
ក្រុងព្រះសីហនុ (កម្ពុជា) : កំណប់មានជីវិតនៅលាក់ខ្លួនក្នុងបាតសមុទ្រកម្ពុជា ដូចជាខ្យងសមុទ្រឥតសំបកដ៏ស្រស់ស្អាតនេះជាដើម © Paul Ferber / Dive Shop Cambodia ពពុះទឹកយក្ស សេះសមុទ្រដ៏ក្រម៉ិចក្រមើម ខ្យងសមុទ្រឥតសំបកចម្រុះពណ៌ ផ្កាថ្ម.... បាតសមុទ្រនៅឆកក្រុងព្រះសីហនុនៅមានកំណប់មានជីវិតមួយចំនួន ក្នុងចំណោមនោះមានប្រភេទសត្វសមុទ្រកម្រៗយ៉ាងច្រើន។ ប៉ុន្តែតើវានៅសល់ដល់ពេលណា ? ជាយូរមកហើយ ប្រទេសកម្ពុជាបានព្រងើយកន្តើយនឹងបេតិកភ័ណ្ឌដ៏អស្ចារ្យទាំងនេះ ដោយសារខ្វះមធ្យោបាយ និងរវល់តែខ្វល់ខ្វាយនឹងការចិញ្ចឹមជីវិត ជាហេតុធ្វើអោយបេតិកភ័ណ្ឌនេះបាត់បង់ទៅពីមួយទៅមួយថ្ងៃ។ ធនធានទាំងនេះរងគ្រោះនៃការបំផ្លាញដោយសារការនេសាទ ដែលមិនអាចអោយសត្វ និងរុក្ខជាតិសមុទ្ររីកលូតលាស់។ ការអភិរក្សធនធានសមុទ្រកម្ពុជាគឺជាការងារបន្ទាន់មួយ ហើយដំណាក់ការទី១នៃការងារនេះគឺត្រូវធ្វើបញ្ជើសារពើភ័ណ្ឌ។ វាគឺជាការងារដែលក្រុមអ្នកជាប់ចិត្តនឹងធនធានបាតសមុទ្រចង់ធ្វើ ក្រោមការផ្តួចផ្តើមរបស់ក្លឹបអ្នកជ្រមុជទឹកនៅក្រុងព្រះសីហនុ និងគាំទ្រពីខ័ណ្ឌរដ្ឋបាលនេសាទ។ គោលបំណងគឺវាយតម្លៃតាមបែបវិទ្យាសាស្រ្តពីការគំរាមកំហែងទៅលើធនធានបាតសមុទ្រទាំងនេះ ហើយរៀបចំតំបន់អភិរក្សទៅថ្ងៃអនាគត។
នៅមានសង្ឃឹមសម្រាប់សង្គ្រោះឆកក្រុងព្រះសីហនុ គេគ្រាន់តែអានអត្ថបទមួយចំនួននៅក្នុងកិច្ចពិភាក្សាតាមអ៊ិនធឺណែតស្តីពីការជ្រមុជទឹក គឺគេអាចយល់បានពីរឿងនេះ។ ឆកក្រុងព្រះសីហនុមិនមានកេរ្តិ៍ឈ្មោះល្អសម្រាប់អ្នកចូលចិត្តជ្រមុជទឹកក្នុងបាតសមុទ្រទេ ហើយពួកគេចូលចិត្តតំបន់នៅថៃជាង។ អ្នកស្រឡាញ់ប្រទេសកម្ពុជាមួយចំនួនតែងតែស្តាប់ឮការអធិប្បាយមិនសូវជាកោតសរសើរប៉ុន្មានទេចំពោះតំបន់បាតសមុទ្រកម្ពុជា។ គេតែងតែឮពាក្យថា«ធនធានបាតសមុទ្រកម្ពុជាមានការខូចខាត» «ពុំសូវមានអ្វីមើល» «មានតែដីខ្សាច់» «មិនសូវមានពពួកសត្វច្រើន» ឬក៏មិនអីចឹងទេ គេមិននិយាយដល់ថ្នាក់នេះទេ តែគឺខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះថាធនធានបាតសមុទ្រនៅក្រុងព្រះសីហនុបានធ្លាក់ចុះប្រាកដណាស់ ប៉ុន្តែនៅមិនទាន់បាត់បង់ទាំងស្រុងទេ។ នេះជាការជឿជាក់របស់លោកប៉ូល ហ្វែរប៊ែរ អ្នកគ្រប់គ្រងក្លឹប Dive Shop Cambodia (DSC)។ ជនជាតិអង់គ្លេសម្នាក់នេះគឺជាអ្នកផ្តើមគំនិតគម្រោងស្រាវជ្រាវ និងអភិរក្សពពួកសត្វ និងរុក្ខជាតិសមុទ្រនៅកម្ពុជា។
លោកពន្យល់ដោយរីករាយថា៖ «យើងនៅឃើញមានប្រភេទសត្វនិងរុក្ខជាតិកម្រជាច្រើននៅក្នុងសមុទ្រកម្ពុជា ដែលនៅកន្លែងផ្សេងមិនងាយនឹងបានឃើញឡើយ។ ជាពិសេសគឺមានសត្វសេះសមុទ្រប្លែកៗ យ៉ាងហោចក៏៥ប្រភេទខុសៗគ្នាដែរ សត្វខ្យងគ្មានសំបកកម្រ និងប្រភេទផ្កាថ្មដ៏ស្រស់ស្អាត»។
ធនធានបាតសមុទ្របន្តធ្លាក់ចុះ លោកប៉ូល ហ្វែរប៊ែរ បានមកក្រុងព្រះសីហនុនេះពីរឆ្នាំមកហើយ បន្ទាប់ពីស្នាក់នៅភូកេត ប្រទេសថៃបានជាង៣ឆ្នាំមក។ លោកមានសញ្ញាប័ត្រ«Dive Master» (អ្នកដឹកនាំក្រុមអ្នកជ្រមុជទឹក)តាំងពីឆ្នាំ១៩៩៨មក។ លោកមានអារម្មណ៍លើសពីភ្ញាក់ផ្អើលទៅទៀតនៅពេលលោកបានជ្រមុជទៅក្នុងបាតសមុទ្រកម្ពុជាជាលើកដំបូង។ លោកបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ដីនិងសមុទ្រកម្ពុជា។ នៅពេលនោះ លោកមានអារម្មណ៍ប្រៀបដូចជារូបលោកគឺជាសត្វត្រីកំពុងហែលទឹកលេងអីចឹង។  ក្រុងព្រះសីហនុ (កម្ពុជា) : ខ្យងសមុទ្រឥតសំបក © Paul Ferber / Dive Shop Cambodia
ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំមកនេះ អ្នកជ្រមុជទឹករូបនេះបានសង្កេតឃើញថា ការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើងដោយសារការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកនេសាទ។ ធនធានបាតសមុទ្រដ៏មានតម្លៃបានប្រែក្លាយជាដីខ្សាច់រហោស្ថាន«ត្រងោលឆឹល»តែម្តង រីឯពពួកសត្វផ្សេងៗវិញកាន់តែក្រទៅៗ។ ការនេសាទដោយប្រើថ្នងជ្រៅៗបានកោសយកអ្វីៗទាំងអស់ដល់បាតដី ហើយជាទូទៅ ឧបករណ៍ប្រភេទនេះគឺអនុញ្ញាតអោយប្រើតែក្នុងតំបន់កំណត់ប៉ុណ្ណោះ។ បន្ថែមលើនេះ ការប្រើប្រាស់គ្រឿងផ្ទុះ ឬក៏ការប្រើបច្ចេកទេសគ្មានការជ្រើសរើសត្រឹមត្រូវគឺធ្វើអោយប្រភេទសត្វនេសាទបានគ្មានអនាម័យមិនអាចបរិភោគបានហើយក៏ត្រូវចាក់ចោលចូលក្នុងសមុទ្រ...កត្តាទាំងអស់នេះបានធ្វើអោយធនធានបាតសមុទ្រថយចុះបន្តិចម្តងៗ។ លោកសោកស្តាយថា៖«ធនធាននេះនៅសល់តិច ពីមុនយើងឃើញមានសត្វសេះសមុទ្រពី២០ទៅ៣០ក្បាលក្នុងពេលជ្រមុជទឹកម្តង។ បច្ចុប្បន្ន យើងឃើញមានមិនដល់១០ក្បាលផង»។
ធ្វើបញ្ជីសារពើភ័ណ្ឌប្រព័ន្ធអេកូសាស្រ្តតាមបែបវិទ្យាសាស្រ្ត អ្នកជ្រមុជទឹក និងអ្នកនេសាទជាច្រើនបានសង្កេតឃើញពីការធ្លាក់ចុះនៃធនធានបាតសមុទ្រទាំងនេះ។ ប៉ុន្តែការសង្កេតមើលនឹង«ភ្នែក»ធម្មតាមិនអនុញ្ញាតអោយគេអាចវាយតម្លៃបានច្បាស់លាស់ពីទំហំនៃការខូចខាត និងមូលហេតុពិតបានទេ ហើយវាក៏មិនអាចអោយគេដឹងមានអ្វីខ្លះ នៅអាចស្រោចស្រង់បាន និងថាតើត្រូវស្រោចស្រង់យ៉ាងដូចម្តេច។ ទិន្នន័យស្តីពីស្ថានភាពរុក្ខជាតិ និងសត្វនៅក្នុងសមុទ្រកម្ពុជាមិនមែនថាគ្មានសោះនោះទេ តែវាមានតិចតួចណាស់។ នៅឆ្នាំ ២០០០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្លាប់បានរៀបចំធ្វើជំរឿនលើធនធានសមុទ្រ តាមរយៈជំនួយរបស់ជប៉ុន និងសាំងហ្កាពួរ។ នៅឆ្នាំ២០០៤ ការសិក្សាមួយទៅលើផ្កាថ្មបានផ្តល់ព័ត៌មានដំបូងៗជាច្រើន។ ប៉ុន្តែដោយសារខ្វះមធ្យោបាយ កម្មវិធីទាំងនេះមិនត្រូវបានធ្វើឡើងវិញទេ ទោះវាសំខាន់សម្រាប់នយោបាយអភិរក្សក៏ដោយ។
ដូច្នេះលោកប៉ូល ហ្វែរប៊ែរ និងអតិថិជនម្នាក់របស់លោក គឺជីវវិទូបារត៍ គ្លូសគែន អ្នកជំនាញខាងបរិស្ថានក្នុងទឹក ក៏មានគំនិតបង្កើតក្រុមតូចមួយដែលទទួលបន្ទុកធ្វើបញ្ជីសារពើភ័ណ្ឌលើធនធានបាតសមុទ្រនៅក្រុងព្រះសីហនុ។ លោកបារត៍ពន្យល់ថា៖ «គោលបំណងគឺប្រមូលផ្តុំអ្នកស្ម័គ្រចិត្ត ជាពិសេសគឺអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យឯកទេសខាងសត្វនិងរុក្ខជាតិសមុទ្រ មករួមគ្នាជាមួយកម្លាំងស្នូលដ៏រឹងមាំមួយ ដើម្បីបង្កើតជាក្រុមតាមដានធនធានបាតសមុទ្រ ហើយប្រមូលទិន្នន័យសំខាន់ៗសម្រាប់អោយអាជ្ញាធរ»។ លោកគឺជាជនជាតិហូឡង់ លោកមកធ្វើការនៅកម្ពុជាអោយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ទៅលើកម្មវិធីសង្គ្រោះផ្សោតទឹកសាប។
សម្រាប់ពេលនេះ ក្លឹប DSC ផ្តល់ជាទូក សម្ភារៈ និងធនធានមនុស្សចាំបាច់មួយចំនួនសម្រាប់ដឹកនាំប្រតិបត្តិការធ្វើជំរឿននេះ ដោយធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរជាតិ ដើម្បីដំណើរការគម្រោងនេះយូរអង្វែង។ នៅដើមខែកក្កដា ដោយសហការជាមួយប្រធានរដ្ឋបាលនេសាទ ការបណ្តុះបណ្តាលមួយនឹងត្រូវធ្វើឡើង តាមរយៈការបើកសម្ពោធន៍ការស្រាវជ្រាវដំបូង។  ក្រុងព្រះសីហនុ (កម្ពុជា) : សេះសមុទ្រ © Paul Ferber / Dive Shop Cambodia លោកប៉ូលគូសបញ្ជាក់ថា៖ «វាគឺជាការបោះជំហានយ៉ាងវែងមួយរួចទៅហើយដែលយើងអាចបង្កើតកម្មវិធីប្រមូលទិន្នន័យ។ អាជ្ញាធរគ្មានមធ្យោបាយធ្វើបានទេ ប៉ុន្តែយ៉ាងហោចអាជ្ញាធរបានបង្ហាញថា ខ្លួនមានឆន្ទៈដែរ។ អ្វីដែលយើងអាចធ្វើបានសម្រាប់ពេលនេះ គឺផ្តល់ព័ត៌មានពីអ្វីដែលធ្វើបានដើម្បីការពារធនធានបាតសមុទ្រនៅកម្ពុជា។ ដោយសារខ្វះទិន្នន័យ វាពិបាកនឹងដឹងបញ្ហាច្បាស់»។ លោកបារត៍បន្ថែមថា៖ «យ៉ាងហោចវានឹងអាចជាសញ្ញាប្រកាសអាសន្ន ដោយផ្អែកលើភស្តុតាងដ៏គួរអោយទុកចិត្ត»។
ការពង្រីកបណ្តាញតាមដាន នៅពេលបណ្តាញនេះត្រូវពង្រឹង ជាពិសេសតាមរយៈមហាវិទ្យាល័យនានានៅអាស៊ីដូចជាមហាវិទ្យាល័យសាំងហ្កាពួរជាដើម ដំណាក់ការក្រោយនឹងផ្តោតលើការស្វែងរកធនធាន(លុយ) ដើម្បីរ៉ាប់រងការតាមដានជាប្រចាំ ដែលអាចអោយគេធ្វើការប្រៀបធៀបទិន្នន័យពីមួយថ្ងៃទៅមួយថ្ងៃ ហើយចាត់វិធានការសមស្របណាមួយ។
ដោយមិនរង់ចាំលទ្ធផលនៃការស្រាវជ្រាវ លោកប៉ូល និងលោកបូរ៉ា បុគ្គលិកជនជាតិខ្មែរនៅក្លឹប DSC ដែលមានសញ្ញាប័ត្រ «Dive Master» និងកំពុងរៀបចំខ្លួនក្លាយជាអ្នកចុះទៅបង្រៀនតាមសហគមន៍នៅភូមិម៉ៃប៉ៃ កោះរូងសន្លឹម ដើម្បីបង្កើតតំបន់អភិរក្ស។ នៅក្នុងតំបន់នេះ អ្នកនេសាទតែ ៥០គ្រួសារដែលរស់នៅទីនោះប៉ុណ្ណោះ ត្រូវគេអនុញ្ញាតអោយនេសាទ ដោយប្រើបច្ចេកទេសមិនបំផ្លាញដល់ជីវិតសត្វនិងរុក្ខជាតិ ហើយរក្សាលំនឹងធនធានក្នុងបាតសមុទ្រ។ លោកប៉ូលរៀបរាប់ថា៖ «អ្នកភូមិក៏សង្កេតឃើញដែរថា បរិមាណត្រីថយចុះ។ ដូច្នេះ ពួកគេស្នើបង្កើតតំបន់នេសាទកំណត់មួយ។ ប្រធានភូមិបង្ហាញភាពរីករាយយ៉ាងខ្លាំង ហើយក្រុមអ្នកភូមិជាអ្នកតាមដាន»។ មិនដល់៦ខែផង បែបបទចាំបាច់ទាំងមូលត្រូវបានបំពេញរួចរាល់ ខណៈពេលដែលនីតិវិធីប្រភេទនេះធម្មតាត្រូវស៊ីពេលរាប់ឆ្នាំ... បច្ចុប្បន្ន សំណុំឯកសារគឺស្ថិតនៅលើតុរបស់រដ្ឋបាលនេសាទ។  បញ្ចូលសហគមន៍អ្នកភូមិក្នុងគម្រោង ប្រតិបត្តិការសំខាន់ផ្សេងៗទៀត ដូចជាការសម្អាតឆ្នេរខ្សាច់ សហការជាមួយអង្គការដែលធ្វើការជាមួយកុមារតាមចិញ្ចើមថ្នល់ និងការសម្អាតបាតសមុទ្រជាដើម(ប្រតិបត្តិការលើកក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃ២០ កញ្ញា នៅក្នុងឱកាសទិវាអន្តរជាតិសម្អាតបាតសមុទ្រ ដែលបង្កើតឡើងដោយគម្រោង Aware) ក៏ត្រូវបានធ្វើឡើងផងដែរ។
សម្រាប់ក្លឹបអ្នកជ្រមុជទឹក ពោលគឺក្លឹប DSC ការធ្វើទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋានគឺជារបៀបមួយដើម្បីអាចទទួលបានទំនុកចិត្តពីពួកគេ ហើយធ្វើអោយយើងប្រាកដថាសត្វ និងរុក្ខជាតិសមុទ្រដែលពួកគេធ្វើពាណិជ្ជកម្មអាចបន្តជីវិតបាន។ លោកប៉ូលសារភាពថា៖ «យើងក៏ត្រូវទទួលខុសត្រូវមួយចំណែកដែរនៅក្នុងការធ្លាក់ចុះនៃធនធានបាតសមុទ្រនេះ»។ ពិតណាស់ថា អ្នកជ្រមុជទឹកយកចិត្តទុកដាក់មិនធ្វើអោយប៉ះពាល់ដល់បរិស្ថានមែន ក៏វាមិនមែនបានន័យថាសកម្មភាពពួកគេគ្មានផលប៉ះពាល់នោះដែរ : «មានពេលខ្លះទូកអ្នកនេសាទបើកតាមទូកអ្នកជ្រមុជទឹក ដើម្បីរកកន្លែងសម្បូរត្រី» នេះជាការពន្យល់របស់ជនជាតិអង់គ្លេសខាងលើ។ តែលោកមិនតាំងខ្លួនធ្វើជាអ្នកណែនាំអ្វីទេ... តាមពិតទៅ វាគឺជាវិធីមួយរបស់លោកដើម្បីរម្លឹកថា បញ្ហាអភិរក្សធនធានបាតសមុទ្រកម្ពុជាគឺខ្ពស់ហួសពីសមត្ថភាពរបស់អ្នកទេសចរធម្មតាដែលគ្រាន់តែចង់ដើរស្វែងរករូបភាពល្អៗ។ |