αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:29 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
សាលាក្តីខ្មែរក្រហមនៅកម្ពុជាបង្កើតរឿងអាស្រូវ ថ្មីដ៏ធំមួយ
αžŠαŸ„αž™ ស្តេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
13-08-2008

Image 

 កំបូល ថ្ងៃទី២៤ តុលា ២០០៧ នំបុ័ងរសជាតិសូកូឡា សម្រាប់អ្នកចូលរួម

សិក្ខាសាលា ផ្តោតលើសហចៅក្រមស៊ើបអង្កេត និងដើមបណ្តឹងរដ្ឋប្បវេណី

© ចន វីង / Magnum

តុលាការ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ដើម្បីកាត់​ទោស​អតីត​​មេដឹក​នាំ​​​ខ្មែរក្រហម​ ​ត្រូវ​បាន​ប្រឡាក់​ប្រឡូក​​សារ​ជាថ្មី​ម្តង​ទៀត​ដោយទឡ្ហីករណ៍​​នៃ​រឿង​សំណូក ដែល​កើត​មាន​​លើ​បុគ្គលិក​​​​​​ជន​​ជាតិ​ខ្មែរ។ ការ​ចោទប្រកាន់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​មន្ត្រី​​​ជនជាតិ​ខ្មែរ​នៃ​​​​​​​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)។ ការ​ចោទប្រកាន់​បែប​នេះកើត​មាន​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ពោលគឺ​រយៈពេល​១ឆ្នាំ​បន្ទាប់​ពី​ការ​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​មន្ត្រីតុលាការ​ខ្មែរ និង​បរទេស​របស់​  អ.វ.ត.ក​។ ការ​ស៊ើប​អង្កេតក៏​ត្រូវ​បាន​បើក​ធ្វើឡើង​ពី​ទីក្រុង​ញូវយ៉ក​ ដោយ​គណៈ​កម្មាធិការ​មួយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ជាអ្នក​ផ្តល់​ហិរញ្ញវត្ថុ និង​គ្រប់​គ្រង​តុលាការ​​កូន​កាត់​​នេះ​​ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

 

ការ​ផ្អាកបើក​ប្រាក់​ខែ​តាមរយៈ UNDP
កិច្ចពិភាក្សា​ពី​ការ​ដំឡើង​មូលនិធិរបស់​ប្រទេស​ម្ចាស់​ជំនួយ​នៅ​កំពុង​បន្ត​ ចាប់​តាំង​ពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ខែ​មិថុនា នៅ​ទីក្រុង​ញូវយ៉ក តាម​ការ​អំពាវនាវ​អោយ​ផ្តល់​ថវិកា​អោយ​បាន​ច្រើន​ដែលធ្វើ​ឡើង​សាលាក្តី​ខ្មែរក្រហម​នៅ​ខែ​មីនា។ ថវិការបស់​សាលាក្តី​ខ្មែរក្រហម​ត្រូវ​​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់ថា​មាន​ការ​កើន​ឡើង​ខ្ពស់​។ ពុំ​មាន​ការ​សន្យា​ផ្ត​ល់​ជំនួយថ្មី​​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ឡើយ ប៉ុន្តែ​បែរ​ជា​មាន​ការ​ប្រកាស​កាល​ពី​សប្តាហ៍​មុន​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អំពីការ​ផ្អាក​ផ្ទេរ​មូល​និធិ​ពីសំណាក់​​ម្ចាស់​ជំនួយ​បរទេស​ដល់​តុលាការ​នេះ​ទៅវិញ បន្ទាប់​ពី​ពួកគេ​បាន​​ទទួល​ទឡ្ហីករណ៍ថ្មី​ពីរឿងស៊ី​សំណូក​​​នៅ​ចុង​ខែ​មិថុនា។ យោង​តាម​ទឡ្ហីករណ៍​ទាំងនេះ ការ​ជ្រើស​​រើស​បុគ្គលិកមួយ​ចំនួន​ ឬ/និង​ការ​បន្ត​កិច្ចសន្យា​ការងារ​រយៈពេល​កំណត់ គឺ​មាន​លក្ខខណ្ឌ​ប្តូរ​នឹង​ប្រាក់​បៀវត្សរ៍​មួយ​ខែ។

សម្រាប់​លោក​ភីធឺ ហ្វូស្ទ័រ អ្នក​នាំពាក្យ​របស់​  អ.វ.ត.ក​ រឿង​​ថ្មីនេះ​មិន​មែន​ដើម្បី​បក​ស្រាយ​​ពី​ការ​យឺតយ៉ាវ​នៃការ​បើក​​​ប្រាក់​ខែ​បុគ្គលិក​ជនជាតិ​ខ្មែរនៅ​  អ.វ.ត.ក ចំនួន​២៥០​នាក់​ ដែល​មាន​ទឹក​ប្រាក់​សរុប​ឡើង​ដល់ជាង​៣០​ម៉ឺន​ដុល្លារ​នោះទេ។ «យើង​យក​លុយ​ដែល​ប្រទេស​ជប៉ុន​ផ្តល់​សម្រាប់​​​​ភាគី​កម្ពុជា​ក្នុង​​សាលាក្តី ដើម្បី​បើក​បៀវត្សរ៍​ ខែ​កក្កដា។ [ដោយសារ​  អ.វ.ត.ក មានក្បាល​ម៉ាស៊ីន​ដឹក​នាំ​ពីរ​​ ដូច្នេះ​តុលាការ​នេះ​ក៏​មាន​កញ្ចប់​ថវិកា​​ពីរ​ចែក​ដាច់​ពីគ្នា​ដែរ ពោល​គឺ​កញ្ចប់​ថវិកាមួយ​ទទួល​ខុស​ត្រូវ​​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​មួយ​ទៀត​ដោយ​អង្គការ​សហប្រជាជាតិ]។ នៅពេល​ថវិកា​ទម្លាក់​មក ពួក​គេ​នឹង​បើក​ប្រាក់​ខែ​ភ្លាម វា​យឺត​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ»។ លោក​បន្ថែម​ទៀតថា ជាមួយ​នឹង​​ទឹក​ប្រាក់​​៣លានដុល្លារ​ ដែលប្រទេស​ជប៉ុន​​សន្យា​ជួយ​​ ភាគី​កម្ពុជា​អាច​ដំណើរ​ការ​បាន​«១០​ខែ​»​ទៀត​។

ទឡ្ហីករណ៍ពី​អំពើ​ពុករលួយកំពុង​ត្រូវ​​ត្រួតពិនិត្យ​
ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ស្តី​ពី​អំពើ​ពុករលួយ​វិញ អ្នក​នាំពាក្យ​រូបនេះបាន​ពន្យល់ថា «គេ​កំពុង​តាម​ដាន​និង​​​ត្រូត​ពិនិត្យបញ្ហា​នេះ​​នៅ​ទីក្រុង​ញូវយ៉ក ហើយ​ប្រសិន​បើ​គេ​រក​ឃើញ​​​ភស្តុតាង​មែន នោះ​សេចក្តី​ប្រកាសផ្សេង​ៗ​​នឹង​ត្រូវ​ធ្វើ​ឡើង»។ «ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​​ ការងារ​របស់​តុលាការ​មិន​​មាន​ដំណើរ​​ការ​​យឺត​យ៉ាវ​ឡើយ​»។ លោក​ភីធឺ ហ្វូស្ទ័រ​ បន្ថែម​ទៀត​ថា ភស្តុតាង​ជាក់​ស្តែង​គឺ​«ដីកា​ស្ថាពរ​របស់​សហចៅក្រម​ស៊ើប​អង្កេត​ក្នុងការ​បញ្ជូន​ខ្លួន​ឌុច [អតីត​ប្រធាន​​មន្ទីរ​ឃុំ​ឃាំង​ស២១] អោយ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​​សាលា​ដំបូង​​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃអង្គារ​ ទី​១២ ខែ​សីហា។ នេះ​បាន​ន័យ​ថា​ថ្ងៃ​បើក​សវនាការ​​​ដំបូង​គេ​នៅ​  អ.វ.ត.ក នឹង​ត្រូវ​ប្រកាស​នា​ពេល​ក្រោយ គឺ​គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​កញ្ញា-តុលា។

ការ​ចាកចេញ​ភ្លាមៗ​របស់​ប្រធាន​បុគ្គលិក...
តើ​នេះគឺ​ជា​ការគាប់ចួន​ឬ? លោក​កែវ ធីវុទ្ធ ប្រធានបុគ្គលិកខ្មែរ​នៅ​  អ.វ.ត.ក ទើប​តែ​ត្រូវ​កោះ​ហៅ​​មក​កាន់​​​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ត្រូវ​បាន​ដក​តំណែង​នៅ​តុលាការ​។ មនុស្ស​​​មួយ​​ចំនួន​មើល​ឃើញ​ថានេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​មួយ ជា​វិធី​សាស្ត្រមួយ​ដើម្បីរំងាប់​ការ​តវ៉ា។ លោក​ឆាំង​ យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​វិនិច្ឆ័យ​ថា​ ប្រសិន​បើពិត​ជា​ដូច្នេះ​មែន វិធានការនេះ​គឺ​«មិន​គ្រប់​គ្រាន់​ទេ»។ លោក​បាន​​រៀប​ចំ​បណ្ណសារ​ និងចង​ក្រង​​ឯកសារ​ស្តី​ពី​របប​ខ្មែរក្រហម​រយៈពេល​១១​ឆ្នាំ​មក​ហើយ។ លោក​សម្តែង​ការ​ខឹង​សម្បាថា៖ «គេ​ត្រូវ​ពិនិត្យ​មើល​គ្រប់​ប្រព័ន្ធ​ជ្រើ​សរើស​បុគ្គលិក​ និង​បញ្ចប់​​ការស៊ីសំណូកសូក​ប៉ាន់​​។ បញ្ហា​នេះមិន​មែនជា​បញ្ហា​​ថ្មីទេ ហើយ​ត្រូវ​ដោះ​ស្រាយ​អោយ​ឆាប់​​។ វា​ផ្តល់​រូបភាព​មិន​ល្អ​ដល់​តុលាការ ហើយ​ជះឥទ្ធិពល​លើ​នីតិវិធី​ទាំងឡាយ។ បុគ្គលិក​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ធម្មតា ហើយ​មិន​ចាំ​បាច់​ផ្ទេរ​លុយ​មួយ​ចំណែក​នៃ​ប្រាក់​ខែ​របស់​ខ្លួន​ទេ វា​ជារឿងអយុត្តិធម៌ ហើយ​ជា​ការ​បោក​ប្រាស់​ជន​រងគ្រោះ!»។

ជនជាតិខ្មែរ​ចេះ​ភាសា​អង់គ្លេស​ម្នាក់​ រៀប​រាប់​ដោយ​សុំមិន​បញ្ចេញ​ឈ្មោះថា ខ្លួន​បាន​ចូល​ក្បែរ​  អ.វ.ត.ក​ ដើម្បី​ដាក់​ពាក្យ​ធ្វើ​ជាអ្នក​បក​ប្រែ​ កាល​ពី​នៅ​ខែ​មិថុនាមុន។ «គេ​បាន​ពន្យល់​ប្រាប់​ខ្ញុំនៅ​ការិយាល័យ​បុគ្គលិក​​ថាត្រូវ​អនុវត្ត​«ច្បាប់​​នៅ​ក្នុង​វត្ត» គឺ​បានន័យថា ប្រសិន​បើ​ខ្ញុំ​ជាប់ ខ្ញុំ​ត្រូវ​អោយ​ប្រាក់​ខែ​ដំបូង​របស់ខ្ញុំ​ទាំងអស់​ទៅ​ពួកគេ។ រឿង​នេះ​មិន​បាន​​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​អំពើ​ពុក​រលួយ​រីករាលដាល​យ៉ាង​​ទូលំទូលាយ​នៅ​កម្ពុជា​...»។

ប្រធាន​អង្គការ​ក្រុម​​អ្នកច្បាប់​​ការពារសិទ្ធិ​​កម្ពុជា(CDP) ​ដែល​មាន​មេធាវីចូល​រួម​ក្នុង​​ភាគី​ដើមបណ្តឹងរដ្ឋប្បវេណីនៅ​  អ.វ.ត.ក រង់ចាំ​ការ​ធ្វើ​អធិការកិច្ច​បច្ចុប្បន្ន​​លើ​​ទឡ្ហីករណ៍​ថ្មីៗ​ជុំវិញ​​​អំពើ​ពុក​រលួយ​ ដើម្បី​ធ្វើ​ការបំភ្លឺបញ្ហា​អោយ​បាន​ច្បាស់​។ លោក​បន្ថែម​ថា «ប្រសិន​បើ​ការ​ប្រព្រឹត្តិគៃ​បន្លំ​ត្រូវ​បាន​រក​ឃើញមែន នោះអ្នក​ប្រព្រឹត្ត​​ត្រូវ​​តែ​វែក​រក​អត្តសញ្ញាណ​អោយ​ឃើញ​ បើ​មិន​ដូច្នោះទេ ម្ចាស់​ជំនួយ​នឹង​​អស់​ទំនុក​ចិត្ត​​»​លើតុលាការ​មួយ​នេះ​។

ការចោទប្រកាន់​ដែល​ពិបាកនឹង​រកភស្តុតាង
លោក​អ៊ីសាម មូសារ៍ អ្នក​ទទួលខុសត្រូវ​ក្នុងការ​តាម​ដាន​មើល​ អ.វ.ត.ក របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ទទួល​ស្គាល់ថា « ​គ្មានឯកសារ​ជា​ភស្តុតាង​នោះ​​ទេ។​ មនុស្ស​មួយ​ចំនួន​របស់​  អ.វ.ត.ក លើក​ឡើង​ពី​ការ​ប្រព្រឹត្តិ​ទាំង​នេះ អ្នក​ផ្សេង​ទៀត​និយាយថា​មិន​ដែល​បាន​សង្កេត​ឃើញ​... នៅពេល​ដែល​មាន​មនុស្ស​ប៉ុន្មាន​នាក់​អនុវត្ត​អំពើ​ពុករលួយ​ ទោះ​យ៉ាងណា​ ក៏​​ជាគ្រោះ​ថ្នាក់​​ដែរ​។​ ដោយសារ​ថា​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ខាង​ភាគី​កម្ពុជា​​នៅ​មិន​ច្បាស់​លាស់​​ វា​លំបាក​នឹង​ជួយ​រដ្ឋបាល​កម្ពុជា​នៅ​សាលាក្តី​​ នៅពេល​ដែល​គេ​ខ្លួនឯង​​ប្រកាស​​ថា​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​នោះ»។

ប៉ុន្តែ​លោក​សារភាព​ថា នៅពេល​ទឡ្ហីករណ៍​ទាំងនេះបានលេច​លឺ​ឡើង​ អង្គការ​របស់​លោក​មិន​ភ្ញាក់​ផ្អើល​ឡើយ​ ពីព្រោះ​«គ្រប់​ស្ថាប័ន​កម្ពុជា​ទាំងអស់​តែង​មាន​ការ​ប្រព្រឹត្តិ​បែប​នេះ​ជាទូទៅ ដូច​ឈ្មោះ​របស់​តុលាការ​​នេះ​បាន​បញ្ជាក់​ស្រាប់ នេះ​​ជា អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ “ក្នុងតុលាការ​កម្ពុជា”…»។

ក្លាយ​ជា​ជន​រងគ្រោះពីរជាន់
លោក​អ៊ីសាម មូសារ៍ បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​ករណី​ដ៏​ជាក់លាក់​នេះ​ បញ្ហា​ដែល​កើត​មានឡើង​នោះ​​គឺ​​ ​លោក​អ្នក​មាន​ជនរ​ងគ្រោះ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ទទួល​បាន​​ជំនួយ​ការ​ពារ​ក្តី​​ពី​មេធាវីធ្វើការដោយ​ស្ម័គ្រ​ចិត្ត​ ប៉ុន្តែ​ពួកគេ​មិន​អាចជួប​ជាមួយ​មេធាវី​ទាំង​នោះឡើយ​​ ពីព្រោះ​ពួកគេ​គ្មាន​មធ្យោបាយ ហើយ​មិន​បាន​ទទួល​ជំនួយ​ណាមួយ​ពី​សាលាក្តី​​»។ បញ្ហា​នេះ​តែង​តែ​ត្រូវ​លើក​ឡើង​សំខាន់​ជាងគេ​ពីសំណាក់​ជន​រងគ្រោះ និង​អង្គការ​នានា​ដែល​គាំទ្រ​ពួកគេ។

កាល​ពី​១​ខែ​មុន ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៥​​បាន​ដាក់​ញ្ញត្តិ​មួ​យទៅកាន់​  អ.វ.ត.ក​​។ នៅ​ក្នុង​ញ្ញត្តិ​នោះ ពួកគេ​ប្រកាស​ថានឹង​ដក​ពាក្យ​បណ្តឹង​វិញ​ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​សម្រាប់​កង្វះ​មធ្យោបាយ​របស់​ពួកគេ​ទេនោះ។លោក​អ៊ីសាម មូសារ៍ បាន​រៀប​រាប់​ទាំង​ខកចិត្ត​ថា​ លោក​ស៊ាន វិសុទ្ធ ប្រធាន​ការិយា​ល័យ​​រដ្ឋបាល​កម្ពុជា​នៃ​​ អ.វ.ត.ក «បាន​ឆ្លើយ​តប​ពួក​គេ​​វិញ​ កាល​ពីសប្តាហ៍​មុន​ថា តុលាការ​គ្មាន​ប្រាក់​ផ្តល់​អោយ​ពួកគេ​ដើម្បី​​ចំណាយ​លើ​​ថ្លៃ​មេធាវី​នោះ​ទេ ហើយ​បាន​ណែនាំ​ពួកគេ​អោយ​ទៅ​រក​ជំនួយ​ពី​សង្គម​​ស៊ីវិល»។ ។

តាមគំនិត​របស់​​លោក ទឡ្ហីករណ៍​ទាក់ទង​នឹង​អំពើ​​ពុក​រលួយនេះ​មិនត្រឹម​តែ​បាន​​ចោទ​ជា​បញ្ហា​​ទៅ​លើ​ភាព​​ស្រប​ច្បាប់​របស់​តុលាការដែល​មាន​លក្ខណៈ​​​ស្តង់ដារ​អន្តរជាតិប៉ុណ្ណោះ​នោះទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់​​សតិអារម្មណ៍​របស់​ជន​រង​គ្រោះ​​​ផងដែរ ព្រោះ​ពួកគេ​មិន​អាចទាម​ទារ​សំណង​ខូច​ខាត​ផ្ទាល់ខ្លួន​របស់​ពួក​គេ​​បាន​​​​។ «គេ​សង្ស័យ​ប្រាកដ​ណាស់​ថា ករណី​ទាំង​អស់​នេះ​មាន​ឥទ្ធិពល​លើ​ការ​ចូលរួម​របស់ជន​រងគ្រោះ​នៅ​ខែ​ខាងមុខៗ ប្រសិន​បើ​គ្មាន​ចម្លើយ​ណាមួយ​តប​នឹង​តម្រូវការ​របស់​ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណីទេនោះ»។ អ្នក​តំណាង​របស់​អង្គការ​អាដហុក​និយាយថា​លោក​រង់​ចាំយ៉ាង​ហោច​ណាស់​នូវកាយវិការ​មួយ​របស់​​តុលាការ ដែល​បច្ចុប្បន្ន​លោក​មើល​ឃើញថាមានភាព​ទន់​ខ្សោយ​។ លោក​រម្លឹកថា រហូត​មក​ដល់​ពេលនេះ អង្គភាពគាំពារការការពារ​ជន​​​រងគ្រោះ​របស់​  អ.វ.ត.ក មិន​ទាន់​មាន​ថវិកា​ទេ។

ប្រវត្តិសាស្រ្តកើត​ឡើង​ច្រំ​ដែល​
អង្គការ​ឃ្លាំ​មើល​ដំណើរការ​របស់​សាលាក្តីខ្មែរក្រហម​ ឈ្មោះ​Open Society Justice Initiative គឺ​ជាអ្នក​ទី​១​ដែល​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន។ នៅឆ្នាំ​២០០៧ អង្គការ​នេះ​បាន​បរិហារ​ពី​ការបង្ខំទារយក​​​​​ប្រាក់ខែដំបូង​ ​​នៅ​ពេល​​​ជ្រើស​រើស​បុគ្គលិក​។

ប៉ុន្តែ នៅ​ថ្ងៃ​២៥ មេសា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ការ​​​ឯករាជ្យ​ពីរ​រូប ​តាម​សំណើ​របស់គម្រោង​​​« Project Board » ដែល​ជា​ក្រុម​ចម្រុះ​​ចូល​រួម​ដោយ​សមាជិក​របស់​ UNDP គណៈកម្មការអឺរ៉ុប និង​  អ.វ.ត.ក។ ការ​ស៊ើប​អង្កេត​នេះ​បាន​សន្និដ្ឋាន​ថា «ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ជាធរមាននៃ​​​ភាគី​​កម្ពុជាក្នុង​​ អ.វ.ត.ក មាន​ភាព​រឹង​មាំ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការជំនះ​​ការ​លំបាក​នានា​នៅ​ដំណាក់​ការ​លើក​ក្រោយ​​នៃ​ប្រតិបត្តិការ​»...។ ដូច្នេះ ការ​ធ្វើ​អធិការកិច្ច​នេះ​​បានធ្វើ​អោយ​  អ.វ.ត.ក រួច​ផុត​ពីការ​ចោទ​ប្រកាន់​ទាំង​ឡាយ ហើយ​​តុលាការ​នេះ​បាន​សរសេរ​នៅ​លើ​វិប​សាយ​របស់ខ្លួន​ថា : «  អ.វ.ត.ក​ ឆ្លង​ផុត​ការ​ធ្វើ​តេស្ត​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​»។ ទំនុក​ចិត្ត​ក៏ត្រូវ​បាន​ស្តារឡើងវិញ ប៉ុន្តែមិន​បាន​ប៉ុន្មាន​ខែ​ស្រួល​បួល​ផង ​ពេលនេះ​ការ​រំជើប​រំជួល​ក៏​កើត​មានសារ​​ជាថ្មី​ម្តង​ទៀត។