Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:10 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ជនរងគ្រោះខ្មែរក្រហមធ្វើអោយពាក្យបណ្តឹងរបស់ ពួកគេមានជីវិតឡើងវិញ ក្រោយរយៈពេល២៥ឆ្នាំកន្លងមក
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
18-06-2008

Youjk Chhang - DC-Cam - Cambodge - ictimes Khmers rouges © John Vink / Magnum

© ចន វីង / Magnum

 

នៅ​ឆ្នាំ​១៩៨៣​ ប្រជាជន​ជាង​មួយលាន​នាក់​ បានរៀប​រាប់​នូវ​កំហឹង​របស់​ខ្លួន​ដែលបាន​ជួប​​ប្រទះ​​​ជារៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដូចជា​ការ​ដក​ហូត​ ការ​ទទួល​រង​នូវ​ការ​​ឈឺ​ចុក ចាប់ និង​ការ​បាត់​បង់ជាដើម។ កាល​នោះ​ ជន​រង​គ្រោះ​ទាំងនោះ​គឺ​ជា​សាក្សី​ដ៏​សំខាន់​​​មួយ​​​នៅ​ក្នុង​ញត្តិថ្នាក់​​ជាតិមួយ​ ដែល​គេ​ត្រូវ​​​បញ្ជូន​ទៅកាន់​ការិយាល័យ​អង្គការ​សហ​ប្រជា ជាតិ ។​ រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ប្រទេស​វៀត​ណាម​ បាន​រៀបចំញត្តិ​​​មួយនេះ​​ ដើម្បី​ស្នើ​សុំ​អោយសហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​​របប​​គ្រប់គ្រង​ថ្មីនៅកម្ពុជា ព្រោះ​ថា​​​អង្គការ​សហប្រជាជាតិ​បាននៅ​​​បន្ត​ទទួល​​ស្គាល់​​ភាព​ស្រប​​ច្បាប់​​របស់​រដ្ឋាភិបាលនិរទេស​​​ខ្មែរក្រហម​​។ ប៉ុន្តែ ឯកសារ​ទាំងនេះ​ត្រូវ​បាន​​​តម្កល់​ទុក​​​នៅ​ទីក្រុង​ភ្នំពេញដោយ​មិនបានយក​ទៅ​ប្រើប្រាស់​អ្វី​ទាំង​អស់​ រហូតដល់​ឆ្នាំ​១៩៩៧ ​​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល​​​​ឯក​​សារ​ទាំងនេះ​មួយ​ផ្នែក​ ។ មជ្ឈមណ្ឌល​​បាន​ប្រមូល​ផ្តុំ​បណ្ណសា​រ​សំខាន់​ៗ​ ដែល​និយាយ​ទាក់​ទង​នឹង​​​​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បាន​សម្រេច​ចិត្ត​ស្វែងរក​អ្នក​ដែល​នៅរស់​រាន​មានជីវិត​ទាំង​នេះ​​។

 

ឯកសារ​ដែលតុលាការ​មិនអាច​ទទួល​យកបាន​
«គណៈកម្មការ​ដើម្បី​ស្វែងរក​ការពិត​» គឺជា​​ឈ្មោះ​​​​នៃ​បេសកកម្ម​ដែល​រៀ​បចំ​ដោយមជ្ឈ​មណ្ឌល​​​ឯកសារ​កម្ពុជា។ រយៈពេល​២៥ឆ្នាំកន្លង​ផុត​ទៅ​  នេះ​គឺជា​ពេល​វេលា​​​មួយ​ក្នុង​ការ​ស្វែង​​រ​ក​​​សាក្សី​​​ដែល​បាន​ដាក់​​ពាក្យ​បណ្តឹង​​នៅក្នុង​របប​កម្ពុជា​មួយ ដែលដឹកនាំ​ដោយ​ប្រទេស​វៀតណាម ដើម្បី​ដាក់​ពាក្យ​បណ្តឹង​សា​រ​ជាថ្មី​​​​​។ សាក្សី​មួយ​រូប​​​ក្នុង​ចំណោម​សាក្សី​ទាំង​​​នោះ បាន​រម្លឹក​ថា​ មេដឹកនាំ​របស់​ពួកគេ​​​បាន​លើកទឹក​ចិត្ត​ប្រជាពលរដ្ឋ​អោយ​​រិះ​គន់​​​​យ៉ាង​​​​ចាស់ដៃ​ទៅ​លើ​​ «អ្នក​ប៉ុល ពត​និយម» ព្រមទាំង​​​ពួក​​«ចក្រពត្តិ​អាមេរិក» រឺ «​ចិន​វាតទី​និយម​​»។​ លើស​ពីនេះ គេមិន​ត្រូវ​បំភ្លេច​គុណូបការៈ​របស់​ប្រទេស​វៀតណាម​ «ដែល​បានជួយ​​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​គ្រប់​គ្រង​ដ៏ព្រៃផ្សៃ​របស់​ពួក​ខ្មែរក្រហម»។

លោក ជី ធីរិទ្ធិ​ អ្នក​ទទួល​ខុស​ត្រូវ​គម្រោង​ ដែល​ចាប់​ផ្តើម​កាលពីដើម​ឆ្នាំ​នេះ បាន​ពន្យល់​ថា​«ឯក​សារ​​សម័យ​កាល​នោះ មាន​លក្ខណៈ​នយោបាយ​យ៉ាង​ខ្លាំង ហើយ​មជ្ឈមណ្ឌល​ឯក​សារ​​​​ក​ម្ពុជា​ប្រាថ្នា​ចង់​ទទួល​បាន​នូវប្រវត្តិរបស់​សាក្សី​ទាំង​នោះ​ម្តង​ទៀត និង​ចង់​ស្តាប់​លឺ​សម្លេង​​​របស់​ពួ​កគេ​ដោយផ្ទាល់។​ មជ្ឈមណ្ឌល​ក៏ជួយ​ដល់អ្នកដែលមាន​បំណង​​​ដាក់​ពាក្យ​​បណ្តឹង​ផងដែរ​​ ដែលម្តង​នេះឯកសារ​នឹង​អាច​ទទួល​យកបាន​នៅ​ចំពោះមុខ​តុលាការ​​នៃ​អង្គ​ជំនុំ​​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​»។

ដាក់​ពាក្យ​បណ្តឹង​សារ​ជាថ្មី​
នៅខេត្ត​ពោធិសាត់ ក្រុមការងារ​របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ចុះ​ទៅកាន់​ភូមិខ្សាច់​ល្អិត។ ប្រធាន​ភូមិ​បាន​អញ្ជើញ​ប្រជាជន​​ផ្ទះរបស់គាត់​។ អ្នកភូមិ​ទាំង​នោះ​មិន​បាន​ដឹង​ពី​កិច្ច​ប្រជុំ​​នេះទេ និង​ពួកគេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ ខណៈ​ពេលឃើញ​ ​​ប្រធាន​​ក្រុមការងារ​របស់​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​មាន​វត្តមាន​នៅទីនោះ និង​​បានពន្យល់​ពួក​គាត់​ពីគោល​បំណង​​។ «កាល​ពីមុន អ្នក​ទាំង​អស់គ្នា​​​ធ្លាប់​បាន​ចុះ​ហត្ថ​លេខា​ រឺ​ផ្តិត​មេដៃ​គាំទ្រ​លើ​ញត្តិមួយ​នេះ​​ ដើម្បី​បង្ហាញ​អោយគេ​បាន​​ដឹងលឺ​​ពីការ​រង​គ្រោះ​របស់​អ្នកទាំងអស់​គ្នា​​​នៅ​សម័យខ្មែរ​ក្រហម និង​ដើម្បី​បរិហារ​ពីសកម្ម​ភាពដ៏​​ព្រៃផ្សៃ​និង​បង្ខិត​បង្ខំ​​របស់​ថ្នាក់​​ដឹកនាំ​របប​នេះ។ ប៉ុន្តែ មិនមានអ្នក​ណា​បាន​ដឹង​លឺ​ពី​ការទាម​ទារ​របស់​លោក​អ្នក​​​ទេ​ ព្រោះ​ថា​ញត្តិ​នេះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល ដោយត្រូវ​​រក្សា​ទុក​នៅ​ការិយាល័យ​រណសិរ្ស​រួប​រួមជាតិដើម្បី​កម្ពុជា​។ នៅ​ពេល​​​នេះ យើង​ចង់ជួយ​​អ្នក​ទាំង​អស់​គ្នា​ រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​​ពិត​ប្រាកដ​​ថ្មី​មួយ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ​នៅក្នុង​តុលាការ​អន្តរជាតិ​មួយ​ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​​ទាំង​នោះ»។

រម្លឹក​នូវការ​ចង​ចាំពីមុនៗ
បុគ្គលិក​​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​បានប្រកាស​ឈ្មោះ​នៅក្នុង​បញ្ជីមួយ ដែល​គាត់​កាន់​នៅ​នឹង​ដៃ។ អតីត​អ្នកផ្តិត​មេដៃ​លើញត្តិ​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​ពួកគេ​បាន​លឺ​ឈ្មោះ​របស់ខ្លួន​។​ ពួកគេ​បាន​ភ្លេច​រឿង​នេះ​បាត់ទៅហើយ។ ស្រ្តី​ម្នាក់ ដែលកំពុង​ទំពាម្លូនៅនឹង​មាត់​ បាន​លាន់មាត់​ថា «សព្វថ្ងៃនេះ យើង​រស់នៅ​យ៉ាង​ស្រណុក​​​ស្រួល​ជាងសម័យ​កាល​មុន​។ ពេលវេលា​នៃអតីតកាល​ដ៏សែន​ឈឺចាប់​​បាន​កន្លង​ហួស​បាត់​ទៅហើយ។»


ផ្ទុយ​​ទៅវិញ អ្នកស្រី ឈឹម ចាន់​ស៊ី គិត​ថា​ពេលវេលា​ទាំង​នោះ​ហាក់​បីដូច​ជា​ទើប​​តែនឹង​​កើត​ឡើង​កាលពី​ម្សិល​មិញ​នេះ​អញ្ជឹង​។ ព្រឹត្តិការណ៍​ដ៏​សាហាវ​យង់​ឃ្នង​ទាំងអស់​នោះ ស្ថិតនៅ​ក្នុង​ខួរ​ក្បាល​របស់គាត់​​​ជានិច្ច។ អ្នកស្រី​បានពន្យល់​ថា​«មនុស្ស​របស់​​គណៈកម្មាធិការ​ស្រាវ​ជ្រាវ​​ធ្លាប់បានចុះមក​កាន់ភូមិ​របស់​ពួកយើង។ ពួកគេ​បាន​ស្នើ​សុំ​អោយយើង​ចូលរួមគាំ​ទ្រ​លើ​​​​ញត្តិមួយ។ កាលនោះ យើង​មិនមាន​ការ​រុញ​រា​ឡើយ យើង​​យល់​ព្រម​​​ចុះហត្ថលេខា​គាំ​ទ្រ​​​ភ្លាម​ៗ ពីព្រោះ​​ យើង​​បាន​ទទួល​រង​នូវការ​ឈឺចុក​ចាប់​ នៅ​សម័យ​ខ្មែរ​ក្រហម​​ពិត​ប្រាកដ​មែន​។ នៅ​​​ក្រោយ​ការ​ដួល​រលំ​របបនេះ​ ភូមិ​របស់យើងនៅ​តែ​បន្ត​​​​ទទួល​រងនូវ​ការ​​វាយ​ប្រហារ​​​ពីសំណាក់​ក្រុម​ឧទ្ទាម​ខ្មែរក្រហម។ ជាការ​ពិតណាស់ យើង​ភិត​ភ័យ​ខ្លាច​ក្រែង​មាន​ការ​​សង​សឹក​ ប៉ុន្តែ ការ​ស្អប់​និង​កំហឹង​របស់យើង​បានធ្វើអោយយើង​បាត់​បង់​ការ​ភ័យខ្លាច​ទាំង​​នោះ។ យើងចង់​​​ឃើញ​​ ​ពួក​គេ​ត្រូវ​បានទទួលការ​​​កាត់ទោស​»។

ការ​មិនសប្បាយចិត្ត​នៅពេល​ដែល​ការ​តវ៉ា​មិនត្រូវ​បាន​គេ​អើពើ​
លោក ជុំ ស៊ីវ៉ាន់ ក៏មិន​បាន​ភ្លេច​ពីរឿង​នេះដែរ​​។  គាត់​បាន​បាត់​បង់​បង​ប្រុស​ម្នាក់​របស់​គាត់ «ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​ឃោរឃៅ​ជាទីបំផុត»។ លោក​គឺជា​សាក្សីនៃ​ហេតុការណ៍​ដ៏​សាហាវ​​យង់​ឃ្នង​​​ជាច្រើនដែល​បាន​កើត​មានឡើងនៅសម័យ​កាល​នោះ​​​។ ​គាត់ចង់អោយ​គ្រប់​គ្នា​ផ្តល់សក្ខីកម្មអំពីរឿង​រ៉ាវ​នេះ​​។ បុរស​វ័យ​៥០ឆ្នាំ​ផ្លាយ​រូបនេះ​បាន​រៀប​រាប់​ថា «គេ​បាន​និយាយ​​ប្រាប់យើង​ថា ញត្តិ​នេះ​អាច​ជា​ពាក្យ​បណ្តឹង​​រួមមួយ ប្រឆាំង​នឹង​ប៉ុល ពត​ អៀង​ សារី និង​ខៀវ សំផន។ ខ្ញុំ​នៅរង់ចាំមើល​។ ជា​លទ្ធផល​ យើង​មិនដែល​បាន​ទទួល​ព័ត៌មាន​ណា​មួយ​​ទាក់ទង​នឹង​គំនិតផ្តួច​ផ្តើម​នេះឡើយ។ គ្មាន​​ការ​​វិនិច្ឆ័យទោស​នោះទេ ព្រោះថា​គេ​បាន​ដោះ​​លែង​​មេដឹកនាំ​ទាំង​នោះអោយ​រស់នៅ​យ៉ាង​មាន​សេរីភាព​​។ ខ្ញុំ​ខូច​ចិត្ត​យ៉ាង​ខ្លាំង​»។ ជា​ចុង​ក្រោយ គាត់​ ក៏​ដូចជា​អ្នកភូមិ​ផ្សេង​ៗទៀត​ក៏​បាន​បំភ្លេច​នូវ​ការ​រង់​ចាំ​​ដែលគាត់​គិត​ថា​​បោក​​ប្រាស់​នោះ​។​


លោក​ ជុំ ស៊ីវ៉ាន់ ​មាន​ប្រសាសន៍​ថា «យើងគ្រាន់​ជា​ប្រជារាស្រ្ត​សាមញ្ញ មិន​មាន​សិទ្ធិ​អំណាច​​​អ្វី​នោះទេ។ យើង​ប្រៀប​បាន​ដូចជា​សត្វមាន់​​ជាប់នៅក្នុង​ទ្រុង​​មួយក្បាល។ យើង​មិន​​មានសិទ្ធិ​​​និយាយ នៅពេល​ដែល​​​អតីត​មេដឹកនាំ​ខ្មែរក្រហមរស់​នៅ​ដោយ​សុខ​សប្បាយ​ឡើយ...ខណៈពេល​ដែល​យើង​មាន​ការ​ឈឺចុកចាប់​យ៉ាងខ្លាំង​នោះ​»។ ប៉ុន្តែ​ គាត់​គឺជា​មនុស្ស​​​ម្នាក់​ដែលបានលើកដៃមុន​គេ​ ពេលដែល​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​សួរ​ថា​តើ​អ្នកណា​ចង់​ដាក់ពាក្យ​បណ្តឹងជាថ្មី​​ ទៅ​កាន់​​​ អវតក។ ក្រោម​កំដៅ​ថ្ងៃ​នាពេល​រសៀល​ បុរសរូប​នេះ​បាន​បញ្ចេញកំហឹង​របស់​ខ្លួន​ថា «​ខ្ញុំ​ចង់​ចូលរួម​នៅក្នុង​តុលាការ​នេះ ​ដើម្បី​បង​ប្រុស​របស់​ខ្ញុំ​។ ខ្ញុំ​រង់ចាំ​មើល​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ​។​  គ្មាន​អ្វីលើស​ពីនេះ​ទេ»។

ជន​រងគ្រោះ​ត្រៀម​ខ្លួននឹង​ចូល​រួម​ម្តង​ទៀត​
កាល​ពីឆ្នាំ​១៩៨៣ គេ​ប្រមូល​បាន​ញត្តិ​​ចំនួន​៩ ០០០ច្បាប់ តែ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួល​​បាន​ត្រឹម​តែ​១២៥០ច្បាប់​​ប៉ុណ្ណោះ។ គ្មាន​អ្នក​ណា​ដឹង​ថា​តើ​ឯកសារ​ផ្សេង​ទៀត​ទុក​នៅ​ឯណា​​នោះទេ។ លោក ជី ធីរិទ្ធិ បានសង្កត់​ធ្ងន់​ថា «អ្នក​ចុះហត្ថលេខា​រឺផ្តិតស្នាម​មេដៃ​គាំទ្រ​ញត្តិ​​នេះ​បាន​បង្ហាញនូវ​ភាព​អង់​អាច​របស់ខ្លួន​ នៅក្នុងកាលៈទេសៈ​មួយដែលប្រទេស​កម្ពុជា​មិន​ទាន់​មាន​សុវត្ថិភាព​​ល្អ។ បច្ចុប្បន្ននេះ សក្ខីភាព​របស់អ្នក​ទាំង​នោះអាច​មាន​អត្ថ​ប្រយោជន៍​​​សម្រាប់​តុលាការ​។ យើង​​ចង់​ជួយដល់​អ្នកភូមិ​ទាំង​នោះ​​ រៀប​ចំ​ពាក្យ​បណ្តឹង​ ព្រោះ​​ថា​នេះគឺជា​ឱកាស​កម្រ​​​រក​បា​ន​សម្រាប់​ពួកគេ»។ លោក​បាន​បញ្ជាក់ទៀត​ថា​ មជ្ឈ​មណ្ឌល​ឯក​សារ​​កម្ពុជា​បាន​គ្រោង​ទុក​ថា​ ​នឹង​ប្រមូល​បាន​​ពាក្យ​បណ្តឹង​ចំនួន​មួយ​ម៉ឺន​​ករណី នៅ​​ទូ​ទាំង​​ប្រទេស​ នៅក្នុង​ចំណោម​អ្នក​ធ្លាប់​ធ្វើ​ញត្តិ​រណសិរ្យ។​


ចាប់​​តាំង​ពីក្រុមការងារ​របស់លោក​បាន​ចុះ​តាម​មូលដ្ឋាន​ ក្នុងខេត្ត​ចំនួន​១៥ដែល​មាន​ប្រជាជន​​ធ្លាប់​ធ្វើញត្តិ​ ចំនួន​​​នៃ​ពាក្យ​បណ្តឹង​​ទៅកាន់​អវតក បាន​កើន​ឡើង​។ ប៉ុន្តែ មនុស្ស​មួយ​ចំនួន​បាន​បដិសេធ​ចូល​រួម​ក្នុង​​ដំណើរការ​នេះ។ លោក​ជី ធីរិទ្ធិ​បានគូស​បញ្ជាក់ថា «​អាច​​មក​​ពី​​ពួកគាត់​​មិនមាន​ទំនុក​ចិត្ត​​​​លើ​​តុលាការ​អន្តរជាតិ​មួយនេះ។ ម្យ៉ាង​ទៀត​ យើង​បាន​ពន្យល់​​ពីនីតិវិធី​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​និង​សំណង​ ពួកគេ​មិន​ចង់​ដាក់ពាក្យបណ្តឹង​ព្រោះ​​គេ​​បាន​​និយាយថា​គោលបំណង​តែមួយគត់​របស់ពួកគេ​​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​គឺ​​ការ​​ទទួល​​​បាន​សំណង​ជាទឹក​ប្រាក់​ផ្ទាល់​ខ្លួន​​​។​ លោក​បាន​បន្ថែមថា រហូត​មក​ទល់​ថ្ងៃ​នេះ អតីត​អ្នក​​ចុះ​ហត្ថលេខា​​លើ​ញត្តិ​បួន​នាក់​បាន​សម្រេច​ចិត្ត​ចូលរួម​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ជា​ជាង​​ការ​ដាក់​ពាក្យ​បណ្តឹង​​ធម្មតា​​​​។ ម្តង​នេះ ពួកគេ​សង្ឃឹមថា​គេ​នឹង​មិនទុក​ឯកសារ​របស់​ពួក​គេ​​ចោល​ដូច​មុន​នោះ​ទេ។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ញត្តិមួយដែលមានលក្ខណៈនយោបាយមិន​ធ្លាប់​ផ្ញើរចេញពីប្រទេសកម្ពុជាទេ
គណៈកម្មាធិការស្រាវជ្រាវមួយដែលត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ១៩៨២ ដោយ​សាធារណៈ​ប្រជាមានិតកម្ពុជា( ដែលត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃទី១២ មករា ១៩៧៩ បន្ទាប់ពីការដួល​រលំ​របប​ខ្មែរក្រហម) នឹងប្រមូល​ឯក​សារ​ទាក់​ទង​​នឹងភស្តុតាង  និង​ភាពភ័យរន្ធត់​ដែលបាន​ប្រព្រឹត្តនៅក្នុងរបបបង្ហូរឈាម កម្ពុជា​ប្រជាធិប​តេយ្យ។ គម្រោងនេះបានចាប់ផ្តើមឡើង នៅ​រយៈពេលបីឆ្នាំក្រោយការបង្កើតតុលាការ​បដិវត្តន៍នៅទីក្រុងភ្នំពេញ នៅខែសីហា​ឆ្នាំ​១៩៧៩ ដែលបានកាត់ទោសប៉ុល ពត និង អៀង សារី ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ និងបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។ តុលាការនេះមិនត្រូវបានទទួលស្គាល់ដោយ​អង្គការសហប្រជាជាតិនោះទេ។ ហេតុដូចនេះ គោលបំណងចំបងទីពីររបស់របបដែលគ្រប់គ្រង​ដោយប្រទេសវៀតណាម គឺធ្វើអោយ​អន្តរជាតិ​ទទួលស្គាល់នូវការងាររបស់ខ្លួន។
នៅឆ្នាំ១៩៨៣ គណៈកម្មាធិការ​បានចាប់ផ្តើម​សកម្មភា​ព​សារជាថ្មី ហើយក្រុមការងារ​បានចុះ​តាមខេត្ត​ចំនួន១៥ ក្រោមការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល ដើម្បីប្រមូល​អំណះអំណាង​ពី​សាក្សី និងហត្ថលេខា។ ប្រជាជន​គ្រប់ស្រទាប់​ចំនួន១ ១៦៨ ៣០៧នាក់ បានឆ្លើយតប​ទៅ​នឹង​សេចក្តីអំពាវនាវនេះ។
តើហេតុអ្វីបានជាញត្តិមិនត្រូវបានបញ្ជូនទៅ​កាន់​អង្គការសហប្រជាជាតិ តាមការ​គ្រោង​ទុក? លោក មិន ឃីន អតីតរដ្ឋលេខាធិកា​ររណ​សិរ្យសង្រ្គោះជាតិ និងជាអ្នកដឹក​នាំប្រតិ​បត្តិការ​នេះ ហើយសព្វថ្ងៃជាប្រធាន​គណៈកម្មាធិការ​រៀបចំពិធីបុណ្យជាតិ បានអះ​អាង​ថាលោកបានភ្លេចពីញត្តិនេះ​បាត់​ទៅ​ហើយ​។ ចំណែកលោក ជា គាន អតីតអនុប្រធាន​របស់​លោក មានប្រសាសន៍ថាលោក​មិនបាន​ដឹង​ពីមូលហេតុនៃការបោះបង់​គម្រោង​នេះ​ចោល​នោះទេ។