|  ភ្នំពេញ ថ្ងៃទី ២៦ មីនា ២០០៨ ក្រុមហ៊ុន Green Trade លក់អង្ករនៅតាមផ្លូវក្នុងតម្លៃ១៨០០រៀល (០,៤៥ដុល្លារ) ទាបជាងតម្លៃនៅតាមទីផ្សារដែលលក់ថ្លៃពី ៤០០០ ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រ ©John Vink/ Magnum អតិផរណាគឺជាពាក្យមួយត្រូវគេនិយាយគ្រប់មាត់ ហើយជាពិសេស ការនិយាយផ្ទុយគ្នារបស់ជនជាតិកម្ពុជា ដែលបានរកឃើញក្នុងខណៈនោះ គឺជាប្រធានបទមួយនៃយុទ្ធនាការអុជអាលងាយអោយមានការឈឺចាប់និងការមិនសប្បាយចិត្តដល់ប្រជារាស្រ្ត។ នៅត្រង់ដែរថាមិនដល់បីខែផង មុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិនិច្ឆ័យដ៏ល្អនៃចលាចលទាំងឡាយ នៅក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៣ នៅថ្ងៃទី ២៣ មេសា ក្នុងសុន្ទរកថាដ៏វែង វិធានការណ៍ហូរហែរវែងអន្លាយ ឈានដល់កំណត់ពីទំនិញឡើងថ្លៃ ដោយកាត់ផ្តាច់ពីនយោបាយរូបិយវត្ថុ និងសារពើពន្ធ រហូតដល់ការអន្តរាគមន៍។ តើសេចក្តីសម្រេចទាំងនេះអាចនឹងអនុវត្តបានប៉ុនណា? តើការពិត កំរិតណានៃអភិបាលកិច្ចល្អ សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ដែលពឹងទាំងស្រុងទៅលើបរទេស? ហើយតើផលលំបាកអ្វីខ្លះ បានធ្វើអោយអតិផរណាដាំក្បាលចុះ? ខាងក្រោមនេះ គឺជាការបកស្រាយ
គេបានកត់សម្កាល់ឃើញថា រាល់តម្លៃចំណីអាហារនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងថ្លៃឥតឈប់ឈរ ចាប់តាំងពីដើមឆ្នាំមក។ យោងតាមធនាគារពិភពលោក តម្លៃទាំងនោះបានឡើងថ្លៃលើសពី២០% លើតម្លៃទំនិញកាលពីឆ្នាំ២០០៧។ ការឡើងថ្លៃនេះចេះតែបន្តរហូត។ ចំណែក តម្លៃប្រេងសាំងបានកើនឡើងចំនួន១២% នៅក្នុងឆ្នាំដដែលនេះ។ ទោះបីជាប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការធ្វើអោយតម្លៃទំនិញមានស្ថេរភាព ចាប់តាំងពីចុងឆ្នាំ១៩៩០មកក៏ដោយ ក៏កាលពីឆ្នាំមុននេះ ប្រទេសជាតិបានជួបនូវអត្រាអតិផរណាជាផ្លូវការ (មានកម្រិត១០,៨%) ក្នុងអំឡុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ។
កត្តារចនាសម្ព័ន្ធជាអន្តរជាតិ ការសិក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានរម្លឹកថា ប្រទេសកម្ពុជាបានជួបប្រទះអតិផរណា ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ចំណីអាហារ និងលោហធាតុ ដែលបង្កឡើងដោយ «កត្តាដែលកើតមានឡើងជាទៀងទាត់ និងរចនាសម្ព័ន្ធ» ការកើនឡើងនូវតម្រូវការខ្ពស់នៃបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដូចជាប្រទេសចិននិងឥណ្ឌា ការប្រកួតប្រជែងនៃការប្រើប្រាស់កសិផលមួយចំនួនដើម្បីយកទៅធ្វើជាជីវៈឥន្ធនៈ ល្បឿននៃការផ្គត់ផ្គង់ទំនិញមិនទាន់ទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់ និងការធ្លាក់ចុះនៃប្រាក់ដុល្លារ។
ប្រសិនជាបណ្តាប្រទេសមួយចំនួនដូចជាប្រទេសរុស្ស៊ី រឺអាហ្សង់ទីន ចេះទាញយកផលចំណេញពីការកើនឡើងនៃតម្លៃទំនិញនេះ ប្រទេសផ្សេងទៀត ដូចជាប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលនោះ នឹងជួបប្រទះបញ្ហាអតិផរណានេះយ៉ាងធ្ងន់ធ្ងរ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសកម្ពុជាត្រូវចាត់ទុកត្រឹមតែ«ជាអ្នកខាតបង់តូចតាច» ប៉ុណ្ណោះ។ ប៉ុន្តែ នៅតែជាអ្នកខាតបង់ម្នាក់ដដែល។
មូលហេតុនៃកំណើនសេដ្ឋកិច្ចខ្ពស់ លោក Jean-Daniel Gardère ទីប្រឹក្សាសេដ្ឋកិច្ចនិងអតីតអ្នកទទួលខុសត្រូវបេសកកម្មសេដ្ឋកិច្ចបារាំងនៅភ្នំពេញ បានគូសបញ្ជាក់ថាប្រទេសកម្ពុជាគឺជាជនរងគ្រោះពីកត្តាខាងក្រៅស្រុក។ សេដ្ឋកិច្ចកម្ពុជាក៏បានបង្កើតសម្ពាធអតិផរណាដោយខ្លួនឯងផងដែរ បើទោះបីជារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាមិនមែនមូលដ្ឋានគ្រឹះនៃអតិផរណាក៏ដោយ។ លោកបានលើកជាឧទាហរណ៍ពីស្ថេរភាពនៃ«អត្រាប្រាក់រៀលទៅបា្រក់ដុល្លារ បច្ចុប្បន្ននេះប្រាក់ដុល្លារមានកំរិតស្មើនឹងប្រាក់រៀលកាលពីឆ្នាំ១៩៩៨»។ កំណើនសេដ្ឋកិច្ចជាតិខ្ពស់ ដែលកើតចេញពីវិស័យកាត់ដេរ ទេសចរណ៍ និងការសំណង់អគារ ព្រមទាំងការជួញដូរដីធ្លី និងការចាយវាយប្រាក់កាសដែលសន្សំទុកក្នុងផ្ទះ(បញ្ហានេះមិនចោទជាបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ) បានធ្វើអោយប្រទេសជាតិជួបនូវអតិផរណាកាន់តែខ្លាំងទៅៗ។
ប្រាក់ដុល្លារ ប្រឈមមុខនឹងការកត់សម្គាល់នេះ តើប្រទេសជាតិមួយ ដូចជាកម្ពុជា អាចធ្វើអ្វីបានខ្លះ? ស្របពេលដែលបណ្តាប្រទេសអាស៊ីជាច្រើន រួមមានប្រទេសថៃ អាចបញ្ឈប់ការកើនតម្លៃទំនិញ ដោយសារតែប្រាក់ដុល្លារចុះថោក បើប្រៀបធៀបជាមួយនឹងរូបិយវត្ថុរបស់ពួកគេ (ដោយកាត់បន្ថយតម្លៃពន្ធនាំចូលរបស់ខ្លួន)។ ប្រទេសកម្ពុជា ដែល៩០% ប្រើប្រាស់រូបិយវត្ថុដុល្លារ មិនមានវិធានការបែបនេះទេ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីបានប្រកាសការចាប់ផ្តើមគោលនយោបាយ«បដិដុល្លារូបនីយកម្មជាជំហានៗ»។ ការសម្រេចបែបនេះមិនបានផ្តល់ជាលទ្ធផលអ្វីទាំងអស់សម្រាប់ពេលនេះទេ ប្រសិនជាវាត្រូវបានអនុវត្តនៅក្នុងថ្ងៃណាមួយ។ ម្យ៉ាងវិញទៀត រហូតមកទល់ពេលនេះ ការនិយមចាយវាយប្រាក់ដុល្លារនៅលើទីផ្សារជាតិអាចជួយជៀសវាងបាននូវការ«ការផលិតនិងធ្វើសរាចរនូវរូបិយវត្ថុបន្ថែម» ដែលជានិច្ចកាល ត្រូវបានប្រើប្រាស់ដោយរដ្ឋ ដើម្បីគ្រប់គ្រងនូវឪនភាពថវិកា និងអតិផរណា។ វាក៏បានជួយធ្វើអោយវិបត្តិនៅអាស៊ី ចុះអន់ថយដែរ។
វិធានការបន្ទាន់ ជាបឋម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការរយៈពេលខ្លី សំដៅកាត់បន្ថយឥទ្ធិពលនៃអតិផរណា ជាងជាការប្រឆាំង«អតិផរណា»ដោយផ្ទាល់។ វិធានការទាំងនោះរួមមាន តម្លើងប្រាក់បៀវត្សមូលដ្ឋាន ២០%ដល់មន្ត្រីរាជការ តម្លើងប្រាក់ខែជូនដល់កម្មកររោងចក្រកាត់ដេរចំនួន៦ដុល្លារអាមេរិក (លើប្រាក់គោល ៥០ដុល្លារ) តាមរយៈការព្យួរការអនុវត្តពន្ធអប្បបរមា១% រហូតដល់ឆ្នាំ២០១០ និងជាពិសេសរដ្ឋាភិបាលបានចូលរួមឧបត្ថម្ភដោយស្ងៀមស្ងាត់ លើការនាំចូលប្រេងឥន្ធនៈ។ រដ្ឋក៏មានកំណត់តម្លៃពន្ធនាំចូលយ៉ាងច្បាស់ និងបានបដិសេធការយកពន្ធដែលមានតម្លៃជាទឹកប្រាក់រាប់លានដុល្លារផងដែរ។ យោងតាមលោកនាយករដ្ឋមន្ត្រី វិធានការណ៍នេះបានធ្វើអោយតម្លៃប្រេងនៅកម្ពុជាមានកំណើនទាបជាងកំណើនថ្លៃប្រេងនៅប្រទេសថៃ(៣៤%) និងប្រទេសវៀតណាម(២៣%) ជាក់ស្តែងកម្ពុជាមានកំណើនត្រឹមតែ១០,១%ប៉ុណ្ណោះ។ ប៉ុន្តែ វិធានការនេះមានលក្ខណៈផ្ទុយពីអនុសាសន៍របស់អ្នកសេដ្ឋកិច្ចខ្លះៗ។ អ្នកសេដ្ឋកិច្ចបានផ្តល់អនុសាសន៍អោយផ្តល់ជំនួយទៅចំគោលដៅ សម្រាប់ប្រជាជនក្រីក្របំផុត។ ជំនួយទាំងមូលនេះអនុគ្រោះដល់ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រួសារ «មានកំរិតជីវភាពធូរធារ» ដែលប្រើប្រាស់នូវរថយន្ត ៤x៤ និងរថយន្តផ្សេងៗទៀត ដែលប្រើឥន្ធនៈអស់ជាច្រើន... ទន្ទឹមនឹងការចាត់វិធានការរយៈពេលខ្លី «ដែលធ្លាប់ត្រូវបានអនុវត្តកាលពីអតីតកាលរួចមកហើយ» រាជរដ្ឋាភិបាលបានប្រកាសនូវការគោលនយោបាយរូបិយវត្ថុ ដែលគោលនយោបាយមួយចំនួនមិនធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាឡើយ។
គោលការណ៍សំខាន់ៗដែលត្រូវបានដាក់ចេញនោះគឺ ធនាគារជាតិនៃកម្ពុជាបានបង្កើន«ទុនបម្រុងកាតព្វកិច្ច»សម្រាប់ធនាគារពាណិជ្ជ។ ធនាគារជាតិអាចនឹងបោះផ្សាយមូលប័ត្រធនាគារកណ្តាលសម្រាប់លក់អោយធនាគារពាណិជ្ជ។ រាជរដ្ឋាភិបាល«កាត់បន្ថយ» សាច់ប្រាក់ដែលកំពុងធ្វើសរាចរ ទុនបម្រុងផ្សេងៗដែលជាគំនាបសង្កត់តម្លៃលើទីផ្សារ។ រហូតមកទល់ពេលនេះ ប្រព័ន្ធបែបនេះមិនមាននៅក្នុងប្រទេសកម្ពុជានោះទេ។ លោក ផាន់ ហូ អគ្គនាយករងធនាគារជាតិកម្ពុជា ទទួលបន្ទុកការបោះផ្សាយមូលប័ត្រធនាគារកណ្តាល បានអះអាងថា ប្រព័ន្ធបែបនេះក៏មិនទាន់មាននៅប្រទេសដទៃទៀតដែរ។ ...«យើងទើបតែ ដំណើរការគម្រោងនេះ ប៉ុន្តែ យើងនៅមិនទាន់ដឹងថាតើពេលទើបគម្រោងនេះត្រូវបានអនុវត្តនោះទេ»។ គោលនយោបាយរូបិយវត្ថុផ្សេងទៀត នោះគឺ ធនាគារជាតិចង់កំណត់ឥណទានសម្រាប់វិស័យឯកជន (ដែលកើនឡើង៦០% នៅឆ្នាំ២០០៧) ដោយបង្កើនទុនបម្រុងកាតព្វកិច្ចសម្រាប់ធនាគារពាណិជ្ជ ពី៨%ទៅ១៦%។ ម្យ៉ាងវិញទៀត គោលនយោបាយនេះនឹង «ពង្រឹងការត្រួតពិនិត្យរចនាសម្ព័ន្ធឥណទាន» និងកាត់បន្ថយ «ឥណទានដែលមានហានិភ័យខ្ពស់» ជាពិសេសវិស័យអចលនទ្រព្យ។ ប៉ុន្តែ ពេលនេះ គោលការណ៍ទាំងនេះមិនទាន់ចេញជារូបរាង និងប្រកាសជាសាធារណៈនៅឡើយទេ។
កាត់បន្ថយសារពើពន្ធសម្រាប់វិស័យកសិកម្ម នៅក្នុងគោលនយោបាយសារពើពន្ធ នាយរដ្ឋមន្ត្រីបានប្រកាសកាត់បន្ថយនូវពន្ធគយ លើការនាំចូលផលិតផលកសិកម្ម និងកសិឧស្សាហកម្ម។ រាជរដ្ឋាភិបាលទទួលខុសត្រូវថវិកាដែលបានមកពីពន្ធនៃតម្លៃបន្ថែម លើផលិតផលទាំងនេះ ដោយអោយរួចពន្ធទាំងស្រុងនូវការនាំចូលវត្ថុធាតុដើមបាស្ទីក និងលោហធាតុ ព្រមទាំងកាត់បន្ថយពី៣៥%មក៧% សម្រាប់ពន្ធគយ លើការនាំចូល «ផលិតផលគីមីសរីរាង្គ»។
លោកចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នេះគឺជា «កាដូ» ពិសេសសម្រាប់កសិកម្មខ្មែរ។ ប្រជាកសិករធ្លាប់បាន «រីករាយ» ម្តងរួចមកហើយ ចំពោះការឡើងថ្លៃអង្ករ ដែលធ្វើអោយប្រាក់ចំណូលរបស់ពួកគេកើនឡើងខ្ពស់។ លោករដ្ឋមន្ត្រី ទស្សន៍ទាយថា «ទាំងនេះនឹងលើកទឹកចិត្តពួកគេអោយខិតខំធ្វើស្រែអោយបានកាន់តែច្រើន»។ លោកយល់ឃើញថាកំណើននេះគឺជាកាលានុវត្តភាពមួយ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជាម៉ាស៊ីនៃកំណើនសេដ្ឋកិច្ច។
ទាញផលចំណេញពីតម្រូវការពិភពលោក លោក កង ចាន់ដារ៉ារ័ត្ន អ្នកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា «ពិតជាមានការយកចិត្តទុកដាក់លើពន្ធនាំចូលឧបករណ៍កសិកម្ម និងវត្ថុធាតុដើមសម្រាប់កសិកម្ម»។ លោកសង្ឃឹមថា «ទាំងនេះនឹងជួយសម្រួលដល់ការងាររបស់កសិករ។ ពួកគេនឹងមានឯករាជ្យជាងមុន និងអាចលក់ផលិតផលរបស់ខ្លួន ក្នុងតម្លៃថោកជាងមុន។ អ្នកសេដ្ឋកិច្ចរូបនេះមានប្រសាសន៍បន្ថែមទៀតថាការលើកទឹកចិត្តដល់ការផលិតក្នុងប្រទេសកម្ពុជា បានបង្ហាញពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល ក៏ដូចជាប្រទេសផ្តល់ជំនួយដែរ។ «ការនាំចេញអង្កររបស់កម្ពុជា អាចជួយធ្វើអោយទីផ្សារពិភពលោកមានតុល្យភាព»។ ប៉ុន្តែ លទ្ធផលដែលសង្ឃឹមទុកនឹងមិនកើតមានឡើងភ្លាមៗនោះទេ ព្រោះអតិផរណា បណ្តាលមកពីតម្លៃប្រេងឥន្ធនៈ «ដែលចេះតែឡើងថ្លៃចាប់ពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន និងនៅតែបន្តឡើងថ្លៃ» និងបណ្តាលពីតម្លៃផលិតផលកសិកម្មដែលការផលិតមិនមានការកើនឡើងនោះទេ។ លោក កង ចាន់ដារ៉ារ័ត្ន សំដែងនូវការសោកស្តាយថា «យើងមិនអាចវាយតម្លៃ ថា តើអតិផរណានឹងបញ្ចប់នៅពេលណា? ប៉ុន្តែ យើងអាចនិយាយបានថា វាមិនអាចបាត់ភ្លាមៗនោះទេ មិនថាក្នុងរយៈពេលមួយខែ ពីរខែ រឺក៏បួនខែនេះទេ។»
អន្ទាក់សម្រាប់ឧស្សាហកម្មកាត់ដេរ អតិផរណានេះបានដាក់ទម្ងន់មកលើសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ។ វិស័យនេះ មានដំណើរការយឺតយាវក្នុងការផលិត នៅត្រីមាស ចុងក្រោយ ក្នុងឆ្នាំ២០០៧ (ការនាំចេញថយចុះ ៤៦%) និងមានកំណើននាំចេញត្រឹមតែ២,៤%តែប៉ុណ្ណោះ។ រោងចក្រកាត់ដេរកម្ពុជាដែលពឹងផ្អែក៧០%លើការទិញទុកជាមុនរបស់អាមេរិក ស្វាគមន៍ចំពោះ «ផលចំណេញប្រៀបធៀបទាំងបី»៖ កិច្ចព្រមព្រៀងនាំចូល ដោយមិនគិតពីច្បាប់ពន្ធ នៅអាមេរិក និងអឺរុប ប្រាក់ខែទាប និងលក្ខខណ្ឌការងារគោរពតាមបទដ្ឋានអន្តរជាតិ តាមរយៈកម្មវិធី «រោងចក្រដែលមានលក្ខណៈប្រសើរជាងមុន Better factories»។
លោក Jean-Daniel Gardère មានប្រសាសន៍ពី «អន្ទាក់សម្រាប់ឧស្សាហកម្មកាត់ដេរ»ថា អត្ថប្រយោជន៍ពីរក្នុងចំណោមផលចំណេញទាំងនោះ ប្រឈមគ្រោះថ្នាក់នឹងអតិផរណា។ ដោយប្រឈមមុខនឹងអតិផរណានេះ និយោជក និងរដ្ឋាភិបាលអាចរក្សានូវយុទ្ធសាស្ត្របង្ខាំងប្រាក់ខែ បន្ទាប់ពីមានការតំឡើងប្រាក់៦ដុល្លារបន្ថែមកាលពីខែមេសា ២០០៨ ព្រោះវានឹងធ្វើអោយកម្មករត្រូវជួបប្រទះនូវជីវភាពលំបាក ដោយសារតែប្រាក់ខែមិនគ្រប់គ្រាន់ ទៅនឹងកំណើនទំនិញផ្សេងៗ និងធ្វើអោយពួកគេបាត់បង់នូវផលចំណេញដ៏សំខាន់របស់ខ្លួន នោះគឺស្តង់ដាសង្គម រឺមួយក៏តម្លើងប្រាក់ខែកម្មករតែវិស័យកាត់ដេរនឹងបាត់បង់ការប្រកួតប្រជែង ជាមួយនឹងប្រទេសវៀតណាម និងថៃ។
សូមអាននៅលើវិបសាយរបស់កាសែត
-អត្ថបទខ្លី «សម្តេច ហ៊ុន សែន ប្រកាសពីវិធានការនានា ប្រឆាំងនឹងអតិផរណា » - អត្ថបទខ្លី «ធនាគារពិភពលោក: អតិផរណាជាប្រវត្តិសាស្រ្តឆ្នាំ២០០៧ » - អត្ថបទខ្លី «ធនាគារពិភពលោក: កំណើននៅកម្ពុជាថយចុះបន្តិចបន្តួច »
វិបសាយសំខាន់ៗ -«តើកំណើនតម្លៃវត្ថុធាតុដើម បន្តរហូតដល់ពេលណា? » អត្ថបទរបស់Thomas Helbling, Valerie Mercer–Blackman និងKevin Cheng ចេញផ្សាយនៅក្នុងទស្សនាវដ្តីប្រចាំត្រីមាសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (ខែមីនា ២០០៨ លេខ១ ) -វិបសាយរបស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា -វិបសាយរបស់ធនគារជាតិនៃកម្ពុជា -វិបសាយរបស់តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា
|