|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| កីឡាប្រដាល់ខ្មែរៈ ជនជាតិខ្មែរនិងបារាំងបានផ្សារភ្ជាប់ ទៅនឹងគុនខ្មែរ |
| ααα ឡឺរ៉ង់ ឡឺហ្គូអង់វិក | | | 08-08-2008 | 
ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០០៨ ៖ នៅស្តាតចាស់ កីឡាករកម្ពុជាជំនាន់ក្រោយ ដែលជាអ្នករក្សាប្រពៃណីប្រដាល់ខ្មែរ បានជួយបង្ហាត់បង្រៀនកីឡាករប្រដាល់បារាំង © ចន វីង / Magnum
«សំបកកង់ឡានបួន បាវខ្សាច់ពីរ កម្រាលព្រំមួយ និងដំបូលប្រក់មេឃ៖ ទាំងនេះគឺជាការតុបតែងលំអកន្លែងហ្វឹកហាត់ប្រដាល់របស់គ្រូបង្វឹកបរទេសពីររូប គឺលោកហ្វីលីព សេប៊ៀ និងលោកអេរីក រូស្ស៊ី ក្រោមកំដៅថ្ងៃដ៏ក្តៅ នាខែកក្កដា នៅពហុកីឡាដ្ឋានស្តាតចាស់ នៅទីក្រុងភ្នំពេញ។ ការតុបតែងនេះមិនមានលក្ខណៈធំដុំអ្វីឡើយ បើប្រៀបធៀបទៅនឹងបន្ទប់បង្ហាត់ក្បាច់គុនស្អាត និងបិទជិតដែលនៅក្នុងនោះ ពួកគាត់ធ្លាប់បានហ្វឹកហាត់ មួយស្ថិតនៅទីក្រុងប៉ារីស និងមួយទៀតតំបន់វ៉ង់ឌេ (Vendée) (តំបន់ភាគខាងលិចប្រទេសបារាំង)។ កីឡាករជនជាតិបារាំងទាំងពីររូបនេះប្រាថ្នាចង់មករៀនសូត្រក្បាច់គុនប្រដាល់ខ្មែរដែលមានដើមកំណើតមុនគេបង្អស់តាំងពីបុរមបុរាណកាលមកៈ ការបង្ហាត់បង្រៀនធ្វើឡើង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលបីសប្តាហ៍ ចាប់ពីម៉ោង៦ ដល់ម៉ោង៨ព្រឹក និង ម៉ោង១៤និង៣០នាទី ដល់ម៉ោង១៦និង៣០នាទីរសៀល នៅក្នុងក្របខ័ណ្ឌកម្មសិក្សាមួយជាមួយនឹងកីឡាករប្រដាល់ខ្មែរពូកែៗ។ «បារាំង» ទាំងនេះ មានបំណងជម្រុញនិងពង្រឹងសិល្បៈគុនខ្មែរអោយកាន់តែរឹងមាំនៅក្នុងប្រទេសបារាំង ហើយត្រូវការរៀនសូត្រអោយកាន់តែស៊ីជម្រៅពីប្រភពកំណើតនៃក្បាច់កុនបុរាណនេះ ដើម្បីប្រកួតប្រជែងជាមួយនឹងកីឡាប្រដាល់ថៃ ដែលបានធ្វើអោយកុនខ្មែរបាត់បង់កិត្តិនាម និងទទួលរងឥទ្ធិពលអឺរុប។ ខាងក្រោមនេះគឺជាបទយកការណ៍…
កីឡាករប្រដាល់មកពីតំបន់ផ្សេងៗ ជួបជុំគ្នាហាត់គុនខ្មែរ កីឡាករប្រដាល់ជនជាតិបារាំងទាំងនេះមានមាឌធំរឹងមាំ មានសុខភាពពេញបរិបូរណ៍ ជាមួយនឹងសាច់ធំៗ ព្រមទាំងស្នាមសាក់នៅលើខ្លួនរបស់ពួកគេ។ ភ្លាមនោះ ពួកគេហាក់ប្រែក្លាយជាក្មេងតូច ដោយបង្ហាញឥរិយាបថទន់ភ្លន់និងសុភាពរាបសា ចំពោះមុខកីឡាករខ្មែរដែលមានមាឌល្អិតជាងពួកគេ ប៉ុន្តែក៏មានកម្លាំងខ្លាំងក្លា និងស្វាហាប់ដូចពួកគេផងដែរ។ កីឡាករខ្មែរមានសមត្ថភាពអាចផ្តួលកីឡាករមាឌធំៗមកពីគ្រប់ទិសទីនៃទ្វីបអឺរុប អោយដេកដួលលើតាពីបាន តាមក្រឹត្យក្រមច្បាប់កីឡាប្រដាល់។ ជនជាតិបារាំងដែលមកស្រុកខ្មែរនេះ ចេញមកពីគ្រប់ច្រកល្ហកទូទាំងប្រទេសបារាំង មានដូចជា ជាងឈើផ្នែកគ្រឿងដំបូលផ្ទះ មេធាវី ជាងបូកម្នាងសិលា និស្សិត បុគ្គលិកមន្ទីរពេទ្យ រឺភ្នាក់ងារសន្តិសុខ ដែលមានអាយុចន្លោះពី១៥ ទៅ៤៥ឆ្នាំ ហើយភាគច្រើន បានធ្វើដំណើរតាមជើងយន្តហោះជាលើកដំបូង ដើម្បីមកជួបជាមួយនឹងកីឡាករកម្ពុជាក្មេងៗទាំងនេះ ដែលជាអ្នកបន្តវេនប្រពៃណីដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ប្រពៃណីមួយនេះទទួលរងឥទ្ធិពលពីពិភពខាងក្រៅ និងត្រូវបានគេស្គាល់តិចតួចនៅលោកខាងលិច។ កីឡាករកម្ពុជាខ្លះរស់នៅក្នុងសំណង់បណ្តោះអាសន្នរួមគ្នា នៅស្តាតចាស់ ដែលជាកម្មសិទ្ធិរបស់កងទ័ពកម្ពុជា។ កីឡាករខ្មែរទាំងនេះមានមោទនភាពយ៉ាងខ្លាំង ហើយបានចែករំលែកចំណេះដឹងនិងជំនាញដ៏ប៉ិនប្រសប់របស់ពួកគេ ប្រាប់ដល់ជនជាតិបារាំងទាំងនោះដោយឥតលាក់លៀមអ្វីទាំងអស់។
បន្ទាប់ពីហាត់សមសាកកម្លាំងយូរគ្រាន់បើរួចមក ជនជាតិបារាំងបានឈរនៅម្ខាង ខ្មែរនៅម្ខាង ដើម្បីសាកល្បងថ្វីដៃរបស់ពួកគេ។ ពួកគេបែកចែកគូគ្នាតាមជាតិសាសន៍នីមួយៗ កីឡាករនៃប្រទេសទាំងពីរស្វាគមន៍គ្នានិងគោរពគ្នាទៅវិញទៅមក ជាមួយនឹងក្រសែភ្នែកគោរពស្រឡាញ់គ្នា ជាងការចូលចិត្តប្រកួតយកឈ្នះចាញ់។ ទោះជាយ៉ាងណា ពួកគេបានប្រយុទ្ធគ្នា ពីរទល់នឹងពីរ ស្បែកសទល់នឹងស្បែកលឿង។ គេអោបគ្នា រួចលែងគ្នាចេញវិញ គេញាក់ខ្លួនដាក់គ្នា ជ្រលដាក់គ្នា ស្ទង់ចិត្តគ្នាទៅវិញទៅមក។ នៅក្នុងការប្រកួតនេះ កីឡាករកម្ពុជាបានសំដែងក្បាច់រាំរំលឹកគុណគ្រូ ជាមួយនឹងកាយវិការផ្សេងៗ ដោយបាននិយាយខ្មែរមួយមាត់ៗ ម្តងម្តាល តែដៃគូបារាំងអាចយល់អត្ថន័យរបស់ពាក្យនោះ តាមរយៈផ្នត់គំនិតគុនខ្មែរ។
មោទនភាពនៃជាតិសាសន៍ទាំងពីរ កីឡាករកម្ពុជានិងកីឡាករបារាំងមានមោទនភាពយ៉ាងខ្លាំងចំពោះការប្រកួតដ៏ថ្មីស្រឡាងនេះ។ កីឡាករខ្មែរមានមោទនភាព កាលដែលបានឃើញថាសិល្បៈគុនខ្មែរត្រូវបានគេទទួលស្គាល់ និងផ្តល់កិត្តិយស នៅក្រៅរង្វង់ព្រំដែននៃប្រទេសកម្ពុជា ចំណែកកីឡាករបារាំងមានមោទនភាពដែលបានធ្វើដំណើរមកកាន់តំបន់ដែលពួកគេមិនធ្លាប់ស្គាល់ពីមុន និងមកកាន់ទ្វីបអាស៊ី ដែលពួកគេធ្លាប់តែស្រមៃឃើញរូបភាព ហើយចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងធ្វើការប្រៀបធៀបការពិតទៅនឹងការស្រមៃរបស់ខ្លួន។ ការពិតមានសភាពលំបាក ជាងការស្រមៃរបស់ពួកគេឆ្ងាយណាស់។ «លោក អេរីក រូស្ស៊ី គ្រូបង្វឹកនៅ Saint-Hilaire-de-Riez បានបញ្ជាក់ថាវាគឺជាការលំបាកមួយ ជាពិសេស ពេលបានឃើញក្មេងៗក្រីក្រហាត់រៀនគុននៅតាមដងផ្លូវ។ ប៉ុន្តែ យើងសប្បាយរីករាយក្នុងការរៀនសូត្រពីកីឡាករប្រដាល់វ័យក្មេងទាំងនេះ។ ពួកគេនៅតែបន្តហាត់រៀនសូត្រកីឡាប្រដាល់ បើទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌមួយដ៏លំបាកក៏ដោយ។ មិនមានកីឡាច្រើនប្រភេទនោះទេ ដែលពួកបស្ចឹមប្រទេសបានធ្វើដំណើរមកកាន់ប្រទេសដើម ដើម្បីរៀនសូត្រពីប្រពៃណីនៃកីឡានេះ។ ផ្ទុយពីអ្នកដទៃ យើងមិនមែនមកទីនេះ ដើម្បីនិយាយថា «យើងចេះគ្រប់យ៉ាង» នោះទេ ខណៈពេលដែលយើងមិនចេះអ្វីទាល់តែសោះ»។
លោកអេរីក និយាយប្រាប់ខ្លួនឯងថាគាត់គឺជា «មនុស្សចូលចិត្តនៅតែផ្ទះសំបែង» ហើយនេះគឺជាលើកទីមួយ ដែលលោកបានធ្វើដំណើរកំសាន្តដ៏សំខាន់មួយ ក្នុងជីវិរតរបស់គាត់។ ជាបឋម គាត់ធ្លាប់បានហាត់រៀនក្បាច់ការ៉ាតេដូ មុននឹងហាត់រៀនក្បាច់កុន ដែលជនជាតិបារាំងហៅថា «កីឡាប្រដាល់ថៃ»។ លោកបានហាត់រៀនប្រដាល់នេះអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងក្លឹបកីឡាគុនថៃមួយ ដោយមិនបានស្គាល់ពីប្រភេទកីឡានេះច្បាស់លាស់។ នៅក្នុងក្លឹបកីឡានោះ លោក ពីធិ គឺជាគ្រូបង្វឹក…ជនជាតិកម្ពុជា។ «ប្រជាជនកម្ពុជារស់នៅប្រទេសបារាំងហាត់រៀនសិល្បៈប្រដាល់នៅក្នុងបរិយាកាសមួយសិ្នទ្ធិស្នាលបំផុត។ តាមការពិត មនុស្សភាគច្រើនរៀនក្បាច់ប្រដាល់ខ្មែរ ដោយនិយាយថារៀនគុនថៃ។ សូម្បីតែលោកគ្រូបង្វឹកផ្ទាល់ គាត់ក៏តែងតែនិយាយប្រាប់ខ្ញុំថាប្រទេសកម្ពុជាគឺជាអ្នកបង្កើតកីឡាប្រភេទនេះ»។
ហេតុដូច្នេះ បុរសវ័យ៣០ផ្លាយដ៏រឹងមាំរូបនេះបានដំណើរទស្សនិកចេញក្រៅប្រទេសដើម្បីសិក្សាពីដើមកំណើតនៃក្បាច់គុនខ្មែរ។ «លោកសារភាពថា លោកមានមនោសញ្ចេតនាយ៉ាងខ្លាំងចំពោះក្បាច់ប្រដាល់នេះ។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញរូបសាក់លើទ្រូងរបស់គាត់ ដែលសាក់ចេញជារូបសាច់រឿងរាមកេរ្តិ៍។ ខ្ញុំពេញចិត្តនឹងស្តាតមួយនេះណាស់ រួមមានតន្ត្រី បរិយាកាស ប្រពៃណី។ អ្វីដែលខ្ញុំស្រមៃឃើញនៅទីនេះ សុទ្ធសឹងតែជាការពិត។ ខ្ញុំសូមសារភាពថាខ្ញុំបានស្រក់ទឹកភ្នែក នៅពេលបានឃើញទិដ្ឋភាពទាំងនេះ»។
ស្វែងរកដើមកំណើតនៃក្បាច់ប្រដាល់សេរី លោកហ្វីលីព សេបៀ គ្រូបង្វឹកនៅអង់ឌ្រេស៊ី (មកពីក្រុងប៉ារីស) និងជាប្រធានសមាគមគុនខ្មែរអភិវឌ្ឍន៍ និងជាអ្នកផ្តួចផ្តើមគំនិតរៀបចំកម្មសិក្សានេះ ធ្លាប់បានរៀបចំដំណើរទស្សនិកនេះពីរលើកមកហើយនៅប្រទេសកម្ពុជា។ លោកបានលើកឡើងថារាល់ពេលដែលលោកបានឃើញការប្រកួតប្រដាល់ក្បាច់បុរាណខ្មែរ លោកមាន«អារម្មណ៏ព្រឺក្បាល និងកោតស្ងប់ស្ងែង» យ៉ាងខ្លាំង។ លោកកោតសរសើរពីបច្ចេកទេសនៃការវៃ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់កីឡាករ។ «ដំបូងឡើយ ខ្ញុំចាប់ផ្តើមហាត់រៀនប្រដាល់ថៃ មុននឹងផ្លាស់ប្តូរជីវិតរបស់ខ្ញុំមកគុនខ្មែរវិញ។ លោកបានរៀបរាប់ ដោយក្តីសោមនស្សរីករាយថា ខ្ញុំកំណត់គោលដៅនៃការប្រកួតប្រជែង រួមហើយខ្ញុំចង់អភិវឌ្ឍសិល្បៈប្រដាល់នេះ។ កីឡាករប្រដាល់ ដូចជាអេ ភូថង ចេះក្បាច់ប្រដាល់សេរីតាំងពីបុរមបុរាណ ដែលគេមិនអាចស្វែងរកបាននៅក្នុងកីឡាប្រដាល់ថៃ។ ក្លឹបគុនថៃជាច្រើននៅប្រទេសបារាំងមានការធុញទ្រាន់ ក្នុងការមើលឃើញកីឡាប្រភេទនេះក្លាយជាសកម្មភាពប្រយុទ្ធគ្នាមួយ ដោយគ្មានមូលដ្ឋានគ្រឹះទៅនឹងវប្បធម៌ដើម។ កីឡាប្រដាល់ Full contact kick boxing និង K-one ដែលសុទ្ធសឹងតែជាកីឡាប្រដាល់ថៃក្លាយចេញពីប្រដាល់ខ្មែរ មិនអាចប្រៀបផ្ទឹមជាមួយនឹងកីឡាប្រដាល់សេរីខ្មែរបាននោះទេ។ បច្ចុប្បន្ននេះ ក្លឹបប្រដាល់ទាំងនេះចង់រក្សាប្រពៃណី វប្បធម៌ និងផ្នត់គំនិតនៃសិល្បៈនេះ ហេតុដូច្នេះ ពួកគេបានត្រឡប់មកហាត់រៀនសូត្រពីគុនខ្មែរវិញ»។
លោកអេរីក បានអះអាងថា «កីឡាប្រដាល់ខ្មែរ គឺជាកីឡាដ៏កក់ក្តៅ ទន់ភ្លន់ និងមានវប្បធម៌ជារបស់ខ្លួន»។ យុវជន Ludovic acquiesce បានពន្យល់ថា៖ «ខ្ញុំរង់ចាំដំណើរកំសាន្តនេះអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំសូមសារភាពថា នៅពេលចេញដំណើរ ខ្ញុំគិតថាយើងកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ។ ប៉ុន្តែ ប្រទេសកម្ពុជា ពិតជាអស្ចារ្យជាងនេះឆ្ងាយណាស់! ព្រោះវាគឺជាប្រទេសដើមកំណើតនៃកីឡាប្រដាល់! នេះគឺជាសំណាងតែមួយគត់ និងជាកិត្តិយសធំបំផុត ដែលយើងបានមកដល់ទីនេះ បានជួបជាមួយនឹងគ្រូបង្វឹកក្បាច់ប្រដាល់ខ្មែរ»។ «មនោសញ្ចេតនា តម្លៃ ស្នាមញញឹម និងការគោរព»សុទ្ធសឹងតែជាពាក្យដែលលោកបានផ្សារភ្ជាប់ទៅនឹងដំណើរទស្សនិកដ៏សំខាន់នេះ។
ក៏ដូចជាមិត្តភក្តិរបស់ពួកគាត់ លោក យ៉ាន់ អាយុ២០ឆ្នាំ បានសុំច្បាប់ឈប់សម្រាកចំនួនបីសប្តាហ៍ ដោយមិនបានទទួលប្រាក់បៀវត្ស ដើម្បីបានមកហាត់រៀនជាមួយកីឡាករប្រដាល់ខ្មែរ។ ស្ថិតក្នុងសភាពជាំភ្នែក និងបើកញើសសស្រាក់ លោកបានរៀបរាប់ថា «ខ្ញុំបានចាប់ផ្តើមរៀនបច្ចេកទេសថ្មីៗ ដែលមិនមាននៅស្រុកបារាំង ដើម្បីយកទៅបង្ហាត់បង្រៀនកូនសិស្សរបស់ខ្ញុំបន្ត»។ «ការហ្វឹកហាត់មានការលំបាកយ៉ាងខ្លាំង យើងហត់អស់កម្លាំង ប៉ុន្តែ នេះគឺជាបទពិសោធន៍ដ៏ពិតប្រាកដមួយ!»។
លោកមេធាវី ធើរី ស្សាតូ អាយុ៤២ឆ្នាំ គឺជាបារាំងមួយនាក់ក្នុងក្រុម ដែលកម្រនឹងធ្វើដំណើរឆ្លងទ្វីបណាស់។ លោកក៏ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃចំនួនពីរលើកមកហើយដែរ។ «ជាការពិតណាស់ តាមរយៈទិដ្ឋភាពមួយចំនួន ប្រទេសកម្ពុជាហាក់បីដូចជាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងប្រទេសថៃ កាលពី២០ឆ្នាំមុន។ ប៉ុន្តែ ប្រទេសកម្ពុជាមានលក្ខណៈដើមជាង! នៅប្រទេសថៃ កម្មសិក្សាបែបនេះត្រូវបានរៀបចំឡើង សម្រាប់អ្នកមកពីអឺរុប ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប...។ នៅទីនេះ ទិដ្ឋភាពដើមគឺជាបញ្ហាចំបង។ គុនខ្មែរមិនទទួលរងឥទ្ធិពលពីអឺរុបឡើយ។ ការលំបាក លក្ខណៈដើម គឺជាបញ្ហាដ៏សំខាន់បំផុត! នេះគឺជាអ្វីដែលយើងស្វែងរក!»
កីឡាមិនមែនជាជំនួញរកស៊ី លោកអេរីក បានបន្ថែមទៀតថា «នៅទីនេះ មិនមែនជាការធ្វើជំនួញរកស៊ី ដូចជានៅប្រទេសថៃនោះទេ។ នៅទីនេះ យើងរៀន និងផ្លាស់ប្តូរបច្ចេកទេសនិងបទពិសោធន៍គ្នាទៅវិញទៅមក។ ខ្ញុំតែងតែលើកឡើងនូវសំណួរជាហូរហែរ ហើយចម្ងល់ទាំងនេះអាចជួយធ្វើអោយខ្ញុំផ្ទៀងផ្ទាត់បានថាតើការបង្រៀនរបស់ខ្ញុំនៅស្រុកបារាំង គោរពទៅតាមបច្ចេកទេសដែលគេប្រើប្រាស់នៅប្រទេសកម្ពុជាដែររឺទេ»។ លោកមានមោទនភាពទ្វេដង គឺក្នុងនាមជាសិស្សដ៏ល្អម្នាក់ និងជាគ្រូដែលចង់ផ្ទេរចំណេះដឹងទាំងប៉ុន្មានរបស់គាត់ទៅអោយសិស្សបន្តទៀត។ លោកក៏បានចែករំលែកមោទនភាពនេះទៅអោយកូនស្រីទាំងពីររបស់គាត់ ដែលរស់នៅប្រទេសបារាំង។ «កូនស្រីទាំងពីរនាក់មានមោទនភាពដែលបានឃើញឪពុករបស់ខ្លួនមានសមត្ថភាពធ្វើការងារដូច្នេះបាន គឺមិនមែនត្រឹមតែការចុះកម្មសិក្សាកីឡាប៉ុណ្ណោះនោះទេ ប៉ុន្តែ លោកធ្វើការ ក្នុងគោលបំណងការពារវប្បធម៌និងសប្បុរសធម៌»។ ព្រោះក្រៅអំពីខោខ្លី និងស្នាប់ដៃ កីឡាករប្រដាល់ជនជាតិបារាំងទាំងនេះបាននាំយកមកជាមួយនូវសម្ភារៈពេទ្យ ឧបករណ៍ក្មេងលេង និងហិបវិភាគទានតូចមួយ ដើម្បីផ្គត់ផ្គង់ថ្លៃទិញកង់ អោយក្មេងៗក្រីក្រ ដើម្បីទុកធ្វើជាយានជំនះ ទៅសាលារៀន។ គ្រូបង្វឹករូបនេះបានមានប្រសាសន៍ថា «នៅឆ្នាំក្រោយ នៅពេលយើងត្រឡប់មកម្តងទៀត យើងនឹងនាំយកអំណោយមកកាន់ប្រទេសកម្ពុជាអោយបានកាន់តែច្រើនជាងនេះ»។ «នៅពេលយើងត្រឡប់មកវិញម្តងទៀត...» លោក ហ្វីលីព សេបៀ សប្បាយរីករាយនឹងប្រយោគមួយឃ្លានេះណាស់។ លោកមិនត្រឹមតែមានចិត្តស្រឡាញ់គុនខ្មែរនោះទេ លោកក៏ស្រឡាញ់ប្រទេសកម្ពុជាផងដែរ។ លោក ហ្វីលីព សេបៀ គឺជាអ្នកជួយបង្កើតគណៈកម្មការសហព័ន្ធបារាំងគុនខ្មែរក្នុងសហព័ន្ធបារាំងកីឡាប្រដាល់ខ្មែរ ថៃ និងកីឡាប្រដាល់សេរី និងបានរៀបចំការប្រកួតប្រដាល់ក្បាច់បុរាណខ្មែរនៅប្រទេសបារាំងចំនួនពីរលើក ដែលក្នុងនោះមានការចូលរួមពីកីឡាករអេ ភូថង និងជ័យ កុសល ព្រមទាំងបានរៀបចំការបង្ហាញពីគុនខ្មែរជាច្រើនលើកផងដែរ។ លោកសង្ឃឹមថានឹងអាចស្វែងរកមូលនិធិ ដើម្បីយកកីឡាករខ្មែរទៅប្រកួតនៅអឺរុបម្តងទៀត។ «កីឡាករខ្មែរត្រូវតែទៅប្រកួតនៅបរទេស! តាមរយៈសម្ភារៈហ្វឹកហាត់ច្រើនជាង លក្ខខណ្ឌនៃការហ្វឹកហាត់ប្រសើរជាង កីឡាករកម្ពុជាអាចនឹងខ្លាំង ជាងកីឡាករថៃទៅទៀត។ យើងត្រូវបង្ហាញអោយឃើញពីសមត្ថភាពកីឡាករខ្មែរ នៅក្នុងការប្រកួត។ នៅពេលគេឃើញថាពួកគេអាចវៃឈ្នះកីឡាករថៃ គេនឹងកាន់តែចាប់អារម្មណ៍ពីប្រភពកំណើមនៃគុនខ្មែរ»។ លោកហ្វីលីពក៏មានក្តីស្រមៃមួយផងដែរ នោះគឺ បង្កើតសាលាគុនខ្មែរមួយនៅប្រទេសកម្ពុជា សម្រាប់កីឡាករបរទេសនិងកីឡាករកម្ពុជា។ លោកអាចមានជំនឿទុកចិត្តលើការជួយគាំទ្ររបស់ភរិយារបសលោក គឺអ្នកស្រីដួង ទេវី ហៅម៉ុម មានដើមកំណើតជាជនជាតិខ្មែរ ដែលជាអ្នកប្រយុទ្ធផង ជាអ្នកបកប្រែ អ្នកចរចារ និងជាអ្នកសម្របសម្រួលផង ដែលត្រូវទទួលបន្ទុកកិច្ចការយ៉ាងធ្ងន់ធ្ងរ ក្នុងចរចារជាមួយរដ្ឋបាល ទាហាន និងនគរបាលកម្ពុជា នៅក្នុងមជ្ឈដ្ឋានមួយដែលមិនសូវមានស្រ្តីច្រើន។ អ្នកស្រីបានមានប្រសាសន៍ថា «វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែ គ្រប់យ៉ាងបានបញ្ចប់ ជាមួយនឹងដំណោះស្រាយ»។ វង្ស ណយ អាយុ១៩ឆ្នាំ ដើមកំណើតមកពីក្រុងប៉ៃលិន(ភាគពាយ័ព្យប្រទេសកម្ពុជា) មានទឹកមុខសប្បាយរីករាយ ពេលអ្នកស្រីម៉ុមសួរថាតើគេចង់មកប្រកួតប្រដាល់នៅប្រទេសបារាំងដែររឺទេ វង្ស ណយ បានឆ្លើយដោយឥតរុញរា។ ណយបាននិយាយទាំងអៀនប្រៀនថា «ខ្ញុំសប្បាយរីករាយ ដែលបានធ្វើការជាមួយគ្រូបង្វឹកជនជាតិបារាំងរយៈពេលបីសប្តាហ៍»។ «កីឡាករបារាំងមានមាឌរឹងមាំ និងមានកម្លាំងខ្លាំង បើទោះបីជាពួកគេមិនសូវមានបច្ចេកទេសវៃដូចជាពួកយើងក៏ដោយ។ ខ្ញុំមានមោទនភាព ដែលអាចបង្រៀនពួកគេនូវក្បាច់វាយកែងខ្លះ ដែលពួកគេមិនធ្លាប់ស្គាល់ពីមុន»។ ម្តងនេះ សិស្សប្រដាល់ដែលបានរៀនសូត្រក្បាច់ប្រដាល់ខ្មែរតាំងពី៤ឆ្នាំមកហើយនោះ បានដើរតួជាគ្រូបង្វឹកម្តងវិញ ដើម្បីបង្ហាត់បង្រៀនជនជាតិបារាំងទាំងនេះ។ ដូចនេះ ក្នុងរយៈពេលបីសប្តាហ៍នេះ វង្ស ណយនឹងត្រៀមបង្រៀនយ៉ាងហោចណាស់នូវក្បាច់អ្វីម្យ៉ាងដល់ជនជាតិបារាំង ដែលមកប្រទេសកម្ពុជា។ កម្មសិក្សាដែលរៀបចំនិងសម្របសម្រួលដោយលោកហ្វីលីព និងអ្នកស្រីដួង ទេវី បានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃ៣០ មិថុនា ដល់ថ្ងៃ២១ កក្កដា។ |

|
α’αααααααααααសូមអាននៅលើវិបសាយ កាសែត -ជនជាតិបារាំងប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ
គណៈកម្មការសហព័ន្ធបារាំងគុនខ្មែរ គណៈកម្មការសហព័ន្ធបារំាងគុនខ្មែរ ក្នុងសហព័ន្ធបារាំងកីឡាប្រដាល់ខ្មែរ ថៃនិងកីឡាប្រដាល់សេរី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ បន្ទាប់ពីមានការរៀបចំការប្រកួតប្រដាល់ក្បាច់បុរាណខ្មែរ នៅ Palais omnisport de Bercy (ទីក្រុងប៉ារីស)។ លោក លុច ម៉ង់សាហ៍ អតីតកីឡាករTaekwondo (កីឡាប្រដាល់របស់ប្រទេសកូរ៉េ) និងកីឡាករប្រដាល់ថៃ គឺជាប្រធានគណៈកម្មការ។ គណៈកម្មការនេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយសហព័ន្ធកីឡាប្រដាល់កម្ពុជាស្ម័គ្រចិត្ត។
នៅលើវិបសាយ -វិបសាយរបស់សហព័ន្ធបារាំងកីឡាប្រដាល់ខ្មែរ ថៃ និងកីឡាប្រដាល់សេរី -វិបសាយរបស់សមាគមគុនខ្មែរអភិវឌ្ឍន៍។ សមាគមនេះត្រូវបានបង្កើតឡើងដោយលោកហ្វីលីព និងអ្នកស្រីដួង ទេវី សេបៀ ដើម្បីពង្រឹងកីឡាប្រដាល់ខ្មែរនៅទ្វីបអឺរុប។ ស្វាមីភរិយាមួយគូនេះបានរៀបចំមូលនិធិ ដើម្បីរៀបចំអោយមានការផ្លាស់ប្តូរកីឡាករបារាំងនិងកីឡាករកម្ពុជា។
|