|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ទីក្រុងភ្នំពេញនឹងផ្លាស់ប្តូរទីលានចាក់សំរាមថ្មី |
| ααα រស់ ឌីណា | | | 22-05-2008 | 
ខ័ណ្ឌដង្កោ (ភ្នំពេញ) ថ្ងៃទី២០ ឧសភា ២០០៨៖ ការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មី នៅទីក្រុងភ្នំពេញ ដែលនឹងជំនួសទីតាំងចាស់នៅស្ទឹងមានជ័យ នឹងបញ្ចប់នៅឆ្នាំ២០០៩ © John Vink / Magnum រូបភាពនៃអ្នករើសសំរាមជនជាតិខ្មែរ ដែលកំពុងតែកកាយភ្នំសំរាមដ៏សែនកំសត់ នៅទីលានចាក់សំរាមដ៏ល្បីល្បាញរបស់ទីក្រុងភ្នំពេញ ស្ថិតនៅក្នុងខ័ណ្ឌស្ទឹងមានជ័យ ប្រហែលជាឆាប់ៗនេះ នឹងលែងឃើញមានទៀតហើយ ដោយបន្សល់ទុកត្រឹមតែអនុស្សាវរីយ៍ដ៏អាក្រក់មួយប៉ុណ្ណោះ។ នៅឆ្នាំ២០០៩ តំបន់ចាក់សំរាមថ្មីនឹងប្រមូលសំរាមដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ អាជ្ញាធរក្រុងភ្នំពេញសន្យាថានឹងរៀបចំកន្លែងចាក់សំរាមអោយទំនើបជាងមុន មានប្រព័ន្ធអេកូឡូស៊ីល្អ និងងាយស្រួលគ្រប់គ្រងជាងមុន។ ការងារនេះបានចាប់ផ្តើមដំណើរយ៉ាងរលូនហើយ។
នៅក្នុងគម្រោងដែលផ្តួចផ្តើមគំនិតឡើងដោយសាលាក្រុងភ្នំពេញ ទីលានចាក់សំរាមថ្មីមួយលើកដំបូងនៅកម្ពុជាដែលតភ្ជាប់រវាងទីក្រុងនិងតំបន់ជាយក្រុងភ្នំពេញ វានឹងលាតសន្ធឹងលើផ្ទៃដីប្រមាណជា៦០ហិចតា ទល់នឹងទីលានចាក់សំរាមបច្ចុប្បន្ននៅស្ទឹងមានជ័យ មានផ្ទៃដីត្រឹមតែ ៦,៨ហិចតាប៉ុណ្ណោះ។ ទីបំផុត ទីតាំងចាក់សំរាមថ្មីនេះគ្របដណ្តប់លើផ្ទៃដីទំហំត្រឹមតែ៣១,៤ហិចតាប៉ុណ្ណោះ ដែលស្ថិតនៅចម្ងាយជិត២គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលគេហៅជាញឹកញាប់ថា «វាលពិឃាត» និងជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះពីរបបខ្មែរក្រហម។ លោកកែប ជុតិម៉ា អភិបាលក្រុងភ្នំពេញ បានបញ្ជាក់ថា «សាលាក្រុងមិនអាចរកទិញដីបាន សម្រាប់គម្រោងនេះទេ ព្រោះតម្លៃដីសព្វថ្ងៃនេះកំពុងតែឡើងថ្លៃយ៉ាងខ្លាំង»។
កន្លែងចាក់សំរាមនៅស្ទឹងមានជ័យត្រូវលុបចោល លោកអភិបាលក្រុងបានវាយតម្លៃថា គម្រោងរៀបចំនេះមិនមែនជារឿងបន្ទាន់នោះទេ ។ លោកមានប្រសាសន៍ថានឹងដំណើរការទីលានចាក់សំរាមថ្មីនេះនៅដើមឆ្នាំ២០០៩។ លោកអភិបាលអះអាងថា «កន្លែងចាក់សំរាមនៅស្ទឹងមានជ័យដល់ពេលត្រូវលុបបំបាត់ចោល។ ក្រោយពេលរៀបចំទីតាំងចោលសំរាមថ្មីរួចរាល់ យើងនឹងលែងប្រើប្រាស់ទីតាំងចាស់នេះ»។
អាជ្ញាធរបានសន្យាក្នុងខណៈនេះថាទីតាំងចាក់សំរាមថ្មីនេះ «ទំនើប» «ពិសេស» «គោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថានប្រសើរជាងមុន» ហើយ«មានការបំពុលបរិស្ថានតិចតួច»។ បច្ចុប្បន្ននេះ ទីលានថ្មីនេះគ្រាន់តែជាដីដ៏ធំមួយកន្លែងនៅឡើយ ហើយនៅលើទីតាំងនោះសព្វថ្ងៃ មានត្រាក់ទ័រកាយដីប៉ុន្មានគ្រឿងជាមួយនឹងរថយន្តដឹកដីរាប់សិបគ្រឿង ដែលពួកគេបានជីកយកចេញជាងពីរខែមកហើយ។ ត្រាក់ទ័រទាំងនេះបានចាប់ផ្តើមជីកដីលើផ្ទៃដីដំបូង ទំហំ១២ហិចតា ដើម្បីធ្វើជារណ្តៅដ៏ធំមួយជម្រៅ៩ម៉ែត្រ សម្រាប់ស្តុកទឹកដែលហូរចេញពីគំនរសំរាម។ លោក សាង វាសនា មេការនៃការដ្ឋាននេះ ដែលកំពុងមើលរថយន្តដឹកដីធ្វើដំណើរទៅមក បានពន្យល់ថា «នៅក្បែររណ្តៅនេះ គេនឹងសាងសង់ស្ថានីយ៍ជីកំប៉ុសមួយកន្លែង ដើម្បីកែច្នៃសំរាមសរីរាង្គ។»
ការរអ៊ូរទាំរបស់អ្នករស់នៅតាមមាត់ស្ទឹង នៅប៉ែកខាងជើង ក៏ដូចជាប៉ែកខាងលិច និងខាងកើត គេពុំឃើញមានផ្ទះអ្នកភូមិរស់នៅក្បែរនោះទេ ដូច្នេះ មិនមានផ្ទះប្រជាជនណាមួយទទួលរងនូវការគំរាមកំហែង ពីគំនរសំរាមប្រមាណជាង៧០០តោនក្នុងមួយថ្ងៃនោះទេ។ ផ្ទុយទៅវិញ នៅប៉ែកខាងត្បូងការដ្ឋានសាងសង់នេះ មានភូមិរបស់ប្រជាជនរស់នៅក្បែរនោះ ដូចនេះពួកគេនឹងប្រឈមនឹងក្លិនស្អុយនៃសំរាមទាំងនោះ។
អ្នកស្រី ហាត ចាន់ថន អាយុ៣៥ឆ្នាំ មិនសូវជាមានការសប្បាយចិត្តចំពោះទិដ្ឋភាពបែបនេះប៉ុន្មាននោះទេ ដោយសារតែផ្ទះរបស់អ្នកស្រីស្ថិតនៅជួរមុខ ជិតនឹងរណ្តៅសំរាមនេះជាងគេបំផុត។ ស្ត្រីកសិករដែលមករស់នៅភូមិ បាគូ ខណ្ឌដង្កោរយៈពេលជាង១០ឆ្នាំ រូបនេះបានបញ្ចេញកំហឹងរបស់ខ្លួនថា «រណ្តៅសំរាមនេះនឹងមានក្លិនស្អុយអាក្រក់ ដោយមិនគិតទាំងការចម្លងមេរោគផ្សេងៗពីសំរាមទាំងនេះ។ អ្នកស្រីបានរៀបរាប់ថា «ដីមួយកន្លែងនេះ ដែលជាដីស្រែរបស់អ្នកភូមិ ត្រូវបានអាជ្ញាធរមូលដ្ឋានលក់កាលពី៥ឆ្នាំមុន ដោយមិនបានប្រាប់ដល់ពួកយើងអោយដឹងជាមុននោះទេ។ អាជ្ញាធរមិនបានពន្យល់ប្រាប់ពួកយើងអោយបានដឹងពីគម្រោងនេះទេ បន្ទាប់ពីលក់ដីបានសម្រេច គេបាននិយាយប្រាប់យើងថាគេយកទីតាំងនេះធ្វើជាទីលានចាក់សំរាម ហើយ ទីនេះនឹងខុសពីតំបន់ស្ទឹងមានជ័យ គឺវាទំនើប និងមិនមានក្លិនស្អុយអ្វីឡើយ។» គាត់បានបន្ថែមទៀតថាគាត់ក៏បានទទួលប្រាក់៣០ដុល្លារ ពីអាជ្ញាធរភូមិ ដូចជាក្រុមគ្រួសាររស់នៅលើទឹកដីនេះផងដែរ។ អ្នកស្រីបានក្រើនរម្លឹកថា «អ្វីដែលធ្វើអោយខ្ញុំមានការព្រួយបារម្ភបំផុត នោះគឺការប្រថុយគ្រោះថ្នាក់នូវការឆ្លងមេរោគពីក្នុងទឹក ព្រោះថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅទីនេះភាគច្រើនប្រើប្រាស់ទឹកអណ្តូងនិងទឹកស្ទឹង។ ទឹកអាចនឹងត្រូវបំពុល ដោយសារតែកន្លែងចាក់សំរាមថ្មីនេះ។
 ខ័ណ្ឌដង្កោ (ភ្នំពេញ) ថ្ងៃទី២០ ឧសភា ២០០៨៖ ការជីករណ្តៅបង្ហូរ ទឹកស្អុយ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០០៨ © John Vink / Magnum អ្នករស់នៅតាមមាត់ទឹកបានចូលរួមសំដែងការព្រួយបារម្ភ មិនថាចាស់រឺក្មេង។ តួយ៉ាង លោកយាយ ស៊ីតួន អាយុ៧៧ឆ្នាំ ព្រួយបារម្ភខ្លាចក្រែងធុំក្លិនមិនល្អ នៅពេលដែលខ្យល់បក់ពីជើង ចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈមក។ ការព្រួយបារម្ភចំបងរបស់លោកយាយ គឺបញ្ហាទឹក និងការបំពុលបរិស្ថានជុំវិញ។ លោកយាយមិនមែនព្រួយបារម្ភត្រឹមតែកូនចៅរបស់ខ្លួនប៉ុណ្ណោះទេ លោកយាយក៏គិតដល់គោរបស់គាត់ ដែលដើរស៊ីស្មៅពាសវាលពាសកាលផងដែរ។ លោកយាយមានប្រសាសន៍ខ្លាំងៗថា «ប្រសិនជាខ្ញុំលែងគោអោយដើរស៊ីស្មៅ ក្បែរគំនរសំរាម នោះពួកវានឹងនាំយកជម្ងឺមកជាមួយ»។ លោកយាយបានទាមទារថា «វាមិនមែនជារឿងដ៏ល្អប្រសើរនោះទេ ក្នុងការបង្កើតវាលចាក់សំរាមនៅត្រង់កន្លែងនេះ។ ទីក្រុងភ្នំពេញរីកធំទៅៗ ជារៀងរាល់ថ្ងៃ មានផ្ទះសំបែងជាច្រើនខ្នងផ្សេងទៀតបានសង់ឡើង នៅក្នុងតំបន់នេះ។ អាជ្ញាធរគួរតែគិតដល់សុខភាពរបស់កូនៗរបស់យើង។»
«គ្រប់យ៉ាងត្រៀមរួចជាស្រេច...» លោកអភិបាលក្រុងបានអះអាងថា គ្រប់យ៉ាងត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះអ្នករស់នៅយ៉ាងលំបាក តាមមាត់ទឹកនៅស្ទឹងមានជ័យ តាមរយៈជំនួយរបស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Jica។ ប្រឆាំងនឹងក្លិនមិនល្អ? គេបានដាំរបងធ្វើអំពើដើមរុក្ខជាតិព័ន្ធជុំវិញដែលទទឹងកំរាស់១៥ម៉ែត្រ។ ប្រឆាំងនឹងការបំពុលទឹក? គេបានបញ្ជាក់ថា ការបង្ហូរទឹកស្អុយក្នុងរណ្តៅដែលបានត្រៀមទុក នឹងត្រូវបានបូមចេញ និងយកទៅកែច្នៃ។
ភាពមិនច្បាស់លាស់របស់អ្នករើសសំរាម គេមិនទាន់ដឹងនៅឡើយទេថាតើអនាគតរបស់គ្រួសាររើសអេតចាយ និងក្មេងៗប្រហែលជា១៨០០នាក់រស់នៅត្រង់កន្លែងចាក់សំរាមស្ទឹងមានជ័យនេះ ដែលសព្វថ្ងៃ រៀននៅក្នុងអង្គការដើម្បីស្នាមញញឹមកុមារ (Pour un Sourire d’Enfant )(PSE) នឹងក្លាយទៅជាយ៉ាងណានោះទេ។ លោកពិន សារ៉ាពេជ្រ ប្រធានអង្គការPSE បានពន្យល់ថា «ឪពុកម្តាយរបស់ក្មេងៗទាំងនោះ រស់នៅដោយពឹងផ្អែកលើមុខរបរតូចតាចនៅភ្នំសំរាមនេះ ដូចជាការរើសដែកចាស់ៗ និងសំរាមដែលអាចយកទៅកែច្នៃបាន។ វាគឺជាហានិភ័យ កាលដែលក្មេងៗទាំងនោះបោះបង់ចោលការសិក្សា ក្នុងករណីដែលឪពុកម្តាយរបស់ពួកគេ ត្រូវទៅធ្វើការ រឺរស់នៅឆ្ងាយពីអង្គការ PSEនេះ។ យើងយល់ស្របចំពោះការបិទកន្លែងចាក់សំរាម ដោយអាជ្ញាធរ ល្គឹកណាអាជ្ញាធរក្រុងមានគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាសង្គមរបស់ប្រជាជនទាំងនេះ។» វិធានការទាំងនោះ អាចមានដូចជារៀបចំអោយមានការ ដឹកជញ្ជូនក្មេងៗពីកន្លែងរស់នៅថ្មី តែករណីនេះអាចទៅរួចបាន ប្រសិនណាជាអ្នករើសសំរាមទាំងនោះរស់នៅប្រមូលផ្តុំជាសហគមន៍មួយ។
លោកកែប ជុតិម៉ា សន្យាថា «សាលាក្រុងភ្នំពេញនឹងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីបង្រៀនដល់ពួកគេទាំងនោះ ព្រោះតាមពិតសំរាមជាមុខរបរមួយ ហើយយើងក៏មិនចង់អោយប្រជាពលរដ្ឋយើងធ្វើដែរ តែគ្មានជម្រើស អ្នកដែលយល់ពីការងារនេះលឿន យើងនឹងយកទៅអោយបម្រើការនៅទីលានថ្មី។ |
|
α’αααααααααααក្រុមហ៊ុន ស៊ិន ទ្រីៈ កិច្ចសន្យានៅមានរយៈពេល៤៦ឆ្នាំទៀត លោក សេង ចំរើន ប្រធានក្រុមហ៊ុនស៊ិន ទ្រី ដែលត្រូវបានផ្តល់អាណត្តិដោយសាលាក្រុង ភ្នំពេញ ដើម្បីប្រមូលសំរាមនៅរាជធានីភ្នំពេញ និងដែលបានទទួលសម្បទានរយៈពេល៥០ឆ្នាំ សម្រាប់ការធ្វើអាជីវកម្មនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ បានវាយតម្លៃថា «កិច្ចសន្យានេះនៅមានសុពលភាពរយៈពេល៤៦ឆ្នាំទៀត។» នេះគឺជាវិធីបដិសេធមួយទៅនឹងការប្រកាសរបស់សាលាក្រុងភ្នំពេញ សម្រាប់ការផ្តល់សម្បទានថ្មី នៅលើទីលានចាក់សំរាមថ្មីនៃខ័ណ្ឌដង្កោ ដែលការកំណត់តម្លៃសម្បទាននេះត្រូវបានប៉ាន់ប្រមាណយ៉ាងខ្ពស់ ដោយប្រធានក្រុមហ៊ុនស៊ិន ទ្រី។ បើតាមលោកកែប ជុតិម៉ា កន្លែងចាក់សំរាមថ្មីនឹងអាចប្រើប្រាស់បាន ក្នុងកំលុងរយៈពេលជាង១៥ឆ្នាំ។
តួលេខសំរាម -សំរាមក្នុងផ្ទះ ០,៤៨៧គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ (ភ្នំពេញ ឆ្នាំ២០០៣) ដែលក្នុងនោះ ៦៣%គឺជាសំរាមក្នុងផ្ទះបាយ និង ១៥%គឺជាផ្លាស្ទិច (កំរិតប្រើប្រាស់បង់ផ្លាស្ទិចមានកំរិតប្រហាក់ប្រហែលទៅនឹងកំរិតនៃប្រទេសអភិវឌ្ឍន៍)។ នៅប្រទេសស្រីលង្កា ៤៥០ទៅ ៦៥០kg/មួយនាក់/មួយថ្ងៃ និងប្រទេសបារាំង ចាប់ពី១ kg/មួយនាក់/មួយថ្ងៃ -មានសំរាមក្នុងផ្ទះចំនួន៥៨៤,១តោន ជារៀងរាល់ថ្ងៃ នៅទីក្រុងភ្នំពេញ -មានសំរាមក្នុងផ្ទះនិងតាមរោងចក្រចំនួន៨៩០,៦តោន ជារៀងរាល់ថ្ងៃ -សំរាមចាប់ពី៧០០តោនក្នុងមួយថ្ងៃ ចោលនៅស្ទឹងមានជ័យ
នៅលើវិបសាយៈ -របាយការណ៍ស្តីពីការសិក្សាសំរាមនៅទីក្រុងភ្នំពេញ និងគម្រោងបង្កើតកន្លែងចាក់សំរាមនៅខ័ណ្ឌដង្កោ រៀបចំធ្វើឡើងក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) នៅលើវិបសាយរបស់សាលាក្រុងភ្នំពេញ -អង្គការដើម្បីស្នាមញញឹមកុមារ (PSE) -ការបង្ហាញខ្លីៗ ស្តីពីសកម្មភាពរបស់ក្រុមហ៊ុន ស៊ិន ទ្រី
|