 លោក សារឿន អាយុ៥៨ ឆ្នាំ ប្រើប្រាស់ផលិតផល"EM" ជារៀងរាល់ថ្ងៃ- នៅឃុំជាឃ្លាំង (ខេត្តព្រៃវែង) ថ្ងៃទី ១៧ កុម្ភៈ ២០០៨ © Laurent Le Gouanvic
ក្នុងចំណោមថ្មាំស័ក្តិសិទ្ធិទាំងឡាយ ផលិតផលថ្មីមួយបានលេចមុខឡើងសម្រាប់ការងារស្រែចម្ការរបស់ប្រជាកសិករខ្មែរ។ អង្គការក្រៅរដ្ឋាភិបាលនានាកំពុងតែធ្វើការបណ្តុះបណ្តាល និងធ្វើយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាអំពីផលិតផលនេះ។ ឈ្មោះរបស់វាផ្គុំឡើងដោយអក្សរអង់គ្លេសពីរតួ គឺ«E.M» ដោយបញ្ចេញសំឡេងជាភាសាអង់គ្លេសថា «អ៊ីអឹម»។ វាគឺជាពាក្យកាត់នៃពាក្យមួយដែលមានលក្ខណៈពិបាកយល់ដែរ សម្រាប់អ្នកមិនបានទទួលការបណ្តុះបណ្តាល ហើយពាក្យនោះក្លាយទៅជាគោលដៅនៃពាក្យចចាមអារ៉ាម និងរឿងអភិនិហារ។ នោះគឺពាក្យថា « អតិសុខុមប្រាណដ៏មានប្រសិទ្ធិភាព» (Micro-organismes efficaces)។
អ្នកស្រីអ៊ឹង សុវណ្ណលី ប្រធានសមាគមនារីខ្មែរ (NKA) បានពន្យល់ថា « EM អាចត្រូវបានយកទៅប្រើបាននៅក្នុងគ្រប់វិស័យ ដូចជាកសិកម្ម បរិស្ថាន សំណង់ សុខាភិបាល...»។ អ្នកស្រីគឺជាអ្នកគាំទ្រផលិតផលEM ដ៏សំខាន់ ម្នាក់ ហើយអ្នកស្រីបានធ្វើការចែកចាយវត្ថុធាតុរាវ EM នេះនៅកម្ពុជាតាំងពីឆ្នាំ២០០៤មកម្ល៉េះ។ អ្នកស្រីធ្លាប់បានទទួលមេដាយកោតសរសើរពីរដ្ឋាភិបាលនៅឆ្នាំ២០០៦ ជាមួយស្រ្តីកម្ពុជា៩រូបផ្សេងទៀត។ អ្នកស្រីសរសើរមិនដាច់ពីមាត់ឡើយពីជីធម្មជាតិមួយបែបនេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧០ ដោយលោកទែរុ ហ៊ីហ្កា (Teruo Higa) អ្នកស្រាវជ្រាវនៅទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន។ រូបមន្ត«ផលិតនៅជប៉ុន» ក្សេត្រវិទូជនជាតិជប៉ុនបានបង្កើតទ្រឹស្តីដូចតទៅ ៖ កាលណាគេដាក់លាយបញ្ចូលគ្នានូវប្រភេទបាក់តេរីមួយចំនួន ជាមួយនឹងពពួកអតិសុខុមប្រាណធម្មជាតិ គេនឹងទទួលបានល្បាយមួយដែលអាចមានប្រតិកម្មវិជ្ជមានលើមជ្ឈដ្ឋានដែលគេបានដាក់បញ្ជូលល្បាយនោះ ហើយអាចជំរុញនូវ«ដំណើរនៃការលូតលាស់»។ ចាប់ពីពេលនោះមក គោលការណ៍នេះត្រូវបានគេយកតាម ហើយយកមកធ្វើពាណិជ្ជកម្មដោយសមាគមនិងក្រុមហ៊ុនមួយចំនួន ក្នុងគោលបំណងស្វែងរកផលិតផលមួយដែលបិទផ្លាកថា «ធម្មជាតិ»។ ប៉ុន្តែ ការបង្ហាញផ្នែកវិទ្យាសាស្រ្តអំពីប្រសិទ្ធិភាពរបស់«ជីអ៊ីអឹម»ទាំងនេះមានតិចតួចនៅឡើយរហូតមកដល់សព្វថ្ងៃ។ អ្នកជឿជាក់ថ្មីៗទៅលើ EM ទោះមានឬមិនមានភស្តុតាងបញ្ជាក់ពីប្រសិទ្ធិភាពរបស់វាក៏ដោយ ក៏ជនជាតិកម្ពុជាមួយចំនួនបានទទួលស្គាល់ពីគុណសម្បត្តិរបស់ជីអ៊ីអឹមនេះរួចស្រេចទៅហើយ ជាក់ស្តែងករណីប្រជាពលរដ្ឋនៅក្នុងឃុំជាឃ្លាំង ខេត្តព្រៃវែង។ នៅក្នុងភូមិនេះ ការបណ្តុះបណ្តាលជាច្រើនត្រូវបានធ្វើឡើងដើម្បីណែនាំពីការប្រើប្រាស់ផលិតផលថ្មីនេះ។ លោកអ៊ំម៉ម សារ៉ាត់ អាយុ៦៣ឆ្នាំ ដែលទើបបានទទួលការបណ្តុះបណ្តាលថ្មីៗ មានការចាប់អារម្មណ៍ចំពោះទស្សនវិស័យក្នុងការចំណាយថវិកាតិចជាងការប្រើជីគីមី។ គាត់មានការជឿជាក់លើផលិតផល EM នេះ។ បុរសចំណាស់ម្នាក់នេះបានរៀបរាប់ទាំងញញឹមដោយបង្ហាញនូវធ្មេញមាសរបស់គាត់ថា៖ «ខ្ញុំបានសាកល្បងប្រើប្រាស់ជី EM នេះដោយស្រោចវាលើគល់នៃដើមឈើហូបផ្លែ។ ពីមុន ដើមទាំងនោះជ្រុះស្លឹក តែឥឡូវវាធន់មិនងាយជ្រុះស្លឹកទេ!»។ EM : ថ្នាំសម្រើបសម្រាប់ជ្រូកមេ លោកសារ៉ាត់ទើបតែបានទទួលទឹកថ្នាំមួយដបថ្មីៗពីអង្គការខាងលើនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ហើយលោកបានទុកទឹកថ្នាំនេះតែប៉ុន្មានតំណក់ប៉ុណ្ណោះ។ «ខ្ញុំប្រើវាដើម្បីដាក់លាយជាមួយចំណីសត្វ។ ខ្ញុំក៏បានដាក់វានៅក្នុងទឹកត្នោតជូរដែរ វាធ្វើឲ្យទឹកត្នោតមានឱជារស » លោកសារ៉ាត់ និយាយបណ្តើរ ដេញជ្រូកក្រហមដែលកំពុងតែដេកនៅក្បែរជើងរបស់គាត់បណ្តើរ។ កូនជ្រូកជំទង់នេះបានធ្វើឲ្យគាត់នឹកឃើញរឿងចម្លែកមួយ ដែលគេនាំគ្នានិយាយនៅក្នុងភូមិ។ «កសិករម្នាក់មានបំណងចង់អោយជ្រូកមេបង្កាត់កូនជាមួយនឹងជ្រូកបារបស់គាត់។ គាត់ខិតខំយ៉ាងណាក៏ជ្រូកមេមិនព្រមអោយជ្រូកបាទាក់ទាល់តែសោះ។ គាត់ក៏បន្តក់ទឹកថ្នាំ EM ប៉ុន្មានតំណក់ទៅក្នុងចំណីរបស់វា។ តាំងពីពេលនោះមក ជ្រូកមេព្រមបង្កាត់ពូជជាមួយនឹងជ្រូកបា!» លោកសារ៉ាត់រៀបរាប់ទាំងអស់សំណើច ដោយស្រមៃដល់ឥទ្ធិពលថ្នាំនេះទៅលើស្រ្តី.... ស្រាថ្នាំ EM លោកសារ៉ាត់បានបន្តរឿងមួយទៀតថា៖ «មានបុរសម្នាក់ គាត់ឈឺធ្មេញខ្លាំងពេក។ គាត់បានលាយថ្នាំ EM ជាមួយស្រាផឹក។ បន្ទាប់ពីផឹកបានប៉ុន្មានកែវ គាត់ក៏លែងឈឺចាប់ !»។ តើអ្នកជំងឺផឹកស្រាអស់ប៉ុន្មានកែវ ? គឺអត់មានបញ្ជាក់ក្នុងរឿងនេះទេ... EM សម្រាប់គ្រួសារទាំងមូល នៅក្នុងភូមិមួយផ្សេងទៀតនៃឃុំជាឃ្លាំង លោកសារឿន អាយុ៥៨ឆ្នាំ គឺជាអ្នកស្មោះស្ម័គ្រម្នាក់របស់ថ្នាំ EM បីឆ្នាំមកហើយ។ ជារៀងរាល់ខែ គាត់ប្រើថ្នាំនេះអស់៤ដប សម្រាប់ដំណាំ សត្វចិញ្ចឹម និង...គ្រួសាររបស់គាត់។ លោកសារឿនអះអាងថា «ខ្ញុំព្យាបាលដំបៅនឹងថ្នាំហ្នឹង» ។ បន្ទាប់ពីឈប់ច្បូតពុកចង្ការដ៏វែងរបស់គាត់បន្តិច លោកសារឿនក៏បានរៀបរាប់រឿងជាច្រើនដែលគាត់ចាត់ទុកថាជា «អព្ភូតហេតុ»។ «ក្រោយពីវះកាត់ដុំគីសរួច កូនស្រីខ្ញុំនៅតែឈឺពោះ។ នាងបានផឹកថ្នាំ EM បន្តិចបន្តួច ហើយក៏បានជាសះស្បើយ»។ ការផលិតថ្នាំ EM តាមផ្ទះ ទោះយ៉ាងណា អ្នកប្រើប្រាស់ថ្នាំ EM មួយចំនួនមិនមែនឆោតល្ងង់នោះឡើយ។ លោកភូក ធុន អាយុ៥៧ឆ្នាំ មិនទិញថ្នាំពណ៌ក្រម៉ៅដ៏ចម្លែកនេះទេ។ ប៉ុន្តែ គាត់ផលិតវាដោយខ្លួនឯង ដើម្បីសន្សំសំចៃប្រាក់៣ដុល្លារក្នុងការទិញថ្នាំនេះមួយលីត្រពីអង្គការឬឈ្មួញកណ្តាលមួយចំនួន។ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លីស្តីពី EM ដែលធ្វើឡើងដោយយោធិនម្នាក់រួចមក លោកក៏បានទូរស័ព្ទជាច្រើនលើកទៅអ្នកបណ្តុះបណ្តាលរូបនោះ រហូតទាល់តែគាត់ព្រមប្រាប់រូបមន្តដើម្បីផលិត អតិសុខុមប្រាណដ៏មានប្រសិទ្ធិភាពនេះ។ លោកធុន រៀបរាប់ទាំងចំអន់ថា ៖ «ខ្ញុំបានចំណាយអស់៥ដុល្លារ សម្រាប់តម្លៃទិញកាតទូរស័ព្ទ»។ លោកបានទុកថ្នាំ EM ដើមដែលគាត់ទទួលបាននៅពេលបណ្តុះបណ្តាល ហើយធ្វើការផលិតបន្តដោយយកវាទៅលាយជាមួយរុក្ខជាតិផ្សេងៗ។ លោកបានអះអាងថា ដើមស្វាយរបស់លោកមានសភាពល្អណាស់មិនដូចកាលដែលគាត់ប្រើជីគីមីទេ។ បច្ចុប្បន្ន គាត់កំពុងធ្វើការផលិតជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីសាកល្បងប្រើនៅក្នុងស្រែនៅពេលណាដែលរដូវកាលមកដល់។
ជី EM ក្នុងស្រុក ប៉ុន្តែ គេពិបាកណាស់ដើម្បីដឹងថាតើថ្នាំ EM ផលិតតាមផ្ទះដូច្នេះមានប្រសិទ្ធិភាពច្រើនឬតិចជាង EM ដែលចែកចាយជាផ្លូវការដោយអង្គការក្រៅរដ្ឋាភិបាលនានា។ អង្គការ Reada ដែលជាអង្គការក្នុងស្រុកមួយមានដើមកំណើតពីអតីតអង្គការ Agrisud Cambodia ចាស់ ក៏បានបង្កើតវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ជីធម្មជាតិដែរ តែមានឈ្មោះថា « IMO »។ នេះគឺជាពាក្យកាត់មួយទៀតក្លាយពីពាក្យអង់គ្លេស ដែលសរសេរពេញថា« Indigenous Micro Organisms»ដែលយើងអាចប្រែថា« អតិសុខុមប្រាណដ៏មានប្រសិទ្ធិភាពក្នុងស្រុក»។ អង្គការ Reada បានជ្រើសរើសបណ្តុះបណ្តាលកសិករឲ្យចេះផលិតជីផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈការប្រើរបស់របរដែលពួកគេអាចរកបាននៅជុំវិញខ្លួន ដូចជាស្រូវ ផ្សិត ទំពាំង ស្លឹកឈើ ផ្លែឈើ...។ លោកឡុក សុខធា នាយកអង្គការខាងលើ បានអះអាងថា លទ្ធផលទទួលបានជាទីគាបចិត្តយ៉ាងខ្លាំង។ លោកមានមោទនភាពដែលបានទទួលពានរង្វាន់មួយ នៅក្នុងការតាំងពិព័រណ៍ផលិតផលនៅខេត្តសៀមរាប។ « បន្ទាប់ពីរយៈពេល៥ឆ្នាំនៃការប្រើប្រាស់IMO គេអាចទទួលបានទិន្នផលស្មើនឹងការប្រើជីគីមីដែរ ។ ប៉ុន្តែតម្លៃវាមិនថ្លៃដូចជីគីមីទេ ដូច្នេះវាផ្តល់កម្រៃមកវិញបានយ៉ាងឆាប់រហ័ស»។ EM ក្លែងក្លាយនៅលើទីផ្សារ លោកឡុក សុខធា គូសបញ្ជាក់ថា ៖ «គេចាំបាច់ត្រូវធ្វើការតាមដានអោយបានជាប់លាប់។ មានបញ្ហាជាច្រើនដែលត្រូវយកចិត្តទុកដាក់នៅពេលយើងបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសមួយចំនួន។ ជួនកាល វាអាចគ្រោះថ្នាក់។ ពួកគាត់ប្រើប្រាស់ផលិតផលដោយឥតបានមើលពីរបៀបប្រើប្រាស់ និងថ្ងៃផុតកំណត់របស់វា... ហើយបច្ចុប្បន្ន យើងប្រទះឃើញមានជីសរីរាង្គដែលមិនមានគុណភាពល្អដាក់លក់នៅលើទីផ្សារ។ វាពិបាកណាស់ដើម្បីដឹងថាតើមួយណាជាជីធម្មជាតិពិតឬមិនពិតនោះ។ មនុស្សមួយចំនួនប្រើជីធម្មជាតិរបស់ពួកគេនៅពេលថ្ងៃ ហើយលួចដាក់ជីគីមីនៅពេលយប់ ដើម្បីទទួលបាននូវទិន្នផលខ្ពស់...»។ |