ភ្នំពេញ ថ្ងៃទី២៧ មីនា ២០០៨ បុរសអាយុ៣៨ឆ្នាំ ដែលមានកូនបីនាក់បានធ្វើ ការបញ្ឈប់កំណើតរហូតតាមរយៈការចងបំពង់មេជីវិតឈ្មោល © John Vink / Magnum ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់តាមផ្លូវច្បាប់ នូវវិធីសាស្រ្តបញ្ឈប់កំណើតរហូតខាងភាគីបុរស នៅក្នុងគោលនយោបាយកាត់ បន្ថយភាពក្រីក្រ អស់រយៈពេល១០ឆ្នាំមកហើយ។ ប៉ុន្តែ ពេលវេលាចេះតែ កន្លងផុតទៅជាច្រើនឆ្នាំ វិធីពន្យារកំណើតដែលមានតម្លៃថោកនេះ នៅតែមិន សូវជាមានគេស្វាគមន៍ និងអាចរហូតដល់គេមិនសូវរវីរវល់ទៀតផង ។ ជាទូទៅ ភរិយាគឺជាអ្នកអនុវត្តវិធីពន្យារកំណើតនេះ ដើម្បីបំពេញចិត្តរបស់ស្វាមីពួកគេ។
ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ក្មេងៗមួយក្រុមកំពុងលេងដី ក្បែរម្តាយរបស់ពួកគេ ដែលកំពុងបញ្ចុកអាហារ ទារកអាយុទើបបាន១១ខែ។ នៅក្នុងខ្ទមដ៏កំសត់ អ្នកស្រី ឈុំ នី ត្រូវចំណាយ ពេលវេលាដ៏មានតម្លៃរបស់ខ្លួនចាំមើលថែរក្សាកូនតូចរបស់គាត់ ខណៈពេល ដែលស្វាមីរបស់អ្នកស្រី ត្រូវទៅធ្វើការងារជាកម្មករលីសែងឥវ៉ាន់ឡើងចុះលើ កប៉ាល់ ដោយទទួលបានប្រាក់បៀវត្សប្រចាំខែចំនួនដប់ម៉ឺនរៀល(២៥ដុល្លារ)។ ចាន់រ៉ា បានយល់ព្រមធ្វើជាអ្នកនាំពាក្យអោយសមាគមថែទាំសុខភាពគ្រួសារកម្ពុជា Rhac Reproductive Health of Cambodiaនៅភូមិអណ្តូងរបស់គាត់ ចម្ងាយ២៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ នៅពេលគាត់គិតដល់អ្នកជិតខាងរបស់ខ្លួនដែលតែងតែជួបប្រទះនូវភាពទុរគត រាល់ពេលសម្រាលកូនម្តងៗ។ ភូមិអណ្តូងគឺជា កន្លែងស្នាក់នៅថ្មីរបស់ប្រជាពលរដ្ឋដែលត្រូវបានគេបណ្តេញចេញពីភូមិសំបុកចាប។ អ្នកនាំពាក្យរូបនេះមានបេសកកម្មលើកទឹកចិត្តមនុស្សប្រុសៗអោយប្រើប្រាស់វិធីបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវិតឈ្មោល។ លោកមានប្រសាសន៍ថា «អ្នកភូមិរបស់ខ្ញុំសុទ្ធសឹងតែជាប្រជាជនក្រីក្រ និងមានសមាជិកច្រើន។ ក្មេងៗមានរបបអាហារមិនគ្រប់គ្រាន់ និងមិនអាចចូលសាលារៀនបាន ។ ពិតជាគួរអោយកំសត់មែន»។
វិធីសាស្រ្តមិនច្បាស់លាស់កាលពីអតីតកាល លោក ឌឹម ចាន់រ៉ា ត្រូវចុះបេសកកម្មក្នុងភូមិចំនួនពីរលើកក្នុងមួយសប្តាហ៍។ លោកបានសង្កេតឃើញថា ក្រុមគ្រួសារទាំងនោះមានកូនលើសពី៤នាក់។ គាត់ បានពន្យល់ប្រាប់អ្នកភូមិពីគុណប្រយោជន៍នៃការពន្យារកំណើត ដោយលើកឡើងពីការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោល ដែលជាការវះកាត់មួយតម្រូវអោយចងរុំបំពង់ផ្សេងៗ ដើម្បីរារាំងមិនអោយស្ពែម៉ាតូសូអ៊ីតអាចមកលាយឡំជាមួយនឹងទឹកកាម។ អ្នកតំណាងរូបនេះសង្កត់ធ្ងន់ថា «សព្វថ្ងៃ នេះ វិធីសាស្រ្តនេះមិនមានលក្ខណៈអ្វីប្លែកសម្រាប់ប្រជាជនកម្ពុជា ដូចកាលពីអតីតកាលឡើយ។ បណ្តាពួកស្វាមីបានមកជួបខ្ញុំ ដើម្បីអោយខ្ញុំនាំពួកគេទៅកាន់គ្លីនីក Rhac ធ្វើការវះកាត់។ ខ្ញុំបានលើកទឹកចិត្តបុរសៗអោយធ្វើការវះកាត់នេះ ច្រើនជាងស្រ្តីៗ ព្រោះថាសម្រាប់ស្រ្តី ដំណើរការវះកាត់ចំណាយពេលវេលាយូរ ហើយពួកនាងត្រូវនៅមើលថែទាំកូនៗរបស់ខ្លួន»។ លោកមានមោទនភាព ដែលបានបញ្ចុះបញ្ចូលអ្នកភូមិបានចំនួន១៦នាក់។
ការជួយសង្គ្រោះចុងក្រោយ លោក ប៉ែន ម៉ន និងភរិយា បានព្យាយាមបញ្ឈប់កុំអោយមានផ្ទៃពោះតទៅ ទៀត។ កំណើតកូនទី១១របស់គាត់ បានជម្រុញអោយគាត់ប្រើប្រាស់ការ បញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោល។ កាលពីមួយខែមុន គាត់បានទំនាក់ទំនងជាមួយនឹងចាន់រ៉ា និងសម្រេចចិត្តធ្វើការវះកាត់។ បុរសជាឪពុក ទទួលបន្ទុកសមាជិកដ៏ច្រើនរូបនេះបានបញ្ជាក់ថា «បន្ទាប់ពីវះកាត់រួច ខ្ញុំមកធ្វើការជាធម្មតា។ គេនិយាយថាមានកូនមួយអាចធ្វើអោយក្រប្រាំឆ្នាំ។ ដូច្នេះ វាដល់ពេលវេលាហើយដែលត្រូវឈប់យកកូន»។ រូបគាត់ ក៏ដូចជាភរិយា មិនទទួលបានជោគជ័យក្នុងការប្រើប្រាស់ស្រោមអនាម័យ ថ្នាំពន្យាកំណើត និង មធ្យោបាយពន្យារកំណើតផ្សេងៗនោះទេ។
យុទ្ធនាការគាំទ្រការបញ្ឈប់កំណើតតាមរយៈការចង បំពង់មេជីវីតឈ្មោល សមាគមថែទាំសុខភាពគ្រួសារកម្ពុជាRhac បានបើកយុទ្ធនាការពន្យារកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០ កុម្ភៈ រហូតដល់ចុងខែមេសានេះ។ មួយសប្តាហ៍មុនពេលបញ្ចប់ការវះកាត់នេះ អ្នកស្រីវង្ស ដានី វេជ្ជបណ្ឌិតផ្នែកវះកាត់ និងជាអ្នកទទួលខុសត្រូវយុទ្ធនាការនេះ បានអោយដឹងថា មានបុរសចំនួន៤៥នាក់ដែលបានមកធ្វើការវះកាត់ចងបំពង់មេជីវិតនេះ។ នៅក្នុងបន្ទប់អង្គុយរង់ចាំ បុរសកូនបី វ័យ៣០ឆ្នាំប្លាយម្នាក់ កំពុងអង្គុយរង់ចាំវេនរបស់គាត់។ គាត់មកទីនេះជាមួយនឹងភរិយារបស់គាត់។ គាត់បានពន្យល់ថា «ភរិយាខ្ញុំធ្លាប់ទៅរំលូតកូនចំនួនយ៉ាងតិច៨លើកមកហើយ។ វិធីនេះត្រូវ ចំណាយប្រាក់ ២០ដុល្លារក្នុងមួយលើកៗ ខណៈពេលដែលខ្ញុំអាចរកប្រាក់កំរៃ ពីការរត់ម៉ូតូឌុបបានត្រឹមតែមួយម៉ឺនរៀលក្នុងមួយថ្ងៃ (២,៥ដុល្លារ)។ ម៉្យាងវិញ ទៀត ការយកកូនចេញនេះធ្វើអោយសុខភាពភរិយារបស់ខ្ញុំចុះទន់ខ្សោយ។ ប៉ុន្តែ ពេលនាងលេបថ្នាំពន្យារកំណើត ជានិច្ចកាល នាងតែងតែធ្លាក់ខ្លួនឈឺ។ យើងសម្រេចចិត្តរកវិធីដោះស្រាយបញ្ហានេះ។ ខ្ញុំសម្រេចចិត្តធ្វើការវះកាត់ ដើម្បីជៀសវាងមានកូនទៀត»។
បញ្ចុះបញ្ចូលស្វាមី អ្នកស្រីវេជ្ជបណ្ឌិត វង្ស ដានី ដឹងថាអ្នកស្រីមានភារៈកិច្ចជាអ្នកធ្វើការផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរគំនិតដែលគិតថាស្រ្តីគឺជាអ្នកដែលត្រូវទទួលបន្ទុកការបញ្ឈបកំណើត។ «បុរសៗតែងតែជម្រុញអោយភរិយារបស់ខ្លួន ធ្វើការវះកាត់ចងដៃស្បូន។ ជាទូទៅ ពួកគេគ្រាន់តែជូនភរិយាមកប៉ុណ្ណោះ។ ដូច្នេះ នៅចំពោះមុខបុរសៗ យើង បានផ្សព្វផ្សាយពីជម្រើសនៃការបញ្ឈប់កំណើតរហូតតាមរយៈការចងបំពង់មេជីវីតឈ្មោល ដោយរៀបរាប់លំអិត ដើម្បីបន្ធូរអារម្មណ៍តឹងតែងរបស់ស្វាមី ជាពិសេស យើងបានប្រាប់អោយដឹងថាការវះកាត់របស់ស្រ្តីមានការលំបាក ឈឺចាប់ជាង និងតម្រូវអោយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេលយូរ ចំណែកឯខាងប្រុសៗវិញ គឺជាការវះកាត់ប្រើរយៈពេលខ្លី(១៥នាទី)។ បន្ទាប់ពីការវះកាត់រួចរាល់រយៈពេល៣០នាទី ពួកគេអាចត្រឡប់ទៅផ្ទះសំបែងវិញបាន ជា ធម្មតាហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងចំពោះខ្លួនពួកគេអញ្ជឹង! នៅពេល ដែលស្វាមីមានការអាណិតអាសូរភរិយា ដោយយល់ព្រមធ្វើការវះកាត់ នោះ គោលបំណងរបស់យើងនឹងទទួលបានជោគជ័យ។ យើងចង់អោយបុរសៗ យល់ព្រមវះធ្វើការវះកាត់ និងបញ្ឈប់គំនិតដែលធ្លាប់តែថាការវះកាត់នេះគឺជា កាតព្វកិច្ចរបស់ស្រ្តីតែម្នាក់ឯង។ »
ការបង្រៀនបុរសៗ អ្នកស្រី ឈុន នី អាយុ៤៧ឆ្នាំ គាំទ្រមធ្យោបាយបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវិតឈ្មោល។ ស្រ្តីរូបនេះបានអះអាងថាសុខភាពរបស់គាត់ចុះទន់ ខ្សោយ ហើយគាត់ត្រូវទទួលបន្ទុកចិញ្ចឹមកូនៗទាំង៩នាក់ទៀត។ ប៉ុន្តែ ប្តី របស់គាត់មិនយល់ព្រម «គាត់បានតបសំដីមកខ្ញុំវិញថា គាត់មិនចង់បាត់បង់ ពេលវេលាជាមួយនឹងការវះកាត់ទេ ម្យ៉ាងទៀតគាត់មិនទុកចិត្តចំពោះលទ្ធផល នៃការវះកាត់ ដែលនឹងអាចធ្វើអោយគាត់ធ្លាក់ខ្លួនឈឺទៀតផង។» លោក សំ រី ស្វាមីរបស់ឈុន នី ស្លៀកក្រមា បានដើរមកឈរក្រោយគាត់ ដោយមិនយកចិតត ទុកដាក់ចំពោះការពន្យល់របស់ឌឹម ចាន់រ៉ា ដែលតែងតែមកពន្យល់ណែនាំដល់គ្រួសារមួយនេះ។ គាត់គឺជាមនុស្សដាច់ខាត គាត់មិនចង់លឺគេនិយាយពី « ការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោល»នៅក្រោមផ្ទះរបស់គាត់នោះទេ។ ភាពស្ងៀមស្ងាត់បានកើតមាន នៅពេលដែលគាត់និយាយកាត់ ថា« ខ្ញុំខ្លាចក្រែងថា ការបញ្ឈប់កំណើតរបៀបនេះអាចនឹងធ្វើអោយ សុខភាពរបស់ខ្ញុំចុះទន់ខ្សោយ។ ខ្ញុំគឺជាកម្មករ តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនជាខ្ញុំ មិនមានកម្លាំងកំហែងនោះ? ដើម្បីកុំអោយមានកូន យើងមានដំណោះស្រាយ ដ៏ងាយស្រួលមួយ នោះគឺខ្ញុំឈប់ដេកជាមួយនឹងភរិយា! សរុបមក យើងលែងគេងជាមួយគ្នា អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ!»។ គាត់បានធ្វើអោយគេអស់សំណើច នៅពេលគេដឹងថាគាត់ទើបតែមានកូនទី៩ រយៈពេលដប់មួយខែមុននេះ។
គំនិតដែលទទួលបានទាក់ទងនឹងការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីត លោកស្រីវេជ្ជបណ្ឌិតផ្នែកវះកាត់ប្រចាំគ្លីនីក Rhac សំដែងនូវការខកបំណងរបស់ខ្លួន។ បើទោះបីជាមានការផ្សព្វផ្សាយធ្វើឡើងជុំវិញយុទ្ធនាការនេះ និងការវះកាត់ដោយឥតគិតថ្លៃ ឧបត្ថម្ភដោយអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ក៏បុរសៗ ដែលចូលមកធ្វើការវះកាត់នៅមានចំនួនតិចតួចនៅឡើយ។ លោកស្រី វង្ស ដានី បានអះអាងថា «មានពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាងទាក់ទងនឹងការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោលដែលបណ្តាលអោយពួកប្រុសៗ មានការភ័យខ្លាចនឹងការវះកាត់នេះ។ មនុស្សមួយចំនួនត្រូវបានគេញុះញង់ថា ការវះកាត់នឹងធ្វើអោយពួកគេអសមត្ថភាពផ្លូវភេទ និងថែមទាំងធ្វើអោយចុះ ខ្សោយកម្លាំងកំហែងទៀតផង។ អ្នកផ្សេងព្រួយបារម្ភខ្លាចក្រែងថាអារម្មណ៍ផ្លូវ ភេទរបស់ពួកគេកើនឡើង ដែលអាចឈានរហូតដល់ថ្នាក់ចង់ផ្លាស់ប្តូរដៃគូផ្លូវ ភេទ ដែលមានភេទដូចគ្នា។ ប៉ុន្តែ ក្រោយពីខ្ញុំបានពន្យល់ប្រាប់ពួកគេពីដំណាក់កាលនៃការវះកាត់នេះ តាំងពីការចាប់ផ្តើមរហូតដល់រួចរាល់ជាស្ថាពរ ការព្រួយ បារម្ភរបស់ពួកគេបានរសាត់បាត់ទៅវិញ។» លោកស្រីវេជ្ជបណ្ឌិតមាន ប្រសាសន៍ថាស្វាមីត្រូវតែមកធ្វើការវះកាត់នៅគ្លីនីក Rhac...
អត្ថបទបន្ថែម ១ តើការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោលត្រូវធ្វើឡើងនៅកន្លែងណា? បន្ទាប់ពីយុទ្ធនាការវះកាត់ដោយមិនគិតថ្លៃរបស់គ្លីនីក Rhac ត្រូវបានបញ្ចប់ ការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោល នឹងត្រូវគិតថ្លៃ។ ការវះកាត់នេះត្រូវចំណាយប្រាក់ ១០២ ៥០០រៀល (២៥,៦ដុល្លារ) ខណៈពេលការចងដៃស្បូនស្រ្តីមានតម្លៃលើសទ្វេដង (២៥៥ ០០០រៀល ស្មើនឹង ៦៣,៧ដុល្លារ)។ ការចងបំពង់មេជីវិតបុរសនេះ អាចធ្វើឡើងនៅតាមគ្លីនីកនានារបស់អង្គការក្រៅរដ្ឋាភិបាល Rhac នៅ៤ខេត្តក្រុង (សៀមរាប ក្រុងព្រះសីហនុ តាកែវ និងភ្នំពេញ)។ សេវាកម្មនេះក៏ត្រូវបានធ្វើឡើងនៅតាមគ្លីនីកនានារបស់អង្គការម៉ារីស្តូប (ភ្នំពេញ កោះកុង និងកណ្តាល) ព្រមទាំងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួន ដូចជា មន្ទីរបង្អែកខេត្តសៀមរាប បាត់ដំបង ពោធិសាត់ និងភ្នំពេញ។
អត្ថបទបន្ថែម ២ ស្វាមីដែលមានគម្រោងទុកមុន... មានតែបុរសដែលមកពីគ្រួសារជីវភាពក្រីក្រប៉ុណ្ណោះ ដែលយល់ព្រមទទួលការ វះកាត់បំពង់មេជីវិត។ លោកស្រីវេជ្ជបណ្ឌិត វង្ស ដានី បានពន្យល់ថាអ្នក មានជីវភាពមធ្យមៗដូចគ្នា មន្ត្រីរាជការ និងអ្នកបម្រើការងារផ្សេងៗទៀត សុទ្ធតែបដិសេធចំពោះវិធីសាស្រ្តនេះ ទោះបីជាមានសំណូមពររបស់ភរិយាក៏ដោយ ព្រោះពួកគេមិនចង់ឈប់មានកូនឡើយ។ ពួកគេនិយាយដោយមិនខ្វល់ពីបញ្ហា អ្វីទាំងអស់នៅចំពោះមុខភរិយារបស់ខ្លួនថាប្រសិនជាប្រពន្ធស្លាប់ ពួកគេនឹង ប្រគល់កូនៗទៅអោយភរិយាថ្មី ដែលនឹងដើរតួនាទីជាម្តាយថ្មី។ ពួកគេបាន បន្ថែមថា ស្រ្តីមិនត្រូវការបុរសណាដែលមិនអាចបន្តពូជបង្កបានឡើយ...»។
អត្ថបទបន្ថែម ៣ កូនច្រើនអាចជួយសម្រួលការងារ តាំងពីយូរយារណាស់មកហើយ គ្រួសារដែលមានសមាជិកច្រើនក្លាយជា ប្រពៃណីនៅតាមជនបទនៃប្រទេសកម្ពុជា។ មានកូនកាន់តែច្រើន នោះកាន់តែ មានកម្លាំងច្រើន ដើម្បីធ្វើស្រែចំការ។ អ្នកស្រី ឈុន នី មានកូន៩នាក់ បាន អោយដឹងថា «ប្រសិនជាយើងមានកូនច្រើន យើងជឿជាក់ថានឹងមានកូនណា ម្នាក់ ជួយថែទាំពួកយើង នៅពេលចាស់។ ប្រសិនជាយើងមានកូនតែបីនាក់ ហើយពួកវាចាកចេញពីយើងទាំងអស់ តើយើងនឹងក្លាយទៅជាយ៉ាងម៉េច?» អ្នកភូមិនៅតែមិនទាន់អាចទទួលបាននូវវិធីពន្យារកំណើត ដោយយល់ឃើញថា គ្មានប្រសិទ្ធិភាព ហើយថែមទាំងគ្រោះថ្នាក់ទៀតផង។ ពួកគេនៅតែទុកចិត្តលើ ថ្នាំបុរាណ។
អត្ថបទបន្ថែម ៤ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេ ជីវីតឈ្មោល សូមអាន៖ -វិបសាយសមាគមបារាំងនៃវេជ្ជសាស្រ្តខាងរោគតំនងរោម ដែលបានពន្យល់យ៉ាងលំអិតពីការវះកាត់ និងបញ្ជាក់ថាការបញ្ឈប់កំណើតតាម រយៈការចងបំពង់មេជីវីតឈ្មោល មានប្រសិទ្ធិភាព « ៩៩%»។ -ឯកសារស្តីពីប្រធានបទសុខភាព« C ក្នុងខ្យល់» ដែលរៀបចំឡើងដោយកម្មវិធីទូរទស្សន៍បារាំងប៉ុស្តិ៍លេខ៥ បានគូសបញ្ជាក់ថានៅប្រទេសបារាំង ការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោល គឺជា «ការពន្យារកំណើតខាងភាគីបុរស ដែលជានិច្ចកាល មិនសូវមានគេស្គាល់ និងធ្វើអោយមានការភ័យខ្លាច» ខណៈពេលនៅសហរដ្ឋអាមេរិក វិធីនេះត្រូវបាន«ចាត់ទុកដូចជាការពន្យារកំណើតមួយពិតប្រាកដ តាំងពីទសវត្សទី៦០មកម្ល៉េះ»។ - ការបញ្ឈប់កំណើតតាមរយៈការចងបំពង់មេជីវីតឈ្មោលគឺជាប្រធានបទយ៉ាងទូលំទូលាយមួយនៅលើអាំងទែរណែត រូមមាន Vasectomy Information មានការពន្យល់យ៉ាងច្បាស់ពីវេជ្ជបណ្ឌិតជនជាតិអាមេរិកមួយរូបដែលជាអ្នកឯកទេសផ្នែកសុខភាពបុរស (« Ask the doctor »).
|