Khmer
    Franηais


αžαŸ’αž„αŸƒ αž…αŸαž“αŸ’αž‘ 08 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 11:41 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រាក់ចំណេញអតិបរមា អនាគតភ្លឺស្វាង
αžŠαŸ„αž™ Anne-Laure Porιe   
Convertir en PDF Version imprimable SuggΓ©rer par mail
08-04-2008
Phnom Penh / Cambodge / terrain / speculation - ©John Vink / Magnum

ភ្នំពេញ ថ្ងៃទី ២១ កុម្ភៈ ២០០៧ តំបន់ដីសម្រាប់លក់នៅភាគខាងជើងទីក្រុង
©John Vink / Magnum

ពួកគេមិនយកមាសក្រាលជាផ្លូវដើរនោះទេ ប៉ុន្តែពួកគេវិនិយោគទុនទៅលើដីធ្លី។ គេទិញចូល លក់ចេញ ពោលគឺចូលរួមក្នុងជំនួញដីធ្លី និងចូលរួមក្នុងការធ្វើអោយកំណើនតម្លៃដី រឺអចលនវត្ថុផ្សេងទៀតឡើងថ្លៃ។ ខណៈពេលធ្វើអង្កេតលើការជួញដូរអចលនវត្ថុរបស់ប្រជាពលរដ្ឋខ្មែរសាមញ្ញ អ្នកដែលយើងបានជួបសម្ភាសន៍ បានប្រាប់អោយដឹងថា ទឹកប្រាក់សុទ្ធដែលសរាចរក្នុងជំនួញនេះអាចមានរហូតដល់រាប់លានដុល្លារ។ 

 

ជំនួញក្នុងរង្វង់គ្រួសារ
ជាញឹកញាប់ ការស្វែងរកប្រាក់ចំណេញត្រូវបានធ្វើឡើងក្នុងរង្វង់គ្រួសារ។ អតិថិ​ជន​ប្រចាំ របស់រិទ្ធិគឺបងប្អូនប្រុសស្រីបង្កើតរបស់គេ។ ចំណែកឯសុវណ្ណ វិញ​បាន​​ទិញដីលើកដំបូងពី​បង​ថ្លៃរ​បស់គេ។ ជំនួញនេះបានធ្វើអោយសុវណ្ណចំណេញ​ប្រាក់រាប់ម៉ឺនដុល្លារក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ និងអាចអោយ​គេមានដើម​ទុនសម្រាប់ទិញដីបន្តធ្វើជំនួញ។ រីឯសុខលីម វិនិយោគដីធ្លីនៅតំបន់ណា​ដែល​មានសាច់ញាតិរបស់ខ្លួនរស់នៅព្រោះអាចជួយមើលការពារដីអោយគេ។ “បើខ្ញុំមិនអាចលក់ចេញបានទេ ខ្ញុំនឹងជួលវា”។​ ក្រុមគ្រួសាររបស់​ពួក​គេ​មិន​ត្រឹម​តែ​ជួយធានាដល់សុវត្ថិភាពដីប៉ុណ្ណោះទេ គឺថែមទាំងជួយគាំទ្រផ្នែកថវិកាផងដែរ។ អ្នកខ្លះខ្ចីប្រាក់ពីបងស្រីដើម្បីទិញដី ខ្លះទៀតអោយលុយកូន រឺក្មួយខ្ចី។ កម្រមាន​អ្នកជួញដូរដីណាយកលុយតុងទីនទៅទិញដីណាស់ ហើយក្នុងចំណោមអ្នកដែល​យើងបានជួបសម្ភាសន៍ គ្មានអ្នកណាម្នាក់ខ្ចីប្រាក់ពីធនាគារឡើយ។
 

ធនាគារមិនមានភាពពាក់ព័ន្ធអ្វីឡើយ
ពិតណាស់ មិនមានស្ថិតិណាមួយនិយាយពីការឡើងចុះនៃតម្លៃទេ ប៉ុន្តែ​បើ​យើង​ស្តាប់ការរៀបរាប់របស់ម្នាក់ៗ យើងអាចស្មានបានថា ទឹកប្រាក់រាប់​លាន​ដុល្លារកំពុងចរាចរណ៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សូម្បីតែអ្នកដែល​មានគណនីនៅធនាគារក៏មិនដែលបានផ្ទេរប្រាក់តាមរយៈធនាគារដែរ ហើយ​ពួក​គេមិនទាន់នឹកឃើញដល់ការផ្ញើប្រាក់សន្សំទុកនៅធនាគារនោះទេ។
មូលហេតុមួយសំខាន់ជាងគេក្នុងចំណោមមូលហេតុដទៃទៀតគឺការប្រាក់ធនា​គារ​បានតិចជាងសាច់ប្រាក់ចំណេញពីជំនួញដីឆ្ងាយណាស់។ ម្យ៉ាងវិញទៀត គឺមិនសូវជាមានទំនុកចិត្ត។ តួយ៉ាងដូចជាសុវណ្ណជាដើម លោក​​​​​​​បាន​អោយដឹងថា «សូមលោកអ្នកក្រឡេកមើលអ្វីដែលកើតឡើងនៅ​តាម​រោង​ចក្រមួយ​ចំនួន​​​ចុះ! មានអ្នកខ្លះលួចវេចលុយប្រាក់ខែបុគ្គលិក រួចរត់​ចោលស្រុក! តើរដ្ឋាភិបាលបានចាត់វិធានការអ្វីខ្លះចំពោះរឿងនេះ? គឺគ្មាន​ទេ។ សម្រាប់រូបខ្ញុំ ធនាគារមិនអាចទុកចិត្តបាន ហើយថែមទាំងមិនមាន​សុវត្ថិភាព ដូចជារោងចក្រដែរ”។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរទាំងអស់មិនមែនសុទ្ធតែមានទស្សនៈទុទិដ្ឋិនិយម​នោះទេ។ ជាក់ស្តែង ការកើនឡើងចំនួនធនាគារនៅកម្ពុជាក្នុងអំឡុងរយៈពេល​ពីរឆ្នាំ​ចុងក្រោយនេះ និងការកើនឡើងដ៏គួរអោយកត់សម្គាល់នូវចំនួន​អតិថិជន​គឺ​ជា​សក្ខីភាពស្រាប់។ 

លោក អ៊ិន ចន្នី នាយកធនាគារអេស៊ីលីដា យល់ឃើញថាគ្មានបញ្ហាផ្នែក​ទំនុក​ចិត្ត​ឡើយ។ ប្រាក់តម្កល់នៅធនគារជាតិគឺមានសុវត្ថិភាពល្អប្រសើរ​ជាង​មុន ហើយកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គមជាកត្តាជំរុញ​អោយ​មាន​ទំនុក​​​ចិត្ត​លើ​ធនាគារ។ ជាក់ស្តែង តួលេខបានបង្ហាញថា កាល​ពីឆ្នាំមុន ចំនួនទឹកប្រាក់កំចីដែលធនាគារលោកបានផ្តល់កើនឡើងចំនួន៧៨%។ ប៉ុន្តែ ទឹកប្រាក់ទាំងនោះមិនមែនសុទ្ធតែសម្រាប់ជំនួញដីធ្លីតែម្យ៉ាងនោះទេ។ លោកអ៊ិន ចន្នី មានប្រសាសន៍ការពារថា៖ “ក្នុងជំនួញដីធ្លី ធនាគារ​អេស៊ីលីដា​ដើរតួជាអាជ្ញាកណ្តាល។ អ្នកដែលរង់ចាំប័ណ្ណកម្មសិទ្ធិដីធ្លី មិន​ហ៊ាន​បង់លុយភ្លាមទេព្រោះខ្លាចមានគ្រោះថ្នាក់។ ដូច្នេះធនាគារបង្កើតគណនីមួយ​ដែលធានាដល់សុវត្ថិភាពក្នុងការផ្ទេរប្រាក់ក៏ដូចជាដើម្បីការពារសុវត្ថិភាពរបស់​ភាគីទាំងសងខាង។ ធនាគារយកកម្រៃអតិបរមា២០០ដុល្លារ ទោះបីជាទឹកប្រាក់ផ្ទេរនោះតិច រឺច្រើនយ៉ាងណាក្តី”។


ប្រាក់រាប់កោដិដុល្លារសរាចរក្នុងជំនួញដី?
ទោះជាមានប្រាក់ដែលបានមកពីជំនួញដីធ្លីសរាចរក្នុងធនាគារក្តី ក៏ចំនួននេះ​នៅ​តិច​តូចណាស់ បើប្រៀបធៀបនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់អ្នកជំនួញដី​តូចៗដែលធនាគារមិនអាចស្រូបយកបាន។ លោកហាំង ជួន ណារ៉ុង អគ្គលេខាធិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានប្រសាសន៍វាយតម្លៃថា៖ “នៅឆ្នាំ២០០៦ ប្រាក់តម្កល់នៅធនាគារជាតិមានចំនួន១៤កោដិ៍ដុល្លារ។ ប៉ុន្តែ ផ្នែកអចលនវត្ថុមានប្រសិទ្ធិភាពជាងធនាគារទៅទៀត ក្នុងការទាញ​យក​សញ្ជ័យធន(ប្រាក់សំចៃ) ក្នុងស្រុក និងបរទេស ។ គេអាចសន្និដ្ឋានបានថាការ​វិនិយោគទុនវិស័យអចលនទ្រព្យនេះមានប្រហែលបីដងលើសវិស័យធនាគារ ដោយ​មិន​គិតពីការកើនឡើងជារៀងរាល់ឆ្នាំផង”។

គ្មានវិបត្តិអ្វីឡើយទៅថ្ងៃអនាគត
ទំហំនៃការកើនឡើងជំនួញអចលនវត្ថុអាចចោទជាសំណួរទាក់ទងនឹងគ្រោះថ្នាក់​ដែលអាចកើតឡើងពីតម្លៃអចលនវត្ថុឡើងកប់ពពករហូតដល់គ្មានអ្នកណាមាន​លទ្ធភាពអាចទិញបាន ពេលនោះនឹងជួបវិបត្តិទីផ្សារ ហើយតម្លៃនឹងស្រុតចុះ និងសំណួរទាក់ទងនឹងផលវិបាកដែលអាចកើតឡើងដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ​​នៅកម្ពុជា ទាំងអ្នកជំនួញអចលនវត្ថុ ទាំងសេដ្ឋវិទូដែលយើងបាន​ជួប​សម្ភាសន៍ គ្មានអ្នកណាម្នាក់ព្រួយបារម្ភពីរឿងនេះឡើយ។ លោកហាំង ជួនណារ៉ុង បានវិភាគថា៖ “ដោយសារតែជំនួញអចលនវត្ថុត្រូវបានធ្វើឡើង​ដោយ​ប្រើ​ប្រាស់លុយសុទ្ធ ដូច្នេះអាចកាត់បន្ថយគ្រោះថ្នាក់នៃវិបត្តិ​សេដ្ឋកិច្ច​បាន។ មានតែទឹកប្រាក់១០%ប៉ុណ្ណោះដែលជាប្រាក់កំចីពីធនាគារសម្រាប់វិនិ​យោគ​លើការទិញអចលនវត្ថុ។ វិបត្តិមិនអាចប៉ះពាល់ប្រព័ន្ធធនាគារបានទេ ព្រោះថាធនាគារទាំងនោះមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់តម្រូវការទ្រព្យរាវបាន​យ៉ាងងាយស្រួល”។

ចំណែកឯលោក ហ្សង់ដានីញែល ហ្គាកដែរ (Jean-Daniel Gardère) ទីប្រឹក្សាសហគ្រាសនៅទីក្រុងភ្នំពេញ និងជាអតីតនាយកបេសកកម្ម​សេដ្ឋកិច្ចបារាំង មានប្រសាសន៍អះអាងពីលទ្ធភាពដ៏ស្តួចស្តើងនៃវិបត្តិដែល​អាច​នឹង​កើត​មាន​ចំពោះធនាគារដែលទទួលរបស់បញ្ចាំដើម្បីជាការធានា​សុវត្ថិភាព ដោយផ្តល់ប្រាក់កំចីតែមួយផ្នែកនៃតម្លៃសរុបរបស់វត្ថុបញ្ចាំ។ លោក​មានប្រសាសន៍ថា៖ “គ្រោះថ្នាក់កើតមានបាន លុះត្រាតែបំណុលមានទំហំធំ រហូតដល់ម្ចាស់បំណុលមិនអាចរកប្រាក់សងបាន ហើយតម្លៃនៃវត្ថុបញ្ចាំគឺ​ស្ទើរ​តែ​ស្មើនឹងប្រាក់បំណុល។ ក្នុងករណីនេះធនាគារអាចដួលរលំបាន និង​បណ្តាល​អោយមានវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែនៅកម្ពុជា យើងនៅមិនទាន់​ទៅ​ដល់​ចំណុចនេះទេ។ តើមានគ្រោះថ្នាក់អ្វីទៅសម្រាប់បច្ចុប្បន្ន? ឧបមាថាតម្លៃ​អចលន​វត្ថុមិនឡើងទៀតទេ រឺអាចថាធ្លាក់ចុះ។ ក្នុងករណីនេះ គឺអ្នក​វិនិយោគ​ខាត​តែប៉ុណ្ណោះ។ គ្មានគ្រោះថ្នាក់អ្វីផ្សេងនោះទេ។ ឧបមានថាមានអ្នក​វិនិយោគម្នាក់បានបោះទុនចំនួនមួយលានដុល្លារក្នុងការទិញផ្ទះ។ ប្រាក់ទាំង​នោះគឺជាប្រាក់ដែលគេមិនត្រូវការ។ បើតម្លៃធ្លាក់ចុះមកត្រឹម៩សែនដុល្លារ គឺ​គ្មានអ្វីកើតឡើងជាបញ្ហាធំដុំនោះទេ ព្រោះថារឿងនេះមិនអាចធ្វើអោយប៉ះ​ពាល់​ដល់ជីវ​ភាព​ប្រចាំថ្ងៃ​របស់​គេឡើយ។

របៀបសន្សំប្រាក់បែបធម្មជាតិ
ដីដែលជាវត្ថុកម្រមិនអាចផលិតបាន ក្លាយជាមធ្យោបាយចំណេញប្រាក់ដ៏ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់អ្នកវិនិនិយោគតូចតាច។ សុវណ្ណបានប្រាប់អោយដឹងថា៖ “ខ្ញុំបានទិញដីមួយកន្លែងបង្ការទុកសម្រាប់ពេលអនាគត នៅពេល​ណាដែល​ខ្ញុំ​ធ្លាក់ខ្លួនឈឺ រឺក៏ត្រូវការប្រាក់ជាបន្ទាន់»។ អ្នកសង្កេតការណ៍មួយចំនួនយល់ឃីញ​ដូចគ្នាថា ក្រៅពីអ្នកមាន គឺមានតែប្រជាពលរដ្ឋមួយភាគតូចជាពិសេសអ្នករស់​នៅទី​ក្រុងប៉ុណ្ណោះដែលមានលទ្ធភាពទិញដីទុកដូច្នេះ ពោលគឺ​សម្រាប់អ្នកដែល​មានជីវភាពមធ្យមដែលទើបតែផុសចេញ។ ចំពោះនិយមន័យនៃចំណាត់ថ្នាក់នេះ មានមតិយល់ឃីញផ្សេងគ្នាទៅលើប្រាក់ចំណូលរបស់ពួកគេ។ លោកហាំង ជួនណារ៉ុង វាយតម្លៃថា អ្នកដែលមានចំណូលពី៦០០ទៅ១៥០០ដុល្លារក្នុងមួយខែ​អាចចាត់​ទុកក្នុងចំណោមអ្នកមានជីវភាពមធ្យម។ ចំណែក​ឯសេដ្ឋវិទូមួយរូបទៀត​គឺលោកហួត ភុំ វាយតម្លៃផ្សេងទៅវិញ គឺអ្នកដែលមានប្រាក់ចំណូលពី៣០០​ទៅ៤០០ដុល្លារ។

 

“ឈ្នះឈ្នះ”?
នៅក្នុងទិដ្ឋភាពមួយដ៏ល្អប្រសើរសម្រាប់អ្នកជំនួញអចលនវត្ថុដែលចំណេញប្រាក់​យ៉ាងច្រើន មើលទៅហាក់ដូចជាមានតែអ្នកឈ្នះប៉ុណ្ណោះ។ ប៉ុន្តែធាតុពិត នៅ​ពីក្រោយជំនួញដីធ្លី រឺអចលនវត្ថុផ្សេងទៀត គឺមានអ្នកខ្លះសើចសប្បាយ រីឯអ្នក​ខ្លះទៀតទឹកភ្នែកក៏មាន។ មានអ្នកខ្លះត្រូវរើផ្ទះ ទិញផ្ទះថ្មី និងមានអ្នកខ្លះ​ជំពាក់​បំណុលគេដោយសារខ្ចីលុយយកទៅព្យាបាលខ្លួន រឺក៏ផុងខ្លួនដោយសារ​តែជំនួញ​នេះ ហើយធ្លាក់ខ្លួនអស់ផ្ទះអស់សម្បែងក៏មាន។ ពិសេសទៅទៀតនោះ មាន​ប្រជាពល​រដ្ឋភាគច្រើនលើសលប់ដែលគ្មានមធ្យោបាយអាចក្លាយជាម្ចាស់កម្មសិទ្ធិ​បាន។​ឈ្មោះរបស់សាក្សីត្រូវបានធ្វើការកែប្រែដើម្បីរក្សាជាអនាមិក។

 

 


តើយើងអាចនិយាយពីសេដ្ឋកិច្ចក្នុងពេលជាមួយគ្នាដែររឺទេ?
ឆ្លើយតបនឹងសំណួរនេះ លោកហ្សង់ដានីញែល ហ្គាកដែរ ដែលជាទីប្រឹក្សា​សហគ្រាសបារាំងប្រចាំនៅកម្ពុជា បានឆ្លើយថាទេ។ ពិតណាស់ដែលថា ប្រាក់​សរាចរជាសាច់ប្រាក់សុទ្ធ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងមានចំនួន​ច្រើន។ ប៉ុន្តែ “ទឹកប្រាក់ទាំងនោះជាប្រាក់ដែលបានមកដោយសុច្ចរឹត”សម្រាប់​ប្រជាពលរដ្ឋ​ខែ្មរដែលមានជីវភាពមធ្យមដែលវិនិយោគលើដីធ្លីរឺអចលនវត្ថុ​ផ្សេង​ទៀត និងជាអ្នកដែលយើងបានជួបសម្ភាសន៍។ លោកហ្គាកដែរមាន​ប្រសាសន៍​វាយតម្លៃថា៖ “នៅក្នុងប្រទេសកម្ពុជា ទឹកប្រាក់៨០%មិនត្រូវបានធ្វើសរាចរ​នោះទេ”។



តើកត្តាអ្វីខ្លះដែលអាចមានប្រតិកម្មទៅលើជំនួញនេះ?
អាចមានកត្តាបីយ៉ាងនៅកម្ពុជាដែលអាចជាផលប៉ះពាល់ដល់ការបន្ត(រឺអត់)នៃ​ជំនួញដ៏ធំធេងនេះ។ កត្តាទាំងនោះគឺ អត្រាអតិផរណា អត្រាទិន្នផល និង​នយោបាយ​របស់ធនាគារ។

 

 


តើជំនួញនេះចាប់ផ្តើមឡើងដំបូងដោយរបៀបណា?
ការទិញដី រឺការសាងសង់លំនៅដ្ឋានគឺជាមធ្យោបាយសម្រាប់លាងលុយកខ្វក់​ដែល​បានមក​ពីការរត់ពន្ធ ការកាប់ឈើខុសច្បាប់ និងល្បែងស៊ីសងជាដើម។ គឺជា​មធ្យោបាយ​តែមួយគត់សម្រាប់លាងសំអាតទ្រព្យដែលបានមកពីរបរទុចរិត។
ប៉ុន្តែ​នៅ​កម្ពុជា ជំនួញនេះក៏កើតចេញពីកំណើនសេដ្ឋកិច្ច(លទ្ធផលល្អក្នុងវិស័យ​ទេសចរណ៍ និងឧស្សាហកម្មវាយនភ័ណ បានជំរុញអោយមានការសាងសង់​សំណង់ថ្មីៗ) និងវត្តមាននៃប្រជាពលរដ្ឋដែលមានជីវភាពមធ្យមដែលបានចាប់​ផ្តើម​ទិញដី។ ជំនួញនេះមានប្រសិទ្ធភាព គឺដី រឺផ្ទះឡើងថ្លៃ។ គឺចាប់ពីពេល​នោះ​ហើយ​ដែលគ្រប់គ្នាចាប់ផ្តើមចូលរួមក្នុងជំនួញនេះទៅតាមលទ្ធភាពដែលខ្លួន​អាចធ្វើទៅបាន តាមវិធីរៀងៗខ្លួន។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir