម្នាមិន​ចូលចិត្ត​ពួក​ប្រុស​ស្រឡាញ់ភេទ​ដូចគ្នា​ទេ។ ប៉ុន្តែ ខ្ញុំ​មិនដែល​ជួប​ការ​រើសអើង​ និង​ការ​គំរាមកំហែង​ខ្លាំង​​ដូច​នៅក្រោម​របប​​ប៉ុល ពត​ នោះឡើយ»។

ការបង្ខំចិត្ត​ធ្វើ​ខ្លួន​ជាបុរស
សុធាវី​ឈប់​ស្លៀកសារ៉ុង​ ដោយសារ​​ពួក​ខ្មែរក្រហម​បង្ខំ​អោយ​ស្លៀក​ខោ ​កាត់​សក់​​ខ្លី និង​ត្រូវ​មាន​ចរិតជា«ប្រុស»ពេញ​លក្ខណៈ​។ មិត្តភក្តិ​មួយ​ចំនួន ដែល​រស់​នៅ​​ក្នុង​ខេត្ត​តាកែវ​ជាមួយ​គាត់ ហើយ​ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរ​នោះ មិន​បាន​កែប្រែ​អាកប្បកិរិយា​​អោយ​បាន​ឆាប់ទេ​។ ពួកគេ​ត្រូវ​គេ​ចាប់​បាន«ក្នុងពេល​ធ្វើ​សកម្មភាព»។ ​សេចក្តី​សម្រេច​ដាក់ទោសបាន​ចេញ​ភ្លាម​ៗ​មិន​រង់ចាំ​យូរ​ឡើយ​។ បុរស​ស្រឡាញ់​​ភេទ​ដូចគ្នា​ជាង​១០គូ​​ត្រូវ​បានគេ​ចាប់ខ្លួន និង​កម្ទេច​ចោល​។ សុធាវី​រៀបរាប់​ថា៖ «ពួកខ្មែរ​ក្រហម​មិន​មែន​មិនដឹងថា បុរស​អាច​ស្រឡាញ់​គ្នា​​បាន​​នោះ​ទេ ប៉ុន្តែ​​មិន​ដឹងច្បាស់​ថា​តើ​ពួកគេ​ធ្វើ​យ៉ាង​ម៉េច​ក្នុងការ​រួម​រ័ក្ស...។ នៅដើម​របប​ខ្មែរក្រហម​ ពួកគេ​បាន​ធ្វើ​ប្រតិបត្តិការ​លុប​បំបាត់អ្នក​​ស្រឡាញ់​ភេទ​ដូចគ្នា។ ពួកខ្មែរក្រហម​មិន​មែន​ត្រឹម​តែចាត់​ទុក​អ្នក​ទាំង​នេះ​ថា​«គ្មាន​បានការ»​ប៉ុណ្ណោះ​ទេ គឺថែម​ទាំង​ជា​អ្នក​បំផ្លាញ​ដ៏ធំដល់​បដិវត្តន៍​ទៀត​ផង។ នេះ​ពិត​ជា​​របប​ ​ផ្តាច់​ការ​​មួយ​។ កាលណា​ពួកស្លៀកពាក់​ឈុត​ខ្មៅ​​ចាប់បាន​ថាពួក​យើង​ធ្វើ​កាយ​វិការ​ ឬ​ចរិត​ដូច​ស្រី ពួកយើង​ត្រូវ​បំពាក់​ឈ្មោះ​​ថា​ជា​សត្រូវ​អង្គការ​ [អង្គការ​ជាន់​ខ្ពស់​​ដែលមាន​​ស្ថាប័ន​ដឹកនាំ​​របស់គណបក្ស​កុម្មុយនិស្ត​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​] ហើយ​​ត្រូវ​ដាក់​ទោស​យក​ទៅ​សម្លាប់​ចោលភ្លាម»។ សុធាវី​​នៅ​តែ​មានស្នាម​ដំបៅ​​ដោយសារ​ការងារ​បង្ខិត​​​បង្ខំ​នៅ​ចម្ការ​ដែល​គាត់ត្រូវ​បង្ខំ​ចិត្តធ្វើ«បើ​ទោះ​ជាខ្ញុំ​មាន​​រាង​​កាយជាស្រ្តី​ទន់ខ្សោយ​ក៏ដោយ»។​

ធ្វើ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ ដើម្បីអង្ករ
បើ​ទោះ​ជា​មាន​ការដាក់​កំហិត​យ៉ាង​តឹង​រឹង​​ពី​សំណាក់​​របប​ប៉ុល ពត​ក៏ដោយ ក៏​សុធាវីនៅតែ​អាច​រក្សា​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​ផ្សេងៗជាច្រើន​ទៀត​ដែរ។ គាត់​បាន​រៀប​រាប់​ដោយ​គ្មាន​ការ​​លាក់​បាំងថា​ ភាគច្រើននៃ​បុរសទាំងនោះ​សុទ្ធ​សឹង​តែចេញ​​មក​ពី​​ក្នុង​ជួរ​ខ្មែរក្រហម។ សព្វថ្ងៃ សុធាវី​អះអាងថា គាត់​មិន​អាច​​ចាំ​​បាន​ថាបុរស​ទាំង​នោះ​​មាន​ចំនួន​ប៉ុន្មាន​នាក់នោះ​ទេ ប៉ុន្តែគាត់​បាន​បន្ថែម​ថា​​ គាត់បាន​«ជ្រើសរើស»អ្នក​ចង់​នៅជាមួយ​គាត់។ «ខ្ញុំ​ចាប់អារម្មណ៍​តែ​អ្នក​ដែល​ខ្ញុំ​​​អាច​បាន​ផល​តប​ស្នង​ខ្លះ​សម្រាប់​«សេវា​»នេះ​។ ខ្ញុំ​គ្មាន​ជម្រើស​ទេ ខ្ញុំ​ត្រូវ​ចិញ្ចឹម​ម្តាយ​​ចាស់​ម្នាក់។ ក្នុង​អំឡុងពេល​ដ៏លំបាក​នោះ យើង​ខិត​ចូល​ជិត​គ្នា​ជាថ្មី...។ ដូច្នេះ ខ្ញុំ​ត្រូវ​ចេះ​យល់ការ​​ជាមួយ​នឹង​ពួក​ខ្មែរក្រហម។​ អាកប្បកិរិយានេះ​ពិត​ជា​បាន​​ផល​។ អ្នក​មួយចំនួន​ក្នុង​ចំណោម​ពួក​ខ្មែរ​ក្រហម​ទាំង​នោះបាន​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​ខ្ញុំ ដោយ​ពួកគេ​បាន​អោយ​អង្ករ​ខ្ញុំ​ដើម្បី​អោយ​ខ្ញុំ​​កំដរ​ពួក​គេ​»។
យ៉ាង​ឆាប់រហ័ស សុធាវី​បាន​អាច​​ទំនាក់ទំនង​ជាមួយ​ពួកកម្មាភិបាល​ខ្មែរក្រហម ដែល​មាន​ចំណង់​ដូច​រូប​គាត់​ដែរ។ សុធាវី​ថែមទាំង​ហ៊ានសារភាពថា គាត់​ទទួល​ទាំង​ទាហាន​ខ្មែរក្រហម​ក្មេងៗ​​ទៀត​ផង។ «ខ្ញុំ​គ្មាន​ការ​លំបាក​សូម្បីតែបន្តិចទេ​ក្នុង​ការ​​បញ្ចុះបញ្ចូល​ពួកគេ។​ ពួក​គេ​ក៏​ភ័យ​ខ្លាច​ដូច​អ្នក​ដទៃទៀត​ដែរក្នុងការ​ប្រព្រឹត្តិ​អំពើ​ដែល​អង្គការ​ចាត់ទុក​ថា​«អសីលធម៌»។ ខ្ញុំ​បានពន្យល់​ពួក​គេថា វា​ជា​ការ​ងាយស្រួលទេ​ក្នុងការ​​លាក់​បាំង​ទំនាក់​ទំនង​ជាមួយ​បុរស​ ជាង​ជាមួយ​ស្រ្តី។ ដើម្បី​ចូល​ក្បែរ​ពួកគេ ខ្ញុំ​និយាយ​ពីនេះពីនេះគ្មាន​បាន​សាច់ការ​ : អាកាសធាតុ ធម្មជាតិ... បន្តិច​ម្តង​ៗ ខ្ញុំ​ចាប់ផ្តើម​​ទាក់ទាញ​ពួកគេ​តាមរយៈការ​ប៉ះពាល់​​ធ្វើ​​អោយ​ពួក​គេ​កើត​ចំណង់» សុធាវី​ធ្វើ​ការ​​ពន្យល់​យ៉ាងស្រួល​។ គុម្ពោធ​ព្រៃ​គឺ​ជា​កន្លែង​រួម​ស្នេហ៍​របស់គាត់​។


ការស្រឡាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្តដោយអចេតនាពីរបបខ្មែរក្រហម
មានតែទំនាក់ទំនងតាមរយៈអាពាហ៍ពិពាហ៍ប៉ុណ្ណោះដែលត្រូវពួកខ្មែរក្រហម​ទទួលស្គាល់។ រាល់ទំនាក់ទំនងធ្វើឡើង​ក្រៅអាពាហ៍ពិពាហ៍ត្រូវសម្លាប់ចោល​ដោយមិនចាំបាច់វិនិច្ឆ័យ។ ប៉ុន្តែអ្នកស្រីភួង ថាន់ គូសបញ្ជាក់ថា «របបនេះ​បាន​​បង្កើតមជ្ឈដ្ឋាន​អនុគ្រោះមួយដល់​ទំនាក់ទំនងរបស់​បុរសស្រឡាញ់ភេទ​ដូចគ្នា»។ បុរស និងស្រ្តីត្រូវបានខ័ណ្ឌចែកនៅក្នុងជំរំផ្សេងគ្នា ហើយហាម​មិនអោយពួកគេទាក់ទងគ្នាទេ សូម្បីជួបគ្នាក៏មិនបានដែរ។ នរវិទូរូបនេះ​បន្ថែមទៀតថា៖ «ពួកខ្មែរក្រហមមានបំណងរៀបចំសង្គមកម្ពុជាឡើងវិញ តាមរយៈការបំផ្លាញកោសិកាគ្រួសារ និងតាមរយៈការបែង​ចែកមនុស្សតាម​ភេទ។ ជាលទ្ធផល មនុស្សជាច្រើន ជាពិសេសទាហាន​ក្មេងដែល​គេកេណ្ឌ​ទៅសមរភូមិ មានចំណង់ផ្លូវភេទយ៉ាងខ្លាំង ហើយក៏ត្រូវអូសទាញដោយ​ទំនាក់​ទំនងជាមួយបុរសផ្សេងទៀតនៅក្នុងជំរំ ដោយអង្គការមិនដឹង»។
ជាទូទៅ ការស្រឡាញ់ភេទដូចគ្នាកើតមានតែនឹងជាមួយពួកខ្មែរក្រហម និង​«ប្រជាជនវ័សចំណាស់ៗ» ដែលមានសេរីភាពច្រើន ក្នុងការងារ និងទទួល​បានការគោរពច្រើនជាង«ប្រជាជនថ្មី» (អ្នកមកពីទីក្រុង មានការជាប់ពាក់​ព័ន្ធនឹងរបបចាស់ ហើយត្រូវបានចាត់ទុកជាសត្រូវរបស់អង្គការ)។ សុថា ស្រ្តីស្រឡាញ់ភេទដូចគ្នានៅក្រុងភ្នំពេញ ដែលឈានចូលវ័យ៦០​ឆ្នាំឆាប់ៗ​ខាងមុខនេះ ក៏បានទាក់ទាញស្រ្តីខ្មែរក្រហមជាច្រើនដែរ។ ដោយសារមាន​ការការពារពីពួកគេ ទើបគាត់អាចរួចផុតពីការស្លាប់ជាច្រើនលើក។ សុថា​រម្លឹកការចងចាំឡើងវិញថា៖ «ប្រជាជនថ្មីរស់នៅក្នុងការភ័យខ្លាច ហើយមិន​ប្រថុយសេពគប់ជាមួយពួកខ្មែរក្រហមទេ។ ប៉ុន្តែ ពួកយើងជា«ប្រជាជនចាស់» យើងធ្វើអីតាមចិត្ត!»។ សុថាមិន​មែនមិនដឹងពីការ​ទាក់ទាញរបស់គាត់​ទៅ​លើ​មនុស្សភេទដូចគាត់ទេ ប៉ុន្តែគាត់មិនធ្លាប់ដែល​បានឮពីការ​ស្រឡាញ់ភេទ​ដូចគ្នាទេ នៅមុនសម័យខ្មែរក្រហម។
សុថារៀប​រាប់ថា៖ «ថ្ងៃមួយ ស្រ្តីម្នាក់នៅក្នុងភូមិដែលមាន​បងប្អូនធ្វើជា​កម្មាភិបាល​ខ្មែរក្រហមបានសុំអោយខ្ញុំរស់នៅជាមួយនាង ដោយលួចលាក់។ ដើម្បីកុំអោយមានបញ្ហា ខ្ញុំក៏យល់ព្រមឆ្លើយតបតាមការចង់បានរបស់នាង។ ខ្មែរក្រហមតូចៗនៅក្នុងភូមិមិនហ៊ានរិះគន់ពួកយើងទេ»។

នយោបាយចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍

នៅខែមីនា ឆ្នាំ១៩៧៧ អ្នកភូមិចំនួន២០០គូបានរៀបការនៅខេត្តតាកែវ។ សុធាវីគេចមិនផុតពីគោលនយោបាយនេះទេ។ គេបានរក​ប្រពន្ធម្នាក់​អោយ​គាត់ដែលត្រូវជ្រើសរើសដោយអង្គការ។ គាត់មិនអាចគេចចេញពីពិធីនេះទេ វានឹងធ្វើគាត់បាត់បង់ជីវិត។ ដោយគ្មានចាំយូរ ពេលយប់ចូលមកដល់ គាត់​សារភាពប្រាប់ប្រពន្ធគាត់ពីចំណូលចិត្តរបស់គាត់ទៅលើពួកបុរស។ គាត់និយាយ​ថា គាត់ចាត់ទុករូបនាងដូចប្អូនស្រីច្រើនជាង។ នាងហាក់​យល់ពី​បញ្ហានេះ ប៉ុន្តែនាងមិនបានលាក់បាំងពីការភ័យខ្លាចការសងសឹកនោះឡើយ។ ពួកឈ្លបខ្មែរក្រហមមានបេសកកម្មឃ្លាំមើលប្តីប្រពន្ធថ្មី ដោយ​ពួន​នៅក្រោម​បន្ទប់ពួកគេ ដើម្បីច្បាស់ថាពួកគេបាននៅជាមួយគ្នា។
សុធាវីនិយាយ​លម្អិតថា៖ «ដោយសារខ្ញុំមិនបានប៉ះពាល់ប្រពន្ធនៅយប់ទី១ ពួកឈ្លបបាននាំរឿងពួកយើងទៅប្រាប់ប្រធានឃុំ។ ប្រធានឃុំបានព្រមានថា បើខ្ញុំមិនប៉ះពាល់ប្រពន្ធខ្ញុំ ហើយមិនធ្វើអោយនាងមានកូនទេ ខ្ញុំនឹងត្រូវនាំ​ទៅ​កសាង បានន័យថាសម្លាប់ចោល។ ដូច្នេះ ខ្ញុំត្រូវសម្របតាម ហើយ​ប្រពន្ធខ្ញុំក៏មាន​កូន។ ពួកយើងមានកូនប្រុសម្នាក់»។ សុធាវីបាន​ចែកផ្លូវជាមួយ​ប្រពន្ធ​គាត់ក្រោយរបបខ្មែរក្រហម។ ក្រោយគាត់រៀបការ មន្ទិលសង្ស័យ និង​ពាក្យចចាមអារ៉ាមជុំវិញការស្រឡាញ់ភេទដូចគ្នារបស់គាត់ក៏ត្រូវបញ្ចប់។ ប៉ុន្តែ​សុធាវីមិនបានបោះបង់ចោលធម្មជាតិរបស់ខ្លួនឯងទេ។ គាត់បានបន្ត​ទាក់ទង​ប្រុសដោយសារចំណង់របស់គាត់ និងដោយសារភាពចាំបាច់ ដើម្បីបាន​ទទួលរបបអង្ករបន្ថែម។ វាជាល្បែងដ៏គ្រោះថ្នាក់មួយ។ នៅទីបំផុត គាត់ត្រូវ​គេចាប់បាន។ គាត់ក៏ត្រូវគេបញ្ជូនទៅមន្ទីរឃុំឃាំង។ គាត់ប្រហែល​ត្រូវអស់​ជីវិតនៅក្នុងគុកនោះប្រសិនបើប្រធានគុកឈ្មោះសន មិនបានការពារ​គាត់​ទេ​នោះ។ «គាត់ស្រឡាញ់ខ្ញុំចង់ឆ្កួត ហើយបានជួយ​ខ្ញុំគ្រប់ពេល​ដែល​ខ្ញុំត្រូវ​ជាប់ឃុំ។ នៅដំណាច់ឆ្នាំ១៩៧៨ ពួកយើងបានរត់គេច​ទៅដល់​ប្រទេស​វៀត​ណាម ប៉ុន្តែគាត់ត្រូវគេសម្លាប់នៅតាមផ្លូវ។ មកដល់ពេលនេះ ខ្ញុំនៅតែយំ​ដោយសារមរណភាពរបស់គាត់...» សុធាវីបង្ហើបអោយដឹងដូច្នេះ ហើយរង្វង់​ភ្នែក​ដ៏ស្រស់ស្អាតរបស់គាត់ក៏ស្រាប់តែពោរពេញទៅដោយទឹកភ្នែក។

ធ្វើសក្ខីកម្មប្រឆាំងនឹងពួកខ្មែរក្រហម និងដើម្បីអ្នកស្រឡាញ់ភេទដូចគ្នា
សុធាវីប្រកាសដោយការតាំងចិត្តថា៖ «ខ្ញុំចង់ធ្វើជា​សាក្សីនៅតុលាការ​អំពីការ​ឈឺចាប់នៅក្រោមរបបខ្មែរក្រហម អំពីការកាប់សម្លាប់ដ៏ឆ្កួតលីលានេះ និង​និយាយ​ពីដៃគូស្រឡាញ់ភេទ​ដូចគ្នារបស់ខ្ញុំដែល​ស្លាប់ដោយសារតែ​រឿង​ចំណង់​ផ្លូវភេទរបស់ពួកគេ»។ គាត់មិនខ្លាចទេពីក្រសែភ្នែករិះគន់ ឬមើលងាយ របស់​ជនរួមជាតិឯទៀតមកលើរូបគាត់ប្រសិនបើគាត់ធ្វើជាសាក្សីនោះទេ។ គាត់បាន​បំពេញ​បែបបទបណ្តឹងរួចហើយ។ «ចម្លើយសាក្សីរបស់ខ្ញុំអាច​ចូលរួមផ្លាស់ប្តូរ​ផ្នត់​គំនិត និងជួយអោយកម្ពុជាយល់ទទួល​ព្រមទទួល​យកអ្នក​ស្រឡាញ់ភេទ​ដូចគ្នាដោយបើកចំហ»។ ដោយនៅតែបន្ត​ធ្វើជាស្រ្តីរក​ស៊ីផ្លូវភេទ​នៅទីក្រុង​ភ្នំពេញ បើទោះជាអាយុគាត់ច្រើនហើយក្តី សុធាវីមិនមានខ្មាស់​អៀនក្នុង​ការ​បង្ហាញពីភាពខុសប្លែករបស់គាត់ទេ។ ការទទួលស្គាល់ថាខ្លួនឯងជាអ្វី គឺជា​ការ​តស៊ូមួយនៅក្នុងជីវិត។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-ជនរងគ្រោះខ្មែរក្រហមធ្វើអោយពាក្យបណ្តឹងរបស់ ពួកគេមានជីវិតឡើងវិញ ក្រោយរយៈពេល២៥ឆ្នាំកន្លងមក (១៨-០៦-២០០៨)
-បរាជ័យរបស់ពួកខ្មែរក្រហមក្នុងការដកឫសព្រះពុទ្ធ សាសនាពីសង្គមខ្មែរ (១១-០៦-២០០៨)
-តុលាការកាត់ទោសខ្មែរក្រហម 

នៅក្នុងភូមិដែលសុថាបានរស់នៅ ពួកខ្មែរក្រហមហាក់មិនសូវរករឿងចំពោះ​ករណី​ស្រឡាញ់ភេទដូចគ្នាទេ។ សុថាពន្យល់ថា៖ «ប្រសិនបើយើងធ្វើការធ្ងន់ ហើយល្អ យើង​អាច​ទទួលបានសេចក្តីទុកចិត្តពីពួកគេ»។ គាត់​បាន​រៀប​រាប់រឿងនិទាន​ខ្លីមួយដែល​ធ្វើអោយ​គាត់​អស់សំណើចរហូតមកដល់សព្វថ្ងៃ។ «ថ្ងៃ​មួយ គេបានប្រាប់រឿងខ្ញុំ​ទៅប្រធាន​សហករណ៍​ដែលខ្ញុំធ្វើការ ពីព្រោះខ្ញុំមាន​ទំនាក់​ទំនង​«អាក្រក់»។ ខ្ញុំត្រូវគេហៅសួរ​នៅមុខ​ក្រុម​ប្រជុំ។គេបានចោទប្រកាន់ខ្ញុំថា«អសីលធម៌»។ ចៅក្រមបានសួរខ្ញុំថាតើខ្ញុំប្រព្រឹត្តអំពើអសីល​ធម៌ជាមួយបុរសណា។ មានម្នាក់នៅក្នុង​កន្លែង​ប្រជុំបានលើកដៃឡើង ហើយប្រកាសថា ខ្ញុំ​ត្រូវរ៉ូវគ្នានឹងស្ត្រីម្នាក់។ ប្រធានខ្មែរក្រហម​មិន​ជឿនឹងត្រចៀកខ្លួនឯងទេ គាត់អស់សំណើច ហើយគាត់ប្រាប់ខ្ញុំថា : «ប្រសិនបើ​សមមិត្ត​អាចរស់នៅជាមួយស្រ្តីម្នាក់ ហើយអាច​មាន​កូន​ជាមួយ​នាង ខ្ញុំនឹងអោយ​សមមិត្តរៀប​ការ​ជាមួយ​នាង! ហើយខ្ញុំ​ក៏បាន​រួច​ខ្លួន​មក​វិញ.​..»។