Khmer
    Franηais


αžαŸ’αž„αŸƒ αž–αŸ’αžšαž αžŸαŸ’αž”αžαž·αŸ 28 សីហអ 2008
αž˜αŸ‰αŸ„αž„ 14:30 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Kickboxing : Khmers Vs Champions du monde
 → αžŸαžΈαž αžΆ  28 @06:30 - :0900:
Le thιβtre contemporain, par Catherine Marnas (confιrence)
 → αžŸαžΈαž αžΆ  28 @06:30 - :0800:
Latin Docfest, ភាពយន្តឯកសារ
 → αžŸαžΈαž αžΆ  29 @07:00 - :0800:
វង្វេងទីក្រុង ឌូវីល ភាពយន្ត​របស់ Sophie Marceau
 → αžŸαžΈαž αžΆ  29 @07:00 - :0900:
Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គំនូរកសិករទល់នឹងវិចិត្រករៈ ជោគជ័យនៃការផ្លាស់ប្តូរមុខរបររបស់ អ្នកភូមិខ្មែរមួយ
αžŠαŸ„αž™ Ros Dina   
Convertir en PDF Version imprimable SuggΓ©rer par mail
10-06-2008

Kompong Svay - peinture - Angkor Wat © John Vink / Magnum 

កំពង់ស្វាយ (កណ្តាល)ថ្ងៃទី៣ មិថុនា ២០០៨

រូបប្រាសាទអង្គរវត្តរបស់កសិករជាងគំនូរនៅភូមិកំពង់ស្វាយ 

© John Vink / Magnum

 

កម្មករ​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​លះបង់​ការងារ​ជីកកាប់គាស់​ធ្វើស្រែចំការ​របស់​ខ្លួន​ ដោយសារ​តែ​ប្រាក់​កំរៃ​ដែល​ទទួល​បាន​ពីការងារ​នេះ​មានចំនួនតិច​តួច​ស្តួច​ស្តើង​​មិនគ្រប់​គ្រាន់​ទៅ​នឹង​តម្រូវការ​។ លើស​ពីនេះ​ មាន​អ្នកខ្លះ​បានចាក​ចេញ​ទៅកាន់​ទីក្រុងភ្នំពេញ​ រឺ​មួយ​ទៅទីប្រជុំជន​សំខាន់​ៗ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ នៅភូមិ​កំពង់​ស្វាយ​ ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ​ ខាង​ត្បូង​ទីក្រុងភ្នំពេញ ប្រជាជន​មិនបាន​​​ធ្វើចំណាក​ស្រុក​នោះទេ​។ ប៉ុន្តែ ការ​ងារ​​កសិកម្ម​ត្រូវ​បាន​ជំនួស​ដោយ​ការ​គូរ​គំនូរ​ដែល​បានបាន​គៀង​គង​​ប្រជា​ពល​រដ្ឋ​​ជាង​៣០គ្រួសារ​អោយ​ប្រកប​របរ​រក​ស៊ីនេះ។

 

នៅក្រោមដំបូងផ្ទះ​របស់​វិចិត្រករ​
ទោះបីជារាង​កាយ​ទន់​ខ្សោយ​​ដែល​បង្ហាញ​ពីសុខភាព​មិនមាំមួន​ សុខ កា​ យុវជន​វ័យ​២៤ឆ្នាំ​ ប្រកប​របរ​ជាជាង​គំនូរ​​​ប្រាសាទ​​អង្គរ​វត្ត​ជា​ច្រើនផ្ទាំង​នៅក្នុង​ខ្ទម​ដ៏តូច​មួយ។ កាល​ពីបីឆ្នាំ​មុន យុវជន​រូប​នេះ​បាន​​​ធ្វើការ​ងារស៊ីឈ្នួល​​កាប់​គាស់​រាន្ត​​​ដី​អោយ​កសិករ​ដែល​រស់នៅ​ជិត​ខាង​ ហើយ​​​​អាច​រក​ប្រាក់​កំរៃ​បាន​ប្រហែល​ជា​៦០០០រៀល​(១,៥ដុល្លារ) ក្នុង​មួយ​ថ្ងៃ។ សុខ កា​ អះ​​អាង​ថា សព្វ​ថ្ងៃនេះ​ គេ​​​អាច​ទទួល​បាន​ប្រាក់​កំរៃ​ចំនួន​១០០ដុល្លារ​ក្នុង​មួយ​ខែ។ គ្រួសារ​របស់​លោក​មាន​កំរិត​ជីវភាព​​​ល្អ​ប្រសើរ​ជាង​​ពេល​មុន​​ដែល​គ្រួសារ​របស់ខ្លួន​បាន​លក់​ដី​ធ្លី​របស់​ខ្លួន ដើម្បី​យក​ប្រាក់​ព្យាបាល​ជម្ងឺ​របស់​ឪពុក​។ ប៉ុន្តែ យុវជន​ ​សុខ កា មិន​មាន​​ចក្ខុ​វិស័យ​​ច្បាស់​លាស់​​ទៅថ្ងៃអនាគត​នោះទេ។  ទោះជា​យ៉ាង​ណា​ក៏​ដោយ ជាង​គំនូរ​រូបនេះ​​បាន​​សារភាព​ថា លោក​ចេះ​គូរត្រឹម​​​​តែរូប​គំនូរ​​​ប្រាសាទ​​អង្គរ​វត្ត​​ផ្នែក​ខាងមុខ​តែ​ប៉ុណ្ណោះ​។


នៅចម្ងាយ​១០០ម៉ែត្រ​ពី​ខ្ទម​ដ៏កំសត់​របស់​ ​សុខ កា ​នៅក្រោម​ម្លប់​របស់ផ្ទះ​មួយ យុវជនបង​ប្អូន​​បីនាក់​​កំពុង​តែ​ផ្ចិត​ផ្ចង់​​គូរ​រូប​គំនូររបស់​ខ្លួន​​។​ ពួកគេ​ផ្តោត​​ការ​​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​​លើ​រូប​ប្រាសាទ​​អង្គរវត្ត​​ ដោយ​មិន​​ចេញ​ស្តីមួយ​ម៉ាត់​។ នេះ​មិនមែនជា​រោង​ចក្រ​នោះទេ ប៉ុន្តែ វា​គឺជា​ការ​ចាប់ផ្តើម​នៃ​ចង្វាក់​ការ​ងារ​ដោយ​ប្រើ​ដៃ​និងគំនិត​​​​។ ​ យ៉ែម ពិសិដ្ឋ​ អាយុ​២៦ឆ្នាំ ជាង​កូន​ប្រុស​ច្បង​នៃបង​ប្អូន​​ប្រុស​​បីនាក់ ហើយ​​ ប្រកបអាជីព​​ជា​ជាង​គំនូរ​​អស់រយៈ​ពេល​​១០​ឆ្នាំ​មកហើយ ចាប់តាំង​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅមធ្យម​សិក្សា​មក​​។ បុរស​វ័យ​ក្មេង​រូប​នេះ​បាន​ពន្យល់​ថា «​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យកអាជីព​នេះ​ តាម​គំរូ​របស់​ឪពុកមា​របស់​ខ្ញុំ​ម្នាក់ ព្រោះ​ថា​ការងារ​នេះ​ផ្តល់​នូវ​ប្រាក់កំរៃ​ខ្ពស់​​​ជាង​ការងារ​​ធ្វើ​ស្រែ​ចំការ​​»។ បន្ទាប់​ពី​អនុវត្តការ​ងារ​អស់រយៈពេល​ប៉ុន្មាន​ឆ្នាំមក​ ពិសិដ្ឋ​​ក៏​​បាន​បង្រៀន​​ជំនាញ​ផ្នែក​​គូរ​រូប​​នេះ​ដល់​​ប្អូន​ៗរបស់​គេ​​ផង​ដែរ​។​ ពួកគេទាំងអស់​គ្នា​ អាច​រក​ប្រាក់​កំរៃ​បាន​ចំនួន​៣០០​ដុល្លារ​ ​ក្នុង​មួយ​ខែ ហើយ​បាន​ប្រគល់​ប្រាក់ទាំង​នេះ​ជូន​ម្តាយ​របស់​ខ្លួន​ជា​អ្នក​ចាត់​ចែង។ បើតាម​ប្រសាសន៍​របស់លោក កុយ ណារ៉ុង ​មេឃុំ​កំពង់​ស្វាយ « ជាង​គំនូរ​​ភាគច្រើន​សុទ្ធ​សឹង​តែ​ជា​យុវជន​ក្មេង​ៗ​ »។ លោក​ទទួល​ស្គាល់​ថា «​ពួក​ក្មេង​ៗ​​ទាំង​នោះ​បាន​ដឹង​ទំហំ​​ការងារ​ដ៏​សែន​លំបាក​របស់​ឪពុក​ម្តាយ​របស់ខ្លួន នៅ​ក្នុង​​ចំការ​ ហើយ​បាន​សម្រេចចិត្ត​ជ្រើសរើស​អាជីព​ថ្មី​​មួយផ្សេងទៀត។ រយៈពេល​៥ឆ្នាំ​មកហើយ គេ​សង្កេត​ឃើញ​ថា​ស្ថានភាព​ជីវភាព​រស់នៅរបស់​ប្រជាពល​រដ្ឋ​ក្នុង​ឃុំ​កំពង់​ស្វាយ​មាន​កំរិត​ប្រសើរ​ជាង​មុន»។

ការ​បង្រៀន​ជំនាញ​គូរគំនូរ​​បន្ត​
លោក​ ហម សារ៉ាវុធ​ គឺជា​អតីត​អ្នក​គូរ​គំនូរកុ​ន​ ​នៅ​មុន​សម័យ​សង្រ្គាម​។ នៅ​ពេល​​លោក​មក​រស់នៅ​ឃុំកំពង់​ស្វាយ​នេះ​ លោក​បាន​ចាប់ផ្តើម​ផ្ទេរ​ជំនាញ​ដ៏​ប៉ិន​ប្រសប់​នេះ​ទៅ​អោយសមាជិក​គ្រួសារ​របស់លោកទាំងអស់​ រួមមាន​កូនៗទាំង​ប្រាំ​របស់លោក បន្ទាប់​មាន​កូនប្រសាប្រុស​ ​ ហើយ​ជាចុង​ក្រោយ​​​នេះ​ គឺ​​ចៅស្រី​២នាក់​របស់លោក!។ វិចិត្រករ​ដែលជាឪពុក​រូប​នេះ​ បាន​រៀប​រាប់​ថា​«កូន​ប្រសាប្រុស​របស់​ខ្ញុំ​ម្នាក់​ ធ្លាប់ធ្វើ​ជា​អ្នក​នេសាទ​។ យើង​បាន​បញ្ចុះ​បញ្ចូល​វា​ អោយ​បោះបង់​ការងារ​ជា​អ្នក​នេសាទ​នេះ​ ដើម្បី​មក​ប្រកប​របរ​ជា​ជាង​គំនូរ​​ជាមួយ​នឹង​ពួកយើងវិញ​។ កូន​ប្រសា​ម្នាក់​នោះ​​មិន​មាន​ការ​ស្តាយ​ក្រោយ​ឡើយ បន្ទាប់​ពី​ការ​ងារ​នេះ​ផ្តល់​ប្រាក់​កំរៃ​ច្រើន​ជាង​ការងារ​ចាស់​របស់​ខ្លួន។ ចំណែក​កូន​ប្រសារ​ប្រុស​ម្នាក់​ទៀត ឈ្មោះ​ ជូ វិន  ដែល​កំពុង​តែ​គូរ​រូប​ផ្កា​មួយ ក៏​មិន​មាន​ការ​នឹក​នាផង​ដែរ​​ដល់​ការងារ​ចាស់​​​កាល​ពីមុន​​ ​នៅក្នុង​រោង​ចក្រ​កាត់​ដេរ​មួយ​ ដោយ​ហេតុ​ថាអតីត​កម្មករ​រូបនេះ​​​ទទួល​ប្រាក់​ខែត្រឹម​តែ​៤៥ដុល្លារ ខណៈពេល​ការងារ​នោះ​មានការ​លំបាក​យ៉ាង​ខ្លាំង​។

លោក ហម សារ៉ាវុធ អាយុ​៥៦ឆ្នាំ បាន​ប្រែក្លាយ​ជា​មនុស្ស​​ដ៏មាន​ប្រជាប្រិយ​មួយ​រូប​នៅក្នុងភូមិ​កំពង់ស្វាយ​ និង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅក្នុង​រឿង​ការងារ។ ដោយ​មើល​ឃើញ​ពីភាព​ជោគជ័យ​របស់​លោក កូនចៅ​ អ្នកភូមិ​ជា​ច្រើន​​​បាន​មកសុំហាត់​រៀន​ពី​​​គាត់​ អោយ​ជួយ​បង្រៀន«​គូរ​រូប​ប្រាសាទ​អង្គរវត្ត​ដល់​ពួកគេ​» ក្រោយម​ក​អ្នកភូមិ​ទាំងនោះ​បាន​​បង្រៀន​ដល់​សាច់​ញាតិ​របស់​ពួកគេបន្ត​​។ លោកគ្រូ​បង្រៀន​ម្នាក់នេះ​បាន​លើក​ឡើង​ថា «ខ្ញុំយល់​ព្រម​បើក​ថ្នាក់​បង្រៀន​មួយ។ កាលនោះ ខ្ញុំមាន​សិស្ស​ជាង​៣០នាក់។ អ្នក​ដែលមាន​កំរិត​ជីវភាព​ធូរធារ​គួរ​សម ខ្ញុំ​តម្រូវ​អោយ​គេ​បង់​ប្រាក់​១០០ដុល្លារ​ តែសម្រាប់​អ្នក​ណា​ដែល​ក្រីក្រ ខ្ញុំនឹង​បង្រៀន​ដោយមិ​ន​គិត​ថ្លៃ​។ ប៉ុន្តែ ខ្ញុំ​បាន​ឈប់​បង្រៀន​គូរ​រូប​នេះ​អស់​រយៈពេល​២​ឆ្នាំមក​ហើយ ព្រោះ​​បច្ចុប្បន្ននេះ មាន​ជាង​គំនូរ​ជាច្រើន​នាក់​ ដែលជា​ហេតុ​ធ្វើអោយមានការ​ប្រកួត​ប្រជែង​គ្នា​រក​ស៊ី និង​បាន​ធ្វើអោយ​តម្លៃ​ផ្ទាំង​គំនូរ​នៅ​លើ​ទីផ្សារ​ចុះថោក​។
នៅ​​បន្ទប់​គូររូប​របស់គាត់​ គេ​ឃើញមាន​​គំនូរ​ជាង​ច្រើន​ផ្ទាំង​​ខុស​ៗគ្នា។ ក្រៅ​អំពី​រូប​គំនូរ​កំពូល​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្អ​ឥត​ខ្ចោះ គេ​ក៏​ឃើញមាន​រូបគំនូរ​ទេសភាព​នៅតាម​ជន​បទ​ ទិដ្ឋភាព​​នៅតាម​វាល​ស្រែចំការ ដូចជា​ការ​ឡើង​ដើម​ត្នោត ជាដើម​។ សមាជិកគ្រួសារ​របស់គាត់​ម្នាក់​ៗ​អាច​រក​ប្រាក់​កំរៃ​បាន​ជាមធ្យម​ចាប់​ពី​១៥០ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ក្រៅ​ពី​​មាន​អ្នកទិញ​ដើម្បី​យក​ទៅ​​លក់​បន្ត​ លោក​​ ហម សារ៉ាវុធ ​ក៏​លក់​ផ្ទាំង​គំនូរ​របស់ខ្លួន​ទៅអោយ​អាជីករ​នៅ​ប្រទេស​ណ័រ​វែស​ផង​ដែរ​ ដែល​តែង​តែ​កុម្ម៉ង់​ទិញ​ជាទៀងទាត់ផង​ដែរ​​​។

Cambodge - art - peintres - Kompong Svay © John Vink / Magnum 
 កំពង់ស្វាយ (កណ្តាល)ថ្ងៃទី៣ មិថុនា ២០០៨៖រូបប្រាសាទអង្គរវត្ត
របស់កសិករជាងគំនូរនៅភូមិកំពង់ស្វាយ 
© John Vink / Magnum

ទីផ្សារ​នាំចេញ​មួយ​
រូប​គំនូរ​សំខាន់​ៗ​របស់អ្នក​ស្រុក​កំពង់​ស្វាយ​មាន​ដាក់​លក់​នៅ​តាម​ហាង​លក់​​​វត្ថុ​សិល្បៈ​ នៅតាម​បណ្តោយ​​​​ផ្លូវ​សារមន្ទីរ​ជាតិ និងសាលាវិចិត្រ​​វិចិត្រ​សិល្បៈ នៅ​ទីក្រុង​​ភ្នំពេញ ព្រម​ទាំង​នៅ​តាម​ផ្សារ​សំខាន់​ៗ​មួយ​ចំនួន​​ (ផ្សារ​ទួល​ទំពូង និង​ផ្សារ​ធំថ្មី)។
​​ហាង​លក់​​​វត្ថុ​សិល្បៈ​វិចិត្រ​សាល​ នៅផ្លូវ​លេខ​១៧៦ កាន់តែ​ចូល​ចិត្ត​ផ្ទាំង​គំនូរ​របស់​អ្នកភូមិ​កំពង់ស្វាយ​បន្តិច​ម្តងៗ។ អ្នកស្រី​ឌៀប​ ស៊ីណេ​ ថៅកែស្រី​​ហាង​លក់​វត្ថុ​សិល្បៈ​​​ មាន​ប្រសាសន៍​ថា ផ្ទាំង​គំនូរ​របស់​អ្នក​ស្រុក​កំពង់​ស្វាយ​​មិន​មាន​ភាព​ទាក់​ទាញ​ដូច​ជា​រូប​គំនូរ​របស់​សិស្ស​សាលា​វិចិត្រ​សិល្បៈនោះទេ។ «ប៉ុន្តែ ជួន​កាល​ អតិថិជន​ចូល​ចិត្ត​ស្ទីលរបស់​ «អ្នកស្រុក​កំពង់ស្វាយ» ដែល​គំនូរ​ទាំង​នោះ​​មាន​ទិដ្ឋភាព​ដូច​គ្នា ​មាន​ទំហំ​ប៉ុនគ្នា និង​មាន​តម្លៃដូច​គ្នា​​។ ពួកគេ​បាន​កោត​ស្ងប់​ស្ងែង​ពណ៌ស្រស់ៗ​ដែល​កសិករ​វ័យ​ក្មេង​ចូល​ចិត្ត​ប្រើ​នៅក្នុង​រូប​គំនូរ​របស់ខ្លួន​»។ អ្នកស្រី​បាន​សន្និដ្ឋា​ន​ថា​អ្នកស្រី​អាច​រក​ប្រាក់​កំរៃ​​ពី​ផ្ទាំង​គំនូរ​របស់​អ្នក​ភូមិ​​បាន​ច្រើន​ជាង​ផ្ទាំង​គំនូរ​របស់​សិស្ស​និស្សិត ព្រោះ​អ្នកស្រី​បានទិញ​រូប​គំនូរ​របស់​អ្នក​ភូមិ​ក្នុង​តម្លៃ​ថោក​ជាង​!​
អ្នកស្រី​ឌៀប ស៊ីណេ ប្រកប​មុខ​របរ​បើក​ហាង​លក់​វត្ថុ​សិល្បៈ​នេះ​អស់រយៈពេល​១០ឆ្នាំ​មកហើយ​។ អ្នកស្រី​តែង​តែ​មាន​ការ​សប្បាយ​រីករាយ​ នៅពេល​មុន​រដូវ​​មាន​ភ្ញៀវ​ទេសចរ​​​ច្រើន​។ ជន​បរទេស​ ក៏ដូច​ជា​អាណិក​ជន​ខ្មែរ​​នៅ​ឯនាយ​សមុទ្រ​គឺជា​អតិថិជន​ដ៏សំខាន់​បំផុត​របស់​អ្នកស្រី។ «នៅក្នុង​ចំណោម​រូប​គំនូរ​ខ្មែរ​រាប់​រយ​ផ្ទាំង​ដែល​ដាក់​លក់​ជា​រៀង​រាល់​ឆ្នាំ រូប​គំនូរ​មួយ​ចំនួន​តូច​ត្រូវ​បាន​ដាក់​​តុប​តែង​លំអ​ផ្ទះ​របស់​ប្រជាជន​ខ្មែរ។ «ប៉ុន្តែ វាគ្រប់​យ៉ាង​មាន​ការ​ផ្លាស់​ប្តូរ។ ចាប់​តាំង​ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ជនរួម​ជាតិ​ខ្មែរ​បាន​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ទៅ​លើ​សិល្បៈ។ ប្រសិនជា​​ការ​កុម្ម៉ង់​ទិញ​រូប​គំនូរ​ពី​​សំណាក់​​ប្រជាជន​ក្នុង​ស្រុក​​​កើន​ឡើង​ នោះ​​អ្នក​​​ភូមិ​កំពង់​ស្វាយ​នឹងអាច​​មាន​ជីវភាព​ល្អប្រសើរ​ឡើង​​ជាក់​ជា​មិន​ខាន​។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir