|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ααα Ros Dina | | | 10-04-2008 | បៃលិន ថ្ងៃ ១៩ មករា ២០០៨ នៅតាមផ្លូវសំខាន់នៃអតីតទឹកដីរបស់ ពួកខ្មែរក្រហម, ឡានដឹកទំនិញបង្ហុយដីទ្រលោមពេញផ្លូវ ©John Vink/ Magnum ប្រជាជននៅទីក្រុងប៉ៃលិនដឹងច្បាស់លើសពីច្បាស់ទៅទៀតថា ពួកគេគឺជាធូលីដី និងប្រែក្លាយជាធូលីដី... នៅទីក្រុងនេះជីវិតប្រព្រឹត្តិទៅនៅក្នុងដុំពពកនៃធូលីដីជាប្រចាំ។ នេះហើយគឺជាវាសនាដែលអ្នករស់នៅក្រុងប៉ៃលិនសម្របខ្លួនទទួលយកយ៉ាងលំបាក។ អតីតបន្ទាយខ្មែរក្រហម ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ប្រមូលផ្តុំ អត្រានៃការកើតជំងឺផ្តាសាយខ្ពស់បំផុត ហើយជារៀងរាល់ថ្ងៃ យាន្តជំនិះគ្រប់ប្រភេទដែលបើកបរយ៉ាងល្បឿននៅលើផ្លូវដីគ្មានក្រាលកៅស៊ូនៅក្នុងទីក្រុងនេះ បានធ្វើឲ្យស្ថានភាពរឹតតែអាក្រក់ឡើង។
ឡានដឹកទំនិញមួយបានបើកបរទៅមុខយ៉ាងលឿន ដោយបង្ហុយដីឡើងទៅលើយ៉ាងទ្រលោមមកស្រោចពីលើអ្នកជិះម៉ូតូនៅខាងក្រោយ។ អ្នកដំណើរទាំងនេះប្រឡាក់ដី ឡើងស្រម៉កតាំងពីក្បាលរហូតដល់ចុងជើង ពួកគេប្រឹងដកដង្ហើមទាំងលំបាក នៅក្រោមរបាំងម៉ាស់ការពារមុខធ្វើពីក្រណាត់។
ក្នុងមួយថ្ងៃប្រើម៉ាស់អស់ពីរ លោក ផែន វិចិត្រ អ្នករត់ម៉ូតូឌុបម្នាក់ និយាយថា ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ជួបនូវការលំបាក។ យុវជនអ្នកខេត្តបាត់ដំបងរូបនេះបានមករស់នៅទីក្រុងប៉ៃលិន៥ឆ្នាំមកហើយ ហើយស្រូបយកធូលីដីតាំងព្រឹកទល់ល្ងាច ពីថ្ងៃច័ន្ទដល់អាទិត្យ។ «ចាប់តាំងពីខ្ញុំមករកស៊ីនៅទីក្រុងនេះមក ជំងឺក្អកផ្តាសាយដើរតាមខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅដល់!» វិចិត្រនិយាយឡើងដោយដកដង្ហើមធំគ្មានកម្លាំងកំហែង។ ប៉ុន្តែវិចិត្រមិនដែលចេញពីផ្ទះដោយអត់ពាក់ម៉ាស់ការពារនោះទេ។ «ខ្ញុំមានម៉ាស់៥ទុកគ្រាន់ផ្លាស់ប្តូរ។ គឺចាំបាច់ត្រូវតែមាន ពីព្រោះខ្ញុំប្រើម៉ាស់ពីរក្នុងមួយថ្ងៃ!»។
ក្អកផ្តាសាយពេញមួយឆ្នាំ អ្នកប៉ៃលិនទាំងអស់រស់នៅក្នុងស្ថានភាពដូចៗគ្នា។ ហ៊ុល ម៉ាលី អ្នកលក់នំនិងភេសជ្ជៈម្នាក់ដែលមានតូបនៅតាមបណ្តោយផ្លូវជាតិ១០ រស់នៅក្រោមអ័ព្ទធូលីយ៉ាងក្រាស់។ ម៉ាលីពន្យល់ថា ជំងឺក្អកផ្តាសាយតែងតែកើតមកលើក្រុមគ្រួសារគាត់មិនសូវលោះទេ ថ្ងៃណា ក៏ថ្ងៃលេបថ្នាំដែរ ។ ស្រ្តីវ័យ៥០ឆ្នាំប្លាយរូបនេះរៀបរាប់ថា ៖ «នៅពេលខ្ញុំទៅលេងបងប្អូនឯខេត្តកំពង់ចាមម្តងៗ ខ្ញុំបានបបួលក្មួយៗមកលេងប៉ៃលិន។ តែពួកគេប្រកែកភ្លាម ពួកគេថាប៉ៃលិនដីហុយពេក!»។
ធូលីដីបន្ថែមបន្ទុកចំណាយមួយទៅលើប្រជាពលរដ្ឋ។ ស្រេង ផល្លា អ្នករត់ម៉ូតូឌុបម្នាក់ អះអាងថា គាត់ចំណាយប្រាក់៥០បាត ស្មើនឹង១,២៥ដុល្លារ (ប្រាក់បាតមានការនិយមប្រើប្រាស់ជាងប្រាក់រៀល និងដុល្លារនៅក្នុងតំបន់ជាប់ព្រំដែនថៃនេះ) ក្នុងមួយសប្តាហ៍ដើម្បីទិញថ្នាំ។ លោកមានប្រសាសន៍ដោយអស់សង្ឃឹមថា ៖ «មានពេលខ្លះលុយខ្ញុំរកបានត្រូវអស់ទៅវិញទៅលើការទិញថ្នាំដើម្បីព្យាបាលក្អក ឈឺក្បាល និងភ្នែកឡើងក្រហមដោយសារធូលីដី...» ។
ម៉ូដមិនចេះហួសសម័យ សុខ រ៉េត ឆ្លៀតយកផលចំណេញពីដីហុយនេះ។ តើផលិតផលនាំមុខរបស់អ្នកលក់ដូរនៅចំកណ្តាលក្រុងប៉ៃលិននេះគឺជាអ្វី? គឺម៉ាស់! ម៉ាស់ថោកបំផុត គឺតម្លៃ៥០០រៀល និងមួយពាន់រៀលសម្រាប់ម៉ាស់មានគុណភាពល្អ។ អ្នកស្រីអះអាងដោយគ្មានការភ្ញាក់ផ្អើលថា «ខ្ញុំលក់អោយអ្នករត់ម៉ូតូឌុប» ។ អ្នកស្រីបានអោយដឹងទៀតថា អ្នកស្រីលក់ម៉ាស់ដាច់ខ្លាំងនៅរដូវចូលឆ្នាំខ្មែរ ជាពេលដែលទីក្រុងនេះពោរពេញទៅដោយភ្ញៀវទេសចរដែលចង់ស្វែងយល់ពីអតីតតំបន់ខ្លាំង របស់ខ្មែរក្រហមមួយនេះ ព្រោះជាតំបន់ ដែលត្រូវបានដួលរលំចុងក្រោយគេ បន្ទាប់ពីប៉ុល ពត ស្លាប់នៅខែមេសា ១៩៩៨ បានប៉ុន្មានខែ។
តំបន់ដែលតម្រូវអោយពាក់ម៉ាស់ លោកវេជ្ជបណ្ឌិត សៀក រតនៈ ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ៃលិន បានលើកឡើងពីគ្រោះថ្នាក់នៃធូលីដីដ៏សន្ធឹកសន្ធាប់នេះ។ លោកបានពន្យល់ថា«វាមានផ្ទុកមេរោគគ្រប់ប្រភេទដូចជា ផ្តាសាយ របេង និងពពួកបាក់តេរីជាច្រើនទៀត...។ នៅពេលធូលីហុយឡើងទៅលើ មេរោគទាំងនេះអាចឆ្លងទៅមនុស្សជាច្រើន។ ដូច្នេះហើយបានជាក្រសួងសុខាភិបាលបានចាត់វិធានការសុំអោយប្រជាពលរដ្ឋ ពាក់ម៉ាស់ជាដាច់ខាត។ វាអាចការពារពួកគេបាន៥០%ដែរ»។ លោកវេជ្ជបណ្ឌិត បានលើកឡើងម្តងទៀតថា ប៉ៃលិនមិនមែនជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់ ទាំងស្រុងដោយធូលីដីនោះទេ។
ខាងក្រៅ និងខាងក្នុង គ្មានអ្វីអាចបញ្ឈប់ដំណើររបស់ធូលីដីបានឡើយ វាហុយទៅដល់គ្រប់ទីកន្លែង មិនថានៅកន្លុកកន្លៀតណាក្នុងផ្ទះនោះទេ។ ម្ចាស់ផ្ទះតូចៗដែលសង់តម្រៀបគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភ្ជាប់ពីសាលាក្រុងប៉ៃលិនទៅខេត្តបាត់ដំបង ដឹងតែពីកាន់អំបោស និងអំបោសរោមសត្វ។ ការងារបោសជូតនេះស្ទើរតែក្លាយទៅជារឿងមួយខានមិនបាន។
អ្នកស្រីហ៊ុល ម៉ាលី លើកដៃឡើងលើបង្ហាញពីភាពនឿយណាយនៅពេលនិយាយពីបញ្ហានេះ។ «បើទោះជាបោសជូតផ្ទះបួនប្រាំដងក្នុងមួយថ្ងៃ ក៏នៅតែមានដីដែរ!»។ ដើម្បីការពារគ្រែអ្នកស្រីពីធូលីដី អ្នកស្រីមិនដែលស្រាយមុងចេញឡើយ។ ដូច្នេះមុងអ្នកស្រីមានមុខងារការពារដល់ទៅពីរយ៉ាង។
អាជ្ញាធរព្រងើយកន្តើយ អ្នកស្រីហ៊ុល ម៉ាលី រអ៊ូរទាំថា ៖ «អាជ្ញាធរមិនដែលអើពើនឹងបញ្ហានេះទេ ពីព្រោះពួកគេជិះឡានមានម៉ាស៊ីនត្រជាក់ បិទកញ្ចក់ជិតឈឹង។ ដីមិនអាចទៅប៉ះនឹងច្រមុះពួកបានឡើយ! មើលផ្ទះ«ប៉ៃលិន៥៥៥» របស់លោកអភិបាលក្រុងប៉ៃលិនចុះ នៅពីមុខផ្ទះនោះ គេធ្វើដីទួលដល់ទៅពីរកន្លែងដើម្បីអោយម៉ូតូឡានបន្ថយល្បឿន...!»។ អ្នកស្រីគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលជឿលើកម្មវាសនាបានអោយរហស្សនាមក្រុងប៉ៃលិនថា «ទីក្រុងដីហុយ»។ ការជិនណាយនឹងឡានដឹកទំនិញ ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននៃឃុំចំបក់ និងឃុំត្នោត ខេត្តតាកែវ ក្តៅក្រហាយយ៉ាងខ្លាំងនឹងការឆ្លងកាត់ឥតស្រាកស្រាន្តរបស់ឡានដឹកថ្មរបស់ក្រុមហ៊ុនមួយនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកគេ។ ឡានទាំងនេះ បានពន្លិចភូមិឃុំរបស់ពួកគេទៅក្នុងសមុទ្រនៃធូលីដីអស់រយៈពេល១០ឆ្នាំមកហើយ។ ពាក្យបណ្តឹងជាច្រើនដែលត្រូវបានដាក់ទៅអាជ្ញាធរនានាគ្មានបានលទ្ធផលអ្វីទេ។ តែអំឡុងពេលពីរសប្តាហ៍មកនេះ ពួកគេបានចាត់ការដោយខ្លួនឯង ដោយបានដាក់របងថ្ម និងមែកឈើនៅលើផ្លូវ ដើម្បីកុំអោយឡានដឹកថ្មទាំងនេះបើកកាត់។ លោកយុគ សុង អ្នកតវ៉ាម្នាក់ដែលនឿយណាយនឹងរឿងដីហុយនេះ បានពន្យល់ថា ៖ «អោយតែរដូវក្តៅ គឺដូចឋាននរកអីចឹង! ជួនកាល យើងត្រូវបង្ខំចិត្តទៅបរិភោគបាយឆ្ងាយពីផ្ទះ បើសិនជាយើងមិនចង់ហូបជាមួយដីទេនោះ»។ ប្រធានឃុំទាំងពីរបានទាមទារអោយក្រុមហ៊ុនក្រាលកៅស៊ូ ព្រោះកន្លងមកក្រុមហ៊ុនស្រោចតែទឹកនៅលើផ្លូវ ហើយពួកគេស្រោចទាំងត្បិតត្បៀតមិនទាំងជោគល្អផងទេ។ លោកហេង ហុង ប្រធានឃុំត្នោត រៀបរាប់ថា អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនបានសន្យាពាំនាំបណ្តឹងរបស់ ប្រជាពលរដ្ឋទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ហើយថាគាត់នឹងត្រឡប់មកវិញក្រោយចូលឆ្នាំខ្មែរ ដោយនាំមកនូវចម្លើយមួយសម្រាប់អ្នកភូមិ។ ក្នុងអំឡុងពេលរង់ចាំនេះ រថ យន្តរបស់ក្រុមហ៊ុនត្រូវធ្វើដំណើរតាមផ្លូវវាងផ្សេងមួយទៀត ដើម្បីធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្ត។ |
|
|