|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ប្រចៀវរស់មានតម្លៃជាងប្រចៀវងាប់ |
| ααα ឈាង បុប្ផា | | | 29-05-2008 |
© John Vink / Magnum ប្រទេសកម្ពុជាចិញ្ចឹមសត្វប្រចៀវរាប់លានក្បាល ដែលក្នុងនោះគេឃើញមានពូជសត្វជាង៦០ប្រភេទ។ ប៉ុន្តែ សត្វពូជនេះកំពុងតែមានចំនួនថយចុះ។ ទោះបីជាពូជសត្វប្រចៀវនេះទទួលបាននូវការកោតសរសើរជាខ្លាំងក៏ដោយ ព្រោះអាចម៍របស់ពួកវាអាចយកទៅធ្វើជាជីធម្មជាតិដ៏មានប្រសិទ្ធិភាព និងជាថ្នាំសម្លាប់ពពួកសត្វល្អិតចង្រៃ ក៏សត្វប្រភេទនេះគឺជាម្ហូបអាហារដ៏ពេញនិយម និងជាគ្រឿងក្លែមដ៏សំខាន់របស់អ្នកផឹកស្រា។ គេឃើញពពួកសត្វទាំងនេះ មានរស់នៅកន្លែងដ៏ស្ងាត់ជ្រងំមួយ ស្ថិតនៅក្នុងភូមិដ៏តូចមួយឈ្មោះ អូរតាប៉ោង នាខេត្តពោធិសាត់ ជាមួយ នឹងអ្នកចិញ្ចឹមសត្វមួយរូបដែលប្រៀបបានដូចជាទេវតាចូលសន្ធិតក្នុងរូបរបស់គាត់ ព្រោះថាគាត់ព្រមលះបង់រាងកាយនិងព្រលឹងរបស់ខ្លួន ដើម្បីបុព្វហេតុសត្វទាំងនោះ។
ការស្រឡាញ់សត្វប្រចៀវ លោក កេង គីមសេង បានប្រក់ដំបូងស្លឹកត្នោតចំនួន១៩ នៅជាប់នឹងដើមដូង រឺព្យួរចន្លោះដើមឈើនៅបរិវេណផ្ទះ ដើម្បីធ្វើជម្រកអោយសត្វប្រចៀវ ព្រោះគាត់ស្រឡាញ់សត្វទាំងនោះយ៉ាងខ្លាំង។ គាត់បានកាប់ដើមឈើហូបផ្លែដែលមានស្លឹកទើសទែងដល់ការហោះហើរទៅមករបស់ប្រចៀវ ដើម្បីងាយស្រួលក្នុងការថែរក្សានិងការពារពួកវា។ លោកកេង គីមសេងរៀបរាប់អំពីសត្វប្រភេទនេះ ទាំងអារម្មណ៍ងុបងល់ ជាមួយនឹងស្នាមញញឹមអណ្តែតអណ្តូង ប្រៀបបានដូចជាកំពុងតែនិយាយពីស្រ្តីគួរជាទីស្រឡាញ់មួយរូបអញ្ជឹង។ គាត់«រស់នៅ»ជាមួយដែនដីសត្វប្រចៀវនេះអស់រយៈពេល២៦ឆ្នាំមកហើយ។ គាត់ទាមទារថា «ខ្ញុំចង់អោយគេស្រឡាញ់ចូលចិត្តសត្វប្រភេទនេះ។ កាលណាមានសត្វប្រចៀវកាន់តែច្រើន នោះសត្វល្អិតដែលមកបំផ្លាញដំណាំនឹងមានចំនួនកាន់តែតិចទៅៗ។ យើងត្រូវដឹងថាពួកវាជួយពួកយើង កម្ចាត់«សត្វល្អិតចង្រៃ»អោយអស់។
ការងារបន្តតាំងពីឪពុករហូតមកដល់កូន អ្នកចិញ្ចឹមរូបនេះធ្លាប់ស្គាល់អាចម៍ប្រចៀវតាំងពីកុមារភាពមកម្ល៉េះ។ គាត់នៅចាំពីសកម្មភាពការងាររបស់ឪពុករបស់គាត់ នៅមុនសម័យសង្រ្គាម ដែលបានចិញ្ចឹមថនិកសត្វប្រភេទនេះតែមួយមុខគត់។ ក្រោយរបបខ្មែរក្រហម ផ្ទះសត្វទាំងនោះត្រូវបានដុតបំផ្លាញ។ ប៉ុន្តែ របបប៉ុល ពតបានផ្តល់ជំនាញដ៏ប៉ិនប្រសប់មួយដល់គាត់ នោះគឺការផលិតជីធម្មជាតិតាមរយៈលាមក ព្រោះកាលនោះ គាត់ត្រូវគេបញ្ជាអោយទៅធ្វើការងារនេះនៅក្នុងសហករណ៍កសិកម្ម។ គាត់មានបំណងចង់បញ្ជូនមនោសញ្ចេតនាស្រឡាញ់សត្វទាំងនេះទៅអោយកូនៗរបស់គាត់ ព្រោះ គាត់មិនដែលភ្លេចទេថា កូនៗរបស់គាត់អាចរស់នៅបានរហូតមក គឺដោយសារតែការលក់ជីអាចម៍ប្រចៀវ និងចង់អោយកូនៗដឹងគុណចំពោះសត្វរាត្រីចរទាំងនេះ។
ការចិញ្ចឹមដើម្បីថែរក្សាបរិស្ថាន បច្ចុប្បន្ន ក្រុមគ្រួសាររបស់គាត់មានប្រចៀវពី ៥០០ ទៅ ៦០០០ ០០០ ក្បាល ដែលអាចផលិតអាចម៍បាន៣០គីឡូក្នុងមួយថ្ងៃ។ លោកគឹមសេងក៏ប្រមូលទិញអាចម៍ប្រចៀវពីអ្នកភូមិជាច្រើនទៀតដែរ ដើម្បីអោយអ្នកភូមិទទួលយកមុខរបរនេះ និងដើម្បីលើកទឹកចិត្តពួកគេកុំអោយសម្លាប់សត្វប្រចៀវ ព្រោះថាបើអាចម៍ប្រចៀវគ្មានអ្នកទិញទេ ពួកគេនឹងឈប់ចិញ្ចឹមវាមិនខាន។ អតិថិជនមកពីគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ដើម្បីទិញអាចម៍ប្រចៀវនៅផ្ទះគឹមសេង ក្នុងតម្លៃ ៥០០ ០០០ រៀល(១២៥ដុល្លារ)សម្រាប់អាចម៍ប្រចៀវ ៥០ គីឡូ។ ប៉ុន្តែអ្នកចិញ្ចឹមរូបនេះប្រុងប្រយ័ត្នបំផុត គាត់មិនចេះតែលក់ផលិតផលដ៏មានតម្លៃរបស់គាត់អោយគេផ្តេសផ្តាសនោះទេ។ «ខ្ញុំទទួលតែអ្នកណាដែលត្រូវការវាដើម្បីប្រើក្នុងចម្ការផ្លែឈើ ឬច្បារបន្លែរបស់គេប៉ុណ្ណោះ។ ខ្ញុំមិនចង់អោយជីដ៏ល្អនេះត្រូវខ្ជះខ្ជាយទៅក្នុងសាកវប្បកម្មនោះទេ...»។
© John Vink / Magnum
នៅពេលមានទាហានឬក៏បេសកជនរបស់អាជ្ញាធរមូលដ្ឋាន មកផ្ទះគាត់ដើម្បីទទូចអោយគាត់លក់សត្វប្រចៀវទាំងនេះទៅអោយពួកគេ លោកគឹមសេងមិនស្លន់ស្លោឡើយ។ គាត់បដិសេធដាច់អហង្ការ ហើយធ្វើជាមិនឮពាក្យគំរាមកំហែងរបស់ពួកគេ។ ប្រសិនបើអតិថិជនមិនគួរជាទីរាប់អានទាំងនេះ ទុកពេលខ្លះអោយគាត់ធ្វើការពន្យល់ គាត់នឹងផ្តល់មេរៀនខ្លីមួយអំពីអត្ថប្រយោជន៍នៃការការពារសត្វប្រចៀវ។ អ្នកចិញ្ចឹមសត្វប្រចៀវផ្សេងទៀតមិនមានភាពក្លាហានដូច្នេះទេ ពួកគេសារភាពថា ពួកគេបានយល់ព្រមតាមការស្នើនេះ ព្រោះខ្លាចអ្នកទាំងនោះមានការគុំកួន។ លោកគឹមសេងខឹងសម្បារថា ៖ «មនុស្សគឺជាសត្រូវទីមួយរបស់សត្វប្រចៀវ បន្ទាប់មកគឺសត្វពស់ និងមៀម! ប៉ុន្តែបើតាមច្បាប់ វាមិនមែនជាសត្វសម្រាប់យើងបរិភោភទេ!»។
សហគមន៍អភិរក្សសត្វប្រចៀវទន់ខ្សោយ លោកគីមសេងមិនសប្បាយចិត្តនឹងក្រសែភ្នែករបស់ជនរួមជាតិឯទៀតដែលចូលចិត្តបរិភោគសាច់ប្រចៀវ ហើយលោកមានការហត់នឿយក្នុងការតស៊ូការពារសត្វទាំងនេះតែម្នាក់ឯង។ ហេតុនេះហើយបានជាគាត់អរគុណជាខ្លាំងដល់អន្តរាគមន៍របស់អង្គការបរិស្ថានមួយ គឺ Wildlife Conservation Society ដែលបានធ្វើអោយអាកប្បកិរិយាអ្នកភូមិគាត់ផ្លាស់ប្តូរ។ នៅឆ្នាំ២០០៤ ប្រជាពលរដ្ឋនៅភូមិអូរតាប៉ោងចំនួន២៥គ្រួសារបានទទួលប្រាក់ ១៨០ ០០០ (៤៥ដុល្លារ) ក្នុងមួយគ្រួសារ ដើម្បីរៀបចំជម្រកអោយសត្វប្រចៀវនៅជុំវិញផ្ទះ។ នៅឆ្នាំ២០០៨ គឺមានតែ ៧ គ្រួសារប៉ុណ្ណោះដែលនៅបន្តបេសកកម្ម និងបន្តប្រមូលកើបអាចម៍ប្រចៀវនេះ។ អ្នកផ្សេងទៀតបានបោះបង់មុខរបរនេះចោល ដោយយកលេសថាខ្វះថវិកាក្នុងការជួសជុលជម្រកសត្វប្រចៀវ ដែលខូចខាតដោយសារទឹកភ្លៀង និងទឹកនោមប្រចៀវ។ ប្រឈមមុខនឹងអសុឆន្ទៈរបស់អ្នកភូមិ លោកគឹមសេងមានប្រាសាសន៍ថា ៖ «វាគឺជាសិល្បៈមួយក្នុងការធ្វើជម្រកដែលសត្វប្រចៀវចូលចិត្តនៅ! ខ្ញុំមានបច្ចេកទេសមួយ ហើយខ្ញុំត្រៀមខ្លួនជានិច្ចនឹងបង្ហាញប្រាប់វិធីនេះទៅអ្នកដទៃ ដែលខ្វាយខ្វល់នឹងការការពារសត្វទាំងនេះដូចខ្ញុំដែរ»។ អ្នកជិតខាងម្នាក់ អាយុ៧០ឆ្នាំប្លាយ មិនស្ទាក់ស្ទើរនឹងការទទួលយកការណែនាំពីអ្នកចិញ្ចឹមដ៏ប៉ិនប្រសប់នេះទេ។ គាត់នៅសល់តែជម្រកសត្វប្រចៀវតែមួយគត់ ព្រោះសត្វឃ្មុំបានមកតាំងសំបុកធ្វើអោយសត្វប្រចៀវគាត់មួយផ្នែកចេញទៅអស់។ ដោយមិនចាំបាច់គេសួរឡើយ អ៊ំស្រីជា ហ៊ាង បានកាត់ក្តីជីគីមី«ដែលមានតម្លៃថ្លៃ ធ្វើអោយក្តាំងដី និងធ្វើទិន្នផលមិនល្អ»។
ភាពព្រងើយកន្តើយរបស់អាជ្ញាធរ អំឡុងពេលនៃការធ្វើបទសម្ភាសន៍ កូនប្រុសម្នាក់របស់លោកគឹមសេងរត់មកប្រាប់ឳពុកថា មានគេដាក់សំណាញ់នៅចម្ងាយប្រមាណ១០ម៉ែត្រពីផ្ទះ។ អ្នកចិញ្ចឹមប្រចៀវរូបនេះដឹងរួចស្រេចទៅហើយថា ប្រចៀវរាប់រយក្បាលនៅក្នុងភូមិនឹងជាប់នៅក្នុងអន្ទាក់នេះ ហើយត្រូវបញ្ចប់នៅក្នុងចានរបស់អ្នកល្មោភមួយចំនួន។ បើតាមរូបលោក ស្ថានការណ៍គ្មានអ្វីល្អប្រសើរទេ បើទោះជាមានការដាក់បន្ថែមនៅឆ្នាំ២០០៧នៅក្នុងច្បាប់ស្តីពីការអភិរក្សព្រៃឈើ និងជីវិតសត្វព្រៃ ដែលបានដាក់សត្វប្រចៀវនៅក្នុងបញ្ជីសត្វអភិរក្សក៏ដោយ។ គាត់សង្កេតឃើញថា ច្បាប់នេះមិនត្រូវបានគេអនុវត្តនោះឡើយ។
លោកគឹមសេងរម្លឹកថា ៖ «ពេលខ្លះ យើងត្រូវទៅដោះសំណាញ់ដាក់ដោយអ្នកប្រមាញ់នៅពេលយប់នោះចេញ។ ជនទុច្ចរិតត្រូវចាប់ខ្លួនបានមែន ប៉ុន្តែពេលណានគរបាលផ្តល់ដំបូន្មានពួកគេរួចហើយ ពួកគេក៏ត្រូវបានដោះលែងវិញភ្លាម.... ប្រធានឃុំក៏ដូចជាអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់នឹងសារសំខាន់ដែលត្រូវការពារថនិកសត្វនេះទេ។ ពួកគេមិនចាប់អារម្មណ៍ទេ។ ដូច្នេះ ខ្ញុំក៏ឈប់ចាប់សំណាញ់ ព្រោះខ្លាចមានបញ្ហាជាមួយម្ចាស់សំណាញ់ទាំងនោះ ហើយម្យ៉ាងទៀតខ្ញុំគ្មានសមត្ថកិច្ចធ្វើដូច្នេះទេ»។
|
|
α’αααααααααααការប្រមាញ់សត្វប្រចៀវត្រូវបានហាមឃាត់ សារាចរចេញនៅឆ្នាំ២០០៧ ដើម្បីបំពេញបន្ថែមមាត្រាមួយលើច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ បានដាក់ទោសការបរបាញ់សត្វប្រចៀវជាបទឧក្រិដ្ឋប្រភេទទី២។ អ្នកបរបាញ់ទាំងឡាយណាដែលព្យាយាមប្រព្រឹត្តអំពើនេះ នឹងត្រូវប្រឈមមុខនឹងការដាក់ទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ពីមួយលានដល់១០លានរៀល។
គម្រោងអភិរក្សសត្វប្រចៀវ អង្គការ Wildlife Conservation Society បានចាប់ផ្តើមកម្មវិធីមួយនៅឆ្នាំ២០០៦ ក្នុងការអភិរក្សពូជ សត្វប្រចៀវ ដោយផ្តោតលើសត្វដែលរស់នៅក្នុងរូងភ្នំ (Scotolus Kuhlii) និងសត្វពួនសម្ងំនៅក្នុងដើមត្នោត (Tadareda Plicata)។ សត្វទាំងពីរប្រភេទជាបាណកសី។ លោកយឹម សាក់សាង អ្នកជំនាញផ្នែកថនិកសត្វនៅ WCS បានលើកឡើងថា សត្វប្រចៀវអាចស៊ីសត្វល្អិតរហូតដល់ ១ ២០០ ក្នុងរយៈពេលមួយម៉ោង។ លោកពន្យល់ពីហេតុផលពីរនៃការអភិរក្សសត្វប្រភេទនេះ គឺការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការលក់អាចម៍របស់វា។ អ្នកស្រាវជ្រាវរូបនេះដែលត្រៀមខ្លួននឹងធ្វើការផ្លាស់ប្តូរផ្នត់គំនិតរបស់ជនរួមជាតិ លោក គូសបញ្ចាក់ថា៖ «ជនជាតិកម្ពុជាខ្លាចសត្វទាំងនេះ ហើយសម្លាប់ និងបរិភោគវា។ គេប្រទះឃើញមានសាច់ប្រចៀវនៅលើទីផ្សារ និងនៅក្នុងភោជនីយដ្ឋានមួយចំនួន»។
អ្នកផ្ទុកមេរោគឆ្កួត លោកយឹម សាក់សាង មកពី WCS រៀបរាប់ថា ការសិក្សាមួយបានអោយគេអាចផ្ទៀងផ្ទាត់រកឃើញនៅក្នុងខ្លួនសត្វប្រចៀវកម្ពុជា មេរោគមួយឈ្មោះ « rabis » (រោគឆ្គួត) ដែលមនុស្សអាចឆ្លងវាបានតាមរយៈប្រចៀវខាំ។ ប៉ុន្តែអ្នកស្រាវជ្រាវរូបនេះអះអាងថា «គ្មានការចម្លងណាមួយមកលើមនុស្សត្រូវរកឃើញនៅឡើយរហូតមកដល់ថ្ងៃនេះ»។ លោកបន្ថែមថា សូមអោយជនជាតិកម្ពុជាកុំព្រួយបារម្ភអី «សត្វប្រចៀវវាយប្រហារលើអ្នក ល្គឹកណាតែអ្នករំខានវាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គេក៏មានថ្នាំចាក់ការពារដែរ»។
តើតំបន់ណានៃប្រទេសកម្ពុជាសម្បូរសត្វប្រចៀវជាងគេ? ពពួកថនិកសត្វចេះហើរច្រើនរស់នៅក្នុងរូងភ្នំនៅក្នុងខេត្តបាត់ដំបង កំពត កំពង់សោម និងស្ទឹងត្រែង។ ចំនួនសត្វនេះត្រូវគេប៉ាន់ស្មានថាមាន៦លានក្បាល។ ចំណែកសត្វប្រចៀវគេចិញ្ចឹមវិញរស់នៅក្នុងដើមត្នោត នៅខេត្តកំពង់ចាម ពោធិសាត់ កំពង់ធំ តាកែវ កណ្តាល និងកំពត ដែលមានចំនួនរហូតដល់២លានក្បាល។ ជីអាចម៍ប្រចៀវផលិតដោយសត្វប្រចៀវនៅតាមរូងភ្នំគឺល្បីថាមានជីជាតិខ្លាំង ព្រោះវាប្រមូលផ្តុំនូវអាចម៌ប្រចៀវ និងទឹកនោមរបស់វា។
ដើម្បីយល់ដឹងបន្ថែមអំពីសត្វប្រចៀវ
|