|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| អ្នករស់នៅអគារបូឌីងៈ ការសាងសង់អគារពីរខ្នង ក្នុងពេលតែមួយ |
| ααα ស្ទេហ្វានី ហ្សេ | | | 30-05-2008 |  © John Vink / Magnum
អគារបូឌីងពណ៌ប្រផេះនិងពណ៌ស គឺជាស្នាដៃឯកទាំងពីរនៃបេតិកភណ្ឌរបស់ទីក្រុងភ្នំពេញ ប៉ុន្តែសម្រាប់ថ្ងៃអនាគត គេប្រហែលជាមិនសូវត្រូវការអគារទាំងពីរខ្នងនេះប៉ុន្មានទេ។ អគារបូឌីងពណ៌ប្រផេះតែងតែទទួលរងនូវការបំផ្លិចបំផ្លាញ ជាហេតុធ្វើអោយខូចនូវទ្រង់ទ្រាយដើម ចំណែកអគារបូឌីងពណ៌សវិញ ទទួលរងនូវការផ្លាស់ប្តូរតាមអាយុកាលរបស់វា និងត្រូវបានប្រជាពលរដ្ឋដែលត្រូវការកន្លែងសម្រាប់រស់នៅ កែសម្រួល ជាហេតុបង្កអោយបាត់ទ្រង់ទ្រាយដើមនៃអគារ។ កាសែត មានការចាប់អារម្មណ៍ចំពោះប្រជាជនរស់នៅក្នុងអគារមួយខ្នងនេះ (ច្រើនជាង៤០០គ្រួសារ) ដែលកំពុងតែស្ថិតនៅក្នុងភាពមន្ទិល។ ប្រជាជនរស់នៅតំបន់នេះ សុទ្ធសឹងជាមន្ត្រីរាជការ អាជីវករ សិល្បករ និងស្រ្តីរកស៊ីផ្លូវភេទ។ ប្រជាជនភាគច្រើនបានប្រកាសថាអគារនេះនឹងរលាយបាត់នៅពេលខាងមុខ។ ដោយបានដាក់ចំណងជើងថា «អ្នករស់នៅអគារបូឌីង» យើងមានបំណងចង់ចងក្រងឯកសារទុក ទាក់ទងនឹងសំណង់អគារដ៏ខ្ពស់មួយនៅក្នុងទីក្រុង ហើយនឹងចូលរួមចែករំលែកសេចក្តីសប្បាយ និងព្រួយបារម្ភនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរស់នៅទីនោះ។ កាសែតក៏មានបំណងចង់ជួយផ្លាស់ប្តូរមុខមាត់ថ្មីដល់ពួកគេផងដែរ។
សម័យកាលនៃការស្ថាបនា អគារបូឌីងពណ៌ស និងពណ៌ប្រផេះនេះ គឺជាផ្ទះស្នាក់នៅជាក្រុមរួមគ្នាពីរខ្នង ស្ថិតនៅតាមបណ្តោយមហាវិថីសុធារស។ អគារទាំងនេះបានជួយលើកតម្កើនមុខមាត់ទីក្រុងទាបមួយនេះអោយមានកេរ្តិ៍ឈ្មោះល្បីល្បាយ ដែលកាលពីមុននេះ ទីក្រុងនេះមានត្រឹមតែគេហដ្ឋានដាច់ដោយឡែក ប៉ុណ្ណោះ។
មូលហេតុនៃការស្ថាបនាអគារទាំងពីរខ្នងនេះកើតឡើងដោយសារកំណើនប្រជាជន និងគោលនយោបាយសំខាន់ៗ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ ដោយមានការចូលរួមពីសំណាក់ស្ថាបត្យករចំណានៗបំផុត ក្នុងនោះលោក វណ្ណ មូលីវណ្ណ គឺជាស្ថាបត្យករថ្មីមួយរូប ដែលមានសំណាងក្នុងការរចនាប្លង់បង្កើតអគារទាំងនេះ។
នៅដើមឆ្នាំ១៩៦០ ប្រទេសកម្ពុជាកំពុងតែសប្បាយរីករាយជាមួយនឹងឯករាជ្យដែលទើបតែនឹងទទួលបានថ្មីៗ (ឆ្នាំ១៩៥៣)។ នៅក្នុងបញ្ជីនៃគំរោងអភិវឌ្ឍន៍ប្រទេសសំខាន់ៗ គំរោងស្ថាបនាសាលមហោស្រពទន្លេបាសាក់ ដើម្បីធ្វើជាលំនៅដ្ឋានសម្រាប់ប្រជាជន និងធ្វើជាសាលមហោស្រពជាតិ ( សាលមហោស្រព សុរាម្រឹតត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។ «សាកសព» អគារមួយខ្នងនេះត្រូវបានបំផ្លាញចោលទំាងស្រុង ចាប់ពីខែធ្នូឆ្នាំ២០០៧ រហូតដល់ខែកុម្ភៈ ឆ្នាំ២០០៨។ សូមមើលភាពយន្តឯកសាររបស់លោក ប៉ាញ រិទ្ធី ក្នុងឆ្នាំ២០០៥ ដែលមានចំណងជើងថា សិល្បៈករនៃសាលមហោស្រពដែលត្រូវភ្លើងឆេះ ដែលមានរយៈពេល មួយម៉ោងនិង២៥នាទី )។
ទាំងអ្នកជំនាញការបរទេសដែលមកធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងនឹងអត្តពលិកចូលរួមការប្រកួតកីឡាថ្មីមួយប្រភេទឈ្មោះហ្គាណេហ្វូ (កីឡាសម្រាប់ប្រទេសដែលទើបតែរីកចម្រើន) ដែលប្រទេសកម្ពុជាគឺជាអ្នកស្នើរសុំរៀបចំការប្រកួត សុទ្ធតែបានស្នាក់នៅក្នុងអគារនេះទាំងអស់។ ទន្ទឹមនឹងនេះ នយោបាយនៃការសាងសង់លំនៅដ្ឋានត្រូវបានសម្ពោធ។
សំណង់ដ៏សំខាន់មួយ លោក វណ្ណ មូលីវណ្ណ បានរំលឹកថា «យើងត្រូវប្រឈមមុខជាមួយនឹងលក្ខខណ្ឌមួយចំនួន។ ជាបឋម តំបន់នេះគឺជាតំបន់ដីទាប ដែលងាយស្រួលនឹងលិចទឹកណាស់។ យើងត្រូវតែកៀរសំអាងដីល្បប់នៅបាតទន្លេចោលអោយអស់ ដើម្បីចាក់ដីបំពេញបន្ថែម។ ប៉ុន្តែ យើងត្រូវរង់ចាំរយៈពេល២០ឆ្នាំ ទើបអាចចាប់ផ្តើមកសាងបាន ព្រោះថាយើងត្រូវរង់ចាំអោយខ្សាច់ទន្លេនិងដីដែលចាក់បំពេញទំាងនោះមានសភាពរឹងមាំល្អ។ ដើម្បីជៀសវាងការប្រថុយនឹងការបាក់ស្រុត លោកបានសម្រេចកសាងអគារទាំងនេះ មិនអោយមានកំពស់លើសពីបួនជាន់ឡើយ។ លក្ខខណ្ឌទីពីរនោះគឺ ការកសាងសំណង់នេះមានរយៈពេលកំណត់។ យើងមានពេលត្រឹមតែ១៨ខែ ប៉ុណ្ណោះ ដើម្បីកសាងពហុកីឡាដ្ឋានអូឡាំពិច ក្នុងពេលតែមួយជាមួយនឹងសាលមហោស្រពទន្លេបាសាក់។ យើងបានបំពេញការងាររបស់ខ្លួនតាមពេលវេលាកំណត់ ប៉ុន្តែ យើងបានចំណាយថវិកាលើសចំនួនកំណត់ដែលគេបានជួយឧបត្ថម្ភ។»
លោក វណ្ណ មូលីវណ្ណ ទទួលភារកិច្ចកសាងសាលមហោស្រពទន្លេបាសាក់នេះ ដោយមានការចូលរួមសហការពីអ្នកជំនាញការបរទេស។ កាលនោះ ស្ថាបត្យករវ័យ៣០ផ្លាយរូបនេះ បានបំពេញភារកិច្ចទៅតាមជំនាញរបស់លោក ដោយមិនមានការបង្គាប់បញ្ជាអ្វីទាំងអស់។ « ខ្ញុំបានប្រើប្រាស់ចំណេះដឹងទាំងប៉ុន្មានដែលខ្ញុំបានសិក្សានៅប្រទេសបារាំង យកមកអនុវត្ត ជាពិសេស នៅសាលាវិចិត្រសិល្បៈជាតិ ប៉ារីស និងចំណេះដឹងដែលខ្ញុំបានសិក្សាពីខុទ្ទកាល័យស្ថាបត្យកម្ម ដែលស្និទ្ធិនឹងស្ថាបត្យករ ឡឺ ករប៊ុយស្យេ (Le Corbusier)។
លំនៅដ្ឋានស្ថិតនៅក្នុងសភាពរិចរិល «គេមានសំនួរថា តើគេត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីធ្វើអោយប្រជាជនកម្ពុជាអាចរស់នៅក្នុងលំនៅដ្ឋានដែលមានតម្លៃឈ្នូលថោកមួយបាន?»។ យើងទាំងអស់គ្នាសុទ្ធសឹងតែជាកសិករ។ ប៉ុន្តែ គេត្រូវតែណែនាំពួកគាត់ អោយបានយល់ពីការរស់នៅក្នុងអគារដែលមានកំពស់ជាច្រើនជាន់នេះ!»។ លោក វណ្ណ មូលីវណ្ណ មានគំនិតពីរយ៉ាង ពោលគឺ សម្រាប់អគារបូឌីងប្រផេះដែលជាអគារដ៏សំខាន់ លោក មានគំនិតរៀបចំជាគេហដ្ឋានដែលមានតម្លៃឈ្នួលថោក(HLM) តាមប្រព័ន្ធបារាំង។ ចំណែកអគារបូឌីងសវិញ លោកមានគំនិតរៀបចំជាលំនៅដ្ឋានប្រជុំទៅដោយមនុស្សរស់នៅច្រើន តាមគម្រូនៃអង្គភាពលំនៅដ្ឋានទីក្រុងម៉ារសៃយ៍(Marseille) (១៩៤៦-៥២)។ លោកបានព្យាយាមប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើអោយគំរូស្ថាបត្យកម្មទាំងនេះ មានលក្ខណៈសមស្របទៅនឹងលក្ខខ័ណ្ឌក្នុងតំបន់។ ជាបឋម លោកត្រូវគិតគូរពីលក្ខណៈពិសេសៗនៃអាកាសធាតុត្រូពិច។
 © John Vink / Magnum លោកបានរៀបចំតម្លើងឧបករណ៍ បង្កើតប្រព័ន្ធខ្យល់ចេញចូលតាមបែបធម្មជាតិនៅក្នុងផ្ទះ។ លោកបានរចនាម៉ូតតាមរបៀបផ្ទះបុរាណខ្មែរ ដោយទុកជាន់ផ្ទាល់ដីអោយនៅស្រឡះ មើលឃើញមានត្រឹមតែសសរគ្រឹះអគារប៉ុណ្ណោះ។ លោកទុកចន្លោះទំនេរចោលពីអគារមួយទៅអគារមួយ ដែលមើលទៅហាក់បីដូចជាមានលក្ខណៈឆ្លាស់គ្នាអញ្ជឹង។ ជាន់នីមួយៗមានរាងជាប្រអប់ ជញ្ជាំងខ័ណ្ឌមានរាងជាជួរៗ ហើយអគារនីមួយមានកំពស់មិនស្មើគ្នានោះទេ។ ជាទីបញ្ចប់ គេទទួលបាននូវអគារមួយខ្នងដែលមានខ្យល់បរិសុទ្ធចេញចូល មានម្លប់ត្រជាក់ល្អ ហើយនឹងមានសោភ័ណភាពដ៏ស្រស់ត្រកាល។
ច្រកដើរនៅក្នុងអគារបូឌីងពណ៌ស តាមជាន់នីមួយៗ មានប្រវែង៣២៥ម៉ែត្រដែលប្រៀបបានដូចជាផ្លូវមួយខ្សែតភ្ជាប់ពីអគារមួយទៅអគារមួយ ហើយនៅចន្លោះអគារ មានជណ្តើរឡើងដែលគេអាចមើលឃើញយ៉ាងច្បាស់ពីខាងក្រៅអគារមក។ លំនៅដ្ឋាននីមួយៗ អាចទស្សនាទិដ្ឋភាពតាមដងទន្លេ ព្រមជាមួយការទទួលបាននូវផាសុខភាពដ៏ទំនើបតាមបែបបស្ចឹមប្រទេស។
អគារបូឌីងពណ៌សត្រូវបានគេទិញ ដោយគ្រាន់តែបានមើលប្លង់អគារប៉ុណ្ណោះ។ នេះគឺលើកដំបូងនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ លោក វណ្ណ មូលីវណ្ណ បានរំលឹកថា មូលហេតុនៃការកសាងអគារនេះ គឺចង់អោយមន្ត្រីរាជការមានគេហដ្ឋានជាកម្មសិទ្ធិផ្ទាល់របស់ខ្លួន។ នៅពេលបញ្ចប់ការជួលផ្ទះរយៈពេល១០ ពួកគេបានក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ អគារនេះមានមនុស្សមករស់នៅកាន់តែច្រើនឡើងៗយ៉ាងឆាប់រហ័ស។
តើអគារបូឌីង នឹងប្រែក្លាយទៅជាយ៉ាងដូចម្តេច នាពេលអនាគត? នៅពេលដែលយើងលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃសំណង់អគារទាំងពីរ លោក វណ្ណ មូលីវណ្ណ ប្រែទឹកមុខស្រងូតស្រងាត់។ លោកបានរិះគន់ចំពោះការកែប្រែទ្រង់ទ្រាយដើមនៃអគារបូឌីងពណ៌ប្រផេះនេះ ដែលធ្វើឡើងពីសំណាក់ស្ថាបត្យករជនជាតិវៀតណាមមួយរូប ក្នុងអំឡុងដើមឆ្នាំ ១៩៩០។ «គេបានបិទកន្លែងដែលទុកចំហចោលទាំងអស់។ ប៉ុន្តែ កន្លែងទាំងនោះទុកសម្រាប់អោយខ្យល់បរិសុទ្ធចេញចូល។ គេបានធ្វើអោយអគារមានកំពស់ស្មើគ្នា និងបានបំផ្លាញសោភ័ណភាពអគារចោលទាំងស្រុង។ បច្ចុប្បន្ននេះ ពួកគេត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ ខណៈពេលដែលអគារមួយខ្នងនេះ ត្រូវបានសំរិតសំរាងធ្វើឡើង ដើម្បីកាត់បន្ថយនូវការប្រើប្រាស់គ្រឿងម៉ាស៊ីនត្រជាក់ទំាងនោះ»។
លោកក៏រិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការកែច្នៃកន្លែងទុកទំនេរចោល ជាពិសេសការកែប្រែជាន់ផ្ទាល់ដីអោយក្លាយជាបន្ទប់អគារ។
ចំណែកឯបូឌីងពណ៌សវិញ អគារនេះរងនូវការបំផ្លិចបំផ្លាញបំផុត ប៉ុន្តែ វាគឺជាអគារដែលមានការផ្លាស់ប្តូរនូវទ្រង់ទ្រាយដើមតិចបំផុត។ នៅផ្នែកខាងមុខអគារ គេព្យាយាមធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីបិទកន្លែងដែលទំនេរធ្វើជាបន្ទប់ស្នាក់នៅ។ កង្វះខាតនៃការថែរក្សាអោយបានដិតដល់បានធ្វើអោយប្រព័ន្ធបង្ហូរទឹកនិងវិស្វកម្មភាពផ្សេងៗទៀតខូចខាតប្រើការលែងកើត ដែលកាលពីមុន ប្រព័ន្ធទាំងអស់នេះបានធ្វើអោយអគារមួយខ្នងនេះប្រែក្លាយជាកន្លែងរស់នៅប្រកបដោយអនាម័យ និងដ៏សែនមនោរម្យ។
ប៉ុន្តែ លោក វណ្ណ មូលីវណ្ណមានទំនុកចិត្តថា អគារបូឌីងសនឹងមិនរលាយបាត់រូបរាងរបស់ខ្លួនឡើយ។ លោកគ្រាន់តែចង់និយាយអំពីលទ្ធភាពនៃការជួសជុលឡើងវិញ។ សម្រាប់រូបលោក លោកអាចធ្វើបាន លុះត្រាតែមានការយល់ព្រមរបស់ប្រជាជន និងឆន្ទៈនយោបាយ។ នីតិសម្បទាប្រភេទនេះត្រូវប្រើប្រាស់ថវិកាច្រើន ហើយក្រសួងវប្បធម៌មិនទាន់សម្រេចយល់ព្រមនៅឡើយ ដោយហេតុថា សង្កាត់នេះទទួលរងការគំរាមគំហែងដីធ្លីយ៉ាងខ្លាំងក្លា ដោយសារតែជំនួញដីធ្លីដ៏លីលា។ ក្រសួងវប្បធម៌មិនទាន់បានឆ្លើយតបថាក្រសួងមានបំណងរក្សាសំណង់អគារដែលនៅសេសសល់ ចុងក្រោយនៃសិល្បៈស្ថាបត្យកម្មនាសម័យសង្គមរាស្រ្តនិយម នោះទេ។
ជីវិតរបស់អ្នករស់នៅក្នុងអគារកំពុងស្ថិតក្នុងភាពមន្ទិល បច្ចុប្បន្ននេះ អគារបូឌីងសត្រូវបានបាំងដោយអគាររបស់ក្រសួងអធិការកិច្ច និងទំនាក់ទំនងសភា ដែលទើបតែនឹងកសាងថ្មីៗ ពីបេតុងនិងអមទៅដោយអំពូលភ្លើងភ្លឺចញ្ចែងចញ្ចាច ស្ថិតនៅក្នុងសង្កាត់ដ៏ទំនើបមួយ។ តើអគារបូឌីងស អាចរួចផុតពីការវាយកំទេច រឺការផ្លាស់ប្តូរទ្រង់ទ្រាយដើម ដូចជាករណីរបស់អគារបូឌីងពណ៌ប្រផេះដែររឺទេ?
|

|
α’αααααααααααជីវប្រវត្តិរបស់លោកវណ្ណ មូលីវណ្ណ ១៩២៦: ថ្ងៃកំណើត នៅរាម ខេត្តកំពត ១៩៤៤: សញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ១៩៤៦: ការសិក្សាផ្នែកច្បាប់ នៅSorbonne ទីក្រុងប៉ារីស ១៩៤៧-១៩៥២: សិក្សានៅសាលាវិចិត្រសិល្បៈជាតិ ប៉ារីស បន្ទាប់មករៀនផ្នែកសិល្បៈខ្មែរនៅសាលា Louvre ១៩៤-៥៦: ស្ថាបត្យករនៅទីក្រុងប៉ារីស ១៩៥៦-៦២: សម្តេចនរោត្តម សីហនុបានតែងតាំងលោកជាប្រធានស្ថាបត្យករក្នុងការសាងសង់សំណង់អគាររដ្ឋ ១៩៦២-៦៤: ជាអនុរដ្ឋលេខាធិការក្រសួងការងារសាធារណៈ និងទូរគមនាគមន៍ ១៩៦៥-៦៧: ព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ១៩៧២-៧៩: បម្រើការងារជាស្ថាបត្យករនៅប្រទេសស្វីស ១៩៧៩-៨៧: ដឹកនាំបេសកកម្មផ្សេងៗ នៅជុំវិញពិភពលោក នៅក្នុងក្របខណ្ឌកម្មវិធីលំនៅដ្ឋានរបស់អង្គការសហប្រជាជាតិ ១៩៩៣-៩៨: ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ១៩៩៥-២០០១: ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរអប្សរា ទទួលបន្ទុកត្រួតពិនិត្យបេតិកភណ្ឌអង្គរ ១៩៩៦: ត្រូវបានតែងតាំងជាសមាជិករាជបណ្ឌិតសភាបារាំងផ្នែកស្ថាបត្យកម្ម
សមិទ្ធិផលសំខាន់ៗមួយចំនួនរបស់លោកវណ្ណ មូលីវណ្ណ -សាលសន្និសីទចតុមុខ (១៩៦១) -វិមានឯករាជ្យ (១៩៦២) -ពហុកីឡាដ្ឋានជាតិ (១៩៦៤) -សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧) -វិមានរដ្ឋចំការមន (១៩៦៦) -សាលមហោស្រពជាតិសុរាម្រឹត (១៩៦៨) -អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន -វិទ្យាស្ថានភាសាបរទេស
ឯកសារពិគ្រោះស្តីពីស្ថាបត្យកម្មខ្មែរ -រូបថតនៃស្ថាបត្យកម្មកម្ពុជានាឆ្នាំ១៩៦០ ដែលជាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ នៅក្នុងវិបសាយឯកជនរបស់ ចន កាស៊ែរតា (John Caserta)(សហរដ្ឋអាមេរិក) -KA Tours បានរៀបចំនួវការទស្សនាបង់ថ្លៃ នៅក្រុងភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវសំណង់ដែលបានកសាងឡើងចាប់ពីឆ្នាំ១៩៥៣មក (ឆ្នាំឯករាជ្យរបស់ប្រទេសកម្ពុជា)។ នៅក្នុងថ្ងៃអាទិត្យមួយចំនួន និស្សិតផ្នែកស្ថាបត្យកម្មបាននាំភ្ញៀវដើរកំសាន្ត(កម្មវិធីទំនេរ នៅលើវិបសាយរបស់ KA Tours ។ -ប្រវត្តិសាស្រ្តខ្លីៗស្តីពីទីក្រុងភ្នំពេញ និង បូជនីយស្ថានក្នុងក្រុង រៀបចំធ្វើឡើងនៅលើវិបសាយផ្លូវការរបស់សាលាក្រុងភ្នំពេញ
ឯកសារពិគ្រោះ៖ «បុរីខ្មែរសម័យទំនើប» និពន្ធដោយលោក វណ្ណ មូលីវណ្ណ ក្នុងឆ្នាំ២០០៣ បោះពុម្ភដោយរោងពុម្ភ រ៉ៃយំ នៅទីក្រុងភ្នំពេញ មាន២៣៥ទំព័រ(ភាសាអង់គ្លេស)។ «អគារបូឌីងនៃប្រទេសកម្ពុជាៈ ស្ថាបត្យកម្មថ្មីរបស់ខ្មែរ ក្នុងអំឡុងឆ្នាំ១៩៥៣-១៩៧០» និពន្ធដោយ Helen Grant Ross និង Darry Leon Collins ជាមួយនឹងបុព្វកថារបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ សីហមុនី បោះពុម្ភដោយក្រុមហ៊ុន Key Publisher Company Limited ក្នុងឆ្នំា២០០៦ នៅទីក្រុងបាកក មាន៣៣៤ទំព័រ (ភាសាអង់គ្លេស) «វប្បធម៌ឯករាជ្យ ការបង្ហាញសិល្បៈកម្ពុជានិងវប្បធម៌នៅឆ្នាំ១៩៥០ និង១៩៦០ បោះពុម្ភដោយរោងពុម្ភរ៉ៃយំ ក្នុងឆ្នាំ២០០១ នៅទីក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោក លី ដារ៉ាវុឌ្ឍ និង Ingrid Muan (ភាសាបារាំងនិងភាសាខ្មែរ) «ភ្នំពេញនាដើមសតវត្សទី២១» ឯកសារដឹកនាំដោយការិយាល័យកិច្ចការទីក្រុង ដែលត្រូវបានបោះពុម្ភដោយ Atelier parisien d’urbanisme នៅប្រទេសបារាំង(Besançon) មាន១២៣ទំព័រ (ភាសាបារាំង) «ភ្នំពេញ អភិវឌ្ឍន៍ទីក្រុងនិងបេតិកភណ្ឌ ក្រសួងវប្បធម៌និង» បោះពុម្ភដោយ Atelier parisien d’urbanisme ឆ្នាំ១៩៩៧ ប្រទេសបារាំង(Saint-Ouen) «ភ្នំពេញ កាលពីមុនមកទល់ពេលបច្ចុប្បន្ន» និពន្ធដោយ Michel Igout ជាមួយនឹងបុព្វកថារបស់សម្តេច នរោត្តម សីហនុ បោះពុម្ភដោយWhite Lotus ក្នុងឆ្នាំ១៩៩៣ នៅទីក្រុងបាកក មាន១៧៩ទំព័រ។ សៀវភៅនេះនិយាយពីប្រវត្តិទីក្រុងភ្នំពេញចាប់ពីចុងសតវត្សទី១៩ រហូតដល់ដើមឆ្នាំ១៩៩០ ដោយភ្ជាប់ជាមួយនឹងរូបថត និងផែនទីដ៏ស្រស់ស្អាត(ភាសាបារាំង) (អត្ថបទជាភាសាអង់គ្លេសៈ ភ្នំពេញ កាលពីមុនមកទល់ពេលបច្ចុប្បន្ន)
ភាពយន្តឯកសារ «ក្រដាសមិនអាចយកទៅខ្ចប់ភ្លើងបានទេ» (រិទ្ធី ប៉ាញ ២០០៧- រយៈពេល៩០នាទី) ការជួបជុំគ្នានៅក្នុងជីវភាពប្រចាំថ្ងៃរវាងស្រ្តីរកស៊ីផ្លូវ ភេទមួយក្រុមរស់នៅក្នុងអគារបូឌីង (ជាភាសាខ្មែរ ជាមួយនឹងចំណងជើងរងជាភាសាបារាំងនិងភាសាអង់គ្លេស)
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|