αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:20 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
អ្នករស់នៅអគារបូឌីង: នៅក្នុងហាងធ្វើសក់របស់ ស្រ្តីរកស៊ីផ្លូវភេទ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ និង ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
29-08-2008

Cambodge - Salon de coiffure © John Vink / Magnum  

 ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី២៣ សីហា ២០០៨៖ នៅហាងអ៊ុតសក់មួយកន្លែង

© ចន វីង / Magnum

សក់​ក្រង​ដ៏​វែង​អន្លាយ​ភាយ​ក្លិន​ក្រអូប​ចេញ​ពីសរសៃ​សក់​ដ៏​ទន់​រលោង សាក​សម​ជាមួយ​នឹង​សំលៀក​បំពាក់​​សម​សួន​មាន​របៀប​រៀប​រយ​ល្អ និង​ដ៏​គួរ​អោយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ ព្រម​ជាមួយ​នឹង​ផ្ទៃ​មុខ​បែប​ធម្មជាតិ​​មិន​មាន​​លាប​ម្សៅ​ ​ លើក​លែង​តែ​ការ​លាប​ក្រចក​ដៃ​និង​ក្រចក​ជើង​ពណ៌ខ្មៅ​តែ​ប៉ុណ្ណោះ។​ ណាវី​(​ឈ្មោះ​ដែល​ត្រូវ​បាន​​ប្តូរតាម​សំណូម​ពរ​របស់​នាង) គឺ​ជា​នារី​វ័យ​ក្មេង​មួយ​រូប​ អាយុ​២៤ឆ្នាំ ​ដែល​មាន​ជំនាញ​​កាត់​សក់​យ៉ាង​ប៉ិន​ប្រសប់​។ ជា​រៀង​រាល់​ល្ងាច​ចាប់​ពីម៉ោង​ប្រាំ​ទៅ ​នាង​តែង​តែ​ធ្វើ​សក់​អោយ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​​ក្នុង​អគារ​បូឌីង​នេះ​។

 

ពី​ម៉ាស៊ីន​គិត​លេខ​ ក្លាយ​មក​ជា​សាប៊ូ​​កក់​សក់​
ម្តាយ​របស់ណាវី​​​​ជាអ្នក​មានគំនិ​ត​ចង់​ប្រែ​ក្លាយ​បន្ទប់​​​ដ៏​តូច​ចង្អៀត​ជា​លក្ខណៈ គ្រួសារ​​មួយ​នេះ​ មក​ជា​ហាង​ធ្វើ​សក់​វិញ។ កាល​ណោះ​ ណាវី​បាន​​សម្រេច​ចិត្ត​ចូល​សិក្សា​ផ្នែក​គណនេយ្យ នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ឯក​ជន​មួយ​កន្លែងនា​ទីក្រុង​ភ្នំពេញ​ ហើយ​សព្វ​ថ្ងៃ​នេះ​ នាង​​​ជានិស្សិត​ឆ្នាំ​​ទី​៤​។ «តើហេតុ​អ្វី​បាន​ជានាង​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ​វិជ្ជា​នេះ​ ? ព្រោះ​ថា ការ​សិក្សា​​ជំនាញ​នេះ​ងាយ​ស្រួល​ក្នុង​ការស្វែង​​រក​ការងារ​ធ្វើ​។»

ម្តាយ​របស់​នាង​មិន​មានការ​ភាន់​ច្រលំ​នោះ​ឡើយ​។ គាត់​ពេញ​ចិត្ត​​​យ៉ាង​​​ខ្លាំង នៅ​ពេល​ដែល​បាន​​​ឃើញ​​កូន​ស្រី​របស់​ខ្លួន​ចូល​ចិត្ត​​ជួយ​ធ្វើការ​ងារ​ជាង​ធ្វើសក់​ម្នាក់​ដែល​រស់​នៅ​​​​ជាន់​ទី​២​ជា​មួយ​គ្នា​​ក្នុង​​​​អគារ​បូឌីង ពេល​ដែល​នាង​ទំនេរ​​​​​។ ឆ្នាំ​មុន គាត់​បាន​​ជួស​ជុល​ផ្ទះ​ឡើង​វិញ​​ ដោយបាន​​​បំពាក់​​​កញ្ចក់​នៅ​ជាប់​នឹង​ជញ្ជាំង​ រួច​ទិញ​សម្ភារៈ​ចំាបាច់​សម្រាប់​​ធ្វើ​សក់​ ដើម្បី​​ប្រែក្លាយ​ផ្ទះ​នេះ​អោយ​​​ដូច​ជា​ហាង​​កាត់​​សក់​ដទៃ​ៗផ្សេង​​ទៀត។​


«ខ្ញុំ​នឹង​បញ្ចប់​ការ​សិក្សា​​នា​ពេល​ខាងមុខ​នេះ ប៉ុន្តែ​ ​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ តើ​សញ្ញាប័ត្រ​​ផ្នែក​គណនេយ្យ​មួយ​​សន្លឹក​នេះ​ មាន​សារៈប្រយោជន៍​អ្វី​ខ្លះ​ សម្រាប់​​​ហាង​​ធ្វើ​​សក់​របស់​នាង​​ខ្ញុំ ?

តំាង​តែ​មួយ​ឆ្នាំ​មុន​មក​ម្ល៉េះ នារី​វ័យ​ក្មេង​ដែល​មាន​ដើម​កើតកំណើត​នៅ​ឯ​ខេត្ត​បាត់​ដំបង​រូបនេះ​​ បាន​បែង​ចែក​នូវ​​កាល​វិភាគ​​​​ថ្មី​មួយ​​ទៀត។ នៅពេល​ព្រឹក​ នាង​ត្រូវ​ទៅ​រៀន​គណនេយ្យ​នៅ​ឯ​មហាវិទ្យាល័យ ពេល​រសៀល នាង​ត្រូវ​ទៅ​សិក្សា​​​នៅ​មជ្ឈមណ្ឌល​ធ្វើ​សក់ដើម្បី​រៀន​អំពី​របៀប​កាត់​​សក់​ ហើយ​នៅ​ពេល​ល្ងាច នាង​ត្រូវ​អនុវត្ត​ផ្ទាល់​នូវ​ជំនាញ​ធ្វើ​សក់​របស់​នាង​​។
«នៅ​​ពេល​នេះ ខ្ញុំ​រៀន​ចេះ​កាត់​សក់​ ផាត់​​មុខ  ប៉ុន្តែ​​ ខ្ញុំ​កំពុង​តែ​​សិក្សា​ពី​បច្ចេក​ទេស​ធ្វើ​សក់​បែប​ទាន់​សម័យ​​​សម្រាប់​ពិធី​រៀប​​អាពាហ៍​ពិពាហ៍​​»។ ជំនាញ​របស់​នាង​នៅ​ពេលនេះ​ អាច​បំពេញ​តម្រូវ​ការរបស់​​​អតិថិជនបាន​ ដែល​ត្រូវ​ការ​​​​​កាត់​សក់​​សាមញ្ញ​​ៗ​ រឺក៏​អ៊ុត​សក់​ ហើយ​និង​​ក្រង​សក់​ជាដើម​​។ នារី​វ័យ​ក្មេង​ដ៏​ប៉ិន​ប្រសប់​​រូប​​​​នេះ មិន​មែន​រក​ស៊ី​មុខ​របរ​នេះ​​​ផ្តាច់​មុខ​តែម្នាក់​នៅ​ក្នុង​អគារ​បូឌីង ដែល​​ជា​ជ្រុង​មួយ​​​នៃ​ទីក្រុង​ភ្នំពេញនោះ​ទេ​ ប៉ុន្តែតម្រូវ​ការ​ប្រភេទ​នេះ​មាន​ច្រើន​ណាស់​នៅ​បូឌីង​។

អតិថិជន ក្នុង​​ភាព​​​ស្រស់​ស្អាត និង​ ការទទួល​រង​នូវ​ការ​ធ្វើ​បាប​ ​​
ក្នុង​មួយល្ងាច​​​ៗ នារី​រក​ស៊ី​ផ្លូវ​ភេទ​​នៅ​ពេលយប់​ប្រមាណ​ជាង​ដប់​នាក់​បាន​​​មក​ធ្វើ​ខ្លួន​នៅ​ក្នុង​ហាង​​របស់​​ណាវី។ ការ​តុបតែង​មុខ​មាត់​អោយ​បាន​ស្រស់​ស្អាតលាយ​ឡំ​ជាមួយ​នឹង​​ភាព​ឈឺចាប់​នៅ​ក្នុង​ជីវិត​ដែល​ត្រូវ​បាន​គេ​​​ប្រមាថ​​មើល​ងាយ ត្រូវ​បាន​​​បិទ​បាំង​លាក់​ទុក​​នៅ​ពីក្រោយ​​គ្រឿង​ម្សៅ​​។ «ខ្ញុំ​​ឃើញ​​ឪពុក​ម្តាយ​​បាន​នាំ​កូន​ស្រី​របស់​ខ្លួន​​មក​កាន់​អគារ​បូឌីង​នេះ​...» ហើយ​បាន​ចាក​ចេញ​ទៅ​វិញតែម្នាក់​ឯង​​ជាមួយ​នឹង​ប្រាក់​កាស់​មួយ​ចំនួន​។ ​ជាង​ធ្វើ​សក់​វ័យ​ក្មេង​រូបនេះ ​បានតាម​ដាន​​សង្កេត​មើល​ពី​ចម្ងាយ​នូវ​សកម្មភាព​របស់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​​​នៅក្នុង​អគារ​បូឌីង​ទាំង​នេះ ដោយ​បាន​និយាយ​ប្រាប់​ពី​ទង្វើ​ទាំង​នេះ ​ជាមួយ​នឹង​ពាក្យ​សំដី​​​យ៉ាង​ប្រុង​ប្រយ័ត្ន​។ ដោយ​បង្ហាញ​ពី​ទស្សនៈ​​អព្យាក្រឹត្យ​ នាង​បាន​បញ្ជាក់​​​​ថា​​ ស្រី​ៗ ​​ទាំង​នេះ​​​សុទ្ធ​សឹង​​ជា​​ក្មេង​ស្រី​វ័យ​ក្មេង​ ដែល​ភាគ​ច្រើន​មាន​អាយុ​ក្រោម​​១៨​ឆ្នាំ។ នៅ​ពេល​ដែល​ស្រី​រក​ស៊ី​​​ណាម្នាក់​មាន​អារម្មណ៍​មួ​ម៉ៅ​ នាង​នឹង​រំសាយ​កំហឹង​របស់​ខ្លួន​នៅហាង​ធ្វើ​សក់​ រឺ​មួយ​ក៏​ នៅ​ពេល​ដែល​ពួក​ស្រី​ៗ​ទាំង​នោះចូល​មក​ក្នុង​ហាង​​​​ច្រើន​នាក់​​ ពួក​នា​ង​​តែង​តែ​​រៀប​រាប់​ប្រាប់​ជាង​ធ្វើ​សក់​រូបនេះ​​អំពី​​ទុក្ខ​វេទនា​​ជា​​​ប្រចាំ​ថ្ងៃ​​​របស់​​ពួក​នាង​​។​​

​«ពួក​នាង​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ជារៀង​រាល់ថ្ងៃ​ ពួក​នាង​​ត្រូវ​អតិថិជន​វាយ​ធ្វើ​បាប។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​ ពួក​នាង​ថែម​ទាំង​​ញៀន​ថ្នាំ​ទៀត​ផង។ ខ្ញុំ​អាណិត​ពួក​ស្រីៗ​ទាំង​អស់​នោះ​ខ្លាំង​ណាស់​»។ ណាវី​​ស្តាប់​​កា​រ​រៀប​រាប់​របស់​ស្រ្តីរក​ស៊ី​ផ្លូវ​ភេទ​ទាំង​នេះ​ ដោយ​​មិន​បាន​បញ្ចេញមតិ​យោបល់​អ្វី​ឡើយ​។

នារី​​ធ្វើ​​សក់​​រូប​នេះ​​​បាន​រំលឹក​ពី​ប្រវត្តិ​របស់​ក្មេង​ស្រី​​​ដ៏​ស្រស់​ស្អាត​​ម្នាក់​ ដែល​បាននិយាយ​ពី​អាថ៌កំបាំង​របស់​ខ្លួន​ប្រាប់​​​ដល់​នាង។ ខណៈពេល​មាន​អតិថិជន​ម្នាក់​​បាន​នាំ​នាង​យក​ទៅ​​កន្លែង​ស្ងាត់​​ជ្រងំក្នុង​​​ទីក្រុង នាង​មាន​ការ​សង្ស័យ​​ខ្លាច​ត្រូវ​​គេ​​ចាប់​រំលោភ​ជាក្រុម​ដូច​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ផ្សេងៗឯ​ទៀតដែល​​ធ្លាប់​មាន​បទ​​ពិសោធន៍​រួច​មក​ហើយ​  នាងក៏​បាន​លោត​​ចុះពី​លើ​ម៉ូតូ​ដែ​ល​កំពុង​តែ​បើក​បរ​​​យ៉ាង​លឿន ​បណ្តាល​អោយ​​នាង​​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។ នាង​បាន​បូញ​មាត់​ និង​នៅ​​ស្ងៀម​ស្ងាត់​។ «​ខ្ញុំ​មិនចូល​ចិត្ត​​បរិយាកាស​នៅ​បូឌីង​​នេះ​ឡើយ​ ខ្ញុំ​ធ្លាប់​បាន​លឺ​​​​ពួក​មេ​បន​​បាន​ជេរ​ប្រមាថ​ចំពោះ​ក្មេង​ស្រី​រក​ស៊ី​ទាំង​នោះ ដែល​ចេះ​តែ​មាន​ចំនួន​​កាន់​តែ​ច្រើន​ឡើង​ៗ​។ នាង​មិន​ខ្វល់​ខ្វាយ​អំពី​​​ប្រវត្តិ​រូប​​​​របស់​អតិថិជន​របស់​នាងឡើយ​​។ « ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ រឺ​មិនមែន ​សុទ្ធ​សឹង​តែ​ជា​ស្រ្តី​ធម្មតាៗ​ដូចគេ​ឯង​​ដែរ​»។ ប៉ុន្តែ នាង​​​ស្រមៃ​ចង់​​ចាក​ចេញ​ពីតំបន់​នេះ ហើយ​នឹង​​បើក​ហាង​​មួយ​នៅ​កន្លែង​​ផ្សេង​ទៀត។ ដោយ​សារ​តែ​នាង​ជា​មនុស្ស​ប្រាកដ​និយម​ម្នាក់​ នាង​​បាន​បន្ត​ទៀត​ថា «ក្នុង​អំឡុង​ពេលនៃ​ការ​រង់​​ចាំ​នេះ ខ្ញុំ​ត្រូវតែ​​សន្សំ​សំចៃ​បន្តិច​​។

ជាង​ធ្វើ​សក់​​ម្នាក់​ដែល​មាន​ការ​យោគ​យល់​ និង​ដឹង​រឿង​រ៉ាវ​ច្រើន​
ជួន​​កាល​ ណាវី​ត្រូវ​តុប​តែង​មុខ​មាត់​​​​​អោយ​​ពួក​​ស្រីៗ​​​ដែល​ត្រូវ​សង្សារ​ ​ រឺ​មួយ​ក៏​អតិថិជនណា​​​ម្នាក់​វាយ​ធ្វើ​បាប​យ៉ាង​ហឹង្សា។ នាង​បាន​ផាត់​មុខ​មាត់​អោយ​ពួក​គេ​មាន​សម្រស់​ស្រស់​ស្អាត​ឡើង​វិញ​ តាមរយៈ​គ្រឿង​ម្សៅ​​របស់​នាង​។ នៅ​ពេល​ដែល​ស្រី្ត​រក​ស៊ី​ផ្លូវ​ភេទ​​ណា​ម្នាក់​ត្រូវ​គេ​វាយ​ដំធ្វើ​បាប នារី​នោះ​នឹង​សុំ​អោយ​នាង​ជួយ​​ផាត់​មុខមាត់​​​អោយ​បានស្រស់​​ស្អាត​ឡើង​វិញ​ ដើម្បី​កុំ​អោយ​គេ​ឃើញ​មុខ​មាត់​​​ដ៏​អាក្រក់​របស់​ខ្លួន។ ការ​ផ្លាស់​ប្តូរ​​​ក៏​ជា​ជំនឿ​មួយ​​ដែរ​​ ព្រោះ​ថាបើ​សិន​ជា​ការ​កាត់​សក់ណា​​មួយ​អាច​ធ្វើ​អោយ​​ពួក​គេ​ជួប​តែ​សំណាង​និង​ទទួល​បាន​​នូវ​​ជោគ​ជ័យ​នោះ គេ​នឹង​រក្សា​ម៉ូត​សក់របៀប​នេះ​អោយ​​​នៅ​ដដែល​រហូត​​។​

ពួក​​ក្មេង​ៗ​ស្រី​ទាំង​នេះ​​ក៏​មាន​អបិយ​ជំនឿ​​ផ្សេង​ទៀត​ដែរ​ នោះ​គឺ​​ ​មិន​ត្រូវ​សរសើរ​ថា​ពួក​គេ​ស្អាត​នោះ​ឡើយ​។ «ប្រសិន​​ជា​មាន​អ្នក​ណាម្នាក់​ក្នុង​ចំណោ​ម​ពួក​ស្រីៗ​ទាំង​​នោះ ​អួត​សរសើរ​​​ពី​មន្ត​ស្នេហ៍​​​មិត្ត​ភក្តិ​របស់​​ខ្លួន​ណាម្នាក់ នោះមិត្ត​ភក្តិ​ម្នាក់​នោះ​នឹង​​ឆ្លើយ​តប​ទាំង​ខឹង​សម្បារ​ថា «មិន​ត្រូវ​និយាយពាក្យ​សំដី​បែបនេះ​ឡើយ​ បើ​មិនដូច្នោះ​​ទេ​ ខ្ញុំ​នឹង​មិនអាច​រក​ភ្ញៀវបានទេ​​​​នៅក្នុង​យប់​នេះ​​​» ។ ណាវី​ យល់​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​នាងៗ។ «​ពាក្យ​​សរសើរ​ចំពោះ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ពួក​គេ​​គឺ​ជា​បណ្តាសារ​​​បញ្ចប់​​មុខ​របរ​រក​ស៊ី​របស់​ពួក​គេ។

ឪពុក​​ម្តាយ​របស់​នាង​ហាក់​បី​ដូច​ជា​​មិនសូវ​​​ខ្វល់​ខ្វាយ​ចំពោះ​អតិថិជន​​​ដែល​​ចូល​មក​​​ធ្វើ​សក់​នៅ​ក្នុង​ហាង​​​កូន​ស្រី​របស់​ពួក​គាត់​​ឡើយ។ ពួក​គាត់​ធ្វើ​ដូច​ជា​មិន​បាន​ដឹង​រឿង​រ៉ាវ​អ្វី​ទាំង​អស់។​ ក្នុង​អគារ​បូឌីង ពួក​ស្រី​​ៗ​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​អស់​នេះ​តែង​តែ​​​រត់​មក​ពឹង​ពាក់សុំ​​ជំនួយ​ពី​ ​ហាង​របស់​កូន​ស្រី​​​គាត់​ជានិច្ច​​។ នាង​​មាន​ការ​ធុញ​ទ្រាន់​ចំពោះ​ក្មេង​ស្រី​មួយ​ចំនួន​ដែល​ចូល​ចិត្ត​កេង​បន្លំ​ក្នុង​ការ​បង់​ប្រាក់​ថ្លៃ​ធ្វើ​សក់​។ ណាវី​​​រៀប​តែ​នឹង​ធ្វើ​សក់​អោយ​​ពួ​ក​គេ​រួច​រាល់​ទៅ​ហើយ ស្រាប់​តែ​មាន​​អ្នក​ខ្លះ​​បាន​ដើរ​ចាក​ចេញ​ទៅ​យ៉ាង​ស្ងាត់​ៗ។ ជាង​ធ្វើ​សក់​វ័យ​ក្មេង​រូប​នេះ មិន​រាថយ​នោះ​ឡើយ​ នាង​​បាន​ទាម​ទារ​ប្រាក់​ជំពាក់​ទាំង​នោះ​មក​វិញ​។ នាង​បាន​ពន្យល់​យ៉ាង​ស្ងៀម​ស្ងាត់​ តែ​ម៉ឹង​ម៉ាត់​ ថា​ «នៅពេល​ដែល​ខ្ញុំ​បានជួប​ពួក​អ្នក​ទាំង​នោះ​ម្តង​ទៀត​ ខ្ញុំបាន​បង្ខំ​អោយ​ពួក​គេ​សង​ប្រាក់​ដល់​ខ្ញុំវិញ​ ជាមួយ​នឹង​សម្លេង​ខ្លាំងៗ​ រហូត​ទាល់​តែ​ពួក​គេ​ខ្លាច​ព្រម​សង​ប្រាក់​ទាំង​នោះ​មក​វិញ​»។ ម្យ៉ាង​វិញ​ទៀត​ នាង​ក៏​ជា​មនុស្ស​មាន​ការ​គិត​ពិចារណា​ផង​ដែរ​ ព្រោះ​ថា​​ ​​ប្រសិន​ជា​ជន​ឆ​បោក​​​នោះ​មានក្រុម​​​ពាលា​អាវ៉ាសែ​ជា​​​អ្នក​​​​ការ​ពារ​នៅ​ពី​ក្រោយ​ខ្នង​​ ណាវី​មិន​ហ៊ាន​ប្រឆាំង​នឹង​​ពួក​គេ​ឡើយ ដោយ​គ្រាន់​តែ​សម្លឹង​មើល​មុខ​ពួក​គេ​តែ​ប៉ុណ្ណោះ​។ នាង​​​ស្គាល់​អ្នក​ជិត​ខាង ​ដែល​ជា​ជន​ពាល​ អ្នក​ញៀន​ថ្នាំ​ មេបន ​​​ទាំង​នោះ​យ៉ាង​ច្បាស់ ហើយ​នាង​បានដឹង​ទៀត​ថា​មិន​ត្រូវ​បង្ក​ជម្លោះ​ជាមួយ​នឹង​ពួកគេ​​ឡើយ។ ដោយ​បាន​រៀប​រាប់​យ៉ាង​លំអិត​ឥត​មាន​កុហស​​តាំង​តែ​ពី​ការ​ចាប់​ផ្តើម​មក​ ជាង​ធ្វើ​សក់​រូប​នេះ​​បាន​សារភាព​ថា នាង​មិនដែល​ចេញ​ក្រៅផ្ទះ​នៅ​ពេល​យប់​នោះ​ឡើយ។ បុរាណ​ភាសិត​បាន​ពោល​ថា​ ការ​មិនចេញ​ក្រៅ​នៅពេល​យប់នឹង​​​មាន​សុវត្ថិភាព​ចំពោះ​ខ្លួន​ឯង។

ណាវី​បាន​រៀបរាប់​យ៉ាង​ក្បោះ​ក្បាយ ប៉ុន្តែ សំណួរ​របស់​ពួ​ក​យើង​​ចាប់​ផ្តើម​​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​របស់​នាង​។ នាង​បាន​បដិសេធ​ចំពោះ​ការ​សុំ​ថត​រូប​របស់​​នាង។ ទោះបី​ជា​យើង​បាន​​​ទទូច​សុំ​យ៉ាង​ណា​ក៏​ដោយ​ ក៏​នាង​នៅ​តែ​​បដិសេធ​ចំពោះ​សំណូម​ពរ​នេះដដែល​។ យើង​យល់​ថា​ នាង​មិនត្រូវ​ការ​អោយ​គ្រប់​គ្នា​​​ស្គាល់​រូប​នាង​ឡើយ​។ នៅ​​ក្រៅ​​អគារបូឌីង​ មិត្ត​ភក្តិ​របស់​នាង​មិន​បាន​ដឹង​អំ​ពី​ជីវិត​ឯក​ជន​របស់​​​នាងឡើយ​ និង​ទីកន្លែង​រស់​នៅ​ដែល​បាន​ធ្វើ​អោយ​រូប​នាង​មាន​ការ​​ខ្មាស​អៀនយ៉ាង​ខ្លាំង​នេះ​ទៀត​ផង​។​ សម្រាប់​​​ជីវិត​របស់​រូប​នាង​​ អគារ​បូឌីង​នេះមិន​មែន​ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​អោយ​តម្លៃ​នោះ​ឡើយ​៕

Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir