Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 07 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 20:42 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមរយៈរលក ធាតុអាកាសៈ យុទ្ធសាស្រ្តដែលគណបក្សមួយចំនួន មិនមានលទ្ធភាព
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
01-07-2008

Cambodge - Beehive radio - elections - legislatives - medias © Vandy Rattana  

 ចាប់ពីពេលនេះតទៅ គណបក្សនយោបាយត្រូវចំណាយថវិកា

បើសិនជាចង់ផ្សព្វផ្សាយកម្មវិធីរបស់ខ្លួននៅលើរលកធាតុអាកាស

របស់វិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុដ៏មានប្រជាប្រិយភាពមួយ  

©​ វណ្ឌី រតនា 

 

អ្នកជួល​រថយន្ត​ ម្ចាស់​រោង​ពុម្ព​ ស្ថានីយប្រេងឥន្ធនៈ អ្នកផលិត​ក្រមានិង​មួក... អាជីវកម្ម​​មួយ​ចំនួន​នេះ​​សុទ្ធសឹង​តែ​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​ ​នៅ​ក្នុង​អំឡុងពេលធ្វើយុទ្ធនាការ​​​ឃោសនា​រក​សម្លេង​ឆ្នោត។ ទន្ទឹម​នឹង​នេះ ស្ថានីយ​វិទ្យុ​​​ក៏អាច​រក​ប្រាក់​ចំណូល ​​​នា​ឱកាស​នេះផង​ដែរ។ ប្រព័ន្ធ​​ផ្សព្វផ្សាយទាំង​នោះ​បាន​អនុញ្ញាតិ​អោយគ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​​ទិញ​ម៉ោង​​ផ្សាយ​របស់​ខ្លួន ដោយ​មិនរើស​អើង​គណបក្ស​ណាមួយ​ឡើយ។ ​មិនមាន​ស្ថានីយ​ទូរទស្សន៍​​ណា​មួយ​​ដែល​បាន​លក់​រឺជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ឡើយ លើក​លែង​​តែ​ស្ថានីយ​ទូរទស្សន៍​ជាតិកម្ពុជា (ទទក)​ ដែល​បាន​ផ្តល់​​ម៉ោង​ផ្សាយ​ដល់​គ្រប់​​គណបក្ស​​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ តាម​រយៈការ​គណនា​បែងចែក​ពេល​វេលា​​​ផ្សាយ​យ៉ាង​ជាក់លាក់​បំផុត នៅក្នុង​ក្រប​ខ័ណ្ឌ​នៃការ​ផ្សាយមួយ​​ដែល​ដឹក​​នាំ​ដោយ​កម្ម​វិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែល​មាន​ឈ្មោះថា «ព័ត៌​មាន​​សមធម៌»។ ក្រៅ​ពីនេះ​ មាន​តែ​ស្ថានីយ​វិទ្យុប៉ុណ្ណោះ​ ដែល​បាន​លក់​​ម៉ោង​ផ្សាយ​​អោយគណបក្ស​នយោបាយ។ ដោយ​សារ​តែ​អតិផរណា​បាន​ផ្ទុះឡើង​ភ្លាមៗ ហើយ​តម្លៃ​ប្រេង​សាំង​បានឡើង​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពីមុនមក នាយក​ស្ថានីយ​វិទ្យុនានា​បាន​និយាយ​ថា​ពួកគេ​មិនចង់​​​​ផ្តល់​កាដូ​សម្រាប់​គណបក្ស​​​ឈរ​ឈ្មោះ​​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ នា​ថ្ងៃទី​២៧ កក្កដា ខា​ងមុខ​ នេះ​ទៀត​​​ទេ​។

 

គណបក្ស​នយោបាយនានា​បាន​ស្នើសុំ​អោយ​ស្ថានីយវិទ្យុ​លក់ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម​ សម្រាប់ពួកគេផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​បក្ស​ ប៉ុន្តែ មិន​ទទួល​បាន​ជោគជ័យ។ វិទ្យុ​ភាគច្រើន​បាន​បដិសេធ​សំណើនេះ។  មាន​​តែស្ថានីយ​វិទ្យុ​ចំនួន​បួន​ប៉ុណ្ណោះ​តែ​បាន​យល់ព្រម​​លក់ម៉ោង​ផ្សាយ​​​អោយគណបក្ស​នយោបាយ​។ វិទ្យុទាំង​បួន​ សុទ្ធ​តែ​ជា​វិទ្យុ​ឯក​​ជន ដែល​រួមមាន​វិទ្យុ​មហានគរ (FM៩៣.៥) វិទ្យុសំបុក​ឃ្មុំ (FM១០៥) វិទ្យុសុវណ្ណ​ភូមិ (FM១០៦) និង​វិទ្យុ​អង្គរ​រដ្ឋា ដែលធ្វើ​ការ​​ផ្សព្វផ្សាយ​នៅតែ​ខេត្ត​សៀម​រាប​មួយ​​​ប៉ុណ្ណោះ។

វិទ្យុ​មហានគរផ្តល់អាទិភាពដល់​គណបក្ស​
វិទ្យុមហានគរ​បាន​ត្រៀមម៉ោង​ជួលចំនួន​​​១១ម៉ោង ជា​រៀងរាល់ថ្ងៃ​ ទុក​​សម្រាប់​បម្រើ​​តាម​​តម្រូវការ​របស់​គណបក្ស​ទាំង​១១ ដែល​បាន​ចូលរួមប្រកួត​ប្រជែង​​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នេះ។ នាយកវិទ្យុ​បាន​ ពិនិត្យ​ឡើ​ង​វិញ​​​ពីការ​បង្កើន​​​​តារាងតម្លៃ​នៃការ​ជួល​ម៉ោង​ផ្សាយ ដោយបានលក់​ម៉ោង​​ផ្សាយ​របស់​ខ្លួន​ ក្នុង​តម្លៃ​១០ដុល្លារ​ ក្នុងមួយនាទី ខណៈពេល​ដែល​​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​សុទ្ធសាធ​​មាន​តម្លៃត្រឹម​តែ​២ដុល្លារ​ប៉ុណ្ណោះ។ លោក​កង ចិត្រា​ នាយក​វិទ្យុ​មហានគរ បាន​បញ្ជាក់​អោយដឹង​ថា « យុទ្ធនាការឃោសនា​បោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅ​រៀងរាល់​​៥ឆ្នាំម្តង។ ដូចនេះ វាគឺរឿង​ធម្មតា​ទេ ដែល​យើង​ត្រូវ​លក់ម៉ោង​ផ្សាយ​អោយ​​​គណបក្ស​។ មិនត្រឹម​តែប៉ុណ្ណោះ យើង​ក៏បាន​បដិសេធ​ការ​​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ ដើម្បី​ទុក​ម៉ោង​ផ្សាយ​អោយ​​​បានច្រើន ទៅតាម​តម្រូវ​ការ​នៃការ​​ឃោសនារក​សម្លេង​​ឆ្នោត​របស់​គណបក្ស​នយោបាយ។ នៅក្នុង​លក្ខខណ្ឌ​នេះ យើង​មិនអាច​លក់​ម៉ោង​ផ្សាយ​ក្នុង​តម្លៃ​ថោក​បាន​នោះ​ទេ ពី​ព្រោះ​ថា​​គណបក្ស​មិន​មែនជា​អ្នក​ផ្សាយ ​ក្នុង​រយៈពេលវែងរបស់​វិទ្យុ​ដូច​ក្រុម​ហ៊ុន​​នោះ​ទេ»។

សព្វថ្ងៃនេះ មាន​តែ​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​សម រង្ស៊ី​ប៉ុណ្ណោះ​ ដែល​បាន​ចុះ​កិច្ច​សន្យា​​ជាមួយ​នឹង​វិទ្យុ​នេះ ដោយ​គណបក្សទាំងពីរ​​បាន​ទិញ​ការ​​​ផ្សាយ​ចំនួន​២​ម៉ោង​ ជា​រៀង​រាល់ថ្ងៃ​។ នាយកវិទ្យុមហានគរ​បាន​សំដែង​ការ​សោក​​​ស្តាយ​ថា «គណបក្សផ្សេង​ៗ​ទៀត​បាន​មកទំនាក់ទំនង​ជាមួយ​នឹង​ពួក​យើង និង​បាន​ចរចារ​ពី​តម្លៃនៃការ​ជួល​ម៉ោង។ ប៉ុន្តែ ក្រោយមក ពួក​គេ​មិន​ដែល​​បាន​​មក​ទំនាក់ទំនង​ពួក​យើង​ទៀត​ឡើយ​​។

វិទ្យុ​សំបុកឃ្មុំ ទទួលបាន​ជោគជ័យ​
កាល​ពីមុន វិទ្យុសំបុក​ឃ្មុំ ដែលជា​ស្ថានីយវិទ្យុ​​ដ៏មាន​ប្រជាប្រិយភាព​​ធ្លាប់​បាន​ផ្តល់​ម៉ោង​ផ្សាយ​​មួយចំនួន​​ដល់​គណបក្ស​នយោបាយនីមួយៗ​​ ដោយឥត​គិត​ថ្លៃ ហើយ​​ គណបក្ស​មាន​សេរីភាព​ក្នុង​​ការ​​ផ្សព្វផ្សាយ​កម្មវិធី​របស់​ខ្លួន។​ ប៉ុន្តែ សម្រាប់​​​ការបោះឆ្នោត​លើក​នេះ សប្បុរសធម៌​របៀប​នេះ​លែង​មាន​ទៀត​ហើយ គណបក្ស​ត្រូវ​ចំណាយ​ថវិកា​របស់​ខ្លួន។ សេវាកម្មជួល​ម៉ោង​ផ្សាយ​ប្រចាំ​ខែ (ចាប់​ពីថ្ងៃទី​២៦ មិថុនា ដល់ថ្ងៃទី២៥ កក្កដា) មាន​តម្លៃ​២០០០ដុល្លារ ក្នុង​រយៈពេល​​​​៣០នាទី​ ក្នុង​មួយ​ថ្ងៃៗ។ មាន​គណបក្ស​ចំនួនប្រាំ​ដែល​បាន​ជួល​​ម៉ោង​ផ្សាយ​នេះ រួម​​មាន​គណបក្ស​សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស​ (​ដែល​បាន​ជួល​ម៉ោង​ផ្សាយ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ) គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​នរោត្តម​ រណឫទ្ធិ និង​គណបក្ស​​ហង្ស ដារ៉ា ចលនា​ប្រជាធិបតេយ្យ។


លោក ម៉ម សូណង់ដូ ស្ថាបនិក​និង​នាយកវិទ្យុសំបុកឃ្មុំ បាន​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​តំឡើង​ថ្លៃ​នេះ​ថា «នេះ​គឺជា​លើក​ទីមួយ​ ដែល​យើង​រក​ស៊ី​ជាមួយ​នឹង​អ្នក​ធ្វើ​​យុទ្ធនាការឃោសនា​បោះឆ្នោត​ ប៉ុន្តែ​យើង​គ្មាន​ជម្រើស​នោះទេ។ វា​គឺជារឿង​មួយ​ដ៏គួរ​អោយ​សោក​ស្តាយ​​ សម្រាប់​គណបក្ស​តូច​តាច​ ដែលគ្មាន​ធនធាន​ ប៉ុន្តែ យើង​មិន​អាច​បន្ត​ធ្វើ​សកម្មភាព​​​មនុស្ស​ធម៌​ទៀត​បាន​ទេ។ យើង​ត្រូវ​ធ្វើអោយវិទ្យុ​របស់​យើង​មាន​ដំណើរ​ការ​»។ លោក​បាន​គូស​បញ្ជាក់ថា ប្រាក់​ចំណូលដែល​ទទួល​បាន​នេះ​នឹង​​​​ធ្វើអោយ​​​​​​​អ្នក​យក​ព័ត៌មាន​វិទ្យុ​របស់លោក​ អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ការ​​​ឃោសនា​បោះឆ្នោត​​យ៉ាង​រលូន​។​  លោក​​ម៉ម​ សូណង់ដូបាន​បញ្ជាក់ថា «ប្រេង​ឡើង​ថ្លៃ​កប់​ពពក ​ឧបករណ៍​វិទ្យុ​​តែង​តែ​​ត្រូវ​ជួសជុលជាប្រចាំ ហើយ​បុគ្គលិកត្រូវ​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រម្យ​ជាង​មុន ព្រោះពួកគេ​​មាន​ការងារ​លំបាក​ នៅក្នុង​អំឡុងពេល​ធ្វើ​​​ការ​ផ្សព្វផ្សាយ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​នេះ»។ លោក​បាន​អះអាង​ថា​គណបក្ស​នយោបាយ​​ណា​​ដែល​ចង់​តាំង​​ជំហរ​អោយ​បាន​ត្រឹម​ត្រូវ​នៅក្នុង​ការ​បោះ​ឆ្នោត​នេះ​​ គឺ​គ្មាន​ជម្រើស​អ្វី ក្រៅពី​ជួល​ម៉ោង​ផ្សាយរបស់ស្ថានីយ​​វិទ្យុ​​លោកនោះ​ទេ ព្រោះ​ថា​វិទ្យុសំបុកឃ្មុំ​​​ផ្សាយ​ចេញ​យ៉ាង​​ទូលំទូលាយ​​ក្នុង​១៥​ខេត្ត​-ក្រុង ហើយ​មាន​ឯករាជ្យ មិន​រើសអើង​គណបក្ស​ណាមួយឡើយ​។ ​

វិទ្យុ​គឺជា​មធ្យោបាយ​ឃោសនា​រក​សម្លេង​​ឆ្នោត​ដ៏ល្អ​ប្រសើរ​មួយ​
ចាប់តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ ថវិកា​​ជា​ទឹក​ប្រាក់ចំនួន​៧០ ០០០ដុល្លារ ត្រូវ​បាន​​ ​គណបក្ស​សម រង្ស៊ី ចំណាយ​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធីគណបក្ស​ នៅតាម​រលក​ធាតុ​​​អាកាស​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​ស្មើ​នឹង​៣០%​​នៃ​ថវិកា​​​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​។ សរុប​មក​​ គណបក្ស​ប្រឆាំង​នេះ​មាន​ ​​៦ម៉ោង​ជារៀង​រាល់ថ្ងៃ តាម​រយៈ​វិទ្យុឯកជន​ចំនួន​បួន ដែល​បែង​ចែក​ការ​ផ្សាយ​ចាប់​ពី​ពេលព្រឹក​ រហូត​ដល់ពេលល្ងាច ដើម្បីធ្វើ​អោយ​គេ​ស្គាល់​គណបក្ស​របស់​ខ្លួន​។ លោក​យឹម សុវណ្ណ តំណាង​រាស្រ្ត​​គណបក្ស​សម រង្ស៊ី បាន​អះអាង​ថា «១០នាទី ដែល​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប) ផ្តល់​អោយ​យើង​ នៅក្នុង​ក្រប​ខ័ណ្ឌ​ការ​ផ្សាយ «ព័ត៌មាន​សមធម៌» មិន​​គ្រប់​គ្រាន់​ទៅតាម​តម្រូវ​របស់​យើង​​នៅ​ឡើយ​ទេ​។ ប្រជាពល​រដ្ឋ​ទូទៅ​ទទួល​ព័ត៌មាន​ដែលចេញ​ពីគណបក្ស​កាន់​អំណាច​ ហើយ​​​​មិន​​បាន​ដឹង​លឺ​ពី​ការ​ពិត​ជា​​ច្រើន។  ស្ថានីយ​វិទ្យុ​គឺជា​កូនសោដ៏សំខាន់​​ក្នុង​ការ​​​​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ រយៈពេល​​​មួយ​ឆ្នាំ​ ដែល​យើ​ង​បាន​ផ្សព្វផ្សាយ​គំនិត​របស់​យើង​នៅវិទ្យុ​សំបុក​ឃ្មុំកន្លង​​មកនេះ​ យើង​សង្កេត​ឃើញ​ថា​ប្រជាជន​បាន​​ចាប់​អារម្មណ៍​លើ​គណបក្ស​​​យើង​ជា​ច្រើន​​»។ លោក​ក៏​បាន​​ប្រកាស​អោយដឹង​ផងដែរ​ថា​គណបក្ស​របស់​លោក​ចំណាយ​ទឹក​ប្រាក់​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធឃោសនា​នានា​។


លោក ណាន ស៊ី អ្នកនាំពាក្យ​របស់​គណបក្សហ៊្វុនស៊ិនប៉ិច ​បាន​ធ្វើ​អធិប្បាយ​ទាក់​ទង​នឹង​ឥទ្ធិពល​​​របស់​វិទ្យុ​មកលើ​អ្នក​បោះឆ្នោត​។ លោក​បាន​ពន្យល់ថា «នៅពេល​យើង​ដឹកនាំ​ធ្វើ​យុទ្ធនាការ​តាម​ផ្លូវ​ មាន​មនុស្ស​តែមួ​យចំនួន​ប៉ុណ្ណោះ​ដែលបាន​ស្តាប់​ដឹងលឺ​ពី​​​គោល​នយោបាយ​​របស់​​យើង​ បើ​ប្រៀប​ធៀប​ទៅនឹង​​ចំនួន​អ្នក​ស្តាប់​រាប់​ពាន់​នាក់ មក​ពី​​​គ្រប់​ច្រក​ល្ហក​ទូទាំង​​​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានទទួល​ព័ត៌មាន​របស់យើង​​តាម​រយៈវិទ្យុ »។ លោក​បាន​មាន​ប្រសាសន៍​ ជាមួយ​នឹង​ទឹកមុខ​សប្បាយ​​រីករាយ​ថា  វិទ្យុឯកជន​ជាច្រើន​បានឆ្លើយ​តប​ទៅ​តាម​សំណូម​ពរ​របស់​គណបក្ស បើ​ប្រៀប​ទៅ​នឹង​ការ​បោះឆ្នោត​ជាតិ​លើក​មុន។

នៅ​គណបក្ស​សិទ្ធិមនុស្ស​(គ.ស.ម) វិញ គេ​បាន​ឃើញ​​​ការ​បង្កើន​ថវិកា​​​បម្រុង​​ទុក​​សម្រាប់​ជួល​​​ម៉ោង​ផ្សាយ​តាម​រលកធាតុអាកាស​ ដោយ​សារ​ គេ​​បាន​​ទទួល​​ស្គាល់​​ពីប្រសិទ្ធភាព​​របស់​​វិទ្យុ​នៅប្រទេស​កម្ពុជា។  លោក គ្រី សុង អគ្គលេខា​ធិការ​​រងគណបក្ស​សិទ្ធិមនុស្ស​បាន​ពន្យល់ថា «ជាភ័ព្វសំណាង​ដែល​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​បានយល់​ព្រម​ជួល​ម៉ោង​ផ្សាយ​របស់​ពួកគេ​​អោយ​ពួកយើង​។ ទោះបីជាយើង​ត្រូវ​ចំណាយ​ថវិកាលើស​កំណត់​ក៏ដោយ ក៏យើង​ត្រូវ​ជួល​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​សំបុក​ឃ្មុំ ​ដោយ​ហេតុថា​ប្រជាជនខ្មែរធ្លាប់​បានទទួល​ព័ត៌មាន​​​ពី​គោល​ជំហរ​នយោ​បាយ​​របស់យើង​តាម​រយៈវិទ្យុ​នេះ»។ ទោះជា​យ៉ាង​ណា លោក​គៀត សុគន្ធ អនុ​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សិទ្ធិមនុស្ស​ បានចូល​រួម​ក្នុង​​​ក្បួន​ដង្ហែរ​ឃោសនា​បោះ​ឆ្នោត​ និង​បាន​​ចុះទៅជួប​ប្រជាជន​​ផ្ទាល់ ដើម្បី​រក​សម្លេង​ឆ្នោត។ លោក​បាន​សន្និដ្ឋាន​ថា «ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ទាមទារ​តម្លៃ​ជួល​ថ្លៃ​ពេក ហើយម្យ៉ា​ងវិញទៀត ប្រព័ន្ធ​​ឃោសនា​​ទាំង​នេះ​មិនអាច​ជំនួស​ការ​ចុះ​ទៅជួប​ដោយផ្ទាល់​ជាមួយ​អ្នកភូមិ​បាន​ទេ ដោយ​ហេតុ​ថា​​ប្រជាជន​នៅតាម​ជន​បទ​ដាច់​ស្រយាល​​ខ្លះ​មិន​មាន​ទូរទស្សន៍មើល និង​វិទ្យុ​ស្តាប់​ទេ»។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir