Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:12 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

អ្នករស់នៅទីក្រុងភ្នំពេញស្រឡាញ់ងប់ងុល នឹងសត្វចិញ្ចឹម
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
20-06-2008

 Cambodge - Phnom Penh - veterinaire Navetco © Vandy Rattana

ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០០៨៖ ការពិនិត្យព្យាបាលជម្ងឺសត្វនៅគ្លីនិកណាវេតកូ

ដែលជាមន្ទីរព្យាបាលដំបូងគេរបស់ក្រុមហ៊ុនវៀតណាម នៅកម្ពុជា

© Vandy Rattana

 

អស់រយៈពេលជាច្រើន​ឆ្នាំមកហើយ អ្នករស់នៅទីក្រុងភ្នំពេញ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើសត្វ​ចិញ្ចឹម​​​​មួយ​ចំនួន ដូចជា​ឆ្កែ ឆ្មា ទន្សាយ​ជាដើម។ មក​ទល់​សព្វ​ថ្ងៃនេះ ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ និង​ពេទ្យសត្វ​មួយចំនួន​បាន​ឆ្លៀត​ឱកាស​​​ស្វែង​រក​ប្រាក់​​​ចំណេញ​ពី​ការ​ស្រឡាញ់​ចូលចិត្ត​សត្វនេះ​ និង​បាន​​ទាញ​យកអត្ថប្រយោជន៍​ពី​កំណើន​កំរិត​ជីវភាព​របស់​ប្រជាជន​​។ ក្រុមហ៊ុន​វៀត​ណាម​​​មួយ ឈ្មោះ ណាវេតកូ(Navetco) គឺជា​ក្រុមហ៊ុន​ចុងក្រោយ​គេ​ ដែលបាន​ធ្វើការ​ចែក​ចាយ​ចំណីសត្វ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេសកម្ពុជា​ ហើយ​​ទើបតែ​បង្កើត​គ្លីនីក​បសុព្យាបាលថ្មីស្រឡាង​មួយ នៅ​​​រាជធានី​ភ្នំពេញ។

 

កំណើន​សេដ្ឋកិច្ច​ និង​សត្វ​ចិញ្ចឹមក្នុង​ផ្ទះ​
លោ​ក អ៊ុំ​ រតនា បសុពេទ្យ​ម្នាក់ បានលុត​ជង្គង់​​​ពិនិត្យ​ជំងឺឆ្កែតូច​មួយក្បាល​ ដែល​មាន​ពូជ​មកពី​ប្រទេស​​​​ម៉ិចស៊ិក ​​យ៉ាង​យកចិត្ត​ទុកដាក់ ដោយមាន​ប្រសាសន៍​ថា​​៖ «ឆ្កែដូដូ នេះ​មាន​សុខ​ភាព​មិន​សូវ​រឹង​មាំ មិនសូវស៊ីចំណី​អាហារ  ខ្សោយ​ មាន​ភ្នែក​ស្លែ និង​មានត្រចៀក​បាក់​...»។ លោក​បាន​ព្យួរ​សេរ៉ូម​ឆ្កែ​​នេះ ​រយៈពេល​១៥​នាទី​ ដែល​វិធី​នេះ​គឺ​ជា​​វេជ្ជសាស្រ្ត​ដ៏ពេញនិយម​នៅ​ប្រទេសកម្ពុជា។ លោកគ្រូ​ពេទ្យ​វ័យក្មេង អាយុ​២៧ឆ្នាំ​រូបនេះ​​ប្រកប​មុខរបរ​ជា​ពេទ្យ​សត្វ​​ព្យាបាល​ឆ្កែឆ្មា គ្រប់​​ពូជ​ មិនថា​តូច​ រឺធំ នៅក្នុង​គ្លីនីក​ដ៏តូច​មួយរបស់លោក នៅតាម​ផ្លូវ​លេខ​៩៥ ភាគ​​ខាងត្បូង​រាជធានី ភ្នំពេញ។ លោក​មិន​ព្រួយ​បារម្ភ​ទៅនឹង​​​បញ្ហា​ប្រកួត​ប្រជែង​នៅលើ​​ទីផ្សារ​របស់​គ្លីនីក​បសុ​ព្យាបាល​​ ដូចជា​គ្លីនិក​ខ្មែរ-វៀត​ណាម​ ​ណាវេតកូ នោះទេ ពីព្រោះថា​នៅ​រាជធានី​ សត្វ​​ចិញ្ចឹម​​បានកើន​ឡើង​ក្នុង​កំរិត​មួយខ្ពស់ ដូច​ជា​​ការរីកចម្រើន​សេដ្ឋកិច្ចប្រទេស​កម្ពុជា​ផង​ដែរ។
 
លោក​ លី ទ្រី ប្រធាន​គ្លីនិក​ណាវេតកូ ដែល​មានជញ្ជាំង​លាបពណ៌លឿង ព្រម​ជាមួយនឹង​រូប​គំនូរ​ដ៏​ស្រស់​ស្អាត​ ក៏បានយល់​ឃើញ​​​ដូច​គ្នា​នេះផង​ដែរ។ អ្នក​រស់​នៅ​​ទីក្រុងភ្នំពេញ​​ដើម​កំណើត​វៀត​ណាម​​រូប​នេះ​ទទួលបាន​ជោគជ័យលើ​មុខ​ជំនួញ​លក់​ចំណីសត្វ​ ដែល​មាន​ស្លាកសញ្ញា​តែមួយ​ជាមួយ​​នឹង​ក្រុម​ហ៊ុន​​ណា​វេតកូ។ លោក​មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ចំពោះ​គ្លីនិក​របស់​លោក​​ដែល​ទើប​តែ​នឹង​បើកទ្វារដំណើរការ​រយៈពេល​​ជិត​ពីរ​សប្តាហ៍​មកនេះ។ លោក​បាន​សំដែង​ការ​ត្រេក​អរ​ថា​ «យើង​រក​បាន​អតិថិជន​ប្រហែលជា​១០នាក់​ក្នុង​មួយ​ថ្ងៃ។ យើង​មិនទាន់​អាច​ដឹង​ថា​​តើ​វា​ដំណើរ​ការ​ទៅមុខ​បាន​យ៉ាង​ណា​នោះទេ ប៉ុន្តែ ខ្ញុំ​​​មាន​ទំនុក​ចិត្ត​​​ជានិច្ច​»។
 
ដើម្បី​អាច​ដំណើរការ​គ្លីនីក​បសុព្យាបាលនេះបាន​ លោក លី ត្រូវ​ពឹង​ផ្អែក​ទៅលើ​សមត្ថភាព​របស់​កូន​ប្រុស​​ទាំង​ពីរ​របស់​លោក។ កូន​ម្នាក់បានបញ្ចប់​ការសិក្សា​ផ្នែកសុខភាព​សត្វ ចំណែក​ឯម្នាក់​ទៀត​កំពុង​សិក្សាផ្នែកដូចគ្នានេះ​​នៅ​មហា​វិទ្យាល័យ ។ លោក​ប្រធាន​ជនជាតិវៀតណាមរូបនេះ​ស្វែង​រក​បាន​ដៃ​គូ​ស​ហការ​​ម្នាក់​ដែល​បាន​ផ្តល់​ចំណេះដឹង​ដល់រូបលោក នោះគឺលោកវេជ្ជ​បណ្ឌិត​អ៊ិត​ ម៉ា​ណយ​ សាស្រ្តាចារ្យ​​នៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​ ចំការដូង។ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​​ជំនាញ​អភិវឌ្ឍន៍ជនបទ​ និង​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត​ផ្នែកសុខភាពសត្វ​ បន្ទាប់​​ពី​សិក្សា​អស់រយៈពេល​៦ឆ្នាំ​នៅ​ប្រទេស​វៀតណាម​។ ជាចុងក្រោយ លោក​បាន​សម្រេច​ចិត្ត​ចំណាយ​​ពេលវេលា​ព្យាបាល​​សត្វ​ឆ្កែនិងឆ្មា នៅ​តាមទីក្រុង។
 
ស្ថិតនៅទល់មុខនឹង​មជ្ឈមណ្ឌល​កុមារកំព្រា
លោក​ លី បានអះអាង​ថា​«បច្ចុប្បន្ននេះ ទីផ្សារគ្លីនិក​បសុព្យាបាល​​​​​មាន​សន្ទុះ​យ៉ាង​ខ្លាំង។ ហេតុ​ផល​នេះ​ហើយ​ ដែល​ធ្វើអោយខ្ញុំ​សម្រេច​ចិត្ត​បើក​រប​ររកស៊ី​នេះ​»។ លោក​រីករាយ​ក្នុងការ​បង្ហាញ​នូវ​វត្ថុ​ផ្សេងទៀត​​​សម្រាប់​សត្វ​ ដែល​គាត់​រៀប​ចំ​សម្រាប់​លក់​អោយ​អតិថិជន​របស់​គាត់​ ដូច​ជា​អាវ​យឺត​​ឆ្នូត អាវ​ភ្លៀង​ពណ៌ថ្លា​ ខ្សែ​ក​​ដែលមាន​រូប​បេះដូង​តូចៗ ដែលសុទ្ធសឹងតែ​ជា​​ផលិត​ផល​ថ្មីចុង​ក្រោយ​​បំផុត​របស់​​​គាត់​។ នៅពេល​​​បង្ហាញ​ទំនិញ​ទាំង​នេះ​​ ដូចជា​ចិញ្ចៀន​ដែល​ដាក់តាំង​នៅ​ក្នុង​​ទូ​កញ្ចក់ បានធ្វើ​អោយ​លោក​មានភាពញញឹម​​។ ប៉ុន្តែ លោក​ប្រធាន​គ្លីនីក​ថ្មីនេះ ដែលស្ថិត​​នៅទល់​មុខ​នឹង​សមាគម​កុមារ​កំព្រា​អាស្ពេកា (Aspeca) ​ ​។  លោក​​រីករាយ​នឹង​ការងារ​នេះណាស់ ព្រោះ​មាន​​ការ​​កុម្ម៉ង់​ទិញ ។ លោក​មាន​ប្រសាសន៍​ដោយ​​​​ត្រង់ៗថា «អតិថិជន​សម្រាប់សេវាកម្មនេះ និង​ទំនិញ​ទាំងនេះ​ ភាគច្រើន​ចេញពី​ប្រភពគ្រួសារ​ដែលមានជីវភាព​ធូរធារ។ យើង​មិនផ្តោត​ការ​ចាប់​អារម្មណ៍​ទៅលើ​ប្រជាជនក្រីក្រ​នោះទេ ព្រោះថា​ពួកគេ​មិនខ្វាយខ្វល់​ទៅ​នឹង​ការចិញ្ចឹម​​ឆ្កែនោះ​ទេ»។
 
លោ​កបណ្ឌិត​ អ៊ិត​ ម៉ាណយ​ មានទស្សនៈយល់ឃើញ​ផ្សេង​។ បសុពេទ្យ​រូប​​នេះ​បានបញ្ជាក់ថា​ «អតិថិជន​​​បានដឹកឆ្កែរបស់ខ្លួន ដោយ​រថយន្ត ម៉ូតូផ្ទាល់ខ្លួន រឺ​ម៉ូតូ​ឌុប​»។ លោក​បានគូសបញ្ជាក់​ថា​ប្រជាជនគ្រប់​ស្រទាប់វណ្ណៈ​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​សត្វ​​ដូចៗគ្នា។ លោក​មាន​ប្រសាសន៍​ថា​ «វា​គឺ​ជា​ការ​ពិត​ដែល​ថា​កំរិត​ជីវភាព​​​កាន់តែធូរធារ ប្រជាជន​កាន់តែ​ស្រឡាញ់​សត្វ​។ ប៉ុន្តែ គ្រួសារ​សាមញ្ញ​ ក៏មានការ​​ផ្សារ​ភ្ជាប់​ទៅនឹងសត្វ​ឆ្កែផង​ដែរ​ ព្រមទាំង​បាន​​​ចាត់​ទុក​សត្វ​ប្រភេទនេះ ដូចជា​សមាជិក​គ្រួសារ​មួយ​ដ៏ពិត​ប្រាកដ​​»។
 
ពូជ​ឆ្កែ​​មាន​តម្លៃ​ខុសៗគ្នា​
លោក​ អ៊ុំ រតនា ក៏ដូចជា​លោក ​លីទ្រី បាន​បញ្ជាក់​ថា នៅ​គ្លីនីកណាវេតកូ រឺ​នៅ​តាម​​គ្លីនីក​តូចតាច​មួយ​ចំនួន ​ ការពិគ្រោះ​​​ធម្មតា​នៅរក្សា​​តម្លៃថោក​សមរម្យ​ដដែល​  គឺ​ចន្លោះពី​ប្រាំ​ពាន់រៀល ទៅ​ប្រាំពីរ​ពាន់​រៀល​ ទៅតាម​ទម្ងន់​របស់សត្វ និង​​ទៅតាម​លទ្ធភាព​របស់​ម្ចាស់​គ្លីនិក​។​ សម្រាប់ការ​ទិញ​ ​ពូជសត្វ​មួយ​ក្បាល​​មាន​តម្លៃ​ចាប់ពី​៥០ទៅ​៣០០ដុល្លារ ទៅតាម​ទំហំ អាយុ ភេទ និង​ពូជ​របស់​សត្វ​។ ឆ្កែ​ពូជ​ចិន​ប៉េកាំង​មួយក្បាល ដែលជា​ពូជឆ្កែពេញនិយម មាន​តម្លៃមធ្យម​​៦០​ដុល្លារ ពូជ​ឆ្កែមកពី​ប្រទេស​ម៉ិចស៊ិក ដូចជា​ ឆ្កែ​ដូដូ មាន​តម្លៃប្រហែលជា​១២០​ដុល្លារ ចំណែក​ពូជ​ឆ្កែ​ប៊ែហ្សេ​អាល្លឺម៉ង់ និង​ប៊ែលហ្ស៊ិក​​ មានតម្លៃខ្ពស់ជាងគេ ព្រោះ​ពូជប្រភេទនេះ​ទទួលបាននូវការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើងៗ។
 
កាល​ដំបូងឡើយ មាន​តែ​គ្រួសារ​អ្នកមាន​ តារា​ចម្រៀង តារាសំដែង និង​អ្នក​ជំនួញ​ស្តុកស្តម្ភ​ប៉ុណ្ណោះ​ ដែល​ចាប់​អារម្មណ៍​លើ​ការ​ចិញ្ចឹម​សត្វ​នេះ​ ប៉ុន្តែ​ឥឡូវ​នេះ​​ គ្រួសារ​សាមញ្ញៗ​ក៏​ចាប់​អារម្មណ៍​លើ​សត្វ​ចិញ្ចឹមផង​ដែរ។  លោក​ប្រធាន​គ្លីនិក​ ណាវេតកូ កម្ពុជា បាន​រៀបរាប់​ថា «មាន​ឆ្កែ​មួយ​ក្បាល គឺ​ជា​សញ្ញា​​វិជ្ជមាន​»។ ដោយផ្អាក​និយាយ​ទាក់ទង​នឹង​មុខ​ជំនួញ​មួយ​ស្របក់​ លោក​ក៏​​​​ពន្យល់​​ពី​មូល​ហេតុ​​នៃ​ការ​​សម្រេចចិត្ត​ចិញ្ចឹម​ឆ្កែ​ប៊ែហ្សេ​ពូជអាល្លឺម៉ង់​ទាំង​បីក្បាល​នេះ​។ ​«មាន​​ឆ្កែ​មួយ​​ក្បាល​ ហាក់បង្ហាញ​ ​សុភមង្គល​នៅ​ក្នុង​​គ្រួសារ​។​ លោក​ដឹង​ទេ​ថា​ឆ្កែ​មាន​ភាព​វ័យឆ្លាត។ ពេល​​វា​ប្រលែង​គ្នា​លេង​សមាជិកគ្រួសារ​មាន​ការ​សប្បាយ​រីក​រាយ។ វាគឺជា​និមិត្ត​រូប​នៃ​សុខុមាល​ភាព​​និង​ការ​សប្បាយ​រីករាយ​នៅក្នុង​ផ្ទះ»។
 
សត្វគឺជា​កាតាលីករ
​លោក អ៊ុំ ពី​ បងប្អូន​ជីដូនមួយ​​របស់​បសុពេទ្យ​អ៊ុំ រតនា និង​ជា​នាយក​មជ្ឈ​មណ្ឌល​​​សេវា​បសុព្យាបាល បាន​អះអាង​ថា «មនុស្ស​យើង​សំដែង​អារម្មណ៍​របស់​ខ្លួន​ ជាមួយនឹង​សត្វឆ្កែ»។ «ជួនកាល​ គេ​បាន​ចាត់​ទុកឆ្កែ ដូចជា​កូនរបស់ខ្លួន។ គេ​បង្ហូរទឹកភ្នែក គេ​អោបវា​។ មនុស្ស​មួយចំនួន​បាននាំ​ឆ្កែ​មកកាន់​គ្លីនិក​ទាំង​យប់​ជ្រៅ នៅម៉ោង​៣ទៀប​ភ្លឺ ព្រោះ​ឆ្កែ​ហាក់​បីដូច​ជា​មិន​សូវ​ស្រួល​ខ្លួន។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​​បីអោប​សាកសព​ឆ្កែរបស់​គេ​  ទាំង​ស្រែក​យំ។ ពួកគេ​ហាក់​បី​ដូច​​ជា​មាន​មនោ​សញ្ចេតនា​ផ្សារភ្ជាប់គ្នា​យ៉ាង​ខ្លាំង»។
 
ជួនកាល​ លោកអ៊ុំ រតនា  មិនអាច​ជួយ​សង្រ្គោះ​ឆ្កែ​បាន​ ជាហេតុ​ធ្វើអោយ​ម្ចាស់​ឆ្កែ​​មាន​កំហឹង​យ៉ាង​ខ្លាំង​។ «ពួកគេ​បាន​ជះកំហឹង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​មកលើ​ពេទ្យ​​សត្វ ពេល​ដែល​គេ​ដឹង​ថា​ពេទ្យ​មិនមាន​លទ្ធភាព​​ព្យាបាល​សត្វ​របស់គេ​បាន​។ នៅទីក្រុង ទំនាក់ទំនង​រវាង​មនុស្សនិង​សត្វ​ មាន​លក្ខណៈខុស​ដោយ​ឡែក​ពីនៅ​តាម​ជន​បទ។ នៅតាម​សុ្រក​ស្រែចំការ​ ឆ្កែ​រស់នៅ​ក្រៅផ្ទះ និងដើរ​ទៅ​ណា​មកណា ដោយសេរី គ្មាន​អ្នកណាម្នាក់នៅចាំមើល​ថែពួកវា​នោះទេ។ នៅ​ទីក្រុង​ភ្នំ​ពេញ​​ គេ​រស់នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​សត្វ​ដោយ​ផ្ទាល់។ នៅពេលយើង​ដើរ​ចូល​ក្នុងផ្ទះ​ យើង​នឹង​​ឃើញ​ឆ្កែ​របស់ខ្លួន​​នៅ​ឈរ​រកចាំ​។ ជាការពិតណាស់​ យើង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​នឹង​ឆ្កែ»។
 
អ្នកស្រី អ៊ឹម គឺជា​​ម្ចាស់​ឆ្កែ​តឿ​ឈ្មោះ កាលី ដែលជាពូជ​ឆ្កែកូនកាត់​ អាយុ៤ឆ្នាំ។ ដោយកាន់​មួក​សុវត្ថិភាព​​ជាប់នឹង​ដៃ ព្រមទាំ​ងមាន​បីសត្វ​​ដែលជ្រួលច្របល់​នឹង​ទែរម៉ូម៉ែត្រ​ដែល​បសុពេទ្យ​ដាក់​វាស់កំដៅ​ ស្ត្រី​វ័យ​៥០ឆ្នាំផ្លាយរូបនេះ​បាន​ពន្យល់​​ប្រាប់​ពីការ​ស្រឡាញ់​ថ្នាក់​ថ្នម​ឆ្កែតឿរោមទន់​នេះ។ «ឆ្កែនេះគឺជារបស់​កូនស្រី​ខ្ញុំ នាង​​ស្រឡាញ់​សត្វ​ណាស់។ សព្វថ្ងៃនេះ នាង​បាន​ចាក​ចេញ​ទៅ​រស់នៅ​ប្រទេស​កាណាដា​។ ដូច្នេះ ខ្ញុំ​នៅ​ចាំមើលថែ​ឆ្កែនេះជំនួសកូនស្រី ដោយត្រូវ​តាមដាន​ពី​សុខ​ភាព​ឆ្កែ​យ៉ាង​ដិត​ដល់​។ ខ្ញុំ​មានការសប្បាយ​រីករាយ​ណាស់​ ដែលបាន​នៅ​ថែ​ទាំ​​ឆ្កែ ជំនួស​​កូនស្រីរបស់ខ្ញុំ។ ខ្ញុំគឺជាស្រ្តីមេផ្ទះ ខ្ញុំមានពេលទំនេរច្រើន»។ ជួ​ន​កាល​​ កូនស្រីរបស់​អ្នកស្រីអ៊ឹម បានទូរស័ព្ទមកលេង​ផ្ទះ ដើម្បី​បាន​ដឹង​ពី​ដំណឹង​របស់កាលី។ «នាងបានយំតាម​ទូរស័ព្ទ នាង​បាននិយាយទៅកាន់ឆ្កែ។ នាង​នឹកឆ្កែនេះយ៉ាងខ្លាំង...»។
 
លោក​ លី ដែល​នៅអង្គុយចាំស្តាប់សាច់រឿងនេះ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ យើង​ស្រមៃ​ថា​«នា​ថ្ងៃអនាគត យើង​នឹង​វិនិយោគនូវ​សម្ភារៈ​ទំនើប ជា​ពិសេស​​អេកូសាស្រ្ត»។ ទីផ្សារ​សត្វឆ្កែ​ទើប​តែ​នឹង​​​​ចាប់​ផ្តើមប៉ុណ្ណោះ​។

Ka-set.info
 
 

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-ប្រចៀវរស់មានតម្លៃជាងប្រចៀវងាប់ (២៩-០៥-២០០៨)
-ចំនួនផ្សោត​ទឹកសាប​កម្ពុជា​បន្តធ្លាក់​​ចុះ តែ​​អ្នក​​វិទ្យាសាស្រ្ត​នៅតែមានសង្ឃឹម (០១-០៥-២០០៨)


នៅលើអាំងទែរណែត 

វិបសាយរបស់ក្រុមហ៊ុនសេវាបសុព្យាបាលវៀតណាម និងចែកចាយចំណីអាហារសត្វ ណាវេតកូ (ជាភាសាវៀតណាម) navetco.com.vn


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir