Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:49 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គ្រុនផ្តាសាយបក្សីៈ កម្ពុជាមិនមានករណីឆ្លងមេរោគថ្មី?
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
05-06-2008
Image
សាឡា វីសាយ (កំពង់ធំ) ថ្ងៃទី១៧ សីហា ២០០៦ ផ្លូវឆ្ពោះទៅកាន់ខេត្តសៀមរាប 
© John Vink / Magnum
 
នៅព្រះរាជាណាចក្រកម្ពុជា ជំងឺគ្រុនផ្តាសាយបក្សីមានសភាពស្ងប់ស្ងាត់។ មិន​មានករណីថ្មីណាមួយ មិនថាកើតលើសត្វ រឺមនុស្ស ត្រូវបានប្រកាសជាផ្លូវការ​ទេ តាំងពីជាងមួយឆ្នាំមកនេះ។ បន្ទាប់ពីមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាច្រើន តើការរាតល្បាតនៃមេរោគ H5N1 ពិតជាលែងកើតមានទៀតហើយឬ? ការចំណាយថវិកាចំនួន១១លានដុល្លារសម្រាប់ផ្គត់ផ្គង់ដល់គម្រោងតាមដាន និងត្រួតពិនិត្យជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជា អាចបញ្ជាក់បានថាយុទ្ធនាការ​ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយប្រហែលជា​នឹងគ្មានថ្ងៃបញ្ចប់ដែរ។

 

៥ករណីនៅ​ប្រទេស​វៀតណាម ចំណែក​នៅកម្ពុជា​គ្មាន​
កាលពីថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០០៧ កុមារី​អាយុ​១៣ឆ្នាំ​ម្នាក់ ដែល​មាន​ដើម​កំណើត​​នៅភូមិមួយ​ នា​​ខេត្ត​កំពង់​ចាម ក្បែរ​នឹង​ព្រំដែន​វៀតណាម បាន​បាត់ជីវិត​នៅ​​មន្ទីរ​ពេទ្យ​គុន្ធបុប្ផា​ នាទីក្រុង​ភ្នំពេញ បន្ទាប់​​ពី​បាន​​សម្រាក​ព្យាបាល​ជំងឺ​រយៈពេល​​ពីរថ្ងៃមក​។ ក្រោយ​​ពី​ការ​វិភាគ​រោគ​លើក​ដំបូងមាន​លក្ខណៈ​គួរ​អោយសង្ស័យ​ គេ​ក៏​បាន​​​ធ្វើ​តេស្ត​ឈាម​ពិនិត្យ​រក​មេរោគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នា​ទីក្រុង​ភ្នំពេញ។ លទ្ធផល​បានអះអាង​​ថា​កុមារី​រូបនេះ​បាន​ឆ្លង​វីរុស​ H5N1។ ចាប់​តាំងពីកើត​មាន​ករណី​សោកនាដកម្ម​​ ដែល​ជា​ករណី​ឆ្លង​មកមនុស្ស​តែ​មួយ​គត់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៧ និង​ជា​ករណី​បាត់បង់​ជីវិត​​លើក​ទីប្រាំពីរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​​​មក គេ​មិន​ទាន់​​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​ថ្មី​ណា​មួយ​ មកលើ​មនុស្ស រួមទាំងសត្វ​​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នោះទេ។​ ចំណែក​ ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ជិតខាង​វិញ ​មាន​មនុស្ស​ស្លាប់​ចំនួន​ប្រាំ​នាក់​មកហើយ​​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៨​។

ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ថៃ និង​ឡាវដែរ ហាក់បីដូចជា​មិន​សូវ​​​ទទួល​រង​គ្រោះ​​ខ្លាំងក្លា​ពី​ជំងឺ​ដ៏​​កាច​​សាហាវនា​ដើម​សហសវត្ស​ថ្មីនេះទេ។ ប៉ុន្តែ អ្នក​ឯក​ទេស​​បាន​គូស​បញ្ជាក់ថា មេរោគ H5N1 មិន​បាន​រលត់​បាត់​ឡើយ​​។ លោក Sybille Rehmet អ្នក​ឯកទេស​សិក្សា​រោគ​រាត​ល្បាត​ ទទួល​បន្ទុក​តាមដាន​ និង​ប្រតិកម្ម​ទៅនឹង​ជំងឺឆ្លង នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅកម្ពុជា​ បាន​គូស​បញ្ជាក់ថា «រហូតមកទល់ថ្ងៃនេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់ចូលក្នុង​ចំណោម​​ប្រទេស​ដែលទទួល​រងគ្រោះ​ដោយសារជំងឺ​គ្រុនផ្តាសាយ​បក្សី។​ ការ​ដែលគ្មាន​ការ​ប្រកាស​ករណី​ថ្មី​ណា​មួយ​ ចាប់​តាំងពី​មួយ​ឆ្នាំមក​នេះ មិនមែនមាន​ន័យ​ថា​នឹងគ្មាន​ករណី​​ផ្សេង​កើត​ឡើង​នោះទេ»។​

គ្រោះថ្នាក់​មាន​កំរិត​តិចតួច ប៉ុន្តែ វាគឺជា​គ្រោះថ្នាក់​ពិត​ប្រាកដ​មួយ​
លោក Lotfi Allal ប្រធាន​ទីប្រឹក្សា​បច្ចេក​ទេស​កម្មវិធី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៃ​អង្គការ​​ស្បៀង​អាហារ ​និង​កសិកម្មសហប្រជា​ជាតិ​ (FAO) បាន​សង្កត់ធ្ងន់​ថា​ ​​«គ្រោះថ្នាក់​​នៅពេល​បច្ចុប្បន្ន​គឺទាប​ជាង​ពីឆ្នាំ​២០០៥ ឆ្នាំ​២០០៦ និងឆ្នាំ​២០០៧។ ប្រសិន​បើវាមិនធ្លាក់​ចុះ​ទេ គឺ​មាន​​ន័យ​ថា ​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​យើងពីមុន​មក​គ្មាន​បានការ​អីឡើយ»។​ លោក​បានបន្ថែម​ថា «ទោះបីជា​ករណីមាន​តិចតួច​បំផុត​ តែ​វា​នៅ​មាន​ដដែល​។ ហេតុដូច្នេះ ការ​តាម​ដាន​ត្រួតពិនិត្យត្រូវ​ដំណើរ​ការ​បន្ត​ទៀត​។ យើង​នឹង​មិនកាត់បន្ថយការ​ខិត​ខំប្រឹង​ប្រែង​របស់យើងធៀប​នឹង​បណ្តា​ឆ្នាំ​មុនៗ​​​នោះទេ ព្រោះ​យើង​នៅ​​​មិន​​ទាន់​រួច​ផុត​ពីគ្រោះថ្នាក់នៅឡើយ។ ជំងឺ​គ្រុន​ផ្តាសាយ​​បក្សី​អាច​កើត​មាន​ឡើង​ ពី​គ្រប់​​ទីកន្លែង​»។  

ជាការ​ពិតណាស់ ​កិច្ច​​ខិត​ខំប្រឹង​ប្រែងក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ​ និងវិធានការ​បង្ការ​គ្រុនផ្តាសាយបក្ស​នៅ​តែ​បន្ត​ធ្វើ​​។​ នៅ​លើ​ផ្នែកបសុព្យាបាល អង្គការ​FAO និង​ក្រសួង​កសិកម្ម​បានសហការ​​គ្នា​យ៉ាង​ស្អិត​រមួត ដោយ​បានរៀប​ចំ​ជា​​បណ្តាញ​ទីភ្នាក់ងារ​​បសុព្យាបាលនៅ​ថ្នាក់​មូល​ដ្ឋាន​​។ បណ្តាញ​​នេះ​​គឺជា​ «អ្នក​តាមដាន​» ដ៏ពិត​ប្រាកដសម្រាប់​​យុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មាន​នេះ​។ លោក Lotfi Allal បាន​បញ្ជាក់​ថា​ «ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ភ្នាក់​ងារ​បសុព្យាបាល​ភូមិ​ជិត​​៦ពាន់​នាក់​ត្រូវ​បានបណ្តុះបណ្តាល​ ហើយយើង​បានជួប​​ប្រជុំជាមួយនឹង​ប្រធាន​ភូមិ​ ដែល​បានចូលរួមមួយ​ថ្ងៃពេញ​ ​នៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​ទាំង​បួន​ថ្ងៃ»។ ដើម្បី​បំពេញ​ការងារ​នេះ កម្មវិធីប្រឆាំង​នឹងជំងឺ​គ្រុនផ្តាសាយ​បក្សី​របស់​អង្គការ​ FAO នៅកម្ពុជា មាន​ធនធាន​មនុស្ស​យ៉ាង​គ្រប់គ្រាន់​​ ពោលគឺ​​គ្រូប​ង្គោល​​ចំនួន​១០រូប និង​មាន​បន្ថែមជន​ជាតិ​បរទេស​ចំនួនប្រាំ​រូប​ទៀត បុគ្គលិក​គាំទ្រដល់ប្រតិបត្តិការ និង​ដៃគូមកពី​រដ្ឋាភិបាលជា​ច្រើន​រូប​ទៀត​ ដែល​​​ចុះ​ធ្វើ​អន្តរាគមន៍​ទាំង​២៤ខេត្ត​-ក្រុង​ ក្នុង​ប្រទេស​។​

នៅលើ​ផ្នែក​ធនធាន​មនុស្ស​​  ក្រសួង​សុខាភិបាល​បានអនុវត្ត​យុទ្ធសាស្រ្ត​ប្រហាក់​​ប្រហែលនេះ​ តាម​រយៈ​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ធ្វើ​​ការ​​​​បណ្តុះ​បណ្តាល​ភ្នាក់ងារ​សុខាភិបាល​គ្រប់​ជាន់ថ្នាក់​​​​។ លោក​វេជ្ជបណ្ឌិត​ Rehmet បានពន្យល់ថា​ «យើង​​ធ្វើការបណ្តុះបណ្តាលដល់​មន្ត្រី​​​សុខាភិបាល​​នៅ​តាម​​មន្ទីរពេទ្យ​ស្រុក​ និង​ខេត្ត​ ជា​ពិសេស។ ជាក់​ស្តែង វគ្គ​បណ្តុះ​បណ្តាល​​មួយ​ទើប​​តែត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយ​ប្រមូល​ផ្តុំ​​អ្នកចូលរួម​ចំនួន​៧០នាក់ ដើម្បី​ពង្រឹង​​សមត្ថភាព​វិភាគ ​​និងព្យាបាល​នៅ​ក្នុង​​មន្ទីរ​ពេទ្យ ព្រោះ​ប្រសិនបើអ្នកអាច​រក​ឃើញ​​មេរោគ​ និង​ព្យាបាល​​បានឆាប់​ ភ័ព្វ​​សំណាងនៃ​ការ​​ជា​ស្បះ​ស្បើយ​កាន់​តែ​​ច្រើន​ឡើង»។

ម្យ៉ាង​វិញទៀត គេ​កំពុង​តែ​ធ្វើ​​​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មានដល់ប្រជាពលរដ្ឋ​​ដោយ​ផ្ទាល់​​​។​ ជា​ការ​​ពិត​ណាស់ ប្រជាពលរដ្ឋ​ពិត​ជា​មិន​អាច​ថា​មើល​មិន​ឃើញ​ពី​ផ្ទាំង​រូបភាព​របស់«ស៊ុបភើ​មាន់»​​ដែល​ជា​អាវុធ​ដ៏សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​គ្រុនផ្តាសាយបក្សី , ខិត្តប័ណ្ណ​ណែនាំ​កុំ​អោយ​​កុមារ​លេង​ជាមួយ​បក្សី លាង​ដៃ ឬ​ចម្អិន​អាហារ​អោយ​បានឆ្អិនល្អ ឬក៏​ស៉្បត​ផ្សាយ​តាម​ទូរទស្សន៍​និង​តាមវិទ្យុ ដែល​សហការ​ផ្តល់​ហិរញ្ញវត្ថុដោយ​អង្គការ​យូនីសេហ្វ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា នោះ​ឡើយ។
​បន្ថែម​ពីលើ​យុទ្ធនាការជា«ទ្រង់​ទ្រាយ​ធំ»​នេះ គេ​បានរៀបចំកម្មវិធី​ផ្សេងៗ​នៅ​តាម​មូល​ដ្ឋាន​ ដូចជា​ការ​សំដែង​ឆាក​កំប្លែង ដោយ​ក្រុម​ល្ខោន​ (រហូត​មក​ទល់​ថ្ងៃនេះ​ មាន​ការ​​សំដែង​៥៥លើក​រួច​មកហើយ​)  រឺ​ក៏​វេទិកា​របស់អ្នកភូមិ​ ដែល​ធ្លាប់​បាន​រៀ​ប​ចំរួច​មក​ហើយនៅ​​​ខេត្ត​តាកែវ កំពង់ចាម និង​ស្វាយរៀង ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​។​

វិធានការ​ចាំបាច់មួយផ្សេង​ទៀត គឺការ​ត្រួត​ពិនិត្យ​បក្សី​ទេសន្តប្រវេសន៍​ ព្រោះថា​បក្សី​ទាំង​នោះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​​ជា​កត្តា​មួយ​​ដ៏គ្រោះថ្នាក់​នៃការ​ចម្លង​មេរោគ​។​ សមាគម​អភិរក្ស​សត្វព្រៃឈ្មោះ Wildlife Conservation Society (WCS) មានតួនាទី​តាម​ដានករណី​ ក្រោម​​ជំនួយ​ឧបត្ថម្ភ​របស់អង្គការ​ FAO។ ចាប់ពីខែ​វិច្ឆិកា​ ឆ្នាំ​២០០៧ មកទល់​ខែមេសា ​ឆ្នាំ​២០០៨ តាម​រយៈសមាគម​នេះ គេ​​បាន​បញ្ជូន​​ដប​ឈាមចំនួន​៧៥០ ដែល​បូម​យក​ពីសត្វ​បក្សីជាង​១០០​ប្រភេទ​ ​ទៅ​​កាន់វិទ្យាស្ថាន​ស្រាវ​ជ្រាវ​​ NaVRI ។ ប៉ុន្តែ​រាល់​សត្វបក្សី​ទាំង​អស់​នោះ សុទ្ធ​​តែ​មិន​មាន​ផ្ទុក​មេរោគ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា មាន​«ប្រព័ន្ធ​ក្រៅ​ផ្លូវ​ការ​មួយ​» ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ពង្រឹង​​ប្រព័ន្ធ​នៃការ​តាម​ដាន​នៅ​តាម​​​​តំបន់​ដែល​ការ​ព្យាបាល​ពិបាក​ទៅដល់ និងតំបន់​ដែលមាន​​ប្រជាជនសុខចិត្ត​​ទៅព្យាបាលជំងឺ​តាម​គ្លីនិក​ឯក​ជន រឺទៅ​​ព្យបាល​ជម្ងឺ​ជាមួយ​នឹង​គ្រូខ្មែរ​​។ «គោល​ការណ៍​នេះគឺ​ជា​ការ​អោយ​មាន​បង្កើត​សេវាកម្ម​ពិគ្រោះយោបល់តាមទូរស័ព្ទ​៖ លោក​អ្នក​អាច​ទូរស័ព្ទ​​មក​បាន​ ប្រសិនជា​លោកអ្នក​កត់សម្គាល់​ឃើញ​ថាមាន​​ភាព​​​មិនស្រួល មាន​ជំងឺ​ខុស​ប្លែក​ពីធម្មតា និង​មាន​ការ​សង្ស័យ​ជាដើម។ ប្រសិនជា​ព័ត៌មាន​របស់លោក​អ្នក​មាន​លក្ខណៈ​សម​ស្រប​ យើង​នឹង​ចុះ​ទៅត្រួត​ពិនិត្យ​ដល់ទីកន្លែង​។ វិធានការ​នេះ​អាច​ជួយ​ទប់ទល់​​ដល់​ភាព​​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ផ្លូវការ​។ គេ​ក៏អាច​​រាយការណ៍​រាល់​​ករណីសង្ស័យ​មក​ទីភ្នាក់​ងារ​សុខាភិបាល​​ប្រចាំមូល​ដ្ឋាន​ដោយ​ផ្ទាល់​ផង​ដែរ។​»

វិធានការ​ទាំងនេះ​កាន់​តែ​ភាព​រឹងមាំ​ថែម​ទៀត ក្រោយ​ពី​មាន​​ការ​ដាក់អោយ​ដំណើរ​ការ​ជា​បន្ទាន់​នូវ​​កម្មវិធី​​តាម​ដាន​និង​ត្រួត​ពិនិត្យ​ជំងឺគ្រុនផ្តាសាយ​បក្សី នៅ​ចុង​​ខែ​មីនា​ឆ្នាំ​២០០៨ ហើយគ្រោង​នឹង​បញ្ចប់​​នៅខែធ្នូ ឆ្នាំ​២០១១ ក្រោម​ជំនួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន​១១លាន​ដុល្លាររបស់​ធនាគារ​ពិភព​លោក ប្រទេស​ជប៉ុន និង​សហភាព​អឺរុប។ កម្មវិធីនេះនឹង​ធ្វើ​សកម្មភាព​លើ​បីផ្នែក គឺ​ផ្នែក​បសុព្យាបាល សុខភាព​មនុស្ស និង​ផលវិបាក​នៃ​ម៉ាក្រូសេដ្ឋកិច្ច។

តើអ្វី​បានជា​មិនមាន​ករណីថ្មី​ណាមួយ​ត្រូវ​បាន​គេ​រក​ឃើញ​ ខណៈ​ពេល​ដែល​បណ្តាញ​ត្រួត​ពិនិត្យ​ជម្ងឺ​គ្រុន​ផ្តាសាយ​បក្សី​មាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​?​ «លោក​ Sybille Rehmet បានបញ្ជាក់​ថា​​ មាន​មូល​ហេតុ​ពីរ​យ៉ាង​ ​ក្នុង​ការ​ឆ្លើយ​​សំណួរ​នេះ​ នោះ​គឺ​ ​ពិត​ជាមិនមាន​ករណីថ្មី​ណាមួយ​នៅលើ​ទឹក​ដី​ប្រទេស​កម្ពុជា​ប្រាកដ​មែន​ រឺ​មួយក៏​ករណី​ទាំង​នោះ​មិនត្រូវ​បានគេ​​រកឃើញ​។ យើ​ងកំពុង​តែ​ធ្វើការ​សិក្សា​​នៅ​ត្រ​ង់​ចំណុច​ទីពីរ។ លោក​ Etienne Careme ​អ្នក​សម្រប​សម្រួល​កម្មវិធី​ជម្ងឺ​គ្រុន​ផ្តាសាយ​បក្សី​ប្រចាំ​FAO បាន​បន្ថែម​ត្រង់​ចំណុច​នេះ​ថា «មិនមាន​មូលហេតុ​អ្វីដែលត្រូវ​លាក់​លៀម​ពីករណី​ឆ្លង​មេរោគ​នោះទេ»។ អ្នក​ភូមិ​បាន​ទទួល​​សារ​ប្រកាស​ពីវិធានការ​​បង្ការ​ទុក​ជាមុន​នេះ ហើយការ​​ចូល​រួម​យ៉ាងសកម្ម​របស់​ពួកគេ​មានភាព​ចាំបាច់យ៉ាង​ខ្លាំង​»។ លោក​ស៊ន សាន នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​​ NaVRI មាន​មតិ​យោបល់​ថា​៖ «យើង​បានធ្វើការ​​ផ្សព្វផ្សាយព័ត៌មាន​យ៉ាង​​ទូលំទូលាយ​​ ហើយ​ប្រជាពលរដ្ឋ​​កាន់តែ​យល់ច្បាស់​​ពី​បញ្ហា​នេះ​»។

«សរុបមក កាល​ដែល​មិន​មាន​ករណី​ថ្មី​នេះ​អាចចោទ​​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​អោយ​បាន​ច្បាស់​លាស់​។​ ប្រសិនជា​ជម្ងឺរាតល្បាត​មួយ​បានផ្ទុះឡើង​នៅក្នុង​ថ្ងៃណាមួយ ជម្ងឺ​នោះ​ប្រហែល​ជានឹង​កើត​​មាននៅក្នុង​តំបន់​។ ប៉ុន្តែ គេមិនត្រូវ​ភិត​ភ័យ​នោះទេ គេ​ត្រូវ​ត្រៀម​លក្ខណៈអោយ​បានល្អ។ ប្រសិន​​ជា​ជម្ងឺរាតល្បាត​មិន​កើត​មាន​ឡើង កិច្ច​ខិត​ខំប្រឹងប្រែង​នាពេល​នេះ​ នឹង​ជួយ​កែ​សម្រួល​ប្រព័ន្ធ​តាម​ដានសុខភាព​​ទូទៅរបស់រដ្ឋ​ និងត្រៀម​​ប្រឈមមុខនឹង​ការ​គំរាមកំហែង​ផ្សេង​ទៀត​។  សព្វថ្ងៃនេះ យើងសង្កត់ធ្ងន់​​លើ​ជម្ងឺគ្រុន​ផ្តាសាយ​បក្សី ព្រោះ​វីរុស​ប្រភេទ​នេះ​កើត​ចេញ​ពី​បក្សី​ដែលជា​​ចំណីអាហារបម្រុង​ទុក​ ហើយ​មាន​សឹង​តែ​គ្រប់ទីកន្លែង។ ប៉ុន្តែ ការគំរាមកំហែង​លើក​ក្រោយ​អាច​ជា​ជម្ងឺ​ផ្សេង​ ដូចជា ជម្ងឺ​អាសន្នរោគ ជាដើម។ លោក​បាន​ Sybille Rehmet អ្នក​ឯក​ទេស​​សិក្សា​រោគ​រាត​ល្បាត បាន​សន្និដ្ឋាន​ថា «យើង​នឹង​ខិត​ខំប្រឹង​ប្រែង​ទប់​ទល់​ប្រឆាំង​នឹង​ជម្ងឺ​ផ្សេង​ទៀត​»។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ទឹកប្រាក់ចំនួន ១១លានដុល្លារសម្រាប់ជួយ​
ដល់​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង​នឹងជម្ងឺគ្រុន​ផ្តា​
សាយ​បក្សី
»
- «ដល់​ពេល​ចាំបាច់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​
គ្រុន​ចាញ់
​​»


 

ជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជាៈ ចាប់តាំងពីឆ្នាំ​២០០៥ មានជនរងគ្រោះចំនួន៧នាក់

-ខែមករា ២០០៤: ជំងឺគ្រុនផ្តាសាយបក្សីបាន​កើតមានឡើងនៅទ្វីបអាស៊ី។ ថ្ងៃទី២៦ ខែ​មករា ប្រទេសកម្ពុជាបាន​ប្រកាសករណី​ឆ្លង​មក​សត្វលើដំបូង នៅក្នុងកសិដ្ឋានចិញ្ចឹម​សត្វ​មួយ​កន្លែង​នាទីក្រុងភ្នំពេញ។ មានករណី​ឆ្លងជំងឺ​ផ្សេងៗ​ទៀតលើសត្វត្រូវបាន​ប្រកាសជាបន្ត​បន្ទាប់​នៅក្នុងឆ្នាំនេះ ជាពិសេស​នៅតំបន់​ភ្នំ​តាម៉ៅ និងនៅតាមខេត្តកណ្តាល សៀមរាប កំពង់​ចាម និងតាកែវ។

-ថ្ងៃទី២ កុម្ភៈ ២០០៥: ករណីឆ្លង​មកមនុស្ស​លើក​ដំបូងត្រូវបានប្រកាសជាផ្លូវការ។ ស្ត្រី​អាយុ២៥ឆ្នាំម្នាក់ មកពីខេត្តកំពត បានបាត់បង់​ជីវិត​នៅក្នុងរយៈពេលបីថ្ងៃ បន្ទាប់ការ​ប្រកាស​នេះ។

-ថ្ងៃទី២២ មីនា ២០០៥: បុរសអាយុ​២៨ឆ្នាំ​ម្នាក់មកពីខេត្តកំពត បានបាត់បង់ជីវិត

-ថ្ងៃទី៧ មេសា ២០០៥: កុមារីអាយុ៨ឆ្នាំម្នាក់ មកពីខេត្តកំពត បានបាត់បង់ជីវិត

-ថ្ងៃទី១៩ មេសា ២០០៥: បុរសអាយុ២០​ឆ្នាំម្នាក់ មកពីខេត្តកំពត បានបាត់បង់ជីវិត

-ថ្ងៃទី២១ មីនា ២០០៦: កុមារីអាយុ៣ឆ្នាំម្នាក់ មកពីខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត

-ថ្ងៃទី៥ មេសា ២០០៦: កុមារាអាយុ១២ឆ្នាំ​ម្នាក់​មកពីខេត្តព្រៃវែងបានបាត់ជីវិត

-ថ្ងៃទី៥ មេសា ២០០៧: មនុស្សទី៧ និងជា​អ្នកចុងក្រោយដែលឆ្លងវីរុស H5N1 ត្រូវបាន​ប្រកាសជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ កុមារី​អាយុ១៣ឆ្នាំម្នាក់ មកពីខេត្តកំពង់ចាម បាន​បាត់​បង់ជីវិត។


ករណីឆ្លងមកមនុស្សចុងក្រោយបំផុតនៅក្នុង​តំបន់
-នៅប្រទេសវៀតណាម មានករណី​មនុស្ស​បានឆ្លងវីរុស H5N1ចំនួនប្រាំនាក់ ដែល​​ត្រូវ​បាន​គេប្រកាសអោយដឹងចាប់ពីថ្ងៃទី២៤ មករា ​មក​ដល់ថ្ងៃទី១៨ មីនា ២០០៨។ សរុប​ចាប់​តាំង​ពីឆ្នាំ២០០៣មក មានករណី​មនុស្ស​ឆ្លង​មេរោគ​ចំនួន១០៦នាក់ ដែលក្នុងនោះ ៥២​នាក់​បានបាត់បង់ជីវិត
-នៅប្រទេសថៃ មិនមាន​ការប្រកាស​ករណី​ឆ្លង​មកលើមនុស្សនោះទេ ចាប់តាំងពីមាន​បុរស​អាយុ​៥៩ឆ្នាំម្នាក់បានបាត់បង់ជីវិត កាល​ពីថ្ងៃ​ទី១០ សីហា ២០០៦មក។ ចាប់​តាំងពីឆ្នាំ​២០០៤ មានករណីមនុស្សឆ្លង​មេរោគចំនួន​២៥នាក់ ដែលក្នុងនោះ ១៧នាក់​បានបាត់​បង់​ជីវិត
-នៅប្រទេសឡាវ មិនមានករណីឆ្លងមក​មនុស្ស​ថ្មីណាមួយត្រូវបានគេរកឃើញនោះទេ ចាប់តាំងពីមានស្រ្តីអាយុ៤២ឆ្នាំម្នាក់ បានបាត់​បង់ជីវិតកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៦មក។ នេះគឺជាករណីឆ្លងលើកទីពីរ នៅក្នុងប្រទេស​ចាប់​តាំងពីឆ្នាំ២០០៥មក។

នៅលើវិបសាយ
-ព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការសុខភាពពិភព លោកស្តីពីករណីមនុស្សឆ្លងវីរុស H5N1ថ្មីនៅ​លើ​ពិភពលោក។
-សេចក្តីប្រកាសព័ត៌មាននិងឯកសារស្តីពី​គម្រោង​ប្រុងប្រយ័ត្ននិងត្រួតពិនិត្យ ជំងឺគ្រុន​ផ្តាសាយ​បក្សីនៅកម្ពុជា នៅលើវិបសាយ​របស់​ធនាគារ​ពិភពលោក
-MEDiCAM គឺជាអង្គការដែល​ប្រមូលផ្តុំដោយ​អង្គការ​ក្រៅរដ្ឋាភិបាលផ្សេងៗ ដើម្បី​ចូលរួម​អន្តរាគមន៍នៅក្នុងវិស័យសុខាភិបាលនៅ​កម្ពុជា​។ MEDiCAM បានចេញផ្សាយព្រឹត្តិប័ត្រ​ប្រចាំ​សប្តាហ៍ស្តីពីជំងឺគ្រុនផ្តាសាយបក្សី ដែលរៀប​ចំឡើង​ដោយ​ទីភ្នាក់ងារនៃអង្គការ​សហ​ប្រជា​ជាតិ​​ប្រចាំនៅកម្ពុជា។ MEDiCAM ក៏បាន​ផ្សព្វ​ផ្សាយ​ទិន្នន័យនៅតាមមណ្ឌលសុខភាពនានា ដើម្បីបង្ការ និងព្យាបាលជំងឺគ្រុនផ្តាសាយបក្សី
-Influenza aviaire (ជំងឺគ្រុនផ្តាសាយ​បក្សី) : ព័ត៌មានចុងក្រោយរបស់អង្គការ​ស្បៀង​អាហារ​និងកសិកម្មនៃអង្គការ​សហ​ប្រជា​ជាតិស្តីពីវីរុស H5N1 នៅក្នុងពិភពលោក។