 ប៉ៃលិន ២ មេសា ២០០៨, លោក កែវ ម៉ារីជាជាងឈើ និង អ្នករត់តាក់ស៊ី © Ros Dina ចាប់តាំងពីទីក្រុងប៉ៃលិនលែងជាតំបន់កាន់កាប់របស់ក្រុមចលនាតស៊ូខ្មែរក្រហម ដែលបានផ្តាច់ខ្លួនចេញអស់ពីតំបន់ភាគពាយ័ព្យប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៩៨ និងចាប់តាំងពីកងកម្លាំងឧទ្ទាមយល់ព្រមទម្លាក់អាវុធចុះចូលក្នុងរាជរដ្ឋាភិបាលមក អ្នកចំណូលថ្មីជាច្រើនហ៊ានមកកាន់តំបន់នេះ ដើម្បីធ្វើការផ្សងព្រេង។ ពួកគេទាំងនោះយល់ឃើញថា តំបន់នេះសំបូរទៅដោយត្បូងថ្មមានតម្លៃ ដែលអាចធ្វើអោយជីវិតរបស់ពួកគេមានភាពប្រសើរជាមុន។ តួយ៉ាងអាជីវកម្មរ៉ែត្បូងនេះបានជួយផ្គត់ផ្គង់ជីវភាពរបស់អតីតមេឧទ្ទាមកុម្មុយនីស្ត និងកូនចៅដែលបានចុះចូលជាមួយរដ្ឋាភិបាល។ យ៉ាងណាមិញ លោក កែវ ម៉ារី មកពីខេត្តកំពង់ចាមបានរៀបរាប់ថាលោកផ្លាស់ប្តូរទីលំនៅមកកាន់ទីនេះ ដើម្បីផ្សងព្រេងជីករកត្បូង ប៉ុន្តែ លោកមិនសូវជាទទួលភ័ព្វសំណាងល្អប៉ុន្មាននោះទេ។
ចេះជំនាញច្រើនសព្វបែបយ៉ាងដោយខ្លួនឯង និងភាពមិនទៀងទាត់ៈ ប្រយោគទាំងនេះសាកសមជាមួយនឹងបុរសម្នាក់ដែលមិនសូវទទួលបានជោគជ័យក្នុងរបរចិញ្ចឹមជីវិត។ បុរសវ័យ៤០ឆ្នាំប្លាយរូបនេះផ្លាស់ប្តូរមុខរបររកស៊ី ដូចជាផ្លាស់ប្តូរសំលៀកបំពាក់។ លោក កែវ ម៉ារីនិយាយខ្សឹបៗថា វាមិនមានភាពងាយស្រួលប៉ុន្មាននោះទេ ក្នុងការធ្វើអោយជីវភាពគ្រួសារមានភាពល្អប្រសើរជាងមុន។ បន្ទាប់ពីរៀបការជាលើកទីបី និងជាឪពុកថ្មីនៃគ្រួសារថ្មីមួយ (មានកូនបន្ថែមចំនួន៤នាក់ទៀត ក្រោយពីមានកូន២នាក់ជាមួយនឹងប្រពន្ធមុនៗរបស់គាត់) ម៉ារី បានប្រកបរបរជាជាងឈើ នៅពេលថ្ងៃ និងជាអ្នកបើករថយន្តតាក់ស៊ីនៅពេលយប់។ ក្លាយជាជាងឈើដោយចៃដន្យ តាំងពីព្រលឹមស្រាងៗ កែវ ម៉ារី ចាប់ផ្តើមធ្វើការងារនៅក្នុងខ្ទមដ៏តូចមួយ ដែលមានបន្ទប់តែមួយប៉ុណ្ណោះ។ ក្រុមគ្រួសាររបស់គាត់រស់នៅក្នុងខ្ទមនេះទាំងអស់គ្នា។ លោកបានរៀនធ្វើគ្រឿងសង្ហារឹមធ្វើអំពីឈើ ជារៀងរាល់ថ្ងៃ។ «តាមការពិត ជំនាញពិតប្រាកដរបស់ខ្ញុំ គឺជាជាងជួសជុលរថយន្ត! ប៉ុន្តែ ដោយសារតែតំបន់នេះមានរថយន្តតិចតួច ខ្ញុំក៏បានទុកជំនាញរបស់ខ្លួនមួយឡែកសិន។ ក្រោយមកខ្ញុំក៏បានក្លាយខ្លួនជាជាងឈើ នៅពេលដែលជាងម្នាក់នៅក្នុងក្រុង ឈប់ប្រកបមុខរបរនេះ។» នៅផ្ទះរបស់លោក កែវ ម៉ារី អ្វីៗគ្រប់យ៉ាងបានកើតឡើងតាមព្រេងវាសនា។ គាត់ប្រកបរបររកស៊ីតាមកាលៈទេសៈ។ ក្រោយពីធ្វើការបានរយៈពេលមួយឆ្នាំ គាត់សង្ឃឹមថា អោយតែមានការកុម្ម៉ង់ទិញ គាត់ពិតជាអាចបំពេញតាមតម្រូវការរបស់អតិថិជនបានគ្រប់យ៉ាង ហើយគ្មានគម្រូណាដែលគាត់មិនចេះធ្វើនោះទេ។ រត់តាក់ស៊ីពេលយប់ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពប្រចាំខែ ស្បៃរាត្រីបានមកដល់។ កែវ ម៉ារី ត្រូវបើកតាក់ស៊ីនៅក្នុងសភាពងងឹតសូន្យសុង លើដងផ្លូវដ៏ពត់ពែនបត់បែនជាច្រើន និងដ៏សែនលំបាក ពីទីក្រុងប៉ៃលិនឆ្ពោះទៅកាន់ព្រំដែន បន្ទាប់ធ្វើការពេញមួយថ្ងៃ។ គាត់ត្រូវព្យាយាមសម្លឹងមើលផ្លូវយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថាភ្លើងឡានម៉ាកកាមរី (Camry៩២) ស៊េរីចាស់របស់គាត់មិនសូវជាភ្លឺច្បាស់ល្អប៉ុន្មាននោះទេ។ បុរសដែលមានរបររកច្រើនរូបនេះបានរៀបរាប់ថា «ខ្ញុំឆ្លៀតពេលល្ងាច ដើម្បីដឹកម៉ូយទៅព្រំដែន ព្រោះថាមុខរបរជាជាងឈើដូចរូបខ្ញុំមិនអាចរកប្រាក់កំរៃបានគ្រប់គ្រាន់ឡើយ។ ការងារនេះមិនទៀងទាត់ឡើយ។ ខ្ញុំរត់តាក់ស៊ីមួយជើងសល់កំរៃបានពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល (៥-៧,៥ដុល្លារ)... ប្រសិនជាឡានរបស់ខ្ញុំមិនខូចនោះទេ។ លោកទទួលស្គាល់ថាលោកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែទាំភរិយានិងកូនៗឡើយ។ ការរៀបចំជីវិតដ៏សាមញ្ញមួយ អ្នកប៉ៃលិនរូបនេះបានទិញឈើមកពីអ្នកចំការក្នុងតំបន់នេះ។ «ខ្ញុំដឹងថាឈើដែលគេលក់មកអោយខ្ញុំនេះគឺជាប្រភេទឈើខុសច្បាប់។ ប៉ុន្តែ តើខ្ញុំអាចធ្វើអ្វីផ្សេងបាន ក្រៅពីមុខរបរនេះ? ប្រសិនជាខ្ញុំមិនទិញឈើទាំងនោះទេ ខ្ញុំមិនអាចធ្វើតុទូបាននោះទេ ហើយខ្ញុំក៏មិនអាចចិញ្ចឹមគ្រួសាររបស់ខ្ញុំទាំងមូលបានដែរ។ ខ្ញុំគ្រាន់តែជាជនចំណូលស្រុកម្នាក់ ខ្ញុំគ្មានដីធ្លី ដូចអ្នកផ្តាច់ខ្លួននៅទីនេះឡើយ»។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏លោកកែវ ម៉ារីនៅតែមិនអាចធ្វើអោយជីវភាពគ្រួសារមានភាពល្អប្រសើរជាងមុនឡើយ ពោលគឺរស់មួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ ជួនកាលវិក័យប័ត្រខ្លះបានធ្វើអោយគាត់មានបញ្ហា។ «ម្សិលមិញនេះ គេផ្តាច់ចរន្តអគ្គីសនីនៅផ្ទះរបស់ពួកយើង ព្រោះខ្ញុំមិនទាន់បានបង់ថ្លៃភ្លើងនៅឡើយ។ ពេលដែលខ្ញុំមិនអាចលក់គ្រឿងសង្ហារឹមដាច់ វាគឺជាស្ថានភាពពិបាកទ្រាំជាទីបំផុត…។
ជាងឈើរូបនេះមានទ្រឹស្តីមួយ គឺគាត់ស្បថថាត្រូវតែតស៊ូប្រឈមមុខនឹងការពិតអោយបាន។ «៧០%នៃអ្នកដែលមករស់នៅទីក្រុងប៉ៃលិន សុទ្ធសឹងតែមកពីតាមខេត្តផ្សេងៗដែលពួកគេជួបប្រទះនូវបញ្ហាផ្សេងៗ ដូចជាបញ្ហាភាពក្រីក្រ រឺការខូចចិត្ត រឺមួយក៏ទាំងពីរយ៉ាងព្រមគ្នាក៏ថាបាន! គេមកទីនេះ ព្រោះទីក្រុងនេះគឺជាទឹកដីនៃការផ្សងព្រេង ទោះបីជាយើងគ្មានសោះក៏យើងអាចរស់បានដែរ។ ខ្ញុំបានមករស់នៅទីក្រងប៉ៃលិនជាលើកដំបូង នាឆ្នាំ២០០១ ក្នុងគោលបំណងផ្សងព្រេងជីករកត្បូងថ្មមានតម្លៃ។ កាលនោះ ខ្ញុំក៏បានលែងលះប្រពន្ធ»។ ក៏ដូចជាអ្នកផ្សេងៗឯទៀត គាត់បានជីកដី ដើម្បីស្វែងរករ៉ែត្បូងទាំងនេះ។ គាត់ជីកបានតែត្បូងតូចៗប៉ុណ្ណោះ ឯត្បូងធំៗត្រូវបានអ្នកផ្សេងទៅវិញ។ ទោះជាយ៉ាងណា លោកកែវ ម៉ារី បានទទួលស្គាល់ថាវាគ្រប់គ្រាន់ល្មម តែមួយរស់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានមករកស៊ីជួញដូរឈើខុសច្បាប់វិញ តែដោយភ័យខ្លាចប៉ូលីសចាប់ គាត់ក៏បញ្ឈប់របររកស៊ីនេះទៅ។ គាត់ក៏បានជ្រើសរើសអាជីវកម្មស្របច្បាប់មួយ គឺទិញលក់ពោត និងសណ្តែកសៀង។ ចុងក្រោយ លទ្ធផលការងារនៅតែមិនសូវជាទទួលបានជោគជ័យដដែល។ គាត់តែងតែជំពាក់បំណុល រាល់ការផ្លាស់ប្តូរមុខរបរម្តងៗ ហើយពេលនេះ គាត់នៅមិនទាន់ដោះបំណុលគេរួចអស់នៅឡើយទេ។
ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ លោកកែវ ម៉ារី ប្រហែលជានឹងផ្លាស់ប្តូរមុខរបរថ្មីមួយទៀត… និងភរិយាថ្មី? អ្វីដែលពិតប្រាកដនៅពេលនេះគឺគាត់នៅតែបន្តរស់នៅក្នុងទីក្រុងប៉ៃលិននេះដដែល ព្រោះគាត់មានអារម្មណ៍ហាក់បីដូចជា អាចសម្របខ្លួនចូលក្នុងសង្គមនេះបាន។
|