αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:30 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
កម្មការិនីជាប់លេខ១ខាងគ្រវែងសំរាមចោល
αžŠαŸ„αž™ Chheang Bopha et Stephanie Gee   
Convertir en PDF Version imprimable SuggΓ©rer par mail
03-04-2008

Dιchets / Chom Chao / Phnom Penh - ©John Vink / Magnum
 ចោមចៅ(ភ្នំពេញ) ថ្ងៃទី២៧​មីនា​២០០៨ សំរាមដែលបោះពីជាន់ខាងលើផ្ទះប្រជាជនមក
©John Vink / Magnum

ថង់ចម្រុះពណ៌ មានខៀវ បៃតង ក្រហម មើលទៅ«ស្រស់ស្អាត»ខ្លាំងណាស់​ ... តែវាគ្មានអ្វីផ្សេងក្រៅពីថង់សំរាមផ្ទះបាយនោះទេ។ ថង់ផ្លាស្ទិចដេរដាស​ប្រៀបបាននឹងបឹងដ៏ធំមួយលាតសន្ធឹងនៅសង្កាត់ចោមចៅ។ ចោមចៅគឺជា​សង្កាត់ថ្មីរបស់ទីក្រុងភ្នំពេញដែលត្រូវបានបង្កើតឡើងកាលពី៣ឆ្នាំមុន។ ទីនេះ​ជាកន្លែងស្នាក់នៅរួមរបស់កម្មការិនីរោងចក្រកាត់ដេរ។

«ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមដាក់ធុងសំរាមមួយអោយខ្ញុំ ខ្ញុំសុខចិត្តបង់​ប្រាក់៥ដុល្លារ។ ប៉ុន្តែមិនអាចដល់២០ដុល្លារទេ! ម្យ៉ាងទៀត អ្នកនៅទីនេះមិន​ដែលបង់តម្លៃនេះទេ!» លោកជុំ ហ៊ុន ពោលយ៉ាងដូច្នេះដោយឥតខ្លាចអ្វី​ឡើយ។ លោកគឺជាម្ចាស់ផ្ទះជួលមួយកន្លែងដែលមានកម្មការិនី១៥០នាក់​ស្នាក់នៅ។ ប្រជាពលរដ្ឋរូបនេះអះអាងថា គាត់តែងតែចង់ថែរក្សាបរិស្ថាន​ដែលគាត់រស់នៅ តែ«អ្នកផ្សេងទៀត មិនដូចគាត់ទេ»។ លោកសម្តែងការខឹង​សម្បាថា លោក បានបោសសម្អាតមុខផ្ទះមិនទាន់បានប៉ុន្មានផង ស្បោងផ្លាស្ទិច​ក៏មកនៅពាសពេញដដែល។

ដោយខ្វាយខ្វល់ពីការអប់រំអ្នកនៅជួលផ្ទះ បុរសវ័យចំណាស់អាយុជាង៥០​ប្លាយ​រូបនេះបានដាក់កញ្ជេរសំរាមធំមួយនៅដីទំនេរក្បែរផ្ទះ ប៉ុន្តែលោកនិយាយ​ថា អ្នកជួលផ្ទះនៅតែមើលរំលងកញ្ជេរសំរាមនេះ ហើយបន្តចោលសំរាមពាស​វាលពាសកាលដដែល។  

ការជឿលើព្រេងវាសនា

ស្បែកជើងចាស់ៗ ថង់គ្រប់ប្រភេទ កម្ទេចក្រណាត់...ធ្វើអោយស្រះ និងដី​ទំនេរនៅទីនេះប្រែក្លាយទៅជាកន្លែងចាក់សំរាម។ នៅលើជញ្ជាំងនៅជាប់នឹង​កន្លែងមួយដែលគេនាំគ្នាយកសំរាមទៅចាក់ចោលនោះ មានសរសេរ​ថា «​ហាមចោលសំរាម»។ ប៉ុន្តែបម្រាមនេះទទួលបានលទ្ធផលផ្ទុយទៅវិញ។

នៅពេលយើងសួរសំណួរទៅកាន់ប្រជាពលរដ្ឋដើម្បីចង់ដឹងថាតើពួកគាត់មាន​ការរំខានដោយសារគំនរសំរាមដ៏កខ្វក់នេះដែរឬទេ យើងតែងតែទទួលបាន​ចម្លើយថា«មែនវារំខានមែន! ប៉ុន្តែនៅទីណាក៏ដូចគ្នាដែរ!» ជាមួយនឹង​កាយវិការដៃបក់សត្វរុយដែលហើរមកក្បែរ។ សត្វនេះមានវត្តមាននៅគ្រប់​ទីកន្លែង។

កំហុសរបស់អ្នកមកពីខេត្ត?

គំនរសំរាមស្ទើរតែក្លាយជាសញ្ញាសម្គាល់នៃកន្លែងស្នាក់នៅរបស់កម្មការិនីទៅហើយ។ សម្រាប់ប្រជាពលរដ្ឋខ្លះនៅក្នុងសង្កាត់ចោមចៅនេះ  «យុវតីមកពីតាម​ខេត្តដែលមិនបានទទួលការអប់រំទាំងនេះ» គឺជាដើមហេតុ។

ស្រ្តីជាម្តាយម្នាក់បានរៀបរាប់ថា៖ «អ្នកជួលផ្ទះរបស់ខ្ញុំតែងតែចាក់ទឹកកខ្វក់ពី លើមកដោយមិនខ្វល់ពីសម្លៀក បំពាក់ដែលយើងសំដិលហាលនៅក្រោម ឡើយ! ប្តីខ្ញុំបានណែនាំពួកនាងដែរ ប៉ុន្តែពួកនាងបែរជានិយាយ ស៊កមកគាត់ វិញ​ថា : ខ្ញុំមិនមែនចាក់ទឹកលើក្បាលពូឯងឯណា !» ។

ធ្វើតាមអ្នកដទៃ

ភឿន អាយុ២៣ឆ្នាំ។ នាងគឺជានារីតោះតើយម្នាក់។ នាងបានសារភាពថា នាងគ្រវែងសំរាមចោលពីលើរានហាលជាន់ទី២ ដែលនាងស្នាក់នៅរួមគ្នាក្នុង​បន្ទប់មួយជាមួយកម្មការិនីពីរនាក់ទៀត។ នាងបានពន្យល់ថា៖ «ខ្ញុំដឹងថា វាមិន​ស្អាត ប៉ុន្តែណាស់ហើយ គ្រប់គ្នាគេធ្វើតែរបៀបហ្នឹង ហើយម្យ៉ាងវាលឿនផង! បើទោះជាខ្ញុំមិនធ្វើអីចឹង ក៏វានៅតែមានសំរាមដដែលហ្នឹង!»។ នាងបន្ថែមថា សំឡីអនាម័យរបស់នាងក៏នាងគ្រវែងអីចឹងដែរ ដោយដាក់ចូលក្នុងថង់ផ្លាស្ទិច​ពណ៌ខ្មៅ ហើយនាងបោះវាចោលនៅពេលយប់ងងឹត...

ទង្វើបែបនេះក៏ទទួលបានការយល់ព្រមពីម្ចាស់ផ្ទះជួលដែរ។ គេសុំអោយ​អ្នក​ជួលផ្ទះគ្រវែងសំរាមអោយបាន«ល្អ» ដើម្បីកុំអោយធ្លាក់នៅក្បែរផ្ទះ គឺត្រូវ​គ្រវែងអោយ«ឆ្ងាយបន្តិច»។

«សម្របខ្លួនតាមកន្លែងរស់នៅ»

កម្មការិនីពីរនាក់ត្រឡប់ពីរោងចក្រវិញ ដោយមានកាន់ថង់ផ្លាស្ទិចដាក់​អាហារពេលល្ងាចជាច្រើន។ ពួកនាងទទួលស្គាល់ថា ពួកនាងដើរតាមម៉ូដ​ដែលគេប្រើនៅក្នុងសង្កាត់។ ត្រង់ចំណុចគឺដូចករណីមុនដែរ ពោលគឺ«ដើម្បី​ធ្វើតាមអ្នកដទៃ»។ «នៅក្នុងភូមិខ្ញុំឯខេត្តស្វាយរៀង យើង ប្រមូលសំរាម ហើយ​ដុតវាចោល។ តែនៅទីនេះ គេមិនធ្វើអីចឹងទេ ខ្ញុំក៏សម្របតាមគេទៅ...» នេះ​ជាការបង្ហើបអោយដឹងរបស់រ៉ាក់ ដោយអឹមអៀម ដែលមើលទៅនាងទើបតែឆ្លង​ផុតវ័យជំទង់ប៉ុណ្ណោះ។

ការយល់ដឹងបន្តិចបន្តួច

កម្មការិនីម្នាក់បានដឹងថា ថង់ផ្លាស្ទិចគឺមិនងាយរលួយនៅពេលដែលនាងបាន​ធ្វើការពិសោធន៍តូចមួយ។ «ខ្ញុំបានដាក់ថង់ផ្លាស្ទិចទៅក្នុងទឹក ហើយគ្មានអ្វីកើត​ឡើងលើវាសោះ! ថង់ផ្លាស្ទិចនោះនៅល្អមិនខូចខាតអ្វីឡើយ!» នាង​រៀបរាប់ដូច្នេះ ដែលមើលទៅហាក់នៅមិនទាន់ជឿពីអ្វីដែលនាងបានឃើញ​នៅឡើយ។

ក្លិនដំបូងដែលមករំខានច្រមុះរបស់កញ្ញាសុកឃាងដ៏ស្រស់ស្អាតរាល់ព្រឹកនៅ ពេលដែលនាងចេញពីបន្ទប់ជួល នោះគឺក្លិនស្អុយនៃសំរាមរលួយនៅលើដី... ក្នុងចំណោមសំរាមទាំងនោះក៏មានសំរាមរបស់នាងខ្លួនឯងដែរ! «នៅរដូវភ្លៀង គឺកាន់តែយ៉ាប់ទៅទៀត។ ទឹកលិច ហើយយើងត្រូវដើរក្នុងទឹកកខ្វក់នេះ... ជើងខ្ញុំឡើងរមាស់អស់!»។ នៅពេលយើងកំពុងតែជជែកជាមួយសុកឃាង បុរសម្នាក់បានបោះវ៉ាលីសចោលនៅលើគំនរសំរាម ហើយដើរចេញទៅធ្វើ​ព្រងើយ។

កិច្ចសន្យារបស់ស៊ិនទ្រី

បើទោះជាប្រជាពលរដ្ឋនៅចោមចៅតូញត្អែរពីការមកមិនទៀងទាត់របស់ កម្មករប្រមូលសំរាមក៏ដោយ តែលោកអនុប្រធានរបស់ក្រុមហ៊ុនស៊ិនទ្រី  ដែលជា​ក្រុមហ៊ុនប្រមូលសំរាមទទួលបានអាជ្ញាប័ណ្ណពីសាលាក្រុងភ្នំពេញបាន​ប្រកាសថា បុគ្គលិករបស់លោកចុះធ្វើការប្រមូលសំរាមបីដងក្នុងមួយសប្តាហ៍ សម្រាប់ខ័ណ្ឌដង្កោរ មានជ័យ និងឫស្សីកែវ។

លោកសេង ចំរើន សោកស្តាយថា ៖ «យើងប្រមូលសំរាមដោយគ្មានបែងចែក​ផ្ទះអ្នកមានអ្នកក្រឡើយ ប៉ុន្តែប្រជាពលរដ្ឋមិនសហការជាមួយយើងទេ។ ដូច្នេះ ពួកគេក៏នៅកខ្វក់អីចឹងទៅ!»។ ថ្ងៃមួយ បុគ្គលិករបស់ខ្ញុំស្លៀកពាក់ឯកសណ្ឋាន​ពណ៌បៃតងកំពុងរវល់ប្រមូលសំរាមនៅចោមចៅ ដែលប្រជាពលរដ្ឋបោះ​នៅ​លើដីទំនេរចោលមួយកន្លែង។ ម្ចាស់ដីឡូត៍នោះមកទាន់ ហើយខឹងយ៉ាងខ្លាំង។​ «គាត់និយាយថា ប្រសិនបើស៊ិនទ្រីមកប្រមូលសំរាមទាំងនេះ វាធ្វើអោយ​ប្រជាពលរដ្ឋគិតថា ពួកគេអាចចោលសំរាមនៅលើដីនេះបាន។ គាត់ក៏បាញ់មក​លើឡាន និងធុងសំរាមរបស់យើង!» នេះជាការរម្លឹករបស់អ្នកទទួលខុសត្រូវ​ខាងលើ ដោយអះអាងថា លោកនៅចងចាំមេរៀននេះមិនភ្លេចទេ។

តម្លៃសេវាប្រមូលសំរាម

បើទោះជាការប្រមូលសំរាមមានតម្លៃ២០ដុល្លារសម្រាប់មួយផ្ទះក៏ដោយ ប៉ុន្តែ​តម្លៃនេះក៏អាចចរចាគ្នាបានដែរ នេះជាការអះអាងរបស់លោកសេង ចំរើន។​ «រឿងនេះអាចដោះស្រាយមួយករណីម្តងៗ ប៉ុន្តែប្រជាពលរដ្ឋត្រូវធ្វើដំណើរ​មកកាន់ទីស្នាក់ការរបស់យើង»។ ចំណែកអ្នកបង់ប្រាក់មិនបានត្រឹមត្រូវ​ជា​ច្រើននៅជំពាក់លុយក្រុមហ៊ុនយើង។

លោកអនុប្រធានរូបនេះបានសោកស្តាយថា ៖ «គ្រួសារមួយចំនួនរកបាន​ចំណូលសមរម្យ។ តែពួកគេសុខចិត្តចំណាយលុយ២០ដុល្លាររាល់ខែសម្រាប់​កាតទូរស័ព្ទ ប៉ុន្តែមិនចង់ចំណាយ លើការប្រមូលសំរាមសោះ! ខ្ញុំមិនយល់​ទាល់តែសោះ»។ លោកអះអាងថា «លោកចង់ធ្វើអោយទីក្រុងភ្នំពេញដូចទីក្រុង​សាំងហ្កាពួរ ដែលគេសរសើរថាស្អាតគ្រប់ៗមាត់»។

គុណតម្លៃរបស់កាកសំណល់

អង្គការកែច្នៃ និងអនាម័យសហគមន៍  ធ្វើការអប់រំសហគមន៍ក្រីក្រដែល​ត្រូវសាលាក្រុងភ្នំពេញអោយរើលំនៅដ្ឋានទៅនៅជាយក្រុងភ្នំពេញ អំពីគុណ​តម្លៃរបស់កាកសំណល់នានា ពោលគឺគេអាចកែច្នៃវាជាជីកំប៉ុស​ដែលមាន​លក្ខណៈធម្មជាតិ ឬជារបស់សិប្បកម្មដែលអាចកែច្នៃប្រើវិញបាន។ លោកហេង យ៉ុនគូរ៉ា នាយកអង្គការខាងលើ រម្លឹកថា គេត្រូវការរយៈពេលរហូតដល់ទៅ១០០ឆ្នាំទើបថង់ផ្លាស្ទិចរលួយ រីឯពណ៌ស្អាតៗរបស់ថង់ទាំងនេះគឺសុទ្ធសឹងជា​សារធាតុគីមីដែលចាំតែបង្កប្រតិកម្មធ្វើអោយបរិស្ថានស្ងួតប៉ុណ្ណោះ។

អ្នកការពារបរិស្ថានរូបនេះបន្ថែមទៀតថា ការបំបែកធាតុរបស់កាកសំណល់​គីមីទាំងនេះធ្វើអោយដីខ្សោះជីជាតិ និងកខ្វក់។ លោកហេង យ៉ុនគូរ៉ា បន្ទោសថា ពិតណាស់សំរាមដែលនៅពាសវាលពាសកាលនោះ​គឺដោយសារ​តែគ្មានធុងសំរាម ប៉ុន្តែអាកប្បកិរិយារបស់មនុស្សគឺជាកត្តាចម្បង។ «បញ្ហា​អនាម័យគួរតែត្រូវបង្រៀនតាំងពីថ្នាក់តូច!»។


 

តើកាកសំណល់នីមួយៗត្រូវការពេលប៉ុន្មានឆ្នាំទើបរលួយអស់?
ទំព័រអាំងទែណែតជាច្រើនបានបង្ហាញ​ពីចំនួនឆ្នាំដែលកាកសំណល់ប្រភេទ​ផ្សេងផុយរលួយ ប៉ុន្តែតួលេខមិនដូចគ្នាទេ។ ខាងក្រោមនេះគឺជាតួលេខមួយចំនួន៖
-    បារី : ១ទៅ២ឆ្នាំ
-    ក្រដាស់កាសែត : ៣ទៅ១២ខែ
-    កំប៉ុងធ្វើពីអាលុយមីញ៉ូម : ១០០ទៅ៥០០ឆ្នាំ
-    កែវ : យ៉ាងតិច៤ ០០០ឆ្នាំ
-    ថង់ផ្លាស្ទិច : ១០០ទៅ១ ០០០ឆ្នាំ


 

ការផ្លាស់ប្តូរកន្លែងចាក់សំរាម

ក្រុមហ៊ុនស៊ិនទ្រីកំពុងបន្តចរចាជាមួយសាលាក្រុងភ្នំពេញទាក់ទងនឹងកន្លែងចាក់ សំរាមថ្មីទំហំ៣០ហិចតា ដែលស្ថិតនៅហួសវាលពិឃាដជើងឯង ដើម្បីជំនួស​កន្លែងចាក់សំរាមទំហំ៨ហិចតានាពេលបច្ចុប្បន្ន ដែលស្ថិតនៅស្ទឹងមានជ័យ។ លោកសេង ចំរើន អនុប្រធានក្រុមហ៊ុនស៊ិនទ្រី រៀបរាប់ថា សាលាក្រុងបាន​កំណត់តម្លៃសម្បទានពី៥០ ០០០ ទៅ ១០០ ០០០ដុល្លារក្នុងមួយខែសម្រាប់​រយៈពេលធ្វើអាជីវកម្មចាក់សំរាមចំនួន៥០ឆ្នាំ។ លោកវាយតម្លៃថា តម្លៃនេះខ្ពស់​ខ្លាំងណាស់។ លោកសន្យាថា ប្រសិនបើក្រុមហ៊ុនរបស់លោកទទួលបានកិច្ច​សន្យាថ្មី លោកនឹងជ្រើសរើសគ្រួសារអ្នករើសសំរាមនៅតំបន់នោះធ្វើជា​បុគ្គលិកក្រុមហ៊ុនលោក។ បើតាមរូបលោក តំបន់ចាក់សំរាមថ្មីអាចទទួលកាក​សំណល់ផ្ទះបាយចំនួន១០០ ០០០ផ្ទះដែល ជាអតិថិជនរបស់ក្រុមហ៊ុនស៊ិនទ្រី។