|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| កាលប្បវត្តិភូមិខ្មែរមួយដ៏អស្ចារ្យ |
| ααα ឡូរ៉ង់ ឡឺហ្គូអង់វិក | | | 04-07-2008 | ដើមពោធិ៍ គឺជាឈ្មោះភូមិដ៏សុខក្សេមក្សាន្តមួយ មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៣ ចន្លោះទីក្រុងភ្នំពេញនិងខេត្តកំពត។ នៅក្នុងភូមិនេះ គេឃើញមានវត្តអារ៉ាមតូចមួយ សាលារៀនមួយខ្នង ដើមពោធិ៍មួយដើម វាលស្រែ ដើមត្នោត ....។ ភូមិដើមពោធិ៍មិនសូវជាសំបូរតំបន់ទេសចរណ៍ពិសេសៗនោះទេ គឺមានលក្ខណៈសាមញ្ញទូទៅ ដូចជាភូមិរាប់ពាន់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែរ។ ប៉ុន្តែ ភូមិដើមពោធិ៍មានសក្តានុពលពិសេសមួយ ដូចជាកម្លាំងដ៏ក្លៀវក្លា និងគំនិតច្នៃប្រឌិតរបស់ប្រជាពលរដ្ឋ។ អ្នកភូមិបានរួបរួមគ្នាបង្កើតជាបណ្តាញសង្គមប្រជាធិបតេយ្យឯករាជ្យនៃក្រុមប្រឹក្សាឃុំ-សង្កាត់មួយ តាមរយៈការបង្កើតធនាគារស្រូវ សមាគមមីក្រូឥណទាន និងសមាគមជួលសម្ភារៈ ព្រមទាំងគណៈកម្មាធិការរួបរួមសាមគ្គីតូចៗជាច្រើនដើម្បីជួយដល់ប្រជាជនក្រីក្រ រឺដើម្បីជួសជុលផ្លូវថ្នល់។ ជារៀងរាល់ឆ្នាំ អ្នកភូមិបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសជាងមួយរយនាក់ ដែលមកពិសារភោជនីយអាហារ រឺមកសំណាក់នៅផ្ទះរបស់ប្រជាជនខ្មែរ «តាមរបៀបរស់នៅរបស់ខ្មែរ» ដោយបានផ្តល់ជាថវិកាជួយដល់ការអភិវឌ្ឍន៍គម្រោងរបស់អ្នកភូមិ។
ពីរភាគបីនៃប្រជាជនភូមិដើមពោធិ៍ ដែលនៅក្នុងភូមិនោះមានប្រជាជនចំនួន១២០០នាក់ ភាគច្រើននៃពួកគេទាំងនោះសុទ្ធសឹងតែជាកសិករ ដូចជាប្រជាជនខ្មែរផ្សេងទៀតដែរ។ ភូមិរបស់ពួកគេស្ថិតនៅក្នុងខេត្តកំពត ចម្ងាយផ្លូវ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅចុងផ្លូវលំមួយខ្សែប្រវែង៥គីឡូម៉ែត្រ ដែលតភ្ជាប់ទៅនឹងផ្លូវជាតិលេខ៣។ ភូមិនេះគ្មានកេរ្តិ៍តំណែលបន្សល់ទុកពីសម័យអង្គរ និងឆ្នេរខ្សាច់ពណ៌សឡើយ។ ម្យ៉ាងវិញទៀត ព្រះវិហារព្រះពុទ្ធសាសនាដ៏តូចតែមួយ ដែលមានពណ៌ស្រស់ឆើតឆាយ ស្ថិតនៅលើកំពូលកូនភ្នំមួយ មិនសូវទាក់ទាញភ្ញៀវទេសចរអោយចូលមកទស្សនាតំបន់ដ៏ស្ងាត់ជ្រងំនេះបានទេ។ តើទិដ្ឋភាពសាមញ្ញៗទាំងនេះបានផ្តល់អត្ថប្រយោជន៍អ្វី? អ្នកភូមិបានទទួលជោគជ័យក្នុងការទាក់ទាញអ្នកទេសចរ អោយចូលមកទស្សនាទិដ្ឋភាពពិតៗ និងចូលរួមចំណាយពេលវេលាខ្លះៗ ជួយដល់ការអភិវឌ្ឍន៍សហគមន៍ដ៏ស្វាហាប់មួយនេះ។
អ្វីគ្រប់យ៉ាងបានចាប់ផ្តើមឡើងកាលពីឆ្នាំ១៩៩៧ តាមរយៈការជួយជ្រោមជ្រែងអោយសម្រេចបានជោគជ័យ ពីសំណាក់កម្មវិធីសន្តិសុខស្បៀងអាហារ(IFSP)។ កម្មវិធីនេះត្រូវរៀបចំឡើងរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់ និងត្រូវបានដាក់អោយប្រើប្រាស់ដោយទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ GTZ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម ហើយនឹងក្រសួងសុខាភិបាល។ គោលបំណងរបស់ស្ថាប័នទាំងនេះគឺចង់កាត់បន្ថយកង្វះអាហារូបត្ថម្ភនៅតាមជនបទ ដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រឺគាំទ្រសកម្មភាពការងារផ្សេងៗ ដែលអាចនាំមកនូវប្រាក់ចំណូលដល់អ្នកភូមិ។ នៅក្នុងក្របខ័ណ្ឌនេះ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ GTZ បាននាំមកនូវអំណោយធម្មជាតិមួយចំនួនដល់អ្នកភូមិនេះ គឺអង្ករទាំងបាវៗ។ នេះគឺជាកាដូមួយដែលត្រូវបានគេអោយតម្លៃបំផុត ប៉ុន្តែ សំណួរទីមួយត្រូវបានចោទសួរឡើងថា តាមរយៈអង្ករទាំងនេះ តើគេអាចធ្វើអ្វីបានខ្លះ? នៅពេលបញ្ចប់កិច្ចប្រជុំរួមគ្នាមួយ គំនិតមួយបានផុសចេញឡើង នោះគឺការបង្កើតធនាគារស្រូវមួយ ដែលអាចធានានូវសន្តិសុខស្បៀងអាហារ ដែលបានមកពីគ្រាប់ធញ្ញជាតិដ៏មានតម្លៃនេះ ហើយទន្ទឹមនឹងនេះ គេអាចគ្រប់គ្រងប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ដល់គម្រោងផ្សេងៗទៀត។ ពេលនោះ គណៈកម្មាធិការមួយត្រូវបានជ្រើសតាំង ដើម្បីទទួលបន្ទុកកិច្ចការនេះ។ ការងារនេះគឺជាគម្រោងទីមួយរបស់សមាគមជាច្រើន ដែលបច្ចុប្បន្ននេះ គឺជាសង្គមស៊ីវិលដ៏ពិតប្រាកដមួយនៅក្នុងភូមិ។
លោក លាង គីមហេង គឺជាសមាជិកគណៈកម្មាធិការនៃធនាគារមួយ ក្នុងចំណោមធនាគារស្រូវទាំងពីរ ដែលជាស្ថាប័នពីរផ្សេងគ្នា។ អង្គការទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលការគ្រប់គ្រងស្រូវ ដែលត្រូវបានធានាដោយអ្នកធ្វើការស្ម័គ្រចិត្តមិនយកប្រាក់កំរៃ។ លោកបានរៀបរាប់យ៉ាងលំអិតថា «អ្នកភូមិអាចខ្ចីអង្ករ១៦គីឡូក្រាម ក្នុងមួយឆ្នាំ និងត្រូវសងវិញជាស្រូវចំនួន២៤គីឡូក្រាម បូកនឹងប្រាក់ចំណេញជាស្រូវ៦គីឡូ»។ ដើម្បីជៀសវាងការមិនសងបំណុលវិញ ប្រព័ន្ធក្រុមការងារធានារ៉ាបរងមួយ ដែលមាន៥ រឺ៦គ្រួសារ ត្រូវបានបង្កើតឡើងៈ ប្រសិនជាគ្រួសារមួយ ដែលបានខ្ចីអង្ករ មិនអាចសងវិញបាន គ្រួសារផ្សេងទៀតនឹងត្រូវចេញសងជំនួសគ្រួសារមួយនោះ។ ពីមួយឆ្នាំទៅមួយឆ្នាំ រូបមន្តមួយនេះអាចជួយធានានូវភាពស្វយ័តរបស់ធនាគារស្រូវទាំងពីរ និងជួយបំពេញឃ្លាំងស្តុកអង្ករឡើងវិញយ៉ាងមានប្រសិទ្ធិភាព ហើយនឹងជួយគ្រប់គ្រងប្រាក់ចំណូល តាមរយៈការលក់អង្ករដែលលើសពីការចង់បាន។
នៅឆ្នាំបន្ទាប់ គណៈកម្មាធិការថ្មីមួយត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ។ ការប្រមូលផ្តុំផ្សេងៗ ដូចជា ការងារស្ម័គ្រចិត្តរបស់អ្នកភូមិ អំណោយរបស់វត្តអារ៉ាម ជំនួយរដ្ឋាភិបាល និងកម្មវិធី«អាហារដើម្បីការងារ» សុទ្ធសឹងតែស្ថិតនៅក្នុងក្របខ័ណ្ឌជំនួយរបស់GTZ។ ដោយសារតែមានក្របខ័ណ្ឌជំនួយនេះ ទើបបានជាគេអាចផ្តល់រង្វាន់ជាអង្ករដល់អ្នកភូមិដែលបានចូលរួមការងារ។ លើសពីនេះ គេអាចជួសជុលផ្លូវថ្នល់ កសាងស្ពាន ជីកស្រះ…។
តុ កៅអី និងចានបាយ នៅឆ្នាំតែមួយនេះ (១៩៩៨) ប្រាក់ចំណូលដំបូងអាចជួយផ្គត់ផ្គង់ដល់ការបង្កើតសមាគម«តុនិងចានបាយ»។ ឈ្មោះសមាគមនេះមានលក្ខណៈចម្លែក ដែលមានគោលការណ៍សាមញ្ញមួយ គឺរៀបចំតុ កៅអី សម្រាប់ជួលអោយអ្នកភូមិ ក្នុងតម្លៃមួយប្រកួតប្រជែង ព្រោះថាអ្នកទាំងនោះតែងតែរៀបចំពិធីបុណ្យមិនតិចជាង៥០ដងទេក្នុងមួយឆ្នាំ។ សមាគមបានទិញសម្ភាៈតុកៅអី២០ឈុត សម្រាប់មនុស្ស៨នាក់ ដោយជួលក្នុងតម្លៃ១ម៉ឺនរៀល សម្រាប់មនុស្សម្នាក់ ក្នុងមួយពិធីបុណ្យ។ គេក៏បានរៀបចំកន្លែងមួយសម្រាប់ស្តុកឥវ៉ាន់ទាំងនេះ ហើយម្តងម្កាល កន្លែងនេះត្រូវបានយកទៅធ្វើជាភោជនីយដ្ឋាន ដោយមានផ្ទះបាយនៅជាប់ហឹ្នង។
នៅឆ្នាំ១៩៩៩ អ្នកភូមិបានបង្កើតប្រព័ន្ធមីក្រូឥណទាន ដែលគ្រប់គ្រងដោយគណៈកម្មាធិការមួយផ្សេងទៀត និងត្រូវបានផ្តួចផ្តើមគំនិតឡើង ជាមួយនឹងអត្ថប្រយោជន៍នៃធនាគារស្រូវទាំងពីរ ហើយនឹងសមាគមផ្គត់ផ្គង់សម្ភារៈជួលពេលបុណ្យទាន។ នេះគឺជាគម្រោងមូលនិធិកំណត់ តែស្វយ័ត ហើយប្រជាជនគ្រប់រូបអាចខ្ចីប្រាក់កាសបន្តិចបន្តួចពីគម្រោងដើម្បីចាប់ផ្តើមការចិញ្ចឹមសត្វស្លាប ទិញជី រឺក៏ប្រកបរបរកសិកម្មផ្សេងៗ។ ឧទាហរណ៍ តាមរយៈជំនួយគាំទ្រនេះ គេឃើញមានអ្នកភូមិជំនាញ «របរកសិកម្មចំរុះ»។ ក្រៅពីស្រូវ កសិករភូមិដើមពោធិ៍ខ្លះក៏បានដាំដើមត្របែក ដើម«ចំណង់»(ដើមប៉ុកឡុក) ជាដើម។
ជំនួយមួយសម្រាប់គ្រួសារក្រីក្រ ជាចុងក្រោយ ដើម្បីជួយដល់ប្រជាជនក្រីក្របំផុត សមាជិកគណៈកម្មាធិការទាំងនេះបានជួបប្រជុំគ្នាយ៉ាងហោចណាស់មួយលើកក្នុងមួយខែ នៅទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ សំដៅសហប្រតិបត្តិការសកម្មភាពផ្សេងៗរបស់ខ្លួន។ សមាជិកទាំងនោះក៏បានសម្រេចចិត្តបង្កើតសមាគម «សុវត្ថិភាពសម្រាប់ប្រជាជនក្រីក្របំផុត» ដោយបានផ្តល់អំណោយធម្មជាតិ (មានអង្ករ រឺមាន់) ដល់ក្រុមគ្រួសារដែលជួបប្រទះនូវការលំបាកបំផុត នៅក្នុងភូមិ។ គ្រួសារក្រីក្រទាំងនោះត្រូវបានគេចុះនៅក្នុងបញ្ជីសាធារណៈមួយ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ លោកប៉ែន អ៊ន អាយុ៥៥ឆ្នាំ សមាជិកម្នាក់នៃធនាគារស្រូវបានពន្យល់ជាភាសាបារាំងថា «៣៨គ្រួសារ ក្នុងចំណោម២៧៨គ្រួសារនៅក្នុងភូមិ ត្រូវបានចាត់ទុកជាគ្រួសារក្រីក្របំផុត នៅក្នុងឆ្នាំនេះ។» កសិករដែលមានកូនប្រាំពីរនាក់រូបនេះបានលំអិតថា «យើងកត់សំគាល់ឃើញថាគ្រួសារមួយចំនួនអាចអភិវឌ្ឍស្ថានភាពរស់នៅរបស់ខ្លួនបានបន្តិចម្តងៗ។ ជាក់ស្តែង ពីមួយឆ្នាំទៅមួយឆ្នាំ គ្រួសារទាំងនោះបានខ្ចីអង្ករក្នុងបរិមាណតិចតួច។ ជារៀងរាល់ឆ្នាំ យើងបានលុបឈ្មោះមួយទៅពីរគ្រួសារចេញពីបញ្ជីនៃគ្រួសារក្រីក្រ។ ប៉ុន្តែ យើងក៏បានបន្ថែមឈ្មោះគ្រួសារថ្មីចូលវិញផងដែរ ជាពិសេសអ្នកទើបតែនឹងរៀបការថ្មីថ្មោង ដែលចាប់ផ្តើមកសាងគ្រួសារថ្មី ជាមួយបាតដៃទទេ…»។
ប្រឈមមុខទៅនឹងតម្រូវការចាំបាច់ សង្គមស៊ីវិលតូចៗនៃភូមិដើមពោធិ៍នេះ ក៏បានសម្រេចចិត្តស្វែងរកប្រភពហិរញ្ញប្បទានផ្សេងទៀត តាមរយៈមធ្យោបាយសាមញ្ញៗ នោះគឺប្រភពចំណូលដែលបានមកពីទេសចរខាងក្រៅ។ តួយ៉ាង សាលរបស់គណៈកម្មាធិការអភិវឌ្ឍន៍ត្រូវបានប្រើជាកន្លែងអាហារដ្ឋានសម្រាប់អ្នកធ្វើដំណើរដែលឈប់សម្រាកនៅត្រង់ផ្លូវពីភ្នំពេញ ទៅខេត្តកំពត។ នៅទីនោះ គេមានលក់ដូងស្រស់ៗ នំអង្ករ ស្ករត្នោត ដែលផលិតដោយសមាគម «តុនិងចានបាយ»។ នៅក្នុងអគារតែមួយនេះ គេបានរៀបចំបន្ទប់តាំងពិពណ៌ ដើម្បីបង្ហាញពី សកម្មភាពការងាររបស់គណៈកម្មាធិការ និងឧបករណ៍កសិកម្មបុរាណមួយចំនួន។ អ្នកភូមិក៏បានរៀបចំផ្ទះរបស់ខ្លួន ធ្វើជាផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនា «ទិដ្ឋភាពពិតៗ» ក្នុងភូមិ ទៅតាមរដូវនីមួយៗ និងមកសិក្សាពីការស្ទូងស្រូវ រឺច្រូតកាត់ស្រូវ មកទស្សនាការប្រគុំតន្រ្តីបុរាណតូចៗជាលក្ខណៈឯកជន ព្រមទាំងលក្ខណៈពិសេសៗក្នុងតំបន់ជាច្រើនផ្សេងទៀត។
វិស័យទេចរណ៍នៅទីនោះមានចំនួនកំណត់ គឺមិនមានចំនួនច្រើនសន្ធឹកសន្ធាប់ ពេកនោះទេ។ ទេសចរណ៍ត្រូវបានគ្រប់គ្រងនិងរៀបចំឡើងដោយផ្ទះសំណាក់ដើមស្វាយ មួយរបស់ជនជាតិបារាំងកាត់ខ្មែរ នៅខេត្តកំពត ហើយនឹងក្រុមហ៊ុនរៀបចំកម្មវិធីកំសាន្តមួយ។ ប្រាក់កំរៃដែលបានមកពីវិស័យនេះអាចជួយផ្គត់ផ្គង់ដល់ថវិការបស់សមាគមតូចៗក្នុងភូមិ និងជួយពង្រឹងភាពស្វយ័តរបស់ខ្លួន។ លោកប៉ែន អ៊ន បានបញ្ជាក់ នៅចំពោះមុខប្រធានភូមិ អ៊ីវ ផានថា«យើងមានភាពឯករាជ្យពីក្រុមប្រឹក្សាឃុំ-សង្កាត់។ គាត់អាចចូលរួមក្នុងសកម្មភាពរបស់យើងបាន និងអាចជួយគាំទ្រដល់គម្រោងរបស់យើង ប៉ុន្តែ គាត់មិនបានត្រួតពិនិត្យការងាររបស់យើងនោះទេ»។ |

|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|