|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| វេជ្ជសាស្ត្របុរាណធ្វើអោយសត្វនិងរុក្ខជាតិទទួលរង នូវការគំរាមកំហែង |
| ααα ស្ទេហ្វានី ហ្សេ | | | 18-07-2008 |
ប្រាសាទព្រះវិហារ (ប្រទេសកម្ពុជា) ថ្ងៃទី៩ មីនា ២០០៨៖ តម្រូវការសត្វព្រៃក្នុងស្រុក ដែលប្រមាញ់បានពីក្នុងព្រៃ ដើម្បីយកទៅធ្វើជាឱសថបុរាណ មានចំនួនច្រើន នៅតំបន់ព្រំដែនជាប់ប្រទេសថៃ © ចន វីង ប្រជាជនកម្ពុជានៅតែស្រងាកចិត្តយ៉ាងខ្លាំង ចំពោះសេវាសុខភាពសាធារណៈ ហើយពួកគេបែរជាមកចាប់អារម្មណ៍លើវិស័យឯកជន រឺជ្រើសរើសព្យាបាលជំងឺរបស់ខ្លួន ជាមួយនឹងវេជ្ជសាស្រ្តបុរាណ ដែលមានតម្លៃថោក ងាយស្រួលរកទិញបាន និងមានប្រសិទ្ធភាពខ្ពស់។ យោងតាមការសិក្សាមួយ នាពេលថ្មីៗនេះ ដែលដឹកនាំដោយអង្គការអ្នកអភិរក្សបរិស្ថាន Traffic ឱសថបុរាណនៅប្រទេសកម្ពុជាបានទទួលនូវការនិយមប្រើប្រាស់ម្តងទៀត តាមរយៈតម្រូវការក្នុងស្រុកកើនឡើង ក៏ដូចជាការអភិវឌ្ឍន៍អាជីវកម្មក្នុងតំបន់ដ៏ពិតប្រាកដមួយ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះបានសង្កត់ធ្ងន់ថា ក្រៅអំពីសារធាតុខនិជ រុក្ខជាតិនិងសត្វព្រៃគឺជាគ្រឿងផ្សំដ៏សំខាន់នៃឱសថបុរាណ ដែលមានអាយុកាលរាប់រយសតវត្សនេះ ហើយពូជសត្វនិងរុក្ខជាតិទាំងនោះត្រូវបានកាប់សម្លាប់និងបំផ្លិចបំផ្លាញ ដើម្បីយកមកធ្វើជាឱសថព្យាបាលជំងឺ ដែលគេនៅតែមានទំនុកចិត្តថាមានប្រសិទ្ធិភាពខ្ពស់។
អ្នកសង្កេតការណ៍នៃអង្គការអ្នកអភិរក្សបរិស្ថាន Traffic បានស្រង់ទិន្នន័យហាងលក់ឱសថបុរាណចំនួន២២កន្លែង នៅត្រឹមតែបរិវេណម្តុំផ្សារអូរឫស្សី ដែលជាសង្កាត់មួយ សំបូរអតិថិជនច្រើនជាងគេនៅក្នុងរាជធានី។ ការសង្កេតការណ៍ នេះបានអោយដឹងថា មជ្ឈមណ្ឌលជាតិផ្នែកវេជ្ជសាស្ត្របុរាណបានស្គាល់ហាងលក់ឱសថបុរាណចំនួន៩៦កន្លែងនៅទីក្រុងភ្នំពេញ ដែលក្នុងនោះ ២២ហាង មានឯកទេសផ្នែកវេជ្ជសាស្ត្របុរាណចិន ហាងមួយមានឯកទេសខាងផ្នែកវេជ្ជសាស្ត្របុរាណវៀតណាម និងនៅសល់ពីនេះ សុទ្ធសឹងតែជាហាងព្យាបាលនិងលក់ឱសថបុរាណខ្មែរ។ មជ្ឈមណ្ឌលបានទទួលស្គាល់ថាក្នុងចំណោមហាងទាំងនោះ មានហាងចំនួន៥៦ ដំណើរការដោយគ្មានអាជ្ញាប័នពីក្រសួងសុខាភិបាល។
ទីផ្សារប្រែប្រួលមួយ ជានិច្ចកាល ប្រជាជនរស់នៅតាមទីជនបទ និងប្រជាពលរដ្ឋក្រីក្រជួបនូវការលំបាក តែងតែព្យាបាលជំងឺតាមវេជ្ជសាស្ត្របុរាណ។ ប៉ុន្តែ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការព្យាបាលតាមវិធីបុរាណនេះក៏ទទួលបានការនិយមប្រើប្រាស់ពីសំណាក់ប្រជាជនខ្មែររស់នៅទីក្រុង និងក្រុមគ្រួសារធូរធារផងដែរ ព្រោះពួកគេត្រូវការស្វែងរកឱសថទិព្វ ដែលអាចព្យាបាលជំងឺមួយចំនួន ដែលវេជ្ជសាស្ត្របែបលោកខាងលិច នៅមិនទាន់អាចព្យាបាលបាន រហូតមកទល់សព្វថ្ងៃនេះ។
បណ្តាប្រទេសក្នុងតំបន់មួយចំនួន ដែលជាប្រទេសប្រើប្រាស់ឱសថបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ បានកំពុងតែខ្សត់ខ្សោយធនធានដើមឈើ និងសត្វព្រៃសំខាន់ៗរបស់ខ្លួន ដើម្បីផ្សំជាឱសថព្យាបាលជំងឺ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជានៅតែសំបូរទៅដោយធនធានរុក្ខជាតិនិងសត្វដដែរ។
ប្រទេសកម្ពុជាស្ថិតនៅជាប់នឹងប្រទេសថៃ និងប្រទេសវៀតណាម ដែលប្រទេសទាំងពីរនេះ មានទីផ្សារក្នុងប្រទេសដ៏ទូលំទូលាយ សម្រាប់វេជ្ជសាស្ត្របុរាណ ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រជាជាតិដទៃដែលប្រើប្រាស់ថ្នាំបុរាណច្រើនជាងគេបំផុតនៅក្នុងតំបន់។
លោក Naomi Walston អ្នកសរសេររបាយការណ៍មួយរូប ក្នុងចំណោមអ្នកសរសេររបាយការណ៍នេះ បានរៀបរាប់អោយដឹងថា អង្គការក្រៅរដ្ឋាភិបាលមួយនេះព្រួយបារម្ភខ្លាចក្រែងថា នៅក្រោមសំពាធនៃតម្រូវការមួយក្នុងតំបន់ ប្រទេសកម្ពុជានឹងបាត់បង់ភាពសំបូរបែបជាលក្ខណៈធម្មជាតិរបស់ខ្លួន ដោយហេតុថាលក្ខខណ្ឌជាច្រើនបានផ្តល់អំណោយដល់អាជីវកម្មប្រភេទនេះ ដែលអាចទទួលបាននូវប្រាក់កំរៃខ្ពស់ ដូចជាៈ ការបើកចំហព្រំដែន ប្រទេសកម្ពុជានៅជាប់នឹងទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់នៃទ្វីបអាស៊ី ហើយការអនុវត្តច្បាប់នៅមានកំរិតទន់ខ្សោយនៅឡើយ។
ដោយសារតែភាពកំរនៃពូជសត្វមួយចំនួន តម្លៃនៃពូជសត្វដែលគេចង់បាន ត្រូវដាក់លក់ក្នុងតម្លៃមួយខ្ពស់ ជាហេតុធ្វើអោយប្រជាជនកម្ពុជាមួយចំនួនលែងចង់ប្រកបមុខរបរនេះ។ តួយ៉ាង ឆ្អឹងខ្លាមានតម្លៃខ្ពស់ ដែលប្រជាជនខ្មែរមិនអាចទិញបាន ហើយប្រភេទសត្វសំខាន់ៗ ត្រូវបានដាក់លក់នៅទីផ្សារប្រទេសថៃ និងប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត ថង់ប្រមាត់ខ្លាឃ្មុំសុទ្ធសឹងតែជារបស់ដែលប្រទេសវៀតណាម កូរ៉េខាងត្បូង និងប្រទេសចិនត្រូវការជាទីបំផុត។
សត្វព្រៃសម្រាប់ការនាំចេញ ជានិច្ចកាល ការរកស៊ីជួញដូរនេះមានការលួចលាក់បាំងពីការត្រួតពិនិត្យ។ ការទិញដូរសត្វ រឺ អវៈយវៈរបស់សត្វព្រៃ ដើម្បីយកទៅធ្វើជាឱសថព្យាបាលរោគ នៅតែជាសកម្មភាព។ សត្វទាំងនោះមិនដែលត្រូវបានគេដាក់លក់នៅលើទីផ្សារដោយបើកចំហរទេ ប៉ុន្តែយូរៗម្ដង គេឃើញមានប្រភេទសត្វសមុទ្រដាក់លក់ តែត្រូវគេរក្សាទុកកំបាំងពីភ្នែកមនុស្សម្នា ហើយបញ្ចេញលក់នៅពេលណាដែលអ្នកទិញសួររករឺក៏បានកុម្ម៉ង់មុនតែប៉ុណ្ណោះ ។
នៅខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងប្រទេសឡាវ តំរូវការក្នុងស្រុក សម្រាប់សាច់សត្វព្រៃ នៅតែមានកំរិតខ្ពស់ ដូចជាប្រភេទសត្វកាំប្រម៉ា សត្វកន្ធាយ និងសត្វកំប្រុក ។ ករណីបែបនេះក៏កើតមានឡើងនៅក្នុងខេត្តសៀមរាប នៅតំបន់ទេសចរណ៍ និង រមណីយដ្ឋានភ្នំគូលែនដ៏សក្តិសទ្ធិផងដែរ ។ យោងតាមដំណឹងដែលគេទទួលបានបន្ទាប់ពីបានជួបសាកសួរជាមួយអ្នករកស៊ីលក់ដូរបានអោយដឹងថា៖ ភ្នំគូលែនគឹជាប្រភពនៃការនាំចេញសត្វព្រៃយ៉ាងសំខាន់មួយ ។ សត្វទាំងនោះត្រូវគេចាប់បាននៅអន្លង់វែងដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដែលធម្មជាតិនៅទីនោះមិនសូវមានគេលុកលុយ ហើយក៏ជាកន្លែងដែលមានមីនកប់នៅក្នុងដី និងពីមុនជាកន្លែងដែលទព័ខ្មែរក្រហមស្នាក់នៅ។ របាយការណ៍បានគូសបញ្ជាក់ថាសេវាជួញដូរ លក់ បរបាញ់ និងការនាំចេញនៃប្រភេទសត្វព្រៃទាំងនេះ ប្រព្រឹត្តឡើងដោយមានអាវុធ។
អនាគតរបស់ត្រីផ្សោតសមុទ្រនិងត្រីផ្សោតទន្លេមេគង្គត្រូវប្រឈមនឹងគ្រោះថ្នាក់ ។ បើតាមជំនឿរបស់ប្រជាជននៅក្នុងស្រុកបាននិយាយថា ទង្វើដែលធ្វើអោយថនិកសត្វថ្នាក់ទីពីររត់គេចពីការប្រមាញ់របស់អ្នកនេសាទបែបនេះគឺជាសញ្ញាមួយដែលប្រាប់អំពីគ្រោះមិនល្អដែលនឹងអាចមកដល់នៅក្នុងពេលខាងមុខ ។ ក៏ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាការប៉ុនប៉ងរបស់អ្នកនេសាទ ព្រោះខ្លាញ់របស់ត្រីនេះអាចព្យាបាលអ្នកជំងឺឈឺសន្លាក់ ហើយឆ្អឹងរបស់វាវិញអាចព្យាបាលកូនក្មេងដែលកើតជំងឺគ្រុនក្ដៅ រីឯពុកមាត់របស់វាវិញអាចព្យាបាលជំងឺឈឺអញ្ចាញធ្មេញ ។ មួយផ្នែកធំនៃសាច់សត្វត្រូវគេលួចនាំចេញទៅកាន់ប្រទេសវៀតណាមនិងចិន។ យោងតាមប្រសាសន៏របស់លោក Naomi Walston អ្នកទទួលបន្ទុកផ្នែកនាយកដ្ឋានព្រៃឈើនៃខេត្តរតនគីរីបានអះអាងថា យ៉ាងហោចណាស់ក៏សាច់សត្វព្រៃចំនួន ៨០០០គីឡូ ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងវៀតណាមកាលពីឆ្នាំ ២០០២កន្លងមកនេះ ។
រុក្ខជាតិទទួលរងនូវការគំរាមកំហែងស្ទើរតែបាត់បង់ អ្នកសង្កេតការណ៍របស់អង្គការ Traffic បានរកឃើញអត្តសញ្ញាណពូជរុក្ខជាតិ ក្នុងស្រុកនិងពូជដទៃ ជាង៨០០ប្រភេទដែលអាចផលិតជាឱសថ នៅលើទឹកដីកម្ពុជា ប៉ុន្តែ ចំនួននេះអាចលើសពី១០០០ពាន់ប្រភេទ។ ការប្រមូលផ្តុំរបស់អ្នកសង្កេតការណ៍ធ្វើឡើងនៅតំបន់សំខាន់ៗមួយចំនួន និងនៅបរិវេណជុំវិញតំបន់នោះ ដូចជាៈ គិរីរម្យ ភ្នំឱរ៉ាល់ ភ្នំបូកគោ ភ្នំសំកុស ភ្នំគូលែន និងភ្នំទំពរ។ ជាទូទៅ ឈ្នួញកណ្តាល បានលក់ពូជរុក្ខជាតិដែលអាចធ្វើជាថ្នាំព្យាបាលបាន ទៅអោយហាងនៅទីក្រុងភ្នំពេញ ក្នុងតម្លៃចាប់ពី៥០០ ទៅ៥០០០រៀលក្នុងមួយគីឡូ។
ឫសឈើរុក្ខជាតិគឺជាប្រភេទថ្នាំដែលគេស្វែងរកបំផុត ព្រោះគេវាយតម្លៃថាឫសឈើមានប្រសិទ្ធិខ្ពស់បំផុត ក្នុងការព្យាបាលជំងឺ។ តម្រូវការកើនឡើងនូវពូជរុក្ខជាតិមួយចំនួនបានជម្រុញអោយអ្នកប្រមូលកាប់ឫសឈើចោល ដោយបានបញ្ឈប់ការរីកលូតលាស់របស់ដើមឈើ។ តួយ៉ាង ប្រភេទវ័ល្លិ៍រមៀត ដែលល្បីល្បាញខាងព្យាបាលជំងឺរាគរូស កំពុងរងនូវការកាប់បំផ្លាញ ហើយកំពុងជិតបាត់បង់នៅខាងនិរតីនៃប្រទេសកម្ពុជា។ ច្បាប់ព្រៃឈើនៃប្រទេសកម្ពុជាបានហាមឃាត់ការប្រើប្រាស់និងការនាំចេញរុក្ខជាតិប្រភេទនេះ ប៉ុន្តែ «លោក Naomi Waltson បានមានប្រសាសន៍ថា «ភស្តុតាងថ្មីៗនេះបានបង្ហាញអោយឃើញថា វ័ល្លិ៍រមៀតនៅតែទទួលរងនូវការបំផ្លិចបំផ្លាញ» នៅក្នុងតំបន់នៃប្រទេសកម្ពុជា ដើម្បីយកទៅធ្វើជាឱសថបុរាណ សម្រាប់ក្នុងប្រទេសនិងនៅប្រទេសវៀតណាម»។
លោក David Ashwell បានក្រើនរម្លឹកថា មើមថ្នាំដែលដុះនៅប្រទេសកម្ពុជារហូតដល់៥០% អាចត្រូវបានគំរាមកំហែង ក្នុងរយៈពេលវែង។ ក្នុងរយៈពេលខ្លី ដើមម្រះព្រៅ អាចប្រឈមនឹងការបាត់បង់នៅក្នុងប្រទេសកម្ពុជា។ ហេតុដូចនេះ ទាមទារអោយចាត់វិធានការណ៍ការពារ «ជាបន្ទាន់ និងមានប្រសិទ្ធិភាព» ទន្ទឹមនឹងនោះ គេក៏ត្រូវពង្រឹងកិច្ចខិតខំការពារវ៍ល្លិ៍រមៀត និងដំឡូងដៃខ្លា បន្ថែមទៀតផងដែរ។
ការជួញដូរត្រូវបានរៀបចំបានយ៉ាងប្រសើរ បណ្តាញអាជីវកម្មលើរុក្ខជាតិដែលអាចផលិតជាថ្នាំព្យាបាលរោគបានកំពុងតែមានសកម្មភាពយ៉ាងខ្លាំងក្លា និងត្រូវរៀបចំធ្វើឡើងជាប្រព័ន្ធនៅកណ្តាលរាជធានីភ្នំពេញ។ គ្រូថ្នាំបុរាណអាចមករកទិញឫសមើមឈើពីឈ្នួញរកស៊ីដែលប្រមូលផ្តុំគ្នា នៅទីក្រុង។ ពូជរុក្ខជាតិមួយចំនួនបានការលំបាកក្នុងការស្វែងរកនៅក្នុងតំបន់។ ហេតុដូចនេះ ឈ្នួញរកស៊ីបានទាក់ទាញអ្នកភូមិអោយកាប់ឈើធ្វើថ្នាំ តាមរយៈការសន្យាទិញមើមឈើទាំងនោះក្នុងតម្លៃខ្ពស់សម្រាប់អ្នកភូមិ ប៉ុន្តែទោះបីជាយ៉ាងណា ចំនួនទឹកប្រាក់នេះនៅមានកំរិតស្តួចស្តើង បើប្រៀបទៅនឹងប្រាក់ចំណេញដែលឈ្នួញទាំងនោះទទួលបាន។ ចរន្តនៃកាប់បំផ្លាញមានដំណើរការជាធម្មតា និងស្ថិតនៅក្នុងបរិមាណមួយដែលគេពិបាកនឹងវាយតម្លៃ។
ការជះឥទ្ធិពលទៅលើបរិស្ថាន គ្រូឱសថបុរាណមួយចំនួន ដែលត្រូវបានសាកសួរដោយអ្នកសង្កេតការណ៍របស់អង្គការ Traffic បាននិយាយថាពួកគាត់តែងតែប្រមូលទិញឫសឈើ ដើម្បីផ្សំជាឱសថជាប្រចាំ ហើយពួកគាត់បានសង្កេតឃើញពីការថយចុះនៃបរិមាណរុក្ខជាតិដែលអាចយកមកធ្វើជាថ្នាំព្យាបាលជំងឺបាន នៅក្នុងមជ្ឈដ្ឋានធម្មជាតិ។ អ្នកសរសេររបាយការណ៍បានទស្សន៍ទាយថាសំពាធពីសំណាក់បណ្តាប្រទេសផ្សេងៗ មកលើសត្វព្រៃនិងរុក្ខជាតិនៅប្រទេសកម្ពុជា ដើម្បីបំពេញទៅតាមតម្រូវការផ្ទាល់ខ្លួននៃប្រទេសទាំងនោះ បានកំពុងកើនឡើងគួរអោយកត់សម្គាល់។ លោក Naomi Waltson បានបន្ថែមទៀតថាពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសកម្ពុជា ត្រូវបានសម្រួល ចាប់តាំងពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ កាលពីខែមករា ឆ្នាំ២០០៤ ដែលបានអោយរួចពន្ធ នូវផលិតផលកម្ពុជាដែលនាំចេញទៅក្នុងប្រទេសចិន។ ប៉ុន្តែ «ផលិតផលកម្ពុជា»ទាំងនេះ រាប់បញ្ជូលជាពិសេសទាំង «រុក្ខជាតិ និងសត្វគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា»ផងដែរ។
លោក Naomi Waltson បានសង្កត់ធ្ងន់ថា «ប្រសិនជាប្រទេសកម្ពុជាបាត់បង់ដើមឈើនិងសត្វរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ទីផ្សារអន្តរជាតិខាងផ្នែកវេជ្ជសាស្រ្តបុរាណ នោះប្រជាជនកម្ពុជាភាគច្រើននឹងប្រឈមមុខនឹងការបាត់បង់ធនធានតែមួយគត់ សម្រាប់ព្យាបាលសុខភាព ព្រមទាំងចំណេះដឹងពីតាំងពីបុរមបុរាណរបស់ខ្លួន»។ លោក David Ashwell បានបន្ថែមថា ការបំផ្លិចបំផ្លាញជាប្រព័ន្ធ និងមិនគិតដល់ការរីកលូតលាស់ដើមឈើបានបង្កអោយមានការបាត់បង់នូវពូជរុក្ខជាតិប្រភេទខ្លះ ហើយកត្តានេះអាចនឹង «ចូលរួមចំណែកធ្វើអោយអេកូឡូស៊ីនៃតំបន់ព្រៃឈើក្នុងប្រទេសចុះអន់ថយ»។ របាយការណ៍បានសំណូមពរថា គេអាចស្តារស្ថានការណ៍អោយល្អប្រសើរវិញបាន តាមរយៈការសម្របសម្រួល រឺការពង្រឹងឧបករណ៍ច្បាប់អោយបានតឹងរឹង និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នរដ្ឋគួរបន្ថែមការយកចិត្តទុកដាក់ទៅលើបញ្ហាអេកូឡូស៊ីនៃបាតុភូតនេះ។
|
|
|