|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការតស៊ូម្នាក់ឯងដើម្បីរក្សាកេរ្តិ៍មរតករបស់ "ខ្មែរសុរិន្ទ" |
| ααα សារ៉ា អូលីវឺរា | | | 13-06-2008 | 
ភូមិពោន (ខេត្តសុរិន្ទ ប្រទេសថៃ) ថ្ងៃទី១៥ មេសា ២០០៨៖ លោក ជ័យ មង្គល(រូបខាងស្តាំ) និងលោក ធុង លួង (រូបខាងឆ្វេង) បើកសៀវភៅភាសាខ្មែរអាន © Vandy Rattana ខ្មែរដែលរស់នៅភាគឥសាននៃប្រទេសថៃសព្វថ្ងៃនេះ ត្រូវបានប្រជាជនខ្មែរនៅកម្ពុជាហៅថា «ខ្មែរសុរិន្ទ»។ ប្រជាជន«ខ្មែរសុរិន្ទ» មានចំនួនប្រមាណពី១លាន ដល់២លាននាក់ ដែលរស់នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ។ «ខ្មែរសុរិន្ទ» និយមនិយាយភាសាថៃកាន់តែច្រើនឡើងៗ ដោយបានកាត់បន្ថយការប្រើប្រាស់ភាសាខ្មែរបន្តិចម្តងៗ។ ហេតុដូច្នេះហើយ ទើបបានជាលោក ជ័យ មង្គល ឆាលែមស៊ូកជិតស្រ៊ី បានតាំងចិត្តចុះបង្រៀនភាសានិងអក្សរខ្មែរនៅតាមភូមិ។ គាត់ជាជនជាតិថៃ ប៉ុន្តែគាត់សារភាពថាខ្លួនមានដើមកំណើតជាជនជាតិខ្មែរ។ គាត់ព្យាយាមតស៊ូគ្រប់បែបយ៉ាង ដើម្បីកុំអោយ«ខ្មែរសុរិន្ទ» ភ្លេចនូវកេរ្តិ៍មរតកកំណើតរបស់ខ្លួន។
«សូមជួយថែរក្សា ប្រសិនបើអ្វីដែលខ្ញុំបានធ្វើ ជាការល្អ»៖ នេះគឺជាពាក្យបណ្តាំដែលសរសេរនៅលើសិលាចារឹកមួយនៅសម័យព្រះបាទជ័យវរ័្មនទី៧ ដែលត្រូវបានគេរកឃើញនៅខេត្តសុរិន្ទ។ លោក ជ័យ មង្គលបានយកពាក្យបណ្តាំនេះទុកជាបាវចនារបស់ខ្លួន។ ដោយបានធ្វើការអោយ «ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត» (Gis) នៅទីក្រុងបាងកកអស់រយៈពេល១០ឆ្នាំ ក្នុងការគូរផែនទីភាគឥសានប្រទេសថៃតាមកុំព្យូទ័រ លោកកត់សម្គាល់ឃើញ ពីតម្លៃកេរ្តិ៍មរតកដែលបុព្វបុរសតាមបានបន្សុលទុកអោយកូនចៅជំនាន់ក្រោយ រួមមាន ប្រាសាទសម័យមុនអង្គរ ប្រាសាទសម័យអង្គរ បារាយណ៍ និងផ្លូវបុរាណជាច្រើន។ ប៉ុន្តែ លោកជ័យ មង្គលយល់ឃើញថាប្រភពនៃវប្បធម៌គឺភាសា។ បើនិយាយពីការប្រើប្រាស់ភាសាខ្មែរនៅសុរិន្ទ បច្ចុប្បន្ននេះ ស្ថានភាពមានលក្ខណៈគួរអោយព្រួយបារម្មណ៍ណាស់ៈ ក្រៅពីព្រះសង្ឃមួយចំនួន គេកំរឃើញ «ខ្មែរសុរិន្ទ»ណាដែលចេះសរសេរអក្សរខ្មែរណាស់។ នៅជនបទ យុវជនអាចស្តាប់យល់ភាសាខ្មែរបាន ខ្លះច្រើន ខ្លះតិច ប៉ុន្តែ ពេលនិយាយ ពួកគេនិយាយភាសាថៃជាជាងភាសាខ្មែរ។ លោក ជ័យ មង្គលសង្កត់ធ្ងន់ថា «គ្មានវប្បធម៌ណាមួយដែលគ្មានភាសានោះទេ។ ទោះជាយើងមានបុណ្យដំរីរាល់ឆ្នាំនៅសុរិន្ទក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់ឡើយ។ បើយើងមិនចេះនិយាយភាសាខ្មែរ បុណ្យនេះប្រដូចនឹងប្រអប់ដ៏ស្អាតមួយ ដែលនៅក្នុងប្រអប់នេះ មានតែទីងមោងមួយតែប៉ុណ្ណោះ»។ សព្វថ្ងៃនេះ នៅប្រទេសថៃ គេអាចរៀនភាសាខ្មែរបានតែនៅសាកលវិទ្យាល័យប៉ុណ្ណោះ។ លោកជ័យ មង្គល ពន្យល់ថា «ខ្ញុំសុខចិត្តខំធ្វើអោយភាសាខ្មែររស់ឡើងវិញ ជាជាងអង្គុយនៅស្ងៀម ហើយនិយាយថាភាសាខ្មែររបស់យើងកំពុងបាត់បង់ ស្តាយណាស់!»។ ហេតុនេះហើយ នៅខែកុម្ភៈឆ្នាំ២០០៧ គាត់បានបង្កើតសាលារៀនតូចមួយនៅភូមិពោន ខេត្តសុរិន្ទ ដោយស្ម័គ្រចិត្តមិនយកផលកំរៃ។ ឃុំក៏បានអោយខ្ចីក្តារខៀនមួយ និងទូរទស្សន៍មួយ ដើម្បីចាក់DVD រៀនភាសាខ្មែរ។ រាល់ព្រឹកថ្ងៃសៅរ៍ សិស្ស២៥នាក់ ដែលមានអាយុចាប់ពី៩ ទៅ៤៤ឆ្នាំ មករៀនទីនោះយ៉ាងទៀងទាត់។
«សិស្សមានភាសាខ្មែរក្នុងហ្សែន(ADN)របស់ពួកគេ» ការងារដែលពិបាកបំផុតសម្រាប់លោកមង្គល គឺការបញ្ចុះបញ្ចូលឪពុកម្តាយអោយពួកគាត់ជឿថាការរៀនភាសានិងអក្សរខ្មែរមានសារៈសំខាន់ណាស់សម្រាប់កូនៗរបស់ពួកគាត់។ លោក ធុង លួង ចាស់ទុំនៅភូមិពោន ម្នាក់ ដែលបានស្ម័គ្រចិត្តជួយលោកជ័យ មង្គលបង្រៀនសិស្ស បានរម្លឹកថា នៅឆ្នាំ ១៩៦២ បន្ទាប់ពីតុលាការអន្តរជាតិទីក្រុងឡាអេ បានចេញសេចក្តីសម្រេចថាប្រាសាទព្រះវិហារស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ប្រទេសថៃក៏បានដុតស្លឹករឹតសរសេរជាភាសាខ្មែរបុរាណនៅតាមវត្តនៅតំបន់នេះចោល។ ចាប់តាំងពីពេលនោះមក ព្រះសង្ឃមិនហ៊ានបង្រៀនភាសាខ្មែរទៀតទេ។ លោកបណ្ឌិតមីសែលត្រាណេ ប្រវត្តិវិទូ បានយល់ឃើញថា ថៃវូបនីយកម្មបណ្តាលមកពីទំនើបភាវូបនីយកម្ម ទូរទស្សន៍ និងសាលារៀន។ លោក ជ័យ មង្គលបានអោយដឹងថា «ខ្មែរសុរិន្ទ» ខ្លះអៀនពេលដែលនិយាយភាសាខ្មែរ ដោយខ្លាចក្រែងគេប្រមាថមើលងាយ រឺខ្លាចគេហៅថា «អ្នកស្រែ»។ លោកមីសែលត្រាណេ បញ្ជាក់ថា «អ្នកទាំងនោះបានបាត់បង់មោទនភាពរបស់ខ្លួន ព្រោះពួកគេបានចាញ់សង្គ្រាម បាត់បង់ទឹកដី ហើយត្រូវបានគេគាបសង្កត់។ ធម្មតា តើអ្នកណាជាអ្នកសរសេរប្រវត្តិសាស្រ្ត? គឺតែងតែជាអ្នកដែលឈ្នះសង្រ្គាម»។
កូនសិស្សម្នាក់របស់លោកជ័យ មង្គល ឈ្មោះទីម អាយុ៣២ឆ្នាំ ពាក់វ៉ែនតាក្រាស់ គឺជាមនុស្សរួសរាយរាក់ទាក់ម្នាក់។ ឥឡូវនេះ អ្នកនាងអាចអានរឿងព្រេងជាភាសាខ្មែរបាន។ លោកជ័យមង្គល និយាយលេងថា «សិស្សរៀនអក្សរខ្មែរឆាប់ចេះលឿនមែនទែន។ ខ្ញុំគិតថាពួកគេមានអក្សរខ្មែរនៅក្នុងហ្សែនរបស់ពួកគេ!»។ ប៉ុន្តែ អ្នកនាងទីម បានប្រាប់ថា «ចំពោះសិស្សក្មេងៗវិញ រៀនអក្សរខ្មែរមិនស្រួលប៉ុន្មាននោះទេ ព្រោះវាមិនសូវចេះនិយាយខ្មែរ»។ បើសិនជាអ្នកគ្រូទីម មានឱកាស គាត់សង្ឃឹមថានឹងអាចបង្រៀនភាសាខ្មែរ នៅសាលាបឋមសិក្សាដែលគាត់បង្រៀនសព្វថ្ងៃនេះ។ លោកជ័យ មង្គលមានគោលបំណងទៅថ្ងៃអនាគតថានឹង «ធ្វើអោយសាលារដ្ឋនៅតំបន់នេះបើកថ្នាក់បង្រៀនខ្មែរជាមុខវិជ្ជាជម្រើស។ គាត់ប្រាប់ថា «ប្រសិនជាគោលបំណងរបស់ខ្ញុំបានសម្រេចនៅថ្ងៃណាមួយ នោះខ្ញុំនឹងអាចទៅរស់នៅ យ៉ាងស្ងៀមស្ងាត់នៅក្នុងសួនច្បាររបស់ខ្ញុំ »។ ប៉ុន្តែកិច្ចការនេះពិបាកណាស់។ នាយកសាលាមួយចំនួនហាក់ដូចជាគិតថាគំនិតនេះល្អ ប៉ុន្តែមិនបានធ្វើអ្វីឡើយរហូតមកទល់ពេលនេះ។ លោកជ័យ មង្គល ចោទសួរខ្លួនឯងថា «ខ្ញុំមិនដឹងថានេះបណ្តាលមកពីការគ្មានទំនុកចិត្ត រឺក៏គ្មានសេចក្តីក្លាហាន»។ បញ្ហាមួយទៀតគឺមាន «ខ្មែរសុរិន្ទ» តិចណាស់ដែលចេះសរសេរអក្សរខ្មែរ ហើយមានសមត្ថភាពបង្រៀនអក្សរខ្មែរបាន។
ដើរលើខ្សែពួរ លោកជ័យ មង្គល មានប្រវត្តិមិនដូចគេឯងនោះទេ។ ប្រសិនជាគាត់មិនបានធ្វើការនៅក្នុងជំរំជនភៀសខ្លួនតាមព្រំដែន គាត់ប្រហែលជាមិនបានរៀនសរសេរអក្សរខ្មែរនោះទេ។ «ពេលខ្ញុំបង្រៀននៅ សៃ ធូ (Site 2) អ្នកខ្លះសើចពេលគេលឺខ្ញុំនិយាយពាក្យខ្លះ។ ហេតុដូច្នេះ ខ្ញុំក៏បានសម្រេចចិត្តរៀនអក្សរខ្មែរជាមួយមិត្តរបស់ខ្ញុំម្នាក់»។ ក្រោយពីបានរស់នៅភ្នំពេញរយៈពេល២ឆ្នាំ លោកជ័យ មង្គល អាចនិយាយខ្មែរចេញសម្លេងតាមបែប «ខ្មែរសុរិន្ទ»ក៏បាន រឺសម្លេងខ្មែរនៅប្រទេសកម្ពុជាក៏បានដែរ។ នៅឆ្នាំ១៩៩៧ គឺនៅពេលដែលមានការប្រយុទ្ធគ្នានៅទីក្រុងភ្នំពេញ គាត់ក៏បានសម្រេចចិត្តឈប់សិក្សាផ្នែកប្រវត្តិសាស្រ្តខ្មែរ ដែលជាការចំណាយផ្ទាល់ខ្លួនរបស់គាត់ ដោយបានទៅធ្វើការជាជំនួយការអោយអ្នកយកព័ត៌មានជនជាតិថៃម្នាក់នៅភ្នំពេញ។ លោកជ័យ មង្គលនៅចាំថា នៅភ្នំពេញ និស្សិតខ្មែរមួយចំនួនចាត់ទុកគាត់ថាជាជន «ក្បត់ជាតិ»។
តាមការពិត ដោយសារតែលោកជ័យ មង្គលស្រឡាញ់វប្បធម៌ខ្មែរមែនទែន ទើបគាត់ធ្វើការងារកំប៉េចកំប៉ុចដូចសព្វថ្ងៃនេះ ដើម្បីទុកពេលវេលាអោយបានច្រើន ទៅបង្រៀនអក្សរខ្មែរ នៅតាមភូមិពេលចុងសប្តាហ៍នៅខេត្តសុរិន្ទ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់មិនចង់ទាមទារឯករាជ្យ រឺផ្តាច់ខេត្តសុរិន្ទពីប្រទេសថៃ អោយទៅប្រទេសកម្ពុជាវិញនោះទេ។ «យើងសូមផ្តាច់ខ្លួនម៉េចបាន? បើខ្មែរនៅប្រទេសកម្ពុជាមិនចេះគ្រប់គ្រងប្រទេសរបស់ខ្លួនផង។ នៅទីនោះ ខ្មែរភាគច្រើនមិនដឹងថាខ្លួនជាខ្មែរមានអត្ថន័យយ៉ាងម៉េចផង»។ លោក ជ័យ មង្គល ដឹងថាខ្លួនកំពុងដើរនៅលើខ្សែពួរមួយ។ ទោះបីជាគាត់មិនលើកឡើងពីនយោបាយពេលគាត់បង្រៀនក៏ដោយ ក៏អ្នកខ្លះអាចចាត់ទុកថាភាសាទាក់ទងនឹងនយោបាយ។ គាត់គិតថារដ្ឋធម្មនុញ្ញនៃប្រទេសថៃបានការពារគាត់។ ពុកចង្កាមស្កូវរបស់លោក ជ័យ មង្គលអាចបញ្ជាក់ថាគាត់បានឈានដល់អាយុគតិបណ្ឌិតហើយ។ «ពេលខ្ញុំមានអាយុ២០ ខ្ញុំនៅរៀន អាយុជាង៣០ឆ្នាំ ខ្ញុំមានគ្រួសារ។ ឥឡូវនេះ ខ្ញុំមានអាយុជាង៤០ឆ្នាំ ខ្ញុំលែងខ្លាចអ្វីទាំងអស់។ កាលពីមុន យើងជាម្ចាស់ទឹកដីនេះ។ យ៉ាងហោចណាស់ យើងគួរមានលទ្ធភាពរក្សាភាសាយើងអោយបានល្អ! កូនរបស់យើងរៀនភាសាថៃច្រើនម៉ោង នៅសាលារាល់ថ្ងៃហើយ។ យើងគ្រាន់តែសូម២-៣ម៉ោងសម្រាប់រៀនភាសាខ្មែរ»។
ការប្រណាំងនឹងការរលាយសាបសូន្យ លោកបណ្ឌិតមីសែល ត្រាណេ បានចាត់ទុកគំនិតផ្តួចផ្តើមរបស់លោកជ័យ មង្គលថាជារឿងមួយដ៏ល្អប្រសើរ ប៉ុន្តែ គាត់បន្ថែមទៀតថា «ទោះជាយ៉ាងណា នេះគ្រាន់តែជាតំណក់ទឹកមួយក្នុងសមុទ្រ»។ យោងតាមលោក មីសែលត្រាណេ «ខ្មែរសុរិន្ទ» ឈានទៅការរលាយសាបសូន្យហើយ។ ថៃរូបនីយគឺដំណើរការមួយដែលមិនអាចជៀសផុត ហើយក៏មិនអាចថយទៅក្រោយវិញបានឡើយ។ គាត់រម្លឹកថា «ខ្មែរសុរិន្ទបន្តនិយាយខ្មែរម៉េចបាន បើភាសានេះមានប្រយោជន៍កាន់តែតិចទៅៗ សម្រាប់ពួកគេ? ពេលដែលពួកគាត់និយាយថៃ ដែលជាភាសាផ្លូវការនៅប្រទេសខ្លួន ពួកគាត់ធានាអោយមានអនាគតដ៏ភ្លឺស្វាង»។ លោកជ័យ មង្គល សារភាពថា «ខ្ញុំដឹងថាខ្ញុំដើរបញ្រ្ចាស់គេ។ ខ្ញុំធ្វើដូចនេះ ព្រោះខ្ញុំជឿថាបើយើងមិនរក្សាភាសាខ្មែរ យើងនឹងមានបញ្ហាពេលក្រោយ»។ បញ្ហាខ្វះខាតថវិកាមិនបានធ្វើអោយលោកជ័យ មង្គល បាក់ទឹកចិត្តនោះទេ។ គាត់កំពុងស្វែងជំនួយឧបត្ថម្ភ ប៉ុន្តែ គាត់មិនបានទទួលជំនួយជាថវិកាពីសំណាក់អាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរកម្ពុជានោះទេ។ គាត់បានអោយដឹងថា «សាកលវិទ្យាល័យមួយនៅបាងកកបានទាក់ទងខ្ញុំ ដោយបានប្រាប់ថាបើសិនជាខ្ញុំសុខចិត្តបង្រៀនភាសាខ្មែរ ដោយប្រើតួអក្សរថៃ អាជ្ញាធរអាចនឹងជួយឧបត្ថម្ភគម្រោងរបស់ខ្ញុំ»។ គ្រូបង្រៀនផ្សេងទៀតមួយចំនួននៅសុរិន្ទបានយល់ព្រមធ្វើដូច្នេះ ប៉ុន្តែលោកជ័យ មង្គលមិនយល់ព្រមជាដាច់ខាត។ គាត់និយាយលេងថា «បើអញ្ជឹង អោយគេបង្រៀនភាសាអង់គ្លេស ដោយប្រើតួអក្សរថៃចុះ!» គាត់បន្តថា «ខ្ញុំមិនមើលងាយអក្សរថៃទេ ប៉ុន្តែ បើរៀនខ្មែរ គឺរៀនខ្មែរ!» ម្យ៉ាងវិញទៀត អក្សរថៃមិនអាចប្រើ ដើម្បីសរសេរភាសាខ្មែរបានទេ ព្រោះការបញ្ចេញសម្លេងខុសពីភាសាខ្មែរ។
នៅការិយាល័យរបស់លោកជ័យ មង្គល លោកបានប្រមូលទុកសៀវភៅជាភាសាខ្មែរ ថៃ អង់គ្លេសជាច្រើន ទាក់ទងនឹងវប្បធម៌ខ្មែរ។ សម្តេចព្រះរាមបុប្ផា ទេវី ក៏បានជូនសៀវភៅល្អៗ មួយចំនួនផងដែរ។ លោកជ័យ មង្គលសង្ឃឹមថា ថ្ងៃណាមួយ គាត់នឹងអាចបង្កើតវិទ្យាស្ថានវប្បធម៌មួយ ដើម្បីរៀបចំការប្រជុំ និងសន្និសីទ ដោយសហការជាមួយអង្គការវប្បធម៌នៅប្រទេសកម្ពុជា «ដូចការផ្លាស់ប្តូរបទពិសោធន៍រវាងអាលីយ៉ង់នៅបាងកក និងមជ្ឈមណ្ឌលវប្បធម៌បារាំងនៅភ្នំពេញ»។ គាត់ពន្យល់ថា និស្សិតមកពីប្រទេសកម្ពុជាអាចមកបង្រៀនខ្មែររយៈពេល២ទៅ៣ខែ នៅខេត្តសុរិន្ទ រឺធ្វើការស្រាវជ្រាវ ហើយសិស្សខ្លះអាចបន្តការសិក្សារបស់ខ្លួននៅភ្នំពេញផងដែរ បើគេទទួលបានអាហារូបករណ៍។ តាមរយៈការខិតខំរក្សាភាសាខ្មែរនៅភាគឥសានប្រទេសថៃ លោកជ័យ មង្គលចង់កសាងស្ពានមិត្តភាពមួយរវាងបងប្អូននៃប្រទេសទាំងពីរ ដែលរស់នៅតាមជួរភ្នំដងរែកនេះ។ |

|
α’αααααααααααសាលារៀនមួយនៅក្រោមម្លប់ប្រាសាទខ្មែរ កន្លែងដែលលោកជ័យ មង្គល បង្រៀននៅក្នុងភូមិពោន ស្ថិតនៅចម្ងាយប្រហែល៣០ម៉ែត្រពីប្រាសាទបុរាណខ្មែរចាស់ជាងគេបង្អស់នៅលើទឹកដីប្រទេសថៃ។ ប្រាសាទនេះត្រូវបានសាងសង់នៅសតវត្សទី៥។ មានដើមត្នោតដុះនៅជុំវិញប្រាសាទនេះ។ ទិដ្ឋភាពនេះធ្វើអោយការសិក្សាអក្សរខ្មែរនៅទីនោះ មានអត្ថន័យយ៉ាងខ្លាំង។ លោកជ័យ មង្គលពន្យល់សិស្សអោយដឹងពីការបញ្ចេញសម្លេងខុសគ្នារវាង «ខ្មែរសុរិន្ទ» និងសម្លេងខ្មែរនៅកម្ពុជា។ គាត់ទើបតែបើកថ្នាក់រៀនខ្មែរពីរទៀត នៅភូមិជ្រោយនិងភូមិស្វាយ។ គាត់ក៏បានបង្រៀនខ្មែរនៅទីរួមខេត្តសុរិន្ទផងដែរ ប៉ុន្តែ នៅទីនោះ មានសិស្សត្រឹមតែ២-៣ប៉ុណ្ណោះ។ នេះគឺជាវិបសាយរបស់លោកជ័យ មង្គល www.khmersurin.org
ភាសា «ខ្មែរសុរិន្ទ»៖ មេរៀនទីមួយ «ខ្មែរសុរិន្ទ» និងខ្មែរនៅប្រទេសកម្ពុជាអាចស្តាប់គ្នាបាន។ ប៉ុន្តែ ខ្មែរដែលរស់នៅភាគឥសាននៃប្រទេសថៃទាំងនេះ បានរក្សានូវការបញ្ចេញសម្លេងបុរាណជាង។ ដើម្បីយល់ «ខ្មែរសុរិន្ទ» អោយបានកាន់តែស្រួល លោកមីស្ហែល ឫទ្ធី អង់តែល្ម ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ អ៊ីណាល់កូ នៅប៉ារីស បានពន្យល់ថា៖ -បុរសមិនប្រើពាក្យ «ខ្ញុំ» ទេ។ គេប្រើពាក្យ «ខ្មាត» វិញ (មានន័យថា «ខ្ញុំបាទ») -«ខ្មែរសុរិន្ទ» ចេញសម្លេង «រ» ដែលខ្មែរសរសេរនៅចុងក្រោយពាក្យខ្លះ ដូចនៅក្នុងពាក្យ «ពីរ»។ -ស្រះនៅក្នុងតួ «គ ឃ ង ជ ឈ ញ...» ក្លាយទៅជាសម្លេង «អួ» ដូចជា «គួ ខួ ងួ...»។ ដូច្នេះហើយពាក្យ «ស្គរ» និយាយថា «ស្គួរ»។ -មានករណីលើកលែងមួយ គឺ «មក» និយាយថា «មូក» -ស្រះ «អែ» និយាយ«អ៊ែ» ដូចជាពាក្យ «ខ្មែរ» និយាយថា «ខ្ម៊ែរ»។ -ស្រះដូចនៅក្នុងពាក្យ «មែនទែន» គេនិយាយថា «មេនទេន»។ -«ខ្មែរសុរិន្ទ» មិនទាន់ស្គាល់ពាក្យថ្មីខ្លះដូចជាពាក្យ «ឡាន» ក្រៅពីអ្នកដែលធ្លាប់ទៅប្រទេសកម្ពុជា។ «ឡាន» គេហៅថា «រថ» (រថយន្ត) -គួរតែដឹងថា «ខ្មែរសុរិន្ទ» ហៅខ្មែរដែលរស់នៅប្រទេសកម្ពុជាថា «ខ្មែរក្រោម»។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|