 ប្រាសាទព្រះវិហារ ថ្ងៃទី ៩ មីនា ២០០៨ ផ្សារកម្ពុជាមួយត្រូវបានកសាងឡើង នៅចន្លោះព្រំប្រទល់និងជើងភ្នំប្រាសាទ ដើម្បី «ការពារ» ទឹកដី © John Vink/ Magnum ប្រជាពលរដ្ឋជាងមួយរយគ្រួសារបានមករស់នៅក្បែរជើងភ្នំប្រាសាទព្រះវិហារ ភាគ ឥសានប្រទេសកម្ពុជា ចម្ងាយប្រមាណ២០០ម៉ែត្រពីព្រំប្រទល់។ ពួកអ្នកស្រុកទាំងនោះត្រូវបានត្រូវអំពាវនាវចូលរួមធ្វើជារណាំងការពារប្រឆាំងនឹងការរំលោភបំពានយកដីធ្លីជាយថាហេតុ របស់ប្រទេសជិតខាង។ ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិត្រូវពឹងផ្អែកលើប្រទេសជិតខាងមួយនេះស្ទើរតែទាំងស្រុង។ ប៉ុន្តែ ពួកគេបដិសេធចាកចេញពីតំបន់នេះ បើទោះបីជាគេត្រូវរស់នៅក្នុងភាពភិតភ័យខ្លាចមានការបិទច្រកព្រំដែនខុសពេលវេលាក៏ដោយ។
ប្រជាជនទាំងនោះមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស ហើយពួកគេបានក្លាយជាអ្នកលក់វត្ថុអនុស្សាវរីយ៍ក្នុងរយៈពេលដ៏ខ្លីដោយមិនបានព្រាងទុក រឺអាចជាអ្នកលីសែង ដែលឆ្លងកាត់ព្រំប្រទល់ជាច្រើនលើកច្រើនសារក្នុងមួយថ្ងៃ។ ចាប់តាំងពីឆ្នាំ២០០០មក ប្រជាជនជាង៣០០គ្រួសារ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់អតីតអភិបាលរាជធានីភ្នំពេញ គឺលោក ជា សុផារ៉ា ដែលជាអ្នកដឹកនាំអភិវឌ្ឍន៍តំបន់ព្រំប្រទល់ដាច់ស្រយោល និងប្រឈមគ្រោះថ្នាក់ពីការរំលោភបំពានរបស់ប្រទេសជិតខាងមួយនេះ។ គម្រោងការអភិវឌ្ឍន៍នេះត្រូវបានបញ្ឈប់ បន្ទាប់ពីមានកុប្បកម្មប្រឆាំងនឹងជនជាតិថៃ និងការដុតបំផ្លាញស្ថានទូតប្រទេសថៃ កាលពីខែមករា ២០០៣។ ភូមិខ្មោចមួយ? ភូមិដែលកើតចេញពីការមកតាំងទីលំនៅជាបន្តបន្ទាប់នេះ មិនដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃឡើយ។ គម្រោងអភិវឌ្ឍន៍និងសាងសង់ផ្ទះសំបែងរបស់ប្រជាជនមួយចំនួនត្រូវបានហាមឃាត់។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងទាំងនេះក៏មិនមែនជាតម្រូវការរបស់ជនជាតិថៃដែរ ដោយចាប់តាំងពីប៉ុន្មានខែនេះ ពួកគេបានបដិសេធលក់សម្ភារៈសំណង់ទៅអោយអ្នកភូមិ។ ស្ត្រីអ្នកលក់ម្នាក់បានបញ្ចេញកំហឹងថា «សព្វថ្ងៃនេះ ប្រសិនជាយើងចង់ជួសជុលផ្ទះសំបែង រឺក៏សង់ផ្ទះតូចមួយ យើងត្រូវដើរឆ្លងភ្នំ ដើម្បីទៅរកទិញសម្ភារៈនៅទីប្រជុំជនក្នុងខេត្តក្នុងទឹកដីខ្មែរ!»។ អវត្តមានហេដ្ឋារចនាសម័្ពន្ធ ភូមិមិនសូវមានហេដ្ឋារចនាសម័្ពន្ធអ្វីឡើយ មិនមានទឹកស្អាតសម្រាប់ផឹកបាន មិនមានមណ្ឌលសុខភាព និងមិនមានសាលារៀន។ ម្តាយអាគីម បានរម្លឹកថា គាត់បានមករស់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅតាមជើងភ្នំប្រាសាទសង់នាស.វទី១៣នេះនៅឆ្នាំ២០០០ បន្ទាប់ពីគាត់បានលឺគេនិយាយពីការបើកច្រកទ្វារព្រំដែនឡើងវិញ។ គាត់ពន្យល់ថាគាត់ត្រូវឃ្លាតឆ្ងាយពីកូនៗជាទីស្រលាញ់របស់គាត់។ « មិនមានទឹកស្អាតសម្រាប់ផឹកបាន គ្មានគ្រូបង្រៀន ថែមទាំងត្រូវប្រឈមមុខនឹងជម្ងឺគ្រុនចាញ់ទៀតផង! កូនៗរបស់ខ្ញុំមិនអាចរស់នៅបន្តជាមួយខ្ញុំបានទេ!
នៅពេលមានបញ្ហាសុខភាពមួយ គ្រប់គ្នាទៅព្យាបាលនៅប្រទេសជិតខាង។ យ៉ាងណាមិញ គេដឹងយ៉ាងច្បាស់ថារថយន្តសង្គ្រោះបន្ទាន់របស់ប្រទេសថៃដាក់ប្រចាំការនៅប៉ែកម្ខាងនៃព្រំដែន...។ នោះជាមធ្យោបាយសម្រាប់ដឹកអ្នកជម្ងឺទៅពេទ្យ ហើយគេយកថ្លៃដឹកអ្នកជម្ងឺចំនួន ១០០០បាត (៣២ដុល្លារ)។ ស្រ្តីអ្នកលក់ម្នាក់នោះបាននិយាយឡូឡាថា «ប្រសិនជាពួកថៃមិនពេញចិត្តរឿងអ្វីមួយ គេនឹងបិទច្រកដោយមិនបានប្រាប់ដំណឹងជាមុន ដោយមិនខ្វល់ថាយើងត្រូវការទៅព្យាបាលជាបន្ទាន់នោះទេ!»
ការធ្វើអាជីវកម្ម គឺជាក្តីសង្ឃឹមតែមួយគត់ អ្នកភូមិភាគច្រើនរកស៊ីលក់ដូរទំនិញគ្រប់ប្រភេទ សម្រាប់ភ្ញៀវទេសចរដែលបានមកដល់ចំណុចសំខាន់ តាមរយៈប្រទេសថៃ ដូចជា វត្ថុអនុស្សាវរីយ៍ ដែលមានពាក់កណ្តាលនាំចូលមកពីប្រទេសថៃ បារី គ្រឿងអលង្ការ ស្រា ព្រមទាំងផលិតផលធ្វើពីព្រៃឈើ។
លោក តា អុន តំណាងសហគមន៍បានត្អូញត្អែរថា «ភ្ញៀវទេសចរមិនសូវជាដើរទិញឥវ៉ាន់នៅក្នុងផ្សាររបស់ពួកយើងទេ។ យើងចង់និយាយថា វាមិនមែនជារឿងដែលគួរអោយឆ្ងល់នោះទេ ព្រោះយើងដឹងថា ក្នុងចំណោមអ្នកទេសចរ ភាគច្រើនជាជនជាតិថៃ ហើយ អាជ្ញាធរថៃណែនាំជនរួមជាតិរបស់ខ្លួន កុំអោយទិញទំនិញរបស់ពួកយើង។ កាលពីមុន អាជ្ញាធរទាំងនោះណែនាំតាមរយៈប័ណ្ណផ្សព្វផ្សាយ តែឥឡូវនេះ ពួកគេប្រកាសដដែលៗ តាមរយៈមេក្រូ។ ពួកគេបាននិយាយថាពួកយើងលក់របស់របរដែលមិនមានគុណភាពល្អនិង ជាទំនិញក្លែងក្លាយ។
ជំនួយឧបត្ថម្ភរបស់អាជ្ញាធរមានត្រឹមតែមាត់ ការមកតាំងទីលំរបស់ប្រជាជនកម្ពុជានៅតាមព្រំដែនទាំងនេះ មិនទទួលបានការអនុញ្ញាតិពីអាជ្ញាធរទេ។ ប៉ុន្តែ សព្វថ្ងៃនេះ មិនដែលធ្លាប់មានបញ្ហាបណ្តេញប្រជាពលរដ្ឋទាំងនោះចេញឡើយ។ លោក រស់ ហេង អ្នកទទួលខុសត្រូវប៉ុស្តិ៍ច្រកព្រំដែនខាងភាគីកម្ពុជា បានវាយតម្លៃថា «អ្នកភូមិពិតជាបានមករស់នៅតំបន់នេះប្រាកដមែន។ ពួកគេការពារទឹកដីរបស់យើង ពីប្រទេសជិតខាង ដែលចង់វាតទឹកដីរបស់ខ្លួន»។
ចាប់តាំងពីការដោះដូរត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ នៅឆ្នាំ២០០០មក ច្រកព្រំដែនខេត្តព្រះវិហារត្រូវបានបិទទ្វារ ចំនួនច្រើនជាង៣លើក។ នៅឆ្នាំ២០០៣ ប្រទេសថៃមានប្រតិកម្មចំពោះបាតុកម្មប្រឆាំងនឹងប្រទេសថៃនៅទីក្រុងភ្នំពេញ ដោយបានបិទច្រកព្រំដែនរយៈពេលមួយឆ្នាំ។ ផ្សារតូចមួយដែលនៅក្បែរប្រាសាទត្រូវបិទ ដោយសារតែគ្មានអតិថិជនចូលទិញ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជីវករមិនបានបោះបង់ចោលតំបន់នេះ ហើយការឧបត្ថម្ភជាអង្កររៀបចំឡើងដោយអតីតអភិបាលក្រុងភ្នំពេញ ជួយធ្វើអោយពួកគេអាចរស់នៅបន្តទៀត។ លោកអភិបាលបានសន្យានឹងជួយឧបត្ថម្ភរយៈពេលប្រាំឆ្នាំ ប្រសិនជាពួកគេយល់ព្រមបន្តរស់នៅទីនោះ។
ស្រ្តីម្នាក់នៅក្បែរតា អុន ដែលជាអ្នកជាតិនិយម មានប្រសាសន៍ថា«រាល់លើកដែលប្រទេសថៃបិទទា្វរព្រំដែន យើងសង្កេតឃើញមានទាហានឈុតខ្មៅ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ដើម្បីឃ្លាំមើលសភាពការណ៍។ ប៉ុន្តែ យើងមិនមានការភិតភ័យឡើយ! យើងត្រៀមខ្លួនការពារទឹកដីកំណើតរបស់យើង ជាមួយនឹងកងទ័ពរបស់យើង! ជាការពិតណាស់ ប្រសិនជាគ្មានវត្តមានរបស់ពួកយើងនោះទេ ជនជាតិថៃនឹងព្យាយាមរំលោភបំពានយកទឹកដីរបស់យើងជាមិនខាន»៕  ប្រាសាទព្រះវិហារ ៩ មិនា ២០០៨ ផ្សារកម្ពុជាដែលនៅចន្លោះព្រំប្រទល់ និងជើងភ្នំប្រាសាទ |