|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| សមាគមប្រទេសនាំចេញអង្ករ(Oper)៖ ហេតុអ្វីបានជា ប្រទេសកម្ពុជាមានបំណងចង់បង្កើតសមាគមនេះ? |
| ααα រស់ ឌីណា និង ឡូរ៉ង់ ឡឺហ្គូអង់វិក | | | 13-05-2008 | © John Vink / Magnum បង្កើត Oper រឺ មិនបង្កើត Oper ៖ នេះគឺជាបញ្ហាដែលត្រូវពិភាក្សាគ្នា។ កាលពីពីរសប្តាហ៍មុននេះ សំណើរបង្កើតសមាគមប្រទេសនាំចេញអង្ករ( Oper) មួយ ដែលផ្តួចផ្តើមគំនិតដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឆ្នាំ២០០៥ និងមានការគាំទ្រនាពេលថ្មីៗនេះ ពីសំណាក់នាយកមន្ត្រីថៃ បានធ្វើអោយមានការពិភាក្សាលើឆាកអន្តរជាតិស្តីពីប្រឆាំងនឹងការឡើងតម្លៃចំណីអាហារ។ បើទោះបីជា មិនមានការយល់ស្របពីធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសនាំចូលជាច្រើនទៀត និងនាយករដ្ឋមន្រ្តីថៃផ្លាស់ប្តូរគំនិតគាំទ្រក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រគោលនយោបាយមួយនេះដដែល។
សម្តេចហ៊ុន សែន មិនបានបោះបង់ចោលគំនិតផ្តួចផ្តើមដល់ការបង្កើតសមាគមនៃប្រទេសនាំចេញអង្ករឡើយ។ សមាគមនេះគឺជាអង្គការក្នុងតំបន់ ដែលមានការចូលរួមពីប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និងប្រទេសភូមា ដើម្បីទទួលបន្ទុករក្សាតុល្យភាពនៃការស្តុក ការនាំចេញនិងតម្លៃអង្ករ ហើយOperក៏ផ្តល់ផលចំណេញដល់បណ្តាប្រទេសផលិត និងទិញអង្ករផងដែរ។ សម្តេចនាយរដ្ឋមន្ត្រីកម្ពុជា បានស្នើយោបល់នេះឡើងនៅឆ្នាំ២០០៥ នៅក្នុងកិច្ចប្រជុំអាកម៉ិច (កិច្ចប្រជុំយុទ្ធសាស្ត្រនៃសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉ាវ៉ាឌី-ចៅព្រះយ៉ា-មេគង្គ ដែលមានការចូលរួមពីប្រាំប្រទេស) នាទីក្រុងបាងកក។ សម្តេចបានបញ្ជាក់ពីគោលជំហរគាំទ្រគំនិតរបស់សម្តេចសារជាថ្មី បន្ទាប់ពីកើតមានសង្រ្គាមស្លាបប៉ាកកាទាក់ទងនឹងគម្រោងបង្កើត Oper នេះ ខណៈពេលដែលនាយករដ្ឋមន្ត្រីថៃ សាមាក់ ស៊ុនដ៉ារ៉ាវិ (Samak Sundaravej) បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសសមាជិកអាស៊ាន ថ្ងៃទី ៣០ មេសា ថា«បញ្ហានេះមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំឡើយ។»
Oper មិនមែនជា OPEP ទេ នៅក្នុងសុន្ទកថាមួយ ក្នុងឪកាសពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី៥ ឧសភា សម្តេចហ៊ុន សែន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សមាគមមួយនេះ។ សម្តេចបានបង្ហាញថាការបង្កើតសមាគម Operនេះមិនមែនធ្វើតាមទម្រង់អង្គការអូបិប(OPEP) ដែលមានសក្តានុពលគ្រប់ទីកន្លែង ហើយរៀងរាល់ឆ្នាំ អង្គការនេះកំណត់ពីបរិមាណការផលិតប្រេងនិងតម្លៃប្រេងឆៅ។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ខ្លាំងៗថា « Oper មិនយកគម្រូតាមអង្គការ OPEP ដែលសម្រេចចិត្តបិទ រឺបើកទីផ្សារប្រេងតាមតែទំនើសចិត្តរបស់ខ្លួនឡើយ។ ផ្ទុយស្រលះពីអង្គការខាងលើនេះ សមាគមប្រទេសនាំចេញអង្ករនឹងជួយបង្កើនប្រសិទ្ធភាពនៃការចែកចាយស្បៀងអាហារនៅក្នុងតំបន់ និងនៅក្នុងប្រទេសតតិយលោក»។ សម្តេចបានវាយតម្លៃថា «ទាំងនេះនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងការផលិតអង្កររបស់ខ្លួន ដើម្បីធ្វើការនាំចេញ»។ សម្តេចបានគូសបញ្ជាក់ថា នាពេលសព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពនាំអង្ករចេញជាងពីរលានតោនផងដែរ ក្នុងខណៈពេលដែលប្រទេសថៃនិងប្រទេសវៀតណាម រួមបញ្ជូលគ្នា បាននាំចេញអង្ករប្រហែលជា៤០% នៃការនាំចេញពិភពលោកដែលមានចំនួនសរុប៣០លានតោន គឺប្រមាណជា ៩ទៅ៥លានតោន ដែលបាននាំចេញទៅក្រៅប្រទេស។ ជម្រុញការធ្វើស្រែអោយមានសន្ទុះខ្លាំងក្លា លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍នៅក្នុងពិធីសម្ពោធការតាំងពិពណ៌ផលិតផលសរីរាង្គ កាលពីថ្ងៃទី ៥ ឧសភា នៅខេត្តតាកែវ ថា សមាគមនេះនឹងអាចបង្កើនការផលិតស្រូវ។ លោកបានពន្យល់ថា Operនឹងកំណត់តម្លៃមួយសមស្រប ព្រមទាំងលើកទឹកចិត្តដល់កសិករអោយវិលត្រលប់មកធ្វើស្រែវិញ និងបង្កើនផលិតភាពរបស់ពួកគេ នៅក្នុងទស្សនៈវិស័យមួយ ក្នុងការនាំចេញអង្កររបស់ខ្លួន និងចូលរួមចំណែកដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងតែចោទជាបញ្ហានៅទូទាំងពិភពលោកយើងនេះ។ លោក ច័ន្ទ សារុន សំដែងនូវក្តីសោមនស្សរីករាយថា «ផលប្រយោជន៍នៃសមាគមនេះ គឺការផ្តល់តម្លៃដល់អង្ករ។ ដោយសារតែសមាគមនេះ គ្រប់ប្រទេសផលិតអង្ករទាំងអស់នឹងមានឪកាសផ្លាស់ប្តូរបច្ចេកទេសកសិកម្មពីគ្នាទៅវិញទៅមកដើម្បីអោយមានភាពល្អប្រសើរជាងមុន និងទទួលបាននូវទិន្នផលខ្ពស់។
ឪកាស «ទីផ្សារ»មួយសម្រាប់កម្ពុជា លោកយ៉ាង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានបន្ថែមថា ការប្រមូលផ្តុំនៅក្នុងOperនេះ អាចជាសញ្ញាដ៏ខ្លាំងក្លាមួយ ដែលផ្តល់តម្លៃដល់អង្ករសារជាថ្មី។ អង្ករមិនមែនគ្រាន់តែជាទំនិញជួញដូរតែមួយមុខគត់នោះទេ វាគឺជាអាហារដ៏ចាំបាច់របស់មនុស្ស ជាវប្បធម៌ ព្រមទាំងជានិមិត្តរូបតំណាងអោយប្រទេសក្នុងតំបន់អាស៊ី។ អង្ករក៏ផ្តល់តម្លៃដល់ការងាររបស់កសិករនិងការធ្វើស្រែផងដែរ។ កាលពីមុន កសិករមួយចំនួនបានបោះបង់ការងារស្រែចំការ ព្រោះកន្លងមកគេគិតថាស្រូវមិនបានថ្លៃ នាំអោយពួកគេមានជីវភាពលំបាក ហើយអ្នកខ្លះឈានដល់ការលក់ដីស្រែទៀតផង»។
លោក សុខ ហាច ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានបញ្ចេញទស្សនៈ ដោយធ្វើការទស្សន៍ថា សមាហរណកម្មប្រទេសកម្ពុជាចូលក្នុងOper អាចនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រទេសជាតិ។ លោកយល់ឃើញថាសមាគមនេះចំណេញបាន «ទីផ្សារ» សម្រាប់កម្ពុជា ដែលជាប្រទេសមួយមានគម្លាតដាច់ឆ្ងាយនៅឡើយពីទីផ្សារផលិតអង្ករអន្តរជាតិ។
លោក សុខ ហាច បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ស្រូវទៅអោយប្រទេសជិតខាង គឺប្រទេសថៃ និងវៀតណាម ហើយប្រទេសទាំងពីរនេះបានទិញស្រូវពីកម្ពុជារួចផលិតជាអង្ករ មុននឹងនាំចេញទៅបរទេស ដោយដាក់ខ្លួនថាជាប្រទេសនាំចេញអង្ករ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជានៅតែមិនសូវជាមានភាពល្បីល្បាញខាងនាំអង្ករចេញដដែល។ លោកប្រធានអះអាងថា «ខ្ញុំសូមគាំទ្រចំពោះការបង្កើតសមាគម Operនេះ។ វានឹងនាំមកនូវភាពវិជ្ជមានសម្រាប់ប្រទេសជាតិ»។
គោលបំណងៈ ក្លាយជាប្រទេសនាំចេញអង្ករទីពីរ ប្រទេសកម្ពុជាអាចទាញយកផលចំណេញពីការចូលរួមក្នុងសមាគម Operនេះ បានច្រើនជាងប្រទេសជិតខាងរបស់ខ្លួន ព្រោះថា ក្រោយពេលប្រមូលទិន្នផល ការរីកចម្រើនរបស់កម្ពុជា មានសារៈសំខាន់ជាងប្រទេសវៀតណាម ដែលសមត្ថភាពផលិតរបស់ប្រទេសនេះត្រូវបានគេធ្វើស្ទើរតែអស់លទ្ធភាពទៅហើយ។ ផលិតភាពពីការធ្វើស្រែនៅកម្ពុជា មានកំរិតខ្សោយ បើទោះបីជាផលិតភាពនោះកើនពី ១,៨លានតោនក្នុងមួយហិចតា នៅឆ្នាំ១៩៩៦ដល់ ២,៥តោន ក្នុងរយៈពេល១០ខាងមុខនេះ ពោលគឺផលិតភាពនៅមានកំរិតតិចជាងប្រទេសថៃ (៤,៨៩) និងវៀតណាម (៣,៦១) ព្រមទាំងឡាវ(៣,៥)ផងដែរ។
លោក យ៉ាង សាំងកុមារ ពន្យល់ថា «នៅថ្ងៃអនាគត ប្រសិនជាយើងសម្រេចអោយបាននូវកិច្ចពង្រឹងការវិនិយោគលើវិស័យកសិកម្មអោយច្បាស់លាស់ នោះ យើងប្រាកដជាអាចជំនួសតំណែងប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខពីរ បន្ទាប់ពីប្រទេសថៃបាន ព្រោះនៅប្រទេសវៀតណាម ដីស្រែផ្តល់ទិន្នផលបីដងក្នុងមួយឆ្នាំរួចទៅហើយ ហើយការអភិវឌ្ឍន៍ទីក្រុងដ៏ខ្លាំងក្លា បានធ្វើអោយផ្ទៃដីធ្វើកសិកម្មមានកំរិតថយចុះ»។
លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មក៏មានមហិច្ឆតាដូចគ្នានេះផងដែរ។ លោកបានប្រកាសពីគោលបំណងនាំចេញអង្ករអោយបាន៨លានតោន នៅឆ្នាំ២០១៥។ សេចក្តីប្រកាសនេះអនុលោមតាមការទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសទិញអង្ករ រួមមាន សេណេហ្គាល់ ហ្គាណា និងកាតារី ដែលបានផ្តល់ប្រាក់កំចៃចំនួន ២០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ឧបករណ៍នៃគម្រោងធ្វើស្រែមួយ ក្នុងខេត្តស្វាយរៀង ។
ការបង្កើតOperដ៏ស្មុគស្មាញមួយ ពេលនេះ គេចង់ដឹងថា តើសមាគមនេះផ្តល់អត្ថប្រយោជន៍ និងប្រសិទ្ធភាពពិតប្រាកដអ្វីខ្លះ ប្រសិនជាប្រទេសនាំចេញតូចតាចដូចជាកម្ពុជា មិនស្ថិតនៅក្នុងចង្កោមនៃប្រទេសនាំចេញធំៗ។
លោក យ៉ាង សាំងកុមារ បានគូសបញ្ជាក់ថា ការបង្កើតសមាគមនេះមិនមែនជារឿងងាយស្រួលនោះទេ។ ខុសស្រឡះពីអង្គការប្រទេសនាំប្រេងចេញ OPEP ដែលមានតែក្រុមហ៊ុនធំៗប៉ុន្មានតែប៉ុណ្ណោះ គេអាចកំណត់តម្លៃប្រេងបានយ៉ាងងាយស្រួល ដោយស្តុកប្រេងទុកដើម្បីធ្វើអោយប្រេងឡើងថ្លៃ។ តែ Operមានអ្នកផលិតស្រូវរាប់លាននាក់ ហើយមានមនុស្សច្រើនណាស់ដែលធ្វើទីផ្សារអង្ករនេះ។
លោកសុខ ហាច ចូលរួមសំដែងនូវការព្រួយបារម្ភថា ប្រសិនជាសមាជិកនៃអង្គការ OPEP អាចបិទ រឺបើកវ៉ានទីផ្សារប្រេង វាកាន់តែមានការលំបាកជាខ្លាំងសម្រាប់ប្រទេសផលិតផលិតស្រូវ។
សម្រាប់លោកហង្ស ជួនណារុន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វាហាក់បីដូចជាលឿនពេក ដើម្បីទាញយកផែនការស្តីពីផ្កាយដុះកន្ទុយនេះ ព្រោះថាគម្រោងនៃការបង្កើតសមាគមប្រទេសនាំចេញអង្ករនៅ«មិនទាន់ច្បាស់លាស់»នៅឡើយនោះទេ។ ដូច្នេះ សម្រាប់រូបលោក វានៅមិនទាន់ប្រាកដថាប្រទេសកម្ពុជាអាចដកខ្លួនអោយរួចផុតពីការពិបាកនៅក្នុងស្ថាប័នមួយនេះបាននោះទេ។
ម្យ៉ាងវិញទៀត លោកហង្ស ជួនណារុង បានលើកឡើងម្តងទៀតថាប្រសិនជា Oper ត្រូវបានបង្កើតឡើង វានឹងផ្ទុយរួចស្រេចទៅហើយពីគំនិតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(BAD) ដោយហេតុថាលោកហារុហ៊ីកូ កុរូដា ប្រធានធនាគារនេះ បានរិះគន់យ៉ាងចាស់ដៃ ពីទីក្រុងម៉ាឌ្រីដ នាឪកាសបិទកិច្ចប្រជុំកំពូលរបស់ BAD កាលពីថ្ងៃទី ៣ ឧសភា។ រាល់គំនិតបង្កើត «ការតែលអង្ករ(ការព្រមព្រៀងរវាងអ្នកផលិតស្រូវ ដើម្បីជៀសវាងការលក់ប្រជែងគ្នា ហើយកម្រិតតម្លៃទំនិញអោយនៅខ្ពស់)» គឺជាទង្វើខុសច្បាប់ទីផ្សារសេរី ហើយ គឺជាបញ្ហាដ៏គ្រោះថ្នាក់ សម្រាប់អ្នកលក់ ជាជាងសម្រាប់អតិថិជនរបស់ពួកគេ។
លោក ហារុហ៊ីកូ កុរូដា ចង់សង្កត់ធ្ងន់លើ «វិធានការរយៈពេលមធ្យម និងវែង [...] ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ផលិតភាពកសិកម្ម និងធ្វើអោយសេដ្ឋកិច្ចជនបទមានភាពរីកចម្រើន រួមមានកំណើនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនិងហិរញ្ញវត្ថុជនបទ» ជាជាងការបង្កើតសមាគមថ្មី ដែលអាចគ្រប់គ្រងលើតម្លៃអង្ករនៅលើទីផ្សារ។ តួយ៉ាង ធនាគារBAD បានជួយថវិកាចំនួន៥០០លានដុល្លារ យ៉ាងបន្ទាន់ សំដៅដោះស្រាយវិបត្តិ និងជួយដល់ប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ពីការកើនឡើងតម្លៃទំនិញ។ ម៉្យាងវិញទៀត ធនាគារក៏បានប្រកាសពីការផ្តល់ប្រាក់កំចៃទ្វេដង សម្រាប់វិស័យកសិកម្ម នៅឆ្នាំ២០០៩។ ការផ្តល់ប្រាក់កំចៃសរុបសម្រាប់ឆ្នាំ២០០៨ កើនដល់ចំនួន១កោដិ៍ដុល្លារ។
គម្រោងនេះក៏ត្រូវបានរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់តំណាងរាស្រ្តហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំមួយ។ សម្រាប់តំណាងរាស្រ្តទាំងនោះ Oper មិនមែនជាអ្វីផ្សេង ក្រៅពីជាទីផ្សារនាំចេញអង្ករដែលមានតែក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះ ដែលនឹងមានសេរីភាពក្នុងការកំណត់តម្លៃអង្ករ និងអាចធ្វើអោយមនុស្សរាប់លាននាក់នៅក្នុងពិភពលោក បាត់បង់នូវមូលដ្ឋានគ្រឹះចំណីអាហាររបស់ខ្លួនមួយប្រភេទ នោះគឺអង្ករ។ យោងតាមការលើកឡើងរបស់ទីភ្នាក់ងារ Associated Press ការតែលត្រូវបានវាយតម្លៃដោយលោក Edgardo Angara ប្រធានគណៈកម្មាធិការកសិកម្មនៃព្រឹទ្ធសភាហ្វីលីពីន ថាជា «អំពើអមនុស្សធម៌»។
វាគឺជាការពិត ប្រទេសទាំងប្រាំ រួមមានថៃ វៀតណាម កម្ពុជា ឡាវ និងភូមា ដែលមានការនាំចេញអង្ករលើសពីពាក់កណ្តាលនៃការនាំចេញពិភពលោក មានឥទ្ធិពលនៅលើទីផ្សារអង្ករ ខ្លាំងក្លាជាងករណីអង្គការនាំប្រេងចេញOPEPទៅទៀត។
ដោយគ្មានការគាំទ្រពីសំណាក់បណ្តាប្រទេសនាំចេញអង្ករនៅលើពិភពលោក ប្រទេសកម្ពុជាមានការពិបាកខ្លះៗ ក្នុងការបញ្ចុះបញ្ចូលប្រទេសផ្សេងៗទៀត ដែលជាប្រទេសនាំចេញនិងនាំចូល ដើម្បីបង្កើតសមាគម Operនេះ។ អាជ្ញាធរនិងអ្នកសេដ្ឋកិច្ចកម្ពុជា ត្រូវទទួលបន្ទុករៀបចំគម្រោងមួយច្បាស់លាស់ និងថ្មីស្រឡាងមួយ ទៅតាមរបបគោលនយោបាយ និងកំរិតអភិវឌ្ឍន៍ផ្សេងគ្នា ដែលអាចរួមបញ្ជូលប្រទេសប្រកួតប្រជែងទាំងប្រាំជាសមាគមមួយ និងបញ្ចុះបញ្ជូលដៃគូហិរញ្ញវត្ថុរបស់ពួកគេ។ ដោយមានរឺគ្មានការគាំទ្រពីប្រទេសថៃ កម្ពុជានឹងលើកយកប្រធានបទនេះមកនិយាយម្តងទៀត នៅប្រទេសវៀតណាម នាខែតុលាខាងមុខនេះ ក្នុងឪកាសកិច្ចប្រជុំអាកម៉ិច លើកក្រោយ ដែលមានការចូលរួមពីប្រទេសទាំងប្រាំ ដែលអាចបង្កើតជាសមាគមប្រទេសនាំចេញអង្ករមួយបាន។
អង្ករនៅក្នុងប្រទេសសមាជិក Oper ការផលិតឆ្នាំ២០០៦ គិតជាលានតោន -ប្រទេសវៀតណាម ៣៥,៨ -ប្រទេសថៃ ២៩,៣ -ប្រទេសភូមា ២៥,២ -ប្រទេសកម្ពុជា ៦,២ (៦,៧ នៅឆ្នាំ២០០៧ និង អាចប្រហែលជា ៧ នៅឆ្នាំ២០០៨)
ទិន្នផលរបស់ប្រទេសខាងលើនេះ (អង្ករគិតជាតោនក្នុងមួយហិចតា នៅឆ្នាំ២០០៦) -ប្រទេសវៀតណាម ៤,៨៩ -មធ្យមនៅទី្វបអាស៊ី ៤,១៧ -ប្រទេសឡាវ ៣,៦១ -ប្រទេសភូមា ៣,៥០ -ប្រទេសថៃ ២,៩១ -ប្រទេសកម្ពុជា ២,៤៩
ការផលិតអង្ករនៅលើពិភពលោក អង្ករ៦៤៥លានតោន នៅឆ្នាំ២០០៧ ត្រូវបានផលិតដោយ១១៤ប្រទេស ដែលពាក់កណ្តាលគឺប្រទេសចិន និងឥណ្ឌា។
សូមអាននៅលើអាំងទែរណែត -វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិស្តីពីអង្ករ គឺជាស្ថាប័នវិទ្យាសាស្រ្តឯករាជ្យមួយ មានទីស្នាក់ការនៅទីក្រុងម៉ានីល(ប្រទេសហ្វីលីពីន) បានបង្កើតវិបសាយមួយ ទាក់ទងនឹងវិបត្តិអង្ករ ព្រមទាំងដំណោះស្រាយផ្សេងៗ។ -ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយរបាយការណ៍ មួយ ទាក់ទងនឹងការកើនឡើងតម្លៃចំណីអាហារ ដោយបានបង្ហាញនូវអនុសាសន៍ និងគោលនយោបាយខ្លះៗ ដើម្បីដោះស្រាយវិបត្តិនេះ
|
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|