 ភ្នំពេញ មហាវិថី ព្រះសីហនុ ថ្ងៃទី១៧ មីនា ២០០៨ ប្រជាជនរស់នៅតាមជនបទនាំគ្នាមកទិញម៉ូតូស៊េរីថ្មីចុងក្រោយបំផុត បន្ទាប់ពីលក់ដីបាន
©John Vink / Magnum ប្រជាកសិករបាននាំគ្នាលក់យាមនង័្គលរបស់ខ្លួនកាន់តែច្រើនឡើងៗ ដើម្បីទិញម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីថ្មីៗចុងក្រោយបំផុត។ បន្ទាប់ពីលក់ដីស្រែបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក កសិករធ្វើសែ្រចំការទាំងនោះបានមកកាន់ទីក្រុង ដើម្បីមកទិញទំនិញផ្សេងៗ។ ពួកគាត់មិនទុកអោយពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ។ អ្នកចែកចាយម៉ូតូទាល់ប្រាជ្ញា ក្នុងការលក់ម៉ូតូអោយបានទៅតាមតម្រូវការរបស់អ្នកជនបទទាំងនេះ។
នៅពេលដើររកទិញម៉ូតូតាមហាងនៅកណ្តាលទីក្រុងភ្នំពេញ អ្នករស់នៅតាមខេត្តមួយក្រុមសួរពាក្យដដែលៗថា «តើពួកឯង មាន០៨ រឺទេ? តើពួកឯង មាន ០៨ រឺទេ? លោក ភឺម៉ុន មានការហត់នឿយចំពោះការដើររកទិញម៉ូតូតាមហាងមួយព្រឹក ប៉ុន្តែនៅតែរកទិញមិនបានទៀត។ លោកមកជាមួយនឹងកូនប្រុសពីរនាក់ ព្រមទាំងអ្នករស់នៅជិតខាងរបស់គាត់ពីរនាក់ទៀត។
លោកបានធ្វើដំណើរមកពីឃុំសាឡុង ស្ថិតនៅខេត្តកណា្តល។ លោកមានប្រសាសន៍ទាំងថ្នាំងថ្នាក់ថា «យើងខំដើររកទិញគ្រប់ហាងទាំងអស់នៅក្នុងទីក្រុង ប៉ុន្តែ នៅតែរកទិញមិនបានទៀត។ គេបានលក់ម៉ូតូអស់បាត់ទៅហើយ។ ក្រោយពីអាជ្ញាធរបានធ្វើការជួសជុលផ្លូវក្បែរដីរបស់គាត់ ជាហេតុធ្វើអោយដីនោះឡើងថ្លៃ។ កសិកររូបនេះមិនចង់អោយភ័ព្វសំណាងកន្លងផុតទៅ គាត់ក៏បានលក់ដីភ្លាមៗ។ អ្វីដែលគាត់ត្រូវការនាពេលនេះ គឺចង់ក្លាយជាម្ចាស់កម្មសិទ្ធិម៉ូតូហុងដា ១២៥ ស៊េរីឆ្នាំ ២០០៨ ដែលមានតម្លៃ ១៧៥០ដុល្លារ។ គាត់មិនត្រូវការអ្វីផ្សេងពីនេះទេ។ ម៉ូតូលក់អស់ពីឃ្លាំងស្តុក កូនប្រុសរបស់លោក ភឺម៉ុន ម្នាក់បាននិយាយចំអកថា «ពិតជាមិនគួរអោយជឿ! យើងមានប្រាក់ ប៉ុន្តែយើងមិនអាចរកទិញម៉ូតូបាន!។ អាជីវករមួយចំនួនផ្តល់ដំបូន្មានអោយយើងកុម្ម៉ង់ជាមុន។ អ្នកលក់ម្នាក់បាននិយាយថា គាត់មានអតិថិជន១០០នាក់ដែលបានកក់ទុកមុនរួចទៅហើយ! » អាជីវករស្រីម្នាក់បានដាក់សំណើរទៅកាន់ពួកគាត់ថា ប្រសិនបើពួកគាត់ចង់ទិញម៉ូតូក្នុងក្តីស្រមៃរបស់ខ្លួនអោយបានឆាប់រហ័ស ពួកគាត់គ្រាន់តែចំណាយប្រាក់«បន្ថែម» ចំនួន៤០ដុល្លារទៀតលើតម្លៃម៉ូតូ។ លោក សុខ សុផល កសិករវ័យ៣២ឆ្នាំម្នាក់មកពីស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងរង់ចាំយ៉ាងអត់ធ្មត់ ក្នុងចំណោមមនុស្សជាង៣០នាក់ផ្សេងទៀត នៅលើចិញ្ចើមផ្លូវពីមុខហាងម៉ូតូហុងដា ស្ថិតតាមបណ្តោយមហាវិថីម៉ៅសេទុង។ គ្រប់គ្នាកំពុងរងចាំការមកដល់ឡានដឹកម៉ូតូថ្មីៗ ដែលពួកគេបានកុម្ម៉ង់ទិញទុកប៉ុន្មានថ្ងៃមុន ដោយក្តីរំភើបរីករាយ។ ព្រឹត្តិការណ៍ដូចគ្នានេះ កើតមានឡើងស្ទើរតែគ្រប់ទីកន្លែង នៅក្នុងទីក្រុងភ្នំពេញ។ កសិករគឺជាអតិថិជនទីមួយ សព្វថ្ងៃនេះ អតិថិជនរបស់អ្នកស្រី សំណាង ដែលជាអ្នកលក់ម៉ូតូនៅតាមបណ្តោយមហាវិថីព្រះសីហនុ គឺជា«ប្រជាជនរស់នៅតាមជនបទ»។ អ្នកស្រីបានសង្កេតឃើញថា អ្នករស់នៅភ្នំពេញ មិនសូវជាហ៊ានទិញម៉ូតូថ្មីៗទាំងនេះប៉ុន្មានទេ ព្រោះពួកគេព្រួយបារម្ភខ្លាចក្រែងជួបសំណាងមិនល្អនៅតាមផ្លូវ។ «តាំងពីដើមឆ្នាំមក ចំនួននៃការទិញបានកើនឡើង ហើយខ្ញុំមិនមានម៉ូតូគ្រប់គ្រាន់សម្រាប់លក់អោយពួកគេឡើយ!»។
នៅឆ្ងាយពីនេះបន្តិច ស្រ្តីអាជីវករម្នាក់ទៀតឈ្មោះ ស្រី ទូច បានអះអាងថាគាត់លក់ម៉ូតូបានជាង៣០គ្រឿងក្នុងមួយថ្ងៃ។ ស្រី ទូចបានរៀបរាប់ថា តម្លៃម៉ូតូម៉ាកហុងដាស៊េរី២០០៨បានឡើងថ្លៃចាប់ពី ១៤៥០ដុល្លារ ដល់១៧៥០ដុល្លារ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដោយសារតែការសំរុកទិញរបស់អតិថិជនកាន់តែច្រើនឡើងៗ។
នៅពេលដែលសួរសំណួរទាក់ទងនឹងកខ្វះខាតឃ្លាំងស្តុកទំនេរនៅលើទីផ្សារនៃប្រទេសកម្ពុជា អ្នកតំណាងក្រុមហ៊ុនហុងដា មិនបានឆ្លើយតបនឹងសំណួរនេះឡើយ។ លោក គីម ហួត ថៅកែសាខាក្រុមហ៊ុនម៉ូតូហុងដា ស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម បានអោយដឹងថា ក្រុមហ៊ុន ម៉ូតូម៉ាកជប៉ុនដ៏ល្បីល្បាយនេះពិតជាបានបង្កើនការផលិតរបស់ខ្លួន ប៉ុន្តែនៅតែមិនអាចចែកចាយអោយបានគ្រប់គ្រាន់ដល់ដេប៉ូនានានៅកម្ពុជាដែលលក់ដាច់អស់ពីស្តុកយ៉ាងឆាប់រហ័ស។ គាត់បានបញ្ជាក់ថា រាល់ម៉ោងប្រាំពីរព្រឹក ពេលបើកហាង អតិថិជននៅឈរតម្រង់ជួររង់ចាំដើម្បីកុម្ម៉ង់ទិញ រួចជាស្រេច។ ពួកគេមានចំនួនលើសពី៧០នាក់ ខណៈពេលដែលគាត់មានម៉ូតូត្រឹមតែជាង២០គ្រឿងប៉ុណ្ណោះសម្រាប់លក់។ គាត់សន្និដ្ឋានថា «ម៉ូតូស៊េរីថ្មី ២០០៨ ធ្វើអោយគ្រប់គ្នាឈ្លក់វង្វេង!»។ អ្នកមានជាន់ថ្មី លោក សុខ សុផល សំដែងនូវក្តីសោមនស្សរីករាយថា «កាលពីមុន ខ្ញុំជិះម៉ូតូកញ្ចាស់របស់កូរ៉េ។ ឥឡូវនេះ បន្ទាប់ពីខ្ញុំទើបតែលក់ដីមួយចំនួន ខ្ញុំអាចធ្វើដូចជាអ្នកភូមិផ្សេងៗឯទៀតរបស់ខ្ញុំ ដែលពួកគេសុទ្ធតែមានស៊េរី២០០៨ជិះ ខ្លះមានរហូតដល់ឡានឯណោះ»។
គាត់មិនមែនជាមនុស្សតែម្នាក់ដែលចង់បានម៉ូតូស៊េរីថ្មីនោះទេ។ យុវជន រស់ អារុណ អាយុ២៨ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ក៏បានឡើងមកទីក្រុងដើម្បីយកប្រាក់ដែលបានមកពីការលក់ដីរបស់គាត់ ទិញគ្រឿងយន្តដ៏ទំនើបអស្ចារ្យនេះដែរ។ គាត់និយាយបន្ធូរអាម្មណ៍ថា «កាលពីមុន ខ្ញុំជាអ្នកឡើងត្នោត។ មុខរបរនេះគ្រាន់តែអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់គ្រួសារគាត់តែប៉ុណ្ណោះ។ ទោះបីជាខ្ញុំខំសន្សំសំចៃបានប្រាក់កាស់គ្រប់មួយចំនួនទិញម៉ូតូក៏ដោយ ក៏ខ្ញុំមិនហ៊ានចំណាយវារបៀបនេះដែរ។ សព្វថ្ងៃនេះ ខ្ញុំយល់ឃើញផ្សេង សូម្បីតែប្រាក់មួយម៉ឺនដុល្លារ ក៏មិនមែនជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រូបខ្ញុំដែរ»។ គាត់ទទួលស្គាល់ថាចង់ធ្វើខ្លួនអោយដូចអ្នកដែលមានម៉ូតូថ្មីៗ នៅក្នុងខេត្តរបស់គាត់។
ម៉ូតូដែលទើបតែចេញពីរោងចក្រគឺជាកម្មសិទ្ធិផ្ទាល់ថ្មីនៃបណ្តាពួកអ្នកមានថ្មីមកពីជនបទ។ បន្ទាប់ពីលក់ដីស្រែជាច្រើនរបស់ពួកគេ តាមរយៈជំនួញដីធ្លី ពួកគេទទួលបានទ្រព្យសម្បតិ្តជាច្រើន ដែលធ្វើអោយពួកគេឈ្លក់វង្វេងជាខ្លាំង។ ពួកគេបានក្លាយជាអ្នកទិញដ៏ងប់ងល់ ដែលចង់អោយខ្លួនឯងក្លាយជាអ្នកមាន ក្នុងរយៈពេលតែមួយពព្រិចភ្នែក។ ការខ្ជះខ្ជាយប្រាក់កាក់ដ៏គួរអោយព្រួយបារម្ភ បណ្ឌិត សុខ ស៊ីណា អ្នកសេដ្ឋកិច្ចឯករាជ្យបានផ្តោតអារម្មណ៍ថា «ខ្ញុំទទួលស្គាល់ថាកសិករមានសិទ្ធិលក់ដីរបស់ខ្លួន។ ប៉ុន្តែ អ្នកដែលទិញដីពីពួកគេទាំងនោះ គ្មានគំនិតអ្វីក្រៅពីការធ្វើជំនួញឡើយ ពួកគេរងចាំអោយតម្លៃដីឡើងថ្លៃ។ សកម្មភាពទាំងនេះមិនបានពាំនាំនូវផលចំណេញ សម្រាប់សេដ្ឋកិច្ចប្រទេសជាតិឡើយ»។ ប្រទេសកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍។ តើកសិករទាំងនោះអាចធ្វើស្រែ ធ្វើចំការ ដោយគ្មានដីស្រែ បានយ៉ាងរបៀបដូចម្តេចទៅ? ផ្ទុយទៅវិញ ប្រសិនជាដីស្រែទាំងនោះប្រែក្លាយជាតំបន់ឧស្សាហកម្មវិញ នោះពួកគេនឹងអាចមានការងារធ្វើ»។ នេះគឺជាក្តីសង្ឃឹមរបស់លោកបណ្ឌិតសេដ្ឋកិច្ច។
ស្ថានការណ៍នេះបានជួយដាស់តឿន រហូតដល់មន្ត្រីជាន់ខ្ពស់។ យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍កាលពីថ្ងៃទី១២ មីនា កន្លងទៅ ដល់កសិករអោយប្រើប្រាស់ប្រាក់ទទួលបានពីការលក់ដីធ្លីរបស់ខ្លួន ដោយសមស្របច្បាស់លាស់។ ការផ្លាស់ប្តូរវិជ្ជាជីវៈ រឺការវិនិយោគទឹកប្រាក់សម្រាប់ទិញលក់ដី គឺជាទីផ្សារដ៏ប្រសើរ។ ប្រមុខរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា «មិនត្រូវខ្ជះខ្ជាយប្រាក់ដោយឥតប្រយោជន៍នោះទេ! បងប្អូនត្រូវចេះបែងចែកដីធ្លីដែលជាកេរ្តិ៍តំណែលនិងជាសម្បត្តិដ៏មានតម្លៃ»។ ជាការពិតណាស់ សម្តេចសំដែងនូវក្តីព្រួយបារម្ភខ្លាចក្រែងថា ប្រជាកសិករដែលគ្មានដីធ្លីទាំងនេះអាចនឹងធ្លាក់ចុះពីភាពមានបានរបស់ពួកគេក្នុងរយៈពេលដ៏ខ្លី ហើយពួកគេនឹងក្លាយទៅជាជនគ្មានការងារធ្វើ និងធ្លាក់ខ្លួនក្រីក្រ។ ភាពវ័យឆ្លាតរបស់អ្នកភូមិម្នាក់ លោក បូ សុខាន់ អ្នកភូមិរស់នៅក្នុងខេត្តកំពង់ស្ពឺ បានអោយដឹងថា ផ្ទះថ្មីៗបានរីកដូចផ្សិតក្នុងភូមិរបស់គាត់។ «សូម្បីតែសំលៀកបំពាក់របស់កសិករក៏លែងជាកំណាត់សំពត់ដែលប្រឡាក់ភក់ជ្រាំដូចមុនទៀតដែរ។ ប៉ុន្តែ គេមិនត្រូវភ្លេចថា គេអាចសាងសង់ផ្ទះដ៏ស្អាតមួយ និងទិញម៉ូតូមួយ បាន... ប៉ុន្តែ គេបានបាត់បង់ដីធ្លីរបស់ខ្លួនដែលត្រូវបានម្ចាស់ថ្មីដាំបង្គោលព័ន្ធជាព្រំដែនរួចស្រេចទៅហើយ»។ ពូចីវ ចូលច្រៀងខារ៉ាអូខេ... ពូចីវ ត្រូវមិត្តភក្តិរបស់គាត់បបួលចូលច្រៀងខារ៉ាអូខេ។ សម្រាប់លើកដំបូង ពូ កុម្ម៉ង់បទ «ក្រអ្វីម្ល៉េះ»។ សម្រាប់លើកទីពីរ គឺបីសប្តាហ៍ក្រោយមក គាត់បានកុម៉្មង់បទ «ភ័ព្វព្រេងវាសនា»។ គាត់ទើបតែលក់ដី បានតម្លៃខ្ពស់។ សម្រាប់លើកទីបី គឺមួយខែបន្ទាប់មក ខណៈពេលដែលគាត់ទើបតែបើកប្រាក់បានពីការលក់ដី គាត់ចង់ច្រៀងបទ «ឯណាទៅព្រហ្មចារី?»។ សម្រាប់លើកទីបួន គឺបីខែក្រោយមក គាត់មានគម្រោងច្រៀងបទ «ជីវិតខ្លីម្ល៉េះ»។ នៅចន្លោះពេលនោះ គាត់បានឆ្លងមេរោគអេដស៍។ មិត្តភក្តិរបស់គាត់បានមកច្រៀងខារ៉ាអូខេជាលើកទីប្រាំ ដោយលើកនេះ មិត្តនោះអោយគេលេងបទ ខ្លងខែក ដែលជាបទភ្លេងសម្រាប់ពិធីបុណ្យសព... ដើម្បីផ្ញើរដល់សាកសពមិត្តភក្តិរបស់គេ! |