|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| អ្នករស់នៅអគារបូឌីង:ល្បែងចត្រង្គ(ល្បែងអុក) នៅក្នុងហាងកាហ្វេ |
| ααα ឈាង បុប្ផា និង ស្ទេហ្វានី ហ្សេ | | | 27-06-2008 | បូឌីង(ភ្នំពេញ) ថ្ងៃទី២១ មករា ២០០៨ តាបារាំងគឺជាម្ចាស់គ្រប់គ្រងនៅក្នុង ចំណោមអ្នកលេងអុកនៅក្នុងហាងកាហ្វេមួយ ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារបូឌីង © Stéphanie Gée
អគារបូឌីង ដែលស្ថិតនៅសង្កាត់បាសាក់ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់ចំរុះ និងមានមុខរបរផ្សេងៗពីគ្នា ខ្លះជាមន្ត្រីរាជការ អាជីវករ មន្រ្តីចូលនិវត្តន៍ វិចិត្រករ ស្រ្តីរកស៊ីផ្លូវភេទ...រូមទាំងអ្នកលេងអុកផងដែរ។ ក្នុងមួយថ្ងៃៗ អ្នកលេងអុកទាំងនេះបានមកជួបជុំគ្នានៅផ្ទះតាបារាំង ដើម្បីមកពិសាកាហ្វេ និងប្រកួតគ្នាលេងអុក។ ទំលាប់នៃការជួបជុំគ្នានេះមានបរិយាកាសប្រកបដោយភាពសប្បាយរីករាយ ហើយហាងកាហ្វេងនេះក៏ជាកន្លែងពិភាក្សាអំពីបញ្ហាការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។
នៅហាងកាហ្វេជាន់ផ្ទាល់ដីមួយកន្លែងនៃអគារបូឌីង ទាំងអ្នកបម្រើការងារនៅតាមស្ថាប័ននានា ទាំងសិស្សនិស្សិត កំពុងតែអង្គុយរង់ចាំម្ចាស់ក្តារអុកដោយចិត្តអំណត់ ព្រោះម្ចាស់ក្តារអុកមិនទាន់មកដល់ហាងនៅឡើយទេ។ ដើម្បីបំបាត់ភាពអន្សុក ពួកគេបាននិយាយសំណេះសំណាលគ្នាយ៉ាងសប្បាយរីករាយ។ យុវជនវ័យក្មេងមាឌធាត់ម្នាក់បាននិយាយថា «ការសិក្សាភាសាបរទេស មានភាពចាំបាច់ណាស់;សម្រាប់យើងម្នាក់ៗ ក៏ដូចជាអ្នកមានមុខរបរជាចុងភៅ។ គេអាចចិញ្ចឹមជីវិតរស់នៅបានយ៉ាងងាយស្រួល ជាមួយនឹងសមត្ថភាពរបស់គេទាំងពីរនេះ។ ដូចជាករណីរបស់ប្អូនស្រីខ្ញុំ នាងធ្វើការនៅក្នុងភោជនីយដ្ឋានរបស់ជនជាតិបារាំងម្នាក់។ នាងមិនត្រឹមតែមានពេលវេលាឈប់សម្រាកនៅចុងសប្តាហ៍ប៉ុណ្ណោះទេ នាងថែមទាំងអាចសន្សំប្រាក់បានមួយចំនួនទៀតផង។ វាគឺជាការពិតណាស់ យើងមិនគួរធ្វើការងារអោយជនជាតិខ្មែរមួយចំនួនឡើយ។ ពួកគេតម្រូវអោយធ្វើការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនបានទទួលប្រាក់កំរៃបន្ថែមអ្វីទាំងអស់»។ ស្រ្តីអាយុហាសិបឆ្នាំផ្លាយម្នាក់ដែលនៅក្បែរនោះ បានចូលរួមបញេ្ចញមតិយោបល់ថា៖ ក្មួយឯងពិតជានិយាយត្រឹមត្រូវមែន! ក្មួយស្រីរបស់ខ្ញុំម្នាក់ធ្វើការផ្នែកគណនេយ្យ។ ការងារនេះក៏បានផ្តល់នូវប្រាក់បៀវត្សសមរម្យផងដែរ ហើយថែមទាំងជាការងារមួយដែលមិនមានការលំបាកទៀតផង។
ហាងកាហ្វេមួយដែលមានអ្នកចេញចូលជាប្រចាំ សាស្រ្តាចារ្យភាសាម្នាក់បានដើរចូលមកយ៉ាងប្រញាប់ប្រញាល់ ដោយមានកាន់មួកការពារសុវត្ថិភាពនៅជាប់នឹងដៃ។ គាត់បានឆ្លៀតឪកាសនៅចន្លោះម៉ោងបង្រៀនដើម្បីមកលេងអុកបានមួយភ្លែត។ គាត់បានសួរយ៉ាងអន្ទះសារថា «តើ តាបារាំង នៅឯណា?»។ បានជាគេហៅម្ចាស់ក្តារអុកនេះថាជា តាបារាំង ដោយសារតែគាត់មានមាឌធំដំបង ព្រមទាំងមានពុកមាត់ដូចពួកបច្ចឹមប្រទេសម្នាក់។ ពួកគេបានពន្យល់យើងថា គេមិនចាំបាច់;ជួលក្តារអុករបស់គាត់លេងទេ ពីព្រោះពួកគេអាចលេងម្តងម្នាក់ៗដោយមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់។ អ្នកមកពិសាកាហ្វេជាប្រចាំម្នាក់ដែលចូលចិត្តល្បែងអុកនៅប្លុកបូឌីងនេះ បានពន្យល់ថា «ប្រសិនជាពួកគេលេងភ្នាល់ដាក់លុយ ពេលនោះ អ្នកលេងម្នាក់ៗត្រូវតែបង់ប្រាក់ចំនួនមួយពាន់រៀលទៅអោយតាបារាំង។ ប៉ុន្តែ ប្រសិនជាពួកគេគ្រាន់តែលេងដើម្បីការសប្បាយ នោះពួកគេនឹងចំណាយលុយទិញកាហ្វេមួយកែវសម្រាប់តាបារាំង»។
បុរសវ័យចំណាស់ម្នាក់បាននិយាយជាមួយនឹងសម្លេងខ្លាំងៗទៅកាន់ហ្វូងមហាជនថា «នៅក្នុងពេលប្រកួតលេងអុក យើងអាចលេងពូកែ រឺមិនពូកែ វាអាស្រ័យលើទេពកោសល្យរបស់យើងម្នាក់ៗ»។ តាបារាំង ទើបតែចុះមកពីជាន់ខាងលើនៃអគារបូឌីង ដោយមានកាន់ប្រអប់អុកយកមកជាមួយផង ដែលម្នាក់ៗកំពុងតែរង់ចាំយ៉ាងអន្ទះសារ។ ប្រសិនបើរូបគាត់មិនបានយកក្តារអុកនេះមកកាន់ហាងកាហ្វេនេះដែលប្រមូលផ្តុំទៅដោយអ្នកលេងប្រុសៗក៏ដោយ ក៏នៅមានកូនប្រុសរបស់គាត់ជាអ្នកយកមកជំនួសដែរ។ ពួកគេបានចូលទៅកាន់តុប្រកួតលេងអុកដោយមិននៅបង្អង់យូរ។ ក្តារអុកទាំងអស់មានប្រាំដាក់នៅលើតុផ្សេងៗគ្នា។ ពួកគេម្នាក់ៗដណ្តើមគ្នាចូលលេងមុន។ មនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ដែលចង់បង្ហាញថាគាត់គឺជាមន្ត្រីរាជការដ៏សកម្មនឹងការងារម្នាក់ បានព្រលយពាក្យថា«មិនត្រូវថតរូបពួកយើងនៅក្នុងថ្ងៃនេះទេ (ថ្ងៃសុក្រ) ព្រោះគេនឹងគិតថា យើងមិនទៅធ្វើការនៅថ្ងៃនេះ។ សូមអ្នកទាំងពីរមកម្តងទៀតនៅថ្ងៃចុងសប្តាហ៍ វាប្រសើរជាង»។ គាត់បានវាយតម្លៃថាវាមានសារៈសំខាន់ណាស់ក្នុងការបញ្ជាក់ហេតុផលទាំងនេះ «ប៉ុន្តែ យើងមិនត្រូវមានការលាក់លៀមឡើយ ព្រោះថានេះគឺជាល្បែងប្រាជ្ញាមួយប្រភេទ...»។
ការប្រកួតអុកដែលធ្វើអោយមានភាពក្លៀវក្លា សម្លេងអ៊ូអរតែងតែលាន់គងរំពងឡើង រាល់ពេលដែលគេដើរកូនអុកលាន់ឮសូរខ្លាំងៗ ហើយស្រែកដោយភ្ញាក់ផ្អើល នៅពេលដែលគេចង់ «អុក» រឺក៏ «អុកអោយស្តេចដើរលែងរួច» ដាក់ភាគីប្រកួត។ ទស្សនិកជនដែលនៅចាំជួយប្រាប់មានចំនួនច្រើនជាងអ្នកលេងទៅទៀត។ ការប្រកួតនេះមិនមានភ្នាល់ដាក់ប្រាក់អ្វីឡើយ។
ភ្លាមនោះស្រាប់តែអ្នកលេងម្នាក់និយាយឡើងថា«នេះជាការបោកប្រាស់! ប្រសិនជាអ្នកឈ្នះ ក៏ដោយសារតែមានគ្រូដែលអង្គុយនៅក្បែរជាអ្នកជួយ»។ ដៃគូរបស់គាត់មិនបានឆ្លើយតបតអ្វីទាំងអស់ទៅនឹងសំដីនេះទេ។ ទាំងអស់គ្នាសើចទាំងមិនសូវជាមានការពេញចិត្ត។ បុរសម្នាក់នេះបានជម្រុញដៃគូប្រកួតរបស់គាត់ដើរអោយបានលឿន ដោយមិនទុកពេលវេលាអោយគេគិតពិចារណាឡើយ ព្រោះគាត់ចង់អោយគេដើរផ្លូវខុស ។ ការប្រកួតលេងអុកនេះក៏មានលក្ខណៈចិត្តវិទ្យាមួយបែបដែរ ព្រោះថាសង្គ្រាមបានកើតមានឡើងនៅលើក្តារក្រលាចង្រ្គមួយ ដោយមានកូនអុកដែលត្រូវបានដាក់តំរៀបទល់មុខគ្នាទាំងនោះ គឺជាកងទ័ពចេញច្បាំង។ ជើងចាស់ម្នាក់បានចំអន់លេង ក្នុងគោលបំណងចង់ប្រាប់ដល់ក្មេងស្រករក្រោយ ថា «ក្មួយ! ដើរអាមួយនេះ!»។ ម្នាក់ៗសុទ្ធតែចង់ចំអន់លេងដាក់គ្នាទៅវិញទៅមក។ ទោះបីជាការនិយាយលេងសើចទាំងនេះអាចមានការប៉ះពាល់ខ្លះៗក៏ដោយ ក៏វាមិនបានបង្កជាបញ្ហាធ្ងន់ធ្ងរទេ។ តា បារាំង ដែលជាអតីតទាហានម្នាក់ បានសំដែងនូវការមិនពេញចិត្តចំពោះបញ្ហាទាំង នេះ ហើយគាត់តែងតែជួយស្តារស្ថានការណ៍នេះអោយមានភាពប្រសើរឡើងវិញ។
តាបារាំងស្រលាញ់ចូលចិត្ត អុក តាបារាំងបានកោរពុកចង្ការដ៏ស្រមូវដែលដុះពេញផ្ទៃមុខរបស់គាត់ និងកាត់សក់ដ៏វែងប្រះស្មារបស់គាត់ កាលពីប៉ុន្មានខែមុខនេះ។ ក្នុងសំលៀកបំពាក់អាវវែងត្រឹមជង្គង់ចំរុះពណ៌ គាត់បានរៀបរាប់ថា គាត់គឺជាម្ចាស់គ្រប់គ្រងនៅទីនេះ។ គាត់ងប់ងុលនឹងកូនអុកតូចៗនេះយ៉ាងខ្លាំង។ «នៅក្នុងគ្រួសាររបស់ខ្ញុំ មិនមានអ្នកណាម្នាក់ចេះលេងល្បែងប្រភេទនេះទេ។ ខ្ញុំបានរៀនលេងអុកជាប្រចាំ ពីជាងកាត់សក់នៅតាមផ្លូវ។ ខណៈពេលនោះ អតិថិជនតែងតែឆ្លៀតលេងអុក ក្នុងពេលដែលកំពុងអង្គុយរង់ចាំការកាត់សក់។ »
តាបារាំងគឺជាអ្នកធ្វើគ្រាប់អុកនេះដោយផ្ទាល់ដៃរបស់គាត់។ គាត់បានយកឈើមកឆ្លាក់ជារូបសេះ និងបានប្រើប្រាស់ម៉ាស៊ីនជាជំនួយ ដើម្បីធ្វើកូនអុកសាមញ្ញៗបំផុត។ «អ្វីដែលសំខាន់នោះ គឺយើងត្រូវតែមានឈើល្អរឹងមាំ ព្រោះអ្នកលេងល្បែងនេះអុកកូនអុកមិនប្រណីដៃឡើយ»។ ដោយមានការបញ្ជាទិញជាញឹកញាប់ពីជនបរទេស គាត់បានធ្វើគ្រាប់អុកដែលមានតែមួយគ្មានពីរ និងបានកាត់ថ្លៃចំនួន៤០០ដុល្លារ។ នេះគឺជាមុខរបរមួយ ដែលអាចរកប្រាក់ចំណូលបាន បន្ថែមលើប្រាក់ចំណូលដ៏ស្តួចស្តើងរបស់គាត់។ ប៉ុន្តែ គាត់បានបញ្ជាក់ថាគាត់បានប្រើប្រាស់ពេលវេលាយូរ សម្រាប់ធ្វើកូនអុកទាំងនេះអោយបានរួចរាល់។
ម្ចាស់ក្តារអុករូបនេះបានឡើងទៅលើផ្ទះរបស់គាត់ ដើម្បីទៅយកគ្រាប់អុកដែលស្អាតបំផុតរបស់គាត់មកបង្ហាញពួកយើង។ ពេលដែលគាត់ត្រលប់មកវិញ គាត់បាននិយាយរៀបរាប់យ៉ាងក្បោះក្បាយថា «នៅទីនេះ អ្នកមានទូក សេះ ដែលជាកូនទាហាន។ គោល គឺជាសេនានៅចាំការពារស្តេច និង ម្ចាស់ក្សត្រី រីឯត្រីសាមញ្ញទាំងនេះ តំណាងអោយប្រជារាស្ត្រ។ របៀបលេងអុកមានលក្ខណៈងាយស្រួល។ ស្តេចបញ្ជាអោយកូនចៅទាំងអស់ចេញច្បាំងកម្ចាត់សត្រូវ ដើម្បីចាប់ស្តេចផ្សេងយកមកធ្វើជាចំនុះរបស់ខ្លួន។ បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ សត្រូវណាដែលអាចចូលទៅក្នុងជំរុំរបស់គូប្រយុទ្ធ នឹងមានអំណាចដូចជាម្ចាស់ក្សត្រីមួយរូបដែរ។ វាមានន័យថា ពួកវាគឺជាម្ចាស់គ្រប់គ្រងនៅទីនេះ។ យើងអាចធ្វើការប្រៀបធៀបល្បែងប្រភេទនេះជាមួយនឹងនយោបាយ។ ជនតូចតាចសុខចិត្តស្លាប់ដើម្បីការពារម្ចាស់របស់ខ្លួនអោយនៅរស់រានមានជីវិតបន្ត»។ គាត់រៀបតែនឹងបញ្ចប់ការពន្យល់របស់គាត់ទៅហើយ ស្រាប់តែមានបុរសចំណាស់ម្នាក់នៅក្បែរនោះបានស្រែកថា « ការសម្ងាត់ដើម្បីទទួលបានជ័យជំនះនៅពេលលេងអុក គឺទាល់តែបានចូលរួមនៅក្នុងសង្រ្គាមពិតប្រាកដមួយ»។
[សម្រាប់ព័ត៌មានទាក់ទងនឹងល្បែងក្រលាចក្រង្គ ដើមកំណើតនៃការបង្កើតល្បែងក្រលាចង្រ្គ និងល្បែងអុកសម័យទំនើប ព្រមទាំងវិធីលេង និងតួនាទីរបស់អុកនៅក្នុងសិល្បៈ។ សូមអានអាស័យដ្ឋាននេះ http://fr.wikipedia.org/wiki/Jeu_d%27%C3%A9checs អត្ថបទស្តីពី «អ្នករស់នៅអគារបូឌីង» មានចេញផ្សាយជារៀងរាល់ថ្ងៃសុក្រ នៅចុងខែនីមួយៗ។ |

|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|