Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:47 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ពីអតីតតំបន់​ខ្មែរក្រហម​ក្លាយ​ជា​តំបន់ចម្ការ​ដ៏ខៀវ​ស្រងាត់
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
22-04-2008
Cambodge - Paοlin - Agriculture - Cassave ©John Vink / Magnum
បៃលិន ថ្ងៃទី ១៩ មករា ២០០៨ ការគាស់មើមដំឡូង
©John Vink/ Magnum
 

ពួកគេ​បាន​ទម្លាក់​អាវុធ​ក្រោយ​គេ​ នៅពេល​ដែល​មេដឹកនាំ​​របស់​ពួកគេ​យល់​ព្រម​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ ​​នៅ​ឆ្នាំ១៩៩៨-១៩៩៩។​ នៅតំបន់​​ភាគពាយ័ព្យ​នៃ​​ប្រទេស​កម្ពុជា នៅ​ក្នុង​ដែន​សាមន្តរាជនៃក្រុង​ប៉ៃលិន​ និង​ស្រុក​សំឡូត​ដែល​នៅ​​តែស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​ខ្មែរក្រហមនោះ​ ប្រជាពលរដ្ឋ​សម្គាល់​​ឃើញ​ថា ​ដំណាំ​ពួកគេ​ដាំ​​ដុះ​លូត​លាស់​ល្អណាស់។ ដោយសារ​តម្លៃ​ផលិតផល​​កសិកម្ម​កើន​ឡើង អ្នក​ធ្វើចម្ការ​ជា​ច្រើន​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង។ 

នៅ​តាម​ដង​ផ្លូវ​ពី​ប៉ៃលិន​ទៅ​សំឡូត​ដ៏វែងអន្លាយដាច់​កន្ទុយ​ភ្នែក​ ជោគ​ជាំ​ដោយ​​​ទឹក​ភ្លៀង​ដែល​គេ​អោយ​ឈ្មោះ​ថា «​ភ្លៀង​ផ្កា​ស្វាយ»​ ជា​លក្ខណៈសម្គាល់នៃ​ខែ​មេសា ​គេ​អាច​គយ​គន់​នូវ​​ទេសភាពដើម​ឈើ​ហូប​ផ្លែ​ពណ៌​ខៀវ​ស្រងាត់​នៅ​ក្រោម​ព្រះអាទិត្យចែង​ចាំង​រស្មី។ ដើម​ស្វាយ ​ខ្នុរ មៀន ចេក ល្ហុង ដូង...​លាត​សន្ធឹង​​​ពណ៌​ខៀវ​ស្រងាត់​ ហើយ​ដីចម្ការរាប់​ពាន់​ហិចតា​ត្រូវ​បានភ្ជួរ​រាស់​ជា​ស្រេច​រង់​ចាំ​ទទួល​គ្រាប់​ពូជដំណាំ​នានា។​ ដំឡូង​ និង​ពោត​ក្រហម​គឺ​ជា​ដំណាំ​ពេញ​និយម​​របស់​កសិករនៅ​រដូវ​នេះ ព្រោះ​វា​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ។

ភ្លៀង​គឺ​ជា​មាស​ប្រាក់
យុវជន​​មក​ពី​​​ខេត្ត​តាកែវ​ម្នាក់​បាន​ចោទ​សួរ​ឡើង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណតរថយន្ត​ក្រុង​ប៉ៃលិនថា«មើល​ចុះ ហេតុអីក៏​មក​ភ្លៀង​ពេល​នេះ?»។ នៅ​​​ខាង​ក្រោយ​បុរស​ម្នាក់​នេះ អ្នក​ស្រី​ណេង រឿន មិន​ឆ្ងល់​អ្វី​ទាំង​អស់ គាត់​បង្ហាញ​ពី​ក្តីរីករាយថា : «ភ្លៀង​នេះ​នឹង​ធ្វើ​អោយ​ខ្ញុំ​បាន​​ប្រាក់​៥០០ ០០០​បាត [១៥ ០០០​ដុល្លារ​]សម្រាប់​ការ​ប្រមូល​ផល​ម្តង​នេះ!»។ ស្រ្តី​​កសិករ​នៅ​ក្រុង​ប៉ៃលិន​រូប​នេះ​បាន​បោះទុន​ទាំង​អស់​ទៅ​លើ​ដំណាំ​ពោត​​ ហើយគាត់​មើល​ឃើញ​ដំណាំ​ទាំង​នេះ​​​ប្រែក្លាយ​ជា​ក្រដាស​ប្រាក់​រួច​ស្រេច​ទៅ​ហើយនៅ​ពេលនេះ​។​ គាត់​ចាប់​ផ្តើម​គន់​គូរ​យ៉ាង​មានសេច​​ក្តីសុខ។ «ប្រសិន​បើ​ភ្លៀង​នៅ​តែ​មាន ហើយ​បើ​ខ្ញុំ​ទទួល​​បានទិន្នផល​​ល្អ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​ជាមួយ​នឹង​ដីចម្ការ១៧​ហិចតា​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ចំណូល​១​លាន​បាត​ [៣០ ០០០ដុល្លារ]!»។

តារា​នៅ​លើ​ទីផ្សារ
នៅ​ស្រុកសំឡូត គេ​នាំ​គ្នា​គោរព​ភ្លៀង​ដូច​ព្រះ។ លោក​ពេជ្រ សៀក អតីត​វរសេនីយ៍ឯកខ្មែរ​ក្រហមម្នាក់​ មាន​ប្រសាសន៍​ថា៖ ​«កសិករធ្វើ​ស្រែ​ប្រវាស់​មេឃ។ ប្រសិន​បើ​ភ្លៀងធ្លាក់ល្អ កសិករ​អាច​មាន​ភាពសុទិដ្ឋិនិយម»។ លោកអាច​រក្សាតំណែងជា​មេ​ដឹកនាំ​កងពលលេខ​៥២​នៅ​ស្រុក​សំឡូត ហើយ​ក៏​បាន​ក្លាយ​ខ្លួន​ជា​កសិករ​ម្នាក់​ផង​ដែរ។ គ្រួសារ​របស់​លោកមាន​ដី​តែ​មួយ​ហិចតា​ប៉ុណ្ណោះសម្រាប់ដាំដុះ ដោយ​ទទួលបាន​ផល​ពី​១ ២០០ ទៅ​១ ៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដំណាំ​ល្ង និង​សណ្តែក​សៀងមាន​ដាំ​ច្រើន​​ ដោយសារ​តែ​ដីនៅ​ម្តុំ​នេះ​មិន​មាន​លក្ខណៈ​អំណោយ​ផល​​​សម្រាប់​ដំណាំ​ពោត​ និង​ដំឡូង។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេលដែល​គ្រាប់​ពោត និងមើម​ដំឡូង​មាន​តម្លៃ​កើន​ឡើង​ទ្វេ​ដងលើស​ពី​​តម្លៃ​ធម្មតាមក គ្រួសារ​ទាំង​ឡាយ​ចាប់​ផ្តើម​ពិចារណា​ឡើងវិញ ហើយ​ព្យាយាម​កែ​ខៃ​ដី​ចម្ការរបស់ខ្លួនដើម្បី​ដាំ​ដំណាំ​ទាំង​ពីរ​ប្រភេទនេះ ដោយសារ​តែ​ពួកគេ​ចង់​បាន​ចំណូល​ច្រើន។

អ្នក​ស្រី ណេង រឿន អ្នក​ជំនាញ​ខាង​ធ្វើ​ចម្ការ រៀប​រាប់​លំអិតថា នៅ​ឆ្នាំ​នេះ មើម​ដំឡូង​ស្រស់​​មួយ​គីឡូថ្លៃ​២បាត (២០០រៀល) ធៀប​នឹង​០,៦ទៅ០,៩ បាត(៦០-៩០រៀល)​នៅ​ឆ្នាំ​មុនៗ។ រីឯ​ពោត​ក្រហម​មួយ​គីឡូ​ថ្លៃ​៧បាត (៧០០រៀល) ធៀប​នឹង៣ទៅ៣,៥បាត(៣០០-៣៥០រៀល)​នៅ​ឆ្នាំ​មុន។ ​

ជោគជ័យនៃការ​ប្តូរ​​មុខរបរ​ ​
លោកឧត្តម​សេនីយ៍ ​ពេជ្រ សៀក បានលើកឡើងថា៖ « កាលពី១០ឆ្នាំមុន នៅពេល​តំបន់​របស់​យើង​មាន​សន្តិភាព​​ឡើង​វិញ ប្រជាពលរដ្ឋ​បាន​​ងាក​មក​ធ្វើស្រែ​ចម្ការ ដោយ​កម្លាំង​ដៃនិង​ចប​កាប់វិញ​។ បច្ចុប្បន្ន ពួកគេ​ប្រើត្រាក់ទ័រ ហើយ​ជិះ​សុទ្ធតែម៉ូតូទៅ​ចម្ការ»។ លោក​ក៏​បាន​អួត​សរសើរ​ផងដែរ​ពី​ប្រព័ន្ធ​ទូរគមនាគមន៍។ «អាជីវករខ្លះ​​ដែល​យើង​រកស៊ី​ជាមួយ​​ទូរស័ព្ទប្រាប់​យើង​ជាមុន​​ពី​ផលិតផល​ដែល​នឹង​ខ្វះ​នៅ​លើ​ទីផ្សារ​នៅ​រដូវ​ក្រោយ។ យើង​និយាយ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ហើយ​យើងសម្រប​ទៅ​តាមហ្នឹង!»។

កម្រិត​ជីវភាព​​រីកចម្រើន​ជា​ប្រចាំ
លោកលក្ខ លីមា លេខារបស់​លោកអភិបាលរង​ក្រុងប៉ៃលិន បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាពលរដ្ឋ​ ៩០%នៃ​ចំនួន​សរុប​៦០ ០០០នាក់​​ រស់នៅ​ពឹង​ផ្អែក​លើ​ដីស្រែ​​ចម្ការ។ កសិករ​បាន​ក្លាយ​​ជា​កម្លាំង​ចលករ​ពិត​ប្រាកដ​មួយ​នៃ​សេដ្ឋកិច្ច​​ក្រុង​ប៉ៃលិន​។ លោក​អះអាង​ដូច្នេះ​ដោយ​សម្អាង​លើ​អ្វី​ដែល​លោក​សង្កេត​ឃើញ​នៅ​ជុំវិញខ្លួន​។ «ពីមុន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្ទះ​តូចៗ។ សព្វថ្ងៃ ពួកគេសង់ផ្ទះ​ធំ ជិះសុទ្ធតែម៉ូតូថ្មីៗ ឬឡាន»។


លោកគឹម វ៉ុន អតីត​អ្នក​ទទួល​ខុសត្រូវ​ទស្សនាវដ្តីខ្មែរក្រហម​ បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ក្រុង​ប៉ៃលិន ក៏​កត់​សម្គាល់​​ឃើញ​ដូចគ្នា​នេះ​ដែរ : «សូម្បី​មន្ត្រីរាជការក៏​ធ្វើ​ចម្ការ​ដែរ​នៅ​ពេល​ទំនេរ​ពីការងាររដ្ឋ។ វាធ្វើ​អោយ​ពួក​គេ​រកចំណូល​បានច្រើន។ បច្ចុប្បន្ន ​ឃើញ​មាន​តែ​ម៉ូតូ​ Honda Dreams 125 បើក​ក្នុង​ក្រុង​។ កង់លែង​មាន​ហើយ!»។

ដែនដី​ក្នុង​ក្តី​សុបិន?
​លោក​ ម៉ី ម៉ាក់ អភិបាល​រង​ក្រុងប៉ៃលិន​ ទទួល​បន្ទុក​វិស័យ​កសិកម្ម បាន​លើក​ឡើង​ថា ដី​ប៉ៃលិន​សម្បូរ​ហូរហៀរ។ មន្ត្រីជាន់​ខ្ពស់​រូបនេះ​បាន​អះអាងអោយ​ដឹង​ថា៖ «រហូត​មក​ទល់​នឹងការ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ ពីមុន​យើង​ធ្វើ​តែ​សង្រ្គាម​ ហើយ​យើង​នាំ​គ្នា​ធ្វើ​តែ​ដំណាំ​ចំណីអាហារ​សម្រាប់​ចិញ្ចឹម«ប៉ុល ពត»។​ សព្វថ្ងៃ​ វិស័យ​កសិកម្ម​អភិវឌ្ឍឥតឈប់ឈរ ហើយ​ផលិតផល​របស់​យើង​ត្រូវ​បាន​ប្រជែង​​ទិញ​ពីសំណាក់​អាជីវករ​ខ្មែរ វៀតណាម និង​ជាពិសេសជន​ជាតិ​ថៃ ពី​ព្រោះ​​នៅ​ទីនេះ សុទ្ធ​សឹង​តែ​ជា​ផលិតផល​ល្អ គ្មាន​​ប្រើ​ប្រាស់​ជីគីមី​»។

កសិករ​មួយ​ចំនួន​មាន​ជីវភាព​ធ្លាក់​ចុះ
ទោះ​យ៉ាងណា​ភោគទ្រព្យ​កសិកម្ម​​មិន​បាន​ផ្តល់​ផលចំណេញ​សម្រាប់​គ្រប់​គ្នា​នោះ​ទេ។ មនុស្សមួយ​ចំនួន​ តួយ៉ាងដូច​​លោកញឹម ឈិន អតីត​អ្នក​បើក​ឡាន​របស់​ក្រុម​អ្នក​បច្ចេកទេស​​ចិន​ក្រោម​របប​ខ្មែរ​ក្រហម​​ បច្ចុប្បន្ន​ក្លាយ​ជា​ប្រធាន​មន្ទីរ​​សិល្បៈសូន​រូប​ក្រុង​ប៉ៃលិន ប្រឹងចិញ្ចឹម​ជីវិតជាមួយ​​នឹងដីមួយដុំរបស់​លោក​។​លោក​បាន​ពន្យល់ថា៖ «ខ្ញុំ​ត្រូវ​ខ្ចីលុយ​៥០០ដុល្លារ​ពីគេ​ដើម្បី​ភ្ជួរ​ដី​ទំហំ​២,៥​ហិចតា​របស់ខ្ញុំ។ ដោយសារ​ខ្ញុំ​ត្រូវ​សង​ប្រាក់កម្ចី​ជាមួយ​នឹង​ការ​ប្រាក់​ខ្ពស់​ទៀត​នោះ ខ្ញុំ​រស់​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ»។

 
អ្នកស្រីសំរ៉ា ក៏​ជួប​ស្ថាន​ភាព​ដូច​គ្នា​នេះ​ដែរ។ អ្នក​ស្រី​រំពឹង​តែ​​លើ​ទិន្នផល​បាន​មកពី​ដីទំហំ៦ ៤០០ម៉ែត្រការេ ហើយបើ​តាម​សម្តី​របស់​អ្នកស្រី ​វាមិន​គ្រប់​នឹង​ចិញ្ចឹម​សមាជិក​៦នាក់​​នៅ​ក្នុង​គ្រួសារ​គាត់​ទេ។

ទោះយ៉ាងណា​ក៏គ្រាន់​បើ​ជាង​ពីមុន​ដែរ
ដោយ​ដៃ​ម្ខាង​កាន់​បារី ម្ខាង​ទៀត​ពរចៅ​ស្រី អ្នក​ស្រី​សំរ៉ា​ បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ដូច្នេះថា «អង្គការ​ចិញ្ចឹម​ពួក​យើង ប៉ុន្តែ​តម្រូវ​អោយ​ពួក​យើង​ធ្វើការ​ធ្ងន់។ បើ​ទោះជា​សព្វថ្ងៃ យើង​ដោះ​ស្រាយ​ជីវភាព​ទាំង​លំបាក ក៏​គ្រាន់​បើ​ជាង​ពីមុន​ដែរ! កូនៗ​របស់ខ្ញុំ​លក់​ត្រកួន និងអង្ក្រង... យើង​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តាម​តម្រូវការ​» ។

ប្រជាជន​ដែល​យើង​បានជួបសម្ភាសន៍ទាំង​អស់​សុទ្ធ​តែ​និយាយថា​ពួកគេ​ភ័យ​ខ្លាច​នឹង​សង្គ្រាម តែចំពោះ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​វិញ ពួកគេ​មិន​ចាប់​អារម្មណ៍​នោះទេ : «វា​គឺ​ជាការងារ​របស់​តុលាការ មិនមែន​ជាការ​ងារ​របស់​យើង​ទេ»។ ការ​ដាំ​ដុះ​សន្តិភាព និង​ការ​ដាំដុះ​ដំណាំ...នេះ​ហើយ​គឺ​ជា​រឿង​សំខាន់​​នៅក្នុង​ក្រសែ​ភ្នែក​ពួកគេ​នា​ពេល​​បច្ចុប្បន្ន។