|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ជំហានដ៏សែនឈឺចាប់លើកដំបូងនៃជីវិតយុវជន ក្នុងសម័យខ្មែរក្រហម |
| ααα ឈាង បុប្ផា | | | 16-07-2008 |
© DC-CAM មនុស្សវ័យជំទង់ត្រូវបានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏សែនលំបាកវេទនា និងខ្លោចផ្សារជាទីបំផុត ដូចជាយុវជនពេញវ័យដែរ នៅពេលដែលពួកខ្មែរក្រហមបានចូលកាន់កាប់អំណាច ហើយបានបង្កើតរបបមួយដែលហាមឃាត់មិនអោយមានការសប្បាយរីករាយ រឺស្នេហារវាងប្រុសនិងស្រី។ យុវវ័យទាំងនោះត្រូវបាត់បង់ការសិក្សារបស់ខ្លួន ហើយគ្រប់គ្នាមិនថាចាស់រឺក្មេង ត្រូវបង្ខំអោយធ្វើការងារយ៉ាងធ្ងន់ធ្ងរ។ ជាការពិតណាស់ វ័យជំទង់គឺជាវ័យមួយដែលត្រូវការសប្បាយរីករាយ និងមានការស្រមើស្រមៃគ្រប់បែបយ៉ាង មុននឹងពួកគេចាប់ផ្តើមកសាងគ្រួសាររបស់ខ្លួន។ ប៉ុន្តែ យុវវ័យក្នុងសម័យនោះត្រូវបង្ខំអោយប្រតិបត្តិតាមអំណាច និងវិន័យរបស់អង្គការ។
ល្បែងកំសាន្តត្រូវបានហាមឃាត់ មុនឆ្នាំ១៩៧០ ភូមិរបស់អ្នកស្រី ចាន់ សុន ដែលស្ថិតនៅខេត្តកំពង់ធំ ត្រូវស្ថិតនៅក្រោមការត្រួតត្រា និងច្បាប់វិន័យរបស់ពួកខ្មែរក្រហម ។ ស្រ្តីអាយុជាង៥០ឆ្នាំផ្លាយរូបនេះបានរៀបរាប់ថា « ខ្ញុំត្រូវបានពួកខ្មែរក្រហមចាត់បញ្ជូលក្នុងជួរកងទ័ពយ៉ាងប្រញាប់ប្រញាល់ រួមជាមួយនឹងយុវជនមកពីចុងកាត់មាត់ញ៉កផ្សេងៗទៀតផងដែរ។ គេបានកំណត់អោយពួកយើងធ្វើការងារជាអ្នកដឹកជញ្ជូនគ្រាប់និងអ្នករបួស។ ពេលនោះ យើងកំពុងស្ថិតនៅក្នុងអាយុកាលមួយ ដែលចង់សប្បាយរីករាយ។ ប៉ុន្តែ ពួកខ្មែរក្រហមបានបញ្ចប់នូវពិធីបុណ្យនានា ដែលរៀបចំធ្វើឡើងនៅក្នុងវត្ត ដែលនៅទីនោះ ក្រុមយុវវ័យអាចជួបជុំគ្នា និងធ្វើការស្គាល់គ្នាទៅវិញទៅមក។ ដើម្បីសម្របខ្លួនទៅនឹងពួកទាហានស្លៀកពាក់ឈុតខ្មៅ និងជីវភាពជាកសិករ ខ្ញុំត្រូវបង្ខំចិត្តនិយាយថា សូមលាជារៀងរហូត នូវការចូលចិត្តតុបតែងខ្លួន លាហើយប្រអប់ប្រេងម្សៅ និងសំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់ខ្ញុំ »។
ចំណែកលោក តូ សាវង្ស បច្ចុប្បន្នមានអាយុ៥០ឆ្នាំ បានមានប្រសាសន៍ថា សម័យប៉ុល ពត ប្រៀបបានដូចជាជួងមួយបន្លឺឡើង ដើម្បីប្រកាសពីទីបញ្ចប់នៃភាពសប្បាយរីករាយរបស់មនុស្សវ័យជំទង់។ ដំបូងឡើយ រូបលោក ក៏ដូចជាអ្នកដទៃផ្សេងទៀត ធ្លាប់ជឿជាក់ថាវត្តមានរបស់ពួកខ្មែរក្រហមនេះគឺជាការរំដោះប្រទេសជាតិអោយរួចផុតពីសង្គ្រាម និងបើកទំព័រសករាជថ្មីមួយ ដែលពោរពេញដោយសុខសន្តិភាព។ «ថ្ងៃទី១៧ មេសា នៅពេលគេប្រកាសប្រាប់យើងថាប្រទេសកម្ពុជាត្រូវបានរំដោះចេញពីការជិះជាន់របស់ពួកចក្រពត្រនិយម អ្នកភូមិរបស់ខ្ញុំទាំងអស់ (ខេត្តបាត់ដំបង) បានចេញមកប្រមូលផ្តុំគ្នា ដើម្បីរាំអបអរសាទរ និងសំដែងក្តីរីករាយ។ ខ្ញុំក៏បានចាប់ផ្តើមចេះរៀនរាំតាំងពីថ្ងៃនោះផងដែរ! ពួកយើងគ្រប់គ្នាឆ្អែតឆ្អន់នឹងសង្រា្គម ព្រោះថាខេត្តរបស់យើងទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រៃផ្សៃ»។
ដោយសារមានរាងកាយទន់ជ្រាយ និងមានមាឌតូចស្តើង សាវង្ស មើលទៅហាក់បីដូចជាកូនក្មេង មិនសមថាមានអាយុ១៧ឆ្នាំនោះទេ។ ហេតុផលនេះបានធ្វើអោយគេដាក់គាត់ចូលធ្វើការនៅកងកុមារ ជាជាងក្រុមមនុស្សពេញវ័យ។ ទោះជាយ៉ាងណា ការងារបង្ខិតបង្ខំបានធ្វើអោយនិស្សិតរូបនេះហត់ និងចុះខ្សោយកម្លាំង។ «យើងត្រូវរែកដី។ នេះគឺជាការងារដ៏លំបាកជាទីបំផុត ព្រោះ ខ្ញុំមិនមែនជាមនុស្សមានកម្លាំងខ្លាំងនោះទេ»។ តើការងារនេះបានធ្វើអោយគាត់ទទួលរងនូវការឈឺចុកចាប់បំផុតរឺ? តាមការពិត អ្វីដែលធ្វើអោយគាត់ឈឺចុកចាប់បំផុត នោះគឺការបំបែកចេញពីគ្រួសាររបស់គាត់ និងការហាមឃាត់មិនអោយនៅក្បែរស្រីៗ ព្រោះមនុស្សវ័យជំទង់ដូចជារូបគាត់ អាចនឹងកើតមានចំណង់ផ្លូវភេទយ៉ាងឆាប់រហ័ស ជាមួយនឹងមនុស្សភេទផ្ទុយគ្នា។
លោក សាវង្ស បាននិយាយដោយមិនលាក់លៀមថា «ជួនកាល ខ្ញុំចង់ទទួលបានការថ្នាក់ថ្នមពីនារីម្នាក់...។ ប៉ុន្តែ បំណងប្រាថ្នាបែបនេះត្រូវបានហាមឃាត់ក្នុងសម័យខ្មែរក្រហម! ហេតុដូច្នេះ ខ្ញុំក៏ប្រមូលផ្តុំសតិអារម្មណ៍ ប្រតិបត្តិតាមទ្រឹស្តីរបស់ព្រះពុទ្ធ ដែលបានប្រដៅថាត្រូវព្រមទទួលស្គាល់នូវជីវិតដែលខ្លួនមាន។ ជាការពិតណាស់ ពួកយើងទាំងអស់គ្នាត្រូវជួបប្រទះស្ថានភាពលំបាកវេទនាដូចគ្នា លើកលែងតែក្រុមដឹកនាំខ្មែរក្រហម។ រាល់ពេលដែលខ្ញុំបរិភោគអាហារមានកម្លាំង សម្រេកតណ្ហាតែងតែត្រឡប់មកក្នុងខួរក្បាលខ្ញុំ។ ខ្ញុំបរិភោគអាហារមិនបានគ្រប់គ្រាន់ ជាហេតុធ្វើអោយខ្ញុំហត់អស់កម្លាំង និងគ្មានចំណង់ផ្លូវភេទ។ នៅទីបំផុត ខ្ញុំត្រូវអរគុណពួកខ្មែរក្រហមដែលមិនបានអោយអាហារខ្ញុំបរិភោគបានគ្រប់គ្រាន់ ព្រោះថាវាជួយអោយខ្ញុំកាត់បន្ថយអារម្មណ៍ផ្លូវភេទ ព្រោះការមានទំនាក់ទំនងផ្លូវភេទត្រូវចាត់ទុកថាខុសសីលធម៌ និងត្រូវយកទៅសម្លាប់ចោលនៅសម័យខ្មែរក្រហម!!! ក្បួនច្បាប់នេះត្រូវបានតាក់តែងឡើងដោយខ្មែរក្រហម ហើយវាគ្មានអត្ថន័យអ្វីទាល់តែសោះ ព្រោះសូម្បីតែសត្វក៏ត្រូវការរួមសម្ព័ន្ធនឹងគ្នាដែរ!»។
គេចផុតចេញពីការចាប់បង្ខំរៀបអាពាហ៍ពិពាហ៍ អ្នកស្រីចាន់ សុន បានដឹងយ៉ាងច្បាស់ថាយើងមិនត្រូវចេញឆ្ងាយពីព្រំដែនកំណត់របស់ខ្មែរក្រហមឡើយ។ គិញសម្ងាត់មាននៅគ្រប់ទីកន្លែង។ «ខ្ញុំស្ថិតនៅក្នុងវ័យមួយ ដែលគេគិតថាគួរតែរៀបចំកសាងគ្រួសារ ប៉ុន្តែ មេដឹកនាំខ្មែរក្រហមគឺជាអ្នកសម្រេចជីវិតផ្ទាល់ខ្លួនរបស់ពួកយើង។ យើងគ្មានពាក្យអ្វីដែលត្រូវនិយាយតវ៉ានោះឡើយ។ ប៉ុន្តែ ស្វាមីដែលគេកំណត់អោយយើង គឺជាយុទ្ធជនពិការជើង រឺពិការភ្នែកម្ខាង»។ ការរៀបអាពាហ៍ពិពាហ៍បែបចាប់បង្ខំនេះធ្វើឡើងទៅតាមបែបបទរបស់ខ្មែរក្រហម ដោយធ្វើឡើងជាក្រុម មានន័យថារៀបការម្តង១០គូ ព្រមពេលជាមួយគ្នា ក្នុងរយៈពេលត្រឹមតែមួយព្រឹក។ អ្នកស្រីបានបញ្ជាក់ថា «គូស្វាមីភរិយាដែលត្រូវអង្គការចាប់បង្ខំអោយរៀបការ បានលែងលះគ្នា ក្រោយរបបនេះបានដួលរលំ»។ អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដែលអាចរួចផុតពីការចាប់រៀបការនេះ ដោយសារតែអ្នកស្រីបានបង្ហាញពីភាពរហ័សរហូន និងខ្នះខ្នែងធ្វើការងារ។
អ្នកស្រីសុផល ធ្លាប់ជាយុវនារីនៅលីវ ដែលមានរូបសម្រស់ស្រស់ស្អាតគួរអោយទាក់ទាញ បានរៀបរាប់ថា អ្នកស្រីបានរួចផុតពីការចាប់បង្ខំរៀបការជាក្រុម ពីសំណាក់អង្គការ។ «ដោយសារតែរបបអាហារមិនគ្រប់គ្រាន់ ខ្ញុំលែងមករដូវ។ អង្គការបានវិនិច្ឆ័យថាស្រ្តីម្នាក់ដែលមិនទាន់មានរដូវ មិនសក្តិសមនឹងរៀបការនោះទេ។ ករណីនេះកើតមានលើស្រ្តីជាច្រើននាក់ ហើយវាបានជួយសង្គ្រោះពួកយើងអោយគេចផុតពីការរៀបការ»។
ភាពស្លូតត្រង់បានបាត់បង់ នៅឆ្នាំ១៩៧៥ លោក យុទ្ធ ធារ៉ា មានអាយុ១៥ឆ្នាំ និងមានជំនាញខាងផ្នែកតូរ្យតន្ត្រី។ គាត់បានហាត់រៀនជំនាញនេះនៅក្នុងសាលារៀនមួយកន្លែង នៅជាយក្រុងភ្នំពេញ។ ការខិតចូលមកដល់របស់ពួកខ្មែរក្រហម បានធ្វើអោយនាយកសាលាសម្រេចចិត្តជម្លៀសនិស្សិតអោយមករស់នៅកណ្តាលរាជធានី។ បុរសវ័យ៤០ឆ្នាំផ្លាយរូបនេះបានរម្លឹកការចងចាំថា នៅថ្ងៃទី១៧ ពួកទាហានស្លៀកពាក់ខ្មៅបានធ្វើដំណើរមកកាន់ទីក្រុង ក្រោមការទទួលរង់ចាំស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងសម្លេងទះដៃ លាន់គងរំពងពេញទីក្រុង។ «យុវជន ត្រូវការសុខសន្តិភាព គេគិតថាជ័យជំនះរបស់ពួកខ្មែរក្រហមអាចបញ្ជាក់អំពីអវសាន្តនៃសង្គ្រាម ព្រមទាំងការត្រឡប់មកវិញនូវសាមគ្គីភាព រវាងប្រជាជនខ្មែរ។ យើងមិនបានសម្លឹងគិតទុកដល់អ្វីដែលខ្មែរក្រហមត្រៀមបម្រុងសម្រាប់ពួកយើងឡើយ។ នៅពេល ពួកគេបានបញ្ជាអោយយើងចាកចេញពីទីក្រុងភ្នំពេញ ក្នុងរយៈពេលបីថ្ងៃ ដោយមិនចាំបាច់វេចបង្វេចឥវ៉ាន់ យើងជឿជាក់និងធ្វើតាមពួកគេទាំងស្រុង...»។
ដោយសារតែពួកខ្មែរក្រហមបានរកឃើញកាតនិស្សិត ពួកគេមិនអនុញ្ញាតិអោយក្រុមនិស្សិតទាំងនោះធ្វើដំណើរ តាមផ្លូវឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដូចអ្នករស់នៅទីក្រុងភ្នំពេញដទៃទៀតទេ។ ពួកគេដឹកនាំអ្នកទាំងនោះ ដើរតាមផ្លូវទៅព្រលានយន្តហោះ ឆ្ពោះសំដៅទៅកាន់ខេត្តកណ្តាល។ «ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបនេះក៏ដោយ ក៏ខ្ញុំនិងមិត្តភក្តិខ្ញុំនៅតែមានទំនុកចិត្ត យើងដើរបណ្តើរ ហួចបណ្តើរ យ៉ាងសប្បាយរីករាយ»។ មកដល់ភូមិមួយ ធារ៉ាបានជួបមីងរបស់គាត់ ដែលជា«ប្រជាជនចាស់» ដែលបានយល់យ៉ាងច្បាស់ពីគ្រោះថ្នាក់នៅចំពោះមុខក្មួយប្រុសរបស់គាត់។ គាត់បានជួយការពារធារ៉ាអោយរួចផុតពីគ្រោះថ្នាក់។
មិននៅបង្អង់រង់ចាំយូរ ធារ៉ា ត្រូវចាត់អោយទៅធ្វើការងារនៅក្នុងចំការ ដែលគាត់មិនធ្លាប់បានជួបប្រទះពីមុនមក ព្រោះថាគាត់ស្គាល់ត្រឹមតែការសិក្សាប៉ុណ្ណោះ។ «ខ្ញុំគិតថាការងារនេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ...»។ នៅពេលប្រជុំ ខ្មែរក្រហមបានសួរពួកគេទាក់ទងនឹងមុខរបររបស់ខ្លួន នៅរបបចាស់។ យុវជនវ័យជំទង់រូបនេះបានលើកដៃយ៉ាងស្លូតបូតប្រាប់អត្តសញ្ញាណរបស់ខ្លួន ដោយនិយាយថាខ្លួនគឺជានិស្សិតផ្នែកតូរ្យតន្រ្តី។ ពេលត្រឡប់មកផ្ទះមីងរបស់គាត់នៅពេលល្ងាចវិញ គាត់បាននិយាយប្រាប់មីងពីសាច់រឿងទាំងនោះ ហើយ គឺនៅពេលនោះហើយ ដែលគាត់ត្រូវផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងចោលទាំងអស់។ «មីងបានពន្យល់ប្រាប់ខ្ញុំថាខ្មែរក្រហមមានកំហឹងគុំគួនយ៉ាងជ្រាលជ្រៅចំពោះពួកចក្រពត្រនិយម មូលធននិយម និងបញ្ញវ័ន្ត។ ដូច្នេះ ខ្ញុំត្រូវតែប្តូរឈ្មោះ»។ ការផ្លាស់ប្តូរនេះមានប្រសិទ្ធភាព។ ពួកខ្មែរក្រហមបានស្វែងរកនិស្សិតផ្នែកតូរ្យតន្ត្រី ប៉ុន្តែមិនមាននរណាម្នាក់ឆ្លើយប្រាប់ឈ្មោះពួកខ្មែរក្រហមកត់ កាលពីពេលនោះទេ។ នៅទីបំផុត ពួកគេក៏បញ្ឈប់ការតាមស្វែងរកនេះ។
«មីងរបស់ខ្ញុំបានប្រាប់អោយខ្ញុំព្យាយាមធ្វើការងារអោយអស់ពីកម្លាំងកាយ ដោយមិនត្រូវត្អូញត្អែរអ្វីទាំងអស់។ ខ្ញុំចាប់ផ្តើមអស់សង្ឃឹមក្នុងជីវិត។ ទោះជាយ៉ាងណា ខ្ញុំធ្លាប់ជាបុរសវ័យជំទង់ ដែលចង់សប្បាយរីករាយ ចូលចិត្តមើលកុន សិក្សា ប៉ុន្តែ មិនមែនត្រូវមកចំណាយកម្លាំងនៅក្នុងស្រែចំការឡើយ! ក្តីសង្ឃឹមថានៅណាមួយ ទីក្រុងភ្នំពេញត្រូវបានរំដោះ បានរលាយសាបសូន្យបន្តិចម្តងៗ។ ខ្ញុំមិនយល់ពីគោលនយោបាយរបស់ខ្មែរក្រហមឡើយ។ ពួកគេនិយាយថាចង់កសាងប្រទេសជាតិឡើងវិញ ប៉ុន្តែ សួរថាតើពួកគេអាចសម្រេចគោលដៅរបស់ខ្លួន ដោយគ្មានការចូលរួមពីបញ្ញវ័ន្ត បានយ៉ាងដូចម្តេច?»
ធារ៉ាព្យាយាមបំភ្លេចការសិក្សាផ្នែកតូរ្យតន្ត្រីរបស់គាត់ ព្រោះប្រធានភូមិធ្លាប់បានព្រមានថា «របបខ្មែរក្រហមមិនចង់បានតន្ត្រីករទេ ប៉ុន្តែ ចង់បានអ្នកធ្វើការ!»។ បុរសរូបនេះបានដកដង្ហើម និងត្រឡប់មកកាន់បច្ចុប្បន្នភាព។ «តុលាការកាត់ទោសខ្មែរក្រហមត្រូវតែធ្វើយ៉ាងណាអោយអតីតមេដឹកនាំខ្មែរក្រហម ព្រមទទួលស្គាល់ថាពួកគេបានរំលោភបំពានសិទ្ធិមនុស្សមនុស្សរាប់ពាន់នាក់ ហើយពួកគេបានលួចភាពជាយុវវ័យរបស់យើង»។ |
|
|