 កាំពី (ក្រចេះ) ក្រុមការងារអភិរក្សផ្សោតបានរាប់ឃើញថាមាន ផ្សោតជាង៦០ក្បាល នៅក្នុងទឹកសាបនៃប្រទេសកម្ពុជា © Fernando Trujillo / WWF Cambodia ផ្សោតអ៊ារ៉ាវ៉ាដឌីនីមួយៗ មានព្រុយខ្នងមួយ ដែលខុសប្លែកពីផ្សោតដទៃៗទៀត ហើយលក្ខណៈពិសេសរបស់វាបានផ្តល់ភាពងាយស្រួលដល់អ្នកឯកទេស ក្នុងការកំណត់អត្តសញ្ញាណថនិកមច្ឆានេះ នៅក្នុងចំណោមពពួកត្រីជាងដប់ប្រភេទដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ។ ដោយផ្អែកទៅលើរូបថតនៃត្រីផ្សោតពកខ្នងទាំងនេះ ក្រុមការងារនៃគម្រោងការពារផ្សោតនៃតំបន់មេគង្គកម្ពុជា (CMDCP) បានធ្វើការរាប់ចំនួនត្រីផ្សោតទឹកសាបចុងក្រោយនៅកម្ពុជា កាលពីឆ្នាំ២០០៧។ តួលេខចុងក្រោយបានបង្ហាញថាផ្សោតមានចំនួន៦១ក្បាល។
ក្រុមសិក្សានៃCMDCP បានចំណាយពេលមិនតិចជាង១៣៩ម៉ោងនិង៣២នាទី ធ្វើដំណើរតាមដងទន្លេមេគង្គក្នុងចម្ងាយ១៩០គីឡូម៉ែត្រ ពីព្រំប្រទល់ឡាវរហូតដល់ខេត្តក្រចេះ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០០៧ ដើម្បីស្រាវជ្រាវពីពពួកត្រីផ្សោតចុងក្រោយ ឈ្មោះអ៊ារ៉ាវ៉ាដឌី ដែលនៅមានសល់ក្នុងទឹកសាបនៃព្រះរាជាណាចក្រកម្ពុជានៅឡើយ។ បច្ចេកទេសមួយដែលត្រូវបានប្រើប្រាស់នៅទ្វីបអាមេរិកខាងត្បូង ការចុះប្រមូលទិន្នន័យចុងក្រោយនេះត្រូវបានធ្វើឡើងដោយយកលំនាំតាមវិធីសាស្រ្តមួយ ដែលគេធ្លាប់ប្រើនៅទ្វីបអាមេរិកខាងត្បូងប្រកបដោយជោគជ័យ។ វិធីនេះត្រូវបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកហ្វ៊ែរណង់ដូ ទ្រុយហ្សីយ៉ូ (Fernando Trujillo) ជីវវិទូជនជាតិកូឡំប៊ី ដែលជាអ្នកឯកទេសខាងត្រីផ្សោតទឹកសាប និងជាទីប្រឹក្សារបស់ CMDCP។ សេចក្តីសន្និដ្ឋាននៃជំរឿននេះត្រូវបានចេញផ្សាយនៅដើមខែមេសា ឆ្នាំ២០០៨។ ផ្នែកខ្នងនៃថនិកមច្ឆា ដែលបានលេចចេញពីផ្ទៃទឹក ត្រូវបានគេថតរូបចំនួនពីរលើករួចមកហើយ នៅក្នុងប្រតិបត្តិការលើកទីមួយដែលអោយឈ្មោះថា «ការថតរូប សត្វផ្សោត» នាខែមេសា នៅភាគខាងជើងជាប់នឹងល្បាក់ខោន និងនៅក្នុងប្រតិបត្តិការលើកទីពីរ ឈ្មោះ «ការថតរូបភាពសត្វផ្សោតឡើងវិញ»មួយខែក្រោយមកទៀត នៅក្នុងខេត្តក្រចេះ ដើម្បីផ្ទៀងផ្ទាត់ជាមួយរូបថតពីពេលមុន។ វិធីសាស្រ្តនៃការរាប់ចំនួននេះតែងតែត្រូវបានប្រើប្រាស់ ដើម្បីរាប់ចំនួនពូជសត្វដែលរស់នៅក្នុងតំបន់មួយកំណត់ច្បាស់លាស់ ដូចជាករណីរបស់ផ្សោតទន្លេមេគង្គ -ឡាវជាដើម។ ពួកវាមិនដែលចូលទៅឡូកឡំជាមួយនឹងពពួកផ្សោតឯទៀត ដែលរស់នៅតាមឆ្នេរសមុទ្រកម្ពុជានោះឡើយ។ រូបថតជាង៤ ០០០សន្លឹក រូបថតចំនួន៤៣៨៣សន្លឹកត្រូវបានជ្រើសរើសតាមកាលបរិចេ្ឆទនិងតាមទីកន្លែងថត បន្ទាប់មក គេធ្វើការវិភាគលើរូបថតទាំងនោះ។ ជាចុងក្រោយ គេក៏ទទួលបានរូបថតផ្សោតចំនួន៦១ក្បាល។ គេអាចចំណាំពួកវាតាមរយៈរាងរៅរបស់វា ទំហំ សម្បុរ ស្បែក សម្លាក និងព្រុយខ្នងរបស់វា។
តាមរយៈការតាមដានសិក្សាវាយតម្លៃសាជាថ្មីម្តងទៀត ដោយបានគិតបញ្ចូលទាំងកំហុសឆ្គងខ្លះៗដែលអាចកើតមាននោះ យើងឃើញថាចំនួនសត្វដែលត្រូវបានគេរាប់ឃើញនេះ មានចំនួនតិចជាងចំនួនពិតប្រាកដ។ បន្ទាប់ពីធ្វើការគណនាយ៉ាងម៉ត់ចត់ គេបានវាយតម្លៃសាជាថ្មីថា ចំនួនត្រីផ្សោតទន្លេមេគង្គអាចមានចំនួនដល់៧១ក្បាល ដោយផ្តើមចេញពីការប៉ាន់ស្មានលើចំនួនទាបបំផុតគឺ៦៦ និងខ្ពស់បំផុត៨៦ក្បាល។
ចំនួនផ្សោតកំពុងធ្លាក់ចុះ ទោះបីជាការវាយតម្លៃនេះមានលក្ខណៈសុទិដ្ឋិនិយមបំផុត(៨៦ក្បាល) ដោយបានធ្វើការ ផ្លាស់ប្តូរយុទ្ធសាស្រ្តការងារ បើប្រៀបធៀបទៅនឹងការចុះប្រមូលទិន្នន័យលើកមុនក៏ដោយ ក៏ការកត់សម្គាល់នៅតែបង្ហាញថាចំនួនថនិកសត្វប្រភេទនេះមានការថយចុះដែរ។ ការលើកឡើងជាផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាចំនួនផ្សោតមាន ១២៧ ក្បាល ដោយផ្អែកតាមទិន្នន័យដែលទទួលបានកាលពីឆ្នាំ២០០៥។ ក្នុងរយៈពេលប្រាំឆ្នាំ គេបានបញ្ជាក់ថាមាន ៧៨ក្បាលបានងាប់ ក្នុងនោះមាន៣២ ក្បាល ងាប់នៅចន្លោះឆ្នាំ២០០៦ និង២០០៧។ សុទិដ្ឋិនិយម អ្នករៀបចំរបាយការណ៍នៃ CMDCP មិនបានបង្ហាញសេចក្តីសន្និដ្ឋានជាលក្ខណៈប្រកាសអាសន្នឡើយ។ ការថែរក្សាត្រីផ្សោតនៅតំបន់ទន្លេមេគង្គនៅតែបន្តអនុវត្ត នៅក្នុងបញ្ជីក្រហមនៃពពួកសត្វដែលកំពុងទទួលរងនូវការគំរាមកំហែង ដែលរៀបចំឡើងដោយសហភាពអន្តរជាតិដើម្បីការពារបរិស្ថាន (IUCN)។ គេបានគូសបញ្ជាក់ថា «ចំនួនផ្សោតដែលគេតាមដាននៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ដល់ព្រំប្រទល់ឡាវ នៅមានចំនួនសមល្មមដែលបង្កលក្ខណៈអោយកិច្ចខិតខំប្រឹងប្រែងការពារប្រព្រឹត្តទៅមានប្រសិទ្ធភាព។ គេអះអាងថានឹងធ្វើការសិក្សាអោយកាន់តែស៊ីជម្រៅ និងសម្រេចអោយបាននូវទិន្នន័យថ្មី ជាមួយនឹងវិធីសាស្រ្តដដែលនេះ នៅរដូវផ្សេងទៀត។
លោក Richard Zanre ប្រធានកម្មវិធី «ទឹកសាប»នៃ WWF Cambodia បានបញ្ជាក់ថា «ពិតណាស់ ផ្សោតនៅទន្លេមេគង្គកំពុងតែទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំនួនផ្សោតស្ថិតនៅកំរិតទាប ហើយការស្លាប់កូនត្រីផ្សោតមានកំរិតខ្ពស់គួរអោយព្រួយបារម្ភ។ អនាគតរបស់ពពួកត្រីប្រភេទនេះពិតជាមានការព្រួយបារម្ភ ដោយសារតែទទួលរងនូវការគំរាមកំហែងពីការអភិវឌ្ឍន៍ធនធានមនុស្សដែលចេះតែកើនឡើងរហូត។ វាពិតជាមានភាពចាំបាច់ ដែលយើងត្រូវស្វែងរកកត្តាដែលសម្លាប់កូនត្រី និងកំណត់គោលដៅអោយបានច្បាស់លាស់ សម្រាប់ការស្រាវជ្រាវរបស់WWF។
ជាមួយនឹងក្រុមការងារស្រាវជ្រាវកម្ពុជាដែលត្រូវបានបង្កើតឡើង យើងអាចសម្រេចបាននូវការសិក្សាកាន់តែច្រើន និងទទួលបានទិន្នន័យដែលគួរអោយទុកចិត្ត តាមដានការស្លាប់ និងកំណើតរបស់ផ្សោតបានប្រសើរជាងមុន និងបានដឹងកាន់តែច្រើនពីកន្លែងរស់នៅ និងអេកូឡូស៊ីនៃពពួកសត្វប្រភេទនេះ ដើម្បីជួយដល់ការអភិរក្សសត្វអស់ទាំងនេះ»។
កូនផ្សោត ក្រុមការងាររបស់CMDCP បានរកឃើញកូនផ្សោតជាច្រើន ចន្លោះពី ៦ ទៅ៧ ក្បាល នៅក្នុងប្រតិបត្តិការទាំងពីរលើក ពីខែមេសា ដល់ខែឧសភាព ឆ្នាំ ២០០៧ របស់ពួកគេ។ វាជាភស្តុតាងមួយបង្ហាញថា ពពួកកូនត្រីផ្សោតទាំងនោះអាចបន្តជីវិត និងរីកធំធាត់បាន។ ការលើកឡើងនេះបានអះអាងថា កាលនៅរស់រាន្តនិងភាពរីកធំធាត់របស់ពួកវាមានភាពចំាបាច់ណាស់ ព្រោះវាធ្វើអោយពូជថនិកសត្វតែមួយគត់ក្នុងលោកយើងនេះមិនដាច់ពូជអស់។
គម្រោងការពារផ្សោតអ៊ារ៉ាវ៉ាដឌីរួមគ្នាមួយ គម្រោងការពារផ្សោតនៃតំបន់មេគង្គកម្ពុជា (CMDCP) គឺជាកម្មវិធីរួមគ្នាមួយរបស់អង្គការអន្តរជាតិ World Wildlife Fund (WWF) និង Wildlife Conservation Society (WCS) ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ឈ្មោះក្រុមការងារអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) និងនាយកដ្ឋានជលផលកម្ពុជា។ គម្រោងនេះគឺជាការបន្តគំនិតផ្តួចផ្តើមមួយ ដែលបានចាប់ផ្តើមនៅឆ្នាំ២០០១ ជាមួយនឹងសាកលវិទ្យាល័យអូស្រា្តលី James Cookនិង MDCP
វិបសាយសំខាន់ៗ -របាយការណ៍ស្តីពីការរាប់ចំនួនផ្សោតទន្លេមេគង្គ ចេញផ្សាយខែមេសា ២០០៨ ដោយអង្គការអភិរក្សបរិស្ថាន WWF មាននៅលើវិបសាយរបស់ WWF Cambodia - Abundance estimation of the Mekong Irrawaddy dolphin - Abundance estimation of the Mekong Irrawaddy dolphin Orcaella Brevirostris based on mark and recapture analysis of photoidentified individuals -វិបសាយរបស់គម្រោងអភិរក្សផ្សោតទន្លេមេគង្គ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅឆ្នាំ២០០១ ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ James Cook ដែលត្រូវបានបន្តការងារដោយWWF និងWCS។ ឯកសារជាភាសាអង់គ្លេសជាច្រើន បានរៀបរាប់លំអិតពីលក្ខណៈនៃថនិកសត្វនេះ ដូចជាពពួកសត្វដទៃទៀត។ -ផ្សោតទន្លេមេគង្គនៅកម្ពុជា មិនមែនជាពូជត្រីផ្សោតទឹកសាបតែមួយគត់នៅលើពិភពលោកយើងនេះទេ។ លោក Fernando Trujillo ជីវវិទូជនជាតិកូឡំប៊ី ដែលបានដឹកនំាការស្រាវជ្រាវពីផ្សោតទឹកសាបនៅទី្វបអាមេរិកខាងត្បូង បានបង្កើតក្រុមការងារស្រាវជ្រាវកម្ពុជានៃCMDCP ។ លោកបានទទួលជ័យលាភីពានរង្វាន់ Fonds Whitley សម្រាប់ការងារបរិស្ថានរបស់លោក។
|