«វាស់កម្រិត កាត់បន្ថយ សង»...ពាក្យណែនាំទាំងបីនេះអាចយកទៅអនុវត្ត នៅក្នុងផែនការរបបអាហារសម្រកទម្ងន់។ ប៉ុន្តែការដែលអង្គការថាមពលកកើត ឡើងវិញ បរិស្ថាន និងសាមគ្គីភាព (Géres) បង្កើតរូបមន្តនេះឡើង គឺមិនមែន ដោយសារតែពួកគេចាប់អារម្មណ៍នឹងទំហំ ដងខ្លួនស្រ្តីមេផ្ទះនោះទេ។ រយៈពេលមួយឆ្នាំមកហើយ អង្គការមិនមែនរដ្ឋាភិបាលបារាំងមួយនេះបាន ផ្តល់ដល់ក្រុមហ៊ុន និងស្ថាប័ននានានៅកម្ពុជានូវសេវាសវនកម្មដើម្បីប្រយុទ្ធ ប្រឆាំងនឹងកំណើនអាកាសធាតុ តាមរយៈការកាត់បន្ថយ និងការផ្តល់ សំណងនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ពួកគេ។ កម្មវិធីនេះចាប់ផ្តើមមាន លក្ខណៈប្រកួតប្រជែង ដែលមានភាពទាក់ទាញដោយសារទិដ្ឋភាពនៃការ ថែរក្សា បរិស្ថាន និងជាពិសេសគឺការចំណេញថវិកា។
ដំណើរការដោយស្ម័គ្រចិត្ត សាមគ្គីភាព...និងហិរញ្ញវត្ថុ អង្គការ Géres បានអនុវត្តនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មក នូវយន្តការមួយចាប់ផ្តើមដំបូងនៅប្រទេសបារាំងកាលពី៣ឆ្នាំមុន គឺប្រព័ន្ធ«CO2 Solidaire»នៃ«សំណងស្ម័គ្រចិត្ត»ចំពោះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ គំនិតនៃការបង្កើតប្រព័ន្ធនេះឡើងគឺសាមញ្ញបំផុត ដោយហេតុថាការកើនឡើងកម្តៅផែនដីគឺជាបញ្ហារបស់ពិភពលោក ហេតុអ្វីក៏មិនសុំអោយអ្នកដែលបំពុលបរិយាកាសផ្តល់ហិរញ្ញវត្ថុជួយដល់គម្រោងទាំងឡាយនៅចំណុចផ្សេងទៀតនៃផែនដី ដែលអាចកាត់បន្ថយការបំពុលបរិស្ថាន? គំនិតនេះគឺយកលំនាំតាមពិធីសារទីក្រុងក្យូតូ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម) ដែលបានបង្កើតទីផ្សារហិរញ្ញវត្ថុមួយនៃ«ឥណទានកាបូន»ដែល«អ្នកសម្អាត»លក់ទៅអោយអ្នកបំពុលបរិស្ថាន។ ប៉ុន្តែវាមានចំណុចពីរដែលខុសគ្នា។ ទី១ : «CO2 Solidaire »ពឹងផ្អែកទៅលើឆន្ទៈរបស់បុគ្គល ក្រុមហ៊ុន ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ គឺមិនមែនពឹងផ្អែកលើកូតា និងករណីយកិច្ចកំណត់ដោយរដ្ឋនោះទេ។ ទី២ : ផលចំណេញនៃឥណទានកាបូនត្រូវដាក់វិនិយោគជាថ្មីនៅក្នុងគម្រោងថ្មីដើម្បីការអភិវឌ្ឍចីរកាល និងសេដ្ឋកិច្ចក្នុងតំបន់។ បង់ប្រាក់មិនមែនចប់នោះទេ តាមរយៈការផ្តល់សេវាកម្មនេះនៅកម្ពុជា អង្គការ Géres មិនត្រឹមតែមានបំណង ជំរុញក្រុមហ៊ុន និងអង្គការនានា ផ្តល់សំណងជាថវិកាចំពោះការបញ្ចេញឧស្ម័នពុលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ជាពិសេសគឺនៅចង់ជំរុញពួកគេអោយកាត់បន្ថយការប្រើប្រាស់ថាមពល និងផលប៉ះពាល់ទៅលើបរិស្ថាន។ លោកមិញ គួងលីក្វាង(Minh Cuong Le Quan) នាយកម្មវិធីអាកាសធាតុរបស់ Géres បានពន្យល់ថា ៖ «ប្រសិនបើក្រុមហ៊ុនមួយទាក់ទងមកយើង ដោយនិយាយថា ពួកគេចង់វាស់កម្រិតការបញ្ចេញឧស្ម័នកាបូនិច បន្ទាប់មកផ្តល់សំណងចំពោះការបញ្ចេញឧស្ម័នទាំងនេះ យើងមិនព្រមទទួលទេ។ សម្រាប់ពួកយើង ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុលក៏ជាកត្តាសំខាន់ដែរ។ វាមិនមែនគ្រាន់តែជាការព្យាយាមបង្ហាញថាខ្លួនឯងល្អ និងទាន់សម័យនោះទេ។ យើងត្រូវការការសន្យាពិតប្រាកដមួយ»។ របាយការណ៍ពេញលេញនៃប្រភពការបំពុលបរិស្ថាន ដំណាក់ការទី១នៃដំណើរនេះ អាចប្រើពេលសរុបចាប់ពីបីសប្តាហ៍ទៅមួយឆ្នាំអាស្រ័យតាមទំហំនៃក្រុមហ៊ុនពាក់ព័ន្ធ។ ដំណាក់កាលនេះគឺជាការរៀបចំបញ្ជីសារពើភ័ណ្ឌពេញលេញមួយតាមតែអាចធ្វើទៅបានអំពី ប្រភពសំខាន់ៗនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ វិក័យប័ត្រភ្លើង ហ្គាស និងប្រេងឥន្ធនៈ បរិមាណកាកសំណល់ ផលិតផលប្រើប្រាស់រួច ការគ្រប់គ្រងទឹកកខ្វក់ មធ្យោបាយដឹកជញ្ជូន សីតុណ្ហភាពនៅក្នុងបន្ទប់ ម៉ាស៊ីនកម្តៅ ការការពារសំណើមនៅក្នុងបន្ទប់...រាល់វត្ថុទាំងឡាយដែលអាចផលិតឧស្ម័នកាបូនិច មេតាន ឬ HFCF ដោយផ្ទាល់ឬដោយប្រយោល ក្នុងបរិមាណណាក្តី គឺត្រូវបានវាស់កម្រិត និងកត់ចំណាំយ៉ាងហ្មត់ចត់បំផុត។ ប្រតិបត្តិការនេះអាចធ្វើឡើងដោយ បុគ្គលិកក្រុមហ៊ុនក្រោមការត្រួតពិនិត្យរបស់ Géres ឬអ្នកបច្ចេកទេសរបស់ Géres ផ្ទាល់តែម្តង។ ការប្រើប្រាស់ឧស្ម័នកាបូនិចគិតជាតោន នៅពេលធ្វើការប្រមូលទិន្នន័យរួច ទិន្នន័យទាំងអស់ផ្លាស់ប្តូរជាឧស្ម័នកាបូនិច គិតជាតោន ដោយយោងតាមការកែប្រែធ្វើឡើងដោយ Géres តាមរយៈបរិបទអន្តរជាតិ និងលក្ខណៈពិសេសៗនៅកម្ពុជា។ លោកមិញ គួងលីក្វាង បានគូសបញ្ជាក់ថាឧបករណ៍កែសម្រួលទៅតាមបរិបទមូលដ្ឋានគឺមានភាពចាំបាច់ណាស់សម្រាប់វាស់អោយដឹងបរិមាណពិតប្រាកដនៃការបញ្ចេញចោលឧស្ម័នកាបូនិច។ លោកបានបន្ថែមទៀតថា ៖ « ឧទាហរណ៍ នៅកម្ពុជា ការបញ្ចេញឧស្ម័នកាបូនិចបង្កឡើងដោយសារការប្រើប្រាស់អគ្គិសនីមានកំរិតច្រើនណាស់។ នៅតាមបណ្តារោងចក្រអគ្គីសនី គេប្រើប្រាស់ប្រេងម៉ាស៊ូត និងឧស្ម័ន និងប្រើប្រាស់ ថាមពលវារីអគ្គិសនី និងធ្យូងថ្ម តិចតួចបំផុត គឺមិនដូចនៅប្រទេសបារាំង ដែលអគ្គិសនីមួយភាគធំបានមកពីថាមពលនុយក្លេអ៊ែរ»។ សន្សំសំចៃថាមពល...និងប្រាក់ ការវាស់កម្រិតនិងការកាត់បន្ថយគឺជារឿងម្យ៉ាងមួយបែប។ ដូច្នេះ ដំណាក់ការបន្តទៀតផ្តោតលើការរកដំណោះស្រាយមួយដើម្បីបំពុលបរិស្ថានអោយបានតិច ហើយបើធ្វើដូច្នេះបានគឺគេកាន់តែចំណាយតិច។ នាយកដ៏សកម្មម្នាក់នេះគូសបញ្ជាក់ថា៖ «យើងមានវិធីដ៏ល្អមួយ។ នៅក្នុងការណែនាំរបស់យើង យើងគិតពីផលប្រយោជន៍របស់ក្រុមហ៊ុន ឬស្ថាប័ននានា ហើយនឹងការពារគុណភាពសេវាកម្ម ឬផលិតផល»។ លោករ៉ូប បាតេសុន (Rob Bateson) អនុប្រធានផ្នែកគ្រប់គ្រងនៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានសហការជាមួយ Geres ដើម្បីក្លាយជា «កាបូនឆ្អែត» រៀបរាប់ថា ៖ «វាបានចាប់ផ្តើម តាមរយៈការផ្លាស់ប្តូរសាមញ្ញៗ»។ «ប្រើអំពូលស៊ីភ្លើងតិច ដាក់ប្រដាប់ចុចទឹកបង្គន់ពីរផ្សេងគ្នា និងក្បាលរ៉ូប៊ីណេស្វ័យប្រវត្តិនៅក្នុងបង្គន់ ដាក់ម៉ាស៊ីនត្រជាក់ 'dry' ត្រឹមកម្រិត២៥oC ហើយបិទវានៅពេលយប់... កត្តាតូចតាចទាំងនេះគឺអាចកាត់បន្ថយការប្រើប្រាស់ថាមពល ដោយធ្វើអោយគណនីកររបស់យើងសប្បាយចិត្ត!»។ បន្ទាប់ពី«ស្រួល» «ពិបាក» ប៉ុន្តែការផ្លាស់ប្តូរ«លំបាក»ផ្សេងទៀតចាំបាច់ត្រូវការការវិនិយោគច្រើន : ផ្លាស់ប្តូរគ្រឿងទាំងមូលរបស់រថយន្ត ទិញសម្ភារៈស៊ីថាមពលតិច ម៉ាស៊ីនកម្តៅ...។ លោកអង់តូនី អែលដឺសុន (Antony Alderson) នាយកក្រុមសណ្ឋាគារ Fabs ដែលបច្ចុប្បន្នធ្វើសនវកម្មជាមួយនឹង Géres សម្រាប់ សណ្ឋាគាររបស់ខ្លួនទាំងអស់ ក្នុងនោះរួមមាន FCC, Fresco, Pacharan បានពន្យល់ថា ៖ «សម្រាប់សណ្ឋាគារថ្មី«មិនមានប្រើប្រាស់កាបូន» ដូចជា The Quay យើងបានធ្វើតាមការណែនាំតាំងពីដំបូងមក។ ប៉ុន្តែសម្រាប់អគារចាស់វិញ យើងមិនអាចធ្វើការផ្លាស់ប្តូរអ្វីធំដុំទេ»។ ដៃគូរបស់ Géres ជាច្រើនព្យាយាម«សងការខូចខាត»ចំពោះការបញ្ចេញឧស្ម័ន«ដែលមិនអាចបំបាត់»បានទាំងនេះ។ ពួកគេអាចធ្វើបានដោយទិញឥណទានកាបូននៅលើទីផ្សារពិភពលោក ឬទិញនៅ Géres ដោយផ្ទាល់ ដែលជាអ្នកមានសិទ្ធិលក់ឥណទានសាមគ្គីភាពបញ្ជាក់ដោយស្ថាប័ននានាដែលទទួលស្គាល់ដោយពិធីសារទីក្រុងក្យូតូ។ ឥណទានទាំងនេះប្រើសម្រាប់ផ្តល់ជាថវិកា ឧទាហរណ៍កម្មវិធីចង្រ្កាននៅតាមផ្ទះ និងសម្រាប់សិប្បកម្មល្អប្រសើរដែលអង្គការបារាំងបានបង្កើត និងពង្រីកនៅកម្ពុជា ដែលអនុញ្ញាតអោយសន្សំសំចៃឧស្ម័នកាបូនិច xxx តោនក្នុងមួយឆ្នាំ។ ហេតុផលពាណិជ្ជកម្មដើម្បីបុព្វហេតុបរិស្ថាន ប៉ុន្តែ លោកអង់តូនី អែលដឺសុន បានគូសបញ្ជាក់ថា ដំណើរការនេះត្រូវចំណាយថវិកាច្រើន។ ដូច្នេះដើម្បីបានប្រាក់ចំណេញមកវិញ គេត្រូវប្រឈមមុខនឹងការប្រកួតប្រជែង។ លោកនាយកពន្យល់យ៉ាងដូច្នេះថា «ការអនុវត្តរបៀបថ្មីនេះជាលក្ខណៈបុគ្គលដើម្បីប្រយុទ្ធប្រឆាំងនឹងកំណើនអាកាសធាតុគឺជារឿងដ៏លំបាកមួយ។ ប្រសិនបើអ្នកជិតខាងមិនធ្វើអ្វីសោះ ហេតុអ្វីខ្ញុំត្រូវធ្វើវា? ផ្ទុយទៅវិញ យើងអាចធ្វើអោយគ្រប់យ៉ាងមានការផ្លាស់ប្តូរបាននៅតាមក្រុមហ៊ុននានា ហើយវាអាចធ្វើអោយមានការខុសប្លែកយ៉ាងច្រើន។ បច្ចុប្បន្ន គ្រប់គ្នាបានយល់ដឹងពីបញ្ហាអាកាសធាតុ។ ឧទាហរណ៍ ប្រសិនបើផ្សារទំនើបមួយចាប់ផ្តើមលែងប្រើស្បោងផ្លាស្ទិច ខ្ញុំនឹងទៅទិញឥវ៉ាន់ក្នុងផ្សារនោះជាជាងទៅកន្លែងដទៃផ្សេងទៀត...»។ លោកបានបង្ហាញខិត្តប័ណ្ណអគារថ្មីរបស់ខ្លួន ដែលបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់លោកក្នុងការប្រកួតប្រជែងផ្នែកបរិស្ថាន ជាមួយនឹងដៃគូផ្សេងទៀត: «យើងចង់ក្លាយជាអ្នកនាំមុខនៅក្នុងផ្នែកនេះ ហើយយើងនឹងបានផលប្រយោជន៍។ អតិថិជនរបស់យើងដឹងថា នៅពេលមកសម្រាកក្នុងសណ្ឋាគារនេះ ការលំហែរបស់ពួកគេនឹងជា«កាបូនឆ្អែត»។ ពួកគេបង់ពន្ធសម្រាប់ពិភពលោក»។
ស្ថានទូត «បៃតង» មួយ នៅក្នុងក្របខ័ណ្ឌនយោបាយជាតិរៀបចំឡើងដោយចក្រភពអង់គ្លេស ក្នុងគោលបំណងចង់អោយសេវាកម្មនៅក្នុងប្រទេស រួមទាំងក្រៅប្រទេស គឺជា« កាបូនឆ្អែត» ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០១២ ស្ថានទូតប្រទេសអង់គ្លេសបានរៀបចំកម្មវិធីសន្សំសំចៃថាមពលដ៏ធំមួយ ដោយមានជំនួយពីអង្គការ Géres។ «ក្រុមបៃតង» ដែលមានសមាជិកប្រាំរូបតំណាងអោយសេវាកម្មនិងស្ថាបន័ផ្សេងៗគ្នា ត្រូវបានបង្កើតឡើង ដើម្បីធ្វើការពិចារណាដល់ដំណោះស្រាយផ្សេងៗតាមដែលអាចធ្វើទៅបាន។ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ស្ថានទូតបានធ្វើការពិចារណាម្តងទៀត ទាក់ទងនឹងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងការដឹងជញ្ជូនផ្សេងៗ។ យានជំនិះនៅអង់គ្លេសដំណើរការដោយប្រើប្រេងឥន្ធនៈផលិតចេញពីប្រេងរុក្ខជាតិ កិច្ចប្រជុំអន្តរជាតិធ្វើឡើងតាមរយៈការបញ្ជូលរូបភាពពីចម្ងាយ អាងស្តុកទឹកភ្លៀងដ៏ធំចំនួនពីរអនុគ្រោះដល់ការស្រោចដំណាំក្នុងសួន និងលាងយានយន្ត ហើយនឹងតុក-តុកដំណើរការដោយប្រើឧស្ម័នហ្គាស…។ អនុប្រធានសេវាកម្មគ្រប់គ្រងនៅស្ថានទូត ទទួលស្គាល់ថា «យើងមានទាន់ផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ថាមពលដែលទទួលបានម្តងម្កាល នៅឡើយទេ។ លោកបានគូសបញ្ជាក់ថា នៅមានបញ្ហាបម្រុងទុក ជាពិសេស សម្រាប់ក្រដាសដែលត្រូវបានយកទៅកែច្នៃ នៅមិនអាចរកឃើញមាននៅប្រទេសកម្ពុជា។ «ប៉ុន្តែ ស្ថានទូតនឹងជម្រុញនៅក្នុងករណីនេះ។ គេកាន់តែចោទសួរ មានន័យថាអ្នកផ្គត់ផ្គង់កាន់តែមានការចាប់អារម្មណ៍»។ ពិធីសារក្យូតូ ចូលជាធរមាននៅឆ្នាំ២០០៥ នាំអោយមានការបង្កើតទីផ្សារហិរញ្ញវត្ថុ«ឥណទានកាបូន»ដ៏ពិតប្រាកដមួយ។ យោងតាមគម្រោងកំណត់ជាអន្តរជាតិ ក្រុមហ៊ុនដែលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច មេតាន និង HCFC នឹង ទទួលបាន«ឥណទានបញ្ជាក់ពីការបញ្ចេញឧស្ម័នពុល»ដែលខ្លួនអាចធ្វើ ការដោះដូរកាបូនក្រោយមកទៀត។ ក្រុមហ៊ុនទាំងឡាយដែលមិនអាចកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬក៏ការវិនិយោគចាំបាច់ក្នុងការកាត់បន្ថយមានទំហំធំពេក គឺអាច«ផ្តល់ជាសំណង»ចំពោះការបញ្ចេញឧស្ម័នពុលរបស់ពួកគេ ហើយត្រូវគោរពតាមកូតា ដោយទិញ«ឥណទានកាបូន»នៅលើទីផ្សារហ៊ុនពិសេស។ «ប័ណ្ណភាគហ៊ុនតម្លៃស្មើនឹងCO2 »ជាច្រើនលានតោនត្រូវបានដោះដូរជារៀងរាល់ឆ្នាំ។ ស្របគ្នានេះ ផ្សារសេរីនៃការផ្តល់សំណងស្ម័គ្រចិត្តនៃការបញ្ចេញឧស្ម័ន CO2 ត្រូវបង្កើតឡើង : គឺផ្សារនេះហើយដែលជាចំណាប់អារម្មណ៍របស់បុគ្គលនិងក្រុមហ៊ុន ផ្តល់សេវាកម្មដែលចង់ផ្តល់សំណងចំពោះការបញ្ចេញឧស្ម័នពុលរបស់ពួកគេ តាមរយៈការទិញឥណទានកាបូនពីកម្មវិធីនានា ដូចជាកម្មវិធី CO2 Solidaire ជាដើម របស់អង្គការ Géres ឬអង្គការសកម្មភាពកាបូន (Action Carbone ) គាំទ្រដោយអ្នកថតរូប យ៉ាន់ អាកធូស ប៊ែរត្រង់ (Yann Arthus Bertrand)។
ព័ត៌មានសំខាន់ៗ -ដើម្បីទទួលបានព័ត៌មានស្តីពីការផ្តល់សំណងការបញ្ចេញឧស្ម័ន CO2 គឺមានកម្មវិធីមិនគិតប្រាក់ចំណេញចំនួនពីរ : CO2 Solidaire និង Action Carbone - ដើម្បីដឹងពីដំណើរការផ្សារភាគហ៊ុនកាបូន សូមមើលក្នុងទំព័រអាំងទែណែតឯករាជ្យ PointCarbon ផ្តល់នូវព័ត៌មានទាក់ទងនឹងទំនោរថ្មីៗនៃការទិញប័ណ្ណភាគហ៊ុន តម្លៃភាគហ៊ុនប្រចាំថ្ងៃ និងព័ត៌មានសំខាន់ៗជាច្រើនទៀត។ |