|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| លោកសាស្រ្តាចារ្យ ឡឹក សុវណ្ណ៖ "ប្រទេសកម្ពុជា ប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាច្រើន ពីឥទ្ធិពលនៃ កំណើនអាកាសធាតុ" |
| ααα ឡឺរ៉ង់ ឡឺហ្គូអង់វិក | | | 05-09-2008 | 
កំពង់ឃ្លាំង ទន្លេសាប (ប្រទេសកម្ពុជា) ថ្ងៃទី៩ តុលា ២០០២៖ ឡឹក វណ្ណ៖ «ពូជត្រីមួយចំនួននឹងបាត់បង់ ដោយសារកំណើនកំដៅសីតុណ្ហភាព © ចន វីង / Magnum លោកឡឹក សុវណ្ណ គឺសាស្ត្រាចារ្យ «ជាន់ខ្ពស់» នៃសាកលវិទ្យាល័យបារាំង Paul Sabatier ស្ថិតនៅទីក្រុង Toulouse និងជានាយកសាលាបណ្ឌិត សេវ៉ា (École doctorale Seva) (ផ្នែកវិទ្យាសាស្រ្តបរិស្ថាន ផ្នែកបសុព្យាបាល ក្សេត្រសាស្រ្ត និងជីវៈវិស្វកម្ម )។ លោកសាស្រ្តាចារ្យក៏ជាអ្នកស្រាវជ្រាវ និងអ្នកឯកទេសផ្នែកអេកូឡូស៊ីនៃពពួកសត្វត្រី និងផ្នែកវិវត្តន៍នៃជីវៈចម្រុះផងដែរ។ លោកនឹងចូលរួមនៅក្នុងកម្មវិធីរបស់សប្តាហ៍បរិស្ថានលើកទីមួយ ដែលរៀបចំធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ កញ្ញា។ នៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ នៅថ្ងៃច័ន្ទ ទី១៥ កញ្ញា ជនជាតិបារាំងដើមកំណើតកម្ពុជារូបនេះនឹងធ្វើសន្និសីទកាសែតមួយ នៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា នាទីក្រុងភ្នំពេញ ស្តីពីប្រធានបទនៃកំណើនអាកាសធាតុ ផលវិបាកនៃបាតុភូតធម្មជាតិនេះមកលើបរិស្ថាន និងវិធានការណ៍ផ្សេងៗ ក្នុងការបញ្ឈប់ និងកាត់បន្ថយនៃផលប៉ះពាល់ទាំងនោះ។ សម្រាប់ កាសែត ដៃគូសហការរបស់សប្តាហ៍បរិស្ថាន លោកសាស្រ្តាចារ្យ ឡឹក សុវណ្ណនឹងពន្យល់អំពីបញ្ហាពាក់ព័ន្ធទៅនឹងកំណើនកំដៅអាកាសធាតុនៅលើផែនដីទាំងមូល និងនៅប្រទេសកម្ពុជា។
កាសែតៈ យោងតាមការសិក្សាអំពីកំណើនកំដៅអាកាសធាតុ តើនឹងមានផលប៉ះពាល់អ្វី ដល់ប្រទេសកម្ពុជា និងនៅក្នុងតំបន់? លោក ឡឹក សុវណ្ណ៖ នៅតំបន់អាស៊ីអាគ្នេយ៍ អាកាសធាតុត្រូវគេប៉ាន់ប្រមាណថានឹងមានកំណើនពី៤ ទៅ៥ អង្សា ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២១០០។ ខ្ញុំសូមរម្លឹកលោកថាសីតុណ្ហភាពបានកើនឡើងត្រឹមតែ ពី០,៥ ទៅ ១អង្សាប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩០០ ដល់ឆ្នាំ២០០០។ ដូចនេះ ការប្រែប្រួលនេះនឹងមានកំរិតធ្ងន់ធ្ងរ! ប៉ុន្តែ បាតុភូតនេះក៏បានប៉ះពាល់ដល់តំបន់ដទៃទៀតនៅលើពិភពលោកយើងផងដែរ ដោយគ្រាន់តែតិច រឺច្រើនជាងនេះតែប៉ុណ្ណោះ។ កំរិតទឹកភ្លៀងអាចនឹងកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលពេលដែលតំបន់ដទៃទៀតមានកំរិតទឹកភ្លៀងថយចុះ។ ទោះជាយ៉ាងណា ដោយសារ នៅលើជួរភ្នំហិម៉ាឡៃ នឹងមានធ្លាក់ព្រិលតិច នោះកំរិតកំពស់ទឹកអតិបរមានៃមេគង្គនឹងចុះទាបជាងមុន ក៏ដូចជាកំពស់ទឹកអតិបរមានៃទន្លេសាប។ ផ្ទុយទៅវិញ កំរិតអប្បបរមានៃទន្លេមេគង្គនឹងកើនឡើងខ្ពស់ជាងមុន ដោយសារកំណើនកំរិតទឹកភ្លៀងក្នុងតំបន់ នៅតំបន់ត្រូពិច។
កាសែតៈ តើបាតុភូតនេះនឹងកើតមានឡើងយ៉ាងដូចម្តេច? លោក ឡឹក សុវណ្ណ៖ ផលប៉ះពាល់នឹងបង្ហាញអោយឃើញគ្រប់កំរិតទាំងអស់ ទាំងលើបរិស្ថាន និងសង្គម...។ យើងអាចរំពឹងគិតថា តាមរយៈកំណើនពី៤ទៅ៥អង្សាបន្ថែមទៀត ការរស់នៅជាទំលាប់នៅក្នុងសង្គមនឹងត្រូវផ្លាស់ប្តូរ។ សូមកុំភ្លេចថានៅប្រទេសបារាំងដែលជាប្រទេសអភិវឌ្ឍន៍មួយ រដូវប្រាំងដ៏សែនក្តៅ បានសម្លាប់មនុស្សអស់រាប់ពាន់នាក់ (កំណើនកំដៅសីតុណ្ហភាពជះឥទ្ធិពលអាក្រក់ទៅលើទ្វីបអឺរុបកាលពីឆ្នាំ២០០៣ ដែលបានបង្កអោយមានមនុស្ស១៥០០នាក់ស្លាប់នៅប្រទេសបារាំង និង២០ ០០០នាក់ស្លាប់នៅប្រទេសអ៊ីតាលី)។ នៅក្នុងមជ្ឈដ្ឋានធម្មជាតិ ទាំងសត្វ ទាំងរុក្ខជាតិដែលឆាប់ទទួលផលប៉ះទង្គិចពីកំណើនសីតុណ្ហភាព នឹងត្រូវបាត់បង់។ កាលពីអតីតកាល នៅក្នុងប្រវត្តិសាស្រ្តនៃផែនដី ការប្រែប្រួលអាកាសធាតុធ្លាប់បានកើតមានម្តងរួចមកហើយ ប៉ុន្តែ កាលនោះ វាគ្រាន់តែជា «ការប្រែប្រួលធម្មជាតិ»តិចតួច ដែលបានកើតឡើងនៅក្នុងរយៈពេលរាប់លានឆ្នាំ។ សារព៌ាង្គកាយរបស់មនុស្សមានពេលវេលាក្នុងការសម្របខ្លួន និងរីកលូតលាស់ ហើយនេះបានបង្កអោយមានការរីកលូតលាស់នៃជីវិតនៅលើផែនដី។ ប៉ុន្តែលើកនេះ ដោយសារតែការប្រែប្រួលដែលគេរង់ចាំបានកើតឡើងក្នុងរយៈពេលដ៏ខ្លី យើងនឹងអាចឃើញមានការបាត់បង់ជីវិតភាវៈរស់មួយចំនួនដែលមិនអាចសម្របខ្លួនទៅនឹងបញ្ហានេះបាន។ ជាចុងក្រោយ ករណីនេះក៏បានកើតឡើងនៅក្នុងប្រទេសបារាំង ខណៈពេលដែលមនុស្សមិនបានត្រៀមខ្លួនទៅនឹងកំរិតសីតុណ្ហភាពដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្រ្តនេះ។ ម្យ៉ាងវិញទៀត យើងក៏អាចនឹងត្រូវប្រឈមមុខទៅនឹងបាតុភូតធម្មជាតិដ៏សែនគ្រោះថ្នាក់បំផុតផងដែរ។ យើងធ្លាប់បានឃើញបាតុភូតនេះកើតមានឡើងរួចមកហើយ ដូចជាករណីខ្យល់ព្យុះនាពេលថ្មីៗនេះ នៅប្រទេសភូមា ហ្វីលីពីន និងសហរដ្ឋអាមេរិក។ បញ្ហាទាំងនេះបានធ្វើអោយយើងកើតមានក្តីព្រួយបារម្ភយ៉ាងខ្លាំង!។
កាសែតៈ តើបាតុភូតនេះនឹងបង្កជាផលប៉ះពាល់អ្វីខ្លះ ដល់ប្រទេសកម្ពុជា? លោក ឡឹក សុវណ្ណ៖ ខ្ញុំគិតថាបាតុភូតធម្មជាតិនឹងជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោក។ ប៉ុន្តែយើងនៅមានការលំបាកក្នុងការនិយាយជាមុនថាតើនឹងមានអ្វីកើតឡើងនោះទេ ព្រោះមានការងារតិចតួចស្តីពីការសិក្សាផលប៉ះពាល់នេះ ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា។ ខ្ញុំគិតថាប្រទេសកម្ពុជាអាចនឹងជួបបញ្ហាមួយចំនួន ដូចជា គ្រោះទឹកជំនន់ និងបាតុភូតធម្មជាតិ (ខ្យល់ព្យុះ រន្ទះបាញ់...) ព្រមទាំងបាតុភូតសំខាន់ៗមួយចំនួនទៀត។ ក្រៅពីនេះ ប្រទេសកម្ពុជាក៏ប្រឈមគ្រោះថ្នាក់នឹងបញ្ហាមួយផ្សេងទៀតផងដែរ ពាក់ព័ន្ធទៅនឹងកំណើនកំរិតទឹកសមុទ្រ ដែលអាចបណ្តាលមកពីការរលាយដុំទឹកកកនៅលើកំពូលភ្នំ នៅក្នុងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ និងនៅប៉ូល។ ប៉ុន្តែ បាតុភូតនេះជាប់ពាក់ព័ន្ធតែជាមួយនឹងតំបន់ទាប ដូចជាដីល្បាប់នៅទន្លេមេគង្គ រឺទីក្រុងបាងកកជាដើម។
កាសែតៈ តើគេអាចព្យាករណ៍ពីផលប៉ះពាល់នៃកំណើនអាកាសធាតុ មកលើសត្វក្នុងទឹក និងធនធាននៃការនេសាទ ជាពិសេសមកលើចំណីអាហារ និងការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់បានដែររឺទេ? លោក ឡឹក សុវណ្ណ៖ នេះគឺជាសំណួរដ៏សំខាន់មួយ។ តាមការពិត នៅទ្វីបអឺរុប សីតុណ្ហភាពបច្ចុប្បន្នបានថយចុះមកកំរិតធម្មតា ហើយគេបានទាញទុកថាពិតជាមានការកើនឡើងនៃធនធានធម្មជាតិជាមួយនឹងកំរិតកំដៅនេះ ព្រោះសីតុណ្ហភាពនេះគឺជាលក្ខខណ្ឌដ៏សមរម្យសម្រាប់ជីវិតរស់នៅរបស់សត្វត្រី។ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសស្ថិតនៅតំបន់ត្រូពិច ដែលមានលក្ខណៈអំណោយផលនៃអាកាសធាតុ តើភាវៈរស់អាចគាំទ្រទៅនឹងសីតុណ្ហភាពក្តៅបានដែររឺទេ? គេត្រូវដឹកនាំការស្រាវជ្រាវប្រកបដោយបទពិសោធន៍ ដើម្បីឆ្លើយនូវសំណួរនេះ។ ខ្ញុំសូមរម្លឹកថា ត្រីគឺជា «ប្រភេទសត្វដែលឈាមរបស់វាមានកំដៅប្រែប្រួល» មានន័យថាកំដៅក្នុងរាងកាយរបស់ត្រីប្រែប្រួល ទៅតាមមជ្ឈដ្ឋានរស់នៅរបស់ពួកវា។ ដូចនេះ ត្រីជាសារព៌ាង្គកាយដែលឆាប់ប៉ះពាល់បំផុតទៅនឹងការប្រែប្រួលសីតុណ្ហភាព។ ក្នុងករណីមានការផ្លាស់ប្តូរកំដៅខ្លាំង ត្រីមិនអាចរក្សាស្ថានភាពកំដៅក្នុងខ្លួនរបស់ពួកវាបាននោះទេ ហើយយើងមានការព្រួយបារម្ភថាពូជត្រីមួយចំនួននឹងបាត់បង់។ កាសែតៈ តើគេធ្លាប់បានកត់សម្គាល់ឃើញពីផលវិបាកទៅលើសត្វក្នុងទឹកដែររឺទេ? លោក ឡឹក សុវណ្ណ៖ បាទ! នៅក្នុងករណីតាមដងស្ទឹងនៃទ្វីបអឺរុប ពូជសត្វរស់នៅក្នុងទឹកក្តៅនៅតំបន់វាលទំនាប (នៃអំបូរត្រី ស៊ីប្រ៊ីនីដា) បានឡើងមករស់នៅខាងផ្នែកខាងលើនៃចរន្តទឹកកាន់តែច្រើនឡើង ព្រោះសីតុណ្ហភាពបានកើនឡើងត្រឹមតែ០,៥អង្សា នៅក្នុងអំឡុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ ពូជត្រីដែលឆាប់ទទួលរងប៉ះទង្គិចត្រូវបានគំរាមកំហែង។ ឧទាហរណ៍ ដូចជានៅទ្វីបអឺរុប តំបន់រស់នៅរបស់ពូជត្រី Truite បានថយចុះយ៉ាងខ្លាំង នៅរយៈពេល១០០ឆ្នាំនេះ។ កាសែតៈ ផ្ទុយទៅវិញ តើពូជសត្វផ្សេងទៀតអាចមានលទ្ធភាពរីកធំធាត់ ដោយសារកំណើនអាកាសធាតុនេះដែររឺទេ? លោក ឡឹក សុវណ្ណ៖ ពិតជាអាចមាន! មានពូជសត្វប្រភេទខ្លះចូលចិត្តរស់នៅក្នុងមជ្ឈដ្ឋានក្តៅ។ ឧទាហរណ៍ ដូចជានៅប្រទេសបារាំង ការសិក្សាបានបង្ហាញថាសត្វដែលអាចរស់នៅក្នុងបរិយាកាសក្តៅបាន មានត្រីបាបូ(Barbeau) ត្រីស្សឺវែន(Chevaine) និងត្រីអាប្លេត(Ablette)។ កាសែតៈ តើតំបន់ណាខ្លះនៅប្រទេសកម្ពុជា ដែលអាចក្លាយជាតំបន់រងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ? លោក ឡឹក សុវណ្ណ៖ តាមគំនិតរបស់ខ្ញុំ ប្រទេសកម្ពុជានឹងទទួលរងផលប៉ះពាល់ពីបាតុភូតនេះ នៅក្នុងគ្រប់តំបន់ទាំងអស់។ កាសែតៈ តើមានវិធានការណ៍អ្វីខ្លះ ដើម្បីកាត់បន្ថយឥទ្ធិពល និងដើម្បីសម្របទៅនឹងការប្រែប្រួលអាកាសធាតុនេះ? លោក ឡឹក សុវណ្ណ៖ យើងត្រូវកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និការបំពុលគ្រប់រូបភាពទាំងអស់។ ដូចនេះ យើងត្រូវរួមគ្នាប្រឹងប្រែងអនុវត្ត ពោលគឺកាត់បន្ថយទាំងនៅក្នុងគេហដ្ឋាន និងទាំងនៅតាមរោងចក្រ។ តើគេអាចបញ្ឈប់កំណើនកំដៅបានដែររឺទេ? ពិតជាមានការពិបាកណាស់ រឺអាចនិយាយបានថាពិតជាមិនអាចទៅរួច! ទោះបីជាយ៉ាងណាក៏ដោយ យើងអាចបញ្ចៀសនូវហេតុការណ៍អាក្រក់ រឺកាត់បន្ថយឥទ្ធិពលរបស់វា។ ហេតុដូច្នេះហើយទើបបានជាបណ្តាប្រទេសអភិវឌ្ឍន៍បានសម្រេចចិត្ត ចុះកិច្ចព្រមព្រៀងរួមមួយ នៅទីក្រុងតូក្យូ ដើម្បីកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ ប៉ុន្តែ ប្រទេសខ្លះបានបដិសេធចុះហត្ថលេខាលើអនុសញ្ញានេះ ជាពិសេសសហរដ្ឋអាមេរិក។ សូមប្រយ័ត្នថា ការចុះហត្ថលេខានេះពាក់ព័ន្ធតែនឹងការបញ្ចេញចោលសារធាតុពុលពីតាម រោងចក្រឧស្សាហកម្មប៉ុណ្ណោះ!។ ប៉ុន្តែ រោងចក្រមិនមែនជាប្រភពនៃការបញ្ចេញចោលតែមួយគត់នោះទេ នៅមានប្រភពជាច្រើនទៀត ដូចជាការបើកបររថយន្ត ការប្រើប្រាស់ម៉ាស៊ីនត្រជាក់...សូម្បីតែអាហារដែលយើងបរិភោគក៏ជា ចំណែកមួយនៃការធ្វើអោយមានកំណើនអាកាសធាតុផងដែរ។ តួយ៉ាង ការសិក្សាបានបង្ហាញថានៅសហរដ្ឋអាមេរិក ហេមប័រហ្គរបានចូលរួមចំណែកក្នុងការធ្វើអោយកើនកំដៅ ខ្លាំងជាងរថយន្ត។ តាមការពិត នៅក្នុងតំណាក់កាលនីមួយៗនៃការធ្វើនំហេមប័រហ្គរ មានផលប៉ះពាល់ទៅលើកំណើនកំដៅ ឧទាហរណ៍ ការចិញ្ចឹមគោបង្កើតបានជាសារធាតុមេតាន ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងទៅលើស្រទាប់អូហ្សូន...។ ដូចនេះ យើងគប្បីជិះរថយន្ត ដែលមិនសូវបំពុលបរិស្ថាន និងជៀសវាងការខ្ជះខ្ជាយផ្សេងៗ!។ កាសែតៈ តើលោកគិតថានៅប្រទេសកម្ពុជា គេយកចិត្តទុកដាក់ទៅលើការប្រឈមគ្រោះថ្នាក់ទាំងនេះដែររឺទេ? ហើយ តើមានការខិតខំប្រឹងប្រែងការពារបរិស្ថានដែររឺទេ? លោក ឡឹក សុវណ្ណ៖ ខ្ញុំមិនអាចបញ្ចេញទស្សនៈរបស់ខ្ញុំបាននោះទេ ព្រោះខ្ញុំរស់នៅប្រទេសបារាំង។ ប៉ុន្តែ តាមរយៈការតាមដានពីចម្ងាយមក ខ្ញុំគិតថាប្រជាជនកម្ពុជាមិនសូវជាមានការព្រួយបារម្ភចំពោះបរិស្ថាន នោះទេ។ ជាក់ស្តែង គេសង្កេតឃើញមានថង់បាស្ទិចនៅពាសពេញទូទាំងប្រទេស។ កាសែតៈ តើប្រទេសតូច ដូចជាប្រទេសកម្ពុជា ពិតជាអាចធ្វើអ្វីមួយបានដែររឺទេ? លោក ឡឹក សុវណ្ណ៖ ចម្លើយគឺពិតជាបាន! គ្រប់គ្នាត្រូវចូលរួមចំណែកការពារបរិស្ថាន។ ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នឹងធ្វើអោយស្ថានភាពកាន់តែល្អ ប្រសើរជាងមុន។ ពិតណាស់ ប្រសិនជាគេរៀបចំអោយមានសកម្មភាពក្នុងតំបន់ រឺ កាន់តែប្រសើរជាងនេះ នៅទូទាំងពិភពលោក គេនឹងអាចធានានូវការការពារបរិស្ថានបានយ៉ាងត្រឹមត្រូវ។ គេសង្កេតឃើញថាសកម្មភាពនេះមាននៅទ្វីបអឺរុប រឺអាមេរិកខាងជើង។ ប៉ុន្តែ ខ្ញុំមិនគិតថាករណីដូចគ្នានេះនឹងអាចកើតមានឡើងនៅទ្វីបអាស៊ី នោះទេ ព្រោះថាសូម្បីតែប្រទេសជប៉ុន រឺកូរ៉េខាងត្បូង ដែលទទួលរងគ្រោះពីបាតុភូតនេះ ក៏មិនមានដំណោះស្រាយថ្នាក់តំបន់ណាមួយ ជាមួយនឹងប្រទេសចិននោះឡើយ។ ដូចនេះ សម្រាប់អាស៊ាន គេក៏មិនគិតដល់បញ្ហានេះផងដែរ។
|
|
α’ααααααααααα- ទាំងអ្នកវិទ្យាសាស្ត្រទាំងអ្នកភូមិនាំគ្នាការពារធនធាន បាតសមុទ្រនៅកម្ពុជា (២៨-០៨-២០០៨) - វេជ្ជសាស្ត្របុរាណធ្វើអោយសត្វនិងរុក្ខជាតិទទួលរង នូវការគំរាមកំហែង (១៨-០៧-២០០៨) - ចំនួនផ្សោតទឹកសាបកម្ពុជាបន្តធ្លាក់ចុះ តែអ្នកវិទ្យាសាស្រ្តនៅតែមានសង្ឃឹម (០១-០៥-២០០៨) - Geres: រាល់ការធ្វើជំនួញគួរគិតពីបរិស្ថាន (១៧-០៤-២០០៨) - វិធីសាស្រ្តច្រើនយ៉ាងក្នុងការសម្របខ្លួនទៅនឹងឥទ្ធិពល នៃកំណើនអាកាសធាតុ (១១-១២-២០០៧) ជីវប្រវត្តិរបស់ ឡឹក សុវណ្ណ លោកឡឹក សុវណ្ណ កើតនៅខេត្តកំពង់ចាម នៅឆ្នាំ១៩៥២។ លោកបានទទួលសញ្ញាបត្របរិញ្ញាផ្នែកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យភ្នំពេញ នៅឆ្នាំ១៩៧៤។ មួយឆ្នាំក្រោយមក លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត១ នៅទីក្រុង Toulouse ប្រទេសបារាំង ហើយ៣ឆ្នាំក្រោយមក លោកបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Paul Sabatier។ សព្វថ្ងៃនេះ លោកគឺជាសាស្រ្តាចារ្យ និងអ្នកទទួលខុសត្រូវថ្នាក់អនុបណ្ឌិតវិជ្ជាជីវៈផ្នែក «Biostatistiques និង Modélisation» នៅសាកលវិទ្យាល័យ Paul Sabatier។ លោកនៅបន្តដឹកនាំការស្រាវជ្រាវលើផ្នែកអេកូឡូស៊ីនៃពពួកត្រី និងជីវៈចម្រុះ ជាមួយអ្នកស្រាវជ្រាវផ្សេងទៀត។ ចាប់តាំងពីឆ្នាំ២០០៣ លោកគឺជានាយកសាលាបណ្ឌិត សេវ៉ា (École doctorale Seva) (ផ្នែកវិទ្យាសាស្រ្តបរិស្ថាន ផ្នែកបសុព្យាបាល ក្សេត្រសាស្រ្ត និងជីវៈវិស្វកម្ម ) និងជាអ្នកទទួលខុសត្រូវកុ្រមការងារស្រាវជ្រាវ «មជ្ឈដ្ឋានក្នុងទឹក» នៅមន្ទីរពិសោធន៍ «ការវិវត្តន៍និងជីវៈចម្រុះ »។ លោកសាស្ត្រាចារ្យឡឹក សុវណ្ណ បានដឹកនាំកម្មវិធីស្រាវជ្រាវអឺរុបជាច្រើនស្តីពីផលប៉ះពាល់នៃ ការបំពុល និងកម្មវិធីកំណើនអាកាសធាតុ ស្តីពីប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ និងក្នុងទឹកសាប។ លោកក៏បម្រើការងារនៅប្រទេសម៉ារុក អាល់ហ្សេរី និងប្រទេសឆាដផងដែរ។ សព្វថ្ងៃនេះ ជនជាតិបារាំងដើមកំណើតខ្មែររូបនេះបានចូលរួមនៅក្នុងសិក្ខាសាលា មួយស្តីពីត្រីនៅទន្លេមេគង្គ ដែលរៀបចំឡើងនៅប្រទេសថៃ។
សន្និសីទមួយ ស្តីពីកំណើនអាកាសធាតុ នៅក្នុង ក្របខ័ណ្ឌសប្តាហ៍បរិស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ កញ្ញា នៅប្រទេសកម្ពុជា លោកបណ្ឌិត ឡឹក សុវណ្ណនឹងរៀបចំសន្និសីទមួយ ស្តីពីមូលហេតុ និងផលប៉ះពាល់នៃកំណើនអាកាសធាតុ ដោយមានការចូលរួមពីសំណាក់លោក Bernard Seguin ប្រធានស្រាវជ្រាវក្នុងអង្គភាព Agroclim de l’Inra d’Avignon នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាទីក្រុងភ្នំពេញ ថ្ងៃច័ន្ទ ទី១៥ កញ្ញា ពេលវេលាម៉ោង ៨ ដល់ម៉ោង១០ និយាយជាភាសាបារាំង និងនៅថ្ងៃព្រហស្បតិ៍ ទី១៨ កញ្ញា ពេលវេលាដូចគ្នា ដោយនិយាយជាភាសាខ្មែរ។
 សប្តាហ៍បរិស្ថាន សប្តាហ៍ បរិស្ថានជាលើកដំបូងនៅប្រទេស ដែលត្រូវបានផ្តួចផ្តើមរៀបចំធ្វើឡើងដោយស្ថានទូតបារាំងប្រចាំ ទីក្រុងភ្នំពេញ និងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ទី១៥ ដល់ថ្ងៃសៅរ៍ ទី២០ កញ្ញា នៅក្នុងទូទាំងប្រទេសកម្ពុជាទាំងមូល។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានដល់សាធារណៈទូទៅ និងជាពិសេសយុវជន និងសិស្សនិស្សិត រួមទាំងអង្គការ សហគ្រាស និងស្ថាប័នផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងការអភិរក្សបរិស្ថាន។ នៅក្នុងក្របខ័ណ្ឌនេះ គេមានគម្រោងរៀបចំកម្មវិធីជាច្រើន ដែលជាបឋម ការបញ្ចាំងខ្សែភាពយន្តស្តីពីបរិស្ថានជាលើកទីពីរ នៅមជ្ឈមណ្ឌលវប្បធម៌បារាំង។ សន្និសីទស្តីពីជីវៈជម្រុះ និងកំណើនអាកាសធាតុនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សិក្ខាសាលាសំដៅដល់និស្សិត និងអ្នកបម្រើការងារ ស្តីពីទំនួលខុសត្រូវសង្គមរបស់សហគ្រាស រៀបចំធ្វើឡើងនៅសាកលវិទ្យាល័យនីតិសាស្រ្ត វិទ្យាសាស្រ្តសេដ្ឋកិច្ច ការតាំងពិពណ៌វប្បធម៌សហគមន៍នៅក្នុងកប៉ាល់ លើដងទន្លេសាប ពិពណ៌នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានទូតអាល្លឺម៉ង់ និងនៅតាមសណ្ឋាគារជាច្រើន ទស្សនីយភាពនិងប្រតិបត្តិការបោសសំអាតនៅវត្តភ្នំ កម្មវិធីផ្សព្វផ្សាយព័ត៌មានដល់កុមារ...។ កម្មវិធីទាំងមូលមានដាក់បង្ហាញនៅលើវិបសាយ www.environment-week.org ដែលជាវិបសាយសហការជាមួយនឹងអង្គការ Géres និងរៀបចំឡើងដោយដៃគូសហការ កាសែត (ka-set.info) ។
|