αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:23 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
ទោះបីជាមានជម្លោះនៅព្រំដែន កសិករខ្មែរនិងអាជីវករ ថៃនៅតែបន្តបង្កើនការរកស៊ីរាង​គ្នា
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
12-08-2008

Cambodge-Pailin-mais-agriculture© John Vink / Magnum 

ប៉ៃលិន ថ្ងៃទី១៩ មករា ២០០៨៖ ប្រជាជនកម្ពុជានិងថៃ សង្ឃឹមថានឹងអាចបន្តធ្វើអាជីវកម្មរួមគ្នា ខណៈពេលដែលការប្រមូលទិន្នផលពោតបានកើនឡើង ច្រើនជាងកាលពីឆ្នាំមុន។ 

©John Vink/ Magnum

ប្រជាជនខ្មែរ​និង​ថៃ​​​​​​នៅ​​ជាប់​​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ស្ថិត​​​នៅក្នុង​សភាព​ភិត​ភ័យ ខ្លាច​បាត់​បង់​ផល​ប្រយោជ​ន៍​ពីមុខ​របរ​​​​រ​ក​ស៊ី​របស់ពួកគេ​​​។​ ប៉ុន្តែ ​ទោះ​បី​ជា​មាន​ការ​ដាក់​​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​​នៅ​ខេត្ត​ព្រះវិហារ និង​នៅតាម​ចំណុច​ព្រំដែន​ជា​ច្រើន​កន្លែង​​ផ្សេង​ទៀត​ក៏​ដោយ​ ក៏​​កសិករខ្មែរដាំពោត​ នៅ​ក្រុង​ប៉ៃលិន និង​ខេត្ត​បាត់​ដំបង ហើយ​នឹង​ពាណិជ្ជករ​​​ជនជាតិ​ថៃ នៅ​​តែ​បន្តធ្វើ​​អាជីវ​កម្ម​រួម​គ្នា​ដដែល​។ នៅ​ប្រទេស​កម្ពុជា​ ក៏ដូច​ជា​នៅ​ប្រទេស​​ថៃ មិន​មាន​បញ្ហា​​ណាមួយ​ដែលអាច​​​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ទីផ្សារកសិកម្ម​ដ៏​មាន​សក្តានុពល​​មួយ​​នេះ​​​បាន​ឡើយ​​ ខណៈពេល​ដែល​ការ​ប្រមូល​ទិន្នផល​ពោត​ជាជំហាន​ដំបូង ជាពិសេស​នៅ​ក្នុង​រដូវ​នេះ ​បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ផ្លែ​ផ្កា​​​។ ចាប់​តាំងពី​ដើម​ខែ​កក្កដា រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពោត​យ៉ាង​ហោច​ណាស់ ៥០០ ០០០តោន ត្រូវ​បាន​ដឹក​ជញ្ជូន​ពីតំបន់​ខ្លះ និង​​ពី​​ព្រំដែន ឆ្លងកាត់​តាម​ទីក្រុង​ប៉ៃលិន ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​កម្ពុជា​។ មិន​ថា​យប់​រឺថ្ងៃ រថយន្ត​ដឹក​​ទំនិញ​​​ធំៗ​​រាប់​រយ​គ្រឿង​របស់​ប្រទេស​​ថៃ ​បាន​ធ្វើ​ដំណើរ​បន្ត​កន្ទុយ​គ្នា​ជាហូរ​ហែរ ដើម្បី​ដឹក​​ជញ្ជូន​ផលិត​ផល​​​ពោត​ដ៏មាន​តម្លៃ​ទាំង​នេះ ដែ​ល​ជា​​ប្រភព​​នៃ​ប្រាក់ចំណូល​ដ៏សំខាន់​ សម្រាប់​ប្រជា​កសិករ​ខ្មែរ​ជាច្រើន​នាក់។

 

លោក ពៅ រស់ កសិករ​និងជា​ឈ្នួញ​កណ្តាល​​​នៅទីក្រុង​ប៉ៃលិន បាន​ធ្វើការ​កត់​សម្គាល់​មួយៗ​​ថា «ទោះ​បីជា​ទាហាន​ថៃចូល​ឈ្លាន​ពាន​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ ក៏​ការ​រ​កស៊ីដោះ​ដូរ​ពោត នៅតាម​ព្រំដែន រវាង​ពាណិជ្ជករ​​ថៃ​និង​កសិករ​កម្ពុជា​នៅតែ​បន្ត​ដំណើរ​ការ​ជា​ធម្មតា​»។​ ជម្លោះ​រវាង​ទាហាន​នៃ​ភាគី​​ទាំង​ពីរបាន​បន្សល់ទុក​​ការ​គំរាម​កំហែង​មួយ​នៅ​តាម​ច្រក​ព្រំដែន​ទាំង​សង​ខាង  ខណៈពេល​ដែល​ការ​ប្រមូល​​ទិន្នផល​ពោត​អាច​ផ្តល់នូវ​ប្រាក់​ចំណូល​ខ្ពស់​​ដល់​​កសិករ​នៅ​តាម​​ព្រំដែន​។​ ទិន្នផល​ពោត​បានកើនឡើង ទន្ទឹម​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ខ្ពស់​។​ នៅត្រង់ចំណុចនេះ កសិករ​ខ្មែរ​លែង​ខ្វល់​នឹង​រឿង​ប្រឡេះគ្រាប់​ពោត​​ចេញ​​ទៀត​​ហើយ​ ពោល​គឺពួកគេ​លក់​ពោត​ទាំង​ស្នូល​ទៅអោយ​អតិថិជន​ថៃ​ ដើម្បី​​សល់​ពេល​វេលា​ច្រើន​ ​អាច​ដាំ​ពោត​​ម្ត​ង​ទៀត​ ក្នុងទស្សនវិស័យ​មួយគិតថា​ការ​​ប្រមូល​ទិន្នផល​​លើក​ទី​ពីរ​​​នឹងអាច​ផ្តល់​ប្រាក់​កំរៃច្រើន​​ដល់​ពួកគេ​ ​ ព្រោះ​ប្រសិន​​ជា​ស្ថានភាព​នៅព្រំដែន​មិន​​ទទួល​រង​នូវការ​គំរាមកំហែងនោះ​ទេ​ ប្រាក់​ចំណូល​ដែល​បាន​មក​ពីការ​​​ប្រមូល​ផល​លើក​ទីពីរ​នៅ​តែ​​​ច្រើន​ដដែល​​​។ លោក ពៅ រស់ បាន​ពន្យល់ថា «ជាធម្មតា នៅចុង​រដូវដាំដុះ​ទីពីរ កសិករ​៩៩% លក់​​តែ​គ្រាប់​​ពោត គ្មាន​ស្នូលប៉ុណ្ណោះ ព្រោះ​ពួកគេមានពេលវេលា​ច្រើន ហើយ​មេឃ​មិន​​សូវ​​ភ្លៀង​។ កត្តា​ទាំង​នេះ​អនុគ្រោះ​ដល់ការ​ហាលពោត​អោយ​ស្ងួត​ល្អ និង​ដាក់​​លក់​​ក្នុង​តម្លៃ​ថ្លៃ​ជាង​ធម្មតាទ្វេ​ដង»។ ពោតស្រស់​ទាំង​មូល​មួយ​គីឡូ​លក់​​ក្នុង​តម្លៃ​​ចាប់​ពី ៥,៧ ទៅ ៦បាត (០,១៧ ទៅ ០,១៨ដុល្លារ) ទល់​នឹង​ ៤ ទៅ ៤,៥បាត (០,១២ ទៅ ០,១៣ដុល្លារ​) នៅក្នុងការ​ប្រមូល​ទិន្នផល​កាល​ពី​ឆ្នាំ​​​មុន។ ​គ្រាប់​ពោត​ដែល​ហាល​ស្ងួត មាន​តម្លៃ​ទ្វេដង​ ពោលគឺ ១០ ទៅ​១២បាត (០,១ ទៅ​០,៣៦​ដុល្លារ​​)​ក្នុង​​មួយគីឡូ​។ តម្លៃពោត​ទាំង​នេះ​អាច​ផ្តល់​នូវ​ប្រាក់​ចំណូល​​ខ្ពស់ សម្រាប់​​កសិករ​កម្ពុជា។

អាកាស​ធាតុអំណោយផល តម្លៃក៏​ខ្ពស់​
គេអាចដាំពោតបានពីរលើកក្នុងមួយឆ្នាំ។​ អ្នកស្រី​ឈុំ ខូយ កសិករ​នៃ​ខ័ណ្ឌ​សាលាក្រៅ ស្ថិត​​នៅ​ជាយ​ក្រុង​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា​គាត់​មាន​ការ​ពេញ​​ចិត្ត​នឹង​ការ​ប្រមូល​ទិន្នផល​ចុង​ក្រោយ​របស់​គាត់​នេះយ៉ាង​ខ្លាំង ព្រោះ​គាត់​មិន​​ត្រឹមតែ​ទទួល​បាន​​ផលច្រើន​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ គាត់ក៏​អាចលក់​ពោត​ក្នុង​តម្លៃ​មួយ​ខ្ពស់​បានដែរ។ គាត់​បាន​និយាយ​យ៉ាង​ក្បោះក្បាយ​ថា «ឆ្នាំនេះ ដំណាំពោត​ពិត​​ជា​អំ​ណោយ​ផល​​ល្អមែន​ទែន។ នៅពេលដាំពោត​ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោក​ជាំ​ ហើយ​ពេល​ប្រមូល​ផល មេឃលែង​ធ្លាក់​ភ្លៀង។​ ជាមួយនឹង​ផ្ទៃដី​ដាំ​ដំណាំ​ដ៏​ធំរបស់​ខ្ញុំ​ ប្រហែល​៣០​​ហិចតា ខ្ញុំអាច​ទទួល​បាន​ប្រាក់​ចំណូល​ចាប់ពី​៣​​ទៅ ៤​សែន​បាត (៩០០០ទៅ​១២០០០ដុល្លារ) ក្នុងការ​ប្រមូល​ទិន្នផល​លើកទី​មួយ​​!។ ប្រាក់​​ចំណូល​​​ទាំងនេះ​មិនទាន់​បានបូក​បញ្ជូល​ទាំង​ប្រាក់​ដែល​បាន​មក​ពី​ល្ង និង សណ្តែក​​​បាយ​​នោះ​ទេ ហើយ​ប្រាក់​ចំណូល​នៃដំណាំ​ទាំង​ពី​រ​ប្រភេទនេះ​នឹង​​បូក​បន្ថែមទៅក្នុង​ប្រាក់​​ចំណូល​នៃការលក់ពោតលើក​ទីពីរ ដែល​ខ្ញុំនឹង​ប្រមូល​ផល​នៅ​ខែធ្នូ និងខែមករា ខាង​មុខ​​​»។

កសិករ​​ទាំង​អស់​នៅក្នុងភូមិ​របស់គាត់​មិន​មាន​ដីចំការ​​ធំនោះទេ ប៉ុន្តែពួកគេ​ក៏​នៅ​តែ​​ទទួល​បានប្រាក់​ចំណូល​ខ្ពស់ ដោយភាគច្រើន​បាន​ឆ្លៀត​ទាញយកផល​ប្រយោជន៍​​ពីរដូវ​ធ្វើ​ចំការ​ដ៏​ប្រសើរ​នេះ។ «អ្នក​ស្រីឈុំ ខូយ បានសំដែង​សោមនស្សរីករាយថា គ្រប់​គ្នា​នៅ​ទីនេះសុទ្ធតែ​សប្បាយ​រីករាយ។ ឥឡូវ​នេះ កសិករ​​មាន​សមត្ថភាព​ទិញ​ទំនិញ​ដែល​ពួកគេ​ត្រូវការ​បាន​ ដូចជា​ម៉ូតូថ្មី រថយន្ត គោយន្ត​ ត្រាក់ទ័រ...»។

ម្យ៉ាង​​វិញ​ទៀត កសិករ​អ្នក​មាន​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កសិករ​ជាច្រើន​នៅ​ក្នុង​តំបន់​មាន​លទ្ធភាព​​​ដោះ​​​​បំណុល​របស់​ពួកគេបាន​ទៀត​ផង​។ «ពួកគេ​លែង​ជំពាក់​បំណុល​របស់​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ ធនាគារ​​មីក្រូហិរញ្ញវត្ថុ រឺក្រុមហ៊ុន​លក់គ្រាប់​ពូជ ដូច​កាល​ពីមុន​ទៀត​ហើយ​»​។​

នៅលើ​ផ្ទៃដីទំហំ​៦០ហិចតា លោក ពៅ រស់ បាន​ប្រមូល​ផល​ពោត​ប្រហែលជា​៣៦០តោន នេះ​​គ្រាន់​តែ​នៅក្នុង​រដូវ​ទីមួយប៉ុណ្ណោះ​។ សម្រាប់​តម្លៃលក់​នៅ​លើ​ទី​ផ្សារ​​បច្ចុប្បន្ន លោក​អាច​សង្ឃឹមថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ជិត​៦០ ០០០​ដុល្លារ​​។ កសិករ​រូបនេះ​បាន​គណនា​​​ថា ​«សព្វ​ថ្ងៃ​នេះ មិន​មានកសិករ​ណា​ម្នាក់​ខាត​​បង់​ នៅក្នុងការងារ​​កសិកម្ម​ឡើយ​។​ ​​ គេ​​អាច​ទទួល​ប្រាក់​ចំណេញ​​យ៉ាង​ហោច​​ណាស់​ក៏​​៥០% លើ​ប្រាក់ចំណូល​​សរុប បើ​ទោះ​បី​ជាមាន​ការ​​តំឡើង​ប្រាក់​ឈ្នួល​​កម្មករកាច់ពោត​​​ប្រចាំថ្ងៃ (ឡើង​ពី​៤០ ទៅ៦០បាត ស្មើនឹង​​១,២ ទៅ​១,៨​បាត ក្នុង​មួយបាវ​​​ទង្ងន់​៨៨គីឡូ) និង​ថ្លៃគ្រាប់​ពូជ ហើយនឹង​ថ្លៃប្រេង​ក៏ដោយ​»។

ការ​សំរុក​ទៅធ្វើចំការបាន​ចាប់ផ្តើម នៅស្រុក​សំឡូត
ការ​រកស៊ី​ដោះដូរទំនិញ​​រវាង​ប្រជាជន​ថៃនិង​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្តើម​សារ​ជាថ្មី​ បន្ទាប់​ពី​ការ​​ផ្អាក​​អស់​រយៈពេល​​​ពីរ​សប្តាហ៍ ខណៈពេល​ជម្លោះ​ប្រាសាទ​ព្រះវិហារ​កាន់តែមាន​សភាព​ធ្ងន់​ធ្ងរនៅឡើយ​។ អាជីវករ​និង​កសិករ​មួយភាគធំ គឺ​​​ជាង​៩០% ត្រូវ​បាន​ទាក់ទាញ​អោយ​​ផ្លាស់​​ប្តូរ​​មក​ដាំ​ដំណាំ​ពោតវិញ ដោយ​សារ​ពួក​គេ​​មើល​ឃើញ​ពី​​​តម្រូវការ​ខ្ពស់​របស់​​​​ក្រុម​ហ៊ុន​ថៃ​។​ «លោក សុខុម កសិករ​ម្នាក់​​នៅ​ស្រុក​សំឡូត​នេះ បាន​សំដែង​អារម្មណ៍​រីករាយថា ប្រសិនជា​ស្ថាន​ការណ៍​​ស្ងប់​ស្ងាត់​ យើង​ជាកសិករ​ នឹង​អាច​ចាប់ផ្តើម​ដាំដំណាំ​យ៉ាង​សប្បាយ​រីក​រាយ​​បំផុត​!។ ប្រសិនជា​មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ទៀង​​ទាត់ យើង​នឹង​អាច​​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​»។ គាត់​អាច​ប្រមូល​ទិន្នផល​ពោត​លើក​ទីមួយ​​ លើ​ផ្ទៃដី​​៧​​ហិច​តា បាន​ចំនួន​៤០តោន ដើម្បី​​​យក​ទៅ​លក់​អោ​យ​​អាជីវករ​នៃ​ប្រទេស​ជិត​ខាង​ជិត។​​

ក៏​ដូចជា​លោក​សុខុម កសិករផ្សេង​ទៀត​ក្នុង​​ស្រុក​សំឡុត​ (ខេត្តបាត់​ដំបង) បាន​ទទួល​ប្រាក់​កំរៃ​យ៉ាង​ឆាប់​រហ័ស​ពីការ​ងារ​ដាំដំណាំ​ពោតនេះ​។ លោក ជៀម ចាន់សោភ័ណ ប្រធាន​មន្ទីរ​កសិកកម្ម​ខេត្ត​បាត់​ដំបង​បាន​គូស​បញ្ជាក់ថា ស្រុក​នេះ​ ក៏​ដូច​ជា​​​ស្រុក​កំរៀង ភ្នំព្រែក សំពៅ​លូន​​ និង​ស្រុក ​រតនមណ្ឌល ត្រូវ​បាន​ចាត់ទុកចូលក្នុង​ចំណោម​​ស្រុកផលិត​ពោត​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។ នៅ​ក្នុង​ខេត្ត​នេះ ដំណាំពោត​គឺជា​កសិកម្ម​សំខាន់​ទីពីរ បន្ទាប់​ពីស្រូវ​។​ មន្រ្តី​​ជាន់​​ខ្ពស់​រូប​នេះ​បាន​វាយ​តម្លៃ​ថា «ឆ្នាំនេះ ផ្ទៃដី​ដាំ​ពោត​បានកើន​ឡើងដល់​​​៥០ ០០០ហិចតា ហើយ​​ទិន្នផល​ប្រចាំ​ឆ្នាំ​ទាំង​ពីរ​រដូវ ទទួល​បាន​៣០០ ០០០តោន»។  

ប៉ៃលិន ដំណាំពោត​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់
លោក ផាន់​ ពេជ្រ ប្រធាន​មន្ទីរ​កសិកម្ម​ក្រុ​ង​ប៉ៃលិន​បាន​គូស​បញ្ជាក់ថា នៅ​ទីក្រុង​​​ប៉ៃលិន​ជាប់​​នឹង​ព្រំប្រទល់នេះ​ ការ​លក់ពោត​ទៅអោយ​ប្រទេស​ថៃ​បាន​ប្រែ​ក្លាយ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​ដង្ហើម​សេដ្ឋកិច្ច​ផ្សេង​ៗទៀត​។​ ចាប់ពី​ពេល​នេះ​ត​ទៅ នៅ​ក្នុង​អតីត​​តំបន់ខ្លាំង​របស់​ខ្មែរ​ក្រហមមួយ​​នេះ ពោត​គឺជា​ដំណាំ​សំខាន់​ទីមួយ នាំមុខ​ដំឡូង ល្ង សណ្តែក​​សៀង និង​សណ្តែក​បាយ។ ជារៀង​រាល់​ឆ្នាំ ពោតប្រហែល​២សែន​តោន​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់​ប្រទេស​ថៃ​។ លោក ផាន់​ ពេជ្រ បាន​លើក​ឡើង​ថា «ផ្ទៃដីដាំដំណាំពោត​សរុប​​នៅ​ឆ្នាំ​នេះ​មានទំហំប្រហែលជា​២០ ០០០ហិចតា។ ជាបឋម នៅដើម​ឆ្នាំ​នេះ មុន​រដូវ​ធ្លាក់​ភ្លៀង​កក់​ខែ​នៅខែមីនា រឺខែមេសា ប្រជាកសិករ​បាន​ដាំពោត​នៅលើ​ផ្ទៃដី​ពាក់​កណ្តាល​ (ស្មើនឹង​១០ ០០០ហិចតា) ចំណែក​ផ្ទៃ​ដីដែល​នៅសល់ គឺសម្រាប់​ដាំ​ដំណាំ​ផ្សេង​ៗទៀត។ ប៉ុន្តែ សម្រាប់​​​រដូវ​ដាំដុះលើក​ទីពីរ ដែលទើប​តែ​នឹង​ចាប់​ផ្តើម​នេះ ពួកគេ​ដាំពោត​តែមួយមុខ​គត់​!​»​។​

ការត្រឡប់​មក​ធ្វើ​ចំការ​វិញ​
យោង​តាម​មន្ទីរ​កសិកម្ម​ក្រុង​ប៉ៃលិន នៅលើ​ផ្ទៃដីកសិកម្ម​ចំនួន​៤៩ ០០០ហិចតា ដំណាំ​ពោតថ្មី និង​ផលិត​ផល​​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​ ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​៖ គេដាំ​ពោត​លើ​ផ្ទៃដី​​៣៧ ០០០ហិចតា ទល់នឹង​ផ្ទៃ​ដី​ធ្វើ​ស្រែ​ ១១ ៥០០ហិច​តា។ លើស​​ពីនេះ​ ផ្ទៃដី​ដាំ​ដំឡូង​​បាន​កើន​ឡើង​ទ្វេ​ដង​ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ ពោល​គឺកើន​ឡើង​ពី​៤០០០ហិចតា​ក្នុង​ឆ្នាំ​២០០៥ ទៅ​៨០០០ហិចតា​ក្នុង​ឆ្នាំ​នេះ។ ទន្ទឹមនឹង​នេះ លោក​ ផាន់​ ពេជ្រ បាន​អះអាង​ថា ទិន្នផល​​បាន​កើន​ឡើង​ពី​៣០ ទៅ​៥០តោន​ក្នុង​មួយ​ហិចតា ជាមួយ​​​នឹង​​ការ​​ប្រមូល​ទិន្នផល​តែ​មួយ​លើក​ក្នុង​​មួយឆ្នាំ។ ចាប់​ពីពេល​នេះ​ត​ទៅ ផ្ទៃ​ដី​ដាំ​ដំណាំ​​មាន​​ទំហំ​​រាប់​រយ​ហិចតា​។​ ចាប់​តាំង​ពីឆ្នាំ​២០០៦មក ​ចំការ​កៅស៊ូ​​​នៅក្នុង​អតីត​តំបន់​​ខ្មែរ​ក្រហម​មួយ​​នេះ​​​ មាន​ចំនួន​​​កើន​ឡើង។ សព្វ​ថ្ងៃ​នេះ ចំការ​កៅស៊ូ​គ្រប​ដណ្តប់​​លើ​ផ្ទៃ​ដី​ជិត​១០០០ហិច​តា។ «មន្ត្រី​ជាន់ខ្ពស់រូបនេះ​បាន​សង្កេត​ឃើញ​ថា ដំណាំ​​ក្រៅអំពីដំណាំស្រូវ ពិត​ជា​​មាន​សន្ទុះ​កើន​ឡើង​ពិត​ប្រាកដ​មែន ចាប់​តាំង​ពី​​ឆ្នាំ​​២០០៤មក។ ជាការ​ពិតណាស់ អាជីវករ​មួយ​ចំនួន​បាន​ឈប់ប្រកប​របរ​រក​ស៊ី​នៅ​តាម​ទីផ្សារ ដើម្បី​មក​ធ្វើ​ចំការ​វិញ!។ បច្ចុប្បន្ននេះ គេមិន​​​​ឃើញមាន​ព្រៃខ្លា ព្រៃដំរីទៀត​ទេ​ ព្រោះ​ព្រៃ​ឈើ​ទាំង​នោះ​បាន​ប្រែ​ក្លាយ​ជា​​ដី​ធ្វើ​កសិកម្ម​​ទៅហើយ​...»។

ក្រៅអំពីការប៉ះពាល់​ដល់​បរិស្ថាន ការ​សំរុក​ទៅ​ធ្វើ​ចំការនេះ​ក៏​​មាន​ផល​អវិជ្ជមាន​​មួយផ្សេង​ទៀត​ផង​ដែរ។ ប្រជាកសិករ​ខ្មែរ​ពឹង​ផ្អែក​ទាំង​ស្រុង​​ទៅលើ​ក្រុមហ៊ុន​ថៃ។ ប្រសិនជា​គ្មាន​ប្រទេសថៃ​ កសិករ​ខ្មែរ​នឹង​មិនអាច​លក់ផលិត​ផល​​​របស់ខ្លួន​បាន​ ហើយ​ពួកគេ​នឹង​មិន​អាច​​ដាំ​ពោត​បាន​ទៀត​ទេ។ តួយ៉ាង ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​កម្ពុជា​បាន​ចំណាយ​រាប់​លាន​បាត​ ដើម្បី​ទិញ​គ្រាប់​ពូជ​ពី​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ថៃឈ្មោះ CP។ សម្រាប់​ ផាន់​ ពេជ្រ រដ្ឋ​គួរ​តែ​បង្កើត​កម្មវិធី​ស្រាវ​​ជ្រាវ​​ជា​បន្ទាន់​មួយ​ ដើម្បី​ផលិត​គ្រាប់​ពូជនៅក្នុង​ប្រទេស​កម្ពុជា។

ប្រសិន​ជា​គ្រាប់​ពូជ​របស់​យើង គេ​មិន​ទិញ​ទេ
ជាការ​ពិតណាស់ លោកច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ទទួល​ស្គាល់ថា​ប្រជា​កសិករ​ខ្មែរ​បាន​ចំណាយ​ប្រាក់​ជិត​១០០លាន​បាត (៣សែន​ដុល្លារ​)​ ដើម្បី​ទិញ​គ្រាប់​ពូជ​ពីក្រុមហ៊ុន​ថៃ CP​ក្នុង​មួយ​ឆ្នាំៗ​។ ប៉ុន្តែ លោក​រដ្ឋ​មន្ត្រី​បាន​គូស​​បញ្ជាក់ថា ក្រុម​ហ៊ុនតែមួយនេះ ក៏​ជា​អ្នក​ទទួល​ទិញ​ផលិតផល​ពោត​​​របស់​កម្ពុជា «ក្នុង​តម្លៃ​មួយ​ជាទីគាប់​ចិត្ត»​ផង​ដែរ​។ លោក​ច័ន្ទ សារុន​បាន​សំដែង​ការ​សោក​​ស្តាយថា​ «យើង​យល់​​ពី​ការ​លំបាក​របស់​កសិករ​ នៅក្នុង​ដំណាក់​​កាល​​ដាំ​ដុះ​ គឺ​នៅរដូវ​ដាំដុះ ​ពួកគេ​ត្រូវ​ទិញ​គ្រាប់​ពូជ​ពី​​​ប្រទេស​ថៃ។ ប៉ុន្តែ ប្រទេស​ថៃ​គឺជា​អ្នក​​ទិញ​​ពោត​របស់​ពួកគេវិញ​​។ ប្រសិន​ជា​ដំណាំពោត​ទាំង​នេះ​មិន​មែន​កើត​ចេញ​​ពី​គ្រាប់​ពូជរបស់​​​ថៃ​នោះ​ទេ ក្រុមហ៊ុន​ថៃនឹង​មិន​ទិញ​ពោត​ពីពួកយើង​ឡើយ​»​។ តាមសំដីរបស់លោក​រដ្ឋមន្ត្រី ​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​រៀប​ចំ​អោយមាន​​​រួច​មក​ហើយ​ ដើម្បី​បង្កើត​គ្រាប់ពូជ​កូន​កាត់​មួយ ​​​នៅ​ប្រទេស​កម្ពុជា»។ «ប៉ុន្តែ ប្រសិន​ជា​​យើង​​ដាំគ្រាប់​ពូជ​ទាំង​នេះ​ អាជីវករ​នៃ​ប្រទេសជិត​ខាង​ច្បាស់​ជា​មិនទិញ​ពី​យើង​​​​ឡើយ…»។

ការបាត់តម្លៃបន្ថែមរបស់ផលិតផល
ម្យ៉ាង​វិញទៀត លោក​ប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​ប៉ៃលិន​បាន​សំដែង​ការ​សោក​ស្តាយ​ថា ប្រទេស​​​កម្ពុជា​មិនទាន់​មាន​ធនធាន​សំខាន់គ្រប់​គ្រាន់​​ នៅ​ខ្វះខាតរោង​ចក្រ​កែច្នៃ ហើយ​ប្រជាជន​​កម្ពុជា​នៅតែ​បន្ត​នាំចេញ​ផលិតផល​មិនទាន់​កែច្នៃ​ ដែល​ធ្វើ​អោយ​បាត់​បង់​​​តម្លៃ​បន្ថែម​​​របស់​ផលិត​ផល​​។ លោក សុខ ស៊ីណា អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ បាន​ធ្វើការ​វិភាគមួយ ដោយ​បាន​សំដែងការ​សោក​ស្តាយ​ «ចំពោះ​ការ​ខាត​​បង់ដ៏​​សំខាន់​នេះ សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា​»។ ប្រទេស​កម្ពុជា​កម្រ​​មាន​រោង​ចក្រ​កែ​ច្នៃ​ណាស់ ពោ​លគឺ មាន​តែ​រោង​ចក្រ​កែ​ច្នៃ​ម្សៅដំឡូងម៉ី​ រឺជ័រ​កៅស៊ូ​​ នៅ​ខេត្ត​កំពង់ចាមប៉ុណ្ណោះ។ លោក​ច័ន្ទ សារុន បាន​ទទួល​ស្គាល់ថា​ នៅ​ទីក្រុ​ង​ប៉ៃលិន ដំណាំ​ពោត​គឺជាដំណាំសំខាន់​ជាង​គេ​ ប៉ុន្តែ មិនទាន់​មាន​រោង​ចក្រ​កសិឧស្សាហកម្ម​​នោះ​ទេ​​​។

សូម្បីតែ​ឡសម្ងួតធម្មតា ដែល​អាច​ធ្វើអោយ​តម្លៃពោតកើនឡើង​ពី​៥,៥បាត ទៅ​ដល់​ជិត១៥​បាត​ក្នុង​មួយគីឡូ ក៏​មាន​ចំនួន​​មិនគ្រប់​គ្រាន់​ផង​ដែរ​​។​ ទីក្រុង​ប៉ៃលិន មាន​​ឡសម្ងួត​ត្រឹម​តែ​ពីរ​​ប៉ុណ្ណោះ...។ លោករដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​បាន​គូស​បញ្ជាក់​​ថា «ចំនួន​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ ដើម្បី​បំពេញ​ទៅតាម​តម្រូវ​បាន​នោះ​​ទេ។ ដូចនេះ យើង​ព្យាយាម​លើក​ទឹក​ចិត្ត​វិស័យ​ឯក​ជន​អោយ​វិនិយោគ​គ្រឿង​​​ម៉ាស៊ីន​ទាំង​នេះ ប៉ុន្តែ តម្លៃការ​ប្រាក់​របស់​ធនាគារ ស្ថិត​នៅ​​ក្នុង​​កំរិតមួយ​ខ្ពស់​​នៅ​ឡើយ (៣%ក្នុង​មួយ​ខែ)។ ដូច្នេះ គេ​មិនអាច​ចំណេញ​ពីការងារ​នេះ​បាន​ទេ»។

ក្នុងអំឡុងដំណាក់ការ​​រង់​ចាំការ​មកដល់​​ជាយថាហេតុណាមួយ​​នៃ​អ្នក​វិនិយោគ​ទុន​វិស័យ​កសិឧស្សាហកម្ម​ កសិករ​ខ្មែរបាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពីការរក​ស៊ី​​ដោះដូរ​ជា​មួយ​នឹង​ក្រុមហ៊ុន​ថៃ ដែល​ក្រុម​ហ៊ុន​ទាំងនេះផ្ទាល់ ក៏​ត្រូវ​អាស្រ័យ​លើ​ការ​ដាំដុះ​របស់​ប្រទេស​​កម្ពុជា​​ផង​ដែរ។ នៅ​​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ការ​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​ការ​ទូត និង​​កង​ទ័ព​​បាន​ជះឥទ្ធិពល​អាក្រក់​ ដូច​ទៅនឹង​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន នៅ​ក្នុង​សុន្ទកថា​​ជាសាធារណៈ​លើក​ដំបូង​របស់​សម្តេច​ នៅ​ចំពោះ​មុខ​កសិករ​​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី​៦ សីហា បន្ទាប់​ស្ងប់ស្ងាត់​រយៈ​ពេល​មួយខែ​​ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការ​បោះឆ្នោត។​ «បច្ចុប្បន្ននេះ យើង​ត្រូវ​បន្តការផ្លាស់​ប្តូរ​​វិស័យ​​ពាណិជ្ជ​កម្ម​​ និង​​វិស័យ​​ទេសចរណ៍ រវាង​ប្រទេស​ជាតិទាំង​ពីរ​។ ប្រសិនជាយើង​ធ្វើ​ពហិការ​​ឈប់​ប្រើ​ប្រាស់​​ទំនិញ​​ថៃ ប្រជាជន​ថៃ​នឹង​ធ្វើ​ដាក់យើងបែប​នេះដូចគ្នា។ តើ​ងាប់​អ្នក​ណា​? ​សម្តេច​បាន​ប្រកាស​ថា​អ្នក​ងាប់​មុន​គេ គឺ​ជា​ប្រជាពល​រដ្ឋ​រស់​នៅ​ព្រំដែន​។ យើង​រាល់ថ្ងៃ​ដាំពោត សណ្តែក​លក់​ទៅ​ថៃមិនស្រួល​ជាង។ ដល់​យើង​ឈប់​ប្រើ​ទំនិញ​ថៃ ​​ថៃ​ឈប់​ប្រើ​ប្រាស់​​ទំនិញ​កម្ពុជា​ អ្នក​ដែល​ខាត​គឺ​ប្រទេស​​ទាំង​ពីរ​។ អញ្ជឹងទេ កុំ​ធ្វើសត្រូវ​ជាមួយ​គ្នា ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​»។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir