អង់តាសោម (តាកែវ) ថ្ងៃទី ៤ ឧសភា ២០០៨ បន្លែផ្លែឈើធម្មជាតិ ដែលអតិថិជនក្នុងស្រុកត្រូវការ © John Vink / Magnum តើកសិករកម្ពុជាពិតជាអាចលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់មែនឬ? គំនិតនេះមិនប្រាកដថាថ្មីទេ។ វាត្រូវបានដាក់អនុវត្តកាលពីដើមខែឧសភាដោយមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់សេដាក់ នៅក្នុង ពិព័រណ៍ផលិតផលជីវៈសរីរាង្គ ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ បន្ទាប់ពីត្រូវបានសម្ពោធជាឱឡារិកដោយលោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមានដើមកំណើតនៅក្នុងតំបន់នេះផ្ទាល់ ផ្សារកសិករនេះអាចក្លាយទៅជាកន្លែងណាត់ជួបរវាងកសិករ និងអ្នកទិញតាមពេលវេលាទៀងទាត់។ ប៉ុន្តែការប្រែក្លាយពីការងារដាំដុះស្រូវទៅជាការងារមុខជំនួញវិញមិនមែនប្រព្រឹត្តទៅបានភ្លាមៗនោះទេ។ ដូច្នេះហើយបានជាត្រូវមានការកែលម្អចាំបាច់មួយចំនួន។
នៅក្រោមតង់ធំៗពីរដំឡើងកាលពីថ្ងៃទី៤ ឧសភា ដើម្បីរៀបចំពិព័រណ៍ផ្សារណាត់លក់ផលិតផលជីវៈសរីរាង្គ នៅអង់តាសោម ក្នុងខេត្តតាកែវ អ្នកលក់ដូរប្រមាណ១០០នាក់នៅក្នុងផ្សារនេះមិនមែនជាអាជីវករសម្បុរសៗ ដុះក្បាលពោះ ដូចយើងធ្លាប់ឃើញនៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជានោះទេ។ ប៉ុន្តែជាអ្នកមានដៃគ្រើម ស្បែកស្លោកដោយសារកម្តៅថ្ងៃ។ ពួកគេគឺជាកសិករ ហើយភាគច្រើនមកពីភូមិជិតខាង តាមការអញ្ជើញរបស់អង្គការសេដាក់ និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។ ពួកគេដឹកកេសផ្លែឈើនិងបន្លែគ្រប់ប្រភេទ ការ៉ុងគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជផ្សេងៗ រួមទាំងសត្វមាន់ទាផងដែរ។
រាល់ផលិតផលដែលពួកគាត់ដាក់បង្ហាញ គឺបានមកពីកសិកម្ម«ជីវៈសរីរាង្គ» គ្មានប្រើជីគីមីស្របតាមបច្ចេកទេសណែនាំរបស់អង្គការសេដាក់ បើទោះជាសម្រាប់ពេលនេះ នៅកម្ពុជា នៅមិនទាន់មានម៉ាកផ្លូវការសម្រាប់បញ្ជាក់ពីផលិតផលបែបនេះក៏ដោយ។
នៅពីមុខរានដាក់បន្លែស្រស់ៗគួរអោយចង់ទទួលទាន អតិថិជនមិនឈរពពាក់ពពូនទទឹងទទែងគ្នា ដូចតាមផ្លូវតូចចង្អៀតដ៏អ៊ួអាប់ក្នុងផ្សារនានាក្នុងក្រុងភ្នំពេញនោះទេ។ ប៉ុន្តែអ្នកដើរត្រេតត្រតមួយចំនួនតែងតែឈប់មើលដើម្បីសរសើរផលិតផលជីវៈសរីរាង្គទាំងនេះ និងសួរសំណួរទៅផលិតករដោយផ្ទាល់។
លោកប្រាក់ ច្រែស អ្នកដាំដំណាំនៅស្រុកត្រាំកក់ បង្ហាញននោង ធំទ្រលុកទ្រលន់របស់លោកដោយមោទនភាព។ ប៉ុន្តែលោកសោកស្តាយថា៖ «អ្វីដែលអ្នកភូមិចាប់អារម្មណ៍ជាងគេ គឺគ្រាប់ពូជ»។ លោកសង្កេតឃើញថា បន្លែលោកលក់ដាច់«ល្មម»ប៉ុណ្ណោះ។ ដោយមានទីតាំងនៅលើផ្ទៃដីធំទូលាយ មិនឆ្ងាយប៉ុន្មានពីផ្លូវត្រឡែងកែងអង់តាសោម ចំណុចប្រសព្វនៃផ្លូវទៅវៀតណាម ភ្នំពេញ និងផ្លូវទៅឆ្នេរសមុទ្រកម្ពុជា ដូច្នេះជាសត្យានុម័ត ផ្សារណាត់នេះទាក់ទាញអ្នករស់នៅតាមមាត់ផ្លូវ និងអ្នកធ្វើដំណើរឆ្លងកាត់ច្រើនជាងអ្នកមានៗរស់នៅក្នុងក្រុង។ ប៉ុន្តែទោះយ៉ាងណា កសិករមិត្ត មុំ អាយុ៣៥ឆ្នាំ នៅតែអាចលក់ផ្សិតទាំង១០គីឡូរបស់គាត់អស់ពាក់កណ្តាល ដោយទទួលបានតម្លៃសមរម្យដែរ គឺ៥ពាន់រៀល (១,២៥ដុល្លារ)ក្នុងមួយគីឡូ។ ស្រ្តីកសិករម្នាក់នេះគូសបញ្ជាក់ថា នៅរដូវទំនេរពីការងារធ្វើស្រែ ផ្សារណាត់នេះក៏មកដល់ល្មម។ វាអាចធ្វើអោយគាត់ដោះស្រាយជីវភាពបាន។
ផ្សារណាត់ក៏ដោយ មិនណាត់ក៏ដោយ ក៏អ៊ុំស្រីម៉ម វ៉ាន់ស៊ី អាយុ៥៣ឆ្នាំ មកពីឃុំត្រពាំងធំខាងត្បូង ក៏សប្បាយរីករាយដែរ។ នៅលើរានរបស់គាត់ ការ៉ុងអង្ករផ្កាម្លិះដាក់តម្រៀបគ្នាត្រៀបត្រា។ អង្ករប្រភេទនេះបន្តឡើងថ្លៃឥតឈប់នៅក្នុងអំឡុងឆ្នាំនេះ។ «ការឡើងថ្លៃនេះជាឱកាសល្អសម្រាប់ប្រជាកសិករ ដែលរង់ចាំថ្ងៃនេះជាយូរណាស់មកហើយ។ ជីវភាពរបស់ខ្ញុំមិនលំបាកដូចមុនទៀតទេ។ ខ្ញុំនឹងខំធ្វើសែ្រអោយបានកាន់តែច្រើនទៀតនៅរដូវក្រោយ បើទោះជាខ្ញុំមានតែដីស្រែពីរកន្លែងទំហំមិនដល់មួយភាគបីហិចតាក៏ដោយ»។
អ៊ុំស្រី ម៉ម វ៉ាន់ស៊ី លក់អង្កររបស់គាត់ក្នុងតម្លៃប្រហាក់ប្រហែលនៅតាមទីផ្សារ ប៉ុន្តែគាត់នៅតែសង្ឃឹមបានចំណូលច្រើនជាងធម្មតា ព្រោះមិនចាំបាច់ដកថ្លៃក្បាលកាក់របស់ឈ្មួញកណ្តាល។ អង្ករផ្កាម្លិះរបស់គាត់លក់តម្លៃពី៤ពាន់ដល់៤៥០០រៀល (១ទៅ១,២៥ដុល្លារ) ក្នុងមួយគីឡូ គឺថោកជាងនៅលើទីផ្សារនានាក្នុងក្រុងភ្នំពេញបន្តិច។
គេកត់សម្គាល់ឃើញមានចំណុចពិសេសមួយសម្រាប់ផលិតផលភាគច្រើននៅក្នុងពិពណ៌ផ្សារណាត់នេះ។ នោះគឺតម្លៃកំណត់ដោយកសិករ បើទោះជាវាមិនខ្ពស់ពេកក៏ដោយ តែក៏វាថ្លៃជាងនៅកន្លែងផ្សេងតិចឬច្រើនដែរ។ តម្លៃនេះត្រូវពន្យល់ថា គឺដោយសារវាមានគុណភាពល្អ និងត្រូវបានដាំដុះដោយគោរពបរិស្ថាន។ ប៉ុន្តែលោកយ៉ាង សាំងកុមារ នាយកអង្គការសេដាក់ ទទួលស្គាល់ថា អ្នករៀនលក់ដូរទាំងនេះហាក់លោភលន់បន្តិចដែរ។
អ្នកជំនាញផ្នែកក្សេត្រសាស្រ្តរូបនេះគូសបញ្ជាក់ថា វាមិនងាយស្រួលទេក្នុងការធ្វើជាអ្នកលក់ដូរភ្លាមៗ និងរៀបចំតម្លៃដ៏ត្រឹមត្រូវមួយនោះ។ លោកពន្យល់ថា៖ «វានៅជាដំណាក់ការរៀនសូត្រនៅឡើយសម្រាប់ពួកគាត់។ ប៉ុន្តែការកំណត់តម្លៃមួយគួរអោយចាប់អារម្មណ៍គឺមានអត្ថប្រយោជន៍ច្រើន។ ផលិតផលមួយចំនួនមិនអាចលក់ដាច់ទេ ប្រសិនបើតម្លៃវាខ្ពស់ជាងតម្លៃធម្មតានោះ។ គេគួរតែកំណត់តម្លៃប្រហាក់ប្រហែលនឹងទីផ្សារ ថោកជាងបន្តិច ឬថ្លៃជាងបន្តិចបន្តួច»។ ដោយសារមិនចាំបាច់គិតថ្លៃក្បាលកាក់របស់ឈ្មួញកណ្តាល តម្លៃផលិតផលធម្មជាតិអាចនឹងគួរអោយចាប់អារម្មណ៍ដូច ឬគួរអោយចាប់អារម្មណ៍ជាងតម្លៃផលិតផលកសិកម្មប្រើគីមី។
អង់តាសោម (តាកែវ) ថ្ងៃទី ៤ ឧសភា ២០០៨ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មសម្ពោធអោយប្រើប្រាស់ផ្សារណាត់កសិករ © John Vink / Magnum ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Jica) ពិពណ៌ផ្សារណាត់ដំបូងនេះអាចបម្រើដល់ការចុះអនុវត្តផ្ទាល់របស់កសិករក្នុងការលក់ដូរ ខណៈពេលដែលអង្គការសេដាក់គ្រោងផ្តល់ការបណ្តុះបណ្តាលដល់ពួកគាត់ស្តីពីបញ្ហាទីផ្សារ និងបច្ចេកទេសសិក្សាទីផ្សារ។ លោកយ៉ាង សាំងកុមារបញ្ជាក់ថា៖ «រាល់គោលការណ៍ទាំងអស់នេះគឺពិបាកពន្យល់ដល់កសិករណាស់។ ដូច្នេះ យើងក៏សម្រេចអោយពួកគាត់អនុវត្តដោយខ្លួនឯង ហើយក្នុងពេលជាមួយគ្នានោះ យើងពន្យល់ពួកគាត់ថាត្រូវធ្វើយ៉ាងម៉េច»។
ផ្សារណាត់កសិករអាចនឹងក្លាយជាផ្សារមួយយូរអង្វែង បើកលក់រាល់ចុងសប្តាហ៍ និងសហការគ្រប់គ្រងដោយកសិករខ្លួនឯងផ្ទាល់។ ដើម្បីទាក់ទាញអតិថិជនក្រៅពីស្រុកត្រាំកក់ អង្គការសេដាក់មានបំណងធ្វើអោយមានការទាក់ទាញពាណិជ្ជកម្ម និងវប្បធម៌ ដោយរៀបចំជាសកម្មភាពផ្សេងៗ និងការប្រគុំតន្ត្រីជាដើម។ ប្រសិនបើទទួលបានជោគជ័យ ផ្សារកសិករជាច្រើនទៀតអាចនឹងត្រូវបង្កើតឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ដូចជាមានពីរកន្លែងដែលនឹងគ្រោងបង្កើតឡើងនៅស្រុកតាខ្មៅ និងខេត្តកណ្តាល។
លោកចាន់ សុផល ប្រធានស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការប្រចាំតំបន់របស់វិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា(CDRI) មានសុទុដ្ឋិនិយមចំពោះការកើនឡើងនៃផ្សារ«ស្វយ័ត»ប្រភេទនេះ ដែលអនុញ្ញាតអោយអ្នកផលិតចេញផុតពីការលក់ផលិតផលតាមរយៈឈ្មួញកណ្តាល : «យើងកំពុងតែស្ថិតនៅក្នុងប្រព័ន្ធទីផ្សារសេរី។ កាលណាមានផ្សារកាន់តែច្រើន វាកាន់តែប្រសើរសម្រាប់ការប្រកួតប្រជែង»។
ប៉ុន្តែ ការដាក់លក់ផលិតផលជីវៈសរីរាង្គដើម្បីជំរុញអោយពលរដ្ឋទិញផលិតផលនេះ គឺមិនគ្រប់គ្រាន់ទេ។ នាយកអង្គការសេដាក់ក្រើនរម្លឹកថា បើសិនចង់បន្តជីវិតរបស់ខ្លួនទៅមុខទៀត ផ្សារកសិករទាំងនេះត្រូវស្វែងរកក្រុមអតិថិជនមួយដែលបានយល់ដឹងពីបញ្ហាបរិស្ថាន ហើយមកទិញទំនិញពីផ្សារនេះជាទៀងទាត់។ «យើងត្រូវអប់រំអតិថិជនផងដែរ ដើម្បីអោយពួកគេបានដឹងពីផលិតផលណាដែលល្អសម្រាប់សុខភាព»។ |