Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:48 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប៉ៃលិន : ទីក្រុងដីហុយ
αžŠαŸ„αž™ Ros Dina   
Convertir en PDF Version imprimable SuggΓ©rer par mail
10-04-2008
Paοlin / Cambodge / poussiθre ©John Vink/ Magnum
បៃលិន ថ្ងៃ ១៩ មករា ២០០៨ នៅតាមផ្លូវសំខាន់នៃអតីតទឹកដីរបស់
ពួកខ្មែរក្រហម, ឡានដឹកទំនិញបង្ហុយដីទ្រលោមពេញផ្លូវ ©John Vink/ Magnum
 
 
ប្រជាជននៅទីក្រុងប៉ៃលិនដឹងច្បាស់លើសពីច្បាស់ទៅទៀតថា ពួកគេគឺជាធូលីដី និងប្រែក្លាយជាធូលីដី... នៅទីក្រុងនេះជីវិតប្រព្រឹត្តិទៅនៅក្នុងដុំពពកនៃធូលីដីជា​ប្រចាំ។ នេះហើយគឺជាវាសនាដែលអ្នករស់នៅក្រុងប៉ៃលិនសម្របខ្លួនទទួលយក​យ៉ាង​លំបាក។ អតីតបន្ទាយខ្មែរក្រហម ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ប្រមូលផ្តុំ អត្រានៃការកើតជំងឺផ្តាសាយខ្ពស់បំផុត ហើយជារៀងរាល់ថ្ងៃ យាន្ត​ជំនិះ​គ្រប់ប្រភេទដែលបើកបរយ៉ាងល្បឿននៅលើផ្លូវដីគ្មានក្រាលកៅស៊ូនៅក្នុងទី​ក្រុង​នេះ បានធ្វើឲ្យស្ថានភាពរឹតតែអាក្រក់ឡើង។ 
ឡានដឹកទំនិញមួយបានបើកបរទៅមុខយ៉ាងលឿន ដោយបង្ហុយដីឡើងទៅលើ​យ៉ាង​​​​ទ្រលោមមកស្រោចពីលើអ្នកជិះ​ម៉ូតូនៅខាងក្រោយ។ អ្នកដំណើរទាំងនេះ​ប្រឡាក់​ដី ឡើងស្រម៉កតាំងពីក្បាលរហូតដល់ចុងជើង ពួកគេប្រឹង​ដក​ដង្ហើម​ទាំង​​លំបាក នៅក្រោមរបាំងម៉ាស់ការពារមុខធ្វើ​ពី​ក្រណាត់​។

ក្នុងមួយថ្ងៃប្រើម៉ាស់អស់ពីរ
លោក ផែន វិចិត្រ អ្នករត់ម៉ូតូឌុបម្នាក់ និយាយថា ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​​គាត់​ជួបនូវការលំបាក។ យុវជនអ្នកខេត្តបាត់ដំបង​រូបនេះបាន​មក​រស់​នៅ​ទីក្រុង​​ប៉ៃលិន៥ឆ្នាំមកហើយ ហើយស្រូបយកធូលីដីតាំងព្រឹកទល់ល្ងាច ពីថ្ងៃច័ន្ទ​​ដល់​អាទិត្យ។ «ចាប់តាំងពីខ្ញុំមករកស៊ីនៅទីក្រុងនេះមក ជំងឺក្អក​ផ្តាសាយ​ដើរតាមខ្ញុំ​គ្រប់ទី​កន្លែង​ដែល​ខ្ញុំទៅដល់!» វិចិត្រនិយាយ​ឡើង​ដោយ​ដក​ដង្ហើមធំគ្មាន​កម្លាំង​កំហែង។ ប៉ុន្តែវិចិត្រមិនដែលចេញពីផ្ទះដោយអត់ពាក់​ម៉ាស់ការពារនោះទេ។ «ខ្ញុំមានម៉ាស់៥ទុកគ្រាន់ផ្លាស់ប្តូរ។ គឺចាំបាច់ត្រូវតែមាន ពីព្រោះខ្ញុំប្រើម៉ាស់ពីរ​ក្នុងមួយ​ថ្ងៃ!»។

ក្អកផ្តាសាយពេញមួយឆ្នាំ
អ្នកប៉ៃលិនទាំងអស់រស់នៅក្នុងស្ថានភាពដូចៗគ្នា។ ហ៊ុល ម៉ាលី អ្នកលក់​នំនិង​ភេសជ្ជៈ​ម្នាក់​ដែល​មានតូបនៅតាមបណ្តោយផ្លូវជាតិ១០ រស់នៅក្រោមអ័ព្ទធូលី​យ៉ាង​ក្រាស់។ ម៉ាលីពន្យល់ថា ជំងឺក្អកផ្តាសាយតែងតែកើតមកលើក្រុមគ្រួសារ​គាត់មិន​សូវលោះទេ ថ្ងៃ​ណា ក៏ថ្ងៃលេបថ្នាំដែរ ។ ស្រ្តីវ័យ៥០ឆ្នាំប្លាយរូបនេះ​រៀបរាប់ថា ៖ «នៅពេលខ្ញុំទៅលេងបងប្អូនឯខេត្តកំពង់ចាមម្តងៗ ខ្ញុំបាន​បបួល​ក្មួយៗមកលេង​ប៉ៃលិន។ តែពួក​គេប្រកែកភ្លាម ពួកគេថាប៉ៃលិន​ដី​ហុយ​ពេក​!»។

ធូលីដីបន្ថែមបន្ទុកចំណាយមួយទៅលើប្រជាពលរដ្ឋ។ ស្រេង ផល្លា អ្នករត់ម៉ូតូ​ឌុបម្នាក់ អះអាងថា គាត់ចំណាយប្រាក់៥០បាត ស្មើនឹង១,២៥ដុល្លារ  (ប្រាក់​បាត​មានការនិយមប្រើប្រាស់ជាងប្រាក់រៀល និងដុល្លារនៅក្នុងតំបន់ជាប់​ព្រំដែន​ថៃនេះ) ក្នុងមួយសប្តាហ៍ដើម្បីទិញថ្នាំ។ លោកមានប្រសាសន៍​ដោយ​អស់​​សង្ឃឹមថា ៖ «មានពេលខ្លះលុយខ្ញុំរកបានត្រូវអស់ទៅវិញទៅលើការ​ទិញ​ថ្នាំ​ដើម្បីព្យាបាលក្អក ឈឺក្បាល និងភ្នែកឡើងក្រហមដោយសារធូលីដី...» ។

ម៉ូដមិនចេះហួសសម័យ
សុខ រ៉េត ឆ្លៀតយកផលចំណេញពីដីហុយនេះ។ តើផលិតផលនាំមុខរបស់អ្នក​លក់​ដូរ​នៅចំ​កណ្តាលក្រុងប៉ៃលិននេះគឺជាអ្វី? គឺម៉ាស់! ម៉ាស់ថោកបំផុត គឺ​តម្លៃ៥០០រៀល និងមួយពាន់រៀលសម្រាប់ម៉ាស់មានគុណភាពល្អ។ អ្នកស្រីអះ​អាងដោយគ្មានការភ្ញាក់ផ្អើលថា «ខ្ញុំលក់អោយអ្នករត់ម៉ូតូឌុប»  ។ អ្នកស្រី​បាន​​អោយដឹងទៀតថា អ្នកស្រីលក់ម៉ាស់ដាច់ខ្លាំងនៅរដូវចូលឆ្នាំខ្មែរ ជាពេល​ដែល​ទីក្រុងនេះពោរពេញទៅដោយភ្ញៀវទេសចរដែល​ចង់ស្វែងយល់​ពីអតីត​តំបន់​ខ្លាំង​ របស់ខ្មែរក្រហមមួយនេះ ព្រោះជាតំបន់ ដែលត្រូវបានដួលរលំ​ចុង​ក្រោយគេ   បន្ទាប់ពីប៉ុល ពត ស្លាប់នៅខែមេសា ១៩៩៨ បានប៉ុន្មានខែ។

តំបន់ដែលតម្រូវអោយពាក់ម៉ាស់
លោកវេជ្ជបណ្ឌិត សៀក រតនៈ ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ៃលិន បានលើក​ឡើងពីគ្រោះថ្នាក់នៃធូលីដីដ៏សន្ធឹកសន្ធាប់នេះ។ លោកបាន​ពន្យល់ថា​«វាមាន​ផ្ទុក​មេរោគគ្រប់ប្រភេទដូចជា ផ្តាសាយ របេង និងពពួកបាក់តេរី​ជា​ច្រើន​ទៀត​...។ នៅពេលធូលីហុយឡើងទៅលើ មេរោគទាំងនេះអាចឆ្លងទៅមនុស្សជា​ច្រើន។ ដូច្នេះហើយបានជាក្រសួងសុខាភិបាលបានចាត់វិធាន​ការសុំអោយ​ប្រជាពលរដ្ឋ​ ពាក់ម៉ាស់ជាដាច់ខាត។ វាអាចការពារពួកគេបាន៥០%ដែរ»។ លោកវេជ្ជបណ្ឌិត បានលើកឡើងម្តងទៀតថា ប៉ៃលិនមិនមែន​ជាកន្លែង​តែ​មួយ​គត់​នៅក្នុងប្រទេស​កម្ពុជា​ដែលគ្របដណ្តប់​ ទាំងស្រុងដោយធូលីដីនោះទេ។

ខាងក្រៅ និងខាងក្នុង
គ្មានអ្វីអាចបញ្ឈប់ដំណើររបស់ធូលីដីបានឡើយ វាហុយទៅដល់គ្រប់ទីកន្លែង មិនថា​នៅ​កន្លុកកន្លៀតណាក្នុងផ្ទះនោះទេ។ ម្ចាស់ផ្ទះតូចៗដែលសង់តម្រៀប​គ្នានៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ៥៧ ភ្ជាប់ពីសាលាក្រុងប៉ៃលិន​ទៅខេត្ត​បាត់ដំបង ដឹង​តែ​ពីកាន់អំបោស និងអំបោសរោមសត្វ។ ការងារបោសជូតនេះ​ស្ទើរតែក្លាយទៅ​ជារឿង​មួយខាន​មិនបាន។

អ្នកស្រីហ៊ុល ម៉ាលី លើកដៃឡើងលើបង្ហាញពីភាពនឿយណាយនៅពេល​និយាយ​​ពីបញ្ហានេះ។ «បើទោះជាបោសជូតផ្ទះបួនប្រាំដងក្នុងមួយថ្ងៃ ក៏នៅតែ​មាន​ដី​ដែរ!»។ ដើម្បីការ​ពារគ្រែអ្នកស្រីពីធូលីដី អ្នកស្រីមិនដែលស្រាយ​មុង​ចេញ​ឡើយ។ ដូច្នេះមុងអ្នកស្រី​មានមុខងារការពារដល់ទៅពីរយ៉ាង។

អាជ្ញាធរព្រងើយកន្តើយ
អ្នកស្រីហ៊ុល ម៉ាលី រអ៊ូរទាំថា ៖ «អាជ្ញាធរមិនដែលអើពើនឹងបញ្ហានេះទេ ពីព្រោះ​ពួកគេជិះឡានមានម៉ាស៊ីនត្រជាក់ បិទកញ្ចក់ជិតឈឹង។ ដីមិនអាច​ទៅ​ប៉ះ​នឹង​ច្រមុះ​ពួកបានឡើយ! មើលផ្ទះ«ប៉ៃលិន៥៥៥» របស់លោកអភិបាល​ក្រុង​ប៉ៃលិ​នចុះ នៅពីមុខផ្ទះ​នោះ គេធ្វើដីទួលដល់ទៅពីរកន្លែង​ដើម្បី​អោយ​ម៉ូតូ​ឡាន​បន្ថយល្បឿន...!»។ អ្នកស្រីគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលជឿលើ​កម្មវាសនា​បានអោយរហស្សនាមក្រុងប៉ៃលិនថា «ទីក្រុងដីហុយ»។
 
ការជិនណាយនឹងឡានដឹកទំនិញ
ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននៃឃុំចំបក់ និងឃុំត្នោត ខេត្តតាកែវ ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំងនឹងការឆ្លងកាត់ឥតស្រាកស្រាន្តរបស់ឡានដឹក​ថ្ម​របស់​ក្រុមហ៊ុនមួយនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកគេ។ ឡានទាំងនេះ​ បាន​ពន្លិច​ភូមិឃុំរបស់ពួកគេទៅក្នុងសមុទ្រនៃធូលីដីអស់រយៈពេល១០ឆ្នាំមក​ហើយ។ ពាក្យបណ្តឹងជាច្រើនដែលត្រូវបានដាក់ទៅអាជ្ញាធរនានាគ្មានបាន​លទ្ធផល​អ្វី​ទេ។ តែអំឡុងពេលពីរសប្តាហ៍មកនេះ ពួកគេបានចាត់ការ​ដោយ​ខ្លួនឯង ដោយ​បានដាក់របងថ្ម និងមែកឈើនៅលើផ្លូវ ដើម្បីកុំអោយ​ឡាន​ដឹក​ថ្មទាំងនេះបើកកាត់។ លោកយុគ សុង អ្នកតវ៉ាម្នាក់ដែលនឿយណាយនឹងរឿង​ដីហុយនេះ បានពន្យល់ថា ៖ «អោយតែរដូវក្តៅ គឺដូចឋាននរកអីចឹង! ជួនកាល យើងត្រូវបង្ខំចិត្តទៅបរិភោគបាយឆ្ងាយពីផ្ទះ បើសិនជាយើងមិនចង់​ហូបជាមួយដីទេនោះ»។ ប្រធានឃុំទាំងពីរបានទាមទារអោយ​ក្រុមហ៊ុន​ក្រាល​កៅស៊ូ ព្រោះកន្លងមកក្រុមហ៊ុនស្រោចតែទឹកនៅលើផ្លូវ ហើយពួកគេស្រោច​ទាំងត្បិត​ត្បៀតមិនទាំងជោគល្អផងទេ។ លោកហេង ហុង ប្រធានឃុំត្នោត រៀបរាប់ថា អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនបានសន្យាពាំនាំបណ្តឹងរបស់​ ប្រជាពលរដ្ឋទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ហើយថាគាត់នឹងត្រឡប់មកវិញក្រោយ​ចូល​ឆ្នាំខ្មែរ​ ដោយនាំមកនូវចម្លើយមួយសម្រាប់អ្នកភូមិ។ ក្នុងអំឡុងពេល​រង់​ចាំនេះ រថ យន្តរបស់ក្រុមហ៊ុនត្រូវធ្វើដំណើរតាមផ្លូវវាងផ្សេងមួយទៀត  ដើម្បី​ធ្វើ​អោយប្រជាពលរដ្ឋសប្បាយចិត្ត។