Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:57 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ទឹកស្អាត១០០១ "ដើម្បីអោយប្រជាពលរដ្ឋឈប់ ទទួលទានទឹកស្រះ"
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
15-05-2008

 Image

ចំការស្រូវ (ខេត្តបាត់ដំបង) ថ្ងៃទី២១ មករា ២០០៤៖ នៅតាមជនបទនៃប្រទេសកម្ពុជា

ប្រជាពលរដ្ឋជាង៣ភាគ៤ មិនមានបណ្តាញទឹកស្អាតប្រើប្រាស់ 

© John Vink / Magnum

 

សូមកុំ​និយាយ​អោយ​សោះ​ថា : ឱ​ម៉ាស៊ីន​ចម្រោះ​ទឹក​​អើយ! ខ្ញុំ​មិន​ផឹក​ទឹករបស់​អ្នកឡើយ...​ ប្រជាជន​តាម​ភូមិ​ដាច់​ស្រយាល​មួយ​ចំនួន​​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​សច្ចា​ថា​នឹង​មិន​ចំណាយ​ប្រាក់​ដ៏​តិចតួច​ស្តួច​ស្តើង​​របស់​ពួកគាត់​​ទៅ​ទិញ​ទឹក​ស្អាត​​នោះ​ឡើយ​។ ប៉ុន្តែ​ចាប់​ពី​មាន​វត្តមាន​របស់​សមាគម​«១០០១ fontaines pour demain»​  ពួកគាត់​បាន​គិត​ជាថ្មីឡើង​វិញ​ចំពោះ​សម្តី​គាត់​ពីមុន​។ តាម​ពិត​ទៅ សមាគម​​នេះ​បាន​បង្កើត​រោង​ចក្រ​ផលិត​ទឹកស្អាត​ដោយ​កាំរស្មី​អ៊ុលត្រាវីយូលេ (UV)​សម្រាប់​ពួក​គាត់​ ដោយ​មិន​ទាមទារ​អោយ​មាន​រចនា​សម្ព័ន្ធ​ ឬ​សមត្ថភាព​ពិសេស​អ្វី​ឡើយ ហើយ​ទឹក​ស្អាត​មួយ​ធុងលក់​​​ក្នុង​តម្លៃ​ថោក​ហួស​ការ​ស្មាន។

 

លោក​ចៃ ឡូ បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់ខ្លួនវិញ​ នៅ​ភាគ​ពាយ័ព្យ​ប្រទេ​ស​​កម្ពុជា​។ តំបន់​នេះ​​​គ្មានបណ្តាញ​ចែក​ចាយ​ទឹក​ស្អាត​ទេ ​ប្រជាពលរដ្ឋ​​ប្រើ​ប្រាស់តែ​ទឹកស្រះ ទឹកស្ទឹង ដែលអាច​គ្រោះ​ថ្នាក់​ដល់សុខភាព។​ ជំងឺបណ្តាល​មក​ពីបញ្ហា​​​ទឹក​មិនស្អាត បាន​បង្ក​ព្យុះ​ភ្លៀង​នៅ​​តំបន់​នេះ ហើយ​បាន​ធ្វើ​អោយ​មាន​អត្រា​មរណភាព​យ៉ាង​ខ្ពស់​ ជា​ពិសេស​​អត្រា​មរណភាព​កុមារ។ ប៉ុន្តែ​ជានិច្ច​កាល ប្រជាពលរដ្ឋ​​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ។

គម្រោង​មួយ​ចាប់​កំណើតឡើង​​នៅ​​បារាំង
លោកវិស្វករ​កម្ពុជា​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ប្រទេសបារាំង​ (នៅ​សាលា​​​ជាតិ​វិស្វកម្ម​​ជនបទ ទឹក និង​ព្រៃឈើ ) រូប​នេះ​មិន​ប្រាថ្នា​ធ្វើ​ជា​អ្នក​បដិវត្តន៍​អ្វី​​នោះ​​​ទេ​ ប៉ុន្តែ​ជា​អ្នក​ប្រសប់​ដោះ​ស្រាយ​បញ្ហា​ ​និង​សម្រប​​តាម​លក្ខខណ្ឌ​​ចំពោះ​មុខ​។ នៅពេល​សួរ​អំពី​ការ​ចាប់​កំណើត​​សមាគមបារាំង​​«១០០១ fontaines pour demain »​នៅ​ឆ្នាំ​២០០៤​ លោកចៃ ឡូ​ នឹង​រៀប​រាប់​ប្រាប់​អ្នកថា នៅ​ពេល​បាយល្ងាច​​ជាមួយ​មិត្តភក្តិ​នៅទីក្រុង​ប៉ារីស មិត្តភក្តិ​លោក​សួរ​ពី​គម្រោង​របស់​លោក​នៅពេល​វិលត្រឡប់​មកកាន់​កម្ពុជា។ នៅពេល​នោះ​លោក​មិន​ទាន់​ទទួល​បានសញ្ញាប័ត្រ​ទេ។ «ខ្ញុំ​បានឆ្លើយ​ប្រាប់​ពួកគេ​វិញថា ខ្ញុំ​ចង់ធ្វើ​ការងារ​ក្នុង​វិស័យ​ទឹក។ មិត្តភក្តិ​របស់ខ្ញុំ​​ក៏សួរ​ថា​តើ​​អ្នក​រស់​នៅកម្ពុជា​​ផឹក​ទឹកអ្វី។ ខ្ញុំ​បាន​ពន្យល់​ប្រាប់​គេ​វិញថា មនុស្ស​ជាច្រើន​​សុខ​ចិត្ត​ប្រើ​ទឹក​ស្រះដោយសារ​គ្មាន​លុយ។ គ្រប់​យ៉ាង​គឺ​ចាប់​ផ្តើម​យ៉ាង​នេះឯង...»។ ក្រោយ​មកទៀត ​​លោក​​ក៏បានធ្វើការ​ចុះបញ្ជី​លក្ខន្តិកៈ​សមាគម​នៅ​ប្រទេស​បារាំង​​ជាមួយ​នឹង​មិត្ត​ភក្តិ​បីនាក់​។

ការបង្កើន​អាងស្តុកទឹកស្អាត
ចាប់​ពីពេល​នោះ​មក អាងស្តុកទឹកស្អាត​ចំនួន​១៦​ក៏​បាន​រីកដុះ​ដាល​ឡើងនៅ​ក្នុង​ខេត្ត​បាត់​ដំបង បន្ទាយមានជ័យ និង​សៀមរាប ហើយ​អាងស្តុកទឹក​៥ផ្សេងទៀត​នឹង​លេច​ចេញ​ជារូបរាង​នៅ​ខែ​កញ្ញា​​នេះ​។ ចំណែកសាខា​នៅ​កម្ពុជា​ដែល​យុវជន​វ័យ​៣០ឆ្នាំ​នេះ​បាន​បង្កើត​ឡើង​នៅ​ខែកក្កដា ឆ្នាំ​២០០៧ មានឈ្មោះថា​«ទឹក​ស្អាត១០០១»​ និង​ប្រើ​ប្រាស់​បុគ្គលិក​៩​នាក់​។ ពួកគេ​មាន​បំណង​ពង្រីក​បន្ថែម​ស្ថានីយ​​ចម្រោះ​ទឹកស្អាត​តូច​ៗ​​នៅ​ទូទាំង​ប្រទេស​យ៉ាង​ឆាប់​រហ័ស​។ សម្រាប់​ខេត្ត​​គោល​ដៅ​សំខាន់​ គឺ​បណ្តា​ខេត្តទាំង​ឡាយ​ឆ្លងកាត់​ដោយ​ទន្លេមេគង្គ​ ព្រោះ​ប្រភព​ទឹក​ក្រោម​ដី​នៅ​ក្នុង​ខេត្តទាំង​នេះ​តែង​តែ​ឆ្លងជាតិអាសេនិច  ដែលជា​ដើម​ហេតុ​នៃការ​បំពុល​ផ្សេងៗ​។ នៅ​ក្នុង​ទិស​ដៅ​នេះ​ដែរ គឺ​ត្រូវ​ខួង​អណ្តូង​នៅ​កន្លែង​ណា​​ដែល​គ្មាន​ទឹក​លើ​ដី ដែល​តម្រូវ​អោយ​គេ​គិតគូរ​ដល់​ការបំពាក់​ផ្នែក​បច្ចេកទេស​​ដែល​ជាធម្មតា​គឺត្រូវ​ចំណាយ​អស់​ច្រើន។ ប្រសិន​បើ​គោល​បំណង​កំណត់​​ដោយ​សមាគម​នេះ​សម្រេចទៅ​បាន ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៣០ម៉ឺន​នាក់​នឹង​ទទួល​បានផល​ប្រយោជន៍​ពី​ស្ថានីយ​​​ស្តុក​ទឹក​ទាំង​នេះ​នៅ​ឆ្នាំ​២០១៥​ខាងមុខ និង​ទទួល​បាន​ទឹក​ប្រើ​ប្រាស់​សម​ស្រប​តាម​និយាម​របស់​អង្គការ​សុខ​ភាព​​ពិភពលោក​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ការ​បោះ​ទីតាំងបណ្តាញ​ចែកចាយ​ទឹក​មានគុណភាព​ដែលមាន​លក្ខណៈមិនប្រាកដ​ប្រជា​នោះ​ឡើយ។ ​

វិធីសាមញ្ញ តែយូរ​អង្វែង និង​អំណោយ​ផល​
​ការសម្លាប់​បាក់តេរី​ដោយ​ប្រើ​កាំរស្មី​ UV គឺ​មិន​ចាំបាច់​​មាន​ប្រើ​ផលិតផល​គីមី​ឡើយ​។ វា​អាច​អោយ​គេ​លុប​បំបាត់​គ្រោះ​ថ្នាក់​មួយ​ផ្នែក​ធំ​នៃ​ជំងឺ​ផ្សេងៗ​។ ទឹក​ឆៅ​ហូរ​តាម​ច្រក​មួយ​នៅ​ក្នុង​ម៉ាស៊ីន​​តូច​ៗ​ទាំង​នេះ​ ដែល​ដើរដោយ​​ថាមពល​ព្រះអាទិត្យ​​ ក្នុងការស្តុក ច្រោះ ត្រង និង​សម្លាប់​មេរោគ​។ បន្ទាប់​មក គេ​ច្រក​វា​ចូល​ក្នុង​ធុង​ចំណុះ​២០លីត្រ​។ ធុង​នេះ​​ត្រូវ​បាន​គេ​ធ្វើ​ការសម្លាប់​មេរោគ​ដោយ​ប្រើ​ល្បាយ​ក្លរ​មុន​នឹង​យក​មក​ច្រក​ ដើម្បី​បញ្ចៀស​​ការ​ឆ្លងណាមួយដល់​ទឹក​​។ នៅ​ក្នុង​ភូមិ តម្លៃទឹក​មួយ​ធុង​គឺ​ពី​៧០០ ទៅ​១ ០០០ រៀល ពោលគឺ​ថោក​ជាង​តម្លៃ​នៅ​លើ​ទីផ្សារ​ពាក់​កណ្តាល​។​ ម៉ាស៊ីន​បន្សុទ្ធ​​ទឹក​​នេះ​​​អាច​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​​១ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដោយបើក​ដំណើរការ​៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​អាច​ផលិតទឹក​ស្អាតបាន​​៦០០​​លីត្រ​ក្នុង​មួយ​ម៉ោង។

ការចូល​រួម​ពីសហគមន៍
ប្រតិបត្តិករ​គឺជា​អ្នកភូមិ​ផ្ទាល់ ​ដោយហេតុថា​រោងចក្រ​ផលិត​ទឹកស្អាតនេះ​ត្រូវ​គ្រប់​​គ្រង​តាម​របៀប​ជា​សហគ្រាស​ខ្នាតតូច​សម្រាប់​សហគមន៍ ជា​លក្ខណៈ​ឯកជ​ន​​ឬ​ជា​សមូហភាព​។ លោកចៃ ឡូ​ ពន្យល់ថា៖ «​សហគមន៍​គឺ​ជាអ្នក​កំណត់​​តម្លៃ​លក់ ដើម្បី​យកមក​ចំណាយ​លើ​ដំណើរការ​ និង​ទំហែទាំ ដោយ​ត្រូវ​ដាក់​​តម្លៃ​មួយ​ដែល​មនុស្ស​ភាគច្រើន​អាច​ទិញ​បាន​»។ ការ​បន្ត​ដំណើរ​ការ​គម្រោង​​នេះ​គឺ​មាន​ការ​ជួយ​គាំទ្រផងដែរ​​ពី​សំណាក់​អង្គការ​នានា​នៅ​ក្នុង​ភូមិដែល​ត្រូវ​​បាន​ជ្រើស​រើស។ អង្គការ​ទាំងនេះ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ផ្លូវ​គម្រោង​ខាង​លើ ហើយ​នេះ​ជា​កត្តា​មួយ​សម្រាប់​សមាគម​ក្នុងការ​បង្កើត​​អាង​ស្តុក​ទឹក​។​

ក្តីបារម្ភផ្នែក​សុខភាព​ជាបញ្ហាចម្បង​
លោក​ចៃ ឡូ ក្រើន​រម្លឹកថា :  «គោល​បំណង​សំខាន់​ គឺ​មិន​មែន​​ផ្គត់​ផ្គង់​ទឹក​ បរិភោគ​​​សុទ្ធ​​​នៅ​ក្នុង​ភូមិ​ទាំង​នេះ​ទេ ប៉ុន្តែ​ជា​បឋម​គឺ​ដើម្បី​កាត់​បន្ថយ​បញ្ហា​សុខ​ភាព​​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ»។ ​ទឹកនៅ​លើ​ដី​មិន​ស្អាតទេ ប៉ុន្តែ​អ្នក​ភូមិ​ទទួល​ទាន​ទឹកនោះ​។ ជាទូទៅ វា​ធ្វើ​អោយ​មាន​អត្រា​ខ្ពស់​នៃ​ការ​ចម្លងមេរោគ ជា​ពិសេស​គឺលាមក ដែល​ជា​ប្រភព​នៃ​ជំងឺ​ជាច្រើន។ ក្មេង​ក្រីក្រ​ប្រមាណ​៣០០​នាក់​នៃ​មណ្ឌល​មួយ​គ្រប់​គ្រង​ដោយ​អង្គការ​កុមារ​មេគង្គ​ នៅ​ជិត​ស៊ីសុផុន មាន​សុខភាព​ល្អប្រសើរ​ឡើង ​ចាប់​តាំង​ពី​ពួកគេ​ផឹកទឹករបស់​«ម៉ាស៊ីន​ច្រោះ​ទឹក​ស្អាត​»។ បុគ្គលិក​របស់​មណ្ឌល​មួយ​នេះ​សង្កេត​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នូវចំនួន​ករណី​កើត​ជំងឺគ្រុនពោះ​វៀន ចាប់​តាំង​ពី​ពួកគេ​ផឹកទឹក​នេះ។ ប៉ុន្តែ​​ លោក​ចៃ​ ឡូ បាន​លើក​​ឡើង​​ថា​ វានៅ​តែ​មាន​ការលំបាក​ក្នុងការ​ពង្រីក​ឥទ្ធិពល​វិជ្ជមានលើ​សុខភាពរបស់​​​រោង​ចក្រ​ផលិត​ទឹកស្អាត​ទាំងនេះ​ ល្គឹកណា​ប្រជាពលរដ្ឋ​​នៅ​តែ​មិន​ទាន់​ដឹង​ថា ជំងឺរាករូសដែល​ពួក​កើត​ញឹក​ញាប់​នោះ​អាច​មាន​ប្រភព​ពី​ទឹក។

សមាគម​មួយ​ដែលគេ​ទទួល​ស្គាល់
តាម​ពិតទៅ សមាគម​របស់​លោក ចៃឡូ​ ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ច្រើន ហើយ​រូប​លោក​ផ្ទាល់​​បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​យុវជន​គួរ​អោយ​កត់​សម្គាល់​​ទាំង​១០​រូប​​នៅ​លើ​ពិភពលោក​នា​ឆ្នាំ​២០០៧។ លោក​បានពានរង្វាន់​នេះ​នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ពីសហព័ន្ធ​​« Junior Chamber International»​ គឺ​ជា​សហព័ន្ធ​អន្តរជាតិ​ប្រមូល​ផ្តុំ​យុវ​សហគ្រិន​។ ប៉ុន្តែ​យុវជន​ជា​កូន​កសិករ​​នេះ​មិន​បាន​បង្ហើប​ប្រាប់​យើង​​ទេ។ រាល់​ព័ត៌មាន​ទាំង​អស់​គឺ​យើង​រក​ឃើញ​ដោយចៃ​ដន្យ​នៅ​លើ​បណ្តាញ​​អាំង​ទែណែត ​ប៉ុណ្ណោះ​។ ជុំវិញ​បញ្ហា​នេះ លោក ចៃ ឡូ មិន​​សូវ​និយាយ​​​មែន ប៉ុន្តែ​លោក​ក៏មិន​ភ្លេច​អរគុណ​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​អ្នកដែលបាន​ចាប់​អារម្មណ៍​នឹង​គម្រោង​របស់​លោក​នោះដែរ។



ដែន​កំណត់​នៃ​ការ​បន្សុទ្ធ​ទឹកតាម​រយៈ​​កាំរស្មី UV
បើ​តាម​អ្វី​ដែលមាន​សរសេរ​ក្នុង​ទំព័រអាំង​ទែណែត​នៃសមាគម «​១០០១ fontaines pour demain»  បើ​ទោះ​ជា​បច្ចេកវិជ្ជា​នៃ​ការ​បន្សុទ្ធ​ទឹក​ដោយ​ប្រើ​កាំ​រស្មី​ UV ត្រូវ​បាន​​គេ​សរសើរ​ចំពោះ​ភាព​ថិតថេរ​ និង​ភាព​ងាយស្រួល​ក្នុងការ​ដំណើរការ​ក៏​ដោយ ក៏វា​មាន​ដែន​កំណត់​ដែរ។ «វា​មិន​អាចបន្សុទ្ធ​ទឹក​មានជាតិ​ពុល​ដោយសារ​ជាតិគីមីបាន​ទេ ហើយ​ទឹក​បន្សុទ្ធដោយ​កាំរស្មី​នេះ​មិន​អាច​ការពារ​នឹង​ការ​ឆ្ល​ង​មេរោគ​បានទេ គឺ​ខុស​ពី​វិធីប្រើ​ក្លរ»។ ហេតុនេះ​ហើយ​ទើប​គេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នមួយ​ចំនួន ដោយ​ត្រូវ​ណែនាំ​ប្រាប់​ប្រតិបត្តិករ​ក្នុង​មូលដ្ឋាន​អោយ​ច្បាស់។



​គម្រោង​មួយ​ដែល​បង្កើត​គម្រោង​តូចៗបន្ត​ទៀត
ដោយសារ​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា សមាគម« ១០០១ fontaines pour demain » នឹង​នាំ​ចេញ​ក្បួន​​របស់​ខ្លួន​ទៅ​ម៉ាដាកាស្កា​ទៀត​។ នៅខែក្រោយ អាង​ស្តុកចម្រោះទឹកស្អាតសាកល្បង​នឹង​ត្រូវ​បង្កើត​ឡើង​នៅលើ​កោះ​​នៃ​សមុទ្រ​ឥណ្ឌា ​ ដែលស្ថិត​នៅ​ទល់​មុខ​​អាហ្វ្រិក​ខាង​កើតនេះ។ បើ​ទោះ​ជា​លទ្ធផល​គួរ​​អោយ​សង្ឃឹម​ក្តី ក៏​គម្រោង​​នឹងត្រូវ​ពង្រីក​​តាម​គំរូ​នៅ​កម្ពុជា​ដែរ។



ការ​ទទួល​បានទឹកស្អាត : បញ្ហាប្រឈមមួយ​នៅ​កម្ពុជា
យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាពពិភពលោក និង​យូនីសេហ្វ នៅ​ឆ្នាំ២០០៤ ប្រទេសកម្ពុជា​ស្ថិត​នៅចំណាត់​ថ្នាក់​លេខ​២​នៃ​ប្រទេស​ដែល​មាន​ទឹកស្អាតប្រើ​ប្រាស់​មិនគ្រប់គ្រាន់​នៅ​អាស៊ី។ ជាក់ស្តែង​​ នៅ​ជនបទ​ដែល​មាន​ប្រជាជន​ចំនួន​៣ភាគ៤រស់នៅ ប្រជាជន​៧៤,៦%​​មិន​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ទេ។ រីឯនៅ​ទីក្រុង​ គឺមាន​៤៨,៤%។ ម្យ៉ាងវិញទៀត អត្រា​មរណភាព​​កុមារ​គឺមាន៩៨លើ១ពាន់​នាក់​នៅ​ឆ្នាំ​២០០៥ (មរណភាព​កុមារ​អាយុ​ក្រោម​មួយ​ឆ្នាំ) បើ​យោង​តាម​អង្គការសុខភាព​ពិភពលោក។