
ភ្នំពេញ ថ្ងៃទី២៧ធ្នូ២០០៦ តំបន់ដីសម្រាប់លក់នៅភាគខាងជើងទីក្រុង © John Vink / Magnum នៅតាមហាងកាត់សក់ តាមទីផ្សារ រឺតាមភោជនីយដ្ឋាននានា គេលឺសូរតែការជជែកគ្នាពី រឿងទ្រព្យសម្បត្តិរបស់អ្នកជិតខាង ពីការវិនិយោគរបស់អ្នកនេះ រឺការចំណេញប្រាក់របស់អ្នកនោះ។ល។ នៅកម្ពុជា ជំនួញដីធ្លីមិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះទេ អ្នកផ្សេងក៏អាចធ្វើជំនួញនេះផងដែរហើយនៅពេលខ្លះពួកគេជជែកគ្នាពីជោគជ័យរបស់ខ្លួនដោយភ្លេចគិតថាប្រជាពលរដ្ឋខ្មែរមួយភាគបីកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
សុបិនចង់បានផ្ទះផ្ទាល់ខ្លួន ក្រោយពីរៀបការហើយ វិសុទ្ធបានសំរេចចិត្តទៅរស់នៅជាមួយបងស្រីព្រោះខ្លួនចង់សន្សំប្រាក់អោយបានគ្រប់គ្រាន់ដើម្បីទិញផ្ទះនៅក្នុងថ្ងៃណាមួយ។ នៅពេលឪកាសហុចអោយ វិសុទ្ធ និងភរិយាបានផ្សែផ្សំលុយកាក់គ្នាបាន៣០០០ដុល្លារដើម្បីទិញដី។ «គឺនៅឆ្នាំ១៩៩៩ កាលណោះយើងដឹងថាដីចាប់ផ្តើមឡើងថ្លៃ យើងក៏បានទិញដីមួយឡូត៍តូចនៅក្បែរបឹងទំពុនក្នុងតម្លៃ៣០០០ដុល្លារ ប៉ុន្តែយើងត្រូវចំណាយលើការចាក់ដីអស់២០០០ដុល្លារទៀត។ ខ្ញុំបានខ្ចីលុយគេដើម្បីយកមកបង្រ្គប់។ ពួកយើងបាននិយាយគ្នាថា ថ្ងៃណាមួយយើងនឹងសង់ផ្ទះនៅលើដីនោះដើម្បីរស់នៅ»។ ប៉ុន្មានឆ្នាំក្រោយមក គម្រោងគ្រួសារក៏មានការប្រែប្រួល។ ប៉ុន្តែសុបិនចង់បានផ្ទះនៅស្រុកស្រែនៅតែដក់ជាប់ក្នុងចិត្តរបស់ពួកគេជានិច្ច។ សុបិននោះបានក្លាយជាការពិតនៅចំពោះមុខដីឡូត៍មួយកន្លែងដែលត្រូវគេដាក់ផ្លាកលក់។ ដីនោះទំហំ២០០០មែត្រការ៉េ ជាប់មាត់ទន្លេ និងព័ន្ធទៅដោយដើមស្វាយផ្តល់ម្លប់ត្រឈឹងត្រឈៃ ស្ថិតនៅចម្ងាយប្រមាណ១៦គីឡូមែត្រពីទីក្រុងភ្នំពេញ។ វិសុទ្ធបានរៀបរាប់ថា៖ «យើងពិតជាប្រថុយប្រថានមែន ព្រោះថាយើងហ៊ានកក់ប្រាក់មុនចំនួន២០០០ដុល្លារ ដើម្បី ទិញដីនេះ។ យើងនឹងខាតបង់ប្រាក់នោះទាំងស្រុង ប្រសិនយើងមិនអាចរកប្រាក់យកមកបង្រ្គប់ថ្លៃដីបាន តាមកាលកំណត់ទេនោះ»។ សំណាងល្អ ដីនៅបឹងទំពុនចាប់ផ្តើមមានហាងឆេងក្រោយពីទិញហើយបាន៨ឆ្នាំ។ កាលពីទិញដីនោះ វិសុទ្ធចំណាយអស់ប្រាក់ត្រឹមតែ៥០០០ដុល្លារប៉ុណ្ណោះ តែពេលលក់ចេញវិញបានរហូតដល់៧២០០០ដុល្លារ ហើយគេរកអ្នកទិញបានក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ! ទោះបីជាចង់មិនចង់ វិសុទ្ធឆ្លៀតឪកាសពេលដីឡើងថ្លៃនេះដើម្បីចំណេញប្រាក់ដែលអាចធ្វើអោយសុបិនរបស់គេក្លាយជាការពិត។ វិសុទ្ធអះអាងថា៖ “ការទិញដូរដីធ្លីមិនមែនជារបររបស់ខ្ញុំទេ ខ្ញុំធ្វើជំនួញដើម្បីអនាគតរបស់ខ្ញុំ ចំណែកឯប្រាក់ខែវិញ ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”។ គ្រោះថ្នាក់គឺគ្មាន សុខ លីម មានទស្សនៈយល់ឃើញផ្សេងពីនេះ។ យុវជនអាយុជាង២០ឆ្នាំរូបនេះមានបំណងទិញដីនៅតាមព្រំដែនថៃ។ សុខ លីមវែកញែកថា៖ «បើយើងចង់ក្លាយជាអ្នកមាន យើងត្រូវហ៊ានប្រឈមមុខនឹងភាពក្រ។ យើងត្រូវប្រថុយប្រថានខ្លះទើបអាចរកប្រាក់ចំណេញបានដើម្បីរស់នៅប្រសើរជាងមុន»។ តើគ្រោះថ្នាក់អ្វីទៅ? ក្រៅពីការប្រកបរបរទុច្ចរិត ជំនួញដីធ្លីធ្វើអោយអ្នកទិញនិងលក់ដីចំណេញប្រាក់រហូត។ ដីឡើងថ្លៃគ្រប់កន្លែង ពេលខ្លះឡើងទ្វេគុណ។ វិសុទ្ធអះអាងថា៖ «អ្វីដែលច្បាស់នោះគឺថាក្នុងអំឡុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យើងមិនដែលខាតបង់ក្នុងការទិញដី រឺទិញផ្ទះ ម្តងណានោះទេ»។ បើតាមការយល់ឃើញរបស់វិសុទ្ធ ការប្រឈមមុខនឹងការដកហូតដីមានចំនួនតិចតូចណាស់ ព្រោះថាអ្នកទិញតែងតែធ្វើការសិក្សាយ៉ាងជាក់លាក់មុននឹងសម្រេចចិត្តទិញ ហើយការលក់ដីត្រូវបានចុះហត្ថលេខានៅចំពោះមុខសាក្សី និងមានហត្ថលេខាទទួលស្គាល់ដោយអាជ្ញាធរ។ ចង់មាន ត្រូវហ៊ានប្រថុយ បើយើងស្តាប់សាក្សីនិយាយ យើងដឹងថាជំនួញដីធ្លីនេះដូចជាការលេងល្បែងផ្សងសំណាងរបស់ប្រជាជនកម្ពុជាមួយចំនួនដែរ។ វិសុទ្ធរៀបរាប់ថា៖ «ពេលយើងទិញដី យើងត្រូវហ៊ានខាត។ បើយើងចង់ទិញផ្ទះ យើងត្រូវមានលុយ១០០០ដុល្លារក្នុងហោប៉ៅ សម្រាប់បង្កាទុកជាមុន»។ អ្នកខ្លះនៅពេលដែលចាប់ផ្តើមប្រឡូកចូលក្នុងជំនួញដីយូរៗទៅក្លាយជាអ្នកមានបទពិសោធន៍ បន្ទាប់ពីមានបទពិសោធន៍ហើយមិនយូរប៉ុន្មានក៏ចាប់ផ្តើមប្រកាន់យករបរនេះជាអាជីពតែម្តង។ ដោយសារតែរបរទិញលក់ដីកាក់កបល្អ និងអាចរកប្រាក់កំរៃបានច្រើនដោយងាយបែបនេះ នៅពេលដែលចូលប្រឡូកហើយ អ្នកជំនួញដីធ្លីមិនងាយនឹងដកថញវិញទេ។ លោក សុខលីម បានពន្យល់ថា «នៅពេលដែលយើងធ្វើការពេញម៉ោង យើងមិនអាចរកស៊ីក្នុងពេលជាមួយគ្នាបានទេ ព្រោះយើងគ្មានពេល។ ប៉ុន្តែ បើយើងទិញដី យើងមិនបាច់ចំណាយពេលលើវាទេ គឺទិញទុកចោលរង់ចាំអោយវាឡើងថ្លៃ ដោយខ្លួនឯង។ បងប្រុសខ្ញុំបានទិញដីមួយកន្លែងនៅខេត្តសៀមរាបកាលពីឆ្នាំមុនក្នុងតម្លៃ២១០០ដុល្លារ។ គាត់ទើបតែលក់វិញក្នុងតម្លៃ៣៥០០ដុល្លារ។ ប្រាក់ដែលគាត់ចំណេញដីគឺច្រើនជាងប្រាក់ខែរបស់គាត់ក្នុងមួយឆ្នាំទៅទៀត!»។ ពីអ្នកជួញដីទៅជាអ្នកគួកជេដី តួយ៉ាងដូចជាលក្ខិណាជាឧទាហរណ៍ៈ កាលពី១៥ឆ្នាំមុន គាត់ចាប់ផ្តើមទិញដីឡូត៍តូចៗជាច្រើនកន្លែង។ លក្ខិណាចំណេញប្រាក់ច្រើន ពីជំនួញដីលើកដំបូងរបស់គាត់។ ចាប់ពីពេលនោះមក គាត់បន្តទិញដីជាប់រហូត ទិញកន្លែងនេះ៤ ហិចតារ កន្លែងនោះដប់ហិចតារ នៅគ្រប់កន្លែង ដូចជានៅខេត្តកំពង់ចាម កំពង់ស្ពឺ កោះកុង ស្វាយរៀងជាដើម ពោលគឺខេត្តណាដែលមានបងប្អូន រឺមិត្តភ័ក្តរស់នៅទីនោះ។ ការទិញលក់ដីបែបនេះបានក្លាយទៅជារបរទីពីររបស់គាត់។ គាត់ធ្វើការងារទទួលបានប្រាក់បៀវត្សប្រចាំខែត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកិច្ចការជំនួញរកស៊ីនៅចុងសប្តាហ៍ផ្តល់កម្រៃច្រើនជាងប្រាក់ខែរបស់គាត់ទៅទៀត ព្រោះថាអ្នកគួកជេរដីនឹងទទួលបានកម្រៃ៣%នៃតម្លៃដីដែលលក់បាន។ ក្នុងមួយខែៗ លក្ខិណារកប្រាក់បានរាប់រយដុល្លារ ហើយបើថ្ងៃណាហេងវិញ គឺបានរហូតដល់រាប់ពាន់ដុល្លារឯណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់មិនបោះបង់ចោលការងារប្រចាំថ្ងៃរបស់គាត់ដែរ ព្រោះថាជំនួញដីគ្មានអ្វីទៀតទាត់ឡើយ។
ការងារចុងសប្តាហ៍ អ្នកដែលចូលប្រឡូកក្នុងជំនួញដីតែងតែក្លាយជាអ្នកគួកជេរដីអាជីព រឺម្តងម្កាល ដូចជាករណីរបស់លក្ខិណាអញ្ជឹង។ លោកអ្នកអាចជួបជាមួយនឹងពួកគេនៅក្នុងជីវភាពប្រចាំថ្ងៃ គ្រាន់តែលោកអ្នកនឹកស្មានមិនដល់ថាពួកគេជាអ្នកគួកជេរដីប៉ុណ្ណោះ។ អ្នកលក់បារី រឺលក់នំដែលស្គាល់កន្លែងច្បាស់ ពេលខ្លះក៏ធ្វើជាអ្នកគួកជេរផងដែរ។ ជួនកាល អ្នករួមការងាររបស់អ្នកអាចជាអ្នកដើររកដីនៅតាមខេត្ត ជារៀងរាល់ថ្ងៃសៅរ៍ផងក៏មិនដឹង? រិទ្ធិ គឺជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យមួយ គាត់ចង់រកស៊ីដីនេះ បងប្អូនជីដូនមួយរបស់ រិទ្ធិបានណែនាំគាត់អោយស្គាល់អ្នកគួកជេរអាជីពម្នាក់។ បច្ចុប្បន្ន រិទ្ធិមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទិញលក់ដី ដែលអាចអោយគេយករបរនេះធ្វើជាអាជីពទីពីរ ខណៈពេលដែលប្រាក់ខែរបស់គេច្រើនគ្រប់គ្រាន់ទៅហើយនោះ។ រិទ្ធិបានប្រាប់អោយដឹងថា៖ «នៅពេលដែលមានដីលក់ អ្នកនៅម្តុំនោះតែងតែប្រាប់ខ្ញុំ ពេលខ្លះខ្ញុំស៊ើបសួរខ្លួនឯង រឺជិះម៉ូតូទៅមើលដល់កន្លែងផ្ទាល់តែម្តង។ រៀងរាល់ចុងសប្តាហ៍ ខ្ញុំតែងតែជិះម៉ូតូស៊ើបសួរហាងឆេងដី។ ឧទាហរណ៍ដូចជានៅខេត្តសៀមរាប ខ្ញុំបានទិញដីមួយកន្លែងតម្លៃ៧៦ដុល្លារក្នុងមួយម៉ែត្រការ៉េ មួយខែក្រោយមក អ្នកដែលមានដីនៅជិតនោះ លក់ក្នុងមួយម៉ែត្រការ៉េថ្លៃ១១០ដុល្លារ»។ ដីមិនទាន់ឡើងថ្លៃដល់កប់ពពកនោះទេ រិទ្ធិគឺជាអ្នកគួកជេរដីប្រកបដោយយុទ្ធសាស្រ្តខ្ពស់។ គេស្តាប់មិត្តភ័ក្តដែលជាមន្រ្តីរាជការក្នុងជួររាជរដ្ឋាភិបាល ព្រោះអ្នកទាំងនោះដឹងរឿងរ៉ាវមុនប្រជាជនសាមញ្ញ គឺពួកគេដឹងថាខេត្តណាដែលនឹងក្លាយជាតំបន់អភិវឌ្ឍន៍។ ពេលមិត្តភ័ក្តគេទិញដី រិទ្ធិក៏ទិញតាមដែរ ដោយមិនព្រួយពីអនាគតនោះឡើយ។ «ខ្ញុំប្រៀបធៀបតម្លៃដីនៅភ្នំពេញតាមបណ្តោយមហាវិថីមុនីវង្សដែលថ្លៃ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅនឹងតម្លៃដីនៅទីក្រុងហូជីមីញ រឺទីក្រុងបាងកកដែលឡើងរហូតដល់១០០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប្រទេសអាស៊ានទាំងបីនេះមានព្រំប្រទល់ជាប់គ្នា ហើយកំណើនសេដ្ឋកិច្ចនៃកម្ពុជាគឺល្អប្រសើរជាងនៅប្រទេសថៃរឺវៀតណាមទៅទៀត។ ខ្ញុំយល់ថា នៅរាប់សិបឆ្នាំទៀតទើបតម្លៃដីនៅកម្ពុជាឡើងកប់ពពក”។ ដោយយល់ឃើញបែបនេះហើយទើបរិទ្ធិហ៊ានបោះទុនប្រាក់ចំនួន១០០ ០០០ដុល្លារដែលជាប្រាក់សន្សំអស់រយៈពេល១០ឆ្នាំមកនេះទៅលើដីតែម្យ៉ាង។ រិទ្ធិបានអោយដឹងថា៖ “មនុស្សដូចខ្ញុំអាចចំណេញប្រាក់បានរហូតដល់ពីររឺបីលានដុល្លារឯណោះ”។ ជាមួយនឹងទឹកប្រាក់ដប់ម៉ឺនដុល្លារនេះអាចអោយគេផ្លាស់ប្តូរមុខរបរថ្មី រឺបើកក្រុមហ៊ុនមួយបាន។ រិទ្ធិដែលទើបតែមានអាយុ៣១ឆ្នាំប៉ុណ្ណោះនោះ កំពុងដើររកទិញដីដើម្បីដាំដើមឈើហូបផ្លែដែលទៅថ្ងៃអនាគតអាចផ្តល់ផលបានប្រសើរជាងបន្តរបរធ្វើគ្រូ។ តាមពិត រិទ្ធិគ្មានចំណូលចិត្តស្រឡាញ់របរកសិកម្មនោះទេ គោលបំណងរបស់គេគឺប្រាក់តែម្យ៉ាងប៉ុណ្ណោះ។ ជាក់ស្តែងរិទ្ធិបានប្រាប់អោយដឹងថា៖ “ការដាំដើមឈើហូបផ្លែផ្តល់ប្រាក់កម្រៃច្រើនជាងរបរគ្រូទៅទៀត”។
ការលក់ដីដោយធ្វើក្រដាសស្នាមត្រឹមត្រូវ ក្នុងករណីដែលដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវចេញដោយសុរិយោដី ការផ្ទេរដីអាចមានសុពលភាពបានលុះត្រាតែដីនោះត្រូវបានចុះនៅក្នុងបញ្ជីសុរិយោដី។ នីតិវិធីអាចប្រើពេលរាប់ខែ និងត្រូវចំណាយប្រាក់ច្រើន។ បន្ទាប់ពីផ្តល់ដំណឹងដល់ការិយាល័យសុរិយោដីស្រុកដែលចេញប័ណ្ណកម្មសិទ្ធិ និងអត្តសញ្ញាណប័ណ្ណរបស់ពួកគេ និងក្រោយពីផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណហើយ ទាំងអ្នកលក់ទាំងអ្នកទិញត្រូវបំពេញក្រដាសស្នាមបញ្ជាក់ពីការលក់ជាស្ថាពរ។ បន្ទាប់មក ពួកគេត្រូវបង់ពន្ធសម្រាប់ការផ្ទេរឈ្មោះ គឺត្រូវបង់៤%នៃតម្លៃដីសរុប ហើយក្នុងករណីដែលដីទិញនោះត្រូវបានទុកចោលទំនេរ ពួកគេត្រូវបង់បន្ថែម២%ក្នុងមួយឆ្នាំ ដែលគេមិនប្រើប្រាស់ដី (គោលបំណងនៃវិធានការនេះគឺសំដៅប្រយុទ្ធប្រឆាំងនឹងការជួញដូរដី)។ចុងបញ្ចប់ ឯកសារផ្សេងៗត្រូវផ្ញើជាមួយនឹងបង្កាន់ដៃបង់ប្រាក់ទៅក្រសួងសុរិយោដីដើម្បីចុះឈ្មោះការលក់ដីនេះ។
ការលក់ដីដោយមិនឆ្លងកាត់ការធ្វើប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ទាំងអ្នកលក់ទាំងអ្នកទិញត្រូវបង្ហាញខ្លួននៅចំពោះមុខអាជ្ញាធរឃុំ និងធ្វើកិច្ចសន្យាលក់។ ភាគីនីមួយៗត្រូវមានសាក្សីម្នាក់រៀងៗខ្លួន។ ទាំងអស់គ្នាត្រូវផ្តិតមេដៃខាងស្តាំផ្នែកខាងក្រោមនៃកិច្ចសន្យា។ កិច្ចសន្យានេះត្រូវបានចុះហត្ថលេខាដោយអាជ្ញាធរមូលដ្ឋាន។ តម្លៃលក់មិនតម្រូវអោយចុះក្នុងកិច្ចសន្យានោះទេ ព្រោះថាតាមនីតិវិធីនេះ គ្មានភាគីណាមួយត្រូវបង់ពន្ធសម្រាប់ការផ្ទេរឈ្មោះឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានទទួលបានប្រាក់កម្រៃពីការផ្ទេរឈ្មោះនេះ។
|