|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| សុបិនរបស់ជនជាតិអាមេរិកត្រូវបានលក់ទៅអោយ ជនអន្តោប្រវេសន៍ដើមកំណើតកម្ពុជា៖ ល្បិចកលឆបោកជាលក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់ |
| ααα ឡូរ៉ង់ ឡឺហ្គូអង់វិក | | | 19-08-2008 | 
កំពង់ត្រឡាច (កំពង់ឆ្នាំង ប្រទេសកម្ពុជា) ថ្ងៃទី១៦ ឧសភា ២០០៧ © ចន វីង / Magnum អស់រយៈពេលជាង៨ឆ្នាំ បន្ទាប់សកម្មភាពឆបោកនៃក្រុមមេខ្លោងបោកប្រាស់ដ៏ល្បីល្បាញបីរូបនៅសហរដ្ឋអាមេរិក មកលើប្រជាជនអាមេរិកដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិក មេខ្លោងចុងក្រោយត្រូវបានកាត់ទោសដោះលែងនៅក្រៅឃុំក្រោមការត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ កាលពីដើមខែសីហាកន្លងមកនេះ។ រយៈពេលមួយឆ្នាំដំបូងនៃទោសនេះ ជនល្មើសត្រូវជាប់ឃុំខ្លួននៅគេហដ្ឋាន តាមសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក)។ សារព័ត៌មានអាមេរិកជាច្រើនបានគូសបញ្ជាក់អោយដឹងថា ទោសកំរិតស្រាលនេះ ដោយសារតែជនជាតិអាមេរិករូបនេះគ្រាន់តែជាអ្នករួមផ្សំគំនិតដោយប្រយោលជាមួយនឹងប្តីប្រពន្ធអាមេរិកកាំងដើមកំណើតជាជនជាតិខ្មែរ។ អ្នកទាំងពីរនេះត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ដោយស្វាមីជាប់រយៈពេល ៣៥ឆ្នាំ និងភរិយាជាប់រយៈពេល២០ឆ្នាំ ពីបទ «លួចបន្លំបោកប្រាស់ រួមគំនិតក្បត់ និងការលាងលុយកខ្វក់»។ ការកាត់ទោសជនល្មើសទីបីរូបនេះបានធ្វើអោយសកម្មភាពបោកប្រាស់ ដែលកើតមានឡើងតាំងពីឆ្នាំ២០០៥មក ត្រូវបានបញ្ចប់ជាស្ថាពរ ហើយការវិនិច្ឆ័យទោសនេះផងដែរ ក៏បានជួយបំភ្លឺផ្លូវអោយបានដឹងពីការរងគ្រោះនៃសមាជិកសហគមន៍ខ្មែរ ដែលស្ថិតនៅក្នុងចំណោមប្រជាជនក្រីក្ររស់នៅសហរដ្ឋអាមេរិក។ ជនបោកប្រាស់បានសន្យាចំពោះពួកគេថានឹងធ្វើអោយក្តីសុបិនរបស់ខ្លួនក្លាយជាការពិត ដោយរស់នៅអោយឆ្ងាយពីឋាននរក ដែលពួកគេធ្លាប់ជួបប្រទះនៅសម័យប៉ុល ពត។
គេចចេញពីសុបិនអាក្រក់ បែរជាជួបការបោកបន្លំ «សូមចុះហត្ថលេខានៅពេលឥឡូវនេះ រឺមួយក៏លោកចង់ទុកឱកាសដ៏ល្អ ក្នុងការរស់ប្រកបដោយសេចក្តីសុខតាមក្តីសុបិនក្នុងនាមជាជនជាតិអាមេរិកកាំងរបស់លោកអ្នក កន្លងហួសទៅបាត់»។ គណៈកម្មការប្រតិបត្តិការការផ្លាស់ប្តូរនិងអាហារូបករណ៍នៃសហរដ្ឋអាមេរិក បានរាយការណ៍អោយដឹងថាប្រយោគខាងលើនេះសុទ្ធសឹងតែជាប្រយោគដែលអាណិកជនខ្មែរកាត់អាមេរិក ជេមស៍ ប៊ុនចាន់ និងភរិយាឈ្មោះ សេង តាន រួមទាំងជនផ្សំគំនិតឈ្មោះ Christian Rochon បានប្រើប្រាស់សម្រាប់ទាក់ទាញជនរងគ្រោះប្រហែល៥០០នាក់ ដែលភាគច្រើនមានប្រភពចេញពីសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក ដើម្បីបោកប្រាស់យកប្រាក់របស់ពួកគេមិនតិចជាង២៧លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០០៥។
ពីទីក្រុងឡុងប៊ិច (រដ្ឋកាលីហ្វ័រនី ស្ថិតលើឆ្នេរសមុទ្រខាងលិចនៃសហរដ្ឋអាមេរិក) ទៅទីក្រុងឡូវែល(រដ្ឋម៉ាសាឈូសេត ឆ្នេរសមុទ្រខាងកើត) ក្រុមបោកប្រាស់ដែលមានសមាជិកបីនាក់នេះបានកាត់ដេរសំលៀកបំពាក់យ៉ាងអត់ធ្មត់នៅក្នុងសហគមន៍ខ្មែរ ដោយបានឆ្លៀតប្រើល្បិចបង្ហាញប្រាក់ចំណូលដ៏ច្រើនដែលអាចធានាជីវភាពរស់នៅសម្រាប់ពួកគេនិងកូនៗ ដល់កម្មករតូចតាច។ ប្រព័ន្ធរបស់ពួកគេដំណើរការរយៈពេលជិត៥ឆ្នាំ។ យោងតាមការលើកឡើងនៃរបាយការណ៍ស៊ើបអង្កេតមួយរបស់ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) លោកប៊ុនចាន់ អ្នកស្រីតាន និង Rochon បានសន្យាចំពោះ«អ្នកវិនិយោគ»របស់ពួកគេ ថាពួកគេនឹងបើកប្រាក់ប្រចាំខែចំនួនតិចបំផុត៣០០ដុល្លារ បូកបន្ថែមនឹងទឹកប្រាក់លើកទឹកចិត្តដំបូងចំនួន២ ៦០០ដុល្លារ ជាថ្នូរនឹងការបង្វិលប្រាក់ចំនួនយ៉ាងហោច២៦ ០០០ដុល្លារទៅក្នុងគណនេយ្យ ដែលគេសន្មតថាទុកសម្រាប់វិនិយោគនៅក្នុងក្រុមហ៊ុនWorld Marketing Direct Selling (WMDS) ដែលធ្វើជំនួញលើថ្នាំវីតាមីន និងផលិតផលគ្រឿងសំអាង រួមទាំងនៅសាខាក្រុមហ៊ុន One Universe Online ។
ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជនរងគ្រោះ ក្រុមឆបោកទាំងបីនាក់បានបើកប្រាក់ជាជំហានដំបូងអោយជនរងគ្រោះ ដោយប្រើប្រាស់ប្រាក់មូលនិធិ «ដែលវិនិយោគ» ដោយជនរងគ្រោះផ្ទាល់។ ប្រាក់ដែលនៅសល់ត្រូវបានចំណាយសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្តីប្រពន្ធមួយគូរនេះ (ប៊ុនចាន់ និងតាន) ចំណែកប្រាក់មួយចំនួនតូចគឺសម្រាប់អោយ Rochon ៖ រថយន្តទំនើបៗ ពេជ្រ ផ្ទះវីឡានៅរដ្ឋFloride និងដំណើរកំសាន្តលើសមុទ្រនៅMississippi និងដំណើរកំសាន្តនៅ ឡាវេហ្គាស ហើយនៅទីនោះ ប្តីប្រពន្ធខ្មែរ-អាមេរិកមូយគូនេះបានចាយប្រាក់អស់រាប់លានដុល្លារ នៅក្នុងកាស៊ីណូ។
ការឆបោកជាលក្ខណៈទ្រង់ទ្រាយធំ សម្រាប់ជនរងគ្រោះ ជាពិសេសកម្មករកម្ពុជានៅទីក្រុងឡូវែល និងឡុងប៊ិច ក្តីសុបិនជាជនជាតិអាមេរិកហាក់បីដូចជាបានសម្រេចជោគជ័យ យ៉ាងហោចណាស់នៅប៉ុន្មានខែដំបូង។ ដោយត្រូវបានបញ្ចុះបញ្ចូលតាមរយៈការបើកប្រាក់ជាលើកដំបូង អ្នកខ្លះបានផ្លាស់ប្តូរជីវិតរស់នៅរបស់ពួកគេ ដោយឈប់ធ្វើការ លែងសន្សំប្រាក់ បញ្ចាំរបស់របរ វិនិយោគទុនទៅលើរថយន្តប្រណីតៗ រឺសម្ភារៈប្រើប្រាស់ថ្លៃៗ ដោយសំអាងលើប្រាក់កំចីឥតលក្ខខណ្ឌរបស់ធនាគារ។ ដោយសារ មើលទៅពួកគេហាក់បីដូចជាទទួលបានជោគជ័យយ៉ាងខ្លាំង ជនរងគ្រោះទាំងនោះក៏បានអូសទាញសាច់ញាតិបងប្អូន និងមិត្តភក្តិរួមការងារអោយចូលក្នុងអន្ទាក់នេះផងដែរ ដោយពួកគេទទួលបានប្រាក់រង្វាន់សម្រាប់ការរកបានសមាជិកថ្មី។ អ្នកខ្លះបានបណ្តែតបណ្តោយខ្លួន ជួយបញ្ចុះបញ្ចូលកម្មករនៅតាមហាងលក់ទំនិញ ដើម្បីធ្វើជំនួញជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន WMDS ដោយសន្យាថានឹងជួយទិញទំនិញក្នុងស្តុក ដែលមិនធ្លាប់បានលក់ចេញ… រហូតដល់ពេលការចំណាយប្រាក់បានបញ្ឈប់យ៉ាងទាន់ហន់ ដោយសារ «មូលហេតុបច្ចេកទេស» ព្រោះក្រុមឆបោកនេះជួបបញ្ហាក្នុងការស្វែងរកជនរងគ្រោះថ្មី។
«អគ្គរដ្ឋអាជ្ញានៃរដ្ឋម៉ាសាឈូសេត បានគូសបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថា ជនរងគ្រោះជាច្រើនសុទ្ធសឹងជាអ្នកធ្វើការលំបាក និងគិតថាខ្លួនគឺជាអ្នកទទួលខុសត្រូវលើអនាគតហិរញ្ញវត្ថុផ្ទាល់របស់ពួកគេ និងគ្រួសារ។ ពួកគេបានបញ្ចាំផ្ទះសំបែងរបស់ខ្លួន ដើម្បីធ្វើនូវអ្វីដែលពួកគេវាយតម្លៃថាជាការផ្លាស់ប្តូរដ៏ច្បាស់លាស់ […]។ បច្ចុប្បន្ននេះ ជនរងគ្រោះមួយចំនួនបានបាត់បង់ផ្ទះសំបែង និងជួបវិបត្តិក្ស័យធន»។
អន្ទាក់សហគមន៍ ដូចជាការគូសបញ្ជាក់នៅក្នុងអត្ថបទដ៏វែងមួយរបស់សារព័ត៌មានប្រចាំថ្ងៃ The Boston Globe ពាក់ព័ន្ធនឹងល្បិចកលឆបោកនេះ ប្តីប្រពន្ធមួយគូនេះបានកេងចំណេញដោយផ្ទាល់ពីទិដ្ឋភាពសហគមន៍ ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះ ដោយបានបង្ហាញខ្លួនឯងប្រៀបដូចជាគំរូមួយ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ និងអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។
តួយ៉ាង លោក ហេង ជា ដែលត្រូវបានដកស្រង់សំដីដោយសារព័ត៌មានប្រចាំថ្ងៃ The Boston Globe បាននិយាយថា «នាងស្លៀកពាក់ប្រៀបបានដូចជាម្ចាស់ក្សត្រីមួយអង្គ និងជាសេដ្ឋនីម្នាក់»។ ភរិយារបស់គាត់ឈ្មោះ អាន់នីបានសារភាពថា «ខ្ញុំមិនធ្លាប់បានឃើញស្រ្តីខ្មែរណាដូចជារូបគាត់នោះទេ»។ ក៏ដូចជាអ្នកដទៃផ្សេងទៀត ប្តីប្រពន្ធមួយគូនេះត្រូវបានអូសទាញដោយស្រ្តីម្នាក់នេះ ដែលបង្ហាញខ្លួន ដូចជាជនអន្តោប្រវេសន៍ខ្មែរសាមញ្ញមួយរូប ដែលតែងតែចូលវត្តជាញឹកញាប់ ហើយបានបន់ស្រន់ព្រះពុទ្ធជាម្ចាស់ថា «សូមអោយព្រះសម្លាប់គាត់នៅក្នុងគ្រោះថ្នាក់រថយន្តចុះ ប្រសិនជាគាត់ប្រព្រឹត្តរឿងមិនគប្បី។ ស្រ្តីនោះបាននិយាយថាគាត់បានយល់ពីទុក្ខលំបាកវេទនារបស់ជនរួមជាតិរបស់គាត់ដែលបានភៀសខ្លួនមករស់នៅក្រៅប្រទេស ដើម្បីស្វែងរកភ័ព្វសំណាងផ្ទាល់ខ្លួនរបស់ពួកគេ ដោយចាប់ផ្តើមពីបាតដៃទទេ បន្ទាប់ពីបានរត់គេចចេញពីរបបខ្មែរក្រហម។ គាត់អះអាងថាជាមនុស្សសប្បុរសធម៌មួយរូប ដែលចង់ចែករំលែកជោគជ័យជាអាទិភាពរបស់ខ្លួន អោយទៅជនភៀសខ្លួនខ្មែរផ្សេងៗទៀត។
លោកជេមស៍ ប៊ុនចាន់ បានសំដែងធ្វើជាមានចិត្តអាណិតអាសូរចំពោះប្រជាជនខ្មែរនៅក្នុងសិក្ខាសាលាមួយដើម្បីតម្រង់ទិសដៅ«អ្នកវិនិយោគទុន» អោយទទួលបានជោគជ័យជាទីគាប់ចិត្ត ហើយនៅថ្ងៃណាមួយ ពួកគេនឹងអាចពាំនាំជោគជ័យរបស់ពួកគេទៅកាន់ប្រទេសកំណើតរបស់ខ្លួន នោះគឺប្រទេសកម្ពុជា។ ដោយសារមានមូលហេតុដ៏ត្រឹមត្រូវ លោកនិងអ្នកស្រី ជា បានក្លាយជាអ្នកជ្រើសរើសដ៏សំខាន់របស់អ្នកស្រី សេង តាន ហើយអ្នកទាំងពីរសប្បាយរីករាយជាមួយនឹងកិត្តិនាមល្បីល្បាយជាអ្នកធ្វើការដ៏ស្វាហាប់ និងត្រូវបានគោរពនៅក្នុងសហគមន៍ខ្មែរនៅក្រុងឡូវែល។
ចំណែកជនល្មើសទីបី Christian Rochon បានសំដែងការសោកស្តាយ និងសុំទោសចំពោះជនរងគ្រោះខ្មែរទាំងឡាយ។ ជាចុងក្រោយ គាត់គ្រាន់តែជាអ្នកប្រព្រឹត្តធម្មតាមួយរូប ដែលត្រូវបានអូសទាញដោយភាពលោភលន់របស់លោក ព្រោះលោកគ្រាន់តែចង់ក្លាយជាប្រធានក្រុមហ៊ុនមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណា តាមរយៈការរួមផ្សំគំនិតនេះ រដ្ឋអាជ្ញាសហព័ន្ធបានទាមទារអោយកាត់ទោសគាត់ជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែជាចុងក្រោយ នៅក្នុងការជំនុំជម្រះមួយជាអសាធារណៈនៅថ្ងៃទី៧ សីហា ២០០៨ គាត់ត្រូវបានកាត់ទោសអោយស្ថិតនៅក្រៅឃុំក្រោមការត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ ដែលក្នុងនោះ មួយឆ្នាំនៃទោសនេះ ជនល្មើសត្រូវជាប់ឃុំខ្លូននៅគេហដ្ឋាន។
ប្រជាជនកម្ពុជារស់នៅសហរដ្ឋអាមេរិកគឺជាអ្នកទទួលរងគ្រោះ បន្ទាប់ពីការចាប់ខ្លួនជនឆបោកទាំងបីនាក់នៅខែវិច្ឆិកា ឆ្នាំ២០០៥ រួចមក ការកាត់ទោសចុងក្រោយនេះនឹងមិនត្រឹមតែអាចបំបែកប្រព័ន្ធបោកប្រាស់ដ៏ធំមួយដែលត្រូវបានគេស្គាល់យ៉ាងច្បាស់នោះទេ ប៉ុន្តែ ថែមទាំងអាចគូសបញ្ជាក់ពីភាពរងគ្រោះរបស់ជនអន្តោប្រវេសន៍ខ្មែរដែលរស់នៅក្នុងលក្ខខណ្ឌជីវភាពលំបាក និងងាយស្រួលឆាប់ទទួលយកទឡ្ហីករណ៍សហគមន៍។ តួយ៉ាង ពួកគេមានភាពយឺតយាវក្នុងការដាក់ពាក្យបណ្តឹងដំបូងៗ ទៅកាន់ការិយាល័យអាជ្ញាធរ។ សារព័ត៌មានប្រចាំថ្ងៃ The Boston Globe បានគូសបញ្ជាក់ថា ជនរងគ្រោះភ័យខ្លាចប្រឈមមុខនឹងតុលាការ និងប្រព័ន្ធច្បាប់។ ជេមស៍ ប៊ុនចាន់ និងភរិយាសេង តាន ប៉ិនប្រសប់កេងចំណេញលើចំណុចខ្សោយទាំងនេះយូរមកហើយ។
សារព័ត៌មានប្រចាំថ្ងៃ The Boston Globe បានបញ្ជាក់ថា នៅទីក្រុងឡូវែល ដែលមានសហគមន៍ខ្មែរមួយក្នុងចំណោមសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកទាំងអស់ នៅក្នុងចំណោមប្រជាជនកម្ពុជាប្រហែល៣៥០០០នាក់ ភាគច្រើនគឺជា«បុគ្គលិកបម្រើការនៅតាមក្រុមហ៊ុន» និងជាកម្មករសាមញ្ញៗ។ ក្នុងចំណោមប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក២៤០ ០០០នាក់ ភាគច្រើនបានជួបនូវស្ថានភាពលំបាក ហើយត្រូវបានចាត់ចូលក្នុងចំណោមជនអន្តោប្រវេសន៍អាស៊ីដែលក្រីក្របំផុត។ ការសិក្សាមួយរបស់វេទិកាស្តីពីសុខភាពប្រជាជនអាមេរិកដើមកំណើតនៅទ្វីបអាស៊ី និងកោះអាស៊ីប៉ាស៊ីភិច (APIAHF) ដែលរៀបចំធ្វើឡើងនៅឆ្នាំ២០០៥ បានគូសបញ្ជាក់ពីគម្លាតប្រាក់ចំណូលរវាងជនអន្តោប្រវេសន៍ទាំងនោះ ជាមួយនឹងប្រជាជនអាមេរិក៖ ប្រាក់ចំណូលមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់នៃជនអន្តោប្រវេសន៍ទាំងនេះ គឺ១០២១៥ដុល្លារ ពោលគឺតិចជាប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋអាមេរិកថ្នាក់កណ្តាលចំនួនពីរដង។ ម្យ៉ាងវិញទៀត យោងតាមជំរឿនសហគមន៍អាមេរិក នៅឆ្នាំ២០០៦ ប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ៤២% មានចំណេះដឹងភាសាអង់គ្លេស «មានកំរិត» ច្រើនជាង៨០% មិនដែលនិយាយភាសាអង់គ្លេសនៅផ្ទះរបស់ពួកគេ។ ប្រជាជនខ្មែរត្រឹមតែ១១%ប៉ុណ្ណោះ ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ទល់នឹង១៧%នៃប្រជាជនអាមេរិកទូទៅ។ ជាចុងក្រោយ ប្រជាជនខ្មែរច្រើនជាង១៦% ត្រូវបានចាត់ទុកដូចប្រជាជនក្រីក្រ នៅឆ្នាំ២០០៦ ហើយ៩,៨% មានកំរិតជីវភាពមធ្យម។
គេបានគូសបញ្ជាក់អោយឃើញពីការពិតនៃភាពលំបាករបស់ជនភៀសខ្លួនទាំងនោះ ដែលភាគច្រើន (៧៥% ដោយយោងតាមជំរឿនសហគមន៍អាមេរិក) បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាដើម្បីមករស់នៅសហរដ្ឋអាមេរិក មុនឆ្នាំ១៩៩០។ «លោក តាយ គីម អាយុ៣៥ឆ្នាំ ជាកម្មករនៅរោងពុម្ព នាទីក្រុងឡូវែល និងជាជនរងគ្រោះពីការឆបោករបស់ ប៊ុនចាន់ តាន និង Rochon បានបញ្ជាក់ប្រាប់ The Boston Globe ថា យើងមិនបានទទួលការបណ្តុះបណ្តាល។ យើងចង់បំពេញក្តីសុបិនរបស់យើង ចង់រស់នៅសហរដ្ឋអាមេរិក។ សេង តាន បានបង្ហាញថា ព្រះជាម្ចាស់ហាក់បីដូចជាបញ្ជូនយើងមកកាន់ទីនេះ ដើម្បីជួយដល់សហគមន៍ខ្មែរ។ សព្វថ្ងៃនេះ ជីវិតរបស់ខ្ញុំវិលត្រឡប់ទៅរកសភាពដើម ពោលគឺខ្ញុំគ្មានសេសសល់អ្វីទាំងអស់។» |

|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|