|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| នៅពេលដែលក្រុងភ្នំពេញពោរពេញដោយខ្យល់កខ្វក់ |
| ααα ស្ទេហ្វានី ហ្សេ និងរស់ ឌីណា | | | 19-06-2008 |
ភ្នំពេញ ថ្ងៃទី ២០ មីនា ១៩៩៩ ផ្លូវជាតិលេខ១ ផ្លូវចេញពីរាជធានីភ្នំពេញ © John Vink / Magnum រដ្ឋបាលសាធារណៈ សន្តិសុខ ជម្លោះដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខភាព ថាមពល វិស័យឯកជន ... សុទ្ធតែមានបង្ហាញនៅក្នុងរបាយការណ៍ឆ្នាំ២០០៥-២០០៨ របស់សាលាក្រុងភ្នំពេញដែលចេញផ្សាយជាសាធារណៈកាលពីចុងខែឧសភា។ ប៉ុន្តែគួរអោយឆ្ងល់ គេមិនឃើញមាននិយាយពីបញ្ហាបរិស្ថាននៅក្នុងរបាយការណ៍នោះឡើយ។ ទោះយ៉ាងណា នៅក្របមុខសន្លឹកទី៤ សាលាក្រុងបានរម្លឹកអំពីពានរង្វាន់លេខមួយដែលខ្លួនទទួលបាននៅក្នុងកិច្ចប្រជុំកំពូលស្តីពីបរិស្ថានរបស់បណ្តាសាលាក្រុងនៅអាស៊ីប៉ាស៊ីហ្វិក កាលពីឆ្នាំ២០០៦ ដែលប្រព្រឹត្តទៅនៅប្រទេសអូស្រា្តលី និងនៅក្នុងវេទិកាអន្តរជាតិស្តីពីការដឹកនាំនាឆ្នាំ២០០៧ នៅទីក្រុងឡុងដ៍ ក្រោមប្រធានបទស្តីពីបរិស្ថាន។ ប៉ុន្តែរង្វាន់ទាំងនេះបានលាក់បាំងនូវការពិតមួយ។ តាមពិតទៅ ជាមួយនឹងប្រជាជន១,៥លាននាក់ និងរថយន្តរាប់សិបពាន់ដែលកើនឡើងជានិច្ចនោះ រាជធានីកម្ពុជា កំពុងជួបបញ្ហាដូចនៅក្នុងទីក្រុងធំៗដែរ គឺការបំពុលបរិយាកាស។
ការសង្កេតឃើញមិនអាចប្រកែកបាន លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ ធ្លាប់បានទទួលស្គាល់កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៧ នាឱកាសវេទិកាអន្តរជាតិស្តីពីការដឹកនាំល្អ ដែលប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ថាចរាចរណ៍ផ្លូវគោកកើនឡើងនៅតែចោទជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងក្រុងរបស់លោក។ លោកបានបង្ហើបពីចំនួនរថយន្តប្រមាណ ១៣០ ០០០ គ្រឿង និងម៉ូតូ ៧០០ ០០០ គ្រឿង ហើយលោកក៏បានលើកឡើងផងដែរពីប្រព័ន្ធ«មិនសមស្រប»នៃការដឹកជញ្ជូនសាធារណៈ (គំនិតផ្តួចផ្តើមជាច្រើនទទួលបរាជ័យ) និងអវត្តមាននៃការថែទាំរួម ទាំងការគ្រប់គ្រងបណ្តាញផ្លូវថ្នល់«ត្រឹមត្រូវ»។ លោកអភិបាលសាលាក្រុងភ្នំពេញបានបន្ថែមអោយដឹងទៀតថា ទាក់ទងនឹងបញ្ហានេះ «ផ្លូវថ្នល់ជិត៣០%ក្នុងក្រុង (ប្រវែង ៤ ៨០០គីឡូម៉ែត្រ) មិនត្រូវបានក្រាលកៅស៊ូនោះឡើយ។ វាបង្កអោយមានធូលីហុយ...» ។
បន្ថែមពីលើកត្តាខាងលើទាំងនេះ នៅមានការនិយមរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រព័ន្ធហ្គាស និងប្រព័ន្ធបុរាណ និងគ្រោះថ្នាក់ផ្សេងទៀត (ដូចជាម៉ាស៊ីនភ្លើងដែលនៅតែមានប្រើច្រើនដោយសារបណ្តាញអគ្គិសនីនៅខ្វះខាត) ព្រមទាំងផ្សែងពុលបង្កឡើងពីការដុតសំរាមផងដែរ។ ក្រៅពីនោះ ក៏នៅមានការបញ្ចេញជាតិពុលពីរោងចក្រថែមទៀត ហើយដែលភាគច្រើនប្រមូលផ្តុំនៅជាយក្រុង។
របាយការណ៍ចុងក្រោយរបស់ក្រសួងបរិស្ថាន ចេញផ្សាយកាលពីចុងខែឧសភា បានចង្អុលបង្ហាញពីប្រភពចំនួន១ ៣៥៧ នៃការបំពុលបរិស្ថានដែលគេរកឃើញនៅទីក្រុងភ្នំពេញ (រោងចក្រ កន្លែងរកស៊ី កន្លែងប្រមូលសំរាម គ្រឹះស្ថានទេសចរណ៍ ...) «ប្រភពចំនួន៣០៨ត្រូវបានគេបង្ហាញថាមានជាតិពុល»។ ប៉ុន្តែ ក្រសួងមិនបានប្រកាសអាសន្នអ្វីនោះទេ ដោយអះអាងថា កម្រិតនៃការបំពុលស្ថិតនៅក្រោមអត្រាដែលគេវាយតម្លៃថា«គ្រោះថ្នាក់»។
វិធានការជាច្រើន លើកកម្ពស់ស្ថានភាពផ្លូវថ្នល់ គ្រប់គ្រងចរាចរណ៍អោយបានល្អដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថែមទីធ្លាពណ៌បៃតង និងដើមឈើនៅតាមបណ្តោយផ្លូវថ្នល់ជាមួយនឹងទិសដៅក្រុងមួយ«ផ្ទៃបៃតង៣០% » ត្រួតពិនិត្យស្ថានភាពរថយន្ត និងការប្រើប្រេងឥន្ធនៈ... គំនិតជាឆន្ទៈដ៏ល្អ (ទិសដៅក្នុងការលុបបំបាត់ការប្រើប្រាស់រាល់វត្ថុគ្រោះថ្នាក់ដល់ស្រទាប់អូហ្សូននៅឆ្នាំ២០១៥...) បែបនេះ គឺមានមិនខ្វះទេ រីឯធនធានមនុស្ស និងវិធីអនុវត្តវិញគឺមានប៉ុន្តែ... ប៉ុន្តែកម្ពុជាគឺជាហត្ថលេខីក្នុងអនុសញ្ញាជាច្រើនទាក់ទងនឹងបរិស្ថានបរិយាកាស ដូចជាអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរធាតុអាកាស អនុសញ្ញាប្រឆាំងនឹងវាលរហោស្ថានីយកម្ម ឬក៏ពិធីសារក្យូតូជាដើម។
រថយន្តត្រូវគេមើលឃើញថាជាដើមហេតុនៃការបំពុលបរិស្ថាន ជាមួយការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាជន ការនាំចូលរថយន្តកើនឡើងឥតឈប់ឈរ។ ជាក់ស្តែង យោងតាមលោកប៉ែន ស៊ីម៉ន ប្រធានគយ «រថយន្តពី ២០ ០០០ ដល់ ២៥ ០០០ គ្រឿងត្រូវបាននាំចូលមកកម្ពុជាក្នុងមួយឆ្នាំៗ ចាប់តាំងពីឆ្នាំ២០០៥មក»។ លោកគូសបញ្ជាក់ថា ឆ្នាំ២០០៧ ចំនួនរថយន្តកើនឡើងដល់ប្រមាណ ៣០ ០០០ គ្រឿង។ ប៉ុន្តែ មានតែ២០%ក្នុងចំណោមរថយន្តនាំចូលទាំងនេះប៉ុណ្ណោះដែលជារថយន្តថ្មី...
យោងតាមលោកអ៊ូច ចាន់ដារ៉ា ប្រធានផ្នែកត្រួតពិនិត្យបច្ចេកទេសនៅនាយកដ្ឋានដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន «មានរថយន្តតែ២០%ប៉ុណ្ណោះដែលឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេស(ឆៀក)»។ លោកពន្យល់ថា ជាទូទៅ គឺសុទ្ធសឹងជាម្ចាស់រថយន្តថ្មីៗព្រោះគេចង់បានផ្លាកលេខ ដែលតម្រូវធ្វើជាគូនឹងការត្រួតពិនិត្យបច្ចេកទេស។ អ្នកទទួលខុសត្រូវរូបនេះគូសបញ្ជាក់ថា៖ «បន្ទាប់ពីនោះ គឺយើងលែងឃើញមុខពួកគេតែម្តង! មានតែរថយន្តដឹកទំនិញប៉ុណ្ណោះដែលត្រឡប់មករកយើងម្តងទៀត...យើងមិនអាចបង្ខំពួកគេបានឡើយ ហើយពួកគេមិនចង់មកធ្វើការត្រួតពិនិត្យនេះទេ ព្រោះវាអស់លុយហើយ ហើយវាអាចនាំអោយពួកគេត្រូវជួសជុលរថយន្តទៀត»។
តាមពិតទៅ គ្មានច្បាប់ណាមួយចែងអោយធ្វើការផាកពិន័យលើអ្នកប្រព្រឹត្តល្មើសនោះទេ។ លោកសារភាពថា៖ «យើងអាចត្រឹមធ្វើការណែនាំពួកគេ តាមរយៈការពន្យល់អោយពួកគេយល់ពីការការពារបរិស្ថានប៉ុណ្ណោះ»។ លោកបានលើកឡើងថា ការប្រើរថយន្តមួយដែលបានចរាចរណ៍ប៉ុន្មានឆ្នាំមកហើយនោះ វាគ្មានបញ្ហាទេ ប៉ុន្តែគឺការថែទាំវាទៅវិញទេដែលជាបញ្ហា។ លោកបានសន្និដ្ឋានថាការយកចិត្តទុកដាក់របស់ប្រជាជនលើបញ្ហានេះមានតិចតួចបំផុត នៅពេលដែលពួកគាត់ខ្វល់ខ្វាយតែពីរឿងក្រពះនោះ។
បើទោះជាការដឹកជញ្ជូនគឺជាដើមហេតុសំខាន់នៃការបំពុលបរិយាកាសក៏ដោយ ក៏ការកើនឡើងនៃការប្រើប្រាស់វាមិនមែនជាដើមហេតុធំនោះទេ តែមូលហេតុធំគឺភាពចាស់ជរារបស់រថយន្តទាំងនោះ។ បើយោងតាមសភាពាណិជ្ជកម្មបារាំងកម្ពុជា រថយន្តជជុះគ្របដណ្តប់លើទីផ្សារកម្ពុជាចំនួន៩០%។
ទោះយ៉ាងណា ស្ថានភាពអាចមានការវិវត្តន៍ទៅថ្ងៃអនាគត។ លោកចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញ កាលពីថ្ងៃច័ន្ទ ទី១៦មិថុនានេះ ពីបំណងរបស់លោកក្នុងការហាមឃាត់ការនាំចូលរថយន្ត និងម៉ូតូផលិតមុនឆ្នាំ២០០០ ចាប់ពីថ្ងៃនេះតទៅ ដើម្បីអោយកម្ពុជាឈប់ក្លាយជាធុងសំរាមសម្រាប់ចោលរថយន្តចាស់ៗ ដែលបង្កអោយបំពុលបរិស្ថាន។
ការបំពុលបរិយាកាសដែលត្រូវគេសិក្សា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ អនុក្រិត្យមួយស្តីពីការបំពុលបរិយាកាស និងការបំពុលដោយសំឡេង បានលេចចេញជារូបរាងឡើង ដោយកំណត់ស្តង់ដារគុណភាពខ្យល់ និងការកម្រិតការបំភាយប្រភពអចល័ត និងចល័តនៃការបំពុលបរិស្ថាន និងគ្រោងធ្វើអធិការកិច្ចលើប្រភពនៃការបំពុលទាំងឡាយ និងការដាក់ទណ្ឌកម្មលើអ្នកបំពុល។ រហូតមកដល់ពេលនេះ ទីក្រុងភ្នំពេញមានទីតាំង៤កន្លែងដែលត្រូវគេរកឃើញថាបង្កការបំពុលបរិយាកាសសំខាន់ជាងគេតាំងពីឆ្នាំ២០០០មក គឺនៅរង្វង់ទួលគោក រង្វង់មូលក្បាលថ្នល់ រង្វង់មូលស្តាតអូឡាំពិក និងផ្លូវកាត់គ្នារវាងមហាវិថីព្រះមុនីវង្ស និងហ្សាលដឺហ្គោល។ លោកហេង ណារ៉េត ប្រធាននាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាននៅក្រសួងបរិស្ថាន ពន្យល់ថា ៖ «ការវិភាគត្រូវបានធ្វើឡើងតែ១ខែម្តង ហើយមានតែអាំងឌីកាទ័របញ្ជាក់គុណភាពខ្យល់តែបីប៉ុណ្ណោះត្រូវគេគិត គឺកាបូនម៉ូណូអុកស៊ីត ឧស្ម័នស៊ុលភួឌីអុកស៊ីត និងនីត្រូហ្សែនឌីអុកស៊ីត»។
ការវិភាគមិនច្បាស់ ក្រៅពីការធ្វើអធិការកិច្ចប្រចាំខែដែលក្រុមការងារលោកចុះធ្វើនៅក្នុងរោងចក្រ ការបំពុលបរិយាកាសដោយសារមធ្យោបាយដឹកជញ្ជូនក៏បានទាញចំណាប់អារម្មណ៍របស់នាយកដ្ឋានរបស់លោកដែរ។ ប៉ុន្តែ លោកខ្វះខាតសម្ភារៈ។ លោកហេង ណារ៉េត អះអាងថា៖ «បើតាមការវិភាគទិន្នន័យដែលយើងបានធ្វើ យើងស្ថិតនៅក្រោមខ្សែបន្ទាត់ព្រួយបារម្ភ»។ លោកបានទស្សន៍ទាយពីការកើនឡើងនៃចំនួនអាំងឌីកាទ័រ ហើយវានឹងជំរុញសមត្ថភាពនៃការធ្វើវិភាគកាន់តែខ្ពស់ឡើង។ នៅក្នុងអំឡុងនៃការពិភាក្សាគ្នា លោកបានទទួលស្គាល់ថា ទិន្នន័យដែលទទួលបាន គឺមិនប្រាកដទេ។ ដោយសារថាការកត់ត្រាដោយដៃធ្វើឡើងក្រុមការងារលោកគឺធ្វើនៅពេលចរាចរណ៍មិនសូវអ៊ូរអនោះ លោកបន្ថែមថា៖ «ដើម្បីបានលទ្ធផលច្បាស់ យើងត្រូវប្រើឧបករណ៍ត្រួតពិនិត្យអាតូម ដែលស្ទង់ខ្យល់បានគ្រប់ម៉ោង»។ ប៉ុន្តែ ឧបករណ៍វិភាគមួយថ្លៃជត២០ ០០០ ដុល្លារ។ លោកហេង ណារ៉េត បានដាក់សំណើសូមការជួយឧបត្ថម្ភទៅកាន់រដ្ឋាភិបាល ហើយបានអំពាវនាវសុំដល់បណ្តាប្រទេសម្ចាស់ជំនួយ។ រហូតមកដល់ពេលនេះ លោកមិនទាន់បានចម្លើយនៅឡើយទេ។ ក្នុងអំឡុងពេលរង់ចាំ លោកមានតែសង្ឃឹមទៅលើការអប់រំប្រជាពលរដ្ឋមួយចំនួនដែលក្រីក្រតែមានភាពហ្មត់ចត់ អោយពាក់ម៉ាសប៉ុណ្ណោះ។ វាជារបាំងដ៏ទន់ខ្សោយមួយទប់ទល់នឹងការបំពុលកម្រិតធំ ដែលជាដើមហេតុនៃជំងឺផ្លូវដង្ហើមជាច្រើន។ |
|
|